Search

Loading

Content

Showing posts with label ធម៌​ពួក​ ១០. Show all posts
Showing posts with label ធម៌​ពួក​ ១០. Show all posts
0 មតិ

សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ

អប្បមាទសូត្រ

[ សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ ]

557617_110796529053703_100003700701287_55527_156120841_a

  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​ទាំង​អម្បាល​ម៉ាន ទោះ​បី​មិន​មាន​ជើង​ក្តី​ មាន​ជើង​ពីរ​ក្តី​ មាន​​ជើង​បួន​ក្តី​ មាន​ជើង​ច្រើន​ក្តី​ មាន​រូប​ក្តី​ មិន​មាន​រូប​ក្តី​ មាន​សញ្ញា​ក្តី​ មិន​មាន​សញ្ញា​ក្តី​ មាន​សញ្ញា​ក៏​មិន​មែន​ មិន​មាន​សញ្ញា​​ក៏មិន​មែន​ក្តី​ ព្រះ​តថាគត​ ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ប្រាកដ​ជា​ប្រសើរ​ ជាង​ពួក​សត្វ​ទាំង​អម្បាល​នោះ​ ( យ៉ាង​ណា​មិញ )​ ម្នាល​ភិក្ខុ​ទាំង​ឡាយ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។​

សេចក្តីប្រៀប​ធៀប​នឹង​ដាន​ជើង​ដំរី

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ស្នាម​ជើង​ទាំង​ឡាយ​ណា​មួយ​ របស់​ពួក​សត្វ​ ដែល​ដើរ​លើ​ផ្ទៃ​ផែន​ដី​ ស្នាម​ជើង​ទាំង​​អស់​នោះ​ រមែង​ដល់​នូវ​ការ​ប្រជុំ​ចុះ​ ក្នុង​ស្នាម​ជើង​នៃ​ដំរី​ ស្នាម​ជើង​នៃ​ដំរី​ ប្រាកដ​ជា​ប្រសើរ​ជាង​ស្នាម​ជើង​នៃ​សត្វ​ទាំង​នោះ​ ព្រោះ​ជា​ស្នាម​ជើង​ធំ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ ជា​កុសល​​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ ជា​កុសល​ទាំង​អស់​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​បង្កង់​របស់​កូដាគារ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ដូច​ជា​បង្កង់​ទាំង​ឡាយ​ ឯណា​នីមួយ​ របស់​កូដាគារ​ ( ផ្ទះ​ដែល​គេ​សង្គ្រោះ​ដោយ​កំពូល )​ បង្កង់​ទាំង​អស់​នោះ​ ឈម​ទៅ​រក​កំពូល​ ទេរ​ទៅ​រក​កំពូល​ ប្រជុំ​ទៅ​ត្រង់​កំពូល​ កំពូល​ប្រាកដ​ជា​ប្រសើរ​ជាង​បង្កង់​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ឫស​ក្លាំ​ពាក់

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ឫស​ឈើ​ទាំង​ឡាយ​ ឯណា​នីមួយ​ ក្លិន​ឫស​ក្លាំ​ពាក់​ ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​ឫស​ឈើ​ទាំង​នោះ​ យ៉ាង​ណា​មិញ​​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។​

សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ខ្លឹម​ចន្ទន៍​ក្រហម

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ខ្លឹម​ទាំង​ឡាយ​ឯណា​នី​មួយ​ ក្លិន​ខ្លឹម​ចន្ទន៍​ក្រហម​ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​ខ្លឹម​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ផ្កា​ម្លិះ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ផ្កា​ឈើ​ទាំង​ឡាយ​ ឯណា​នី​មួយ​ ក្លិន​ផ្កា​ម្លិះ​ ប្រាកដ​ជា​ប្រសើរ​ ជាង​ក្លិន​ផ្កា​ឈើ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ស្តេច​ចក្រពត្តិ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ពួក​ស្តេច​តូចៗ​ ឯណា​នី​មួយ​ ពួក​ស្តេច​តូចៗ​ ទាំង​អស់​នោះ​ រមែង​ជា​ចំណុះ​របស់​ស្តេច​ចក្រពត្តិ​ ស្តេច​ចក្រពត្តិ​ ប្រាកដ​ជា​ប្រសើរ​ជាង​ពួក​ស្តេចតូចៗ​ ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ពន្លឺ​ព្រះ​ចន្ទ្រ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ពន្លឺ​ របស់​រូប​ផ្កាយ​ទាំង​ឡាយ​ឯណា​នីមួយ​ ពន្លឺ​ទាំង​អស់​នោះ​ មិន​បាន​ដល់​នូវ​ចំណិត​ ជា​គម្រប់​ ១៦ៗ​ ដង​ នៃ​ពន្លឺ​ព្រះ​ចន្ទ្រ​ ពន្លឺ​ព្រះ​ចន្ទ្រ​ប្រាកដ​ ជា​ប្រសើរ​ ជាង​ពន្លឺ​នៃ​រូប​ផ្កាយ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ព្រះ​អាទិត្យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀបដូច​ជា​ព្រះ​អាទិត្យ​ កាល​បើ​ភ្លៀង​ស្វាង​ ប្រាស​ចាក​ពពក​ក្នុង​សរទសម័យ​ ខ្ពស់​ផុត​ពពក​ កម្ចាត់​បង់​នូវ​ងងឹត​ទាំង​អស់​ ដែល​នៅ​លើ​អាកាស​ ហើយ​ភ្លឺ​ស្វាង​រុងរឿង​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​មហាសមុទ្រ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ទន្លេ​ធំ​ទាំង​ឡាយ​ ឯណា​នី​មួយ​ គឺ​ទន្លេ​គង្គា​ យមុនា​ អចិរវតី​ សរភូ​ មហី​ ទន្លេ​ទាំង​អស់​នោះ​ ក៏​ឈម​ទៅ​រក​សមុទ្រ​ ឱន​ទៅ​រក​សមុទ្រ​ ទេរ​ទៅ​រក​សមុទ្រ​ ញោច​ទៅ​រក​សមុទ្រ​ មហាសមុទ្រ​ ប្រាកដ​ជា​ប្រសើរ​ជាង​ទន្លេ​ធំ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កងធម៌​ ជា​កុសល​ឯណា​នីមួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។

( អប្បមាទសូត្រ បិដកលេខ ៥០​ ទំព័រ​ ៤៧-៥០ )

អដ្ឋកថា

ការាបកអប្បមាទ​ សេចក្តី​មិន​ប្រមាទ​ជា​ហេតុ​នាំ​ឲ្យ​ធ្វើ​កុសល​ គប្បី​យល់​ឃើញ​ថា​ ជា​កំពូល​នៃ​កុសលធម៌​ទាំង​ពួង​ ដូច​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ជា​កំពូល​នៃ​សត្វ​ទាំង​ពួង​ដូច្នោះ។

  សួរ​ថា៖​ ក៏​ការាបកអប្បមាទ​នោះ​ ជា​លោកិយ​ ចំណែក​កុសលធម៌​ទាំង​ឡាយ​ ជា​លោកុត្តរ​ក៏មាន​ ការាបកអប្បមាទ​នេះ​ ជា​កាមាវចរ​តែ​ម្យ៉ាង​ ចំណែក​កុសលធម៌​ទាំង​ឡាយ​ ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​ ៤​ មិន​មែន​ឬ​ ការាបកអប្បមាទ​នេះ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ​នោះ​ បាន​យ៉ាង​ដូច​ម្តេច?

  ឆ្លើយ​ថា៖​ ព្រោះ​អត្ថ​ថា​ ជា​ហេតុ​ឲ្យ​បាន ។​ ពិត​មែន​ កុសលធម៌​ទាំង​ឡាយ​នោះ​ បុគ្គល​រមែង​បាន​ដោយ​សេចក្តី​មិន​ប្រមាទ​ ព្រោះ​ហេតុ​នោះ​ សេចក្តី​មិន​ប្រមាទ​នោះ​ ទើប​ឈ្មោះ​ថា​ ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ​នោះ​ ដោយ​ហេតុ​នោះ​ ទើប​ត្រាស់​ថា​ កុសលធម៌​ទាំង​អស់​នោះ​ មាន​សេចក្តី​មិន​ប្រមាទ​ជា​ឫស​គល់ ។

