Search

Loading

Content

13 April 2013

ចំណង​របស់​ចិត្ត ៥

ចេតសោ វិនិពទ្ធា ចំណង​របស់​ចិត្ត មាន ៥ យ៉ាង គឺ

១. ឥធាវុសោ  ភិក្ខុ  កាមេសុ  អវិគតរាគោ  ហោតិ  អវិគតច្ឆន្ទោ  អវិគតប្បេមោ  អវិគតបិបាសោ  អវិគតបរិឡាហោ  អវិគតតណ្ហោ  ។  យោ  សោ  អាវុសោ  ភិក្ខុ  កាមេសុ  អវិគតរាគោ  ហោតិ  អវិគតច្ឆន្ទោ  អវិគតប្បេមោ  អវិគតបិបាសោ  អវិគតបរិឡាហោ  អវិគតតណ្ហោ  តស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  យស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  អយំ  បឋមោ  ចេតសោ  វិនិពទ្ធោ ។

ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ មិន​ទាន់​ប្រាស​ចាក​តម្រេក មិន​ទាន់​ប្រាស​ចាក​ចំណង់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រឡាញ់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រេក​ឃ្លាន មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ក្រវល់​ក្រវាយ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ទាំង​ឡាយ ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា មិន​ទាន់​ប្រាស​ចាក​តម្រេក មិន​ទាន់​ប្រាស​ចាក​ចំណង់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រឡាញ់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រេក​ឃ្លាន មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ក្ដៅ​ក្រហាយ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ទាំង​ឡាយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ ចិត្ត​របស់​ភិក្ខុ​ណា មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះ​ជា​ចំណង​នៃ​ចិត្ត​ទី ១ របស់​ភិក្ខុ​នោះ ។

២. បុន  ចបរំ  អាវុសោ  ភិក្ខុ  កាយេ  អវីតរោគោ  ហោតិ  … ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​មិន​ទាន់​ប្រាស​ចាក​តម្រេក​ក្នុង​កាយ …

៣. រូបេ  អវីតរាគោ  ហោតិ … ភិក្ខុ​មិន​ទាន់​ប្រាស​ចាក​តម្រេក​ក្នុង​រូប …

៤. បុន  ចបរំ  អាវុសោ  ភិក្ខុ  យាវទត្ថំ  ឧទរាវទេហកំ  ភុញ្ជិត្វា  សេយ្យសុខំ  បស្សសុខំ  មិទ្ធសុខំ  អនុយុត្តោ  វិហរតិ  ។

ម្នាល​អាវុសោ​ទាំង​ឡាយ ​មួយ​ទៀត ភិក្ខុ​បរិភោគ​ត្រា​តែ​ឆ្អែត​ពេញ​ពោះ ហើយ​ប្រកប​រឿយៗ នូវ​សេចក្ដី​សុខ​ក្នុង​ទី​ដេក នូវ​សេចក្ដី​សុខ ( ព្រោះ​ដេក​ប្រែ​ប្រួល​ខាង​ស្ដាំ​ខាង​ឆ្វេង ) នូវ​សេចក្ដី​សុខ ព្រោះ​ដេក​លង់​លក់ ។

៥. បុន  ចបរំ  អាវុសោ  ភិក្ខុ  អញ្ញតរំ  ទេវនិកាយំ  បណិធាយ  ព្រហ្មចរិយំ  ចរតិ  ឥមិនាហំ  សីលេន  វា  វតេន  វា  តបេន  វា  ព្រហ្មចរិយេន  វា  ទេវោ  វា  ភវិស្សាមិ  ទេវញ្ញតរោ  វាតិ  ។  យោ  សោ  អាវុសោ  ភិក្ខុ  អញ្ញតរំ  ទេវនិកាយំ  បណិធាយ  ព្រហ្មចរិយំ  ចរតិ  ឥមិនាហំ  សីលេន  វា  វតេន  វា  តបេន  វា  ព្រហ្មចរិយេន  វា  ទេវោ  វា  ភវិស្សាមិ  ទេវញ្ញតរោ  វាតិ  តស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  អយំ  បញ្ចមោ  ចេតសោ  វិនិពទ្ធោ ។

ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះ​ប្រាថ្នា​នូវ​ពួក​ទេវតា​ជាន់​ណាមួយ​ថា ដោយ​សីល ឬ​វ័ត ដោយ​សេចក្ដី​ព្យាយាម ឬ​ព្រហ្មចារ្យ​នេះ​ឯង សូម​ឱ្យ​អាត្មា​អញ​បាន​ជា​ទេវតា ( មាន​ស័ក្ដិ​ធំ ) ឬ​ទេវតា ( មាន​ស័ក្ដិ​តូច ) ណា​មួយ ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ព្រោះ​ប្រាថ្នា​នូវ​​ពួក​ទេវតា​ណា​មួយ​ថា ដោយ​សីល ឬ​វ័ត ដោយ​ព្យាយាម ឬ​ព្រហ្មចារ្យ​នេះ​ឯង សូម​ឱ្យ​អាត្មា​អញ​បាន​ជា​ទេវតា​ ( មាន​ស័ក្ដិ​ធំ ) ឬ​ទេវតា ( មាន​ស័ក្ដិ​តូច ) ណា​មួយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះ​ជា​ចំណង​របស់​ចិត្ត​ទី ៥ ។

