Search

Loading

Content

Showing posts with label សិក្សាបិដក. Show all posts
Showing posts with label សិក្សាបិដក. Show all posts
0 មតិ

ត្រកូល​ដែល​ប្រកប​ដោយ​អង្គ ៩​ ដែល​ភិក្ខុ​គួរ​ និង​មិន​គួរ​ចូល​ទៅ​រក

ត្រកូល​ប្រកប​ដោយ​អង្គ​ ៩ ដែល​ភិក្ខុ​មិន​គួរ​ចូល​ទៅ​រក

   ម្នាល​ភិក្ខុ​ទាំង​ឡាយ ត្រកូល​ប្រកប​ដោយ​អង្គ ៩ ដែល​ភិក្ខុ​មិន​ទាន់​ចូល​ទៅ ក៏​មិន​គួរ​ចូល​ទៅ បើ​ភិក្ខុ​ចូល​ជ្រុល​ទៅ​ហើយ​ ក៏​មិន​គួរ​អង្គុយ​ ។

   ត្រកូល​ប្រកប​ដោយ​អង្គ ៩ តើ​ដូច​ម្ដេច​ខ្លះ?

   គឺ

   ១. ន មនាបេន បច្ចុដ្ឋេន្តិ  គេ​មិន​ក្រោក​ទទួល ដោយ​សេចក្ដី​ពេញ​ចិត្ត

   ២. ន មនាបេន អភិវាទេន្តិ មិន​ថ្វាយ​បង្គំ ដោយ​សេចក្ដី​ពេញ​ចិត្ត

   ៣. ន មនាបេន អាសនំ ទេន្តិ មិន​ឱ្យ​អាសនៈ ដោយ​សេចក្ដី​ពេញ​ចិត្ត

   ៤. សន្តមស្ស បរិគុយ្ហន្តិ      លាក់​របស់​ដែល​មាន

   ៥. ពហុកម្បិ ថោកំ ទេន្តិ      របស់​មាន​ច្រើន​ឱ្យ​តិច

   ៦. បណីតម្បិ លូខំ ទេន្តិ      មាន​របស់​ដែល​ថ្លៃ​ថ្លា ឱ្យ​របស់​សៅ​ហ្មង

   ៧. អសក្កច្ចំ ទេន្តិ នោ សក្កច្ចំ ឱ្យ​ដោយ​មិនគោរព មិន​ឱ្យ​ ដោយ​គោរព

   ៨. ន ឧបនិសីទន្តិ ធម្មស្សវនាយ មិន​ចូល​ទៅ​អង្គុយ​ជិត ដើម្បី​ស្ដាប់​ធម៌​ដោយ​គោរព

   ៩. ភាសិតមស្ស ន រមិស្សន្តិ    មិន​ត្រេក​អរ​នឹង​ភាសិត​របស់​ភិក្ខុ​នោះ

   ម្នាល​ភិក្ខុ​ទាំង​ឡាយ ត្រកូល​ប្រកប​ដោយ​អង្គ​ ៩ នេះ​ឯង ដែល​ភិក្ខុ​មិន​ធ្លាប់​ចូល​ទៅ ក៏​មិន​គួរ​ចូល​ទៅ ឬ​ចូល​ជ្រុល​ទៅ​ហើយ ក៏​មិន​គួរ​អង្គុយ ។

ត្រកូល​ប្រកប​ដោយ​អង្គ ៩ ដែល​ភិក្ខុ​គួរ​ចូល​ទៅ​រក

   ម្នាល​ភិក្ខុ​ទាំង​ឡាយ ត្រកូល​ប្រកប​ដោយ​អង្គ​ ៩ ដែល​ភិក្ខុ​មិន​ទាន់​ចូល​ទៅ​ ក៏​គួរ​ចូល​ទៅ​បាន ឬ ចូល​ទៅ​ហើយ​ ក៏​គួរ​អង្គុយ​បាន ។

   ត្រកូល​ប្រកប​ដោយ​អង្គ ៩ តើ​ដូច​ម្ដេច​ខ្លះ?

   គឺ

   ១. មនាបេន បច្ចុដ្ឋេន្តិ   គេ​ក្រោក​ទទួល ដោយ​សេចក្ដី​ពេញ​ចិត្ត

   ២. មនាបេន អភិវាទេន្តិ ថ្វាយ​បង្គំ ដោយ​សេចក្ដី​ពេញ​ចិត្ត

   ៣. មនាបេន អាសនំ ទេន្តិ ឱ្យ​អាសនៈ ដោយ​សេចក្ដី​ពេញ​ចិត្ត

   ៤. សន្តមស្ស ន បរិគុយ្ហន្តិ មិន​លាក់​របស់​ដែល​មាន

   ៥. ពហុកម្បិ ពហុកំ ទេន្តិ  របស់​ដែល​មាន​ច្រើន​ឱ្យ​ច្រើន

   ៦. បណីតម្បិ បណីតំ ទេន្តិ របស់​ដែល​ថ្លៃ​ថ្លា ឱ្យ​របស់​ថ្លៃ​ថ្លា

   ៧. សក្កច្ចំ ទេន្តិ នោ អសក្កច្ចំ ឱ្យ​ដោយ​គោរព មិន​ឱ្យ​ ដោយ​មិន​គោរព

   ៨. ឧបនិសីទន្តិ ធម្មស្សវនាយ ចូល​ទៅ​អង្គុយ​ជិត ដើម្បី​ស្ដាប់​ធម៌

   ៩. ភាសិតមស្ស រមិស្សន្តិ       ត្រេក​អរ​នឹង​ភាសិត​របស់​ភិក្ខុ​នោះ

   ម្នាល​ភិក្ខុ​ទាំង​ឡាយ ត្រកូល​ប្រកប​ដោយ​អង្គ​ ៩ នេះ​ឯង ដែល​ភិក្ខុ​មិន​ទាន់​ចូល​ទៅ ក៏​គួរ​ចូល​ទៅ​បាន ឬ​ចូល​ទៅ​ហើយ ក៏​គួរ​អង្គុយ​បាន ។

( អង្គុត្តរនិកាយ នវកនិបាត កុលសូត្រ បិដក​លេខ ៤៩ ទំព័រ ៧០-៧១ )

អដ្ឋកថា​កុលសូត្រ​ទី ៧

   បទ​ថា ន មនាបេន បច្ចុបដ្ឋេន្តិ សេចក្ដី​ថា ក្រោក​ចាក​អាសនៈ​ហើយ រមែង​មិន​ធ្វើ​ការ​ទទួល​ដោយ​ការ​ចម្រើន​ចិត្ត គឺ​ដោយ​អាការ​ជាប់​ចិត្ត ។ បទ​ថា ន មនាបេន អភិវាទេន្តិ សេចក្ដី​ថា រមែង​មិន​ថ្វាយ​បង្គំ​ដោយ​​បញ្ចង្គប្រតិស្ឋាន ។ បទ​ថា អសក្កច្ចំ ទេន្តិ សេចក្ដី​ថា រមែង​ឱ្យ​ដោយ​សេចក្ដី​មិន​រាប់​អាន ។ បទ​ថា នោ សក្កច្ចំ សេចក្ដី​ថា រមែង​មិន​ឱ្យ​ដោយ​ដៃ​របស់​ខ្លួន ។ បទ​ថា ន ឧបនិសីទន្តិ ធម្មស្សវនាយ សេចក្ដី​ថា រមែង​មិន​អង្គុយ​ក្នុង​ទី​ជិត​ដោយ​គិត​ថា យើង​ទាំង​ឡាយ​នឹង​ស្ដាប់​ធម៌ ។ បទ​ថា ន រសិយន្តិ [ រមិស្សន្តិ ] សេចក្ដី​ថា រមែង​មិន​ត្រេក​អរ គឺ​រមែង​ទៅ​មិន​ត្រឡប់​ ដូច​ទឹក​ដែល​គេ​ចាក់​លើ​គូទ​ឆ្នាំងធំ ដូច្នោះ ៕

អានបន្ត...
0 មតិ

វេសារជ្ជសូត្រ

ពោល​អំពី​វេសារជ្ជញាណ​របស់​ព្រះ​តថាគត

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តថាគត​ប្រកប​ដោយ​វេសារជ្ជញ្ញាណ​ ( ប្រាជ្ញា​ក្លៀវ​ក្លា ) បែប​ណា​ តែង​ប្ដេជ្ញា​នូវ​ទី​ដ៏​ប្រសើរ​ បន្លឺ​នូវ​សីហនាទ​ក្នុង​ពួក​បរិសទ្យ​ ញ៉ាំង​ព្រហ្មចក្រ​ (​ ចក្រ​គឺ​ធម៌​ដ៏​ប្រសើរ )​ ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ វេសារជ្ជញ្ញាណ​ ៤​ យ៉ាង​ តើ​ដូច​ម្ដេច ?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តថាគត​មិន​ឃើញ​នូវ​និមិត្ត​ គឺ​ធម៌​ ឬ​បុគ្គល​នុ៎ះ​ថា​ សមណៈ​ក្ដី​ ព្រាហ្មណ៍​ក្ដី​ ទេវតា​ក្ដី​ មារ​ក្ដី​ ព្រហ្ម​ក្ដី​ បុគ្គល​ណា​មួយ​ ក្នុង​លោក​ក្ដី​ នឹង​ចោទ​តថាគត​ ដោយ​ពាក្យ​ប្រកប​ដោយ​ធម៌​ ក្នុង​ហេតុ​នោះ​ថា​ លោក​ប្ដេជ្ញា​ខ្លួន​ថា​ ជា​អ្នក​ត្រាស់​ដឹង​ឯង​ដោយ​ប្រពៃ​ ប៉ុន្តែ​ធម៌​ទាំង​អម្បាល​នេះ​ លោកមិន​បាន​ត្រាស់​ដឹង​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​តថាគត​ មិន​ឃើញ​នូវ​និមិត្ត​នុ៎ះ​ឯង​ ទើប​ដល់​នូវ​សេចក្ដី​ក្សេម​ ដល់​នូវ​ភាព​ជា​អ្នក​មិន​មាន​ភ័យ​ ដល់​នូវ​ភាព​ជា​អ្នក​ក្លៀវ​ក្លា ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តថាគត​មិន​ឃើញ​នូវ​និមិត្ត​ គឺ​ធម៌​ ឬ​ បុគ្គល​នុ៎ះ​ថា​ សមណៈ​ក្ដី​ ព្រាហ្មណ៍​ក្ដី​ ទេវតា​ក្ដី​ មារ​ក្ដី​ ព្រហ្ម​ក្ដី​ បុគ្គល​ណា​មួយ​ក្នុង​លោក​ក្ដី​ នឹង​ចោទ​តថាគត​ ដោយ​ពាក្យ​ប្រកប​ដោយ​ធម៌​ ក្នុង​ហេតុ​នោះ​ថា​ លោក​ប្ដេជ្ញា​ខ្លួន​ថា​ ជា​អ្នក​អស់​អាសវៈ​ហើយ​ ប៉ុន្តែ​អាសវៈ​ទាំង​អម្បាល​នេះ​មិន​ទាន់​អស់​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​តថាគត​មិន​ឃើញ​នូវ​និមិត្ត​នុ៎ះ​ឯង​ ទើប​ដល់​នូវ​សេចក្ដី​ក្សេម​ ដល់​នូវ​ភាព​ជា​អ្នក​មិន​មាន​ភ័យ​ ដល់​នូវ​ភាព​ជា​អ្នក​ក្លៀវ​ក្លា ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តថាគត​មិន​ឃើញ​នូវ​និមិត្ត​ គឺ​ធម៌​ ឬ​ បុគ្គល​នុ៎ះ​ថា​ សមណៈ​ក្ដី​ ព្រាហ្មណ៍​ក្ដី​ ទេវតា​ក្ដី​ មារ​ក្ដី​ ព្រហ្ម​ក្ដី​ បុគ្គល​ណា​មួយ​ ក្នុង​លោក​ក្ដី​ នឹង​ចោទ​តថាគត​ ដោយ​ពាក្យ​ប្រកប​ដោយ​ធម៌​ ក្នុង​ហេតុ​នោះ​ថា​ ធម៌​ទាំង​ឡាយ​ណា​ ដែល​លោក​ពោល​ថា​ ធម៌​ជា​គ្រឿង​ធ្វើ​នូវ​អន្តរាយ​ ធម៌​ទាំង​អម្បាល​នោះ​ មិន​អាច​ធ្វើ​អន្តរាយ​ ដល់​បុគ្គល​អ្នក​សេព​បាន​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​តថាគត​មិន​ឃើញ​នូវ​និមិត្ត​នុ៎ះ​ឯង​ ទើប​ដល់​នូវ​សេចក្ដី​ក្សេម​ ដល់​នូវ​ភាព​ជា​អ្នក​មិន​មាន​ភ័យ​ ដល់​នូវ​ភាព​ជា​អ្នក​ក្លៀវ​ក្លា ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តថាគត​មិន​ឃើញ​នូវ​និមិត្ត​ គឺ​ធម៌​ ឬ​បុគ្គល​នុ៎ះ​ថា​ សមណៈ​ក្ដី​ ព្រាហ្មណ៍​ក្ដី​ ទេវតា​ក្ដី​ មារ​ក្ដី​ ព្រហ្ម​ក្ដី​ បុគ្គល​ណា​មួយ​ក្នុង​លោក​ក្ដី​ នឹង​ចោទ​តថាគត​ ដោយ​ពាក្យ​ប្រកប​ដោយ​ធម៌​ ក្នុង​ហេតុ​នោះ​ថា​ ធម៌​ដែល​លោក​សម្ដែង​ហើយ​ ដើម្បី​ប្រយោជន៍​ដល់​គុណវិសេស​ណា​ គុណវិសេស​នោះ​ មិន​អាច​ស្រោច​ស្រង់​ ដើម្បី​ឱ្យ​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ដល់​អ្នក​ធ្វើ​តាម​នូវ​ធម៌​នោះ​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​តថាគត​ឃើញ​នូវ​និមិត្ត​នុ៎ះ​ឯង​ ទើប​ដល់​នូវ​សេចក្ដី​ក្សេម​ ដល់​នូវ​ភាព​ជា​អ្នក​មិន​មាន​ភ័យ​ ដល់​នូវភាព​ជា​អ្នក​ក្លៀវ​ក្លា ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តថាគត​ប្រកប​ដោយ​វេសារជ្ជញ្ញាណ​ណា​ តែង​ប្ដេជ្ញា​នូវ​ទី​ដ៏​ប្រសើរ​ បន្លឺ​នូវ​សីហនាទ​ ក្នុង​ពួក​បរិសទ្យ​ ញ៉ាំង​ព្រហ្មចក្រ​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ក្រ​ វេសារជ្ជញ្ញាណ​នោះ​របស់​តថាគត​ មាន​ ៤​ យ៉ាង​នេះ​ឯង ។

យេ​  កេចិមេ​  វាទបថា​  បុថុស្សិតា

យន្និស្សិតា​  សមណព្រាហ្មណា​  ច

តថាគតំ​  បត្វាន​  តេ​  ភវន្តិ

វិសារទំ​  វាទបថាតិវត្តំ

យោ​  ធម្មចក្កំ​  អភិភុយ្យ​  កេវលំ

បវត្តយី​  សព្វភូតានុកម្បី

តំ​  តាទិសំ​  ទេវមនុស្សសេដ្ឋំ

សត្តា​  នមស្សន្តិ​  ភវស្ស​  បារគុំ ។

គន្លង​នៃ​ពាក្យ​ណា​នី​មួយ​ដ៏​ច្រើន​ ដែល​គេ​រៀប​រៀង​ទុក​ហើយ​ក្ដី​ ពួក​សមណព្រាហ្មណ៍​ដែល​អាស្រ័យ​នូវ​គន្លង​នៃ​ពាក្យ​ណា​ក្ដី​ គន្លង​ពាក្យ​ទាំង​នោះ​លុះ​មក​ដល់​ព្រះ​តថាគត​ដែល​ជា​អ្នក​មាន​សេចក្ដី​ក្លៀវ​ក្លា​ គ្រប​សង្កត់​នូវ​គន្លង​នៃ​ពាក្យ​ ហើយ​ក៏​រមែង​វិនាស​សាប​សូន្យ​ទៅ​ ព្រះ​តថាគត​ណា​ គ្រប​សង្កត់​នូវ​ធម៌​ទាំង​អស់​ មាន​សេចក្ដី​អនុគ្រោះ​ដល់​សត្វ​ទាំង​អស់​ ហើយ​ញ៉ាំង​ធម្មចក្រ​ឱ្យ​ប្រព្រឹត្ត​ទៅ​ ពួក​សត្វ​តែង​ថ្វាយ​បង្គំ​នូវ​ព្រះ​តថាគត​ប្រាកដ​ដូច្នោះ​នោះ​ ព្រះ​អង្គ​ប្រសើរ​ជាង​ទេវតា​ និង​ មនុស្ស​ ទ្រង់​ឆ្លង​ដល់​ត្រើយ​នៃ​ភព ។

អដ្ឋកថា​វេសារជ្ជសូត្រ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​វេសារជ្ចជសូត្រ​ទី​ ៨​ ដូច​ត​ទៅ​នេះ៖