អធិប្បាយ​អំពី​សេចក្តី​ប្រៀប​ធៀប​នឹង​ផ្កា​ម្លិះ

បាន​ឮ​ថា​ ព្រះ​បាទ​ភាតិយមហារាជ​ទ្រង់​ព្រះ​សណ្តាប់​សូត្រ​នេះ​ហើយ​ ទ្រង់​ប្រាថ្នា​នឹង​ពិសោធមើល​ ទើប​ឲ្យ​គេ​យក​ផ្កា​ក្រអូប​មក​អប់​ដោយ​របស់​ក្រអូប​ ៤​ ប្រភេទ​ ក្នុង​បន្ទប់​នីមួយៗ​ ដាក់​ក្តាប់​ផ្កា​ម្លិះ​ទុក​កណ្តាល​បន្ទប់​ ធ្វើ​ផ្កា​ដទៃ​ទៀត​ដែល​នៅ​សល់​ជា​ក្តាប់​ដាក់​ជុំ​វិញ​ក្តាប់​ផ្កា​ម្លិះ​នោះ​ ទ្រង់​បិទ​ទ្វារ​ហើយ​ ស្តេច​យាង​ចេញ​ទៅ​ខាង​ក្រៅ​ កាល​ទ្រង់​សម្រាក​នៅ​ខាង​ក្រៅ​មួយ​ស្របក់​ហើយ​ បើក​ទ្វារ​ស្តេច​យាង​ចូល​ទៅ​ ក្លិន​ផ្កា​ម្លិះ​ប៉ះ​នឹង​ព្រះ​នាសិក​មុន​ផ្កា​ដទៃ​ទាំង​អស់ ។​ ទ្រង់​យាង​ចុះ​ពី​ក្រឡា​ព្រះ​បន្ទំ​ ឈរ​នៅ​លើ​ព្រះ​ទែន​ធំ​នោះ​ឯង​ បែរ​ព្រះ​ភក្ត្រ​ទៅ​រក​ព្រះ​មហាចេតិយ​ ទ្រង់​ថ្វាយ​បង្គំ​ព្រះ​មហាចេតិយ​ ដោយ​ទ្រង់​ព្រម​ទទួល​ថា​ ព្រះ​សម្មាសម្ពុទ្ធ​កាល​ត្រាស់​ថា​ ក្លិន​ផ្កា​ម្លិះ​ជា​កំពូល​នៃ​បុប្ផគន្ធជាតិ​ទាំង​នោះ​ ឈ្មោះ​ថា​ ត្រាស់​ដោយ​ប្រពៃ​ហើយ ។

អានបន្ត...
0 មតិ

បុញ្ញកិរិយាវត្ថុ​ ១០

កាមាវចរកុសលចិត្ត​សូម្បី​ទាំង​អស់​ បណ្ឌិត​គប្បី​សម្ដែង​ដោយ​បុញ្ញកិរិយាវត្ថុ​ ១០​ ប្រការ​ ។​ សួរ​ថា​ សម្ដែង​យ៉ាង​ដូច​ម្ដេច?​ ឆ្លើយ​ថា​ គប្បី​សម្ដែង​ឈ្មោះ​បុញ្ញកិរិយាវត្ថុ​ទាំង​ ១០​ នេះ​ គឺ៖

១. ទានមយ​      បុញ្ញកិរិយាវត្ថុ​សម្រេច​ដោយ​ទាន​

២. សីលមយ​     បុញ្ញកិរិយាវត្ថុ​សម្រេច​ដោយ​សីល

៣. ភាវនាមយ​    បុញ្ញកិរិយាវត្ថុ​សម្រេច​ដោយ​ភាវនា

៤. អបចិតិសហគត​ បុណ្យ​ដែល​សហគតៈ​ដោយ​ការ​ឱន​លំទោន

អានបន្ត...
0 មតិ

អាឃាតប្បដិវិន័យ​ ហេតុ​កម្ចាត់​នូវ​គំនុំ​ ១០

អាឃាតប្បដិវិន័យ គឺការកម្ចាត់បង់នូវគំនុំ មាន ១០ ៗ នោះ គឺ ៖

១. អនត្ថំ  មេ  អចរិ  តំ  កុតេត្ថ  លព្ភាតិ  អាឃាតំ  បដិវិនេតិ  បុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញហើយ អាត្មាអញគប្បីបាននូវអំពើមិនជា​ប្រយោជន៍នោះ ក្នុង​បុគ្គល​នុ៎ះ​អំពី​ណា

២. អនត្ថំ  មេ  ចរតិ  តំ  កុតេត្ថ  លព្ភាតិ  អាឃាតំ  បដិវិនេតិ  បុគ្គលកម្ចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ អាត្មាអញ គប្បីបាននូវអំពើមិនជាប្រយោជន៍​នោះ ក្នុងបុគ្គលនុ៎ះ អំពីណា

