Search

Loading

Content

Showing posts with label ធម៌​ពួក​ ៤. Show all posts
Showing posts with label ធម៌​ពួក​ ៤. Show all posts
0 មតិ

បុគ្គល​ ៤ ពួក​ដទៃ​ទៀត ន័យ​ទី ៣

   បុគ្គល​មាន​ ៤ ពួក​ដទៃ​ទៀត គឺ

១. សមណមចលោ      សមណៈ​មិន​កម្រើក

២. សមណបទុមោ       សមណៈ​ដូច​ផ្កា​ឈូក​ក្រហម

៣. សមណបុណ្ឌរីកោ     សមណៈ​ដូច​​ផ្កា​ឈូក​ស

៤. សមណេសុ សមណសុខុមាលោ សមណៈ​ជា​អ្នក​ទន់​ល្អិត​ក្នុង​ពួក​សមណៈ

( បិដក​លេខ ១៩ ទំព័រ ១៧៣ )

អធិប្បាយ

    ពាក្យ​ថា សមណមចលោ សេចក្ដី​ថា សមណៈ​មិន​ញាប់​ញ័រ ។ ម អក្សរ ត្រឹម​តែ​ជា​បទ​សន្ធិ [ សមណមចលោ មក​ពី សមណ+អចលោ ចុះ ម អាគម ក្នុង​វិធីសន្ធិ ] ។ សមណៈ​មិន​ញាប់​ញ័រ​នោះ គប្បី​ជ្រាប​ថា បាន​ដល់ ព្រះ​សោតាបន្ន ។ ពិត​ណាស់ ព្រះ​សោតាបន្ន ឈ្មោះ​ថា សមណៈ​មិន​ញាប់​ញ័រ ព្រោះ​ជា​អ្នក​មិន​ញាប់​ញ័រ​ដោយ​ការ​ពោល​ទ្រគោះ​របស់​អ្នក​ដទៃ មាន​សទ្ធា​តាំង​មាំ ដូច​សសរ​ខឿន ដែល​មិន​ញាប់​ញ័រ​ព្រោះ​ខ្យល់​ទាំង ៤
( ទិស ) ដូច្នោះ ។ សមដូច​ព្រះ​តម្រាស់ដែល​ត្រាស់​ទុក​ថា “ក៏​បុគ្គល​ដែល​ឈ្មោះ​ថា សមណៈ​មិន​ញាប់​ញ័រ តើ​ដូច​ម្ដេច? បុគ្គល​​ពួក​ខ្លះ​ក្នុង​លោក​នេះ ព្រោះ​អស់​សំយោជនៈ ៣ …” គប្បី​ធ្វើ​ឱ្យ​ពិស្ដារ ចំណែក​ព្រះ​សកទាគាមី ឈ្មោះ​ថា សមណៈ​ដូច​ផ្កា​ឈូក​ក្រហម ព្រោះ​មាន​រាគៈ ទោសៈ និង​មោហៈ​ស្រាល​ស្ដើង ។ ព្រោះ​ហេតុ​នោះ លោក​ទើប​ពោល​ថា “បុគ្គល​​ដែល​ឈ្មោះ​ថា សមណៈ​ដូច​ផ្កា​ឈូក​ក្រហម តើ​ដូច​ម្ដេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មក​កាន់​លោក​នេះ​មួយ​គ្រា ក៏​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ​បាន បុគ្គល​នេះ​លោក​ហៅ​ថា សមណៈ​ដូច​ផ្កា​ឈូក​ក្រហម” ។ ព្រះ​អនាគាមី ឈ្មោះ​ថា សមណៈ​ដូច​ផ្កា​ឈូក​ស ព្រោះ​អត្ថ​ថា រីក​ដោយ​ឆាប់​រហ័ស ព្រោះ​មិន​មាន​រាគៈ និង​ទោសៈ ។ ព្រោះ​ហេតុ​នោះ លោក​ទើប​ពោល​ថា “បុគ្គល​ដែល​ឈ្មោះ​ថា សមណៈ​ដូច​ផ្កា​ឈូក​ស តើ​ដូច​ម្ដេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ( លះ ) សំយោជនៈ​ខាង​ក្រោម ៥ ។ល។ បុគ្គល​នេះ​លោក​ហៅ​ថា សមណៈ​ដូច​ផ្កា​ឈូក​ស” ។ ចំណែក​ព្រះ​អរហន្ត ឈ្មោះ​ថា សមណៈ​ជា​អ្នក​ទន់​ល្អិត​​ ( សមណសុខុមាល ) ជាង​សមណៈ​ផង​គ្នា ព្រោះ​មិន​មាន​កិលេស​គ្រប់​យ៉ាង​ដែល​ធ្វើ​ឱ្យ​រឹង​ត្អឹង ។ ព្រោះ​ហេតុ​នោះ លោក​ទើប​ពោល​ថា “ក្នុង​បណ្ដា​សមណៈ​ទាំង​ឡាយ បុគ្គល​ដែល​ឈ្មោះ​ថា សមណៈ​ជា​អ្នក​ទន់​ល្អិត តើ​ដូច​ម្ដេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ ។ល។ ចូល​ដល់ បុគ្គល​នេះ ហៅ​ថា សមណៈ​ជា​អ្នក​ទន់​ល្អិត​ជាង​សមណៈ​ទាំង​ឡាយ” ៕

អានបន្ត...
0 មតិ

បុគ្គល ៤ ពួក​ដទៃ​ទៀត ន័យ​ទី ២

    បុគ្គល​មាន ៤ ពួក​ដទៃ​ទៀត គឺ

១. តមោ  តមបរាយនោ   បុគ្គល​ងងឹត មាន​ងងឹត​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ទៀត

២. តមោ  ជោតិបរាយនោ  បុគ្គល​ងងឹត តែ​មាន​ពន្លឺ​ប្រព្រឹត្ត​ទៅ​ខាង​មុខ

៣. ជោតិ  តមបរាយនោ     បុគ្គល​មាន​ពន្លឺ តែ​មាន​ងងឹត​ប្រព្រឹត្ត​ទៅ​ខាង​មុខ

៤. ជោតិ  ជោតិបរាយនោ  បុគ្គល​មាន​ពន្លឺ មាន​ពន្លឺ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ទៀត

( បិដក​លេខ ១៩ ទំព័រ ១៧២ )

