Search

Loading

Content

23 June 2012

អនុសោតសូត្រ

ពោល​អំពី​បុគ្គល​ ៤​ ពួក​ ប្រាកដ​ក្នុង​លោក

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ ៤​ ពួក​នេះ​ រមែង​មាន​នៅ​ក្នុង​លោក ។​ បុគ្គល​ ៤​ ពួក​ តើ​ដូច​ម្ដេច​ខ្លះ?​ គឺ​បុគ្គល​មាន​ដំណើរ​ទៅ​បណ្ដោយ​តាម​ខ្សែ​ទឹក​ ១​ បុគ្គល​មាន​ដំណើរ​ទៅ​ច្រាស​ខ្សែ​ទឹក​ ១​ បុគ្គល​មាន​សភាព​ជា​អ្នក​ឈរ​នៅ​ ១​ បុគ្គល​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​នាយ​ហើយ​ ជា​ព្រាហ្មណ៍​ឋិត​នៅ​លើ​
គោក​ ១ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​បុគ្គល​មាន​ដំណើរ​ទៅ​បណ្ដោយ​តាម​ខ្សែ​ទឹក​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ តែង​សេព​កាម​ទាំង​ឡាយ​ផង​ តែង​ធ្វើ​អំពើ​អាក្រក់​ផង ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ បុគ្គល​មាន​ដំណើរ​ទៅ​បណ្ដោយ​តាម​ខ្សែ​ទឹក ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មាន​ដំណើរ​ទៅ​ច្រាស​ខ្សែ​ទឹក​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ មិន​សេព​កាម​ទាំង​ឡាយ​ផង​ មិន​ធ្វើ​អំពើ​អាក្រក់​ផង​ តែ​ជា​អ្នក​ប្រកប​ដោយ​ទុក្ខ​ និង​ទោមនស្ស​ មាន​មុខ​ទទឹក​ដោយ​ទឹក​ភ្នែក​ ទួញ​យំ​ ខំ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ ឱ្យ​បរិបូណ៌​ បរិសុទ្ធ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា បុគ្គល​មាន​ដំណើរ​ទៅ​ច្រាស​ខ្សែ​ទឹក ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​បុគ្គល​មាន​សភាព​ជា​អ្នក​ឈរ​នៅ​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ ជា​ឱបបាតិកៈ​ បរិនិព្វាន​ក្នុង​លោក​នោះ​ មាន​ការ​មិន​បាន​ត្រឡប់​ចាក​លោក​នោះ​ជា​ធម្មតា​ ព្រោះ​អស់​ទៅ​នៃ​ឱរម្ភាគិយសញ្ញោជនៈ​ទាំង​ ៥ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ បុគ្គល​មាន​សភាព​ជា​អ្នក​ឋិត​នៅ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​បុគ្គល​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​នាយ​ ជា​ព្រាហ្មណ៍​ឋិត​នៅ​លើ​គោក​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ​ បាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់​នូវ​ចេតោវិមុត្តិ​ និង​ បញ្ញាវិមុត្តិ​ ដែល​មិន​មាន​អាសវៈ​ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ខ្លួន​ឯង​ហើយ​ សម្រេច​សម្រាន្ត​នៅ​ ក្នុង​បច្ចុប្បន្ន​នេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ បុគ្គល​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​នាយ​ហើយ​ ជា​ព្រាហ្មណ៍​ឋិត​នៅ​លើ​គោក ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ ៤​ ពួក​នេះ​ឯង​ រមែង​មាន​នៅ​ក្នុង​លោក ។

យេ​  កេចិ​  កាមេសុ​  អសញ្ញតា​  ជនា

អវីតរាគា​  ឥធ​  កាមភោគិនោ

បុនប្បុនំ​  ជាតិជរូបគា​  ហិ​  តេ

តណ្ហាធិបន្នា​  អនុសោតគាមិនោ ។

ជន​ទាំង​ឡាយ​ណា​នី​មួយ​ មិន​សង្រួម​ ក្នុង​កាម​ទាំង​ឡាយ​ មិន​បាន​ប្រាស​ចាក​រាគៈ​ ជា​អ្នក​បរិភោគ​កាម​ក្នុង​លោក​នេះ​ ជន​ទាំង​នោះ​ឯង​ តែង​ចូល​ទៅ​កាន់​ជាតិ​ និង​ ជរា​ជា​រឿយៗ​ ត្រូវ​តណ្ហា​គ្រប​សង្កត់​ ឈ្មោះ​ថា​ ជា​អ្នក​មាន​ដំណើរ​ទៅ​បណ្ដោយ​តាម​ខ្សែ​ទឹក ។