ក្នុង​បទ​ថា​ វេសារជ្ជានិ​ នេះ​ ធម៌​ដែល​ជា​បដិបក្ខ​ចំពោះ​សេចក្ដី​ភ័យ​ខ្លាច​ ឈ្មោះ​ថា​ វេសារជ្ជៈ ញាណ​ជា​ហេតុ​ធ្វើ​ឱ្យ​ក្លាហាន ។ វេសារជ្ជៈ​នេះ​ ជា​ឈ្មោះ​របស់​សោមនស្សញាណ​ដែល​កើត​ឡើង​ដល់​ព្រះ​តថាគត​ ទ្រង់​ពិចារណា​ឃើញ​ការ​មិន​មាន​នៃ​សេចក្ដី​ភ័យ​ខ្លាច​ក្នុង​ឋានៈ​ ៤ ។​ បទ​ថា​ អាសភណ្ឋានំ សេចក្ដី​ថា ឋានៈ​ដ៏​ប្រសើរ​ គឺ​ឋានៈ​ដ៏​ខ្ពង់​ខ្ពស់ ។​ ឬ​ព្រះ​ពុទ្ធ​ក្នុង​អតីត​ទាំង​ឡាយ​ទ្រង់​អង់​អាច​ ឋានៈ​របស់​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ព្រះ​អង្គ​នោះ ។​ ន័យ​ម្យ៉ាង​ទៀត​ គោ​ជា​មេ​ហ្វូង​របស់​គោ​មួយ​រយ​ក្បាល​ ឈ្មោះ​ថា​ ឧសភ គោ​ជា​មេ​ហ្វូង​របស់​គោ​មួយ​ពាន់​ក្បាល​ ឈ្មោះ​ថា​ វសភ​ ឬ​ជា​មេ​ហ្វូង​គោ​មួយ​រយ​ក្រោល​ គោ​វសភ​ ជា​មេ​ហ្វូង​គោ​មួយ​ពាន់​ក្រោល​ គោ​និសភ​ ប្រសើរ​ជាង​គោ​ទាំង​អស់​នោះ​ អត់​ធន់​ចំពោះ​អន្តរាយ​គ្រប់​យ៉ាង​ ស​ គួរ​ជា​ទី​​ស្រឡាញ់​ នាំ​ភារៈ​បាន​ច្រើន​ ទាំង​មិន​ញាប់​ញ័រ​ដោយ​សំឡេង​រន្ទះ​មួយ​រយ​ដង​ មួយ​ពាន់​ដង​ គោ​និសភ​នោះ​ លោក​ប្រាថ្នា​យក​ គោ​ឧសភ​ក្នុង​ទី​នេះ​ នេះ​ជា​ពាក្យ​ហៅ​គោ​ឧសភ​នោះ​ ដោយ​បរិយាយ ។​ ដែល​ឈ្មោះ​ថា​ អាសភ​ ព្រោះ​ឋានៈ​នេះ​ជា​របស់​គោ​ឧសភ ។​ បទ​ថា​ ឋានំ​ បាន​ដល់​ ការ​យក​ជើង​ទាំង​ ៤​ កាយ​ផែន​ដី​ឈរ​ក្រាញ​នៅ ។​ ក៏​ឋានៈ​នេះ​ ឈ្មោះ​ថា​ អាសភ​ ព្រោះ​ដូច​ការ​ឈរ​ក្រាញ​របស់​គោឧសភ ។ គោ​ឧសភ​ដែល​រាប់​ថា​ គោ​និសភ​ យក​ជើង​ទាំង​ ៤​ កាយ​ផែន​ដី​ហើយ​ ឈរ​ក្រាញ​ដោយ​ឈរ​មិន​ញាប់​ញ័រ​ យ៉ាង​ណា​ តថាគត​ក៏​កាយ​ផែន​ដី​គឺ​បរិស័ទ ៨ ដោយ​ព្រះ​បាទ​គឺ​វេសារជ្ជញាណ​ ៤​ មិន​ញាប់​ញ័រ​ដោយ​សត្រូវ​បច្ចាមិត្ត​ណា​នី​មួយ​ ក្នុង​លោក​ ព្រម​ទាំង​ទេវលោក​ ឈរ​ក្រាញ​ដោយ​ឈរ​មិន​ញាប់​ញ័រ​ ក៏​យ៉ាង​ដូច្នោះ​ដែរ ។​ តថាគត​កាល​ឈរ​ក្រាញ​នៅ​យ៉ាង​នេះ​ ទើប​ប្ដេជ្ញា​ឋានៈ​របស់​អ្នក​អង់​អាច​ ចូល​ដល់​ មិន​ត្រឡប់​ក្រោយ​ លើក​ឡើង​ទុក​ក្នុង​ព្រះ​អង្គ​ ដោយ​ហេតុ​នោះ​ ទើប​ត្រាស់​ថា​ អាសភណ្ឋានំ បដិជានាតិ ដូច្នេះ ។

បទ​ថា​ បរិសាសុ​ បាន​ដល់​ ក្នុង​បរិស័ទ​ទាំង ៨ ។​ បទ​ថា​ សីហនាទំ​ នទតិ សេចក្ដី​ថា​ បន្លឺ​សំឡេង​សម្ដែង​អំណាច​ដ៏​ប្រសើរ​បំផុត​ សំឡេង​សម្ដែង​អំណាច​របស់​រាជសីហ៍​ ឬ​បន្លឺ​សំឡេង​សម្ដែង​អំណាច​ដូច​ការ​គ្រហឹម​របស់​រាជសីហ៍ ។​ សេចក្ដី​នេះ​គប្បី​សម្ដែង​ដោយ​សីហនាទសូត្រ ។​ រាជសីហ៍​ ហៅ​ថា សីហ ព្រោះ​អត់​ធន់​ និង​ព្រោះ​ប្រមាញ់​ចំណី​ មាន​ឧបមា​យ៉ាង​ណា​ ព្រះ​តថាគត​ក៏​មាន​ឧបមេយ្យ​យ៉ាង​នោះ​ដែរ​ ហៅ​ថា​ សីហ​ ព្រោះ​ទ្រង់​អត់​ធន់​ចំពោះ​លោកធម៌​ទាំង​ឡាយ​ និង​ព្រោះ​ទ្រង់​កម្ចាត់​លទ្ធិ​ដទៃ ។​ ការ​បន្លឺ​របស់​សីហ​ដែល​លោក​ពោល​យ៉ាង​នេះ​ ហៅ​ថា​ សីហនាទ ។​ ក្នុង​សីហនាទ​នោះ​ រាជសីហ៍​ប្រកប​ដោយ​កម្លាំង​របស់​រាជសីហ៍​ក្លា​ហាន​ក្នុង​ទី​ទាំង​ពួង​ ប្រាស​ចាក​ការ​ព្រឺ​រោម​ បន្លឺ​សីហនាទ​ យ៉ាង​ណា​ សីហ​ គឺ​ ព្រះ​តថាគត​ ក៏​យ៉ាង​នោះ​ដែរ​ ប្រកប​ដោយ​កម្លាំង​របស់​តថាគត​ ទ្រង់​ក្លា​ហាន​ក្នុង​បរិស័ទ​ទាំង​ ៨​ ប្រាស​ចាក​ការ​ព្រឹ​រោម​ រមែង​បន្លឺ​សីហនាទ​ ដែល​ប្រកប​ដោយ​ភាព​ស្រស់​ស្អាត​នៃទេសនា​ផ្សេង​ៗ​ ដោយ​ន័យ​ជា​ដើម​ថា​ យ៉ាង​នេះ​ រូប ។ ដោយ​ហេតុ​នោះ​ ទើប​ត្រាស់​ថា​ បរិសាសុ​ សីហនាទំ នទតិ ដូច្នេះ ។

បទ​ថា​ ព្រហ្មំ ក្នុង​បទ​ថា​ ព្រហ្មចក្កំ​ បវត្តេតិ​ នេះ បាន​ដល់​ ចក្រ​ដ៏​ប្រសើរ​ខ្ពង់​ខ្ពស់​បំផុត​ បរិសុទ្ធ ។​ ក៏​ចក្ក​ស័ព្ទ​នេះ

រមែង​ចុះ​ក្នុង​អត្ថ​ថា​ សម្បត្តិ​ លក្ខណៈ​ ចំណែក​នៃ​រថ​ ឥរិយាបថ​ ទាន​ រតន​ចក្រ​ ធម្មចក្រ​ និង​ឧរចក្រ​ជា​ដើម​ ក្នុង​ទី​នេះ​ ចុះ​ក្នុង​អត្ថ​ថា​ ធម្មចក្រ​ គប្បី​ធ្វើ​ធម្មចក្រ​ឱ្យ​ជាក់​ច្បាស់​ ចែក​ជា​ ២​ ប្រការ ។

ពិត​មែន​ ចក្ក​ស័ព្ទ​នេះ​រមែង​ចុះ​ក្នុង​អត្ថ​ថា​ សម្បត្តិ​ បាន​ក្នុង​បាលី​ជា​ដើម​ថា​ ចត្តារិមានិ ភិក្ខវេ​ ចក្កានិ យេហិ សមន្នាគតានំ ទេវមនុស្សានំ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សម្បត្តិ​ ៤​ ដែល​ទេវតា​ និង​មនុស្ស​ទាំង​ឡាយ​ប្រកប​ព្រម​ហើយ​” ។ ចុះ​ក្នុង​អត្ថ​ថា​ លក្ខណៈ​ បាន​ក្នុង​បាលី​នេះ​ថា​ បាទតលេសុ ចក្កានិ​ ជាតានិ “លក្ខណៈ​កើត​ត្រង់​ផ្ទៃ​ព្រះ​បាទ” ។​ ចុះ​ក្នុង​អត្ថ​ថា​ ឥរិយាបថ​ បាន​ក្នុង​បាលី​នេះ​ថា​ ចតុចក្កំ​ នវទ្វារំ “មាន​ឥរិយាបថ​ ៤ មាន​ទ្វារ ៩” ។​ ចុះ​ក្នុង​អត្ថ​ថា​ ទាន​ បាន​ក្នុង​បាលី​នេះ​ថា​ ទទ ភុញ្ជ ច មា ច​ បមាទោ​ ចក្កំ វត្តយ សព្វបាណីនំ​ “អ្នក​ចូរ​ឱ្យ​ ចូរ​បរិភោគ​ ចូរ​ជា​អ្នក​មិន​ប្រមាទ​ ចូរ​ញ៉ាំង​ទាន​ឱ្យ​ប្រព្រឹត្ត​ទៅ​ដល់​សព្វ​សត្វ​” ។​ ចុះ​ក្នុង​អត្ថ​ថា រតនចក្រ​ បាន​ក្នុង​បាលី​​នេះ​ថា​ ទិព្វំ រតនចក្កំ បាតុរហោសិ​ “ចក្ករតន៍​ដ៏​ជា​ទិព្វ​បាន​កើត​ប្រាកដ​ហើយ” ។ ចុះ​ក្នុង​អត្ថ​ថា​ ធម្មចក្រ​ បាន​ក្នុង​បាលី​នេះ​ថា​ មយា បវត្តិតំ ចក្កំ “ចក្កធម៌​ដែល​តថាគត​ឱ្យ​ប្រព្រឹត្ត​ទៅ​ហើយ” ។​ ចុះ​ក្នុង​អត្ថ​ថា​ ឧរចក្រ បាន​ក្នុង​បាលី​នេះ​ថា​ “កង​ចក្រ​រមែង​វិល​នៅ​លើ​អំបែង​ក្បាល​របស់​ជន​ដែល​ត្រូវ​ចំណង់​គ្រប​សង្កត់” ។ ចុះ​ក្នុង​អត្ថ​ថា​ បហរណចក្រ​ គ្រឿង​ប្រហារ​បាន​ក្នុង​បាលី​នេះ​ថា​ ខុរបរិយន្តេន ចេបិ ចក្កេន “បើ​ប្រហារ​ដោយ​ចក្រ​មាន​មុខ​មុតៗ” ។ ចុះ​ក្នុង​អត្ថ​ថា​ អសនិមណ្ឌល គឺ​រង្វង់​មូល​នៃ​កាំ​រន្ទះ បាន​ក្នុង​បាលី​នេះ​ថា​ អសនិចក្កំ “រង្វង់​មូល​នៃ​រន្ទះ” ។ តែចក្កស័ព្ទ​នេះ ក្នុង​ទី​នេះ​ចុះ​ក្នុង​អត្ថ​ថា ធម្មចក្រ ។

ក៏​ធម្មចក្រ​នេះ​ មាន​ ២​ យ៉ាង​ គឺ បដិវេធញាណ ១ ទេសនាញាណ ១ ។ បណ្ដា​ធម្មចក្រ​ទាំង​ ២ យ៉ាង​នោះ ញាណ​ដែល​បញ្ញា​អប់​រំ នាំ​អរិយផល​មក​ឱ្យ​ខ្លួន​ឯង​ ឈ្មោះ​ថា​ បដិវេធញាណ ។ ញាណ​ដែល​ករុណា​អប់រំ នាំ​អរិយផល​មក​ឱ្យ​សាវក​ទាំង​ឡាយ ឈ្មោះ​ថា ទេសនាញាណ ។ បណ្ដា​ញាណ​ទាំង ២ យ៉ាង​នោះ បដិវេធញាណ​មាន ២ គឺ ដែល​កំពុង​កើត​ឡើង ១ ដែល​កើត​ឡើង​ហើយ ១ ។ ក៏​បដិវេធញាណ​នោះ ឈ្មោះ​ថា​ កំពុង​កើត​ឡើង​ចាប់​តាំង​ពី​ទ្រង់​ចេញ​បួស​រហូត​ដល់​សម្រេច​អរហត្តមគ្គ ឈ្មោះ​ថា​ កើត​ឡើង​ហើយ​ក្នុង​ខណៈ​នៃ​អរហត្តផល ។ ម្យ៉ាង​វិញ​ទៀត ឈ្មោះ​ថា​ កំពុង​កើត​ឡើង​ចាប់​តាំង​ពី​ឋាន​តុសិត​ រហូត​ដល់​អរហត្តមគ្គ ទៀប​គល់​មហាពោធិបល្ល័ង្ក​ ឈ្មោះ​ថា​ កើត​ឡើង​ហើយ​ក្នុង​ខណៈ​នៃ​អរហត្តផល ។ ម្យ៉ាង​ទៀត ឈ្មោះ​ថា កំពុង​កើត​ឡើង​ ចាប់​តាំង​ពី​ព្រះ​ពុទ្ធ​ទីបង្ករ រហូត​ដល់​អរហត្តមគ្គ​ នា​ពោធិបល្ល័ង្ក ឈ្មោះ​ថា​ កើត​ឡើង​ហើយ​ក្នុង​ខណៈ​នៃ​អរហត្តផល ។​ ទេសនាញាណ​ក៏​មាន​ ២​ យ៉ាង​ គឺ​ញាណ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ ១ ញាណ​ដែល​ប្រព្រឹត្ត​ទៅ​ហើយ ១ ។ ក៏​ទេសនាញាណ​នោះ​ ឈ្មោះ​ថា​ កំពុង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​សោតាបត្តិមគ្គ​របស់​ព្រះ​អញ្ញាកោណ្ឌញ្ញៈ​ ឈ្មោះ​ថា​ ប្រព្រឹត្ត​ទៅ​ហើយ​ក្នុង​ខណៈ​នៃ​សោតាបត្តិផល ។​ បណ្ដា​ញាណ​ទាំង​ ២ យ៉ាង​នោះ​ បដិវេធញាណ​ ជា​លោកុត្តរ​ ទេសនាញាណ​ជា​លោកិយ ។​ ក៏​ញាណ​ទាំង​ ២ យ៉ាង​នោះ​ មិន​ទូ​ទៅ​ដល់​សាវក​ដទៃ​ជា​ឱរសញ្ញាណ​ ញាណ​ធ្វើ​ឱ្យ​កើត​ឱរស​ គឺ​សាវក​ សម្រាប់​តែ​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ប៉ុណ្ណោះ ។

បទ​ថា​ សម្មាសម្ពុទ្ធស្ស តេ បដិជានតោ សេចក្ដី​ថា​ ព្រះ​អង្គ​ប្ដេជ្ញា​យ៉ាង​នេះ​ថា​ តថាគត​ជា​អ្នក​ត្រាស់​ដឹង​ដោយ​ខ្លួន​ឯង​ដោយ​ប្រពៃ​ ធម៌​ទាំង​ឡាយ​ទាំង​ពួង​ តថាគត​បាន​ត្រាស់​ដឹង​ហើយ ។​ បទ​ថា​ អនភិសម្ពុទ្ធា​ សេចក្ដី​ថា​ ធម៌​ទាំង​ឡាយ​ ឈ្មោះ​នេះ​ តថាគត​នៅ​មិន​ទាន់​ត្រាស់​ដឹង ។​ បទ​ថា​ តត្រ វត គឺ​ក្នុង​ធម៌​ដែល​លោក​សម្ដែង​ទាំង​ឡាយ​នោះ​យ៉ាង​នេះ​ថា​ អនភិសម្ពុទ្ធា ។ បទ​ថា​ សហធម្មេន បាន​ដល់​ សម្ដី​ប្រកប​ព្រម​ដោយ​ហេតុ​ផល ។​ បុគ្គល​ក្ដី​ ធម៌​ក្ដី​ លោក​ប្រាថ្នា​យក​ក្នុង​ពាក្យ​ថា និមិត្ត ក្នុង​បទ​ថា​ និមិត្តមេតំ នេះ ។​ ក្នុង​ពាក្យ​នេះ​មាន​សេចក្ដី​ថា​ បុគ្គល​ណា​នឹង​ពោល​ទាស់​ជា​មួយ​តថាគត​ តថាគត​នៅ​មិន​ទាន់​ឃើញ​បុគ្គល​នោះ​ បុគ្គល​សម្ដែង​ធម៌​ណា​ហើយ​ នឹង​ពោល​ទាស់​ជា​មួយ​តថាគត​ថា​ ធម៌​ឈ្មោះ​នេះ​ ព្រះ​អង្គ​នៅ​មិន​ទាន់​ត្រាស់​ដឹង ដូច្នេះ​ តថាគត​នៅ​មិន​ទាន់​ឃើញ​ធម៌​នោះ ។​ បទ​ថា​ ខេមប្បត្តោ បាន​ដល់​ ដល់​នូវ​សេចក្ដី​ក្សេម ។​ ពីរ​បទ​ទៀត​ដ៏​សេស​ ក៏​ជា​វេវចន​នៃ​បទ​នេះ​នោះ​ឯង ។​ ពាក្យ​ទាំង​អស់​នោះ​ត្រាស់​សំដៅ​ដល់​វេសារជ្ជញាណ​តែ​ម្យ៉ាង ។​ ព្រោះ​ថា​ ព្រះ​ទសពល​កាល​ទ្រង់​មិន​ឃើញ​បុគ្គល​ដែល​ពោល​ទាស់​ ឬ​ធម៌​ដែល​នៅ​មិន​ទាន់​ត្រាស់​ដឹង​ ដែល​ជា​ហេតុ​ពោល​ទាស់​ថា​ ធម៌​ឈ្មោះ​នេះ​ ព្រះ​អង្គ​នៅ​មិន​ទាន់​ត្រាស់​ដឹង​ ដូច្នេះ ពិចារណា​ឃើញ​ថា​ តថាគត​ត្រាស់​ដឹង​តាម​សេចក្ដី​ពិត​ហើយ​ ទើប​ពោល​ថា​ តថាគត​ជា​ព្រះ​ពុទ្ធ ដូច្នេះ ទើប​កើត​សោមនស្ស​ដ៏​មាន​កម្លាំង​ ញាណ​ដែល​ប្រកប​ដោយ​សោមនស្ស​នោះ​ ឈ្មោះ​ថា​ វេសារជ្ជ ។​ ទ្រង់​សំដៅ​ដល់​វេសារជ្ជញាណ​នោះ​ ទើប​ត្រាស់​ពាក្យ​ជា​ដើម​ថា​ ខេមប្បត្តោ​ ដូច្នេះ ។​ ក្នុង​បទ​គ្រប់​បទ​ គប្បី​ជ្រាប​សេចក្ដី​យ៉ាង​នេះ ។