អធិប្បាយ

    ពាក្យ​ថា តមោ បាន​ដល់ បុគ្គល​ដែលងងឹត​ស្លុប ។ ពាក្យ​ថា តមបរាយនោ សេចក្ដី​ថា បុគ្គល​ដែល​ឈ្មោះ​ថា មាន​ងងឹត​ប្រព្រឹត្ត​ទៅ​ខាង​មុខ ព្រោះ​អត្ថ​ថា មាន​ងងឹត​នោះ​ឯង​ជា​ទី​ប្រព្រឹត្ត​ទៅ គឺ​ទៅ​ខាង​មុខ ក្នុង​គ្រប់ ៗ បទ គប្បី​ជ្រាប​សេចក្ដី​ដូច​គ្នា​នេះ ។ ក៏​ក្នុង​បុគ្គល​ទាំង ៤ ពួក​នេះ បុគ្គល​ពួក​ទី ១ កើត​ក្នុង​អត្តភាព​ដ៏​ថោក​ទាប មាន​ការ​រស់​នៅ​យ៉ាង​ត្រដាប​ត្រដួស មាន​ត្រកូល​ចណ្ឌាល​ ជា​ដើម ដែល​ជា​ត្រកូល​ទាប នៅ​ប្រព្រឹត្ត​ទុច្ចរិត ៣ ទៀត ។ ពួក​ទី ២ កើត​មក​ក្នុង​ត្រកូល​ដូច​គ្នា តែ​បំពេញ​សុចរិត ៣ ឱ្យ​បរិបូណ៌ ។ ពួក​ទី ៣ កើត​ក្នុង​អត្តភាព​ដ៏​បរិបូណ៌ មាន​បាយ​ និង​ទឹក​ច្រើន ដូច​ជា ត្រកូល​ក្សត្រ ជា​ដើម ដែល​ជា​ត្រកូល​ខ្ពង់​ខ្ពស់ តែ​ត្រឡប់​ជា​ប្រព្រឹត្ត​ទុច្ចរិត ៣ ឱ្យ​បរិបូណ៌ ។ ពួក​ទី ៤ ក៏​កើត​មក​យ៉ាង​នោះ​ដូច​គ្នា តែ​បំពេញ​សុចរិត ៣ ឱ្យ​បរិបូណ៌ ៕

អានបន្ត...
0 មតិ

បុគ្គល ៤ ពួក​ដទៃ​ទៀត ន័យ​ទី ១

   បុគ្គល​មាន ៤ ពួក​ដទៃ​ទៀត

១. ឥធាវុសោ  ឯកច្ចោ  បុគ្គលោ  អត្តហិតាយ  បដិបន្នោ  ហោតិ  នោ  បរហិតាយ  ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ

២. ឥធាវុសោ ឯកច្ចោ បុគ្គលោ  បរហិតាយ  បដិបន្នោ  ហោតិ  នោ  អត្តហិតាយ  ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន

៣. ឥធាវុសោ ឯកច្ចោ បុគ្គលោ  នេវ  អត្តហិតាយ  បដិបន្នោ  ហោតិ  នោ  បរហិតាយ  ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ

៤. ឥធាវុសោ ឯកច្ចោ បុគ្គលោ  អត្តហិតាយ  ចេវ  បដិបន្នោ  ហោតិ  បរហិតាយ  ច  ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង ដើម្បី​ប្រយោជន៍​អ្នក​ដទៃ​ផង

( បិដក​លេខ ១៩ ទំព័រ ១៧២ )

អធិប្បាយ

    បុគ្គល​ពួក​ទី ១ បាន​ដល់ មនុស្សដល់​ព្រម​ដោយ​គុណ​មាន​សីល ជា​ដើម តែ​មិន​បបួល​អ្នក​ដទៃ​ក្នុង​គុណ​មាន​សីល​ជា​ដើម ដូច​ព្រះ​វក្កលិត្ថេរ ។ ពួក​ទី ២ បាន​ដល់ ខ្លួន​ឯង​មិន​បរិបូណ៌​ដោយ​គុណ​មាន​សីល​ជា​ដើម តែ​បបួល​អ្នក​ដទៃ​ក្នុង​គុណ​មាន​សីល​ជា​ដើម ដូច​ព្រះ​ឧបនន្ទ ។ ពួក​ទី ៣ បាន​ដល់ ខ្លួន​ឯង​មិន​បរិបូណ៌​ដោយ​គុណ​មាន​សីល​ជា​ដើម​ ទាំង​មិន​បបួល​អ្នក​ដទៃ​ក្នុង​គុណ​មាន​សីល ជា​ដើម ដូច​ព្រះ​ទេវទត្ត ។ ពួក​ទី ៤ បាន​ដល់ ខ្លួន​ឯង​បរិបូណ៌​ដោយ​គុណ​មាន​សីល​ជា​ដើម ទាំង​បបួល​អ្នក​ដទៃ​ក្នុង​គុណ​មាន​សីល​ជា​ដើម ដូច​ព្រះ​មហាកស្សប ៕

អានបន្ត...
0 មតិ

បុគ្គល ៤ ពួក

   បុគ្គល មាន ៤ ពួក

១. ឥធាវុសោ  ឯកច្ចោ  បុគ្គលោ អត្តន្តបោ  ហោតិ  អត្តបរិតាបនានុយោគមនុយុត្តោ   ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ

២. ឥធាវុសោ  ឯកច្ចោ  បុគ្គលោ  បរន្តបោ  ហោតិ  បរបរិតាបនានុយោគមនុយុត្តោ   ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម ដើម្បី​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ

៣. ឥធាវុសោ ឯកច្ចោ បុគ្គលោ  អត្តន្តបោ  ច  ហោតិ  អត្តបរិតាបនានុយោគមនុយុត្តោ  បរន្តបោ  ច  បរបរិតាបនានុយោគមនុយុត្តោ ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ​ផង ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម​ ដើម្បី​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ​ផង

