Search

Loading

Content

18 January 2013

បុគ្គល​ ៤ ពួក​ដទៃ​ទៀត ន័យ​ទី ៣

   បុគ្គល​មាន​ ៤ ពួក​ដទៃ​ទៀត គឺ

១. សមណមចលោ      សមណៈ​មិន​កម្រើក

២. សមណបទុមោ       សមណៈ​ដូច​ផ្កា​ឈូក​ក្រហម

៣. សមណបុណ្ឌរីកោ     សមណៈ​ដូច​​ផ្កា​ឈូក​ស

៤. សមណេសុ សមណសុខុមាលោ សមណៈ​ជា​អ្នក​ទន់​ល្អិត​ក្នុង​ពួក​សមណៈ

( បិដក​លេខ ១៩ ទំព័រ ១៧៣ )

អធិប្បាយ

    ពាក្យ​ថា សមណមចលោ សេចក្ដី​ថា សមណៈ​មិន​ញាប់​ញ័រ ។ អក្សរ ត្រឹម​តែ​ជា​បទ​សន្ធិ [ សមណមចលោ មក​ពី សមណ+អចលោ ចុះ ម អាគម ក្នុង​វិធីសន្ធិ ] ។ សមណៈ​មិន​ញាប់​ញ័រ​នោះ គប្បី​ជ្រាប​ថា បាន​ដល់ ព្រះ​សោតាបន្ន ។ ពិត​ណាស់ ព្រះ​សោតាបន្ន ឈ្មោះ​ថា សមណៈ​មិន​ញាប់​ញ័រ ព្រោះ​ជា​អ្នក​មិន​ញាប់​ញ័រ​ដោយ​ការ​ពោល​ទ្រគោះ​របស់​អ្នក​ដទៃ មាន​សទ្ធា​តាំង​មាំ ដូច​សសរ​ខឿន ដែល​មិន​ញាប់​ញ័រ​ព្រោះ​ខ្យល់​ទាំង ៤
( ទិស ) ដូច្នោះ ។ សមដូច​ព្រះ​តម្រាស់ដែល​ត្រាស់​ទុក​ថា “ក៏​បុគ្គល​ដែល​ឈ្មោះ​ថា សមណៈ​មិន​ញាប់​ញ័រ តើ​ដូច​ម្ដេច? បុគ្គល​​ពួក​ខ្លះ​ក្នុង​លោក​នេះ ព្រោះ​អស់​សំយោជនៈ ៣ …” គប្បី​ធ្វើ​ឱ្យ​ពិស្ដារ ចំណែក​ព្រះ​សកទាគាមី ឈ្មោះ​ថា សមណៈ​ដូច​ផ្កា​ឈូក​ក្រហម ព្រោះ​មាន​រាគៈ ទោសៈ និង​មោហៈ​ស្រាល​ស្ដើង ។ ព្រោះ​ហេតុ​នោះ លោក​ទើប​ពោល​ថា “បុគ្គល​​ដែល​ឈ្មោះ​ថា សមណៈ​ដូច​ផ្កា​ឈូក​ក្រហម តើ​ដូច​ម្ដេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មក​កាន់​លោក​នេះ​មួយ​គ្រា ក៏​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ​បាន បុគ្គល​នេះ​លោក​ហៅ​ថា សមណៈ​ដូច​ផ្កា​ឈូក​ក្រហម” ។ ព្រះ​អនាគាមី ឈ្មោះ​ថា សមណៈ​ដូច​ផ្កា​ឈូក​ស ព្រោះ​អត្ថ​ថា រីក​ដោយ​ឆាប់​រហ័ស ព្រោះ​មិន​មាន​រាគៈ និង​ទោសៈ ។ ព្រោះ​ហេតុ​នោះ លោក​ទើប​ពោល​ថា “បុគ្គល​ដែល​ឈ្មោះ​ថា សមណៈ​ដូច​ផ្កា​ឈូក​ស តើ​ដូច​ម្ដេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ( លះ ) សំយោជនៈ​ខាង​ក្រោម ៥ ។ល។ បុគ្គល​នេះ​លោក​ហៅ​ថា សមណៈ​ដូច​ផ្កា​ឈូក​ស” ។ ចំណែក​ព្រះ​អរហន្ត ឈ្មោះ​ថា សមណៈ​ជា​អ្នក​ទន់​ល្អិត​​ ( សមណសុខុមាល ) ជាង​សមណៈ​ផង​គ្នា ព្រោះ​មិន​មាន​កិលេស​គ្រប់​យ៉ាង​ដែល​ធ្វើ​ឱ្យ​រឹង​ត្អឹង ។ ព្រោះ​ហេតុ​នោះ លោក​ទើប​ពោល​ថា “ក្នុង​បណ្ដា​សមណៈ​ទាំង​ឡាយ បុគ្គល​ដែល​ឈ្មោះ​ថា សមណៈ​ជា​អ្នក​ទន់​ល្អិត តើ​ដូច​ម្ដេច? បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ ។ល។ ចូល​ដល់ បុគ្គល​នេះ ហៅ​ថា សមណៈ​ជា​អ្នក​ទន់​ល្អិត​ជាង​សមណៈ​ទាំង​ឡាយ” ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