ក្នុង​បទ​ថា​ អន្តរាយិកា ធម្មា នេះ ឈ្មោះ​ថា​ អន្តរាយិកធម៌ ព្រោះ​ជា​ធម៌​ដែល​ធ្វើ​អន្តរាយ ។ អន្តរាយិកធម៌​ទាំង​ឡាយ​នោះ​ ដោយ​អត្ថ​ក៏​បាន​ដល់​ អាបត្តិ ៧ កង​ ដែល​កន្លង​ល្មើស​ដោយ​ចេតនា ។​ ការ​ពិត​ ទោស​ដែល​កន្លង​ល្មើស​ដោយ​ចេតនា ដោយ​ហោច​ទៅ សូម្បី​តែ​អាបត្តិ​ទុក្កដ​ និង​ទុព្ភាសិត ក៏​រមែង​ធ្វើ​អន្តរាយ​ដល់​មគ្គ​ និង​ផល​បាន ។ តែ​ក្នុង​ទី​នេះ​ ប្រាថ្នា​យក​មេថុនធម្ម​ ព្រោះ​ថា​ កាល​ភិក្ខុ​ណា​មួយ​ សេព​មេថុនធម្ម​ រមែង​ជា​អន្តរាយ​ចំពោះ​មគ្គ​ និង​ផល​ដោយ​ពិត​ ។​ បទ​ថា​ យស្ស​ ខោ បន​ តេ អត្ថាយ សេចក្ដី​ថា​ ដើម្បី​ប្រយោជន៍​ដល់​ធម៌​ណា​ ក្នុង​បណ្ដា​ធម៌​ជា​ទី​អស់​ទៅ​នៃ​រាគៈ​ជា​ដើម ។​ បទ​ថា​ ធម្មោ ទេសិតោ សេចក្ដី​ថា​ អ្នក​ពោល​ធម៌​មាន​អសុភភាវនា​ជា​ដើម ។​ បទ​ថា​ តត្រ វត មំ គឺ​ក្នុង​ធម៌​ដែល​មិន​នាំ​សត្វ​ចេញ​ចាក​ទុក្ខ​នោះ ។​ បទ​ដ៏​សេស​ គប្បី​ជ្រាប​ដោយ​ន័យ​ដែល​ពោល​ទុក​ក្នុង​វិន័យ ។

បទ​ថា​ វាទបថា គឺ​ វាទៈ​ទាំង​ឡាយ​នុ៎ះ​ឯង ។​ បទ​ថា​ បុថុ​ ប្រែ​ថា​ ច្រើន ។​ បទ​ថា​ សិតា គឺ​ដែល​ចង​ជា​បញ្ហា​ឡើង ។​ ម្យ៉ាង​ទៀត​ បទ​ថា​ បុថុស្សិតា បាន​ដល់​ វាទៈ​ដែល​ត្រៀម​ទុក​គឺ​គិត​ទុកច្រើន ។​ ម្យ៉ាង​វិញ​ទៀត​ ឈ្មោះ​ថា​ បុថុស្សិតា​ ព្រោះ​សមណព្រាហ្មណ៍​ជា​ច្រើន​ចង​ទុក ។​ បទ​ថា​ យំ ​និស្សិតា​ សេចក្ដី​ថា​ សូម្បី​ក្នុង​កាល​ឥឡូវ​នេះ​ សមណព្រាហ្មណ៍​អាស្រ័យ​គន្លង​វាទៈ​ណា ។​ បទ​ថា​ ន តេ ភវន្តិ​ សេចក្ដី​ថា​ គន្លងវាទៈ​ទាំង​នោះ​រមែង​មិន​មាន​ គឺ​វិនាស​ទៅ ។​ បទ​ថា​ ធម្មចក្កំ នោះ ជា​ឈ្មោះ​របស់​ទេសនាញាណ​ក៏​មាន​ បដិវេធញាណ​ក៏​មាន ។​ បណ្ដា​ញាណ​ទាំង​ ២ យ៉ាង​នោះ​ ទេសនាញាណ​ជា​លោកិយ បដិវេធញាណ​ជា​លោកុត្តរ ។ បទ​ថា​ កេវលី បាន​ដល់​ ទ្រង់​ដល់​ព្រម​ដោយ​លោកុត្តរ​យ៉ាង​គ្រប់​គ្រាន់ ។​ បទ​ថា​ តាទិស គឺ​ជា​អ្នក​ប្រាកដ​យ៉ាង​នោះ ៕

អានបន្ត...
0 មតិ

សង្ឃសោភណសូត្រ

បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ ប្រការ​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ឆ្លៀវ​ឆ្លាស​ វាង​វៃ​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ឋានៈ​នៃ​បុគ្គល​ ៤​ ពួក​នេះ​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ។​ បុគ្គល​ ៤​ ពួក​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​​នេះ​ ឆ្លៀវ​ឆ្លាស​ វាង​វៃ​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ១​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុនី​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧបាសក​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧបាសិកា​ ឆ្លៀវ​ឆ្លាស​ វាង​វៃ​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ១​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ឆ្លៀវ​ឆ្លាស​ វាង​វៃ​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ ទាំង​ ៤​ ពួក​នេះ​ឯង​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង ។

យោ​  ហោតិ​  ព្យត្តោ​  ច​  វិសារទោ​  ច

ពហុស្សុតោ​  ធម្មធរោ​  ច​  ហោតិ

ធម្មស្ស​  ហោតិ​  អនុធម្មចារី

ស​  តាទិសោ​  វុច្ចតិ​  សង្ឃសោភនោ ។

បុគ្គល​ណា​ ឆ្លៀវ​ឆ្លាស​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ បុគ្គល​ប្រាកដ​ដូច្នោះ​នោះ​ ឈ្មោះ​ថា​ ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ។​

ភិក្ខុ​  ច​  សីលសម្បន្នោ​                  ភិក្ខុនី​  ច​  ពហុស្សុតា

ឧបាសកោ​  ច​  យោ​  សទ្ធោ​          យា​  ច​  សទ្ធា​  ឧបាសិកា

ឯតេ​  ខោ​  សង្ឃំ​  សោភេន្តិ​              ឯតេ​  ហិ​  សង្ឃសោភនោ ។

គឺ​ភិក្ខុ​បរិបូណ៌​ ដោយ​សីល​ ១​ ភិក្ខុនី​មាន​សេចក្ដី​ចេះ​ដឹង​ច្រើន​ ១​ ឧបាសក​មាន​សទ្ធា​ ១​ ឧបាសិកា​មាន​​សទ្ធា​ ១​ បុគ្គល​ទាំង​អម្បាល​នេះ​ឯង​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ព្រោះ​ថា​ បុគ្គល​ទាំង​នេះ​ ជា​អ្នក​ធ្វើ​សង្ឃ​ឱ្យ​រុង​រឿង ។

( បិដក​លេខ​ ៤២​ ទំព័រ​ ១៧-១៩ )

អដ្ឋកថា​សង្ឃសោភណសូត្រ

បទ​ថា​ វិយត្តា​ បាន​ដល់​ បុគ្គល​ដែល​ប្រកប​ដោយ​បញ្ញាវិយត្ត​ ( មាន​បញ្ញា​ឆ្លៀវ​ឆ្លាស ) ។​ បទ​ថា​ វិនីតា​ សេចក្ដី​ថា​ អ្នក​ចូល​ដល់​វិន័យ​ដែល​លោក​ណែ​នាំ​ល្អ ។​ បទ​ថា​ វិសារទា​ សេចក្ដី​ថា​ អ្នក​ប្រកប​ដោយ​សេចក្ដី​ក្លៀវ​ក្លា​ គឺ​ញាណ​សហគត​ដោយ​សោមនស្ស ។​ បទ​ថា​ ធម្មធរា​ គឺ​ ទ្រទ្រង់​ធម៌​ដែល​បាន​ស្ដាប់​មក​ហើយ​ទុក​បាន ។​ បទ​ថា​ ភិក្ខុ​ ច​ សីលសម្បន្នោ​ សេចក្ដី​ថា​ ក្នុង​គាថា​ត្រាស់​គុណ​តែ​ម្យ៉ាង​ៗ​ ក្នុង​បុគ្គល​នីមួយៗ​ ក៏​ពិត​មែន​ តែ​ថា​ គុណធម៌​ទាំង​ពួង​ ក៏​រមែង​គួរ​ដល់​លោក​ទាំង​អស់​នោះ ។

អានបន្ត...
0 មតិ

អប្បសុតសូត្រ

ពោល​អំពី​បុគ្គល​ចេះ​ដឹង​ ៤ ពួក ( ពាហុសច្ចៈ )

អានបន្ត...
0 មតិ

អនុសោតសូត្រ

ពោល​អំពី​បុគ្គល​ ៤​ ពួក​ ប្រាកដ​ក្នុង​លោក

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ ៤​ ពួក​នេះ​ រមែង​មាន​នៅ​ក្នុង​លោក ។​ បុគ្គល​ ៤​ ពួក​ តើ​ដូច​ម្ដេច​ខ្លះ?​ គឺ​បុគ្គល​មាន​ដំណើរ​ទៅ​បណ្ដោយ​តាម​ខ្សែ​ទឹក​ ១​ បុគ្គល​មាន​ដំណើរ​ទៅ​ច្រាស​ខ្សែ​ទឹក​ ១​ បុគ្គល​មាន​សភាព​ជា​អ្នក​ឈរ​នៅ​ ១​ បុគ្គល​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​នាយ​ហើយ​ ជា​ព្រាហ្មណ៍​ឋិត​នៅ​លើ​
គោក​ ១ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​បុគ្គល​មាន​ដំណើរ​ទៅ​បណ្ដោយ​តាម​ខ្សែ​ទឹក​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ តែង​សេព​កាម​ទាំង​ឡាយ​ផង​ តែង​ធ្វើ​អំពើ​អាក្រក់​ផង ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ បុគ្គល​មាន​ដំណើរ​ទៅ​បណ្ដោយ​តាម​ខ្សែ​ទឹក ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មាន​ដំណើរ​ទៅ​ច្រាស​ខ្សែ​ទឹក​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ មិន​សេព​កាម​ទាំង​ឡាយ​ផង​ មិន​ធ្វើ​អំពើ​អាក្រក់​ផង​ តែ​ជា​អ្នក​ប្រកប​ដោយ​ទុក្ខ​ និង​ទោមនស្ស​ មាន​មុខ​ទទឹក​ដោយ​ទឹក​ភ្នែក​ ទួញ​យំ​ ខំ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ ឱ្យ​បរិបូណ៌​ បរិសុទ្ធ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា បុគ្គល​មាន​ដំណើរ​ទៅ​ច្រាស​ខ្សែ​ទឹក ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​បុគ្គល​មាន​សភាព​ជា​អ្នក​ឈរ​នៅ​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ជា​ឱបបាតិកៈ​ បរិនិព្វាន​ក្នុង​លោក​នោះ​ មាន​ការ​មិន​បាន​ត្រឡប់​ចាក​លោក​នោះ​ជា​ធម្មតា​ ព្រោះ​អស់​ទៅ​នៃ​ឱរម្ភាគិយសញ្ញោជនៈ​ទាំង​ ៥ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ បុគ្គល​មាន​សភាព​ជា​អ្នក​ឋិត​នៅ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​បុគ្គល​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​នាយ​ ជា​ព្រាហ្មណ៍​ឋិត​នៅ​លើ​គោក​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ បាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​ចេតោវិមុត្តិ​ និង​ បញ្ញាវិមុត្តិ​ ដែល​មិន​មាន​អាសវៈ​ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួន​ឯង​ហើយ​ សម្រេច​សម្រាន្ត​នៅ​ ក្នុង​បច្ចុប្បន្ន​នេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ បុគ្គល​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​នាយ​ហើយ​ ជា​ព្រាហ្មណ៍​ឋិត​នៅ​លើ​គោក ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ ៤​ ពួក​នេះ​ឯង​ រមែង​មាន​នៅ​ក្នុង​លោក ។

យេ​  កេចិ​  កាមេសុ​  អសញ្ញតា​  ជនា

អវីតរាគា​  ឥធ​  កាមភោគិនោ

បុនប្បុនំ​  ជាតិជរូបគា​  ហិ​  តេ

តណ្ហាធិបន្នា​  អនុសោតគាមិនោ ។

ជន​ទាំង​ឡាយ​ណា​នី​មួយ​ មិន​សង្រួម​ ក្នុង​កាម​ទាំង​ឡាយ​ មិន​បាន​ប្រាស​ចាក​រាគៈ​ ជា​អ្នក​បរិភោគ​កាម​ក្នុង​លោក​នេះ​ ជន​ទាំង​នោះ​ឯង​ តែង​ចូល​ទៅ​កាន់​ជាតិ​ និង​ ជរា​ជា​រឿយៗ​ ត្រូវ​តណ្ហា​គ្រប​សង្កត់​ ឈ្មោះ​ថា​ ជា​អ្នក​មាន​ដំណើរ​ទៅ​បណ្ដោយ​តាម​ខ្សែ​ទឹក ។

តស្មា​  ហិ​  ធីរោ​  ឥធុបដ្ឋិតាសតំ

កាមេ​  ច​  បាបេ​  ច​  អសេវមានោ

សហាបិ​  ទុក្ខេន​  ជហេយ្យ​  កាមេ​

បដិស្សោតគាមីតិ​  តមាហុ​  បុគ្គលំ ។

ព្រោះ​ហេតុ​នោះ​ បុគ្គល​មាន​ប្រាជ្ញា​ក្នុង​លោក​នេះ​ ជា​អ្នក​មាន​សតិ​តម្កល់​ខ្ជាប់​ មិន​សេព​កាម​ទាំង​ឡាយ​ផង​ មិន​ធ្វើ​នូវ​អំពើ​អាក្រក់​ទាំង​ឡាយ​ផង​ តែ​ជា​អ្នក​ប្រកប​ដោយ​ទុក្ខ​ លះ​បង់​កាម​ ទើប​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ហៅ​បុគ្គល​នោះ​ថា​ ជា​អ្នក​មាន​ដំណើរ​ទៅ​ច្រាស​ខ្សែ​ទឹក ។

យោ​  វេ​  កិលេសានិ​  បហាយ​  បញ្ច

បរិបុណ្ណសេក្ខោ​  អបរិហានធម្មោ

ចេតោវសិប្បត្តោ​  សមាហិតិន្ទ្រិយោ

ស​  វេ​  ឋិតត្តោតិ​  នរោ​  បវុច្ចតិ ។

ជន​ណា​ លះ​បង់​នូវ​កិលេស​ទាំង​ ៥​ មាន​ការ​សិក្សា​បរិបូណ៌​ហើយ​ មាន​សភាព​មិន​បាន​សាប​សូន្យ​ ជា​អ្នក​ដល់​នូវ​ការ​ស្ទាត់​ជំនាញ​ដោយ​ចិត្ត​ មាន​ឥន្ទ្រិយ​តម្កល់​មាំ​ ជន​នោះ​ឯង​ ហៅ​ថា​ មាន​សភាព​ជា​អ្នក​ឋិត​នៅ ។

បរោបរា​  យស្ស​  សមេច្ច​  ធម្មា

វិធូបិតា​  អត្ថគតា​  ន​  សន្តិ

ស​  វេទគូ​  វុសិតព្រហ្មចរិយោ

លោកន្តគូ​  បារគតោតិ​  វុច្ចតិ ។

ធម៌​ទាំង​ឡាយ​ ដ៏​ឧត្តម​ និង​ លាមក​ ដែល​ខ្លួន​បាន​ត្រាស់​ដឹង​ហើយ​ បាន​កម្ចាត់​ចោល​ហើយ​ ដល់​នូវ​សេចក្ដី​វិនាស​ទៅ​ មិន​មាន​ ដល់​បុគ្គល​ណា​ បុគ្គល​នោះ​ហៅ​ថា​ អ្នក​ចេះ​ចប់​នូវ​ត្រៃវេទ​ មាន​មគ្គព្រហ្មចរិយៈ​ នៅ​ស្រេច​ហើយ​ ដល់​នូវ​ទី​បំផុត​នៃ​ត្រៃលោក​ ដល់​នូវ​ត្រើយ​ហើយ ។

( បិដក​លេខ​ ៤២ ទំព័រ​ ១១-១៣ )

អដ្ឋកថាអនុសោតសូត្រ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​អនុសោតសូត្រ​ទី​ ៥​ ដូច​តទៅ​នេះ៖

