Search

Loading

Content

07 October 2012

យោគសូត្រ

ពោល​អំពី​យោគៈ ៤

   ម្នាល​ភិក្ខុ​ទាំង​ឡាយ យោគៈ ( កិលេស​ជា​គ្រឿង​ប្រកប​សត្វ​ទុក​ក្នុង​វដ្ដៈ ) នេះ មាន ៤ យ៉ាង ។

   យោគៈ ៤ យ៉ាង តើ​ដូច​ម្ដេច?

   គឺ​កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១ ។

   ម្នាល​ភិក្ខុ​ទាំង​ឡាយ កាមយោគៈ តើ​ដូច​ម្ដេច? ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​ដឹង​ច្បាស់​តាម​ពិត​នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង សេចក្ដី​វិនាស​ផង អានិសង្ស​ផង ទោស​ផង ការ​រលាស់​ចេញ​ផង នូវ​កាម​ទាំង​ឡាយ កាល​បើ​បុគ្គល​នោះ មិន​ដឹង​ច្បាស់​តាម​ពិត នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង សេចក្ដី​វិនាស​ផង អានិសង្ស​ផង ទោស​ផង ការ​រលាស់​ចេញ​ផង នូវ​កាម​ទាំង​ឡាយ​ ក៏​កើត​មាន​តម្រេកក្នុង​កាម សេចក្ដី​រីក​រាយក្នុង​កាម សេចក្ដី​ស្នេហា​ក្នុង​កាម សេចក្ដី​ងប់​នៅ​ក្នុង​កាម សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​កាម សេចក្ដី​អន្ទះ​អន្ទែង​ព្រោះ​កាម​ សេចក្ដី​ជ្រុល​ជ្រប់​ក្នុង​កាម​ សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ទាំង​ឡាយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ កាមយោគៈ​ ។​ កាមយោគៈ​ដូច្នេះ​ឯង ។

   ភវយោគៈ តើ​ដូច​ម្ដេច?

   ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ មិន​ដឹង​ច្បាស់​តាម​ពិត​ នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ភព​ទាំង​ឡាយ​ កាល​បើ​បុគ្គល​នោះ​ មិន​ដឹង​ច្បាស់​តាម​ពិត​នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ផង​ នូវ​ភព​ទាំង​ឡាយ​ ក៏​កើត​មាន​តម្រេក​ក្នុង​ភព​ សេចក្ដី​រីក​រាយ​ក្នុង​ភព​ សេចក្ដី​ស្នេហា​ក្នុង​ភព​ សេចក្ដី​ងប់​នៅ​ក្នុង​ភព​ សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​ភព​ សេចក្ដី​អន្ទះ​អន្ទែង​ព្រោះ​ភព​ សេចក្ដី​ជ្រុល​ជ្រប់​ក្នុង​ភព​ សេចក្ដី​ប្រាថ្នា​ក្នុង​ភព​ ក្នុង​ភព​ទាំង​ឡាយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ភវយោគៈ ។​ កាមយោគៈ និង​ភវយោគៈ ដូច្នេះ​ឯង ។

   ទិដ្ឋិយោគៈ តើ​ដូច​ម្ដេច?

   ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ មិន​ដឹង​ច្បាស់​តាម​ពិត​ នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ទិដ្ឋិ​ទាំង​ឡាយ កាល​បើ​បុគ្គល​នោះ​ មិន​ដឹង​ច្បាស់​តាម​ពិត​ នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ទិដ្ឋិ​ទាំង​ឡាយ​ ក៏​កើត​មាន​តម្រេក​ក្នុង​ទិដ្ឋិ​ សេចក្ដី​រីក​រាយ​ក្នុង​ទិដ្ឋិ​ សេចក្ដី​ស្នេហា​ក្នុង​ទិដ្ឋិ​ សេចក្ដី​ងប់​នៅ​ក្នុង​ទិដ្ឋិ​ សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​ទិដ្ឋិ​ សេចក្ដី​អន្ទះ​អន្ទែង​ព្រោះ​ទិដ្ឋិ​ សេចក្ដី​ជ្រុល​ជ្រប់​ក្នុង​ទិដ្ឋិ​ សេចក្ដី​ប្រាថ្នា​ក្នុង​ទិដ្ឋិ​ ក្នុង​ទិដ្ឋិ​ទាំង​ឡាយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ទិដ្ឋិយោគៈ​ ។ កាមយោគៈ ភវយោគៈ និង​ទិដ្ឋិយោគៈ ដូច្នេះ​ឯង ។

   អវិជ្ជាយោគៈ តើ​ដូច​ម្ដេច?

   ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ មិន​ដឹង​ច្បាស់​តាម​ពិត​ នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ផស្សាយតនៈ​ទាំង​ ៦​ កាល​បើ​បុគ្គល​នោះ​ មិន​ដឹង​ច្បាស់​តាម​ពិត​ នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ផស្សាយតនៈ​ទាំង​ ៦​ ក៏​កើត​មាន​សេចក្ដី​ល្ងង់​ មិន​ដឹង​ក្នុង​ផស្សាយតនៈ​ទាំង​ ៦​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ អវិជ្ជាយោគៈ ។ កាមយោគៈ ភវយោគៈ ទិដ្ឋិយោគៈ និង​អវិជ្ជាយោគៈ ដូច្នេះ​ឯង ។

   បុគ្គល​ប្រកប​ដោយ​អកុសលធម៌​ដ៏​លាមក​ ជា​គ្រឿង​សៅ​ហ្មង​ ជា​គ្រឿង​នាំ​ឱ្យ​កើត​ ក្នុង​ភព​ថ្មី​ទៀត​ ប្រកប​ដោយ​សេចក្ដី​ក្រវល់​ក្រវាយ​ មាន​ទុក្ខ​ជា​វិបាក​ ជា​គ្រឿង​នាំ​ឱ្យ​កើត​ជាតិ​ ជរា​ មរណៈ​តទៅ​ ព្រោះ​ហេតុ​នោះ​ ( បុគ្គល​នោះ ) ហៅ​ថា​ ជា​អ្នក​មិន​មាន​សេចក្ដី​ក្សេម​ចាក​យោគៈ​ទេ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ យោគៈ​មាន​ ៤​ យ៉ាង​នេះ​ឯង ។

   ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​មិន​ប្រកប​ដោយ​យោគៈ​នេះ​មាន​ ៤​​យ៉ាង​ ។​ ៤ យ៉ាង​ តើ​ដូច​ម្ដេចខ្លះ? គឺ​ការ​មិន​ប្រកប​ដោយ​កាមយោគៈ ១ ការ​មិន​ប្រកប​ដោយ​ភវយោគៈ ១​ ការ​មិន​ប្រកប​ដោយ​ទិដ្ឋិយោគៈ ១​ ការ​មិន​ប្រកប​ដោយ​អវិជ្ជាយោគៈ ១ ។

   ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ការ​មិន​ប្រកប​ដោយ​កាមយោគៈ​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ដឹង​ច្បាស់​តាម​ពិត​ នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​​ ការ​រលាស់​ចេញ​ផង​ នូវ​កាម​ទាំង​ឡាយ​ កាល​បើ​បុគ្គល​នោះ​ដឹង​ច្បាស់​តាម​ពិត​ នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​កាម​ទាំង​ឡាយ​ ក៏​មិន​កើត​មាន​តម្រេក​ក្នុង​កាម​ សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​កាម​ សេចក្ដី​អន្ទះ​អន្ទែង​ព្រោះ​កាម​ សេចក្ដី​ជ្រុល​ជ្រប់​ក្នុង​កាម​ សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ ក្នុង​កាម​ទាំង​ឡាយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ការ​មិន​ប្រកប​ដោយ​កាមយោគៈ ។​ ការ​មិន​ប្រកប​ដោយ​កាមយោគៈ​ដូច្នេះ​ឯង ។

   ចុះ​ការ​មិន​ប្រកប​ដោយ​ភវយោគៈ​ តើ​ដូច​ម្ដេច? ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ដឹង​ច្បាស់​តាម​ពិត​នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ភព​ទាំង​ឡាយ​ កាល​បើ​បុគ្គល​នោះ​ ដឹង​ច្បាស់​តាម​ពិត​ នូវ​ហេតុ​ជា​ទី​កើត​ឡើង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ភព​ទាំង​ឡាយ​ ក៏​មិន​កើត​មាន​តម្រេក​ក្នុង​ភព​ សេចក្ដី​រីក​រាយ​ក្នុង​ភព​ សេចក្ដី​ស្នេហា​ក្នុង​ភព​ សេចក្ដី​ងប់​នៅ​ក្នុង​ភព​ សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​ភព​ សេចក្ដី​អន្ទះ​អន្ទែង​ព្រោះ​ភព​ សេចក្ដី​ជ្រុល​ជ្រប់​ក្នុង​ភព​ សេចក្ដី​ប្រាថ្នា​ក្នុង​ភព​ ក្នុង​ភព​ទាំង​ឡាយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ការ​មិន​ប្រកប​ដោយ​ភវយោគៈ ។ ការ​មិន​ប្រកប​ដោយ​កាមយោគៈ​ និង​ការ​មិន​ប្រកប​ដោយ​ភវយោគៈ​ដូច្នេះ​ឯង ។

