Search

Loading

Content

21 April 2012

សង្ខារ​ ៣

តយោ​  សង្ខារា​  សង្ខារ​ ៣​ យ៉ាង​ គឺ៖

១.​ បុញ្ញាភិសង្ខារោ​  បុញ្ញាភិសង្ខារ​

២. អបុញ្ញាភិសង្ខារោ​  អបុញ្ញាភិសង្ខារ​

៣. អានេញ្ជាភិសង្ខារោ​  អានេញ្ជាភិសង្ខារ

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤០ )

អធិប្បាយ

ពាក្យ​ថា​ តយោ​ សង្ខារា​ មាន​វចនត្ថ​សម្តែង​ថា​ ឈ្មោះ​ថា​ សង្ខារ​ ព្រោះ​តាក់​តែង​ គឺ​ធ្វើ​ឲ្យ​ជា​ក្រុម​ឡើង​ នូវ​សហជាតធម៌​ ( ធម៌​ដែល​កើត​រួម​គ្នា )​ និង​សម្បរាយផលធម៌​ ( ធម៌​ដែល​មាន​ផល​ក្នុង​កាល​ត​ទៅ ) [ សហជាតធម្មេ ចេវ សម្បរាយេ ផលធម្មេ ច សង្ខរោន្តិ រាសី ករោន្តីតិ សង្ខារា​ ] ។​ ឈ្មោះ​ថា​ អភិសង្ខារ​ ព្រោះ​តាក់​តែង​ឡើង​យ៉ាង​ក្រៃ​លែង ។​ អភិសង្ខារ​គឺ​បុណ្យ​ ឈ្មោះ​ថា​ បុញ្ញាភិសង្ខារ ។

ពាក្យ​ថា​ បុញ្ញាភិសង្ខារ​នោះ​ ជា​ឈ្មោះ​របស់​មហាចិត្តចេតនា​ ដែល​ជា​កាមាវចរកុសល​ ៨​ ដួង​ និង​ចេតនា​ដែល​ជា​រូបាវចរកុសល​ ៥​ ដួង​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ បុញ្ញាភិសង្ខារោ? កុសលា ចេតនា កាមាវចរា រូបាវចរា ទានមយា សីលមយា ភាវនាមយា​ បណ្តា​អភិសង្ខារ​ទាំង​នោះ​ បុញ្ញាភិសង្ខារ​តើ​ដូច​ម្តេច?​ គឺ​កុសលចេតនា​ ជា​កាមាវចរ​ រូបាវចរ​ សម្រេច​ដោយ​ទាន​ សម្រេច​ដោយ​សីល​ សម្រេច​ដោយ​ភាវនា”​ ។​ បណ្តា​ចេតនា​ទាំង​នោះ​ ចេតនា​ ៨​ ដួង​ សម្រេច​ដោយ​ទាន​ សម្រេច​ដោយ​សីល ។​ ទាំង​ ១៣​ ដួង​ សម្រេច​ដោយ​ភាវនា ។​ ឧបមា​ដូច​បុគ្គល​ស្វាធ្យាយ​ធម៌​ដែល​ខ្លួន​ទន្ទេញ​ សូម្បី​តែ​ ១​ ឬ​ ២​ មាតិកា​ហើយ​ ក៏​មិន​យល់​ ខាង​ក្រោយ​រំលឹក​ឡើង​វិញ​ ទើប​យល់​ យ៉ាង​ណា​ យោគាវចរ​ជា​អ្នក​ធ្វើ​កសិណបរិកម្ម​ ពិចារណា​ឈាន​ដែល​ខ្លួន​ចម្រើន​ កាល​កំពុង​ភាវនា​ក៏​រមែង​ជា​ញាណ-វិប្បយុត្ត​ ( មិន​ប្រកប​ដោយ​ញាណ )​ បាន​ខ្លះ​ យ៉ាង​នោះ​ដូច​គ្នា​ៗ​ ដោយ​ហេតុ​នោះ​ ទើប​ពោល​ថា​ “ទាំង​ ១៣​ ដួង​ សម្រេច​ដោយ​ភាវនា” ។​ បណ្តា​បុញ្ញាភិសង្ខារ​ដែល​សម្រេច​ដោយ​ទាន​ជា​ដើម​នោះ​ ចេតនា​ ការ​តាំង​ចិត្ត​ បំណង​ប្រាថ្នា​ដែល​ប្រារព្ធ​នូវ​ទាន​ កើត​ឡើង​ មាន​ទាន​ជា​ទី​អាស្រ័យ​ នេះ​លោក​ហៅ​ថា​ បុញ្ញាភិសង្ខារ​ដែល​សម្រេច​ដោយ​ទាន​ ចេតនា​ ការ​តាំង​ចិត្ត​ បំណង​ប្រាថ្នា​ ដែល​ប្រារព្ធ​នូវ​សីល​ ប្រារព្ធ​ភាវនា​កើត​ឡើង​ មាន​ភាវនា​ជា​ធំ​ នេះ​លោក​ហៅ​ថា​ បុញ្ញាភិសង្ខារ​ដែល​សម្រេច​ដោយ​ភាវនា ។​ ពាក្យ​ដែល​ពោល​មក​ទាំង​នេះ​ ជា​សង្ខេប-ទេសនា​ ( ការ​សម្តែង​ដោយ​សង្ខេប ) ។