បុគ្គល​ឈ្មោះ​ថា​ អនុសោតគាមី​ ព្រោះបណ្ដោយ​ទៅ​តាម​ខ្សែ​ទឹក ។​ ឈ្មោះ​ថា​ បដិសោតគាមី​ ព្រោះ​ច្រាស​ខ្សែ​ទឹក​ ពោល​គឺ​កិលេស​ ដោយ​ការ​បដិបត្តិ​ដែល​ជា​សឹក​សត្រូវ ។​ បទ​ថា​ ឋិតត្តោ​ គឺ​មាន​ភាវៈ​ជា​អ្នក​ឋិត​នៅ ។​ បទ​ថា​ តិណ្ណោ​ បាន​ដល់​ ឆ្លង​ឱឃៈ​តាំង​នៅ​ហើយ ។​ បទ​ថា​ បារគតោ​ បាន​ដល់​ ​ដល់​នូវ​ត្រើយ​នាយ ។​ បទ​ថា​ ថលេ​ តិដ្ឋតិ​ បាន​ដល់​ ឋិត​នៅ​លើ​គោក​ គឺ​ព្រះ​និព្វាន​ ។​ បទ​ថា​ ព្រាហ្មណោ​ បាន​ដល់​ ជា​អ្នក​ប្រសើរ​ មិន​មាន​ទោស ។​ បទ​ថា​ ឥធ​ ប្រែ​ថា​ ក្នុង​លោក​នេះ ។​ បទ​ថា​ កាមេ​ ច​ បដិសេវតិ​ បាន​ដល់​ សេព​វត្ថុកាម​ដោយ​កិលេសកាម ។​ បទ​ថា​ បាបញ្ច​ កម្មំ​ ករោតិ​ បាន​ដល់​ រមែង​ធ្វើ​កម្ម​ដ៏​អាក្រក់​ មាន​បាណាតិបាត​ជា​ដើម​ ។​ បទ​ថា​ បាបញ្ច​ កម្មំ​ ន​ ករោតិ​ បាន​ដល់​ មិន​ធ្វើ​អំពើ​បញ្ចវេរា ។​ បទ​ថា​ អយំ​ វុច្ចតិ​ ភិក្ខវេ​ ឋិតត្តោ​ សេចក្ដី​ថា​ អនាគាមិបុគ្គល​នេះ​ ឈ្មោះ​ថា​ ឋិត​នៅ​ហើយ​ ដោយ​អំណាច​ការ​មិន​ត្រឡប់​មក​ចាក​លោក​នោះ​ ដោយ​ចាប់​បដិសន្ធិ​ទៀត ។

បទ​ថា​ តណ្ហាធិបន្នា​ សេចក្ដី​ថា​ ពួក​ជន​ដែល​ត្រូវ​តណ្ហា​គ្រប​សង្កត់​ គឺ​គ្រប​សង្កត់​ទុក​ ឬ​ចូល​ដល់​ គឺ​ឈាន​ចុះ​កាន់​តណ្ហា ។​ បទ​ថា​ បរិបុណ្ណសេក្ខោ​ បាន​ដល់​ តាំង​នៅ​ក្នុង​សេចក្ដី​បរិបូណ៌​ដោយ​សិក្ខា ។​ បទ​ថា​ អបរិហានធម្មោ​ បាន​ដល់​ មាន​សភាព​មិន​សាប​សូន្យ ។​ បទ​ថា​ ចេតោវសិប្បត្តោ​ បាន​ដល់​ ជា​អ្នក​ជំនាញ​ខាង​ផ្លូវ​ចិត្ត ។​ បុគ្គល​មាន​សភាព​បែប​នេះ​ រមែង​ជា​ព្រះ​ខីណាស្រប ។​ តែ​ក្នុង​ទី​នេះ​ ត្រាស់​ចំពោះ​តែ​អនាគាមិបុគ្គល ។​ បទ​ថា​ សមាហិតិន្ទ្រិយោ​ បាន​ដល់​ អ្នក​មាន​ឥន្ទ្រិយ​តម្កល់​មាំហើយ​ ។​ បទ​ថា​ បរោបរា​ បាន​ដល់​ ធម៌​ខ្ពស់​ និង​ថោក​ទាប​ អធិប្បាយ​ថា​ កុសលធម៌​ និង​ អកុសលធម៌ ។​ បទ​ថា​ សមេច្ច​ បាន​ដល់​ មក​ព្រម​គ្នា​ដោយ​ញាណ ។​ បទ​ថា​ វិធូបិតា​ បាន​ដល់​ ដែល​លោក​កម្ចាត់​ ឬ​ដុត​ហើយ ។​ បទ​ថា​ វុសិតព្រហ្មចរិយោ​ សេចក្ដី​ថា​ មាន​មគ្គព្រហ្មចរិយៈ​ នៅ​ស្រេច​ហើយ​ ។​ បទ​ថា​ លោកន្តគូ​ សេចក្ដី​ថា​ ដល់​ទី​បំផុត​នៃ​លោក​ទាំង​ ៣ ។​ បទ​ថា​ បារគតោ​ សេចក្ដី​ថា​ ដល់​នូវ​ត្រើយ​ដោយ​អាការ​ ៦ [ អភិញ្ញាបារគូ, បរិញ្ញាបារគូ, ភាវនាបារគូ, បហានបារគូ, សច្ឆិកិរិយាបារគូ, សមាបត្តិបារគូ ] ។​ ក្នុង​ទី​នេះ​ ត្រាស់​តែ​ព្រះ​ខីណាស្រព​ប៉ុណ្ណោះ​ តែ​វដ្ដៈ​ និង​ វិវដ្ដៈ​ ( លោកិយ​ និង​ លោកុត្តរ )​ ត្រាស់​ទុក​ទាំង​ក្នុង​ព្រះ​សូត្រ​ ទាំង​ក្នុង​គាថា​ ដោយ​ប្រការ​ដូច្នេះ ។​

អានបន្ត...
0 មតិ

ទុតិយខតសូត្រ

ពោល​អំពី​ពាល​ និង​ បណ្ឌិត

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ កាល​ប្រតិបត្តិ​ខុស​ក្នុង​បុគ្គល​ ៤​ ពួក​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ បាន​នូវ​បាប​ដ៏​ច្រើន​ផង ។​ បុគ្គល​ ៤​ ពួក​ តើ​ដូច​ម្ដេច​ខ្លះ?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​មិន​​ឈ្លាស​វៃ​ ជា​អសប្បុរស​ កាល​បើ​ប្រតិបត្តិ​ខុស​ក្នុង​មាតា​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​បាប​ដ៏​ច្រើន​ផង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​បុគ្គល​ពាល​ ប្រតិបត្តិ​ខុស​ក្នុង​បិតា​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ប្រតិបត្តិ​ខុស​ក្នុង​ព្រះ​តថាគត​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​មិន​​ឈ្លាស​វៃ​ ជា​អសប្បុរស​ កាល​បើ​ប្រតិបត្តិ​ខុស​ក្នុង​សាវក​របស់​ព្រះ​តថាគត​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​បាប​ដ៏​ច្រើន​ផង​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​មិន​​ឈ្លាស​វៃ​ ជា​អសប្បុរស​ កាល​បើ​ប្រតិបត្តិ​ខុស​ក្នុង​បុគ្គល​ ៤​ ពួក​នេះ​ឯង​​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​បាប​ដ៏​ច្រើន​ផង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ជា​បណ្ឌិត​ឈ្លាស​វៃ​ ជា​សប្បុរស​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​បុគ្គល​ ៤​ ពួក​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង ។​ បុគ្គល​ ៤​ ពួក តើ​ដូច​ម្ដេច​ខ្លះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ គឺ​បុគ្គល​ ជា​បណ្ឌិត​ឈ្លាស​វៃ​ ជា​សប្បុរស​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​មាតា​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​បិតា​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​ព្រះ​តថាគត​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ គឺ​បុគ្គល​ ជា​បណ្ឌិត​ឈ្លាស​វៃ​ ជា​សប្បុរស​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​សាវក​នៃ​ព្រះ​តថាគត​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ គឺ​បុគ្គល​ ជា​បណ្ឌិត​ឈ្លាស​វៃ​ ជា​សប្បុរស​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​បុគ្គល​ ៤​ ពួក​នេះ​ឯង​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​ ។

មាតរិ​  បិតរិ​  ចាបិ​                        យោ​  មិច្ឆាបដិបជ្ជតិ

តថាគតេ​  ច​  សម្ពុទ្ធេ​                   អថវា​  តស្ស​  សាវកេ

ពហុញ្ច​  សោ​  បសវតិ​                 អបុញ្ញំ​  តាទិសោ​  នរោ ។

ជន​ណា​ប្រតិបត្តិ​ខុស​ក្នុង​មាតា​ ១​ ក្នុង​បិតា​ ១​ ក្នុង​ព្រះ​តថាគត​ជា​សម្ពុទ្ធ​ ១​ ក្នុង​សាវក​របស់​ព្រះ​តថាគត​នោះ​ ១​ ជន​ដូច្នោះ​នោះ​ រមែង​បាន​នូវ​បាប​ដ៏​ច្រើន​ ។​

តាយ​  អធម្មចរិយាយ​                 មាតាបិតូសុ​  បណ្ឌិតា

ឥធេវ​  នំ​  គរហន្តិ​                          បេច្ចាបាយញ្ច​  គច្ឆតិ ។

ក្នុង​លោក​នេះ​ បណ្ឌិត​ទាំង​ឡាយ​ រមែង​តិះ​ដៀល​បុគ្គល​នោះ​ លុះ​បុគ្គល​នោះ​ទៅ​កាន់​លោក​ខាង​មុខ​ហើយ​ រមែង​ទៅ​កាន់​អបាយ​ទៀត​ ព្រោះ​ការ​ប្រព្រឹត្ត​មិន​ត្រូវ​តាម​ធម៌​នោះ​ ក្នុង​មាតា​ និង​ បិតា​ទាំង​ឡាយ ។

មាតរិ​  បិតរិ​  ចាបិ​                         យោ​  សម្មាបដិបជ្ជតិ

តថាគតេ​  ច​  សម្ពុទ្ធេ                    អថវា​  តស្ស​  សាវកេ

ពហុញ្ច​  សោ​  បសវតិ​                  អបុញ្ញំបិ​  តាទិសោ​  នរោ ។

ជន​ណា​ប្រតិបត្តិ​ត្រូវក្នុង​មាតា​ ១​ ក្នុង​បិតា​ ១​ ក្នុង​ព្រះ​តថាគត​ជា​សម្ពុទ្ធ​ ១​ ក្នុង​សាវក​របស់​ព្រះ​តថាគត​នោះ​ ១​ ជន​ដូច្នោះ​នោះ​ រមែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ ។

តាយ​  ធម្មចរិយាយ​                     មាតាបិតូសុ​  បណ្ឌិតា

ឥធេវ​  នំ​  បសំសន្តិ​                       បេច្ច​  សគ្គេ​  បមោទតិ ។

បណ្ឌិត​ទាំង​ឡាយ​ រមែង​សរសើរ​ជន​នោះ​ លុះ​ជន​នោះ​ទៅ​កាន់​លោក​ខាង​មុខ​ហើយ​ រមែង​រីក​រាយ​ក្នុង​ស្ថាន​សួគ៌​ ព្រោះ​ការ​ប្រព្រឹត្ត​ត្រូវ​តាម​ធម៌​នោះ​ ចំពោះ​មាតា​ និង​ បិតា​ទាំង​ឡាយ ។

( បិដក​លេខ​ ៤២​ ទំព័រ​ ៨-១១ )

អដ្ឋកថាទុតិយខតសូត្រ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​ទុតិយខតសូត្រ​ទី​ ៤​ ដូច​តទៅ​នេះ៖

ក្នុង​បទ​ថា​ មាតរិ​ បិតរិ​ ច​ ជា​ដើម​ នាយ​មិត្តវិន្ទុកៈ​ ឈ្មោះ​ថា​ បដិបត្តិ​ខុស​ក្នុង​មាតា ។​ ព្រះ​បាទ​អជាតសត្តុ​ ឈ្មោះ​ថា​ បដិបត្តិ​ខុស​ក្នុង​បិតា ។​ ភិក្ខុ​ទេវទត្ត​ ឈ្មោះ​ថា​ បដិបត្តិ​ខុស​ក្នុង​ព្រះ​តថាគត ។​ ភិក្ខុ​កោកាលិកៈ​ ឈ្មោះ​ថា​ បដិបត្តិ​ខុស​ក្នុង​សាវក​របស់​ព្រះ​តថាគត ។​ បទ​ថា​ ពហុញ្ច​ ប្រែ​ថា​ ច្រើន ។​ បទ​ថា​ បសវតិ​ ប្រែ​ថា​ រមែង​បាន ។​ បទ​ថា​ តាយ​ សេចក្ដី​ថា​ ដោយ​ការ​ប្រព្រឹត្ត​ធម៌​ ពោល​គឺ​ការ​បដិបត្តិ​ខុស​នោះ ។​ បទ​ថា​ បេច្ច​ គឺ​ទៅ​អំពី​លោក​នេះ ។​ បទ​ថា​ អបាយញ្ច​ គច្ឆតិ​ គឺ​នឹង​កើត​ក្នុង​អបាយ​មាន​នរក​ជា​ដើម​ណា​មួយ​ ។

ចំណែក​ក្នុង​សុក្កបក្ខ​ ( ធម៌​មាន​ចំណែក​ ស )​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។

អានបន្ត...
0 មតិ

បឋមខតសូត្រ

ពោល​ដោយ​ធម៌​ ៤​ ប្រការ​ របស់​ជន​ពាល​ និង​ បណ្ឌិត

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​ រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ បាន​នូវ​បាប​ដ៏​ច្រើន​ផង​ ។​ ធម៌​ ៤​ យ៉ាង​ តើ​ដូច​ម្ដេច​ខ្លះ?​ គឺ​បុគ្គល​នោះ​ មិន​បាន​ពិចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​ពោល​សរសើរ​ បុគ្គល​ដែល​គួរ​តិះ​ដៀល​ ១​ មិន​បាន​ពិចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​កើត​សេចក្ដី​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​មិន​គួរ​ជ្រះ​ថ្លា​ ១​ មិន​បាន​ពិចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​កើត​សេចក្ដី​មិន​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​គួរ​ជ្រះ​ថ្លា​ ១ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ប្រកប​ដោយ​ធម៌​ទាំង​ ៤​ យ៉ាង​នេះ​ឯង​ រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ រមែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ជា​បណ្ឌិត​ ឈ្លាស​វៃ​ ជា​សប្បុរស​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​ រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង ។ ធម៌​ ៤​ តើ​ដូច​ម្ដេច​ខ្លះ?​ គឺ​បុគ្គល​នោះ​ ពិចារណា​ ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​ពោល​តិះ​ដៀល​បុគ្គល​ដែល​គួរ​តិះ​ដៀល​ ១​ ពិចារណា​ ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​ពោល​សរសើរ​បុគ្គល​ដែល​គួរ​សរសើរ​ ១​ ពិចារណា​ ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​កើត​សេចក្ដី​មិន​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​មិន​គួរ​ជ្រះ​ថ្លា​ ១​ ពិចារណា​ ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​កើត​សេចក្ដី​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​គួរ​ជ្រះ​ថ្លា ១ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ជា​បណ្ឌិត​ ឈ្លាស​វៃ​ ជា​សប្បុរស​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​នេះ​ឯង​ រមែង​រក្សា​ខ្លួន​ដេល​ខ្លួន​មិន​បាន​​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង ។

យោ​  និន្ទិយំ​  បសំសតិ

តំ​  វា​  និន្ទតិ​  យោ​  បសំសិយោ

វិចិនាតិ​  មុខេន​  សោ​  កលឹ

កលិនា​  តេន​  សុខំ​  ន​  វិន្ទតិ ។

អប្បមត្តោ​  អយំ​  កលិឮ

យោ​  អក្ខេសុ​  ធនបរាជយោ​

សព្វស្សាបិ​  សហាបិ​  អត្តនា

អយមេវ​  មហត្តរោ​  កលិ

យោ​  សុគតេសុ​  មនំ​  បទោសយេ

សតំ​  សហស្សានំ​  និរព្វុទានំ

ឆត្តឹសតិ​  បញ្ច​  ច​  អព្វុទានំ

យមរិយំ​  គរហីយំ​  និរយំ​  ឧបេតិ

វាចំ​  មនញ្ច​  បណិធាយ​  បាបកំ ។

បុគ្គល​ណា​សរសើរ​បុគ្គល​ ដែល​គួរ​តិះ​ដៀល​ក្ដី​ តិះ​ដៀល​បុគ្គល​ ដែល​គួរ​សរសើរ​ក្ដី​ បុគ្គល​នោះ​ឈ្មោះ​ថា​ ជ្រើស​រើស​យក​កំហុស​ ដោយ​មាត់​ពាក្យ​ រមែង​មិន​បាន​សេចក្ដី​សុខ​ ព្រោះ​កំហុស​នោះ​ឡើយ ។​ ការ​ចាញ់​ដោយ​ទ្រព្យ​ណា​ ព្រម​ទាំង​ទ្រព្យ​របស់​ខ្លួន​ក្ដី​ ទាំង​ខ្លួន​ក្ដី​ ព្រោះ​ល្បែង​ភ្នាល់​ ការ​ចាញ់​ដោយ​ទ្រព្យ​នេះ​ ជា​កំហុស​ មាន​ប្រមាណ​តិច​ទេ​ បុគ្គល​ណា​ញ៉ាំង​ចិត្ត​ឱ្យ​ប្រទូស្ដ​ ក្នុង​ពួក​បុគ្គល​ដែល​ស្រុះ​ស្រួល​មូល​មិត្រ​គ្នា​ កំហុស​របស់​បុគ្គល​នោះ​ឯង​ ទើប​ធំ​ជាង​ បុគ្គល​ដែល​តម្កល់​វាចា​ និង​ ចិត្ត​ដ៏​លាមក​ តិះ​ដៀល​ព្រះ​អរិយៈ​រមែង​ទៅ​កើត​ក្នុង​នរក​អស់​ ១​ សែន​កប្ប​ និង​ ៣៦​ និរព្វុទៈ​ផង​ និង​ ៥​ អព្វុទៈ​ផង ។

( បិដក​លេខ​ ៤២​ ទំព័រ​ ៥-៧ )