   ចុះ​ការ​មិន​ប្រកប​ដោយ​ទិដ្ឋិយោគៈ​ តើ​ដូច​ម្ដេច? ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ដឹង​ច្បាស់​តាម​ពិត​នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ទិដ្ឋិ​ទាំង​ឡាយ​ កាល​បើ​បុគ្គល​នោះ​ដឹង​ច្បាស់​តាម​ពិត​ នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ទិដ្ឋិ​ទាំង​ឡាយ​ ក៏​មិន​កើត​មាន​តម្រេក​ក្នុង​ទិដ្ឋិ​ សេចក្ដី​រីក​រាយ​ក្នុង​ទិដ្ឋិ​ សេចក្ដី​ស្នេហា​ក្នុង​ទិដ្ឋិ​ សេចក្ដី​ងប់​នៅ​ក្នុង​ទិដ្ឋិ​ សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​ទិដ្ឋិ​ សេចក្ដី​អន្ទះ​អន្ទែង​ព្រោះ​ទិដ្ឋិ​ សេចក្ដី​ជ្រុល​ជ្រប់​ក្នុង​ទិដ្ឋិ​ សេចក្ដី​ប្រាថ្នា​ក្នុង​ទិដ្ឋិ​ ក្នុង​ទិដ្ឋិ​ទាំង​ឡាយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ការ​មិន​ប្រកប​ដោយ​ទិដ្ឋិយោគៈ ។ ការ​មិន​ប្រកប​ដោយ​កាមយោគៈ ការ​មិន​ប្រកប​ដោយ​ភវយោគៈ និង​ការ​មិន​ប្រកប​ដោយ​ទិដ្ឋិយោគៈ​ដូច្នេះ​ឯង ។

   ចុះ​ការ​មិន​ប្រកប​ដោយ​អវិជ្ជាយោគៈ​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ដឹង​ច្បាស់​តាម​ពិត​នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ផស្សាយតនៈទាំង ៦​ កាល​បើ​បុគ្គល​នោះ​ ដឹង​ច្បាស់​តាម​ពិត​នូវ​ហេតុ​ជា​ទី​កើត​ឡើង​ផង​ សេចក្ដី​វិនាស​ផង​ អានិសង្ស​ផង​ ទោស​ផង​ ការ​រលាស់​ចេញ​ផង​ នូវ​ផស្សាយតនៈ​ទាំង​ ៦ ក៏​មិន​មាន​សេចក្ដី​ល្ងង់​ សេចក្ដី​មិន​ដឹង​ក្នុង​ផស្សាយតនៈ​ទាំង ៦​ ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ការ​មិន​ប្រកប​ដោយ​អវិជ្ជាយោគៈ ។ ការ​មិន​ប្រកប​ដោយ​កាមយោគៈ​ ការ​មិន​ប្រកប​ដោយ​ភវយោគៈ ការ​មិន​ប្រកប​ដោយ​ទិដ្ឋិយោគៈ និង​ការ​មិន​ប្រកប​ដោយ​អវិជ្ជាយោគៈ​ដូច្នេះ​ឯង ។

   បុគ្គល​ប្រាស​ចាក​អកុសលធម៌​ដ៏​លាមក​ ជា​គ្រឿង​សៅ​ហ្មង​ ជា​ហេតុ​នាំ​ឱ្យ​កើត​ក្នុង​ភព​ថ្មី​ទៀត​ ប្រកប​ដោយ​សេចក្ដី​ក្រវល់​ក្រ​វាយ​ មាន​ទុក្ខ​ជា​វិបាក​ ជា​ហេតុ​នាំ​ឱ្យ​កើត​ជាតិ​ ជរា​ មរណៈ​ត​ទៅ​ ព្រោះ​ហេតុ​នោះ ( បុគ្គល​នោះ ) ទើប​ហៅ​ថា​ ជា​អ្នក​មាន​សេចក្ដី​ក្សេម​ចាក​យោគៈ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ការ​មិន​ប្រកប​ដោយ​យោគៈ​មាន​ ៤ យ៉ាង​ប៉ុណ្ណេះ ។