៤. ឥធាវុសោ ឯកច្ចោ បុគ្គលោ  នេវ  អត្តន្តបោ  ហោតិ  ន  អត្តបរិតាបនានុយោគមនុយុត្តោ  ន  បរន្តបោ  ន  បរបរិតាបនានុយោគមនុយុត្តោ  សោ  អនត្តន្តបោ  អបរន្តបោ  ទិដ្ឋេ  វ  ធម្មេ  និច្ឆាតោ  និព្វុតោ  សីតីភូតោ  សុខប្បដិសំវេទី  ព្រហ្មភូតេន  អត្តនា  វិហរតិ  ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ មិន​ប្រកប​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ មិន​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ មិន​ប្រកប​ព្យាយាម ដើម្បី​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ បុគ្គល​នោះ​ឈ្មោះ​ថា មិន​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ មិន​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ ជា​អ្នក​លែង​មាន​សេចក្ដី​ស្រេក​ឃ្លាន មាន​ទុក្ខ​រលត់​ហើយ មាន​សេចក្ដី​ត្រជាក់​កើត​ហើយ ទទួល​នូវ​សេចក្ដី​សុខ មាន​ខ្លួន​ដូច​ជា​ព្រហ្ម​នៅ​ក្នុង​បច្ចុប្បន្ន​នេះ

( បិដក​លេខ ១៩ ទំព័រ ១៧១-១៧២ )

អធិប្បាយ

     បុគ្គល​ពួក​ទី ១ បាន​ដល់​ ពួក​អចេលក៍ ( អ្នក​បួស​ស្រាត ) ។ ពួក​ទី ២ បាន​ដល់ មនុស្ស​ខាង​ក្នុង​ ជា​ដើម ជន​ណា​មួយ ។ ពួក​ទី ៣ បាន​ដល់ អ្នក​បូជា​យញ្ញ ។ ពួក​ទី ៤ បាន​ដល់ អ្នក​ប្រតិបត្តិ​ត្រូវ​ក្នុង​ព្រះ​សាសនា ៕

អានបន្ត...
0 មតិ

វោហារ​មិន​មែន​ជា​របស់​ព្រះ​អរិយៈ ៤ យ៉ាង​ដទៃ​ទៀត ( ២ )

   អនរិយវោហារ វោហារ​មិន​មែន​ជា​របស់​ព្រះ​អរិយៈ មាន ៤ យ៉ាង​ដទៃ​ទៀត គឺ

១. ទិដ្ឋេ អទិដ្ឋវាទិតា  ឃើញ ថា​មិន​ឃើញ

២. សុតេ អស្សុតវាទិតា ឮ ថា​មិន​ឮ

៣. មុតេ អមុតវាទិតា   បាន​ប៉ះ​ពាល់ ថា​មិន​បាន​ប៉ះ​ពាល់

៤. វិញ្ញាតេ អវិញ្ញាតវាទិតា ដឹង​ច្បាស់ ថា​មិន​ដឹង​ច្បាស់

( បិដក​លេខ ១៩ ទំព័រ ១៧១ )

អានបន្ត...
0 មតិ

វោហារ​ជា​របស់​ព្រះ​អរិយៈ ៤ ដទៃ​ទៀត ( ២ )

    អរិយវោហារ វោហារ​ជា​របស់​ព្រះ​អរិយៈ មាន ៤ យ៉ាង​ ដទៃ​ទៀត គឺ

១. ទិដ្ឋេ ទិដ្ឋវាទិតា   ឃើញ​ ថា​ឃើញ

២. សុតេ សុតវាទិតា ឮ ថា​ឮ

៣. មុតេ មុតវាទិតា   ប៉ះ​ពាល់ ថា​ប៉ះ​ពាល់

៤. វិញ្ញាតេ វិញ្ញាតវាទិតា ដឹង​ច្បាស់ ថា​ដឹង​ច្បាស់

( បិដក​លេខ ១៩ ទំព័រ ១៧១ )

អានបន្ត...
0 មតិ

វោហារ​មិន​មែន​ជា​របស់​ព្រះ​អរិយៈ ៤ យ៉ាង​ដទៃ​ទៀត

    អនរិយវោហារ វោហារ​មិន​មែន​ជា​របស់​ព្រះ​អរិយៈ មាន ៤ យ៉ាង​ដទៃ​ទៀត គឺ ៖

១. អទិដ្ឋេ ទិដ្ឋវាទិតា   មិន​ឃើញ ថា​ឃើញ

២. អស្សុតេ សុតវាទិតា មិន​ឮ​ ថា​ឮ

៣. អមុតេ មុតវាទិតា    មិន​ប៉ះ​ពាល់ ថា​ប៉ះ​ពាល់

៤. អវិញ្ញាតេ វិញ្ញាតវាទិតា មិន​ដឹង​ច្បាស់ ថា​ដឹង​ច្បាស់​

( បិដក​លេខ ១៩ ទំព័រ ១៧០ )

អធិប្បាយ

   ពាក្យ​ថា ទិដ្ឋវាទិតា ( ថា​ឃើញ ) សេចក្ដី​ថា ភាព​ជា​អ្នក​មាន​ប្រក្រតី​ពោល​យ៉ាង​នេះ​ថា យើង​ឃើញ​មក​ ជា​ដើម ក៏​ក្នុង​ពាក្យ​នេះ គប្បី​ជ្រាប​ពាក្យ​អធិប្បាយ​ដោយ​អំណាច​ចេតនា​ ដែល​ជា​ហេតុ​ឱ្យ​និយាយ​ពាក្យ​នោះៗ ៕

អានបន្ត...
0 មតិ

វោហារ​ជា​របស់​ព្រះ​អរិយៈ ៤ យ៉ាង​ដទៃ​ទៀត

     អរិយវោហារ វោហារ​ជា​របស់​ព្រះ​អរិយៈ មាន ៤ យ៉ាង​ដទៃ​ទៀត គឺ

១. អទិដ្ឋេ អទិដ្ឋវាទិតា   មិន​ឃើញ ថា​មិន​ឃើញ

២. អស្សុតេ អស្សុតវាទិតា មិន​ឮ ថា​មិន​ឮ

៣. អមុតេ អមុតវាទិតា     មិន​ប៉ះ​ពាល់ ថា​មិន​ប៉ះ​ពាល់

៤. អវិញ្ញាតេ អវិញ្ញាតវាទិតា មិន​ដឹង​ច្បាស់ ថា​មិន​ដឹង​ច្បាស់​

( បិដក​លេខ ១៩ ទំព័រ ១៧០ )

អានបន្ត...
0 មតិ

អនរិយវោហារ វោហារ​មិន​មែន​ជា​របស់​ព្រះ​អរិយៈ ៤

    អនរិយវោហារ វោហារ​មិន​មែន​ជា​របស់​ព្រះ​អរិយៈ មាន ៤ យ៉ាង គឺ

១. មុសាវាទោ  ពាក្យ​កុហក

២. បិសុណា វាចា សម្ដី​ញុះ​ញង់

៣. ផរុសា វាចា  សម្ដី​ទ្រគោះ

៤. សម្ផប្បលាបោ សម្ដី​រោយ​រាយ​ឥត​ប្រយោជន៍

( បិដក​លេខ ១៩ ទំព័រ ១៧០ )