អដ្ឋកថា​បឋមខតសូត្រ

បទ​ថា​ និន្ទិយំ​ បាន​ដល់​ អ្នក​ដែល​គួរ​តិះ​ដៀល ។​ បទ​ថា​ និន្ទតិ​ បាន​ដល់​ រមែង​តិះ​ដៀល ។​ បទ​ថា​ បសំសិយោ​ បាន​ដល់​ អ្នក​ដែល​គួរ​សរសើរ ។​ បទ​ថា​ វិចិនាតិ​ មុខេន​ សោ​ កលឹ​ សេចក្ដី​ថា​ បុគ្គល​នោះ​ប្រព្រឹត្ត​យ៉ាង​នេះ​ហើយ​ ឈ្មោះ​ថា​ ជ្រើស​រើស​យក​កំហុស​ដោយ​មាត់​នោះ ។​ បទ​ថា​ កលិនា​ តេន​ សុខំ​ ន​ វិន្ទតិ​ សេចក្ដី​ថា​ គេ​រមែង​មិន​បាន​សេចក្ដី​សុខ​ព្រោះ​កំហុស​នោះ ។​ បទ​ថា​ សព្វស្សាបិ​ សហាបិ​ អត្តនា​ សេចក្ដី​ថា​ ការ​ចាញ់​ល្បែង​ភ្នាល់​ អស់​ទាំង​ទ្រព្យ​របស់​ខ្លួន​ក្ដី​ ទាំង​ខ្លួន​ក្ដី​ ឈ្មោះ​ថា​ ជា​កំហុស​មាន​ប្រមាណ​តិច​ទេ ។​ បទ​ថា​ យោ​ សុគតេសុ​ សេចក្ដី​ថា​ ចំណែក​បុគ្គល​ណា​ញ៉ាំង​ចិត្ត​ឱ្យ​ប្រទូស្ដ​ក្នុង​បុគ្គល​ទាំង​ឡាយ​ ដែល​បដិបត្តិ​ដោយ​ប្រពៃ​ហើយ​ ចិត្ត​គិត​ប្រទូសរ៉ាយ​របស់​បុគ្គល​នោះ​ឯង​ ជា​កំហុស​មាន​ប្រមាណ​ធំ​ជាង ។​ ឥឡូវ​នេះ​ កាល​ទ្រង់​សម្ដែង​អំពី​គំនិត​ប្រទូស​រ៉ាយ​នោះ​មាន​ទោស​ច្រើន​ជាង​ ទើប​ត្រាស់​ព្រះ​តម្រាស់​ថា​ សតំ​ សហស្សានំ​ ជា​ដើម​ ។​ បណ្ដា​បទ​ទាំង​នោះ​ បទ​ថា​ សតំ​ សហស្សានំ​ បាន​ដល់​ ១​ សែន​ ដោយ​ការ​រាប់​តាម​និរព្វុទៈ ។​ បទ​ថា​ ឆត្តឹសតិ​ បាន​ដល់​ ៣៦​ និរព្វុទៈ​ ។​ បទ​ថា​ បញ្ច​ ច​ គឺ​ ៥​ អព្វុទៈ​ដោយ​ការ​រាប់​តាម​អព្វុទៈ​ ។​ បទ​ថា​ យមរិយំ​ គរហិ​ សេចក្ដី​ថា​ បុគ្គល​កាល​តិះ​ដៀល​ព្រះ​អរិយៈ​ទាំង​ឡាយ​ រមែង​កើត​ក្នុង​នរក​ណា​ ក្នុង​នរក​នោះ​ មាន​អាយុ​ប្រមាណ​ប៉ុណ្ណេះ ។

អានបន្ត...
0 មតិ

បបតិតសូត្រ

ពោល​អំពី​បុគ្គល​ដែល​ឃ្លាត​ចាក​ធម៌​វិន័យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ ។​ ធម៌​ ៤​ យ៉ាង​ តើ​ដូច​​ម្ដេច​ខ្លះ?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​អរិយសីល​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​អរិយសមាធិ​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​អរិយបញ្ញា​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​អរិយវិមុត្តិ​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ។​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​នេះ​ឯង​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​ ទើប​តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ ។​ ធម៌​ ៤​ យ៉ាង​ តើ​ដូច​ម្ដេច​ខ្លះ?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​អរិយសីល​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​អរិយសមាធិ​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​អរិយបញ្ញា​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​អរិយវិមុត្តិ​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​នេះ​ឯង​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ ។

និគមគាថា

ចុតា​  បតន្តិ​  បតិតា​                       គិទ្ធា​  ច​  បុនរាគតា

កតកិច្ចំ​  រតំ​  រម្មំ​                           សុខេនាន្វាគតំ​  សុខំ  ។

បុគ្គល​ដែល​ឃ្លាត​ចាក​ ( ធម្មវិន័យ )​ រមែង​ធ្លាក់​ចុះ​ បុគ្គល​ដែល​ធ្លាក់​ចុះ​ ជា​អ្នក​ជាប់​ជំពាក់​ដោយ​រាគៈ​ រមែង​មក​ ( កាន់​ជាតិ​ ជរា​ ព្យាធិ​ មរណៈ )​ ម្ដង​ទៀត​ ( បើ )​ កិច្ច​ ( ដោយ​មគ្គ​ទាំង​ ៤​ )​ បុគ្គល​នោះ​បាន​ធ្វើ​ស្រេច​ហើយ​ បាន​ត្រេក​អរ​ហើយ​ ក្នុង​គុណជាត​ដែល​បុគ្គល​គប្បី​ត្រេក​អរ​ សេចក្ដី​សុខ​បាន​មក​ ដោយ​សេចក្ដី​សុខ​ (​ រមែង​មាន​ដល់​បុគ្គល​នោះ ) ។

( បិដក​លេខ​ ៤២​ ទំព័រ​ ៣-៥ )

អដ្ឋកថា​បបតិតសូត្រ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​បបតិតសូត្រ​ទី​ ២​ ដូច​តទៅ​នេះ៖

បទ​ថា​ បបតិតោ​ បាន​ដល់​ ជា​អ្នក​ឃ្លាត​ចាក ។​ បទ​ថា​ អប្បបតិតោ​ បាន​ដល់​ ជា​អ្នក​មិន​ឃ្លាត​ចាក​ គឺ​តាំង​នៅ​ហើយ​ ។​ បណ្ដា​បុគ្គល​ទាំង​នោះ​ លោកិយមហាជន​ ឈ្មោះ​ថា​ ធ្លាក់​ចុះ​ទាំង​អស់​ ។​ ព្រះ​អរិយបុគ្គល​មាន​ព្រះសោតាបន្ន​ជា​ដើម​ ឈ្មោះ​ថា​ ធ្លាក់​ចុះ​ក្នុង​ខណៈ​ដែល​កិលេស​កើត​ឡើង ។​ ព្រះ​ខីណាស្រព​ ឈ្មោះ​ថា​ តាំង​នៅ​ហើយ​តែ​ម្យ៉ាង ។​ បទ​ថា​ ចុតា​ បតន្តិ​ សេចក្ដី​ថា​ ជនទាំង​ឡាយ​ណា​ ឃ្លាត​ចាក​ ជន​ទាំង​ឡាយ​នោះ​ ឈ្មោះ​ថា​ ធ្លាក់​ចុះ ។​ បទ​ថា​ បតិតា​ សេចក្ដី​ថា​ ជន​ទាំង​ឡាយ​ណា​ ធ្លាក់​ចុះ​ ជន​ទាំង​ឡាយ​នោះ​ ឈ្មោះ​ថា​ ឃ្លាត​ចាក ។​ អធិប្បាយ​ថា​ ឈ្មោះ​ថា​ ធ្លាក់​ចុះ​ ព្រោះ​ឃ្លាត​ចាក​ ឈ្មោះ​ថា​ ឃ្លាត​ចាក​ ព្រោះ​ធ្លាក់​ចុះ ដូច្នេះ ។​ បទ​ថា​ គិទ្ធា​ បាន​ដល់​ បុគ្គល​ដែល​ជាប់​ជំពាក់​ព្រោះ​រាគៈ ។​ បទ​ថា​ បុនរាគតា​ សេចក្ដី​ថា​ រមែង​ឈ្មោះ​ថា​ ជា​អ្នក​មក​កាន់​ជាតិ​ ជរា​ ព្យាធិ​ មរណៈ​ម្ដង​ទៀត ។​ បទ​ថា​ កតកិច្ចំ​ សេចក្ដី​ថា​ ធ្វើ​កិច្ច​ដែល​គួរ​ធ្វើ​ដោយ​មគ្គ​ ៤ ។​ បទ​ថា​ រតំ​ រម្មំ​ សេចក្ដី​ថា​ ត្រេក​អរ​ហើយ​ក្នុង​គុណជាត​ដែល​គួរ​ត្រេក​អរ ។​ បទ​ថា​ សុខេនាន្វាគតំ​ សុខំ​ សេចក្ដី​ថា​ សុខ​មក​តាម​ គឺ​សេចក្ដី​សុខ​បាន​ដល់​ព្រម​ហើយ​ ដោយ​សេចក្ដី​សុខ​ គឺ​ថា​សេចក្ដី​សុខ​ជា​ទិព្វ​ សម្រេច​មក​ដោយ​សេចក្ដី​សុខ​ជា​របស់​មនុស្ស​ សេចក្ដី​សុខ​របស់​វិបស្សនា​ សម្រេច​មក​ដោយ​សេចក្ដី​សុខ​របស់​ឈាន​ សេចក្ដី​សុខ​របស់​មគ្គ​សម្រេច​មក​ដោយ​សេចក្ដី​សុខ​របស់​វិបស្សនា​ សេចក្ដី​សុខ​របស់​ផល​ សម្រេចមក​ដោយ​សេចក្ដី​សុខ​របស់​មគ្គ​ សេចក្ដី​សុខ​របស់​ព្រះ​និព្វាន​ សម្រេច​មក​ដោយ​សេចក្ដី​សុខ​របស់​ផល ។

អានបន្ត...
0 មតិ

អនុពុទ្ធសូត្រ

ពោល​អំពី​អរិយធម៌​ ៤

 

សុត្តន្តបិដក​

អង្គុត្តរនិកាយ​  ចតុក្កនិបាត

តតិយភាគ

បឋមបណ្ណាសក

ភណ្ឌគ្គាមវគ្គ

អនុពុទ្ធសូត្រ

ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ ។​

សម័យ​មួយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ភណ្ឌគ្រាម​ ក្នុង​ដែន​វជ្ជី​ ។​ ក្នុង​ទី​នោះ​ឯង​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយ​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។​ ភិក្ខុ​ទាំង​នោះ​ទទួល​ស្ដាប់​ព្រះ​ពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ព្រះ​ករុណា​ព្រះ​អង្គ ។​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ដែល​តថាគត​ក្ដី​ អ្នក​ទាំង​ឡាយ​ក្ដី​ អន្ទោល​ទៅ​ ត្រាច់​រង្គាត់​ទៅ​ អស់​កាល​ដ៏​វែង​យ៉ាង​នេះ​ ព្រោះ​មិន​បាន​ត្រាស់​ដឹង​ មិន​បាន​ចាក់​ធ្លុះ​ នូវ​ធម៌​ ៤ ។​ ធម៌​ ៤​ តើ​ដូច​ម្ដេច? ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ដែល​តថាគត​ក្ដី​ អ្នក​ទាំង​ឡាយ​ក្ដី​ អន្ទោល​ទៅ​ ត្រាច់​រង្គាត់​ទៅ​ អស់​កាល​ដ៏​វែង​យ៉ាង​នេះ​ ព្រោះ​មិន​បាន​ត្រាស់​ដឹង​ មិន​បាន​ចាក់​ធ្លុះ​ នូវ​អរិយសីល​ ( សីល​ដ៏​ប្រសើរ )​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ដែល​តថាគត​ក្ដី​ អ្នក​ទាំង​ឡាយ​ក្ដី​ អន្ទោល​ទៅ​ ត្រាច់​រង្គាត់​ទៅ​ អស់​កាល​ដ៏​វែង​យ៉ាង​នេះ​ ព្រោះ​មិន​បាន​ត្រាស់​ដឹង​ មិន​បាន​ចាក់​ធ្លុះ នូវ​អរិយសមាធិ​ ( សមាធិ​ដ៏​ប្រសើរ ) ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ដែល​តថាគត​ក្ដី​ អ្នក​ទាំង​ឡាយ​ក្ដី​ អន្ទោល​ទៅ​ ត្រាច់​រង្គាត់​ទៅ​ អស់​កាល​ដ៏​វែង​យ៉ាង​នេះ​ ព្រោះ​មិន​បាន​ត្រាស់​ដឹង​ មិន​បាន​ចាក់​ធ្លុះ​ នូវ​អរិយបញ្ញា​ ( បញ្ញា​ដ៏​ប្រសើរ )​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ដែល​តថាគត​ក្ដី​ អ្នក​ទាំង​ឡាយ​ក្ដី​ អន្ទោល​ទៅ​ ត្រាច់​រង្គាត់​ទៅ​ អស់​កាល​ដ៏​វែង​យ៉ាង​នេះ​ ព្រោះ​មិន​បាន​ត្រាស់​ដឹង​ មិន​បាន​ចាក់​ធ្លុះ​ នូវ​អរិយវិមុត្តិ​ ( វិមុត្តិ​ដ៏​ប្រសើរ )​ ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អរិយសីល​នោះ​ តថាគត​ក្ដី​ អ្នក​ទាំង​ឡាយ​ក្ដី​ បាន​ត្រាស់​ដឹង​ហើយ​ ចាក់​ធ្លុះ​ហើយ​ អរិយសមាធិ​ ក៏​បាន​ត្រាស់​ដឹង​ហើយ​ ចាក់​ធ្លុះ​ហើយ​ អរិយបញ្ញា​ ក៏​បាន​ត្រាស់​ដឹង​ហើយ​ ចាក់​ធ្លុះ​ហើយ​ អរិយវិមុត្តិ​ ក៏​បាន​ត្រាស់​ដឹង​ហើយ​ ចាក់​ធ្លុះ​ហើយ​ សេចក្ដី​ប្រាថ្នា​ក្នុង​ភព​ ក៏​បាន​កាត់​ចោល​ហើយ​ តណ្ហា​ជា​គ្រឿង​នាំ​ទៅ​ក្នុង​ភព​ក៏​អស់​ហើយ​ ឥឡូវ​នេះ​ ការ​កើត​តទៅ​ទៀត​មិន​មាន​ឡើយ ។​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​នូវ​ពាក្យ​នេះ​ លុះ​ព្រះ​សុគត​​ជា​សាស្ដា​ទ្រង់​ត្រាស់​នូវ​ពាក្យ​នេះ​រួច​ហើយ​ ទើប​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​នេះ​តទៅ​ទៀត​ថា​

សីលសមាធិបញ្ញា​  ច​                  វិមុត្តិ​  ច​  អនុត្តរា

អនុពុទ្ធា​  ឥមេ​  ធម្មា​                    គោតមេន​  យសស្សិនា​  ។

ឥតិ​  ពុទ្ធោ​  អភិញ្ញាយ​                 ធម្មមក្ខាសិ​  ភិក្ខុនំ

ទុក្ខស្សន្តករោ​  សត្ថា​                 ចក្ខុមា​  បរិនិព្វុតោ  ។

សីល​ សមាធិ​ បញ្ញា​ និង​ វិមុត្តិ​ ជា​ធម៌​រក​គុណជាតិ​ដទៃ​ប្រសើរ​ជាង​គ្មាន​ ធម៌​ទាំង​អម្បាល​នេះ​ ព្រះ​គោតម​មាន​យស​ បាន​ត្រាស់​ដឹង​ហើយ ។​ ព្រះ​ពុទ្ធ​សម្ដែង​ធម៌​ដល់​ភិក្ខុ​ទាំង​ឡាយ​ ព្រោះ​ត្រាស់​ដឹង​ច្បាស់​ដោយ​ប្រការ​ដូច្នេះ​ សាស្ដា​មាន​ចក្ខុ​ ធ្វើ​នូវ​ទី​បំផុត​នៃ​ទុក្ខ​ហើយ​ ចេញ​ចាក​វានៈ​ គឺ​តណ្ហា​ហើយ ។

( អង្គុត្តរនិកាយ​ ចតុក្កនិបាត​ លេខ​ ៤២​ ទំព័រ​ ១-៣ )

អដ្ឋកថា​អនុពុទ្ធសូត្រ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​អនុពុទ្ធសូត្រ​ទី​ ១​ នៃ​ចតុក្កនិបាត​ ដូច​តទៅ​នេះ៖

