Search

Loading

Content

Showing posts with label ធម៌​ពួក​ ៧. Show all posts
Showing posts with label ធម៌​ពួក​ ៧. Show all posts
0 មតិ

វិញ្ញាណដ្ឋិតិ​ ទី​តាំង​នៃ​វិញ្ញាណ​ ៧

វិញ្ញាណដ្ឋិតិ​ ទី​តាំង​នៃ​វិញ្ញាណ​ មាន​ ៧​ យ៉ាង​ គឺ៖

១. សន្ដាវុសោ​  សត្តា​  នានត្តកាយា​  នានត្តសញ្ញិនោ​  សេយ្យថាបិ​  មនុស្សា​  ឯកច្ចេ​  ច​  ទេវា​  ឯកច្ចេ​  ច​  វិនិបាតិកា​  អយំ​  បឋមា​  វិញ្ញាណដ្ឋិតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ មាន​ពួក​សត្វ​មាន​កាយ​ផ្សេង​គ្នា​ មាន​សញ្ញា​ផ្សេង​គ្នា​ ដូច​ពួក​មនុស្ស​ ទេវតា​ពួក​ខ្លះ​ និង​វិនិបាតិកៈ​ពួក​ខ្លះ​ នេះ​ជា​វិញ្ញាណដ្ឋិតិ​ទី​ ១

២. សន្ដាវុសោ​  សត្តា​  នានត្តកាយា​  ឯកត្តសញ្ញិនោ​  សេយ្យថាបិ​  ទេវា​  ព្រហ្មកាយិកា​  បឋមាភិនិព្វត្តា​  អយំ​  ទុតិយា​  វិញ្ញាណដ្ឋិតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ មាន​ពួក​សត្វ​មាន​កាយ​ផ្សេង​គ្នា​ មាន​សញ្ញា​ដូច​គ្នា​ ដូច​ទេវតា​ក្នុង​ពួក​ព្រហ្ម​ដែល​កើត​ក្នុង​ជាន់​បឋមជ្ឈានភូមិ​ នេះ​ជា​វិញ្ញាណដ្ឋិតិ​ទី​ ២

៣. សន្តាវុសោ​  សត្តា​  ឯកត្តកាយា​  នានត្តសញ្ញិនោ​  សេយ្យថាបិ​  ទេវា​  អាភស្សរា​  អយំ​  តតិយា​  វិញ្ញាណដ្ឋិតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ មាន​ពួក​សត្វ​មាន​កាយ​ដូច​គ្នា​ មាន​សញ្ញា​ផ្សេង​គ្នា​ ដូច​ពួក​ទេវតា​ក្នុង​ជាន់​អាភស្សរៈ​ នេះ​ជា​វិញ្ញាណដ្ឋិតិ​ទី​ ៣

៤. សន្ដាវុសោ​  សត្តា​  ឯកត្តកាយា​  ឯកត្តសញ្ញិនោ​  សេយ្យថាបិ​  ទេវា​  សុភកិណ្ហា​  អយំ​  ចតុត្ថា​  វិញ្ញាណដ្ឋិតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ មាន​ពួក​សត្វ​មាន​កាយ​ដូច​គ្នា​ មាន​សញ្ញា​ដូច​គ្នា​ ដូច​ពួក​ទេវតា​ក្នុង​ជាន់​សុភកិណ្ហៈ​ នេះ​ជា​វិញ្ញាណដ្ឋិតិ​ទី​ ៤

៥. សន្តាវុសោ​  សត្តា​  សព្វសោ​  រូបសញ្ញានំ​  សមតិក្កមា​  បដិឃសញ្ញានំ​  អត្ថង្គមា​  នានត្តសញ្ញានំ​  អមនសិការា​  អនន្តោ​  អាកាសោតិ​  អាកាសានញ្ចាយតនូបគា​  អយំ​  បញ្ចមី​  វិញ្ញាណដ្ឋិតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ មាន​ពួក​សត្វ​ចូល​កាន់​អាកាសានញ្ចាយតនជ្ឈាន​ដោយ​គិត​ថា​ អាកាស​មិន​មាន​ទី​បំផុត​ ព្រោះ​កន្លង​បង់​នូវ​ពួក​រូបសញ្ញា​ ព្រោះ​វិនាស​ទៅ​នៃ​ពួក​បដិឃសញ្ញា​ ព្រោះ​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវ​ពួក​នានត្តសញ្ញា​ ដោយ​ប្រការ​ទាំង​ពួង​ នេះ​ជា​វិញ្ញាណដ្ឋិតិ​ទី​ ៥