ចេតនា​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាល​ទាំង​ ៣​ របស់​អ្នក​ឲ្យ​របស់​នោះៗ​ ក្នុង​ពពួក​បច្ច័យ​ ៤​ មាន​ចីវរ​ជា​ដើម អារម្មណ៍​ ៦​ មាន​រូបារម្មណ៍​ជា​ដើម​ ឬ​ទានវត្ថុ​ ១០​ មាន​បាយ​ជា​ដើម​ គឺ​ក្នុង​កាល​ខាង​ដើម​ តាំង​ពី​ញ៉ាំង​វត្ថុ​ទាំង​នោះ​ឲ្យ​កើត​ឡើង​ ១​ ក្នុង​ខណៈ​កំពុង​បរិច្ចាគ​ ១​ ក្នុង​​ខណៈ​ដែល​នឹក​ឃើញ​ក្នុង​កាល​ជា​ខាង​ក្រោយ​ដោយ​ចិត្ត​សោមនស្ស​ ១​ ដូច្នេះ​ ឈ្មោះ​ថា​ ទានមយ-ចេតនា​ ( ចេតនា​ដែល​សម្រេច​ដោយ​ទាន ) ។​ ចំណែក​ចេតនា​ដែល​ប្រព្រឹត្ត​ទៅ​ហើយ​ របស់​អ្នក​ទៅ​វត្ត​ដោយ​តាំង​ចិត្ត​ថា​ “នឹង​បួស​ ដើម្បី​បំពេញ​សីល​ឲ្យ​បរិបូណ៌”​ របស់​អ្នក​កំពុង​បួស​ របស់​អ្នក​ញ៉ាំង​មនោរថ​ ឲ្យ​ដល់​ទី​បំផុត​ហើយ​ បែរ​មក​រលឹក​ថា​ “អញ​បួស​ហើយ​ហ្ន៎​ សម្រេច​ប្រយោជន៍​ដោយ​ភាព​ជា​អ្នក​សង្រួម​ក្នុង​បាតិមោក្ខ​ របស់​អ្នក​ពិចារណា​បច្ច័យ​ទាំង​ឡាយ​ មាន​ចីវរ​ជា​ដើម​ របស់​អ្នក​សង្រួម​ក្នុង​ទ្វារ​ទាំង​ឡាយ​ មាន​ចក្ខុទ្វារ​ជា​ដើម​ក្នុង​អារម្មណ៍​ មាន​រូប​ជា​ដើម​ ដែល​មក​ដល់​ និង​របស់​អ្នក​ជម្រះ​អាជីវៈ​ឲ្យ​បរិសុទ្ធ​ ( ដូច្នេះ )​ ឈ្មោះ​ថា​សីលមយចេតនា​ ( ចេតនា​ដែល​សម្រេច​ដោយ​សីល ) ។​ ចេតនា​ដែល​ប្រព្រឹត្ត​ទៅ​ហើយ​ របស់​អ្នក​អប់រំ​ចក្ខុ​ ដោយ​ភាព​មិន​ទៀង​ ជា​ទុក្ខ​ ជា​អនត្តា​ ដោយ​វិបស្សនាមគ្គ​ ដែល​ពោល​ទុក​ក្នុង​បដិសម្ភិទា​ របស់​អ្នក​អប់រំ​ចិត្ត​។ល។​របស់​អ្នក​អប់រំ​ចក្ខុវិញ្ញាណ​ មនោវិញ្ញាណ​ ចក្ខុសម្ផស្ស​ មនោសម្ផស្ស​ វេទនា​ដែល​កើត​អំពី​ចក្ខុសម្ផស្ស​ វេទនា​ដែល​កើត​អំពី​មនោសម្ផស្ស​ ក្នុង​រូបារម្មណ៍​ ក្នុង​ធម្មារម្មណ៍,​ របស់​អ្នក​អប់រំ​រូបសញ្ញា​ ។ល។​ ជរាមរណៈ​ ដោយ​ភាព​មិន​ទៀង​ ជា​ទុក្ខ​ ជា​អនត្តា​ ឈ្មោះ​ថា​ ភាវនាមយចេតនា​ ( ចេតនា​ដែល​សម្រេច​ដោយ​ភាវនា )​,​ ពាក្យ​ដូច​ពោល​មក​នេះ​ ជា​វិត្ថារកថា​ ( ការ​សម្តែង​ដោយ​ពិស្តារ ) ។​