បទ​ថា​ អននុពោធា​ បាន​ដល់​ ព្រោះ​មិន​បាន​ត្រាស់​ដឹង​ ព្រោះ​មិន​ជ្រាប​ ។​ បទ​ថា​ អប្បដិវេធា​ បាន​ដល់​ ព្រោះ​មិន​ចាក់​ធ្លុះ​ គឺ​ ព្រោះ​មិន​ធ្វើ​ឱ្យ​
ប្រចក្ស​ ។​ បទ​ថា​ ទីឃមទ្ធានំ​ ប្រែ​ថា​ អស់​កាល​យូរ ។​ បទ​ថា​ សន្ធាវិតំ​ បាន​ដល់​ អន្ទោល​​ពី​ភព​មួយ​ទៅ​កាន់​ភព​មួយ ។​ បទ​ថា​ សំ​ សរិតំ​ បាន​ដល់​ ត្រាច់​រង្គាត់​ទៅ​ ដោយ​ទៅ​មក​រឿយៗ ។​ បទ​ថា​ មមញ្ចេវ​ តុម្ហាកញ្ច​ ប្រែ​ថា​ តថាគត​ក្ដី​ អ្នក​ទាំង​ឡាយ​ក្ដី ។​ ម្យ៉ាង​ទៀត​ ក្នុង​បទ​ថា​ សន្ធាវិតំ​ សំ​ សរិតំ​ នេះ​ គប្បី​ជ្រាប​សេចក្ដី​យ៉ាង​នេះ​ថា​ ការ​អន្ទោល​ទៅ​ ការ​ត្រាច់​រង្គាត់​ទៅ​ បាន​មាន​ហើយ​ទាំង​ដល់​តថាគត​ ទាំង​អ្នក​ទាំង​ឡាយ​ ។​ បទ​ថា​ អរិយស្ស​ បាន​ដល់​ មិន​មាន​ទោស ។​ ក៏​ធម៌​ទាំង​ ៣​ នេះ​ គឺ​ សីល​ សមាធិ​ និង​បញ្ញា​ គប្បី​ជ្រាប​ថា​ សម្បយុត្ត​ដោយ​មគ្គ​ និង​ផល​នោះ​ឯង ។​ ផល​ប៉ុណ្ណោះ​ លោក​សម្ដែង​ដោយ​ឈ្មោះ​ថា​ វិមុត្តិ ។​ បទ​ថា​ ភវតណ្ហា​ បាន​ដល់​ តណ្ហា​ក្នុង​ភព​ទាំង​ឡាយ ។​ បទ​ថា​ ភវនេត្តិ​ បាន​ដល់​ តណ្ហា​ដូច​ខ្សែ​ចង​សត្វ​ទុក​ក្នុង​ភព​ ។​ បទ​នោះ​ជា​ឈ្មោះ​របស់​តណ្ហា​នុ៎ះ​ឯង​ ពិត​មែន​ តណ្ហា​នោះ​នាំ​សត្វទាំង​ឡាយ​ទៅ​កាន់​ភព​នោះៗ​ ដូច​ខ្សែ​ចង​ កគោ​ ព្រោះ​ហេតុ​នោះ​ តណ្ហា​នោះ​ លោក​ទើប​ហៅ​ថា​ ភវនេត្តិ ។​ បទ​ថា​ អនុត្តរា​ បាន​ដល់​ លោកុត្តរ​ ។​ បទ​ថា​ ទុក្ខស្សន្តករោ​ បាន​ដល់​ ទ្រង់​ធ្វើ​ទី​បំផុត​នៃ​វដ្ដទុក្ខ​ ។​ បទ​ថា​ ចក្ខុមា​ បាន​ដល់​ ទ្រង់​មាន​ចក្ខុ​ ៥​ ។​ បទ​​ថា​ បរិនិព្វុតោ​ បាន​ដល់​ បរិនិព្វាន​ហើយ​ដោយ​កិលេសបរិនិព្វាន​ (​ គឺ​រំលត់​កិលេស ) ។​

ទ្រង់​បញ្ចប់​ទេសនា​តាម​លំដាប់​អនុសន្ធិ​ថា​ នេះ​ជា​ការ​បរិនិព្វាន​លើក​ដំបូង​របស់​ព្រះ​សាស្ដា​នោះ​ ទៀប​ពោធិមណ្ឌល ។​ ខាង​ក្រោយ​មក​ ​ព្រះ​អង្គ​ទ្រង់​បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ​រំលត់​ខន្ធ​ទៀប​គល់​សាលព្រឹក្ស​ ( ដើម​រាំង ) ដូច្នេះ ។

អានបន្ត...
0 មតិ

សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ

អប្បមាទសូត្រ

[ សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ ]

557617_110796529053703_100003700701287_55527_156120841_a

  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​ទាំង​អម្បាល​ម៉ាន ទោះ​បី​មិន​មាន​ជើង​ក្តី​ មាន​ជើង​ពីរ​ក្តី​ មាន​​ជើង​បួន​ក្តី​ មាន​ជើង​ច្រើន​ក្តី​ មាន​រូប​ក្តី​ មិន​មាន​រូប​ក្តី​ មាន​សញ្ញា​ក្តី​ មិន​មាន​សញ្ញា​ក្តី​ មាន​សញ្ញា​ក៏​មិន​មែន​ មិន​មាន​សញ្ញា​​ក៏មិន​មែន​ក្តី​ ព្រះ​តថាគត​ ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ប្រាកដ​ជា​ប្រសើរ​ ជាង​ពួក​សត្វ​ទាំង​អម្បាល​នោះ​ ( យ៉ាង​ណា​មិញ )​ ម្នាល​ភិក្ខុ​ទាំង​ឡាយ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។​

សេចក្តីប្រៀប​ធៀប​នឹង​ដាន​ជើង​ដំរី

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ស្នាម​ជើង​ទាំង​ឡាយ​ណា​មួយ​ របស់​ពួក​សត្វ​ ដែល​ដើរ​លើ​ផ្ទៃ​ផែន​ដី​ ស្នាម​ជើង​ទាំង​​អស់​នោះ​ រមែង​ដល់​នូវ​ការ​ប្រជុំ​ចុះ​ ក្នុង​ស្នាម​ជើង​នៃ​ដំរី​ ស្នាម​ជើង​នៃ​ដំរី​ ប្រាកដ​ជា​ប្រសើរ​ជាង​ស្នាម​ជើង​នៃ​សត្វ​ទាំង​នោះ​ ព្រោះ​ជា​ស្នាម​ជើង​ធំ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ ជា​កុសល​​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ ជា​កុសល​ទាំង​អស់​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​បង្កង់​របស់​កូដាគារ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ដូច​ជា​បង្កង់​ទាំង​ឡាយ​ ឯណា​នីមួយ​ របស់​កូដាគារ​ ( ផ្ទះ​ដែល​គេ​សង្គ្រោះ​ដោយ​កំពូល )​ បង្កង់​ទាំង​អស់​នោះ​ ឈម​ទៅ​រក​កំពូល​ ទេរ​ទៅ​រក​កំពូល​ ប្រជុំ​ទៅ​ត្រង់​កំពូល​ កំពូល​ប្រាកដ​ជា​ប្រសើរ​ជាង​បង្កង់​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ឫស​ក្លាំ​ពាក់

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ឫស​ឈើ​ទាំង​ឡាយ​ ឯណា​នីមួយ​ ក្លិន​ឫស​ក្លាំ​ពាក់​ ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​ឫស​ឈើ​ទាំង​នោះ​ យ៉ាង​ណា​មិញ​​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។​

សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ខ្លឹម​ចន្ទន៍​ក្រហម

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ខ្លឹម​ទាំង​ឡាយ​ឯណា​នី​មួយ​ ក្លិន​ខ្លឹម​ចន្ទន៍​ក្រហម​ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​ខ្លឹម​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ផ្កា​ម្លិះ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ផ្កា​ឈើ​ទាំង​ឡាយ​ ឯណា​នី​មួយ​ ក្លិន​ផ្កា​ម្លិះ​ ប្រាកដ​ជា​ប្រសើរ​ ជាង​ក្លិន​ផ្កា​ឈើ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ស្តេច​ចក្រពត្តិ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ពួក​ស្តេច​តូចៗ​ ឯណា​នី​មួយ​ ពួក​ស្តេច​តូចៗ​ ទាំង​អស់​នោះ​ រមែង​ជា​ចំណុះ​របស់​ស្តេច​ចក្រពត្តិ​ ស្តេច​ចក្រពត្តិ​ ប្រាកដ​ជា​ប្រសើរ​ជាង​ពួក​ស្តេចតូចៗ​ ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ពន្លឺ​ព្រះ​ចន្ទ្រ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ពន្លឺ​ របស់​រូប​ផ្កាយ​ទាំង​ឡាយ​ឯណា​នីមួយ​ ពន្លឺ​ទាំង​អស់​នោះ​ មិន​បាន​ដល់​នូវ​ចំណិត​ ជា​គម្រប់​ ១៦ៗ​ ដង​ នៃ​ពន្លឺ​ព្រះ​ចន្ទ្រ​ ពន្លឺ​ព្រះ​ចន្ទ្រ​ប្រាកដ​ ជា​ប្រសើរ​ ជាង​ពន្លឺ​នៃ​រូប​ផ្កាយ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ព្រះ​អាទិត្យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀបដូច​ជា​ព្រះ​អាទិត្យ​ កាល​បើ​ភ្លៀង​ស្វាង​ ប្រាស​ចាក​ពពក​ក្នុង​សរទសម័យ​ ខ្ពស់​ផុត​ពពក​ កម្ចាត់​បង់​នូវ​ងងឹត​ទាំង​អស់​ ដែល​នៅ​លើ​អាកាស​ ហើយ​ភ្លឺ​ស្វាង​រុងរឿង​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​មហាសមុទ្រ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ទន្លេ​ធំ​ទាំង​ឡាយ​ ឯណា​នី​មួយ​ គឺ​ទន្លេ​គង្គា​ យមុនា​ អចិរវតី​ សរភូ​ មហី​ ទន្លេ​ទាំង​អស់​នោះ​ ក៏​ឈម​ទៅ​រក​សមុទ្រ​ ឱន​ទៅ​រក​សមុទ្រ​ ទេរ​ទៅ​រក​សមុទ្រ​ ញោច​ទៅ​រក​សមុទ្រ​ មហាសមុទ្រ​ ប្រាកដ​ជា​ប្រសើរ​ជាង​ទន្លេ​ធំ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កងធម៌​ ជា​កុសល​ឯណា​នីមួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។

( អប្បមាទសូត្រ បិដកលេខ ៥០​ ទំព័រ​ ៤៧-៥០ )

អដ្ឋកថា

ការាបកអប្បមាទ​ សេចក្តី​មិន​ប្រមាទ​ជា​ហេតុ​នាំ​ឲ្យ​ធ្វើ​កុសល​ គប្បី​យល់​ឃើញ​ថា​ ជា​កំពូល​នៃ​កុសលធម៌​ទាំង​ពួង​ ដូច​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ជា​កំពូល​នៃ​សត្វ​ទាំង​ពួង​ដូច្នោះ។

  សួរ​ថា៖​ ក៏​ការាបកអប្បមាទ​នោះ​ ជា​លោកិយ​ ចំណែក​កុសលធម៌​ទាំង​ឡាយ​ ជា​លោកុត្តរ​ក៏មាន​ ការាបកអប្បមាទ​នេះ​ ជា​កាមាវចរ​តែ​ម្យ៉ាង​ ចំណែក​កុសលធម៌​ទាំង​ឡាយ​ ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​ ៤​ មិន​មែន​ឬ​ ការាបកអប្បមាទ​នេះ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ​នោះ​ បាន​យ៉ាង​ដូច​ម្តេច?

  ឆ្លើយ​ថា៖​ ព្រោះ​អត្ថ​ថា​ ជា​ហេតុ​ឲ្យ​បាន ។​ ពិត​មែន​ កុសលធម៌​ទាំង​ឡាយ​នោះ​ បុគ្គល​រមែង​បាន​ដោយ​សេចក្តី​មិន​ប្រមាទ​ ព្រោះ​ហេតុ​នោះ​ សេចក្តី​មិន​ប្រមាទ​នោះ​ ទើប​ឈ្មោះ​ថា​ ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ​នោះ​ ដោយ​ហេតុ​នោះ​ ទើប​ត្រាស់​ថា​ កុសលធម៌​ទាំង​អស់​នោះ​ មាន​សេចក្តី​មិន​ប្រមាទ​ជា​ឫស​គល់ ។

អធិប្បាយ​អំពី​សេចក្តី​ប្រៀប​ធៀប​នឹង​ផ្កា​ម្លិះ

បាន​ឮ​ថា​ ព្រះ​បាទ​ភាតិយមហារាជ​ទ្រង់​ព្រះ​សណ្តាប់​សូត្រ​នេះ​ហើយ​ ទ្រង់​ប្រាថ្នា​នឹង​ពិសោធមើល​ ទើប​ឲ្យ​គេ​យក​ផ្កា​ក្រអូប​មក​អប់​ដោយ​របស់​ក្រអូប​ ៤​ ប្រភេទ​ ក្នុង​បន្ទប់​នីមួយៗ​ ដាក់​ក្តាប់​ផ្កា​ម្លិះ​ទុក​កណ្តាល​បន្ទប់​ ធ្វើ​ផ្កា​ដទៃ​ទៀត​ដែល​នៅ​សល់​ជា​ក្តាប់​ដាក់​ជុំ​វិញ​ក្តាប់​ផ្កា​ម្លិះ​នោះ​ ទ្រង់​បិទ​ទ្វារ​ហើយ​ ស្តេច​យាង​ចេញ​ទៅ​ខាង​ក្រៅ​ កាល​ទ្រង់​សម្រាក​នៅ​ខាង​ក្រៅ​មួយ​ស្របក់​ហើយ​ បើក​ទ្វារ​ស្តេច​យាង​ចូល​ទៅ​ ក្លិន​ផ្កា​ម្លិះ​ប៉ះ​នឹង​ព្រះ​នាសិក​មុន​ផ្កា​ដទៃ​ទាំង​អស់ ។​ ទ្រង់​យាង​ចុះ​ពី​ក្រឡា​ព្រះ​បន្ទំ​ ឈរ​នៅ​លើ​ព្រះ​ទែន​ធំ​នោះ​ឯង​ បែរ​ព្រះ​ភក្ត្រ​ទៅ​រក​ព្រះ​មហាចេតិយ​ ទ្រង់​ថ្វាយ​បង្គំ​ព្រះ​មហាចេតិយ​ ដោយ​ទ្រង់​ព្រម​ទទួល​ថា​ ព្រះ​សម្មាសម្ពុទ្ធ​កាល​ត្រាស់​ថា​ ក្លិន​ផ្កា​ម្លិះ​ជា​កំពូល​នៃ​បុប្ផគន្ធជាតិ​ទាំង​នោះ​ ឈ្មោះ​ថា​ ត្រាស់​ដោយ​ប្រពៃ​ហើយ ។

អានបន្ត...
0 មតិ

ធម្មញ្ញូសូត្រ

( ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៧​ ប្រការ​ គួរ​ទទួល​ការ​បូជា )

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៧​ យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា​ ។ល។​ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វ​លោក ។​ ប្រកប​ដោយ​ធម៌​ ៧​ យ៉ាង​ តើ​អ្វី​ខ្លះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នក​ដឹង​នូវ​ធម៌​ ១​ ដឹង​នូវ​អត្ថ​ ( របស់​ធម៌ )​ ១​ ដឹង​ខ្លួន​ ១​ ដឹង​នូវ​ប្រមាណ​ក្នុង​ ( ភោជន )​ ១​ ដឹង​កាល​គួរ​ ១​ ដឹង​បរិស័ទ​ ១​ ដឹង​បុគ្គល​ដែល​គួរ​គប់​រក​ ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ភិក្ខុ​ជា​អ្នក​ដឹង​នូវ​ធម៌​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​នូវ​ធម៌​ គឺ​ សុត្តៈ​ គេយ្យៈ​ វេយ្យាករណៈ​ គាថា​ ឧទានៈ​ ឥតិវុត្តកៈ​ ជាតកៈ​ អព្ភូតធម្មៈ​ វេទល្លៈ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​គប្បី​ដឹង​នូវ​ធម៌​ គឺ​ សុត្តៈ​ …​ វេទល្លៈ​ទេ​ តថាគត​មិន​គប្បី​ហៅ​ថា​ ជា​អ្នក​ដឹង​នូវ​ធម៌​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ឯ​ភិក្ខុ​ដឹង​នូវ​ធម៌​ គឺ​ សុត្តៈ​ …​ វេទល្លៈ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​នូវ​ធម៌​ ភិក្ខុ​ជា​អ្នក​ដឹង​នូវ​ធម៌​ យ៉ាង​នេះ​ឯង ។

ចុះ​ភិក្ខុ​ជា​អ្នក​ដឹង​នូវ​អត្ថ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​នូវ​អត្ថ​នៃ​ភាសិត​នោះៗ​ ថា​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​នូវ​អត្ថ​ នៃ​ភាសិត​នោះៗ​ ថា​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​នូវ​អត្ថ​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ឯ​ភិក្ខុ​ ដឹង​នូវ​អត្ថ​របស់​ភាសិត​នុ៎ះ​ៗ​ ថា​ នេះ​ជា​អត្ថ​របស់​ភាសិត​នេះ​ នេះ​ជា​អត្ថ​របស់​ភាសិត​នេះ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​នូវ​អត្ថ​ អ្នក​ដឹង​នូវ​ធម៌​ ដឹង​នូវ​អត្ថ​ យ៉ាង​នេះ​ឯង ។​

ចុះ​ភិក្ខុ​អ្នក​ដឹង​ខ្លួន​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​ខ្លួន​ថា​ អាត្មា​អញ​ជា​អ្នក​ប្រកប​ដោយ​សទ្ធា​ មាន​សីលៈ​ សុតៈ​ ចាគៈ​ បញ្ញា​ បដិភាណៈ​ ត្រឹម​ប៉ុណ្ណេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​ខ្លួន​ថា​ អាត្មា​អញ​ជា​អ្នក​ប្រកប​ដោយ​សទ្ធា​ សីលៈ​ សុតៈ​ ចាគៈ​ បញ្ញា​ បដិភាណៈ​ ត្រឹម​ប៉ុណ្ណេះ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​ខ្លួន​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​ អ្នក​ដឹង​ខ្លួន​ថា​ អាត្មា​អញ​ជា​អ្នក​ប្រកប​ដោយ​សទ្ធា​ សីលៈ​ សុតៈ​ ចាគៈ​ បញ្ញា​ បដិភាណៈ​ ត្រឹម​ប៉ុណ្ណេះ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​ខ្លួន​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ យ៉ាង​នេះ​ឯង ។

ចុះ​ភិក្ខុ​អ្នក​ដឹង​ប្រមាណ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​ប្រមាណ​ក្នុង​ការ​ទទួល​នូវ​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​ប្រមាណ​ក្នុង​ការ​ទទួល​ចីវរ​បិណ្ឌបាត​សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​ប្រមាណ​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​ដឹង​ប្រមាណ​ ក្នុង​ការ​ទទួល​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​ប្រមាណ​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ ដឹង​ប្រមាណ​ យ៉ាង​​នេះ​ឯង ។​