៦. សន្តាវុសោ​  សត្តា​  សព្វសោ​  អាកាសានញ្ចាយតនំ​  សមតិក្កម្ម​  អនន្តំ​  វិញ្ញាណន្តិ​  វិញ្ញាណញ្ចាយតនូបគា​  អយំ​  ឆដ្ឋី​  វិញ្ញាណដ្ឋិតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ មាន​ពួក​សត្វ​កន្លង​បង់​នូវ​អាកាសានញ្ចាយតនជ្ឈាន​ដោយ​ប្រការ​ទាំង​ពួង​ ហើយ​ចូល​កាន់​វិញ្ញាណញ្ចាយតនជ្ឈាន​ដោយ​គិត​ថា​​ វិញ្ញាណ​មិន​មាន​ទី​បំផុត​ នេះ​ជា​វិញ្ញាណដ្ឋិតិ​ទី​ ៦

៧. សន្ដាវុសោ​  សត្តា​  សព្វសោ​  វិញ្ញាណញ្ចាយតនំ​  សមតិក្កម្ម​  នត្ថិ​  កិញ្ចីតិ​  អាកិញ្ចញ្ញាយតនូបគា​  អយំ​  សត្តមី​  វិញ្ញាណដ្ឋិតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ មាន​ពួក​សត្វ​ កន្លង​បង់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន​ដោយ​ប្រការ​ទាំង​ពួង​ ហើយ​ចូល​កាន់​អាកិញ្ចញ្ញាយតនជ្ឈាន​ ដោយ​គិត​ថា​ វត្ថុ​តិច​តួច​មិន​មាន​ នេះ​ជា​វិញ្ញាណដ្ឋិតិ​ទី​ ៧

( បិដក​លេខ​ ១៩​ ទំព័រ​ ២១៣-៤ )

អានបន្ត...
0 មតិ

ធម្មញ្ញូសូត្រ

( ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៧​ ប្រការ​ គួរ​ទទួល​ការ​បូជា )

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៧​ យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា​ ។ល។​ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វ​លោក ។​ ប្រកប​ដោយ​ធម៌​ ៧​ យ៉ាង​ តើ​អ្វី​ខ្លះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នក​ដឹង​នូវ​ធម៌​ ១​ ដឹង​នូវ​អត្ថ​ ( របស់​ធម៌ )​ ១​ ដឹង​ខ្លួន​ ១​ ដឹង​នូវ​ប្រមាណ​ក្នុង​ ( ភោជន )​ ១​ ដឹង​កាល​គួរ​ ១​ ដឹង​បរិស័ទ​ ១​ ដឹង​បុគ្គល​ដែល​គួរ​គប់​រក​ ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ភិក្ខុ​ជា​អ្នក​ដឹង​នូវ​ធម៌​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​នូវ​ធម៌​ គឺ​ សុត្តៈ​ គេយ្យៈ​ វេយ្យាករណៈ​ គាថា​ ឧទានៈ​ ឥតិវុត្តកៈ​ ជាតកៈ​ អព្ភូតធម្មៈ​ វេទល្លៈ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​គប្បី​ដឹង​នូវ​ធម៌​ គឺ​ សុត្តៈ​ …​ វេទល្លៈ​ទេ​ តថាគត​មិន​គប្បី​ហៅ​ថា​ ជា​អ្នក​ដឹង​នូវ​ធម៌​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ឯ​ភិក្ខុ​ដឹង​នូវ​ធម៌​ គឺ​ សុត្តៈ​ …​ វេទល្លៈ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​នូវ​ធម៌​ ភិក្ខុ​ជា​អ្នក​ដឹង​នូវ​ធម៌​ យ៉ាង​នេះ​ឯង ។