អានបន្ត...
0 មតិ

អាឃាតវត្ថុ​ ហេតុ​នាំ​ឲ្យ​ចង​គំនុំ​ ១០

អាឃាតវត្ថុ គឺហេតុនៃគំនុំ មាន ១០, ហេតុទាំង ១០ នោះ គឺ ៖

១. អនត្ថំ  មេ អចរីតិ  អាឃាតំ ពន្ធតិ  បុគ្គលចងគំនុំ ដោយគិតថា ជនឯណោះ បាន​ប្រព្រឹត្តនូវអំពើមិនជា​ប្រយោជន៍ ដល់អាត្មាអញហើយ

២. អនត្ថំ  មេ  ចរតីតិ  អាឃាតំ  ពន្ធតិ  ចងគំនុំ ដោយគិតថា ជនឯណោះ កំពុង​ប្រព្រឹត្ត​នូវអំពើមិនជា​ប្រយោជន៍ ដល់​អាត្មាអញ

៣. អនត្ថំ  មេ  ចរិស្សតីតិ  អាឃាតំ  ពន្ធតិ  ចងគំនុំ ដោយគិតថា ជនឯណោះ នឹង​ប្រព្រឹត្ត​នូវអំពើ មិនជា​ប្រយោជន៍ ដល់អាត្មាអញ

អានបន្ត...
0 មតិ

កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០

ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ
១. អប្បិច្ឆកថា       និយាយអំពីសេចក្តីប្រាថ្នាតិច
២. សន្តុដ្ឋិកថា       និយាយអំពីសេចក្តីសន្តោស
៣. បវិវេកកថា      និយាយអំពីសេចក្តីស្ងប់ស្ងាត់
៤. អសំសគ្គកថា    និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ
៥. វីរិយារម្ភកថា     និយាយអំពីប្រារព្ធសេចក្តីព្យាយាម
៦. សីលកថា          និយាយអំពីសីល

អានបន្ត...
0 មតិ

ធម៌​ ១០​ ជា​អាហារ​នៃ​ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក

ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​បាន​ដោយ​កម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖
១. អនាលស្យំ  ឧដ្ឋានំ  ភោគានំ  អាហារោ  សេចក្តីមិនខ្ជិល សេចក្តី​ព្យាយាម​ ជាអាហាររបស់ភោគៈ
២. មណ្ឌនា  វិភូសនា  វណ្ណស្ស  អាហារោ  ការប្រដាប់ ការតាក់តែង ជាអាហារ​របស់ពណ៌សម្បុរ
៣. សប្បាយកិរិយា  អារោគ្យស្ស  អាហារោ  ការធ្វើនូវសេចក្តីសប្បាយ ជាអាហារ​របស់​ភាព​មិន​មាន​​រោគ

អានបន្ត...
0 មតិ

ធម៌​ ១០​ នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ ដែល​ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក

ធម៌​ ១០​ យ៉ាង នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ យ៉ាងនេះ ដែល​ជា​ទី​ប្រាថ្នា​ ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​កម្រ​​បាន​ក្នុង​លោក, ធម៌ ១០ យ៉ាងនោះ គឺ ៖

១. អាលស្យំ  អនុដ្ឋានំ  ភោគានំ  បរិបន្ថោ  ការខ្ជិល និង​ការ​មិន​ប្រឹង​ប្រែង​ នាំឲ្យអន្តរាយដល់ភោគៈ

២. អមណ្ឌនា  អវិភូសនា  វណ្ណស្ស  បរិបន្ថោ  ការមិនប្រដាប់ មិន​តាក់​តែង​ នាំឲ្យអន្តរាយដល់ពណ៌​សម្បុរ

៣. អសប្បាយកិរិយា  អារោគ្យស្ស  បរិបន្ថោ  ការ​ធ្វើ​នូវ​សេចក្តី​មិន​សប្បាយ​​ នាំ​ឲ្យ​អន្តរាយ​ដល់​ភាព​មិន​​មានរោគ

អានបន្ត...
0 មតិ

ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក

ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែល​បុគ្គល​បាន​ដោយ​កម្រ ក្នុង​លោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖

១. ភោគា          ភោគៈ

២. វណ្ណោ          ពណ៌សម្បុរ

៣. អារោគ្យំ       ការមិនមានរោគ

៤. សីលានិ        សីល

អានបន្ត...

