Search

Loading

Content

01 April 2013

អនាគាមិបុគ្គល ៥ ពួក

អនាគាមិបុគ្គល ៥ ពួក គឺ

១. អន្តរាបរិនិព្វាយី     លោក​ដែល​បរិនិព្វាន​ក្នុង​ពាក់​កណ្ដាល​អាយុ

២. ឧបហច្ចបរិនិព្វាយី  លោក​ដែល​បរិនិព្វាន​ដោយ​​កន្លង​ហួស​ពាក់​កណ្ដាល​អាយុ

៣. អសង្ខារបរិនិព្វាយី  លោក​ដែល​បរិនិព្វាន​ដោយ​មិន​មាន​សេចក្ដី​ព្យាយាម​

៤. សសង្ខារបរិនិព្វាយី  លោក​ដែល​បរិនិព្វាន​ដោយ​សេចក្ដី​ព្យាយាម​យ៉ាង​ខ្លាំង

៥. ឧទ្ធំសោតោ អកនិដ្ឋគាមី លោក​ដែល​មាន​ខ្សែ​ខាង​លើ​ហើយ​ទៅ​កាន់​អកនិដ្ឋភព

( បិដក​លេខ ១៩ ទំព័រ ១៨២ )

អធិប្បាយ

    ព្រះ​អនាគាមី នៅ​មិន​ទាន់​កន្លង​ពាក់​កណ្ដាល​អាយុ ហើយ​ដល់​​នូវ​ព្រះ​អរហត្ត​ ជា​ទី​រំលត់​នូវ​កិលេស​ក្នុង​ពាក់​កណ្ដាល​អាយុ ឈ្មោះ​ថា អន្តរាបរិនិព្វាយី ( លោក​ដែល​បរិនិព្វាន​ក្នុង​ពាក់​កណ្ដាល​អាយុ ) ។ ព្រះ​អនាគាមី ដែល​កន្លង​ពាក់​កណ្ដាល​អាយុ​ហើយ ដល់​នូវ​ព្រះ​អរហត្ត​ ជាទី​រំលត់​នូវ​កិលេស ឈ្មោះ​ថា ឧបហច្ចបរិនិព្វាយី ( លោក​ដែល​បរិនិព្វាន​ដោយ​​កន្លង​ហួស​ពាក់​កណ្ដាល​អាយុ ) ។ ព្រះ​អនាគាមី​ដែល​មិន​លំបាក​ព្រោះ​មិន​បាច់​ប្រកប​សេចក្ដី​ព្យាយាម ដោយ​មិន​មាន​សង្ខារ ( គ្រឿង​ឧបត្ថម្ភ​ជ្រោម​ជ្រែង ) ដល់​នូវ​ព្រះ​អរហត្ត​បាន​ដោយ​ងាយ ឈ្មោះ​ថា អសង្ខារបរិនិព្វាយី ( លោក​ដែល​បរិនិព្វាន​ដោយ​មិន​មាន​សេចក្ដី​ព្យាយាម​ ) ។ ព្រះ​អនាគាមី​ដែល​លំបាក ព្រោះ​ត្រូវ​ប្រកប​សេចក្ដី​ព្យាយាម ព្រម​ទាំង​សង្ខារ ដល់​​នូវ​ព្រះ​អរហត្ត​បាន​ដោយ​លំបាក ឈ្មោះ​ថា សសង្ខារបរិនិព្វាយី ( លោក​ដែល​បរិនិព្វាន​ដោយ​សេចក្ដី​ព្យាយាម​យ៉ាង​ខ្លាំង ) ។ ព្រះ​អនាគាមី ទាំង ៤ ពួក​នេះ មិន​បាន​នៅ​ក្នុង​សុទ្ធាវាសទាំង ៥ ជាន់​ទេ ។ បណ្ឌិត​គប្បី​ជ្រាប​ពួក ៤ ក្នុង​ខ​ថា ឧទ្ធំសោតោ អកនិដ្ឋគាមី នេះ​ដូច​តទៅ ៖

    ក៏​ព្រះ​អនាគាមី​ណា ធ្វើ​ចិត្ត​ឱ្យ​បរិសុទ្ធ​ ( ចាក​កិលេស ) ក្នុង​ទេវលោក​ទាំង ៤ ជាន់ តាំង​ពី​ជាន់​អវិហា​ទៅ ៗ កាន់​អកនិដ្ឋភព​ហើយ​បរិនិព្វាន ព្រះ​អនាគាមី​នេះ ឈ្មោះ​ថា មាន​ខ្សែ​ខាង​លើ​ ហើយ​ទៅ​កាន់​អកនិដ្ឋភព ។ ព្រះ​អនាគាមី​ណា ចាក​ជាន់​អវិហា​ហើយ​ទៅ​កើត​ក្នុង​ទេវលោក​ជាន់​ទី ២ ទី ៣ ឬ​ទី ៤ ហើយ​បរិនិព្វាន ព្រះ​អនាគាមី​នេះ ឈ្មោះ​ថា មាន​ខ្សែ​ខាង​លើ មិន​ទៅ​កាន់​អកនិដ្ឋភព ។ ព្រះ​អនាគាមី​ណា ចាក​កាមភព ហើយ​កើត​ក្នុង​អកនិដ្ឋភព​តែ​ម្ដង​ហើយ​បរិនិព្វាន ព្រះ​អនាគាមី​នេះ ឈ្មោះ​ថា មិន​មាន​ខ្សែ​ខាង​លើ ហើយ​ទៅ​កាន់​អកនិដ្ឋភព ។ ព្រះ​អនាគាមី​ណា កើត​ក្នុង​ទេវលោក​ទាំង ៤ ជាន់​ខាង​ក្រោម ហើយ​បរិនិព្វាន​ក្នុង​ទេវលោក​ទាំង ៤ ជាន់​នុ៎ះ​ឯង ព្រះ​អនាគាមី​នេះ ឈ្មោះ​ថា មិន​មាន​ខ្សែ​ខាង​លើ ហើយ​មិន​ទៅ​កាន់​អកនិដ្ឋភព ៕​

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