ចុះ​ភិក្ខុ​ជា​អ្នក​ដឹង​នូវ​អត្ថ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​នូវ​អត្ថ​នៃ​ភាសិត​នោះៗ​ ថា​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​នូវ​អត្ថ​ នៃ​ភាសិត​នោះៗ​ ថា​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​នូវ​អត្ថ​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ឯ​ភិក្ខុ​ ដឹង​នូវ​អត្ថ​របស់​ភាសិត​នុ៎ះ​ៗ​ ថា​ នេះ​ជា​អត្ថ​របស់​ភាសិត​នេះ​ នេះ​ជា​អត្ថ​របស់​ភាសិត​នេះ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​នូវ​អត្ថ​ អ្នក​ដឹង​នូវ​ធម៌​ ដឹង​នូវ​អត្ថ​ យ៉ាង​នេះ​ឯង ។​

ចុះ​ភិក្ខុ​អ្នក​ដឹង​ខ្លួន​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​ខ្លួន​ថា​ អាត្មា​អញ​ជា​អ្នក​ប្រកប​ដោយ​សទ្ធា​ មាន​សីលៈ​ សុតៈ​ ចាគៈ​ បញ្ញា​ បដិភាណៈ​ ត្រឹម​ប៉ុណ្ណេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​ខ្លួន​ថា​ អាត្មា​អញ​ជា​អ្នក​ប្រកប​ដោយ​សទ្ធា​ សីលៈ​ សុតៈ​ ចាគៈ​ បញ្ញា​ បដិភាណៈ​ ត្រឹម​ប៉ុណ្ណេះ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​ខ្លួន​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​ អ្នក​ដឹង​ខ្លួន​ថា​ អាត្មា​អញ​ជា​អ្នក​ប្រកប​ដោយ​សទ្ធា​ សីលៈ​ សុតៈ​ ចាគៈ​ បញ្ញា​ បដិភាណៈ​ ត្រឹម​ប៉ុណ្ណេះ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​ខ្លួន​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ យ៉ាង​នេះ​ឯង ។

ចុះ​ភិក្ខុ​អ្នក​ដឹង​ប្រមាណ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​ប្រមាណ​ក្នុង​ការ​ទទួល​នូវ​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​ប្រមាណ​ក្នុង​ការ​ទទួល​ចីវរ​បិណ្ឌបាត​សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​ប្រមាណ​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​ដឹង​ប្រមាណ​ ក្នុង​ការ​ទទួល​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​ប្រមាណ​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ ដឹង​ប្រមាណ​ យ៉ាង​​នេះ​ឯង ។​

ចុះ​ភិក្ខុ​អ្នក​ដឹង​នូវ​កាល​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​នូវ​កាល​ថា​ នេះ​ជា​កាល​គួរ​រៀន​បាលី​ នេះ​ជា​កាល​គួរ​សាក​សួរ​ នេះ​ជា​កាល​គួរ​ប្រកប​ នេះ​ជា​កាល​គួរ​ពួន​សម្ងំ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​នូវ​កាល​ថា​ នេះ​ជា​កាល​គួរ​រៀន​បាលី​ នេះ​ជា​កាល​គួរ​សាក​សួរ​ នេះ​ជា​កាល​គួរ​ប្រកប​ នេះ​ជា​កាល​គួរ​ពួន​សម្ងំ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​កាល​ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​អ្នក​ដឹង​នូវ​កាល​ថា​ នេះ​ជា​កាល​គួរ​រៀន​បាលី​ នេះ​ជា​កាល​គួរ​សាក​សួរ​ នេះ​ជា​កាល​គួរ​ប្រកប​ នេះ​ជា​កាល​គួរ​ពួន​សម្ងំ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​​ អ្នក​ដឹង​នូវ​កាល​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ ដឹង​ប្រមាណ​ ដឹង​កាល​យ៉ាង​នេះ​ឯង ។​