អភិសង្ខារ​នោះ​ផង​ មិន​មែន​បុណ្យ​ ( ជា​បាប )​ ដោយ​ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ អបុញ្ញាភិសង្ខារ​ ( អភិសង្ខារ​ដែល​ជា​បាប ) ។​ ពាក្យ​ថា​ អបុញ្ញាភិសង្ខារ​នេះ​ ជា​ឈ្មោះ​របស់​ចេតនា​ ដែល​សម្បយុត្ត​ដោយ​អកុសលចិត្ត ។​ សម​ដូច​ពាក្យ​ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ អបុញ្ញាភិសង្ខារោ? អកុសលចេតនា កាមាវចរា, អយំ វុច្ចតិ​ អបុញ្ញាភិសង្ខារោ​ បណ្តា​អភិសង្ខារ​ទាំង​នោះ​ អបុញ្ញាភិសង្ខារ​តើ​ដូច​ម្តេច?​ គឺ​អកុសលចេតនា​ដែល​ជា​កាមាវចរ​ នេះ​ហៅ​ថា​ អបុញ្ញាភិសង្ខារ” ។​

ដែល​ឈ្មោះ​ថា​ អានេញ្ជាភិសង្ខារ​ ព្រោះ​តាក់​តែង​យ៉ាង​ក្រៃ​លែង​ នូវ​អរូប​នុ៎ះ​ឯង​ ដែល​ជា​វិបាក​ មិន​ញាប់​ញ័រ​ មិន​រំជើប​រំជួល​ ស្ងប់ ។​ ពាក្យ​ថា​ អានេញ្ជាភិសង្ខារ​នេះ​ ជា​ឈ្មោះ​របស់​ចេតនា​ដែល​ជា​អរូបាវចរ​ ៤​ ដួង ។​ សម​ដូច​ពាក្យ​ដែល​លោក​ពោល​ទុក​ថា​ “តត្ថ កតមោ អានេញ្ជាភិសង្ខារោ? កុសលចេតនា អរូបាវចរា, អយំ វុច្ចតិ អានេញ្ជាភិសង្ខារោ​ បណ្តា​អភិសង្ខារ​ទាំង​នោះ​ អានេញ្ជាភិសង្ខារ​តើ​ដូច​ម្តេច?​ គឺ​កុសលចេតនា​ ដែល​ជា​អរូបាវចរ​ នេះ​ហៅ​ថា​ អានេញ្ជាភិសង្ខារ” ។


១.  បាន​ដល់​ ចេតនា​​ ១៣​ គឺ​កាមាវចរកុសលចេតនា​ ៨​ និង​រូបាវចរកុសលចេតនា​ ៥​ ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​ភាវនា

២.  បាន​ដល់​ អកុសលចេតនា​ ១២

៣. បាន​ដល់​ អរូបាវចរកុសលចេតនា​ ៤​ ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​ភាវនា​ ។​ ឯ​សង្ខារស័ព្ទ​នេះ​ ប្រែ​ថា​ សភាវៈ​ធ្វើ​នូវ​សហជាតធម៌​និង​សម្បរាយផល​ធម៌​ឲ្យ​ជា​គំនរ

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