អធិប្បាយ

    ពាក្យ​ថា អនរិយវោហារ បាន​ដល់ វោហារ​របស់​បុគ្គល​មិន​មែន​ជា​ព្រះ​អរិយៈ គឺ​របស់​ជន​លាមក ៕

អានបន្ត...
0 មតិ

អរិយវោហារ វោហារ​ជា​របស់​ព្រះ​អរិយៈ ៤

    អរិយវោហារ វោហារ​ជា​របស់​ព្រះ​អរិយៈ មាន ៤ យ៉ាង គឺ

១. មុសាវាទា វេរមណី   ការ​វៀរ​ចាក​​ពាក្យ​កុហក

២. បិសុណាយ វាចាយ វេរមណី ការ​វៀរ​ចាក​សម្ដី​ញុះ​ញង់

៣. ផរុសាយ វាចាយ វេរមណី ការ​វៀរ​ចាក​សម្ដី​ទ្រគោះ

៤. សម្ផប្បលាបា វេរមណី  ការ​វៀរ​ចាក​សម្ដី​រោយ​រាយ ឥត​ប្រយោជន៍

( បិដក​លេខ ១៩ ទំព័រ ១៧០ )

អធិប្បាយ

     ពាក្យ​ថា អរិយវោហារ បាន​ដល់ វោហារ​របស់​ព្រះ​អរិយៈ គឺ​សប្បុរស ៕

អានបន្ត...
0 មតិ

សង្គហវត្ថុ ហេតុ​នៃ​ការ​សង្គ្រោះ ៤

    សង្គហវត្ថុ ហេតុ​នៃ​ការ​សង្គ្រោះ មាន ៤ យ៉ាង គឺ

១. ទាន         ការ​ឱ្យ​

២. បេយ្យវជ្ជ    ការ​ចរចា​ពាក្យ​ជា​ទី​ស្រឡាញ់

៣. អត្ថចរិយា   ការ​ប្រព្រឹត្តិ​ឱ្យ​ជា​ប្រយោជន៍

៤. សមានត្តតា  ភាវៈ​ជា​បុគ្គល​មាន​ខ្លួន​ស្មោះ​ស្មើ [ ការ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា មាន​អង្គុយ​លើ​អាសនៈ​ជា​មួយ​គ្នា ដេក​លើ​គ្រែ​ជា​មួយ​គ្នា និង​បរិភោគ​ជា​មួយ​គ្នា​ជា​ដើម ]

( បិដក​លេខ ១៩ ទំព័រ ១៧០ )

អានបន្ត...
0 មតិ

ទក្ខិណាវិសុទ្ធិ សេចក្ដី​បរិសុទ្ធិ​របស់​ទក្ខិណា ៤

    ទក្ខិណាវិសុទ្ធិ សេចក្ដី​បរិសុទ្ធិ​របស់​ទក្ខិណា មាន ៤ យ៉ាង គឺ

១. ទក្ខិណា  ទាយកតោ  វិសុជ្ឈតិ  នោ  បដិគ្គាហកតោ  ទក្ខិណា​បរិសុទ្ធ​អំពី​ទាយក​ ( អ្នក​ឱ្យ ) មិន​បរិសុទ្ធ​អំពី​បដិគ្គាហក ( អ្នក​
ទទួល )

២. ទក្ខិណា  បដិគ្គាហកតោ  វិសុជ្ឈតិ  នោ  ទាយកតោ  ទក្ខិណា​បរិសុទ្ធ​អំពី​បដិគ្គាហក មិន​បរិសុទ្ធ​អំពី​ទាយក

៣. ទក្ខិណា  នេវ  ទាយកតោ  វិសុជ្ឈតិ  នោ  បដិគ្គាហកតោ  ទក្ខិណា​មិន​បរិសុទ្ធ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិគ្គាហក

៤. ទក្ខិណា  ទាយកតោ  ចេវ  វិសុជ្ឈតិ  បដិគ្គាហកតោ  ច  ទក្ខិណា​បរិសុទ្ធ​អំពី​ទាយក​ផង អំពី​បដិគ្គាហក​ផង

( បិដក​លេខ ១៩ ទំព័រ ១៦៩ )

អធិប្បាយ

    ក្នុង​ពាក្យ​ថា ទក្ខិណាវិសុទ្ធិ មាន​វិគ្រោះ​ថា ដែល​ឈ្មោះ​ថា ទក្ខិណាវិសុទ្ធិ ព្រោះ​អត្ថ​ថា ជា​ហេតុ​ឱ្យ​ទក្ខិណា​ ពោល​គឺ ទាន​ដ៏​បរិសុទ្ធ មាន​ផល
ច្រើន ។ ពាក្យ​ថា ទក្ខិណា​បរិសុទ្ធ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិគ្គាហក ( ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាហកតោ ) សេចក្ដី​ថា ក្នុង​ទក្ខិណា​ណា ទាយក ( អ្នក​ឱ្យ ) ជា​អ្នក​មាន​សីល ឱ្យ​ទេយ្យធម៌​ដែល​បាន​មក​ដោយ​ធម៌ តែ​បដិគ្គាហក ( អ្នក​ទទួល ) ជា​មនុស្ស​ទ្រុស្ដ​សីល ទក្ខិណា​នេះ​ដូច​នឹង​ទក្ខិណា​របស់​ព្រះ​វេស្សន្តរមហារាជ ។ ពាក្យ​ថា បដិគ្គាហកតោ វិសុជ្ឈតិ នោ ទាយកតោ ( បរិសុទ្ធ​អំពី​បដិគ្គាហក មិន​បរិសុទ្ធ​អំពី​ទាយក ) សេចក្ដី​ថា ក្នុង​ទក្ខិណា​ណា បដិគ្គាហក​ជា​អ្នក​មាន​សីល តែ​ទាយក​ជា​មនុស្ស​មិន​មាន​សីល ឱ្យ​ទេយ្យធម៌​ដែល​បាន​មក​ដោយ​មិន​ប្រកប​ដោយ​ធម៌ ទក្ខិណា​នេះ​ដូច​នឹង​ទក្ខិណា​របស់​អ្នក​សម្លាប់​ចោរ ។ ពាក្យ​ថា នេវ ទាយកតោ វិសុជ្ឈតិ នោ បដិគ្គាហកតោ ( មិន​បរិសុទ្ធ​អំពី​ទាយក មិន​បរិសុទ្ធ​អំពី​បដិគ្គាហក ) សេចក្ដី​ថា ក្នុង​ទក្ខិណា​ណា ទាំង​សង​ខាង​ជា​មនុស្ស​មិន​មាន​សីល សូម្បី​ទេយ្យធម៌​ក៏​បាន​មក​ដោយ​មិន​ត្រឹម​ត្រូវ​តាម​ធម៌ ។ ទក្ខិណា​ទី ៤ គប្បី​ជ្រាប​ដោយ​បរិយាយ​ដែល​ផ្ទុយ​គ្នា ៕