ចុះ​ភិក្ខុ​អ្នក​ដឹង​បរិស័ទ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​បរិស័ទ​ថា​ នេះ​ជា​ខត្តិយបរិស័ទ​ នេះ​ជា​ព្រាហ្មណបរិស័ទ​ នេះ​ជា​គហបតិបរិស័ទ​ នេះ​ជា​សមណបរិស័ទ​ អាត្មា​អញ​គួរ​ចូល​ទៅ​រក​យ៉ាង​នេះ​ គួរ​ឈរ​យ៉ាង​នេះ​ គួរ​ធ្វើ​យ៉ាង​នេះ​ គួរ​អង្គុយ​យ៉ាង​នេះ​ គួរ​និយាយ​យ៉ាង​នេះ​ គួរ​ស្ងៀម​យ៉ាង​នេះ​ ចំពោះ​បរិស័ទ​ទាំង​នុ៎ះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​បរិស័ទ​ថា​ នេះ​ជា​ខត្តិយបរិស័ទ​ …​ គួរ​ស្ងៀម​យ៉ាង​នេះ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​បរិស័ទ​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​ដឹង​បរិស័ទ​ថា​ នេះ​ជា​ខត្តិយបរិស័ទ​ …​ គួរ​ស្ងៀម​យ៉ាង​នេះ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​បរិស័ទ​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ ដឹង​ប្រមាណ​ ដឹង​កាល​ ដឹង​បរិស័ទ​ យ៉ាង​នេះ​ឯង ។

ចុះ​ភិក្ខុ​ដឹង​បុគ្គល​ដែល​គួរ​គប់​រក​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ រមែង​ដឹង​​ច្បាស់​នូវ​បុគ្គល​ពីរ​ពួក​ ឯ​បុគ្គល​ពីរ​ពួក​ គឺ​ មួយ​ពួក​ ជា​អ្នក​ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ មួយ​ពួក​ មិន​ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ ។​ បុគ្គល​ណា​ មិន​ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ គឺ​ មួយ​ពួក​ ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ មួយ​ពួក​ មិន​ចង់​ស្តាប់​ព្រះ​សទ្ធម្ម ។​ បុគ្គល​ណា​ មិន​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ​ ។​ បុគ្គល​ណា​ ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ចង់​ស្តាប់​នូវ​ព្រះ​សទ្ធម្ម​ គឺ​បុគ្គល​មួយ​ពួក​ មាន​ត្រចៀក​ ផ្ទៀង​ស្តាប់​នូវ​ធម៌​ បុគ្គល​មួយ​ពួក​ មាន​ត្រចៀក​ មិន​ផ្ទៀង​ស្តាប់​នូវ​ធម៌ ។​ បុគ្គល​ណា​ មាន​ត្រចៀក​ មិន​ផ្ទៀង​ស្តាប់​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ មាន​ត្រចៀក​ ផ្ទៀង​ស្តាប់​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាងនេះ ។​ បុគ្គល​ពីរ​ពួក​ មាន​ត្រចៀក​ ផ្ទៀង​ស្តាប់​នូវ​ធម៌​ គឺ​ មួយ​ពួក​ ស្តាប់​ហើយ​ចាំ​ទុក​នូវ​ធម៌​ មួយ​ពួក​ ស្តាប់​ហើយ​មិន​ចាំ​ទុក​នូវ​ធម៌ ។​ បុគ្គល​ណា​ ស្តាប់​ហើយ​ មិន​ចាំ​ទុក​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ស្តាប់​ហើយ​ចាំ​ទុក​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។ បុគ្គល​ពីរ​ពួក​ ស្តាប់​ហើយ​ចាំ​ទុក​នូវ​ធម៌​គឺ​ មួយ​ពួក​ ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ មួយ​ពួក​ មិន​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ទេ ។​ បុគ្គល​ណា​ មិន​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ គឺ​មួយ​ពួក​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ មួយ​ពួក​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​មិន​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌ ។​ បុគ្គល​ណា​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​មិ​ន​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ បុគ្គល​នោះ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ គឺ​មួយ​ពួក​ប្រតិបត្តិ​ ដើម្បី​ប្រយោជន៍៍​ខ្លួន​ មិន​ប្រតិបត្តិ​ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ មួយ​ពួក​ ប្រតិបត្តិ​ដើម្បិ​ប្រយោជន៍​ខ្លួន​ផង​ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង ។​ បុគ្គល​ណា​ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ដឹង​ច្បាស់​បុគ្គល​ពីរ​ពួក​ យ៉ាង​នេះ​ឯង ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ជា​អ្នក​ដឹង​នូវ​បុគ្គល​ដែល​គួរ​គប់​រក​ យ៉ាង​នេះ​ឯង ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៧​ យ៉ាង​នេះ​ ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា​ ។ល។​ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ របស់​សត្វ​លោក ។

