Search

Loading

Content

22 January 2012

អភិណ្ហប្បច្ចវេក្ខណៈ​ ១០



អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖

១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បី​​ពិចារណា​រឿយៗ ថា​ អាត្មា​អញ​​កាន់​យក​នូវ​ភេទ​ដ៏​ប្លែក​ អំពី​​ភេទ​​របស់​​គ្រហស្ថ

២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ការ​ប្រព្រឹត្ត​​ចិញ្ចឹមជីវិត របស់​អាត្មាអញ​ប្រព្រឹត្ត​ជាប់​ដោយបុគ្គលដទៃ

៣. អញ្ញោ មេ​ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាកប្បកិរិយា​ផ្សេង​អំពី​គ្រហស្ថ​ អាត្មាអញគួរធ្វើ

៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​​រឿយៗ​ ថា​ អាត្មាអញ​​មិន​តិះ​ដៀល​ខ្លួន​ឯង ដោយសីលធម៌បានទេឬ ?

៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ពួក​សព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយ​សីលធម៌បានទេឬ ?

៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បី​ពិចារណារឿយៗ ថា ការ​ព្រាត់​ប្រាស​និរាស​ចាកសត្វ និងសង្ខារទាំងអស់ ដែល​ជា​ទី​ស្រឡាញ់ ជាទីគាប់ចិត្ត នៃ​អាត្មា​អញតែងមានជាធម្មតា

៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​​គប្បី​ពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មាន​កម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក​ឃើញ អាត្មា​អញនឹងធ្វើនូវកម្មណា ល្អ ឬអាក្រក់ អាត្មាអញ​គង់​នឹង​បាន​ជា​អ្នក​ទទួល​យក​នូវ​ផល នៃកម្មនោះពុំ​ខានឡើយ

៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​រឿយៗ​ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ?

៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាត្មាអញ​មាន​សេចក្តី​អភិរម្យ​ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ?

១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បីពិចារណា​រឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មាន​ដល់​អាត្មាអញដែរឬ ធម៌​ដ៏​វិសេស ដែល​គួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មា​អញ​នោះ​ សព្រហ្មចារី​ទាំង​ឡាយ​សួរ​ក្នុង​កាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ?


( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ )

ពន្យល់

ពាក្យថា​ វេវណ្ណិយំ​ ( អ្នក​មាន​ភេទ​ដ៏​ប្លែក )​ គឺ​ មាន​រូប​ប្លែក​ផ្សេង ៗ​ នោះ​ មាន​​ ២​ យ៉ាងគឺ មាន​រូប​ប្លែក​ផ្សេង​ដោយ​​សរីរៈ​ ១​ មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​បរិក្ខារ​ ១ ។ បណ្តា​រូប​ប្លែក​ផ្សេង​ទាំង​ ២​ យ៉ាង​នោះ​ ការ​​មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​​សរីរៈ​ គប្បី​ជ្រាប​ដោយ​ការ​កោរ​សក់​ និង​ពុក​មាត់ ។​ ក៏​​កាល​​មុន​​នឹង​​បួស​ សូម្បី​​ស្លៀក​​សំពត់​ ក៏​ត្រូវ​ប្រើ​សំពត់​សាច់​​ល្អិត​ ជ្រលក់​ពណ៌​ផ្សេងៗ​ សូម្បី​​​បរិភោគ​​ក៏​ត្រូវ​​បរិភោគ​​អាហារ​ឆ្ងាញ់ៗ​ ដាក់​លើ​ភាជន៍​មាស​ និង​ប្រាក់​ សូម្បី​​ដេក​ ឬ​​អង្គុយ​​ក៏​​ត្រូវ​ដេក​ ឬ​អង្គុយ​លើ​ទី​ដេក​ ទី​អង្គុយ​យ៉ាង​​ល្អ​ប្រណីត ​ក្នុង​​បន្ទប់​ស្រស់​ស្អាត ​សូម្បី​ផ្សំ​ថ្នាំ​ក៏​ត្រូវ​ប្រើ​ទឹក​ដោះ​​ថ្លា​ ទឹក​ដោះ​ខាប់​ជា​ដើម​ ប៉ុន្តែ​​​ចាប់​​តាំង​​ពី​​បួស​​ហើយ​ ចាំ​បាច់​ត្រូវ​ស្លៀក​សំពត់​កាត់​ដាច់​ ដេរ​ភ្ជាប់ ជ្រលក់​ដោយទឹក​អម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬ​បាត្រដី ចាំបាច់​ត្រូវ​ដេក​លើ​គ្រែដែលក្រាលដោយកម្រាល​ស្មៅជាដើម ក្នុង​សេនាសនៈ​មាន​គល់​ឈើ​ជា​ដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និង​កន្ទេល​ផែងជាដើម ចាំ​បាច់​ត្រូវ​ផ្សំ​ថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បី​ជ្រាប​ភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុង​សេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែង​លះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់​ចោល​បាន ។

ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិត​គប្បី​ពិចារណា​យ៉ាង​នេះ​ថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថ​ក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជា​អ្នក​គោរពកោតក្រែង​ក្នុងបិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។

ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិត​គប្បី​ពិចារណា​ថា អាកប្បកិរិយាដើរឯណារបស់​ពួកគ្រហស្ថ គឺ​ការ​ឈាន​ជើង​ដោយ​មិនកំណត់ ការអើត-ក អាត្មាអញ​គប្បី​ធ្វើ​អាកប្បកិរិយា​ឲ្យ​ប្លែក​ផ្សេង​អំពី​អាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មាន​ចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិន​ឈាន​ជើង​វែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះ​ថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។

ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះ​សីល​ជា​បច្ច័យយ៉ាងនេះថា សីលរបស់អាត្មា​អញមិនបរិបូណ៌ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យ​កើត​ឡើង​ខាង​​ក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តី​សង្រួម​ក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិសុទ្ធិសីល បព្វជិត​ដែល​តាំង​នៅ​ក្នុង​ចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែងសម្រេចព្រះអរហត្តបាន ។

ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួក​សព្រហ្មចារី​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តី​ខ្លាច​បាប​ខាង​ក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែង​ឲ្យ​សម្រេច​សេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាប​សេចក្តីបន្តមកទៀត ( គឺ​រមែង​ញ៉ាំង​ចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។

ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះ​ព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះ​ថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការ​​រលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។

ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺ​ជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។

ពាក្យថា​ កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេច​ហើយ គឺអាត្មាអញកំពុងធ្វើវត្តប្បដិបត្តិ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬមិនទាន់បានទន្ទេញទេ បាន​ធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ សេចក្តីមិន​ប្រមាទ រមែងបរិបូណ៌ ។

ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញ​នៅ​តែ​ម្នាក់​ឯង​គ្រប់​ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តី​ត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។

ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជា​មនុស្សដ៏ក្រៃលែង ជា​មនុស្ស​ឧត្តម​ខ្ពង់​ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺ​កុសលកម្មបថ​ ១០ មាន គឺ មាននៅក្នុងសន្តានរបស់អាត្មាអញហើយឬនៅ ។

ពាក្យ​ថា​ បុដ្ឋោ​ បាន​ដល់​ ត្រូវ​មិត្ត​​សព្រហ្មចារី​​សួរ​​ដល់​​គុណ​វិសេស​​ដែល​​ខ្លួន​​សម្រេច ។ ពាក្យ​​ថា​ ន​ មង្កុ​ ភវិស្សាមិ​ បាន​ដល់​ អាត្មា​អញ​នឹង​មិន​ជា​​អ្នក​​អឹម​អៀម​ ឱន-​ក​ចុះ អស់​អំណាច​ ។​ ព្រោះ​ថា​ បព្វជិត​​កាល​​ពិចារណា​​យ៉ាង​​នេះ​ រមែង​មិន​ឈ្មោះ​ថា​ ស្លាប់​​ដោយ​ឥត​អំពើ ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