អរិយសាវ័ក​ ​ចម្រើន​ដោយ​ធម៌​ ១០


  ធនេន  ធញ្ញេន  ច  យោធ  វឌ្ឍតិ
   បុត្តេហិ  ទារេហិ  ចតុប្បាទេហិ  ច
   ស  ភោគវា  ហោតិ  យសស្សី  បូជិតោ
   ញាតីហិ  មិត្តេហិ  អថោបិ  រាជុភិ  ។
បុគ្គល​ណា​ក្នុង​លោក​នេះ​ ចម្រើន​ដោយ​ទ្រព្យ​ផង​ ដោយ​ស្រូវ​ផង​ ដោយ​កូន​​ផង​ ដោយ​ប្រពន្ធ​ផង​ ដោយ​សត្វ​​ជើង​ ៤​ ផង​ បុគ្គល​នោះ​ឈ្មោះ​ថា​ មាន​ភោគៈ​ មាន​យស​ដែល​ពួក​ញាតិ​ និង​មិត្ត​ ព្រម​ទាំង​ស្តេច​បូជា​ហើយ ។

អានបន្ត...
0 មតិ

អភិណ្ហប្បច្ចវេក្ខណៈ​ ១០



អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖

១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បី​​ពិចារណា​រឿយៗ ថា​ អាត្មា​អញ​​កាន់​យក​នូវ​ភេទ​ដ៏​ប្លែក​ អំពី​​ភេទ​​របស់​​គ្រហស្ថ

២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ការ​ប្រព្រឹត្ត​​ចិញ្ចឹមជីវិត របស់​អាត្មាអញ​ប្រព្រឹត្ត​ជាប់​ដោយបុគ្គលដទៃ

៣. អញ្ញោ មេ​ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាកប្បកិរិយា​ផ្សេង​អំពី​គ្រហស្ថ​ អាត្មាអញគួរធ្វើ

៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​​រឿយៗ​ ថា​ អាត្មាអញ​​មិន​តិះ​ដៀល​ខ្លួន​ឯង ដោយសីលធម៌បានទេឬ ?

៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ពួក​សព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយ​សីលធម៌បានទេឬ ?

៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បី​ពិចារណារឿយៗ ថា ការ​ព្រាត់​ប្រាស​និរាស​ចាកសត្វ និងសង្ខារទាំងអស់ ដែល​ជា​ទី​ស្រឡាញ់ ជាទីគាប់ចិត្ត នៃ​អាត្មា​អញតែងមានជាធម្មតា

៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​​គប្បី​ពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មាន​កម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក​ឃើញ អាត្មា​អញនឹងធ្វើនូវកម្មណា ល្អ ឬអាក្រក់ អាត្មាអញ​គង់​នឹង​បាន​ជា​អ្នក​ទទួល​យក​នូវ​ផល នៃកម្មនោះពុំ​ខានឡើយ

៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​រឿយៗ​ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ?

៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាត្មាអញ​មាន​សេចក្តី​អភិរម្យ​ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ?

១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បីពិចារណា​រឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មាន​ដល់​អាត្មាអញដែរឬ ធម៌​ដ៏​វិសេស ដែល​គួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មា​អញ​នោះ​ សព្រហ្មចារី​ទាំង​ឡាយ​សួរ​ក្នុង​កាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ?


( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ )

ពន្យល់

ពាក្យថា​ វេវណ្ណិយំ​ ( អ្នក​មាន​ភេទ​ដ៏​ប្លែក )​ គឺ​ មាន​រូប​ប្លែក​ផ្សេង ៗ​ នោះ​ មាន​​ ២​ យ៉ាងគឺ មាន​រូប​ប្លែក​ផ្សេង​ដោយ​​សរីរៈ​ ១​ មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​បរិក្ខារ​ ១ ។ បណ្តា​រូប​ប្លែក​ផ្សេង​ទាំង​ ២​ យ៉ាង​នោះ​ ការ​​មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​​សរីរៈ​ គប្បី​ជ្រាប​ដោយ​ការ​កោរ​សក់​ និង​ពុក​មាត់ ។​ ក៏​​កាល​​មុន​​នឹង​​បួស​ សូម្បី​​ស្លៀក​​សំពត់​ ក៏​ត្រូវ​ប្រើ​សំពត់​សាច់​​ល្អិត​ ជ្រលក់​ពណ៌​ផ្សេងៗ​ សូម្បី​​​បរិភោគ​​ក៏​ត្រូវ​​បរិភោគ​​អាហារ​ឆ្ងាញ់ៗ​ ដាក់​លើ​ភាជន៍​មាស​ និង​ប្រាក់​ សូម្បី​​ដេក​ ឬ​​អង្គុយ​​ក៏​​ត្រូវ​ដេក​ ឬ​អង្គុយ​លើ​ទី​ដេក​ ទី​អង្គុយ​យ៉ាង​​ល្អ​ប្រណីត ​ក្នុង​​បន្ទប់​ស្រស់​ស្អាត ​សូម្បី​ផ្សំ​ថ្នាំ​ក៏​ត្រូវ​ប្រើ​ទឹក​ដោះ​​ថ្លា​ ទឹក​ដោះ​ខាប់​ជា​ដើម​ ប៉ុន្តែ​​​ចាប់​​តាំង​​ពី​​បួស​​ហើយ​ ចាំ​បាច់​ត្រូវ​ស្លៀក​សំពត់​កាត់​ដាច់​ ដេរ​ភ្ជាប់ ជ្រលក់​ដោយទឹក​អម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬ​បាត្រដី ចាំបាច់​ត្រូវ​ដេក​លើ​គ្រែដែលក្រាលដោយកម្រាល​ស្មៅជាដើម ក្នុង​សេនាសនៈ​មាន​គល់​ឈើ​ជា​ដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និង​កន្ទេល​ផែងជាដើម ចាំ​បាច់​ត្រូវ​ផ្សំ​ថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បី​ជ្រាប​ភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុង​សេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែង​លះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់​ចោល​បាន ។

ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិត​គប្បី​ពិចារណា​យ៉ាង​នេះ​ថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថ​ក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជា​អ្នក​គោរពកោតក្រែង​ក្នុងបិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។

ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិត​គប្បី​ពិចារណា​ថា អាកប្បកិរិយាដើរឯណារបស់​ពួកគ្រហស្ថ គឺ​ការ​ឈាន​ជើង​ដោយ​មិនកំណត់ ការអើត-ក អាត្មាអញ​គប្បី​ធ្វើ​អាកប្បកិរិយា​ឲ្យ​ប្លែក​ផ្សេង​អំពី​អាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មាន​ចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិន​ឈាន​ជើង​វែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះ​ថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។

ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះ​សីល​ជា​បច្ច័យយ៉ាងនេះថា សីលរបស់អាត្មា​អញមិនបរិបូណ៌ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យ​កើត​ឡើង​ខាង​​ក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តី​សង្រួម​ក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិសុទ្ធិសីល បព្វជិត​ដែល​តាំង​នៅ​ក្នុង​ចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែងសម្រេចព្រះអរហត្តបាន ។

ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួក​សព្រហ្មចារី​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តី​ខ្លាច​បាប​ខាង​ក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែង​ឲ្យ​សម្រេច​សេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាប​សេចក្តីបន្តមកទៀត ( គឺ​រមែង​ញ៉ាំង​ចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។

ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះ​ព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះ​ថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការ​​រលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។

ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺ​ជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។

ពាក្យថា​ កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេច​ហើយ គឺអាត្មាអញកំពុងធ្វើវត្តប្បដិបត្តិ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬមិនទាន់បានទន្ទេញទេ បាន​ធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ សេចក្តីមិន​ប្រមាទ រមែងបរិបូណ៌ ។

ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញ​នៅ​តែ​ម្នាក់​ឯង​គ្រប់​ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តី​ត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។

ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជា​មនុស្សដ៏ក្រៃលែង ជា​មនុស្ស​ឧត្តម​ខ្ពង់​ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺ​កុសលកម្មបថ​ ១០ មាន គឺ មាននៅក្នុងសន្តានរបស់អាត្មាអញហើយឬនៅ ។

ពាក្យ​ថា​ បុដ្ឋោ​ បាន​ដល់​ ត្រូវ​មិត្ត​​សព្រហ្មចារី​​សួរ​​ដល់​​គុណ​វិសេស​​ដែល​​ខ្លួន​​សម្រេច ។ ពាក្យ​​ថា​ ន​ មង្កុ​ ភវិស្សាមិ​ បាន​ដល់​ អាត្មា​អញ​នឹង​មិន​ជា​​អ្នក​​អឹម​អៀម​ ឱន-​ក​ចុះ អស់​អំណាច​ ។​ ព្រោះ​ថា​ បព្វជិត​​កាល​​ពិចារណា​​យ៉ាង​​នេះ​ រមែង​មិន​ឈ្មោះ​ថា​ ស្លាប់​​ដោយ​ឥត​អំពើ ៕
អានបន្ត...