អានបន្ត...
0 មតិ

ការ​បាន​នូវ​អត្តភាព ៤

   អត្តភាវប្បដិលាភ ការ​បាន​នូវ​អត្តភាព មាន ៤ យ៉ាង គឺ

១. អត្ថាវុសោ  អត្តភាវប្បដិលាភោ  យស្មឹ  អត្តភាវប្បដិលាភេ អត្តសញ្ចេតនាយេវ  កមតិ  នោ  បរសញ្ចេតនា

ម្នាល​អាវុសោ​ទាំង​ឡាយ ចេតនា​របស់​ខ្លួន រមែង​ធ្វើ​ខ្លួន​ឱ្យ​ស្លាប់ ចេតនា​របស់​អ្នក​ដទៃ​ពុំ​បាន​ធ្វើ​ឱ្យ​ស្លាប់​​ឡើយ ក្នុង​ការ​បាន​នូវ​អត្តភាព​ណា ការ​បាន​នូវ​អត្តភាព​នោះ រមែង​មាន

២. អត្ថាវុសោ  អត្តភាវប្បដិលាភោ  យស្មឹ  អត្តភាវប្បដិលាភេ  បរសញ្ចេតនាយេវ  កមតិ  នោ  អត្តសញ្ចេតនា

ម្នាល​អាវុសោ​ទាំង​ឡាយ ចេតនារបស់​អ្នក​ដទៃ​ រមែង​ធ្វើ​​ខ្លួន​ឱ្យ​​ស្លាប់ ចេតនា​របស់​ខ្លួន​មិន​បាន​ធ្វើ​ឱ្យ​ស្លាប់​ឡើយ ក្នុង​ការ​បាន​នូវ​អត្តភាព​ណា ការ​បាន​នូវ​អត្តភាព​នោះ រមែង​មាន

៣. អត្ថាវុសោ  អត្តភាវប្បដិលាភោ  យស្មឹ  អត្តភាវប្បដិលាភេ  អត្តសញ្ចេតនា  ចេវ  សោ  កមតិ  បរសញ្ចេតនា  ច

ម្នាល​អាវុសោ​ទាំង​ឡាយ ចេតនា​របស់​ខ្លួន រមែង​ធ្វើ​ខ្លួន​ឱ្យ​ស្លាប់ ទាំង​ចេតនា​របស់​អ្នក​ដទៃ ក៏​រមែង​ធ្វើ​ឱ្យ​ស្លាប់ ក្នុង​ការ​បាន​នូវ​អត្តភាព​ណា ការ​បាន​នូវ​អត្តភាព​នោះ រមែង​មាន

៤. អត្ថាវុសោ  អត្តភាវប្បដិលាភោ  យស្មឹ  អត្តភាវប្បដិលាភេ  នេវ  អត្តសញ្ចេតនា  កមតិ  នោ  បរសញ្ចេតនា

ម្នាល​អាវុសោ​ទាំង​ឡាយ ចេតនា​របស់​ខ្លួន ក៏​មិន​ធ្វើ​​ឱ្យ​ស្លាប់ ចេតនារបស់​អ្នក​ដទៃ ក៏​មិន​ធ្វើ​ឱ្យ​ស្លាប់​ដែរ ក្នុង​ការ​បាន​នូវ​អត្តភាព​ណា ការ​បាន​នូវ​អត្តភាព​នោះ រមែង​មាន

( បិដក​លេខ ១៩ ទំព័រ ១៦៨-១៦៩ )

អធិប្បាយ

    ក្នុង​ការ​បាន​នូវ​អត្តភាព នោះ មាន​វិនិច្ឆ័យ​ដូច​តទៅ​នេះ៖

     ពួក​សត្វ​​ទី ១ គប្បី​ជ្រាប​ដោយ​អំណាច​ពួក​ទេវតា​ខិឌ្ឌាបទោសិកៈ (​ ពួក​ខ្វល់​ខ្វាយ​ក្នុង​លែ្បង​លេង ) ពួក​សត្វ​ទី ២ គប្បី​ជ្រាប​ដោយ​អំណាច​សត្វ​ក្នុង​ខាង​ក្នុង​ជា​ដើម ដែល​ត្រូវ​សត្វ​ក្នុង​ខាង​ក្នុង​ជា​ដើម​ទម្លាយ ពួក​សត្វ​ទី ៣ គប្បី​ជ្រាប​ដោយ​អំណាច​ពួក​ទេវតា​មនោបទោសិកៈ ( ពួក​ច្រណែន​នឹង​អ្នក​ដទៃ ) ពួក​សត្វ​ទី ៤ គប្បី​ជ្រាប​ដោយ​អំណាច​ទេវតា​ដ៏​សេសជាន់​ខ្ពស់​តាំង​ពី​ចាតុម្មហារាជិកា​ឡើង​ទៅ ។ ព្រោះ​ពួក​ទេវតា​ទាំង​នោះ មិន​ស្លាប់​ទាំង​ដោយ​ចេតនា​របស់​ខ្លួន ទាំង​មិន​ស្លាប់​ដោយ​ចេតនា​របស់​អ្នក​ដទៃ ៕