អដ្ឋកថា​ធម្មញ្ញូសូត្រ

ធម្មញ្ញូសូត្រ​ មាន​សេចក្តី​វិនិច្ឆ័យ​ដូច​តទៅ​នេះ៖

បទ​ថា​ កាលំ​ ជានាតិ​ សេចក្តី​ថា​ ស្គាល់​កាល​ដែល​គួរ​នឹង​មក​ដល់​ ។​ បទ​ថា​ អយំ​ កាលោ​ ឧទ្ទេសស្ស​ សេចក្តី​ថា​ នេះ​ជា​ពេល​រៀន​ព្រះ​ពុទ្ធវចនៈ ។​ បទ​ថា​ បរិបុច្ឆាយ​ សេចក្តី​ថា​ ជា​ពេល​​សាក​សួរ​អំពី​ប្រយោជន៍​ និង​មិន​មែន​ជា​ប្រយោជន៍​ ហេតុ​ និង​មិន​មែន​ហេតុ ។​ បទ​ថា​ យោគស្ស​ សេចក្តី​ថា​ ដើម្បី​ដាក់​កិច្ច​ក្នុង​ការ​ប្រកប​សេចក្តី​ព្យាយាម ។​ បទ​ថា​ បដិសល្លា-នស្ស សេចក្តី​ថា​ ដើម្បី​គេចពួន​ ដើម្បី​នៅ​តែ​ម្នាក់​ឯង ។​ បទ​ថា​ ធម្មានុធម្មបដិបន្នោ​ សេចក្តី​ថា​ ជា​អ្នក​បដិបត្តិ​បដិបទា​ដែល​ជា​ចំណែក​ខាង​ដើម​ ដែល​ជា​ធម៌​ដ៏​សម​គួរ​ ដល់​លោកុត្តរធម៌​ ៩ ។​

ពាក្យ​ថា​ ឯវំ​ ខោ​ ភិក្ខុ​ បុគ្គលបរោបរញ្ញូ​ ហោតិ​ សេចក្តី​ថា​ ភិក្ខុ​រមែង​ជា​អ្នក​អាច​ដឹង​ភាព​ចាស់​ក្លា​ និង​ទន់​ខ្ចី​ របស់​បុគ្គល​ទាំង​ឡាយ​ ដោយ​ប្រការ​ដូច្នេះ ៕

អានបន្ត...
0 មតិ

អរិយទ្រព្យ​ ៧

215057_10150255509388717_243843828716_7620304_4214155_n

អរិយធន​ អរិយទ្រព្យ​មាន​ ៧​ យ៉ាង​ គឺ៖

១. សទ្ធាធនំ​  ទ្រព្យ​គឺ​សទ្ធា

២. សីលធនំ​  ទ្រព្យ​គឺ​សីល

៣. ហិរិធនំ​     ទ្រព្យ​គឺ​ហិរិ

៤. ឱត្តប្បធនំ​  ទ្រព្យ​គឺ​ឱត្តប្បៈ

៥. សុតធនំ​     ទ្រព្យ​គឺ​សុតៈ

៦. ចាគធនំ​     ទ្រព្យ​គឺ​ចាគៈ

៧. បញ្ញាធនំ​   ទ្រព្យ​គឺ​បញ្ញា

( បិដក​លេខ​ ១៩​ ទំព័រ​ ២១០ )