សាច់​ដែល​ព្រះមាន​ព្រះ​ភាគ​ទ្រង់​ហាម​ឃាត់​ ១០

សាច់ដែលព្រះមានព្រះភាគ ទ្រង់ហាមឃាត់មិនឲ្យភិក្ខុសាមណេរឆាន់ លោក​ហៅថា អកប្បិយមំសៈ មានន័យ​ថា សាច់ដែលមិនគួរ; អកប្បិយមំសៈ​នោះ មាន ១០ យ៉ាង គឺ

១. មនុស្សមំសំ      សាច់មនុស្ស

២. ហត្ថិមំសំ         សាច់ដំរី

៣. អស្សមំសំ       សាច់សេះ

៤. សុនខមំសំ      សាច់ឆ្កែ

អានបន្ត...

អំណាចប្រយោជន៍ ១០

ព្រះតថាគត បញ្ញត្តសិក្ខាបទ សម្តែងឡើងនូវបាតិមោក្ខ ដល់​សាវ័ក​ទាំង​ឡាយ​ ព្រោះ​អាស្រ័យ​អំណាចប្រយោជន៍ ១០ យ៉ាង គឺ

១. សង្ឃសុដ្ឋុតាយ                                ដើម្បីសេចក្តីល្អនៃសង្ឃ

២. សង្ឃផាសុតាយ                              ដើម្បីនៅសប្បាយនៃសង្ឃ

៣. ទុម្មង្កូនំ  បុគ្គលានំ  និគ្គហាយ        ដើម្បីសង្កត់សង្កិននូវបុគ្គល​ទាំង​ឡាយ ​ដែល​ទ្រុស្តសីល

៤. បេសលានំ  ភិក្ខូនំ  ផាសុវិហារាយ   ដើម្បីនៅជាសុខស្រួលនៃ​ភិក្ខុ​ទាំង​ឡាយ ​ដែលមានសីល​ជាទីស្រឡាញ់

អានបន្ត...
0 មតិ

បន្លា​ ១០

កណ្តកោ បន្លា មាន ១០ យ៉ាង គឺ

១. បវិវេការាមស្ស  សង្គណិការាមតា  កណ្តកោ  សភាពជាអ្នក​ត្រេក​អរ​ក្នុង​ពួកគណៈ ជាបន្លា​របស់បុគ្គលដែលមាន​សេចក្តី​ស្ងប់​ស្ងាត់​ជា​ទីត្រេកអរ

២. អសុភនិមិត្តានុយោគំ អនុយុត្តស្ស សុភនិមិត្តានុយោគោ ​កណ្តកោ​ ការប្រកបរឿយៗ នូវ​សុភនិមិត្ត ជាបន្លារបស់​បុគ្គល​ដែល​ប្រកប​រឿយៗ​ នូវ​អសុភនិមិត្ត

៣. ឥន្ទ្រិយេសុ  គុត្តទ្វារស្ស  វិសូកទស្សនំ  កណ្តកោ  ការ​មើល​នូវ​សត្រូវ​ គឺ​ល្បែង​ផ្សេងៗ ជាបន្លា​របស់បុគ្គល មានទ្វារគ្រប់គ្រងហើយ ក្នុង​ឥន្ទ្រិយទាំងឡាយ

៤. ព្រហ្មចរិយស្ស  មាតុគ្គាមុបចារោ  កណ្តកោ  ការត្រាច់ទៅជិត​មាតុគ្រាម ជា​បន្លារបស់ព្រហ្មចរិយៈ

អានបន្ត...
0 មតិ

សញ្ញា​ ១០

សញ្ញា ១០ ប្រការ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយ មានផលច្រើន មាន​​អានិសង្ស​ច្រើន ឈមទៅ​កាន់អមតៈ មានអមតៈជាបរិយោសាន, សញ្ញា ១០ ប្រការ​នោះ​ គឺ៖

