Search

Loading

Content

02 January 2013

កំណើត ៤

    យោនិ កំណើត មាន ៤ យ៉ាង គឺ

១. អណ្ឌជយោនិ  កំណើត​របស់​សត្វ​ដែល​កើត​ក្នុង​ស៊ុត

២. ជលាពុជយោនិ កំណើត​របស់​សត្វ​ដែល​កើត​ក្នុង​ទឹក

៣. សំសេទជយោនិ កំណើត​របស់​សត្វ​ដែល​កើត​ក្នុង​ទី​ស្មោក​គ្រោក

៤. ឱបបាតិកយោនិ កំណើត​របស់​សត្វ​ដែល​អណ្ដែត​ទៅ​កើត​ភ្លាម

( បិដក​លេខ ១៩ ទំព័រ ១៦៧ )

អធិប្បាយ

     ពាក្យ​ថា​ យោនិ ប្រែ​ថា ចំណែក ។ ពួក​សត្វ​ដែល​ឈ្មោះ​ថា អណ្ឌជ ព្រោះ​អត្ថ​ថា កើត​ក្នុង​ស៊ុត ។ ឈ្មោះ​ថា ជលាពុជ ព្រោះ​អត្ថ​ថា កើត​ក្នុង​គភ៌ ។ ឈ្មោះ​ថា សំសេទជ ព្រោះ​អត្ថ​ថា កើត​ក្នុង​ញើស​ក្អែល ។ ពាក្យ​ថា សំសេទជ នេះ ជា​ឈ្មោះ​របស់​ពួក​សត្វ​ដែល​កើត​ក្នុង​ទី​សើម​ និង​ក្នុង​ទី​ស្មោក​គ្រោក មាន​ត្រី​ស្អុយ​ ជា​ដើម ។ ដែល​ឈ្មោះ​ថា ឱបបាតិក ព្រោះ​អត្ថ​ថា ដូច​កើត​ឡើង​ដោយ​ឆាប់​រហ័ស ។

    ក្នុង​កំណើត​ទាំង ៤ នោះ មាន​សេចក្ដី​ផ្សេង​គ្នា​រវាង​សត្វ​កើត​ក្នុង​ញើស​ក្អែល​ និង​សត្វ​ដែល​កើត​ផុស​ឡើង​ក្នុង​ទេវលោក និង​មនុស្សលោក យ៉ាង​នេះ៖ សត្វ​ចំពូក​សំសេទជ កើត​មក​មាន​ខ្លួន​តូចៗ សិន ។ សត្វ​ចំពូក​ឱបបាតិក កើត​មក​ប៉ុននឹង​​មនុស្ស​អាយុ​ ១៦ ឆ្នាំ​ភ្លាម ។ ពិត​មែន ក្នុង​ពួក​មនុស្ស និង​ភុម្មទេវតា មាន​កំណើត​គ្រប់​ទាំង ៤ ។ មាន​សត្វ​តិរច្ឆាន ដូច​ជា​ គ្រុឌ និង​នាគ​ជា​ដើម​ផង ។

    សម​ដូច​ព្រះ​តម្រាស់​ដែល​ត្រាស់​ទុក ( ក្នុង​សំយុត្តនិកាយ ខន្ធវារវគ្គ ) ថា

ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ដា​គ្រុឌ និង​នាគ​នោះ ពួក​គ្រុឌ​ដែល​ជា​សត្វ​កើត​ចាក​ស៊ុត រមែង​ប្រហារ​ពួក​នាគ ដែល​ជា​សត្វ​កើត​ចាក​ស៊ុត​ដូច​គ្នា តែ​មិន​អាច​ប្រហារ​សត្វ​ចំពូក​ជលាពុជ ( សត្វ​កើត​ចាក​គភ៌ ) សំសេទជ ( សត្វ​កើត​ពី​ញើស​ក្អែល ) ឱបបាតិក ( សត្វ​ផុស​មក​កើត ) បាន​ទេ” ។

   ទេវតា​ជាន់​ខ្ពស់​ៗ ឡើង​ទៅ ចាប់​ពី​ចាតុម្មហារាជិកា ចាត់​ក្នុង​ចំពូក​ឱបបាតិក ទាំង​អស់ ។ សត្វ​នរក ក៏ ( ជា​ឱបបាតិក ) ដូច​គ្នា ។ ក្នុង​ពពួក​ប្រេត ក៏​មាន​កំណើត​គ្រប់​ទាំង ៤ ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