ចុះ​ភិក្ខុ​អ្នក​ដឹង​នូវ​កាល​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​នូវ​កាល​ថា​ នេះ​ជា​កាល​គួរ​រៀន​បាលី​ នេះ​ជា​កាល​គួរ​សាក​សួរ​ នេះ​ជា​កាល​គួរ​ប្រកប​ នេះ​ជា​កាល​គួរ​ពួន​សម្ងំ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​នូវ​កាល​ថា​ នេះ​ជា​កាល​គួរ​រៀន​បាលី​ នេះ​ជា​កាល​គួរ​សាក​សួរ​ នេះ​ជា​កាល​គួរ​ប្រកប​ នេះ​ជា​កាល​គួរ​ពួន​សម្ងំ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​កាល​ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​អ្នក​ដឹង​នូវ​កាល​ថា​ នេះ​ជា​កាល​គួរ​រៀន​បាលី​ នេះ​ជា​កាល​គួរ​សាក​សួរ​ នេះ​ជា​កាល​គួរ​ប្រកប​ នេះ​ជា​កាល​គួរ​ពួន​សម្ងំ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​​ អ្នក​ដឹង​នូវ​កាល​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ ដឹង​ប្រមាណ​ ដឹង​កាល​យ៉ាង​នេះ​ឯង ។​

ចុះ​ភិក្ខុ​អ្នក​ដឹង​បរិស័ទ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​បរិស័ទ​ថា​ នេះ​ជា​ខត្តិយបរិស័ទ​ នេះ​ជា​ព្រាហ្មណបរិស័ទ​ នេះ​ជា​គហបតិបរិស័ទ​ នេះ​ជា​សមណបរិស័ទ​ អាត្មា​អញ​គួរ​ចូល​ទៅ​រក​យ៉ាង​នេះ​ គួរ​ឈរ​យ៉ាង​នេះ​ គួរ​ធ្វើ​យ៉ាង​នេះ​ គួរ​អង្គុយ​យ៉ាង​នេះ​ គួរ​និយាយ​យ៉ាង​នេះ​ គួរ​ស្ងៀម​យ៉ាង​នេះ​ ចំពោះ​បរិស័ទ​ទាំង​នុ៎ះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​បរិស័ទ​ថា​ នេះ​ជា​ខត្តិយបរិស័ទ​ …​ គួរ​ស្ងៀម​យ៉ាង​នេះ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​បរិស័ទ​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​ដឹង​បរិស័ទ​ថា​ នេះ​ជា​ខត្តិយបរិស័ទ​ …​ គួរ​ស្ងៀម​យ៉ាង​នេះ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​បរិស័ទ​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ ដឹង​ប្រមាណ​ ដឹង​កាល​ ដឹង​បរិស័ទ​ យ៉ាង​នេះ​ឯង ។

ចុះ​ភិក្ខុ​ដឹង​បុគ្គល​ដែល​គួរ​គប់​រក​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ រមែង​ដឹង​​ច្បាស់​នូវ​បុគ្គល​ពីរ​ពួក​ ឯ​បុគ្គល​ពីរ​ពួក​ គឺ​ មួយ​ពួក​ ជា​អ្នក​ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ មួយ​ពួក​ មិន​ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ ។​ បុគ្គល​ណា​ មិន​ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ គឺ​ មួយ​ពួក​ ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ មួយ​ពួក​ មិន​ចង់​ស្តាប់​ព្រះ​សទ្ធម្ម ។​ បុគ្គល​ណា​ មិន​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ​ ។​ បុគ្គល​ណា​ ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ចង់​ស្តាប់​នូវ​ព្រះ​សទ្ធម្ម​ គឺ​បុគ្គល​មួយ​ពួក​ មាន​ត្រចៀក​ ផ្ទៀង​ស្តាប់​នូវ​ធម៌​ បុគ្គល​មួយ​ពួក​ មាន​ត្រចៀក​ មិន​ផ្ទៀង​ស្តាប់​នូវ​ធម៌ ។​ បុគ្គល​ណា​ មាន​ត្រចៀក​ មិន​ផ្ទៀង​ស្តាប់​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ មាន​ត្រចៀក​ ផ្ទៀង​ស្តាប់​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាងនេះ ។​ បុគ្គល​ពីរ​ពួក​ មាន​ត្រចៀក​ ផ្ទៀង​ស្តាប់​នូវ​ធម៌​ គឺ​ មួយ​ពួក​ ស្តាប់​ហើយ​ចាំ​ទុក​នូវ​ធម៌​ មួយ​ពួក​ ស្តាប់​ហើយ​មិន​ចាំ​ទុក​នូវ​ធម៌ ។​ បុគ្គល​ណា​ ស្តាប់​ហើយ​ មិន​ចាំ​ទុក​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ស្តាប់​ហើយ​ចាំ​ទុក​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។ បុគ្គល​ពីរ​ពួក​ ស្តាប់​ហើយ​ចាំ​ទុក​នូវ​ធម៌​គឺ​ មួយ​ពួក​ ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ មួយ​ពួក​ មិន​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ទេ ។​ បុគ្គល​ណា​ មិន​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ គឺ​មួយ​ពួក​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ មួយ​ពួក​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​មិន​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌ ។​ បុគ្គល​ណា​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​មិ​ន​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ បុគ្គល​នោះ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ គឺ​មួយ​ពួក​ប្រតិបត្តិ​ ដើម្បី​ប្រយោជន៍៍​ខ្លួន​ មិន​ប្រតិបត្តិ​ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ មួយ​ពួក​ ប្រតិបត្តិ​ដើម្បិ​ប្រយោជន៍​ខ្លួន​ផង​ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង ។​ បុគ្គល​ណា​ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ដឹង​ច្បាស់​បុគ្គល​ពីរ​ពួក​ យ៉ាង​នេះ​ឯង ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ជា​អ្នក​ដឹង​នូវ​បុគ្គល​ដែល​គួរ​គប់​រក​ យ៉ាង​នេះ​ឯង ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៧​ យ៉ាង​នេះ​ ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា​ ។ល។​ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ របស់​សត្វ​លោក ។

អដ្ឋកថា​ធម្មញ្ញូសូត្រ

ធម្មញ្ញូសូត្រ​ មាន​សេចក្តី​វិនិច្ឆ័យ​ដូច​តទៅ​នេះ៖

បទ​ថា​ កាលំ​ ជានាតិ​ សេចក្តី​ថា​ ស្គាល់​កាល​ដែល​គួរ​នឹង​មក​ដល់​ ។​ បទ​ថា​ អយំ​ កាលោ​ ឧទ្ទេសស្ស​ សេចក្តី​ថា​ នេះ​ជា​ពេល​រៀន​ព្រះ​ពុទ្ធវចនៈ ។​ បទ​ថា​ បរិបុច្ឆាយ​ សេចក្តី​ថា​ ជា​ពេល​​សាក​សួរ​អំពី​ប្រយោជន៍​ និង​មិន​មែន​ជា​ប្រយោជន៍​ ហេតុ​ និង​មិន​មែន​ហេតុ ។​ បទ​ថា​ យោគស្ស​ សេចក្តី​ថា​ ដើម្បី​ដាក់​កិច្ច​ក្នុង​ការ​ប្រកប​សេចក្តី​ព្យាយាម ។​ បទ​ថា​ បដិសល្លា-នស្ស សេចក្តី​ថា​ ដើម្បី​គេចពួន​ ដើម្បី​នៅ​តែ​ម្នាក់​ឯង ។​ បទ​ថា​ ធម្មានុធម្មបដិបន្នោ​ សេចក្តី​ថា​ ជា​អ្នក​បដិបត្តិ​បដិបទា​ដែល​ជា​ចំណែក​ខាង​ដើម​ ដែល​ជា​ធម៌​ដ៏​សម​គួរ​ ដល់​លោកុត្តរធម៌​ ៩ ។​

ពាក្យ​ថា​ ឯវំ​ ខោ​ ភិក្ខុ​ បុគ្គលបរោបរញ្ញូ​ ហោតិ​ សេចក្តី​ថា​ ភិក្ខុ​រមែង​ជា​អ្នក​អាច​ដឹង​ភាព​ចាស់​ក្លា​ និង​ទន់​ខ្ចី​ របស់​បុគ្គល​ទាំង​ឡាយ​ ដោយ​ប្រការ​ដូច្នេះ ៕

អានបន្ត...
0 មតិ

អធិបតេយ្យសូត្រ

( អាធិបតេយ្យ​ ៣ )

( សុត្តន្តបិដក​ អង្គុត្តរនិកាយ​ តិកនិបាត​ អធិបតេយ្យសូត្រ​ លេខ​ ៤១ ទំព័រ​ ១១៣-១១៩ )

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាធិបតេយ្យ​ ( ភាព​ជា​ធំ )​ នេះ​ មាន​ ៣​ យ៉ាង ។​ អាធិបតេយ្យ​ ៣​ យ៉ាង​ តើ​អ្វី​ខ្លះ ។​ គឺ​ អត្តាធិបតេយ្យ​ ១​ លោកាធិបតេយ្យ​ ១​ ធម្មាធិបតេយ្យ ១ ។

អត្តាធិបតេយ្យ​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អត្តាធិបតេយ្យ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​នៅ​ក្នុង​ព្រៃ​ក្តី​ នៅ​ជិត​គល់​ឈើ​ក្តី​ នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្តី​ រមែង​ពិចារណា​ឃើញ​ច្បាស់​យ៉ាង​នេះ​ថា​ អាត្មា​អញ​មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ចីវរ​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​សេនាសនៈ​ទេ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ភព​តូច​ភព​ធំ​ទេ​ [ សំដៅ​យក​របស់​ដែល​ថ្លៃ​ថ្លា​យ៉ាង​ល្មម​ និង​ថ្លៃ​ថ្លា​យ៉ាង​វិសេស ]​ ក៏​អាត្មា​អញ​ជា​បុគ្គល​ដែល​ជាតិ​ ជរា​ មរណៈ​ សោក​ ខ្សឹក​ខ្សួល​ ទុក្ខទោមនស្ស​ ចង្អៀត​ចង្អល់​ គ្រប​សង្កត់​ ត្រូវ​ទុក្ខ​គ្រប​សង្កត់​ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ម្តេច​ហ្ន៎​ គប្បី​ធ្វើ​ទី​បំផុត​គំនរ​ទុក្ខ​ទាំង​អស់​នេះ​ ឱ្យ​ប្រាកដ​បាន ។​ អាត្មា​អញ​សោត​ បាន​លះ​បង់​កាម​បែប​ណា​ហើយ​ ចេញ​ចាក​ផ្ទះ​មក​បួស​ គប្បី​ស្វែង​រក​នូវ​កាម​បែប​នោះ​ក្តី​ នូវ​អំពើ​អាក្រក់​ខ្លាំង​ជាង​កាម​ទាំង​នោះ​ក្តី​ ការ​នោះ​មិន​សម​គួរ​ដល់​អាត្មា​អញ​ទេ ។​ ភិក្ខុ​នោះ​ តែង​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​នឹង​ប្រារព្ធ​ព្យាយាម​មិន​ឱ្យ​ធូរ​ថយ​ នឹង​ប្រុង​ស្មារតី​ មិន​ឱ្យ​វង្វេង​ភ្លាត់​ឱ្យ​កាយ​ [ នាមកាយ​និង​ករជកាយ ] ស្ងប់​រម្ងាប់​ មិន​ឱ្យ​រសាប់​រសល់​ ឱ្យ​ចិត្ត​តម្កល់​មាំ​មាន​អារម្មណ៍​តែ​មួយ ។​ ភិក្ខុ​នេះ​ធ្វើ​ខ្លួន​ឯង​ឱ្យ​ជា​អធិបតី​ហើយ​ រមែង​លះ​បង់​អកុសល​ ចម្រើន​កុសល​ លះ​បង់​អំពើ​ដែល​ប្រកប​ដោយ​ទោស​ ចម្រើន​តែ​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ អត្តាធិបតេយ្យ ។

លោកាធិបតេយ្យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ លោកាធិបតេយ្យ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ នៅ​ក្នុង​ព្រៃ​ក្តី​ នៅ​ជិត​គល់​ឈើ​ក្តី​ នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្តី​ រមែង​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ចីវរ​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​សេនាសនៈ​ទេ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ភព​តូច​ភព​ធំ​ទេ​ ក៏​អាត្មា​អញ​ ជា​បុគ្គល​ដែល​ជាតិ​ ជរា​ មរណៈ​ សោក​ សេចក្តី​ខ្សឹក​ខ្សួល​ ទុក្ខ​ ទោមនស្ស​ សេចក្តី​ចង្អៀត​ចង្អល់​គ្រប​សង្កត់​ ត្រូវ​ទុក្ខ​គ្រប​សង្កត់​ មាន​សេចក្តី​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ដូច​ម្តេច​ហ្ន៎​ គប្បិ​ធ្វើ​ទី​បំផុត​គំនរ​ទុក្ខ​ទាំង​អស់​នេះ​ ឱ្យ​ប្រាកដ​បាន ។​ អាត្មា​អញ​ បួស​យ៉ាង​នេះ​ហើយ​ ត្រិះ​រិះ​កាមវិតក្ក​ក្តី​ ត្រិះ​រិះ​ព្យាបាទវិតក្ក​ក្តី​ ត្រិះ​រិះ​វិហឹសាវិតក្ក​ក្តី​ លោកសន្និវាស​នេះ​សោត​ក៏​ធំ​ ទោះ​ក្នុង​លោកសន្និវាស​ធំ​មែន​ ក៏​គង់​មាន​សមណព្រាហ្មណ៍​ជា​អ្នក​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្ត​បុគ្គល​ដទៃ​ ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ រមែង​ឃើញ​អំពី​ចម្ងាយ​ ទោះ​នៅ​ជិត​ក៏​មិន​ប្រាកដ​ រមែង​ដឹង​ច្បាស់​នូវ​ចិត្ត​ដោយ​ចិត្ត​ ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ គង់​ដឹង​អាត្មា​អញ​យ៉ាង​នេះ​ថា​ ម្នាល​អ្នក​ដ៏​ចម្រើន​ សូម​អ្នក​មើល​កុលបុត្រ​នេះ​ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយ​សទ្ធា​ហើយ​ នៅ​តែ​ច្របូក​ច្របល់​ ដោយ​ធម៌​ជា​អកុសល​ដ៏​លាមក ។​ ម្យ៉ាង​ទៀត​ គង់​មាន​ពួក​ទេវតា​ដែល​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្ត​បុគ្គល​ដទៃ​​ ពួក​ទេវតា​ទាំង​នោះ​ តែង​ឃើញ​អំពី​ចម្ងាយ​ ទោះ​នៅ​ជិត​ក៏​មិន​ប្រាកដ​ រមែង​ដឹង​ច្បាស់​នូវ​ចិត្ត​ដោយ​ចិត្ត​​ ពួក​ទេវតា​ទាំង​នោះ​ គង់​ដឹង​អាត្មា​អញ​យ៉ាង​នេះ​ថា​ ម្នាល​អ្នក​ដ៏​ចម្រើន​ សូម​អ្នក​មើល​កុលបុត្រ​នេះ​ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយ​សទ្ធា​ហើយ​ នៅ​តែ​ច្របូក​ច្របល់​ ដោយ​ធម៌​ជា​អកុសល​ដ៏​លាមក ។ ភិក្ខុ​នោះ​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​នឹង​ប្រារព្ធ​ព្យាយាម​ មិន​ឱ្យ​ធូរ​ថយ​ នឹង​ប្រុង​សតិ​ មិន​ឱ្យ​វង្វេង​ភ្លេច​ ឱ្យ​កាយ​ស្ងប់​រម្ងាប់​ មិន​ឱ្យ​ធូរ​ថយ​ ឱ្យ​ចិត្ត​តម្កល់​មាំ​ មាន​អារម្មណ៍​តែ​មួយ ។​ លុះ​ភិក្ខុ​នោះ​ប្រារព្ធ​លោក​ឱ្យ​ជា​អធិបតី​ហើយ​ តែង​លះ​បង់​អកុសល​ ចម្រើន​កុសល​ លះ​បង់​អំពើ​ដែល​ប្រកប​ដោយ​ទោស​ ចម្រើន​តែ​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ លោកាធិបតេយ្យ ។

ធម្មាធិបតេយ្យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ធម្មាធិបតេយ្យ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ នៅ​ក្នុង​ព្រៃ​ក្តី​ នៅ​ជិត​គល់​ឈើ​ក្ដី​ នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ តែង​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ចីវរ​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​សេនាសនៈ​ទេ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ភព​តូច​ភព​ធំ​ទេ​ ក៏​អាត្មា​អញ​ជា​បុគ្គល​ដែល​ជាតិ​ ជរា​ មរណៈ​ សោក​ ខ្សឹក​ខ្សួល​ ទុក្ខ​ ទោមនស្ស​ ចង្អៀត​ចង្អល់​ គ្រប​សង្កត់​ ត្រូវ​ទុក្ខ​គ្រប​សង្កត់​ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ម្ដេច​ហ្ន៎​ គប្បី​ធ្វើ​ទី​បំផុត​គំនរ​ទុក្ខ​ទាំង​អស់​នេះ​ឱ្យ​ប្រាកដ​បាន ។​ ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ល្អ​ហើយ​ ជា​ធម៌​ដែល​អរិយបុគ្គល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង​ ឱ្យ​ផល​មិន​រង់​ចាំ​កាល​ គួរ​នឹង​ហៅ​បុគ្គល​ដទៃ​ឱ្យ​ចូល​មក​មើល​បាន​ គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ជា​ធម៌​ដែល​វិញ្ញូជន​គប្បី​ដឹង​ច្បាស់​ចំពោះ​ខ្លួន ។​ គង់​មាន​សព្រហ្មចារីបុគ្គល​ដឹង​ ឬ​ឃើញ​ដែរ ។​ អាត្មា​អញ​បួស​ក្នុង​ធម៌​វិន័យ​ ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​សម្តែង​ល្អ​ហើយ​យ៉ាង​នេះ​ត្រឡាំង​ ទៅ​ជា​អ្នក​ខ្ជិល​ប្រហែស​ធ្វេស​ ហេតុ​នោះ​មិន​សម​គួរ​ទេ ។​ ភិក្ខុ​នោះ​តែង​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​នឹង​ប្រារព្ធ​ព្យាយាម​ មិន​ឱ្យ​ធូរ​ថយ​ នឹង​ប្រុង​ស្មារតី​ មិន​ឱ្យ​វង្វេង​ភ្លេច​ ឱ្យ​កាយ​ស្ងប់​រម្ងាប់​ មិន​ឱ្យ​រសាប់​រសល់​ ឱ្យ​ចិត្ត​តម្កល់​មាំ​ មាន​អារម្មណ៍​តែ​មួយ ។​ ភិក្ខុ​នោះ​ ប្រារព្ធ​ធម៌​ហ្នឹង​ឯង​ឱ្យ​ជា​អធិបតី​ ហើយ​លះ​បង់​អកុសល​ ចម្រើន​តែ​កុសល​ លះ​បង់​អំពើ​ប្រកប​ដោយ​ទោស​ ចម្រើន​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ធម្មាធិបតេយ្យ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាធិបតេយ្យ​ មាន​ ៣​ យ៉ាង​នេះឯង ។