អានបន្ត...
0 មតិ

គព្ភាវក្កន្តិ ការ​ចុះ​កាន់​គភ៌ ៤

    គព្ភាវក្កន្តិ ការ​ចុះ​កាន់​គភ៌ (​ របស់​សត្វ ) មាន ៤ យ៉ាង គឺ

១. ឥធាវុសោ  ឯកច្ចោ  អសម្បជានោ  មាតុ  កុច្ឆឹ  ឱក្កមតិ  អសម្បជានោ  មាតុ  កុច្ឆិស្មឹ  ឋាតិ  អសម្បជានោ  មាតុ  កុច្ឆិស្មា  និក្ខមតិ  អយំ  បឋមោ  គព្ភាវក្កន្តិ

ម្នាល​អាវុសោ​ទាំង​ឡាយ សត្វ​ពួក​ខ្លះ​ក្នុង​លោក​នេះ ចុះ​កាន់​ផ្ទៃ​មាតា​ក៏​មិន​ដឹង​ខ្លួន ឋិត​នៅ​ក្នុង​ផ្ទៃ​មាតា​ ក៏​មិន​ដឹង​ខ្លួន សម្រាល​ចាក​ផ្ទៃ​មាតា ក៏​មិន​ដឹង​ខ្លួន​ទៀត នេះ​ជា​ការ​ចុះ​កាន់​គភ៌​ទី ១ [ បាន​ដល់ លោកិយមនុស្ស​ជា​ប្រក្រតី ]

២. បុន  ចបរំ  អាវុសោ  ឥធេកច្ចោ  សម្បជានោ  មាតុ  កុច្ឆឹ  ឱក្កមតិ  អសម្បជានោ  មាតុ  កុច្ឆិស្មឹ  ឋាតិ  អសម្បជានោ  មាតុ  កុច្ឆិស្មា  និក្ខមតិ  អយំ  ទុតិយា  គព្ភាវក្កន្តិ

ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត​សត្វ​ពួក​ខ្លះ​ក្នុង​លោក​នេះ ចុះ​កាន់​ផ្ទៃ​មាតា​ដឹង​ខ្លួន តែ​នៅ​ក្នុង​ផ្ទៃ​មាតា​មិន​ដឹង​ខ្លួន សម្រាល​ចាក​ផ្ទៃ​មាតា​ក៏​មិន​ដឹង​ខ្លួន​ដែរ នេះ​ជា​ការ​ចុះ​កាន់​ផ្ទៃ​មាតា​ទី ២ [ បាន​ដល់ អសីតិមហាសាវ័ក ]

៣. បុន  ចបរំ  អាវុសោ  ឥធេកច្ចោ  សម្បជានោ  មាតុ  កុច្ឆឹ  ឱក្កមតិ  សម្បជានោ  មាតុ  កុច្ឆិស្មឹ  ឋាតិ  អសម្បជានោ  មាតុ  កុច្ឆិស្មា  និក្ខមតិ  អយំ  តតិយា គព្ភាវក្កន្តិ

ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត សត្វ​ពួក​ខ្លះ​ក្នុង​លោក​នេះ ចុះ​កាន់​ផ្ទៃ​មាតា​ក៏​ដឹង​ខ្លួន នៅ​ក្នុង​ផ្ទៃ​មាតា​ក៏​ដឹង​ខ្លួន តែ​សម្រាល​ចាក​ផ្ទៃ​មាតា​មិន​ដឹង​ខ្លួន នេះ​ជា​ការ​ចុះ​កាន់​គភ៌ ទី ៣ [ បាន​ដល់ អគ្គសាវ័ក​ទាំង​ពីរ និង​ព្រះបច្ចេកពោធិសត្វ ]

៤. បុន  ចបរំ  អាវុសោ  ឥធេកច្ចោ  សម្បជានោ  មាតុ  កុច្ឆឹ  ឱក្កមតិ  សម្បជានោ  មាតុ  កុច្ឆិស្មឹ  ឋាតិ  សម្បជានោ  មាតុ  កុច្ឆិស្មា  និក្ខមតិ  អយំ  ចតុត្ថា  គព្ភាវក្កន្តិ

ម្នាល​អាវុសោ​ទាំង​ឡាយ មួយវិញ​​ទៀត សត្វ​ពួក​ខ្លះ​ក្នុង​លោក​នេះ ចុះ​កាន់​ផ្ទៃ​មាតា​ក៏​ដឹង​ខ្លួន នៅ​ក្នុង​ផ្ទៃ​មាតា​ក៏​ដឹង​ខ្លួន សម្រាល​ចាក​ផ្ទៃ​មាតា​ក៏​ដឹង​ខ្លួន នេះ​ជា​ការ​ចុះ​កាន់​គភ៌​ទី ៤ [ បាន​ដល់​ព្រះ​សព្វញ្ញុពោធិសត្វ ]

( បិដក​លេខ ១៩ ទំព័រ ១៦៧-១៦៨ )

អានបន្ត...
0 មតិ

កំណើត ៤

    យោនិ កំណើត មាន ៤ យ៉ាង គឺ

១. អណ្ឌជយោនិ  កំណើត​របស់​សត្វ​ដែល​កើត​ក្នុង​ស៊ុត

២. ជលាពុជយោនិ កំណើត​របស់​សត្វ​ដែល​កើត​ក្នុង​ទឹក

៣. សំសេទជយោនិ កំណើត​របស់​សត្វ​ដែល​កើត​ក្នុង​ទី​ស្មោក​គ្រោក

៤. ឱបបាតិកយោនិ កំណើត​របស់​សត្វ​ដែល​អណ្ដែត​ទៅ​កើត​ភ្លាម

( បិដក​លេខ ១៩ ទំព័រ ១៦៧ )

អធិប្បាយ

     ពាក្យ​ថា​ យោនិ ប្រែ​ថា ចំណែក ។ ពួក​សត្វ​ដែល​ឈ្មោះ​ថា អណ្ឌជ ព្រោះ​អត្ថ​ថា កើត​ក្នុង​ស៊ុត ។ ឈ្មោះ​ថា ជលាពុជ ព្រោះ​អត្ថ​ថា កើត​ក្នុង​គភ៌ ។ ឈ្មោះ​ថា សំសេទជ ព្រោះ​អត្ថ​ថា កើត​ក្នុង​ញើស​ក្អែល ។ ពាក្យ​ថា សំសេទជ នេះ ជា​ឈ្មោះ​របស់​ពួក​សត្វ​ដែល​កើត​ក្នុង​ទី​សើម​ និង​ក្នុង​ទី​ស្មោក​គ្រោក មាន​ត្រី​ស្អុយ​ ជា​ដើម ។ ដែល​ឈ្មោះ​ថា ឱបបាតិក ព្រោះ​អត្ថ​ថា ដូច​កើត​ឡើង​ដោយ​ឆាប់​រហ័ស ។