( បិដក​លេខ ១៩ ទំព័រ ១៨៤-៨៦ )

អធិប្បាយ

    ពាក្យ​ថា ចេតសោ វិនិពន្ធា ( ចំណង​របស់​ចិត្ត ) សេចក្ដី​ថា ពួក​កិលេស​ដែល​ឈ្មោះ​ថា ជា​គ្រឿង​ចង​ចិត្ត​ទុក ព្រោះ​អត្ថ​ថា ចង​ចិត្ត​ទុក ដូច​ក្ដាប់​ទុក​ក្នុង​ដៃ ។

    ពាក្យ​ថា កាមេសុ ( ក្នុង​កាម​ទាំង​ឡាយ ) សេចក្ដី​ថា ទាំង​ក្នុង​វត្ថុកាម ទាំង​ក្នុង​កិលេសកាម ។ ពាក្យ​ថា កាយេ ( ក្នុង​កាយ ) បាន​ដល់ ករជកាយ​របស់​ខ្លួន ។ ពាក្យ​ថា រូបេ ( ក្នុង​រូប ) បាន​ដល់ រូប​ខាង​ក្រៅ ។ ពាក្យ​ថា យាវទត្ថំ ( តាម​សេចក្ដី​ត្រូវ​ការ ) សេចក្ដី​ថា តាម​តម្រូវ​ការ ។ ពាក្យ​ថា ឧទរាវទេហកំ ( ឆ្អែត​ ) សេចក្ដី​ថា ឆ្អែត​ពេញ​ពោះ ។ ពិត​ណាស់ ពោះ​នោះ​ លោក​ហៅ​ថា ឧទរាវទេហក ( ឆ្អែត ) ព្រោះ​ចិញ្ចឹម​រាង​កាយ ។ ពាក្យ​ថា សេយ្យសុខំ ( សេចក្ដី​សុខ​ក្នុង​ទី​ដេក ) សេចក្ដី​ថា មាន​សេចក្ដី​សុខ​ព្រោះ​គ្រែ និង​តាំង ។ ពាក្យ​ថា បស្សសុខំ ( សេចក្ដី​សុខ​ព្រោះ​ដេក​ប្រែ​ទៅ​ស្ដាំ​ទៅ​ឆ្វេង ) សេចក្ដី​ថា សម្រាប់​បុគ្គល​ដែល​ដេក​ប្រែ​តាម​សប្បាយ ដេក​ប្រែ​ទៅ​ស្ដាំ ឬ​ដេក​ប្រែ​ទៅ​ឆ្វេង ក៏​មាន​សេចក្ដី​សុខ​ សេចក្ដី​សុខ​កើត​ឡើង​ហើយ​យ៉ាង​នេះ ។ ពាក្យ​ថា មិទ្ធសុខំ ( សេចក្ដី​សុខ​ព្រោះ​ដេក​លង់​លក់ ) សេចក្ដី​ថា សុខ​កើត​អំពី​ការ​លង់​លក់ ។ ពាក្យ​ថា អនុយុត្តោ ( ប្រកប​រឿយៗ ) សេចក្ដី​ថា ប្រកប​វត្ថុ​ដ៏​សម​គួរ ។ ពាក្យ​ថា បណិធាយ ( ប្រាថ្នា ) សេចក្ដី​ថា តាំង​ទុក​ហើយ ។ ពាក្យ​ថា ព្រហ្មចរិយេន ( ដោយ​ព្រហ្មចរិយធម៌ ) សេចក្ដី​ថា ប្រព្រឹត្ត​ព្រហ្មចរិយធម៌ គឺ​វៀរ​ចាក​មេថុន ។ ពាក្យ​ថា ទេវោ​ វា ភវិស្សាមិ ( សូម​ឱ្យ​អាត្មា​អញ​បាន​ជា​ទេវតា ) សេចក្ដី​ថា អញ​នឹង​ជា​ទេវតា​មាន​ស័ក្ដិ​ធំ ។ ពាក្យ​ថា ទេវញ្ញតរោ វា ( ឬ​ជា​ទេវតា ណាមួយ ) សេចក្ដី​ថា ឬ​ជា​ទេវតា​ណា​មួយ ក្នុង​ទេវតា​ដែល​មាន​ស័ក្ដិ​តូច ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