វិញ្ញាណដ្ឋិតិ ធម្មជាតិជាទីតាំងនៅរបស់វិញ្ញាណ មាន ៤ យ៉ាង គឺ៖
១. រូបូបាយំ អាវុសោ វិញ្ញាណំ តិដ្ឋមានំ តិដ្ឋតិ រូបារម្មណំ រូបប្បតិដ្ឋំ នន្ទុបសេវនំ វុឌ្ឍឹ វិរុឡ្ហឹ វេបុល្លំ អាបជ្ជតិ ម្នាលអាវុសោទាំងឡាយ វិញ្ញាណដែលស្ថិតនៅក៏ស្ថិតនៅអាស្រ័យនឹងរូប មានរូបជាអារម្មណ៍ តាំងនៅក្នុងរូប ចូលទៅអាស្រ័យនូវសេចក្ដីត្រេកអរ តែងដល់នូវសេចក្ដីចម្រើនលូតលាស់ ធំទូលាយ
២. វេទូបាយំ វា អាវុសោ ម្នាលអាវុសោទាំងឡាយ វិញ្ញាណអាស្រ័យវេទនា
៣. សញ្ញូបាយ វា អាវុសោ ម្នាលអាវុសោទាំងឡាយ វិញ្ញាណអាស្រ័យសញ្ញា
៤. សង្ខារូបាយំ វា អាវុសោ វិញ្ញាណំ តិដ្ឋមានំ តិដ្ឋតិ សង្ខារារម្មណំ សង្ខារប្បតិដ្ឋំ នន្ទុបសេវនំ វុឌ្ឍឹ វិរុឡ្ហឹ វេបុល្លំ អាបជ្ជតិ ម្នាលអាវុសោទាំងឡាយ វិញ្ញាណដែលស្ថិតនៅក៏ស្ថិតនៅអាស្រ័យនឹងសង្ខារ មានសង្ខារជាអារម្មណ៍ តាំងនៅក្នុងសង្ខារ ចូលទៅអាស្រ័យនូវសេចក្ដីត្រេកអរ តែងដល់នូវសេចក្ដីចម្រើនលូតលាស់ធំទូលាយ
( បិដកលេខ ១៩ ទំព័រ ១៦២ )
អធិប្បាយ
ពាក្យថា វិញ្ញាណដ្ឋិតិយោ សេចក្ដីថា ដែលឈ្មោះថា វិញ្ញាណដ្ឋិតិ ព្រោះអត្ថថា ជាទីតាំងនៃវិញ្ញាណ ។ ពាក្យនេះ លោកពោលទុកដោយអំណាចភាពជាទីតាំងនៃអារម្មណ៍ ។ ពាក្យថា រូបូបាយំ ( វិញ្ញាណដែលស្ថិតនៅអាស្រ័យនឹងរូប ) សេចក្ដីថា មានសភាពចូលដល់រូប ។ ពិតណាស់ អភិសង្ខារវិញ្ញាណក្នុងបញ្ចវោការភពអាស្រ័យរូបក្ខន្ធទើបតាំងនៅបាន ។ ពាក្យនេះ លោកពោលសំដៅដល់វិញ្ញាណនោះ ។ ពាក្យថា រូបារម្មណំ
( មានរូបជាអារម្មណ៍ ) សេចក្ដីថា មានរូបក្ខន្ធជាអារម្មណ៍ ។ ពាក្យថា រូបប្បតិដ្ឋំ ( តាំងនៅក្នុងរូប ) សេចក្ដីថា ជារបស់តាំងនៅចំពោះក្នុងរូប ។ ពាក្យថា នន្ទុបសេវនំ ( ចូលទៅអាស្រ័យនូវសេចក្ដីត្រេកអរ ) សេចក្ដីថា ជារបស់ដែលសេចក្ដីពេញចិត្តចូលទៅអាស្រ័យ ព្រោះសម្បយុត្តដោយចិត្តដែលសហគតដោយលោភៈ ។ ក្រៅពីនេះ ជារបស់ដែលត្រូវចំណែកបំផុតនៃការប្រព្រឹត្តជាទម្លាប់ចូលទៅអាស្រ័យ ។ ពាក្យថា វុឌ្ឍឹ វិរុឡ្ហឹ វេបុល្លំ អាបជ្ជតិ ( តែងដល់នូវសេចក្ដីចម្រើន លូតលាស់ ធំទូលាយ ) សេចក្ដីថា ដល់នូវសេចក្ដីចម្រើន លូតលាស់ ធំទូលាយ ដែលប្រព្រឹត្តទៅយ៉ាងនេះ ៦០ ឆ្នាំខ្លះ ៧០ ឆ្នាំខ្លះ ។ សូម្បីក្នុងវិញ្ញាណដែលអាស្រ័យវេទនាជាដើម ក៏មានន័យនេះដូចគ្នា ។ ក៏ក្នុងភពរបស់សត្វមានខន្ធ ៤ លោកពោលអភិសង្ខារវិញ្ញាណទុកដោយបទទាំង ៣ នេះ ។ គប្បីជ្រាបសេចក្ដីចម្រើន លូតលាស់ ធំទូលាយ ថាប្រព្រឹត្តទៅដរាបដល់មួយជួរអាយុរបស់វិញ្ញាណនោះ ។ លោកមិនពោលវិញ្ញាណដែលអាស្រ័យវិញ្ញាណទុក ព្រោះសម្ដែងទុកក្នុង ៤ ខហើយ ។ បើពោលទុកទៀត ក៏អាចធ្វើច្រឡំគ្នាកាន់តែខ្លាំងឡើងថា “ក្នុងទីនេះ កម្មវិញ្ញាណ តើដូចម្ដេច? វិបាកវិញ្ញាណ តើដូចម្ដេច?” ព្រោះហេតុនោះ ទើបលោកមិនពោលទុក ៕