   នត្ថិ​  លោកេ​  រហោ​  នាម

   បាបកម្មំ​  បកុព្វតោ

   អត្តា​  តេ​  បុរិស​  ជានាតិ

   សច្ចំ​  វា​  យទិ​  វា​  មុសា

   កល្យាណំ​  វត​  ភោ​  សក្ខិ​

   អត្តានំ​  អតិមញ្ញសិ​

   យោ​  សន្តំ​  អត្តនី​  បាបំ

   អថ​  នំ​  បរិគូហសិ

   បស្សន្តិ​  ទេវា​  ច​  តថាគតា​  ច

   លោកស្មឹ​  ពាលំ​  វិសមំ​  ចរន្តំ

   តស្មា​  ​ហិ​  អត្តាធិបកោ​  សតោ​  ចរេ

   លោកាធិបោ​  ច​  និបកោ​  ច​  ឈាយី

   ធម្មាធិបោ​  ច​  អនុធម្មចារី

   ន​  ហីយតិ​  សច្ចបរក្កមា​  មុនិ

   បសយ្ហ​  មារំ​  អភិភុយ្យ​  អន្តកំ

   យោ​  ច​  ផុសី​  ជាតិខយំ​  បធានវា

   សោ​  តាទិសោ​  លោកវិទូ​  សុមេធោ

   សព្វេសុ​  ធម្មេសុ​  អតម្មយោ​  មុនីតិ ។

  ធម្មតា​បុគ្គល​អ្នក​ធ្វើ​អំពើ​អាក្រក់​ ក្នុង​លោក​ មិន​ដែល​កំបាំង​ទេ​ ម្នាល​បុរស​ ខ្លួន​អ្នក​ឯង​ រមែង​ដឹង​ថា​ពិត​ឬ​មិន​ពិត​ ( ខ្លួន​ឯង )​ ម្នាល​អ្នក​ដ៏​ចម្រើន​ អ្នក​ឯង​ជា​សាក្សី​ចំពោះ​ខ្លួន​យ៉ាង​ល្អ​ អ្នក​ឯង​ផ្ទញ់​ផ្ទាល់​ខ្លួន​ឯង​ បើ​អ្នក​ឯង​បិទ​បាំង​អំពើ​អាក្រក់​ ដែល​មាន​ក្នុង​ខ្លួន​នោះ​ឯង​ហើយ​ ទេវតា​ទាំង​ឡាយ​ និង​ព្រះ​តថាគត​ទាំង​ឡាយ​ រមែង​ឃើញ​បុគ្គល​ពាល​ ដែល​ប្រព្រឹត្ត​ខុស​ក្នុង​លោក​ ហេតុ​នោះ​បុគ្គល​ត្រូវ​មាន​ខ្លួន​ជា​ធំ​ ប្រុង​ស្មារតី​ប្រព្រឹត្ត​ផង​ មាន​លោក​ជា​ធំ​ ទាំង​មាន​ប្រាជ្ញា​ចាស់​ មាន​ឈាន​ផង​ មាន​ធម៌​ជា​ធំ​ទាំង​ប្រព្រឹត្ត​តាម​ធម៌​ផង​ ជា​អ្នក​ប្រាជ្ញ​ មាន​ព្យាយាម​ទៀង​ទាត់​ រមែង​មិន​ថោក​ថយ​ បុគ្គល​ណា​ មាន​ព្យាយាម​ញាំ​ញី​គ្រប​សង្កត់​មារ​ជា​អ្នក​បំផ្លាញ​ រមែង​សម្រេច​នូវ​ព្រះ​និព្វាន​ជា​ទី​អស់​ទៅ​នៃ​ជាតិ​ បុគ្គល​បែប​នោះ​ ជា​អ្នក​ជ្រាប​ច្បាស់​នូវ​លោក​ មាន​ប្រាជ្ញា​ល្អ​ ជា​អ្នក​ប្រាជ្ញ​ មិន​មាន​ចំណង់​ ក្នុង​ធម៌​ទាំង​អស់ ។

អដ្ឋកថា​អធិបតេយ្យសូត្រ

អធិបតេយ្យ​កើត​អំពី​ហេតុ​ដ៏​សំខាន់​បំផុត​ ឈ្មោះ​ថា​ អធិបតេយ្យ​ ។​ ក្នុង​បទ​ថា​ អត្តាធិប-តេយ្យ​ ជា​ដើម ។​ គប្បី​ជ្រាប​វិនិច្ឆ័យ​ដូច​តទៅ​នេះ៖

គុណជាត​ដែល​កើត​ដោយ​ធ្វើ​ខ្លួន​ឱ្យ​ជា​ធំ​ ឈ្មោះ​ថា​ អត្តាធិបតេយ្យ​ ។​ គុណជាត​ដែល​កើត​ដោយ​ធ្វើ​សត្វ​លោក​ឱ្យ​ជា​ធំ​ ឈ្មោះ​ថា​ លោកាធិបតេយ្យ​ ។​ គុណជាត​ដែល​កើត​ដោយ​ធ្វើ​លោកុត្តរធម៌​ ៩​ ឱ្យ​ជា​ធំ​ ឈ្មោះ​ថា​ ធម្មាធិបតេយ្យ ។

បទ​ថា​ ឥតិភវោ​ ក្នុង​ពាក្យ​ថា​ ន​ ឥតិភវាភវហេតុ​ ( មិន​មែន​ [ ចេញចាក​ផ្ទះ​មក​បួស​ ]​ ព្រោះ​ហេតុ​តែ​ភព​តូច​ភព​ធំ​ទេ )​ សំដៅ​ដល់​ ខាង​ក្នុង​អនាគត​យ៉ាង​នេះ​ ( អាត្មា​អញ​ចេញ​មក​បួស​ ជា​បុគ្គល​មិន​មាន​ផ្ទះ )​ មិន​មែន​ព្រោះ​ហេតុ​នៃ​ភព​ក្នុង​អនាគត​នោះ​ទេ ។​ មិន​មែន​ព្រោះ​ហេតុ​នៃ​បច្ចុប្បន្នភព​នោះ​ទេ ។​ បទ​ថា​ ឱតិណ្ណោ​ ( គ្រប​សង្កត់​ )​ គឺ​ ជ្រៀត​ជ្រែក ។​ ក៏​ជាតិ​ជ្រៀត​ជ្រែក​នៅ​ខាង​ក្នុង​បុគ្គល​ណា​ បុគ្គល​នោះ​ ឈ្មោះ​ថា​ ត្រូវ​ជាតិ​គ្រប​សង្កត់​ ។​ សូម្បី​ក្នុង​ជរា​ជា​ដើម​ក៏​មាន​ន័យ​នេះ​ឯង ។​ បទ​ថា​ កេវលស្ស​ ទុក្ខក្ខន្ធស្ស​ បាន​ដល់​ កង​នៃ​វដ្តទុក្ខ​ទាំង​អស់។​ បទ​ថា​ អន្តកិរិយា​ បញ្ញាយេថ​ ( គប្បី​ធ្វើ​ទី​បំផុត​ [ គំនរ​ទុក្ខ​ទាំង​អស់​នេះ ]​ ឱ្យ​ប្រាកដ​បាន )​ សេចក្តី​ថា​ ការ​ធ្វើ​ទី​បំផុត​ គឺ​ ការ​ធ្វើ​ផ្លូវ​ ជុំវិញ​ឱ្យ​ដាច់​ គប្បី​ប្រាកដ ។​ ពាក្យ​ថា​ ឱហាយ​ ប្រែ​ថា​ លះ​បង់ ។​ បទ​ថា​ បាបិដ្ឋតរេ​ ប្រែថា​ ថោក​ថយ​ជាង ។

បទ​ថា​ អារទ្ធំ​ សេចក្តី​ថា​ ( សេចក្តី​ព្យាយាម )​ ដែល​ផ្គង​ទុក​ហើយ​ គឺ​ឱ្យ​បរិបូណ៌​ហើយ​ និង​ឈ្មោះ​ថា​ មិន​ធូរ​ថយ​ ព្រោះ​ប្រារព្ធ​ហើយ ។​ បទ​ថា​ ឧបដ្ឋិតា​ ( ប្រុង​ស្មារតី )​ សេចក្តី​ថា​ សតិ​ឈ្មោះ​ថា​ តាំង​មាំ​ និង​មិន​វង្វេង​ភ្លេច​ ព្រោះ​តាំង​មាំ​ដោយ​អំណាច​សតិបដ្ឋាន​ ៤ ។​ បទ​ថា​ បស្សទ្ធោ​ កាយោ​ ( ឱ្យ​កាយ​ស្ងប់​រម្ងាប់ )​ សេចក្តី​ថា​ នាមកាយ​ និង​ករជកាយ​ស្ងប់​ គឺ​ មាន​សេចក្តី​ក្រវល់​ក្រវាយ​រម្ងាប់​ហើយ​ និង​ព្រោះ​រម្ងាប់​ហើយ​ ទើប​ឈ្មោះ​ថា​ មិន​រសាប់​រសល់ ។​ បទ​ថា​ សមាហិតំ​ ចិត្តំ​ ( ឱ្យ​ចិត្ត​តម្កល់​មាំ )​ សេចក្តី​ថា​ ចិត្ត​ដែល​តាំង​មាំ​ដោយ​ប្រពៃ​ គឺ​ តាំង​ទុក​ដោយ​ល្អ​ក្នុង​អារម្មណ៍​ ( និង​ )​ ព្រោះ​តាំង​ទុក​ដោយ​ប្រពៃ​នុ៎ះ​ឯង​ ទើប​ឈ្មោះ​ថា​ មាន​អារម្មណ៍​តែ​មួយ ( ឯកគ្គំ ) ។

បទ​ថា​ អធិបតឹ​ ករិត្វា​ ( ធ្វើ​ឱ្យ​ជា​អធិបតី )​ បាន​ដល់​ ធ្វើ​ធម៌​ឱ្យ​ជា​ធំ ( សំខាន់ ) ។​ បទ​ថា​ សុទ្ធមត្តានំ​ បរិហរតិ​ ( រក្សា​ខ្លួន​ឱ្យ​បរិសុទ្ធ )​ បាន​ដល់​ បរិហារ​ សេចក្តី​ថា​ បដិបត្តិ​ គឺ​ ឃុំ​គ្រង​ខ្លួន​ឱ្យ​បរិសុទ្ធ​ គឺ​ ឱ្យ​បរិសុទ្ធ​ ប្រាស​ចាក​មន្ទិល ។​ ក៏​ភិក្ខុ​នេះ​ឈ្មោះ​ថា​ រក្សា​ខ្លួន​ឱ្យ​បរិសុទ្ធ​ដោយ​អម​ រហូត​ដល់​អរហត្តមគ្គ ។​ ចំណែក​ភិក្ខុ​ដែល​បាន​សម្រេច​អរហត្តផល​ហើយ​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ឱ្យ​បរិសុទ្ធ​ដោយ​ត្រង់ ។​ បទ​ទាំង​ឡាយ​មាន​បទ​ថា​ ស្វាក្ខាតោ​ ជា​ដើម​ បាន​អធិប្បាយ​ទុក​ដោយ​ពិស្តារ​ក្នុង​វិសុទ្ធិមគ្គ ។

បទ​ថា​ ជានំ​ បស្សំ​ វិហរន្តិ​ ( គង់​មាន​សព្រហ្មចារីបុគ្គល​ដឹង​ ឬ​ឃើញ​ដែរ )​ សេចក្តី​ថា​ មិត្ត​សព្រហ្មចារី​ទាំង​ឡាយ​ដឹង​ ឬ​ឃើញ​នូវ​ធម៌​នោះ ។​ ក៏​ក្នុង​បទ​ថា​ ឥមានិ​ ខោ​ ភិក្ខវេ​ តីណិ​ អធិបតេយ្យានិ​ ( ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អធិបតេយ្យ​មាន​ ៣​ យ៉ាង​នេះ​ឯង ) នេះ​ មាន​សេចក្តី​ថា​ អធិបតេយ្យ​ទាំង​ ៣​ យ៉ាង​នោះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ដោយ​ឡែក​ពី​គ្នា​ ទាំង​លោកិយ​ ទាំង​លោកុត្តរ ។

បទ​ថា​ បកុព្វតោ​ សេចក្តី​ថា​ កាល​ធ្វើ ។​ បទ​ថា​ អត្តា​ តេ​ បុរិស​ ជានាតិ​ សច្ចំ​ វា​ យទិ​ វា​ មុសា​ សេចក្តី​ថា​ អ្នក​ធ្វើ​អំពើ​ណា​ទុក​ អំពើ​នោះ​នឹង​មាន​សភាព​ពិត​ ឬ​មាន​សភាព​មិន​ពិត​ក៏​ដោយ​ ខ្លួន​អ្នក​ឯង​រមែង​ដឹង​នូវ​អំពើ​នោះ​ អ្នក​សិក្សា​គប្បី​ជ្រាប​តាម​ហេតុ ។​ ឈ្មោះ​ថា​ ទី​ដែល​កំបាំង​សម្រាប់​អ្នក​ធ្វើ​បាបកម្ម​មិន​មាន​ក្នុង​លោក ។​ បទ​ថា​ កល្យាណំ​ ប្រែ​ថា​ ល្អ ។​ បទ​ថា​ អតិមញ្ញសិ​ គឺ​ លោក​ជា​សាក្សី​ ( គឺ​ដឹង​ខ្លួន​ឯង )​ ។​ បទ​ថា​ អថ​ នំ​ បរិគុយ្ហសិ​ សេចក្ដី​ថា​ លោក​កាល​ព្យាយាម​ដោយ​គំនិត​ថា​ អញ​នឹង​បិទ​បាំង​ទុក​ដោយ​សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​ដឹង ។​

បទ​ថា​ អត្តាធិបកោ​ បាន​ដល់​ មាន​ខ្លួន​ជា​អធិបតី​ គឺ​ មាន​ខ្លួន​ជា​ធំ ។​ បទ​ថា​ លោកាធិបោ​ បាន​ដល់​ មាន​លោក​ជា​ធំ ។​ បទ​ថា​ និបកោ​ ប្រែ​ថា​ មាន​បញ្ញា ។​ បទ​ថា​ ឈាយី​ ប្រែ​ថា​ កាល​សម្លឹង​ពិនិត្យ ។​ បទ​ថា​ ធម្មាធិបោ​ បាន​ដល់​ មាន​ធម៌​ជា​ធំ ។​ បទ​ថា​ សច្ចបរក្កមោ​ បាន​ដល់​ មាន​សេចក្តី​ព្យាយាម​ទៀង​ទាត់​ គឺ​ មាន​សេចក្តី​ព្យាយាម​ដោយ​ពិត​ប្រាកដ ។​ បទ​ថា​ បសយ្ហ​ មារំ​ ប្រែ​ថា​ គ្រប​សង្កត់​មារ ។​ បទ​ថា​ អភិយ្យ​ អន្តកំ​ នេះ​ជា​វេវចនៈ​របស់​បទ​ថា​ បសយ្ហ​ មារំ​ នោះ​នុ៎ះ​ឯង ។

បទ​ថា​ យោ​ ច​ ផុសី​ ជាតិក្ខយំ​ បធានវា​ សេចក្តី​ថា​ បុគ្គល​ណា​មាន​ប្រក្រតី​សម្លឹង​ពិនិត្យ​ មាន​សេចក្តី​ព្យាយាម​គ្រប​សង្កត់​មារ​ ហើយ​ពាល់​ត្រូវ​នូវ​អរហត្តផល​ជា​សភាវៈ​អស់​ទៅ​នៃ​ជាតិ ។​ បទ​ថា​ សោ​ តាទិសោ​ បាន​ដល់​ បុគ្គលបែប​នោះ​ គឺ​​ តាំង​នៅ​ដោយ​អាការ​យ៉ាង​នោះ ។​ បទ​ថា​ លោកវិទូ​ គឺ​ ធ្វើ​លោក​ ៣​ ឱ្យ​ជាក់​ច្បាស់​ គឺ​ ឱ្យ​ប្រាកដ​ហើយ ។​ បទ​ថា​ សុមេធោ​ ប្រែ​ថា​ អ្នក​មាន​បញ្ញា​ល្អ ។​ បទ​ថា​ សព្វេសុ​ ធម្មេសុ​ អតម្មយោ​ មុនិ​ សេចក្តី​ថា​ មុនី​ គឺ​ ព្រះ​ខីណាស្រព​ ឈ្មោះ​ថា​ អតម្មយ​ ព្រោះ​មិន​មាន​តម្មយ​ ពោល​គឺ​តណ្ហា​ក្នុង​ធម៌​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​ ៣​ ទាំង​អស់​ ។​ មាន​ពាក្យ​អធិប្បាយ​ថា​ លោក​មិន​វិនាស​ មិន​សូន្យ​ទៅ​ ក្នុង​កាល​ណា​នី​មួយ​​ ក្នុង​ទី​ណា​នី​មួយ​ឡើយ ។

អានបន្ត...
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