    ក្នុង​កំណើត​ទាំង ៤ នោះ មាន​សេចក្ដី​ផ្សេង​គ្នា​រវាង​សត្វ​កើត​ក្នុង​ញើស​ក្អែល​ និង​សត្វ​ដែល​កើត​ផុស​ឡើង​ក្នុង​ទេវលោក និង​មនុស្សលោក យ៉ាង​នេះ៖ សត្វ​ចំពូក​សំសេទជ កើត​មក​មាន​ខ្លួន​តូចៗ សិន ។ សត្វ​ចំពូក​ឱបបាតិក កើត​មក​ប៉ុននឹង​​មនុស្ស​អាយុ​ ១៦ ឆ្នាំ​ភ្លាម ។ ពិត​មែន ក្នុង​ពួក​មនុស្ស និង​ភុម្មទេវតា មាន​កំណើត​គ្រប់​ទាំង ៤ ។ មាន​សត្វ​តិរច្ឆាន ដូច​ជា​ គ្រុឌ និង​នាគ​ជា​ដើម​ផង ។

    សម​ដូច​ព្រះ​តម្រាស់​ដែល​ត្រាស់​ទុក ( ក្នុង​សំយុត្តនិកាយ ខន្ធវារវគ្គ ) ថា

“ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ដា​គ្រុឌ និង​នាគ​នោះ ពួក​គ្រុឌ​ដែល​ជា​សត្វ​កើត​ចាក​ស៊ុត រមែង​ប្រហារ​ពួក​នាគ ដែល​ជា​សត្វ​កើត​ចាក​ស៊ុត​ដូច​គ្នា តែ​មិន​អាច​ប្រហារ​សត្វ​ចំពូក​ជលាពុជ ( សត្វ​កើត​ចាក​គភ៌ ) សំសេទជ ( សត្វ​កើត​ពី​ញើស​ក្អែល ) ឱបបាតិក ( សត្វ​ផុស​មក​កើត ) បាន​ទេ” ។

   ទេវតា​ជាន់​ខ្ពស់​ៗ ឡើង​ទៅ ចាប់​ពី​ចាតុម្មហារាជិកា ចាត់​ក្នុង​ចំពូក​ឱបបាតិក ទាំង​អស់ ។ សត្វ​នរក ក៏ ( ជា​ឱបបាតិក ) ដូច​គ្នា ។ ក្នុង​ពពួក​ប្រេត ក៏​មាន​កំណើត​គ្រប់​ទាំង ៤ ៕

អានបន្ត...
0 មតិ

ឧបាទាន ធម្មជាត​ជា​គ្រឿង​ប្រកាន់​មាំ ៤

    ឧបាទាន ធម្មជាត​ជា​គ្រឿង​ប្រកាន់​មាំ ៤ យ៉ាង​ គឺ

១. កាមុបាទាន  កា​ម​ជា​គ្រឿង​ប្រកាន់​មាំ

២. ទិដ្ឋុបាទាន   មិច្ឆាទិដ្ឋិ​ជា​គ្រឿង​ប្រកាន់​មាំ

៣. សីលព្វតុបាទាន ការ​ប្រកាន់​មាំ​ដោយ​សីល និង​វ័ត

៤. អត្តវាទុបាទាន ការ​ប្រកាន់​មាំ​ដោយ​ពោល​ថា​ខ្លួន

( បិដក​លេខ ១៩ ទំព័រ ១៦៧ )

អធិប្បាយ

    ពាក្យ​ថា ឧបាទាន បាន​ដល់ ការ​ប្រកាន់​មាំ ។ តម្រេក ឈ្មោះ​ថា កាម ។ កាម​នោះ​នុ៎ះ​ឯង ឈ្មោះ​ថា កាមុបាទាន ព្រោះ​អត្ថ​ថា ប្រកាន់ ដោយ​អត្ថ​ថា ប្រកាន់មាំ ។ ពាក្យ​ថា ទិដ្ឋិ សំដៅ​ដល់ មិច្ឆាទិដ្ឋិ ។ ទិដ្ឋិ​ក៏​ឈ្មោះ​ថា ទិដ្ឋុបាទាន ព្រោះ​អត្ថ​ថា ប្រកាន់ ដោយ​អត្ថ​ថា ប្រកាន់​មាំ ។ ការ​ប្រកាន់​មាំ​ក្នុង​សីល និង​វ័ត​យ៉ាង​នេះ​ថា “សេចក្ដី​បរិសុទ្ធ​បាន​ដោយ​សីល​ និង​វ័ត​នេះ” ឈ្មោះ​ថា សីលព្វតុបាទាន ។ ឈ្មោះ​ថា អត្តវាទុបាទាន ព្រោះ​អត្ថ​ថា ជា​ហេតុ​ឱ្យ​ហៅ​ថា ខ្លួន និង​ជា​ហេតុ​នៃ​ការ​ប្រកាន់​មាំ ៕

អានបន្ត...
0 មតិ

គន្ថៈ ធម៌​ជា​គ្រឿង​ចង​ព័ទ្ធ ៤

   គន្ថៈ ធម៌​ជា​គ្រឿង​ចង​ព័ទ្ធ ៤ យ៉ាង គឺ

១. អភិជ្ឈាកាយគន្ថៈ  អភិជ្ឈា​ជា​គ្រឿង​ចង​ព័ទ្ធ​កាយ

២. ព្យាបាទកាយគន្ថៈ ព្យាបាទ​ជា​គ្រឿង​ចង​ព័ទ្ធ​កាយ

៣. សីលព្វតបរាមាសកាយគន្ថៈ សេចក្ដី​ប្រកាន់​ខុស​ដោយ​សីល និង​វ័ត​ជា​គ្រឿង​ចង​ព័ទ្ធ​កាយ

៤. ឥទំសច្ចាភិនិវេសកាយគន្ថៈ សេចក្ដី​ប្រកាន់​មាំ​ថា ពាក្យ​នេះ​ជា​ពាក្យ​ពិត​ ពាក្យ​ដទៃ​ជា​ពាក្យ​ទទេ​ ជា​គ្រឿង​ចង​ព័ទ្ធ​កាយ

( បិដក​លេខ ១៩ ទំព័រ ១៦៧ )

