ភិក្ខុអ្នកចោទមានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតម្កល់ធម៌ ៥ យ៉ាងទុកក្នុងខ្លួនហើយសឹមចោទភិក្ខុដទៃ ដោយគិតថា
១. កាលេន វក្ខាមិ នោ អកាលេន អាត្មាអញនឹងនិយាយក្នុងកាលគួរ មិននិយាយក្នុងកាលមិនគួរ
២. ភូតេន វក្ខាមិ នោ អភូតេន អាត្មាអញនិយាយដោយពាក្យពិត មិននិយាយដោយពាក្យមិនពិត
៣. សណ្ហេន វក្ខាមិ នោ ផរុសេន អាត្មាអញនិយាយដោយពាក្យផ្អែមល្ហែម មិននិយាយដោយពាក្យទ្រគោះ
៤. អត្ថសញ្ហិតេន វក្ខាមិ នោ អនត្ថសញ្ហិតេន អាត្មាអញនិយាយ ដោយពាក្យប្រកបដោយប្រយោជន៍ មិននិយាយ ដោយពាក្យមិនប្រកបដោយប្រយោជន៍
៥. មេត្តចិត្តេន វក្ខាមិ នោ ទោសន្តរេន អាត្មាអញនិយាយដោយចិត្តប្រកបដោយមេត្តា មិននិយាយដោយចិត្តប្រកបដោយទោសៈ
( បិដកលេខ ១៩ ទំព័រ ១៧៩-៨០ )
អធិប្បាយ
ពាក្យថា ចោទ សេចក្ដីថា ចោទដោយរឿងសម្រាប់ចោទ ៤ យ៉ាង គឺ វត្ថុសំសន្ទស្សនា ការប្រៀបធៀបរឿងរ៉ាវ, អាបត្តិសំសន្ទស្សនា ការប្រៀបធៀបអាបត្តិ, សំវាសប្បដិក្ខេប ការហាមការនៅរួម, សាមីចិប្បដិក្ខេប ការហាមសាមីចិកម្ម ។ ក្នុងខថា កាលេន វក្ខាមិ នោ អកាលេន ( អាត្មាអញនឹងនិយាយក្នុងកាលគួរ មិននិយាយក្នុងកាលមិនគួរ ) សេចក្ដីថា សម្រាប់ចុងចោទត្រូវប្រាប់ពេលវេលាសិន សម្រាប់ដើមចោទមិនចាំបាច់ ។ ពិតណាស់ ភិក្ខុកាលនឹងចោទអ្នកដទៃមិនគប្បីចោទកណ្ដាលបរិស័ទ ក្នុងរោងឧបោសថ ក្នុងរោងបវារណា ឬក្នុងរោងឆាន់ រោងបុណ្យ ជាដើម ។ ( គប្បីចោទ ) ក្នុងទីដែលលោកអង្គុយសម្រាកវេលាថ្ងៃ គួរសុំឱកាសជាមុនសិន សឹមចោទឡើងយ៉ាងនេះថា “ម្នាលលោកដ៏មានអាយុ សូមលោកឱ្យឱកាស ខ្ញុំកូណាចង់និយាយនឹងលោក” ។ មិនចាំបាច់យល់ដល់បុគ្គល បុគ្គលណាជាមនុស្សឡេះឡោះ និយាយកុហក បង្កសេចក្ដីវិនាសដល់ពួកភិក្ខុ បុគ្គលនោះមិនចាំបាច់សុំឱកាសក៏អាចចោទបាន ។ ពាក្យថា ភូតេន ( ដោយពាក្យពិត ) សេចក្ដីថា តាមការពិត ។ ពាក្យថា សណ្ហេន ( ដោយពាក្យផ្អែមល្ហែម ) សេចក្ដីថា ដោយពាក្យពីរោះ ទន់ភ្លន់ ។ ពាក្យថា អត្ថសញ្ហិតេន ( ដោយពាក្យប្រកបដោយប្រយោជន៍ ) សេចក្ដីថា ដោយការចូលដល់ដោយភាពជាអ្នកប្រាថ្នាប្រយោជន៍ ភាពជាអ្នកប្រាថ្នាសេចក្ដីចម្រើន ៕