តស្មា​  ហិ​  ធីរោ​  ឥធុបដ្ឋិតាសតំ

កាមេ​  ច​  បាបេ​  ច​  អសេវមានោ

សហាបិ​  ទុក្ខេន​  ជហេយ្យ​  កាមេ​

បដិស្សោតគាមីតិ​  តមាហុ​  បុគ្គលំ ។

ព្រោះ​ហេតុ​នោះ​ បុគ្គល​មាន​ប្រាជ្ញា​ក្នុង​លោក​នេះ​ ជា​អ្នក​មាន​សតិ​តម្កល់​ខ្ជាប់​ មិន​សេព​កាម​ទាំង​ឡាយ​ផង​ មិន​ធ្វើ​នូវ​អំពើ​អាក្រក់​ទាំង​ឡាយ​ផង​ តែ​ជា​អ្នក​ប្រកប​ដោយ​ទុក្ខ​ លះ​បង់​កាម​ ទើប​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ ហៅ​បុគ្គល​នោះ​ថា​ ជា​អ្នក​មាន​ដំណើរ​ទៅ​ច្រាស​ខ្សែ​ទឹក ។

យោ​  វេ​  កិលេសានិ​  បហាយ​  បញ្ច

បរិបុណ្ណសេក្ខោ​  អបរិហានធម្មោ

ចេតោវសិប្បត្តោ​  សមាហិតិន្ទ្រិយោ

ស​  វេ​  ឋិតត្តោតិ​  នរោ​  បវុច្ចតិ ។

ជន​ណា​ លះ​បង់​នូវ​កិលេស​ទាំង​ ៥​ មាន​ការ​សិក្សា​បរិបូណ៌​ហើយ​ មាន​សភាព​មិន​បាន​សាប​សូន្យ​ ជា​អ្នក​ដល់​នូវ​ការ​ស្ទាត់​ជំនាញ​ដោយ​ចិត្ត​ មាន​ឥន្ទ្រិយ​តម្កល់​មាំ​ ជន​នោះ​ឯង​ ហៅ​ថា​ មាន​សភាព​ជា​អ្នក​ឋិត​នៅ ។

បរោបរា​  យស្ស​  សមេច្ច​  ធម្មា

វិធូបិតា​  អត្ថគតា​  ន​  សន្តិ

ស​  វេទគូ​  វុសិតព្រហ្មចរិយោ

លោកន្តគូ​  បារគតោតិ​  វុច្ចតិ ។

ធម៌​ទាំង​ឡាយ​ ដ៏​ឧត្តម​ និង​ លាមក​ ដែល​ខ្លួន​បាន​ត្រាស់​ដឹង​ហើយ​ បាន​កម្ចាត់​ចោល​ហើយ​ ដល់​នូវ​សេចក្ដី​វិនាស​ទៅ​ មិន​មាន​ ដល់​បុគ្គល​ណា​ បុគ្គល​នោះ​ហៅ​ថា​ អ្នក​ចេះ​ចប់​នូវ​ត្រៃវេទ​ មាន​មគ្គព្រហ្មចរិយៈ​ នៅ​ស្រេច​ហើយ​ ដល់​នូវ​ទី​បំផុត​នៃ​ត្រៃលោក​ ដល់​នូវ​ត្រើយ​ហើយ ។

( បិដក​លេខ​ ៤២ ទំព័រ​ ១១-១៣ )

អដ្ឋកថាអនុសោតសូត្រ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​អនុសោតសូត្រ​ទី​ ៥​ ដូច​តទៅ​នេះ៖