សទ្ធាធនំ​  សីលធនំ​                    ហិរី​  ឱត្តប្បិយំ​  ធនំ

សុតធនញ្ច​  ចាគោ​  ច​                បញ្ញា​  វេ​  សត្តមំ​  ធនំ ។

យស្ស​  ឯតា​  ធនា​  អត្ថិ​              ឥត្ថិយា​  បុរិសស្ស​  វា

អទឡិទ្ទោតិ​  តំ​  អាហុ​                អមោឃំ​  តស្ស​  ជីវិតំ ។

តស្មា​  សទ្ធញ្ច​  សីលញ្ច​             បសាទំ​  ធម្មទស្សនំ

អនុយុញ្ជេថ​  មេធាវី​                    សរំ​  ពុទ្ធាន​  សាសនំ ។

ទ្រព្យ​គឺ​សទ្ធា​ ទ្រព្យ​គឺ​សីល​ ទ្រព្យ​គឺ​ហិរិ​ ទ្រព្យ​គឺ​ឱត្តប្បៈ​ ទ្រព្យ​គឺ​សុតៈ​ ទ្រព្យ​គឺ​ចាគៈ​ ទ្រព្យ​គឺ​បញ្ញា​ ជា​គម្រប់​ ៧ ។​ បុគ្គល​ណា​ ទោះ​ស្ត្រី​ក្ដី​ បុរស​ក្ដី​ មាន​ទ្រព្យ​ទាំង​នេះ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ហៅ​បុគ្គល​នោះ​ថា​ជា​អ្នក​មិន​ទ័ល​ក្រ​ឡើយ​ ការ​រស់​នៅ​របស់​បុគ្គល​នោះ​ មិន​សោះ​សូន្យ​ឡើយ ។​ ហេតុ​នោះ​ អ្នក​ប្រាជ្ញ​ កាល​រលឹក​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ទាំង​ឡាយ​ គប្បី​ប្រកប​រឿយៗ​ នូវ​សទ្ធា​ សីល​ សេចក្ដី​ជ្រះ​ថ្លា​ និង​ការ​ឃើញ​នូវ​ធម៌ ។

( បិដក​លេខ​ ៤៧​ ទំព័រ​ ៧ )

បណ្ដា​បទ​ទាំង​នោះ​ ទ្រព្យ​គឺ​សទ្ធា​ ឈ្មោះ​ថា​ សទ្ធាធនំ​ ដោយ​អត្ថ​ថា​ បាន​ចំពោះ​នូវ​សម្បត្តិ ។​ ក្នុង​បទ​ទាំង​ពួង​ ក៏​មាន​ន័យ​ដូច​គ្នា ។​ ក៏​បណ្ដា​អរិយទ្រព្យ​ទាំង​នេះ​ ទ្រព្យ​គឺ​បញ្ញា​ប្រសើរ​ជាង​ទ្រព្យ​ទាំង​ពួង​ ។​ ព្រោះ​ថា​ សត្វ​ទាំង​ឡាយ​តាំង​នៅ​ក្នុង​បញ្ញា​ហើយ​ បំពេញ​សុចរិត​ ៣​ សីល​ ៥​ សីល​ ១០​ ឱ្យ​បរិបូណ៌​ រមែង​ចូល​ដល់​សួគ៌​ គឺ​ រមែង​ចាក់​ធ្លុះ​ នូវ​សាវកបារមីញាណ​ បច្ចេកពោធិញ្ញាណ​ និង​សព្វញ្ញុតញ្ញាណ​បាន ។​ បញ្ញា​ លោក​ហៅ​ថា​ ទ្រព្យ​គឺ​បញ្ញា​ ព្រោះ​ជា​ហេតុ​នៃ​ការ​បាន​ចំពោះ​នូវ​សម្បត្តិ​ទាំង​អស់​នេះ ។​ ក៏​អរិយទ្រព្យ​ទាំង​ ៧​ ប្រការ​នេះ​ លោក​ពោល​លាយ​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ​ដោយ​ប្រការ​ដូច្នេះ ។

