Search

Loading

Content

09 April 2013

ចេតោខីលៈ សេចក្ដី​រឹង​ត្អឹង​របស់​ចិត្ត ៥

   ចេតោខីលៈ សេចក្ដី​រឹង​ត្អឹង​របស់​ចិត្ត មាន ៥ យ៉ាង គឺ

១. ឥធាវុសោ  ភិក្ខុ  សត្ថរិ  កង្ខតិ  វិចិកិច្ឆតិ  នាធិមុច្ចតិ  ន  សម្បសីទតិ ។ យោ  សោ  អាវុសោ  ភិក្ខុ  សត្ថរិ  កង្ខតិ  វិចិកិច្ឆតិ  នាធិមុច្ឆតិ  ន  សម្បសីទតិ  តស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  យស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ  អយំ  បឋមោ  ចេតោខីលោ  ។

ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ សង្ស័យ ងឿង​ឆ្ងល់ មិន​ចុះ​ចិត្ត​ស៊ប់ មិន​ជ្រះ​ថ្លា​ក្នុង​ព្រះ​​សាស្ដា ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា សង្ស័យ ងឿង​ឆ្ងល់ មិន​ចុះ​ចិត្ត​ស៊ប់ មិន​ជ្រះ​ថ្លា​ក្នុង​ព្រះ​សាស្ដា ចិត្ត​របស់​ភិក្ខុ​នោះ​ មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ ចិត្ត​របស់​ភិក្ខុ​ណា មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ នេះ​ជា​សេចក្ដី​រឹង​ត្អឹង​នៃ​ចិត្ត​ទី ១ របស់​ភិក្ខុ​នោះ ។

២. បុន  ចបរំ  អាវុសោ  ភិក្ខុ  ធម្មេ  កង្ខតិ  ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​សង្ស័យ ក្នុង​ព្រះ​ធម៌

៣. សង្ឃេ  កង្ខតិ​   ភិក្ខុ​សង្ស័យ​ ក្នុង​ព្រះ​សង្ឃ

៤. សិក្ខាយ  កង្ខតិ  វិចិកិច្ឆតិ  សង្ស័យ ងឿង​ឆ្ងល់ ក្នុង​សិក្ខា

៥. សព្រហ្មចារីសុ  កុបិតោ  ហោតិ  អនត្តមនោ  អាហតចិត្តោ  ខីលជាតោ  ។  យោ  សោ  អាវុសោ  ភិក្ខុ  សព្រហ្មចារីសុ  កុបិតោ  ហោតិ  អនត្តមនោ  អាហតចិត្តោ  ខីលជាតោ  តស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ  សាតច្ចាយ  បធានាយ យស្ស  ចិត្តំ  ន  នមតិ  អាតប្បាយ  អនុយោគាយ សាតច្ចាយ  បធានាយ  អយំ បញ្ចមោ ចេតោខីលោ ។

ភិក្ខុ​ក្រោធ អាក់​អន់​ចិត្ត មាន​ចិត្ត​ត្រូវ​ទោសៈ​ខ្ទាំង​ខ្ទប់ មាន​ចិត្ត​រឹង​ត្អឹង​ក្នុង​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា​ជា​បុគ្គល​ក្រោធ អាក់​អន់​ចិត្ត មាន​ចិត្ត​ត្រូវ​ទោសៈ​ខ្ទាំង​ខ្ទប់ មាន​ចិត្ត​រឹង​ត្អឹង ក្នុង​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ ចិត្ត​របស់​ភិក្ខុ​ណា មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ នេះ​ជា​សេចក្ដី​រឹង​ត្អឹង​នៃ​ចិត្ត​ទី ៥ របស់​ភិក្ខុ​នោះ ។

( បិដក​លេខ ១៩ ទំព័រ ១៨២-៨៤ )