អធិប្បាយ

   កិលេស​ដែល​ឈ្មោះ​ថា គន្ថៈ ដោយ​អំណាច​ការ​ចង ( សត្វ​ ) ទុក ។ ដែល​ឈ្មោះ​ថា កាយគន្ថៈ ( ជា​គ្រឿង​ចង​ព័ទ្ធ​កាយ ) ព្រោះ​អត្ថ​ថា ចង គឺ ព័ទ្ធ បាន​ដល់ ចង​ព័ទ្ធ រួប​រឹត​នាមកាយ និង​រូបកាយ​ទុក​ក្នុង​វដ្ដៈ ។ ពាក្យ​ថា ឥទំសច្ចាភិនិវេស សេចក្ដី​ថា អភិនិវេស គឺ​ ទិដ្ឋិ​ដែល​ប្រព្រឹត្ត​ទៅ​យ៉ាង​នេះ​ថា “នេះ​ប៉ុណ្ណោះ​ពិត យ៉ាង​ដទៃ​ទទេ” ៕

អានបន្ត...
0 មតិ

វិសំយោគៈ ធម៌​ជា​គ្រឿង​ដោះ​សត្វ ៤

   វិសំយោគៈ ធម៌​ជា​គ្រឿង​ដោះ​សត្វ មាន ៤ យ៉ាង គឺ

១. កាមយោគវិសំយោគោ  ធម៌​ជា​គ្រឿង​ដោះ​សត្វ​ចាក​កាមយោគៈ

២. ភវយោគវិសំយោគោ     ធម៌​ជា​គ្រឿង​ដោះ​សត្វ​ចាក​ភវយោគៈ

៣. ទិដ្ឋិយោគវិសំយោគោ    ធម៌​ជា​គ្រឿង​ដោះ​សត្វ​ចាក​ទិដ្ឋិយោគៈ

៤. អវិជ្ជាយោគវិសំយោគោ  ធម៌​ជា​គ្រឿង​ដោះ​សត្វ​ចាក​អវិជ្ជាយោគៈ

( បិដក​លេខ ១៩ ទំព័រ ១៦៦ )

អធិប្បាយ

    ដែល​ឈ្មោះ​ថា វិសំយោគៈ ( ធម៌​ជា​គ្រឿង​ដោះ ) ព្រោះ​អត្ថ​ថា មិន​ប្រកប​សត្វ​ទុក ( ក្នុង​វដ្ដៈ ) ។ ក្នុង​វិសំយោគៈ​នោះ អសុភជ្ឈាន ឈ្មោះ​ថា ធម៌​ជា​គ្រឿង​ដោះ​សត្វ​ចាក​កាមយោគៈ អនាគាមិមគ្គ​ដែល​បុគ្គល​សម្រេច​ដោយ​ធ្វើ​អសុភជ្ឈាន​នោះ​ឱ្យ​ជា​បាទ ឈ្មោះ​ថា កាមយោគវិសំយោគៈសុទ្ធៗ អរហត្តមគ្គ ឈ្មោះ​ថា ភវយោគវិសំយោគៈ ( ធម៌​ជា​គ្រឿង​ដោះ​សត្វ​ចាក​ភវយោគៈ ) ។ សោតាបត្តិមគ្គ ឈ្មោះ​ថា ទិដ្ឋិយោគវិសំយោគៈ ( ធម៌​ជា​គ្រឿង​ដោះ​សត្វ​ចាក​ទិដ្ឋិយោគៈ ) ។ អរហត្តមគ្គ ឈ្មោះ​ថា អវិជ្ជាយោគវិសំយោគៈ ( ធម៌​ជា​គ្រឿង​ដោះ​សត្វ​ចាក​អវិជ្ជាយោគៈ ) ៕

អានបន្ត...
0 មតិ

យោគៈ ធម៌​ជា​គ្រឿង​ប្រកប​សត្វ​ក្នុង​វដ្តៈ ៤

   យោឝៈ ធម៌​ជា​គ្រឿង​ប្រកប​សត្វ​ទុក​ក្នុង​វដ្ដៈ មាន ៤ យ៉ាង គឺ

១. កាមយោឝៈ

២. ភវយោគៈ

៣. ទិដ្ឋិយោគៈ

៤. អវិជ្ជាយោគៈ

( បិដក​លេខ ១៩ ទំព័រ ១៦៦ )

អធិប្បាយ

   ដែល​ឈ្មោះ​ថា យោគៈ ព្រោះ​អត្ថ​ថា ប្រកប​សត្វ​ទុក​ក្នុង​វដ្តៈ ។ យោគៈ​ទាំង​នោះ​ គប្បី​ជ្រាប​ថា ដូច​ឱឃៈ ៕

អានបន្ត...
0 មតិ

ឱឃៈ ធម៌​ជា​គ្រឿង​ពន្លិច​សត្វ ៤

   ឱឃៈ ធម៌​ជា​គ្រឿង​ពន្លិច​សត្វ មាន ៤ យ៉ាង គឺ

១. កាមោឃៈ

២. ភវោឃៈ

៣. ទិដ្ឋោឃៈ

៤. អវិជ្ជោឃៈ

( បិដក​លេខ ១៩ ទំព័រ ១៦៦ )

អធិប្បាយ

   ពាក្យ​ថា ឱឃៈ មាន​វិគ្រោះ​ថា ដែល​ឈ្មោះ​ថា ឱឃៈ ព្រោះ​អត្ថ​ថា ពន្លិច​គឺ​ធ្វើ​សត្វ​ឱ្យ​លិច​ចុះ​ក្នុង​វដ្តៈ ។ បណ្ដា​ឱឃៈ​នោះ តម្រេក​ដែល​ជាប់​ទាក់​ទង​ដោយ​កាមគុណ ៥ ឈ្មោះ​ថា កាមោឃៈ ។ តម្រេក​ដោយ​សេចក្ដី​ពេញ​ចិត្ត​ក្នុង​រូបភព​ និងអរូបភព ឈ្មោះ​ថា ភវោឃៈ ។ ការ​ជាប់​ចិត្ត​នៅ​ក្នុង​ឈាន និង​តម្រេក​ដែល​សហគត​ដោយ​សស្សតទិដ្ឋិ ក៏​ហៅ​ថា ភវោឃៈ ។ ទិដ្ឋិ ៦២ ឈ្មោះ​ថា ទិដ្ឋោឃៈ ៕

អានបន្ត...
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