អានបន្ត...
0 មតិ

ភ្លើង​ ៧

fire

វត្ថុដែលកាន់យកថាជាភ្លើង អាចឲ្យទុក្ខទោស មាន ៧ កង គឺ

១. រាគគ្គិ           ភ្លើងគឺរាគៈ

២. ទោសគ្គិ        ភ្លើងគឺទោសៈ

៣. មោហគ្គិ        ភ្លើងគឺមោហៈ

៤. អាហុនេយ្យគ្គិ  ភ្លើងគឺអាហុនេយ្យបុគ្គល បានដល់មាតាបិតា

៥. ទក្ខិណេយ្យគ្គិ  ភ្លើងគឺទក្ខិណេយ្យបុគ្គល បានដល់សមណព្រាហ្មណ៍

៦. គហបតគ្គិ      ភ្លើងគឺស្វាមីភរិយា

៧. កដ្ឋគ្គិ           ភ្លើងអុស

អានបន្ត...
0 មតិ

ធម៌របស់សប្បុរស ៧ ប្រការ

សប្បុរស គឺមនុស្សល្អ មានធម៌របស់សប្បុរស ៧ ប្រការ

១. ធម្មញ្ញុតា         ដឹងគោលធម៌ដែលជាហេតុ

២. អត្ថញ្ញុតា          ដឹងទិសដៅដែលជាផល

៣. អត្តញ្ញុតា          ស្គាល់ខ្លួនឯងតាមសេចក្តីពិត

៤. មត្តញ្ញុតា           ស្គាល់ប្រមាណក្នុងកិច្ចការសព្វគ្រប់

៥. កាលញ្ញុតា      ស្គាល់កាលដែលនឹងត្រូវធ្វើអ្វីៗ

៦. បរិសញ្ញុតា        ស្គាល់ប្រជុំជនមានសភាពយ៉ាងណាខ្លះ

៧. បុគ្គលញ្ញុតា      ស្គាល់បុគ្គលដោយសភាពផ្សេងៗ

គោលធម៌ទាំង ៧ ប្រការនេះ មាននៅក្នុង សង្គីតិសូត្រ ទសុត្តរសូត្រ ពួក ៧ បិដក​លេខ​ ១៩ និង​មានសេចក្តីអធិប្បាយនៅក្នុងធម្មញ្ញូសូត្រ មហាវគ្គ បិដកលេខ​ ៤៧ 

អានបន្ត...
0 មតិ

សញ្ញា ​៧ ​ប្រការ

សញ្ញា គឺសេចក្តីសំគាល់ មាន ៧ ប្រការ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មានផលច្រើន មាន​អានិសង្សច្រើន ជាគុណឈមទៅរកព្រះនិព្វាន មាន​ព្រះ​និព្វាន​ជាទីបំផុត នោះ គឺ ៖

១. អសុភសញ្ញា                             សេចក្តីសំគាល់ថា មិនស្អាត

២. មរណសញ្ញា                            សេចក្តីសំគាល់ក្នុងការស្លាប់

៣. អាហារេ  បដិកូលសញ្ញា        សេចក្តីសំគាល់ក្នុងអាហារថាជារបស់គួរ ខ្ពើម

៤. សព្វលោកេ  អនភិរតសញ្ញា    សេចក្តីសំគាល់ក្នុងលោកទាំងពួងថា មិន​គួរ​​ត្រេកអរ

៥. អនិច្ចសញ្ញា                                សេចក្តីសំគាល់ថា មិនទៀង

៦. អនិច្ចេ  ទុក្ខសញ្ញា                     សេចក្តីសំគាល់ថាជាទុក្ខ ក្នុងការមិនទៀង

៧. ទុក្ខេ  អនត្តសញ្ញា                     សេចក្តីសំគាល់ថា មិន​មែន​របស់​ខ្លួន​ក្នុង​របស់​ជាទុក្ខ

( មាននៅក្នុងសុត្តន្តបិដក អង្គុត្តរនិកាយ សត្តកនិបាត លេខ ៤៧ ទំព័រ ៨៦ )

អានបន្ត...
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