អធិដ្ឋាន ធម្មជាតជាទីតាំងនៃបុរសមានគុណដ៏ក្រៃលែង ៤ យ៉ាង គឺ៖
១. បញ្ញាធិដ្ឋាន អធិដ្ឋានគឺមគ្គផលបញ្ញា
២. សច្ចាធិដ្ឋាន អធិដ្ឋានគឺវចីសច្ចៈ
៣. ចាគាធិដ្ឋាន អធិដ្ឋានគឺការលះបង់នូវអាមិសៈ
៤. ឧបសមាធិដ្ឋាន អធិដ្ឋានគឺការរម្ងាប់នូវកិលេស
( បិដកលេខ ១៩ ទំព័រ ១៦៥ )
អធិប្បាយ
អធិ ស័ព្ទ ក្នុងពាក្យថា អធិដ្ឋាន នេះ ត្រឹមតែជាឧបសគ្គ ។ តែបើពោលដោយសេចក្ដីហើយក៏មានន័យថា ជាហេតុតាំងនៅ ជាទីតាំងនៃគុណធម៌ ឬថា ជាឋានៈ គឺការតាំងចិត្តមាំរបស់បុគ្គលអ្នកសាងសន្សំគុណនោះៗ ។ ការតាំងចិត្តមាំគឺបញ្ញា ឈ្មោះថា បញ្ញាធិដ្ឋាន ។ ក្នុងទីនេះ ព្រះមូសិយាភយត្ថេរពោលទុកថា បណ្ឌិតគប្បីជ្រាបថា បញ្ញាក្នុងមគ្គនិងផល លោកពោលទុកដោយអធិដ្ឋានខទី ១ វចីសច្ចៈ ពោលដោយអធិដ្ឋានខទី ២ ការបរិច្ចាគអាមិស ពោលទុកដោយអធិដ្ឋានខទី ៣ ការរម្ងាប់នូវកិលេស ពោលទុកដោយអធិដ្ឋានខទី ៤ ។
ម្យ៉ាងវិញទៀត បញ្ញាក្នុងផល ចាប់តាំងពីកម្មស្សកតាបញ្ញា ឬវិបស្សនាបញ្ញា ពោលទុកដោយអធិដ្ឋានខទី ១ ព្រះនិព្វានដែលជាបរមត្ថសច្ចៈ ចាប់ផ្ដើមពីវចីសច្ចៈ ពោលទុកដោយអធិដ្ឋានខទី ២ ការលះកិលេសដោយអរហត្តមគ្គ ចាប់តាំងពីការបរិច្ចាគអាមិស ពោលទុកដោយអធិដ្ឋានខទី ៣ ការរម្ងាប់នូវកិលេសដោយអរហត្តមគ្គ ចាប់ផ្ដើមពីការគ្របសង្កត់កិលេសបានដោយសមាបត្តិ ពោលទុកដោយអធិដ្ឋានខទី ៤ ម្យ៉ាងទៀត បញ្ញាក្នុងអរហត្តផល ពោលទុកដោយបញ្ញាធិដ្ឋានខទី ១ បរមត្ថសច្ចៈ ពោលទុកដោយបញ្ញាធិដ្ឋានខដែលនៅសល់ ។ ម្យ៉ាងទៀត បរមត្ថសច្ចៈ ពោលទុកដោយសច្ចាធិដ្ឋានខទី ១ បញ្ញាក្នុងអរហត្តផល ពោលទុកដោយបញ្ញាធិដ្ឋានដ៏សេស ៕