បុគ្គល​ឈ្មោះ​ថា​ អនុសោតគាមី​ ព្រោះបណ្ដោយ​ទៅ​តាម​ខ្សែ​ទឹក ។​ ឈ្មោះ​ថា​ បដិសោតគាមី​ ព្រោះ​ច្រាស​ខ្សែ​ទឹក​ ពោល​គឺ​កិលេស​ ដោយ​ការ​បដិបត្តិ​ដែល​ជា​សឹក​សត្រូវ ។​ បទ​ថា​ ឋិតត្តោ​ គឺ​មាន​ភាវៈ​ជា​អ្នក​ឋិត​នៅ ។​ បទ​ថា​ តិណ្ណោ​ បាន​ដល់​ ឆ្លង​ឱឃៈ​តាំង​នៅ​ហើយ ។​ បទ​ថា​ បារគតោ​ បាន​ដល់​ ​ដល់​នូវ​ត្រើយ​នាយ ។​ បទ​ថា​ ថលេ​ តិដ្ឋតិ​ បាន​ដល់​ ឋិត​នៅ​លើ​គោក​ គឺ​ព្រះ​និព្វាន​ ។​ បទ​ថា​ ព្រាហ្មណោ​ បាន​ដល់​ ជា​អ្នក​ប្រសើរ​ មិន​មាន​ទោស ។​ បទ​ថា​ ឥធ​ ប្រែ​ថា​ ក្នុង​លោក​នេះ ។​ បទ​ថា​ កាមេ​ ច​ បដិសេវតិ​ បាន​ដល់​ សេព​វត្ថុកាម​ដោយ​កិលេសកាម ។​ បទ​ថា​ បាបញ្ច​ កម្មំ​ ករោតិ​ បាន​ដល់​ រមែង​ធ្វើ​កម្ម​ដ៏​អាក្រក់​ មាន​បាណាតិបាត​ជា​ដើម​ ។​ បទ​ថា​ បាបញ្ច​ កម្មំ​ ន​ ករោតិ​ បាន​ដល់​ មិន​ធ្វើ​អំពើ​បញ្ចវេរា ។​ បទ​ថា​ អយំ​ វុច្ចតិ​ ភិក្ខវេ​ ឋិតត្តោ​ សេចក្ដី​ថា​ អនាគាមិបុគ្គល​នេះ​ ឈ្មោះ​ថា​ ឋិត​នៅ​ហើយ​ ដោយ​អំណាច​ការ​មិន​ត្រឡប់​មក​ចាក​លោក​នោះ​ ដោយ​ចាប់​បដិសន្ធិ​ទៀត ។

បទ​ថា​ តណ្ហាធិបន្នា​ សេចក្ដី​ថា​ ពួក​ជន​ដែល​ត្រូវ​តណ្ហា​គ្រប​សង្កត់​ គឺ​គ្រប​សង្កត់​ទុក​ ឬ​ចូល​ដល់​ គឺ​ឈាន​ចុះ​កាន់​តណ្ហា ។​ បទ​ថា​ បរិបុណ្ណសេក្ខោ​ បាន​ដល់​ តាំង​នៅ​ក្នុង​សេចក្ដី​បរិបូណ៌​ដោយ​សិក្ខា ។​ បទ​ថា​ អបរិហានធម្មោ​ បាន​ដល់​ មាន​សភាព​មិន​សាប​សូន្យ ។​ បទ​ថា​ ចេតោវសិប្បត្តោ​ បាន​ដល់​ ជា​អ្នក​ជំនាញ​ខាង​ផ្លូវ​ចិត្ត ។​ បុគ្គល​មាន​សភាព​បែប​នេះ​ រមែង​ជា​ព្រះ​ខីណាស្រប ។​ តែ​ក្នុង​ទី​នេះ​ ត្រាស់​ចំពោះ​តែ​អនាគាមិបុគ្គល ។​ បទ​ថា​ សមាហិតិន្ទ្រិយោ​ បាន​ដល់​ អ្នក​មាន​ឥន្ទ្រិយ​តម្កល់​មាំហើយ​ ។​ បទ​ថា​ បរោបរា​ បាន​ដល់​ ធម៌​ខ្ពស់​ និង​ថោក​ទាប​ អធិប្បាយ​ថា​ កុសលធម៌​ និង​ អកុសលធម៌ ។​ បទ​ថា​ សមេច្ច​ បាន​ដល់​ មក​ព្រម​គ្នា​ដោយ​ញាណ ។​ បទ​ថា​ វិធូបិតា​ បាន​ដល់​ ដែល​លោក​កម្ចាត់​ ឬ​ដុត​ហើយ ។​ បទ​ថា​ វុសិតព្រហ្មចរិយោ​ សេចក្ដី​ថា​ មាន​មគ្គព្រហ្មចរិយៈ​ នៅ​ស្រេច​ហើយ​ ។​ បទ​ថា​ លោកន្តគូ​ សេចក្ដី​ថា​ ដល់​ទី​បំផុត​នៃ​លោក​ទាំង​ ៣ ។​ បទ​ថា​ បារគតោ​ សេចក្ដី​ថា​ ដល់​នូវ​ត្រើយ​ដោយ​អាការ​ ៦ [ អភិញ្ញាបារគូ, បរិញ្ញាបារគូ, ភាវនាបារគូ, បហានបារគូ, សច្ឆិកិរិយាបារគូ, សមាបត្តិបារគូ ] ។​ ក្នុង​ទី​នេះ​ ត្រាស់​តែ​ព្រះ​ខីណាស្រព​ប៉ុណ្ណោះ​ តែ​វដ្ដៈ​ និង​ វិវដ្ដៈ​ ( លោកិយ​ និង​ លោកុត្តរ )​ ត្រាស់​ទុក​ទាំង​ក្នុង​ព្រះ​សូត្រ​ ទាំង​ក្នុង​គាថា​ ដោយ​ប្រការ​ដូច្នេះ ។​

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