កាមយោគេន​  សំយុត្តា                  ភវយោគេន​  ចូភយំ

ទិដ្ឋិយោគេន​  សំយុត្តា                      អវិជ្ជាយ​  បុរក្ខតា

សត្តា  គច្ឆន្តិ​  សំសារំ                        ជាតិមរណគាមិនោ ។

យេ  ច​  កាមេ​  បរិញ្ញាយ                  ភវយោគញ្ច​  សព្វសោ

ទិដ្ឋិយោគំ​  សមូហច្ច                          អវិជ្ជញ្ច  វិរាជយំ

សព្វយោគវិសំយុត្តា  តេ                    វេ  យោគាតិគា  មុនិ ។

ពួក​សត្វ​ប្រកប​ដោយ​កាមយោគៈ​ និង​ភវយោគៈ​ទាំង​ ២​ ប្រកប​ដោយ​ទិដ្ឋិយោគៈ​ ត្រូវ​អវិជ្ជាយោគៈ​ចោម​រោម​ ជា​អ្នក​មាន​ដំណើរ​ទៅ​កាន់​ជាតិ ( ជរា ) និង​មរណៈ​ជា​ប្រក្រតី​ រមែង​អន្ទោល​ទៅ​រក​សង្សារ ។

ចំណែក​ពួក​ជន​ណា​ បាន​កំណត់​ដឹង​នូវ​កាមយោគៈ​ផង​ ភវយោគៈ​ដោយ​អាការៈ​ទាំង​ពួង​ផង​ ដក​ឡើង​នូវ​ទិដ្ឋិយោគៈ​ផង​ លះ​បង់​នូវ​អវិជ្ជាយោគៈ​ផង​ ជា​អ្នក​ប្រាស​ចាក​យោគៈ​ទាំង​ពួង​ ជន​ទាំង​នោះ​ ឈ្មោះ​ថា​ជា​អ្នក​ប្រាជ្ញ​កន្លង​ផុត​នូវ​យោគៈ ។

អដ្ឋកថា​យោគសូត្រ

   គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​យោគសូត្រ​ទី ១០ ដូច​តទៅ​នេះ៖

   កិលេស​ ឈ្មោះ​ថា​ យោគៈ ព្រោះ​ចង​សត្វ​ទុក​ក្នង​វដ្ដៈ ។ ក្នុង​បទ​ថា​ កាមយោគោ ជា​ដើម​ តម្រេក​ប្រកប​ដោយ​កាមគុណ ៥ ឈ្មោះ​ថា​ កាមយោគៈ ។ តម្រេក​ដោយ​អំណាច​សេចក្ដី​ពេញ​ចិត្ត​ក្នុង​រូបភព និង​អរូបភព​ ឈ្មោះ​ថា​ ភវយោគៈ ។ ចិត្ត​ដែល​ជាប់​ជំពាក់​ក្នុង​ឈាន​ ក៏​មាន​ន័យ​ដូច​គ្នា​ ។ រាគៈ​ប្រកប​ដោយ​សស្សតទិដ្ឋិ​ និង​ទិដ្ឋិ ៦២ ឈ្មោះ​ថា​ ទិដ្ឋិយោគៈ ។ ការ​មិន​ដឹង​ក្នុង​សច្ចៈ ៤ ឈ្មោះ​ថា​ អវិជ្ជាយោគៈ ម្យ៉ាង​ទៀត​ ឈ្មោះ​ថា​ កាមយោគៈ ព្រោះ​ប្រកប​សត្វ​ទុក​ក្នុង​កាម​, ឈ្មោះ​ថា ភវយោគៈ ព្រោះ​ប្រកប​សត្វ​ទុក​ក្នុង​ភព ។​ ឈ្មោះ​ថា​ ទិដ្ឋិយោគៈ ព្រោះ​ប្រកប​សត្វ​ទុក​ក្នុង​ទិដ្ឋិ​ ។​ ឈ្មោះ​ថា​ អវិជ្ជាយោគៈ ព្រោះ​ប្រកប​សត្វ​ទុក​ក្នុង​អវិជ្ជា ពាក្យ​ដែល​ពោល​មក​ទាំង​នេះ ជា​ឈ្មោះ​នៃ​ធម៌​ដែល​ពោល​រួច​ហើយ​ខាង​ក្រោយ ។​ ឥឡូវ​នេះ​ កាល​ទ្រង់​សម្ដែង​អធិប្បាយ​ធម៌​ទាំង​នោះ​ឱ្យ​ពិស្ដារ ទើប​ត្រាស់​ថា​ កតមោ ច ភិក្ខវេ ជា​ដើម ។ បណ្ដា​បទ​ទាំង​អស់​នោះ​ បទ​ថា​ សមុទយំ គឺ​ការ​កើត ។ បទ​ថា​ អត្ថង្គមំ គឺ​ការ​រលត់ ។ បទ​ថា​ អស្សាទំ គឺ​សេចក្ដី​ត្រេក​អរ ។ បទ​ថា​ អាទីនវំ គឺ​ទោស​មិន​មែន​ជា​សេចក្ដី​ត្រេក​អរ ។​ បទ​ថា​ និស្សរណំ គឺ​ការ​រលាស់​ចេញ ។