១. អសុភសញ្ញា         សម្គាល់ថាមិនស្អាត

២. មរណសញ្ញា         សម្គាល់ក្នុងសេចក្តីស្លាប់

៣. អាហារេ បដិកូលសញ្ញា សម្គាល់ថា គួរខ្ពើមរអើមក្នុងអាហារ

៤. សព្វលោកេ អនភិរតសញ្ញា សេចក្តីសម្គាល់ថា មិនគួរ​ត្រេកអរ​ក្នុង​លោក​ទាំង​អស់

៥. អនិច្ចសញ្ញា           សម្គាល់ថាមិនទៀង

៦. អនិច្ចេ ទុក្ខសញ្ញា   សម្គាល់ថា ជាទុក្ខក្នុងរបស់មិនទៀង

៧. ទុក្ខេ អនត្តសញ្ញា   សម្គាល់ថា មិនមែនខ្លួនក្នុងរបស់ដែលជាទុក្ខ

៨. បហានសញ្ញា          សម្គាល់ថា គួរលះបង់

៩. វិរាគសញ្ញា           សម្គាល់ការប្រាសចាកតម្រេក

១០. និរោធសញ្ញា        សម្គាល់ការរលត់

ន័យម្យ៉ាងទៀត សញ្ញា ១០ ប្រការ គឺ៖

១-៥. អនិច្ចសញ្ញា, អនត្តសញ្ញា, មរណសញ្ញា, អាហារេ បដិកូលសញ្ញា, សព្វលោកេ អនភិរតសញ្ញា

៦. អដ្ឋិកសញ្ញា            សម្គាល់អសុភដែលមានតែរាងឆ្អឹង

៧. បុឡុវកសញ្ញា          សម្គាល់អសុភដែលមានដង្កូវចុះ

អានបន្ត...
0 មតិ

អសទ្ធម្ម​ ១០

អសទ្ធម្ម មាន ១០ យ៉ាង គឺ ៖

១. ធំសី             ជាអ្នកកម្ចាត់បង់ ( នូវគុណ )

២. បគព្ភោ         ជាអ្នកក្រអឺតក្រអោង

៣. តិន្តិណោ      ជាអ្នកមានសេចក្តីរវះរវាម [ ឃើញតែពីស៊ី ]

៤. មហគ្ឃសោ   ជាអ្នកស៊ីច្រើន

៥. លុទ្ទោ           ជាមនុស្សអាក្រក់

៦. អការុណិកោ  ជាអ្នកមិនមានសេចក្តីករុណា

៧. ទុព្វលោ        ជាអ្នកមានកម្លាំងថយ

៨. ឱរវី               ជាអ្នកមានសំឡេងអាក្រក់

៩. មុដ្ឋស្សតិ        ជាអ្នកមានស្មារតីវង្វេង

១០. នេចយិកោ  ជាអ្នកធ្វើនូវការសន្សំ

ន័យម្យ៉ាងទៀត អសទ្ធម្ម មាន ១០ យ៉ាងដទៃទៀត គឺ ៖

១. អស្សទ្ធា     មិនមានសទ្ធា

២. ទុស្សីលា    ជាអ្នកទ្រុស្តសីល

៣. អហិរិកា     មិនមានហិរិ

៤. អនោត្តប្បិនោ  មិនមានឱត្តប្បៈ

៥. អសប្បុរិសភត្តិនោ  ជាអ្នកមានអសប្បុរសជាមិត្រ

៦. អត្តុក្កំសកបរវម្ភកា  ជាអ្នកតម្កើងខ្លួនឯង ហើយបង្អាប់បុគ្គលដទៃ

៧. សន្ទិដ្ឋិបរាមាសី អាទានគ្គាហី ទុប្បដិនិស្សគ្គិនោ ជាអ្នកស្ទាបអង្អែល ក្នុង​ទិដ្ឋិ​របស់​ខ្លួន ជាអ្នកប្រកាន់មាំ ជា​អ្នកលះបង់នូវអំពើ ដែលខ្លួនប្រកាន់ បានដោយកម្រ

៨. កុហកា       ជាអ្នកកុហក

៩. បាបិច្ឆា       ជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក

១០. មិច្ឆាទិដ្ឋិកា ជាអ្នកមានទិដ្ឋិខុស

( បិដកខ្មែរ លេខ ៥០ ទំព័រ ៣២៥-៣២៦ )

អានបន្ត...
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