អធិប្បាយ

    ពាក្យ​ថា ចេតោខីលា ( សេចក្ដី​រឹង​ត្អឹង​របស់​ចិត្ត ) សេចក្ដី​ថា ភាវៈ​នៃ​ចិត្ត​ដែល​រឹង​ត្អឹង ។ ពាក្យ​ថា សត្ថរិ កង្ខតិ ( សង្ស័យ​ក្នុង​ព្រះ​សាស្ដា ) សេចក្ដី​ថា រមែង​សង្ស័យ​ក្នុង​ព្រះ​សរីរៈ ឬ​ក្នុង​ព្រះ​គុណ​របស់​ព្រះ​សាស្ដា ។ កាល​សង្ស័យ​ក្នុង​ព្រះ​សរីរៈ រមែង​សង្ស័យ​ថា “​ដែល​ឈ្មោះ​ថា សរីរៈ​ដែល​ប្រកប​ដោយ​មហាបុរិសលក្ខណៈ​ដ៏​ប្រសើរ ៣២ ប្រការ មាន​ឬ​ទេហ្ន៎?” សង្ស័យ​ក្នុង​ព្រះ​គុណ រមែង​សង្ស័យ​ថា “សព្វញ្ញុតញ្ញាណ​ដែល​អាច​ដឹង​អតីត អនាគត និង​បច្ចុប្បន្ន មាន​ឬ​ទេ​ហ្ន៎?” ។ ពាក្យ​ថា អាតប្បាយ ( ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ) សេចក្ដី​ថា ដើម្បី​បំពេញ​សេចក្ដី​ព្យាយាម ។ ពាក្យ​ថា អនុយោគាយ ( ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ) សេចក្ដី​ថា ដោយ​ការ​ប្រកប​រឿយៗ ។ ពាក្យ​ថា សាតច្ចាយ ( ដើម្បី​ព្យាយាម​ជាប់​តទៅ ) សេចក្ដី​ថា ដោយ​ធ្វើ​ជាប់​មិន​ដាច់ ។ ពាក្យ​ថា បធានាយ ( ដើម្បី​ព្យាយាម ) សេចក្ដី​ថា ដើម្បី​ការ​តាំង​ទុក ។ ពាក្យ​ថា អយំ បឋមោ ចេតោខីលោ ( នេះ​ជា​សេចក្ដី​រឹង​ត្អឹង​នៃ​ចិត្ត​ទី ១ ) នេះ សេចក្ដី​ថា ភាវៈ​នៃ​ចិត្ត​រឹង​ត្អឹង ពោល​គឺ​សេចក្ដី​សង្ស័យ ក្នុង​ព្រះ​សាស្ដា នេះ​ជា​ខ​ដំបូង ។

   ពាក្យ​ថា ធម្មេ ( ក្នុង​ព្រះ​ធម៌ ) សេចក្ដី​ថា ក្នុង​បរិយត្តិធម៌ និង​បដិវេធធម៌ ។ បុគ្គល​កាល​សង្ស័យ​ក្នុង​បរិយត្តិធម៌ រមែង​សង្ស័យ​ថា “ជន​ទាំង​ឡាយ នាំ​គ្នា​និយាយ​ថា ព្រះ​ពុទ្ធវចនៈ​គឺ​ព្រះ​ត្រៃ​បិដក មាន ៨៤,០០០ ព្រះ​ធម្មក្ខន្ធ ព្រះ​ពុទ្ធវចនៈ​នោះ​មាន​ឬ​ទេ​ហ្ន៎?” ។ កាល​សង្ស័យ​ក្នុង​បដិវេធធម៌ រមែង​សង្ស័យ​ថា “ជន​ទាំង​ឡាយ​ នាំ​គ្នា​និយាយ​ថា ផល​របស់​វិបស្សនា ឈ្មោះ​ថា មគ្គ ផល​របស់​មគ្គ ឈ្មោះ​ថា ផល ការ​លះ​សង្ខារ​ទាំង​ពួង​បាន ឈ្មោះ​ថា និព្វាន និព្វាន​នោះ​មាន​ឬ​ទេ​ហ្ន៎?” ។ ពាក្យ​ថា សង្ឃេ កង្ខតិ ( រមែង​សង្ស័យ​ក្នុង​ព្រះ​សង្ឃ ) សេចក្ដី​ថា រមែង​សង្ស័យ​ថា “ប្រជុំ​នៃ​បុគ្គល​អ្នក​បដិបត្តិ​បដិបទា​យ៉ាង​នេះ ដោយ​អំណាច​នៃ​បទ​ជា​ដើម​ថា ឧជុបដិបន្នោ មាន ៨ ពួក គឺ ភិក្ខុ​តាំង​នៅ​ក្នុង​មគ្គ ៤ ភិក្ខុ​តាំង​នៅ​ក្នុង​ផល ៤ ឈ្មោះ​ថា ព្រះ​សង្ឃ ៗ នោះ មាន​ឬ​ទេ​ហ្ន៎?” ។ កាល​សង្ស័យ​ក្នុង​សិក្ខា រមែង​សង្ស័យ​ថា “ជន​ទាំង​ឡាយ​ នាំ​គ្នា​និយាយ​ថា ឈ្មោះ​ថា អធិសីលសិក្ខា ឈ្មោះ​ថា អធិចិត្តសិក្ខា ឈ្មោះ​ថា អធិប្បញ្ញាសិក្ខា សិក្ខា​នោះ​មាន​ឬ​ទេ​ហ្ន៎?” ។ ពាក្យ​ថា អយំ បញ្ចមោ ( នេះ​ជា​ខ​ទី ៥ ) នេះ សេចក្ដី​ថា ភាវៈ​នៃ​ចិត្ត​រឹង​ត្អឹង ភាវៈ​នៃ​ចិត្ត​ដូច​ជា​គំនរ​សំរាម ភាវៈ​នៃ​ចិត្ត​ដូច​ជា​ដង្គត់ ពោល​គឺ​សេចក្ដី​ក្រោធ​ខឹង​ក្នុង​ព្រហ្មចារី​ទាំង​ឡាយ នេះ​ជា​ខ​ទី ៥ ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