   បទ​ថា​ កាមេសុ គឺ ក្នុង​វត្ថុកាម ។​ បទ​ថា​ កាមរាគោ​ គឺ​រាគៈ​កើត​ឡើង​ព្រោះ​ប្រារព្ធ​កាម ។​ សូម្បី​ក្នុង​បទ​ដ៏​សេស​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។ បទ​ថា​ អនុសេតិ គឺ កើត​ឡើង ។ គប្បី​ជ្រាប​សេចក្ដី​គ្រប់​បទ​យ៉ាង​នេះ​ថា​ បទ​ថា​ អយំ វុច្ចតិ ភិក្ខវេ កាមយោគោ សេចក្ដី​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ហេតុ​នៃ​ការ​ប្រកប​គ្រឿង​ចង​សត្វ​ទុក​ក្នុង​កាម ។​ បទ​ថា​ ផស្សាយតនានំ បាន​ដល់​ ហេតុ​មាន​ចក្ខុសម្ផស្ស​ជា​ដើម សម្រាប់​អាយតនៈ​ទាំង​ឡាយ​មាន​ចក្ខុ​ជា​ដើម ។​ បទ​ថា​ អវិជ្ជា អញ្ញាណំ សេចក្ដី​ថា​ អវិជ្ជា​គឺ​ការ​មិន​ដឹង​ ព្រោះ​ជា​បដិបក្ខ​ចំពោះ​ការ​ដឹង ឥតិ​ស័ព្ទ​ក្នុង​បទ​នេះ​ថា​ ឥតិកាមយោគោ គប្បី​ប្រកប​ជា​មួយ​យោគៈ​ទាំង​ ៤ ថា​ កាមយោគៈ ដូច្នេះ ភវយោគៈ ដូច្នេះ​ជា​ដើម ។

   បទ​ថា​ សម្បយុតត្តោ បាន​ដល់​ អ្នក​ចោម​រោម​ហើយ ។ បទ​ថា​ បាបកេហិ បាន​ដល់ ដ៏​លាមក ។ បទ​ថា​ អកុសលេហិ បាន​ដល់ កើត​ពី​ការ​មិន​ឈ្លាស​ ។​ បទ​ថា​ សង្កិលេសិកេហិ គឺ​មាន​សេចក្ដី​សៅ​ហ្មង អធិប្បាយ​ថា​ ប្រទូស​រ៉ាយ​ភាព​ផូរផង់​នៃ​ចិត្ត​ដែល​ផូរផង់​ហើយ ។ បទ​ថា បោនោព្ភវិកេហិ បាន​ដល់​ ជា​ហេតុ​ឱ្យ​កើត​ក្នុង​ភព​ថ្មី ។ បទ​ថា សទរេហិ បាន​ដល់​ មាន​សេចក្ដី​ក្ដៅ​ក្រហាយ​ ។ បទ​ថា ទុក្ខវិបាកេហិ បាន​ដល់​ ឱ្យ​ទុក្ខ​កើត​ឡើង​ក្នុង​វេលា​ឱ្យ​ផល ។ បទ​ថា​ អាយតឹជាតិជរាមរណិកេហិ បាន​ដល់ ឱ្យ​កើត​ជាតិ ជរា មរណៈ​ក្នុង​អនាគត​រឿយៗ ។ បទ​ថា តស្មា អយោគក្ខេមីតិ វុច្ចតិ សេចក្ដី​ថា ក៏​ព្រោះ​ហេតុ​ដែល​បុគ្គល​លះ​យោគៈ​មិន​ទាន់​បាន រមែង​ជា​អ្នក​ប្រកប​ដោយ​ធម៌​ទាំង​នោះ ហេតុ​នោះ តថាគត​ទើប​ហៅ​ថា អយោគក្ខេមី មិន​ក្សេម​ចាក​យោគៈ ព្រោះ​គេ​នៅ​មិន​ទាន់​ដល់​ព្រះ​និព្វាន​ដែល​ក្សេម​ចាក​យោគៈ​ទាំង ៤ នោះ ។

   បទ​ថា​ វិសំ យោគា គឺ​ហេតុ​នៃ​ដក​យោគៈ កិលេស​ជា​គ្រឿង​ចង ។ បទ​ថា​ កាមយោគវិសំ យោគោ គឺ​ហេតុ​នៃ​ការ​ដក​កាមយោគៈ ។ សូម្បី​ក្នុង​បទ​ដ៏​សេស​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា​ ។ បណ្ដា​បទ​ទាំង​នោះ ការ​សម្លឹង​អសុភកម្មដ្ឋាន​ ជា​ការ​ដក​កាមយោគៈ អនាគាមិមគ្គ ធ្វើ​អសុភជ្ឈាន​នោះ​ឱ្យ​ជា​បាទ​ហើយ​សម្រេច ឈ្មោះ​ថា​ ដក​កាមយោគៈ ដោយ​ចំណែក​មួយ​ ។ អរហត្តមគ្គ ឈ្មោះ​ថា​ ដក​ភវយោគៈ សោតាបត្តិមគ្គ ឈ្មោះ​ថា​ ដក​ទិដ្ឋិយោគៈ អរហត្តមគ្គ ឈ្មោះ​ថា​ ដក​អវិជ្ជាយោគៈ ។ ឥឡុវ​នេះ កាល​ទ្រង់​សម្ដែង​អធិប្បាយ​វិសំយោគធម៌​ទាំង​នោះ​ឱ្យ​ពិស្ដារ​ ទើប​ត្រាស់​ថា​ កតមោ ច ភិក្ខវេ ជា​ដើម ។ សេចក្ដី​នៃ​ព្រះ​តម្រាស់​នោះ គប្បី​ជ្រាប​ដោយ​ន័យ​ដែល​ពោល​ហើយ ។ បទ​ថា​ ភវយោគេន ចូភយំ​ សេចក្ដី​ថា ចង​ដោយ​ភវយោគៈ និង​ចង​ដោយ​ភវយោគៈ ទិដ្ឋិយោគៈ សូម្បី​ទាំង​ពីរ ក្រៃ​លែង​ឡើង​ទៀត គឺ​ប្រកប​ដោយ​យោគៈយ៉ាង​ណា​នី​មួយ ។ បទ​ថា​ បុរក្ខតា បាន​ដល់ ត្រូវ​នាំ​ទៅ​ខាង​មុខ ឬ​ត្រូវ​ឡោម​ព័ទ្ធ ។ បទ​ថា កាមេ បរិញ្ញាយ បាន​ដល់ កំណត់​ដឹង​កាម​ទាំង​ពីរ​យ៉ាង ។ បទ​ថា ភវយោគញ្ច សព្វសោ បាន​ដល់ កំណត់​ដឹង​ភវយោគៈ​ទាំង​អស់​នុ៎ះ​ឯង ។ បទ​ថា សមូហច្ច បាន​ដល់ ដក​អស់​ហើយ ។ បទ​ថា​ វិរាជយំ បាន​ដល់ កំពុង​ដក ឬ​ដក​ហើយ ។ ក៏​កាល​ពោល​ថា វិរាជេន្តោ ក៏​ជា​ការ​ដែល​ពោល​ដល់​មគ្គ កាល​ពោល​ថា​ វិរាជេត្វា ក៏​ជា​ការ​ពោល​ដល់​ហើយ ។ បទ​ថា​ មុនិ បាន​ដល់ ព្រះ​មុនី គឺ​ព្រះ​ខីណាស្រព ។ ហេតុ​នោះ ក្នុង​សូត្រ​នេះ​ក្ដី ក្នុង​គាថា​ក្ដី ទើប​ត្រាស់​ទាំង​វដ្ដៈ​ទាំង​វិវដ្ដៈ ( លោកិយ និង​លោកុត្តរ ) ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