បធានិយង្គ អង្គនៃភិក្ខុដែលមានសេចក្ដីព្យាយាម មាន ៥ យ៉ាង
១. ឥធាវុសោ ភិក្ខុ សទ្ធោ ហោតិ សទ្ទហតិ តថាគតស្ស ពោធឹ ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថាទេវមនុស្សានំ ពុទ្ធោ ភគវាតិ
ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្ដីត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយប្រពៃចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ទ្រង់ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ទ្រង់ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងមកកាន់ភពថ្មីទៀត ដោយហេតុនេះៗ
២. អប្បាពាធោ ហោតិ អប្បាតង្កោ សមវេបាកិនិយោ គហណិយា សមន្នាគតោ នាតិសីតាយ នាច្ចុណ្ហាយ មជ្ឈិមាយ បធានក្ខមាយ ជាអ្នកមិនមានអាពាធ មិនមានសេចក្ដីទុក្ខ ប្រកបដោយតេជោធាតុ ចាស់ល្មម មិនត្រជាក់ពេក មិនក្ដៅពេក យ៉ាងកណ្ដាល គួរដល់សេចក្ដីព្យាយាម
៣. អសឋោ ហោតិ អមាយាវី យថាភូតំ អត្តានំ អាវិកតា សត្ថរិ វា វិញ្ញូសុ វា សព្រហ្មចារីសុ មិនមែនជាអ្នកលេងបោកប្រាស មិនមានមាយា ជាអ្នកធ្វើឱ្យជាក់ច្បាស់នូវខ្លួនគួរតាមពិត ក្នុងសំណាក់ព្រះសាស្ដា ឬក្នុងសំណាក់សព្រហ្មចារីទាំងឡាយ ដែលជាអ្នកចេះដឹង
៤. អារទ្ធវីរិយោ វិហរតិ អកុសលានំ ធម្មានំ បហានាយ កុសលានំ ធម្មានំ ឧបសម្បទាយ ថាមវា ទឡ្ហបរក្កមោ អនិក្ខិត្តធុរោ កុសលេសុ ធម្មេសុ ជាបុគ្គលប្រារព្ធព្យាយាម ដើម្បីលះបង់នូវធម៌ជាអកុសល ដើម្បីញ៉ាំងកុសលធម៌ឱ្យដុះដាលឡើង ជាបុគ្គលមានកម្លាំងចិត្ត មានសេចក្ដីសង្វាតដ៏មាំ មិនដាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ
៥. បញ្ញវា ហោតិ ឧទយត្ថគាមិនិយា បញ្ញាយ សមន្នាគតោ អរិយាយ និព្វេធិកាយ សម្មាទុក្ខក្ខយគាមិនិយា ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញាដែលអាចនឹងកំណត់នូវសេចក្ដីកើត និងសេចក្ដីរលត់បាន ជាបញ្ញាដ៏បរិសុទ្ធ ជាបញ្ញាអាចទម្លុះទម្លាយនូវគំនរនៃលោភៈជាដើម ជាបញ្ញាញ៉ាំងសត្វឱ្យដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ
( បិដកលេខ ១៩ ទំព័រ ១៨០-៨១ )
អធិប្បាយ
ពាក្យថា បធានិយង្គ ( អង្គនៃភិក្ខុដែលមានសេចក្ដីព្យាយាម ) សេចក្ដីថា ភាពជាទីតាំង លោកហៅថា បធាន ( សេចក្ដីព្យាយាម ) ។ បធាន របស់បុគ្គលនោះមាន ហេតុនោះ បុគ្គលនោះឈ្មោះថា បធានិយ ។ អង្គនៃភិក្ខុដែលមានបធាន ( សេចក្ដីព្យាយាម ) ឈ្មោះថា បធានិយង្គ ( អង្គនៃភិក្ខុដែលមានសេចក្ដីព្យាយាម ) ។ ពាក្យថា សទ្ធោ ( ជាអ្នកមានសទ្ធា ) សេចក្ដីថា ប្រកបដោយសទ្ធា ។ ក៏សទ្ធាមាន ៤ យ៉ាង គឺ អាគមនសទ្ធា ១ អធិគមនសទ្ធា ១ ឱកប្បនសទ្ធា ១ បសាទសទ្ធា ១ ។ បណ្ដាសទ្ធាទាំង ៤ យ៉ាងនោះ ការជឿរបស់ព្រះពោធិសត្វដែលប្រាថ្នាជាព្រះសព្វញ្ញូ ឈ្មោះថា អាគមនសទ្ធា ( ការជឿយ៉ាងជាក់លាក់ ) ព្រោះមានមកហើយចាប់តាំងពីផ្ដើមសេចក្ដីប្រាថ្នា ។ ការជឿរបស់ព្រះអរិយសាវកទាំងឡាយ ឈ្មោះថា អធិគមនសទ្ធា ( ការជឿព្រោះបានសម្រេចធម៌ ) ព្រោះសម្រេចធម៌ហើយដោយការចាក់ធ្លុះ ។ កាលមានមនុស្សពោលថា ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដាក់ចិត្តជឿដោយមិនញាប់ញ័រ ឈ្មោះថា ឱកប្បនសទ្ធា ( ការជឿដ៏ពិតប្រាកដ ) ។ ការកើតឡើងនៃសេចក្ដីជ្រះថ្លា ឈ្មោះថា បសាទសទ្ធា ( ការជឿព្រោះសេចក្ដីជ្រះថ្លា ) ។ ក្នុងទីនេះ លោកប្រាថ្នាយកការជឿដ៏ពិតប្រាកដ ( ឱកប្បនសទ្ធា ) ។
ពាក្យថា ពោធឹ ( សេចក្ដីត្រាស់ដឹង ) បានដល់ ញាណក្នុងមគ្គទី ៤ ។ ភិក្ខុជឿថា ព្រះតថាគតត្រាស់ដឹងញាណក្នុងមគ្គទី ៤ នោះយ៉ាងពិតប្រាកដ ។ ក៏ពាក្យនេះត្រឹមតែជាជ្រុងមួយនៃទេសនាប៉ុណ្ណោះ ។ ព្រោះដោយអង្គនេះ លោកសំដៅដល់ការជឿក្នុងរតនៈទាំង ៣ នុ៎ះឯង ពិតណាស់ សេចក្ដីជ្រះថ្លាក្នុងព្រះរតនត្រ័យ មានព្រះពុទ្ធជាដើម របស់បុគ្គលណា ជាសទ្ធាមានកម្លាំង សេចក្ដីព្យាយាមដែលតាំងទុករបស់បុគ្គលនោះ រមែងសម្រេចបាន ។ ពាក្យថា អប្បាពាធោ ( មិនមានអាពាធ ) ប្រែថា មិនមានរោគ ។ ពាក្យថា អប្បាតង្កោ ( មិនមានសេចក្ដីទុក្ខ ) ប្រែថា អស់ទុក្ខ ។ ពាក្យថា សមវេបាកិនិយា ប្រែថា មានផលចាស់ល្មម ។ ពាក្យថា គហណិយា ( ប្រកបដោយតេជោធាតុ ) បានដល់ តេជោធាតុដែលកើតអំពីកម្ម ។ ពាក្យថា នាតិសីតាយ នាច្ចុណ្ហាយ ( មិនត្រជាក់ពេក មិនក្ដៅពេក ) សេចក្ដីថា ក៏បុគ្គលដែលមានទឹកសម្រាប់រំលាយអាហារចេញមកត្រជាក់ពេក រមែងខ្លាចចំពោះត្រជាក់ បុគ្គលដែលមានទឹកសម្រាប់រំលាយអាហារចេញមកក្ដៅពេក រមែងខ្លាចចំពោះកម្ដៅ ។ សេចក្ដីព្យាយាមរមែងមិនសម្រេចដល់ពួកគេ ។ សម្រាប់បុគ្គលដែលមានទឹកសម្រាប់រំលាយអាហារចាស់ល្មម ( សេចក្ដីព្យាយាម ) ទើបសម្រេចបាន ។ ព្រោះហេតុនោះ លោកទើបពោលថា “ចាស់ល្មម ទើបសមគួរដល់សេចក្ដីព្យាយាម” ។ ពាក្យថា យថាភូតំ អត្តានំ អាវិកត្តា ( ជាអ្នកធ្វើឱ្យជាក់ច្បាស់នូវខ្លួនគួរតាមពិត ) សេចក្ដីថា ប្រកាសទោសរបស់ខ្លួនតាមពិត ។ ពាក្យថា ឧទយត្ថគាមិនិយា ( កំណត់នូវសេចក្ដីកើត និងសេចក្ដីរលត់បាន ) សេចក្ដីថា អាចនឹងដឹង គឺអាចកំណត់នូវសេចក្ដីកើត និងសេចក្ដីរលត់ ។ ដោយពាក្យនេះ លោកពោលដល់ឧទយព្វយញ្ញាណដែលកំណត់យកលក្ខណៈ ៥០ ប្រការ ។ ពាក្យថា អរិយាយ សេចក្ដីថា ដ៏បរិសុទ្ធ ។ ពាក្យថា និព្វេធិកាយ ( អាចទម្លុះទម្លាយ ) សេចក្ដីថា អាចដើម្បីចាក់ធ្លុះខន្ធមានសេចក្ដីលោភ ជាដើម ដែលមិនធ្លាប់បានដឹងមកពីមុន ។ ពាក្យថា សម្មាទុក្ខក្ខយគាមិនិយា ( ជាបញ្ញាញ៉ាំងសត្វឱ្យដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ ) សេចក្ដីថា ទុក្ខទាំងអស់ នឹងអស់ទៅបាន ប្រព្រឹត្តទៅដើម្បីអស់ទៅនៃសេចក្ដីទុក្ខនោះៗ ព្រោះលះកិលេសបានដោយអំណាចអង្គនោះៗ ។ ដោយបទទាំងនេះគ្រប់បទដែលពោលមក សំដៅដល់ វិបស្សនាបញ្ញានុ៎ះឯង ព្រោះសេចក្ដីព្យាយាមមិនសម្រេចដល់មនុស្សដែលមានបញ្ញាអន់ថយឡើយ ៕