Search

Loading

Content

08 May 2012

អនុត្តរិយៈ​ ធម្មជាត​ដ៏​ប្រសើរ​ ៦

BUDDHA_BLOSSOM_by_VISHNU108
អនុត្តរិយៈ​ គឺ​ធម្មជាត​ដ៏​ប្រសើរ​ ឬ​ធម្មជាត​ប្រសើរ​បំផុត​ នេះ​ មាន​ ៦​ យ៉ាង​ គឺ៖
១. ទស្សនានុត្តរិយំ​   ទស្សនានុត្តរិយៈ ប្រសើរ​បំផុត​ដោយ​ការ​ឃើញ​
២. សវនានុត្តរិយំ​      សវនានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​ស្ដាប់
៣. លាភានុត្តរិយំ​      លាភានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​បាន
៤. សិក្ខានុត្តរិយំ​      សិក្ខានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​សិក្សា​
៥. បារិចរិយានុត្តរិយំ​  បារិចរិយានុត្តរិយៈ​ ប្រសើរ​បំផុត​ខាង​ការ​បម្រើ​
៦. អនុស្សតានុត្តរិយំ​   អនុស្សតានុត្តរិយៈ​ ប្រសើរ​បំផុត​ដោយ​ការ​រលឹក​រឿយៗ
( អនុត្តរិយសូត្រ​ បិដក​លេខ​ ៤៦​ ទំព័រ​ ១០ និង​សង្គីតិសូត្រ​ បិដក​លេខ​ ១៩​ ទំព័រ​ ២០៧ )
គប្បី​ជ្រាប​សេចក្ដី​អធិប្បាយ​ក្នុង​អនុត្តរិយៈ​ទាំង​នេះ​ ដូច​តទៅ​នេះ៖
បទ​ថា​ អនុត្តរិយានិ​ សេចក្ដី​ថា​ ( ការ​ឃើញ​ជា​ដើម​ )​ ដែល​វៀរ​ចាក​វត្ថុ​ដទៃ​ក្រៃ​លែង​ជាង​ ឈ្មោះ​ថា​ អនុត្តរិយ ។​ បទ​ថា​ ទស្សនានុត្តរិយំ​ សេចក្ដី​ថា​ ( ការ​ឃើញ​ព្រះ​ពុទ្ធ​ជា​ដើម )​ ជា​ការ​ឃើញ​ដ៏​ប្រសើរ​ ក្នុង​ការ​ឃើញ​រូប​ទាំង​ឡាយ​ក្នុង​បទ​ទាំង​ពួង​ ក៏​មាន​ន័យ​ដូច​គ្នា​ ។​ អធិប្បាយ​ថា​ ការ​ឃើញ​ដំរី​កែវ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​ទស្សនានុត្តរិយៈ​ ចំណែក​ការ​ឃើញ​ព្រះទសពល​ក្ដី​ ព្រះភិក្ខុសង្ឃ​ក្ដី​ ដោយ​អំណាច​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ ការ​ឃើញ​និមិត្ត​ណា​នី​មួយ​ មាន​កសិណ​ និង​អសុភនិមិត្ត​ជា​ដើម​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ ទស្សនានុត្តរិយៈ
ការ​ស្ដាប់​គុណកថា​របស់​ក្សត្រ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​សវនានុត្តរិយៈ​ ចំណែក​ការ​ស្ដាប់​គុណកថា​របស់​ព្រះរតនត្រ័យ​ ដោយ​អំណាច​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​មាំ​ក្ដី​ ការ​ស្ដាប់​ព្រះពុទ្ធវចនៈ​ គឺ​ព្រះ​ត្រៃបិដក​ក្ដី​ របស់​អ្នក​មាន​សទ្ធា​តាំង​មាំ​ហើយ​ ឈ្មោះ​ថា​ សវនានុត្តរិយៈ​
ការ​បាន​កែវ​មណី​ជា​ដើម​ មិន​មែន​ជា​លាភានុត្តរិយៈ​ ចំណែក​ការ​បាន​អរិយទ្រព្យ​ ៧ ឈ្មោះ​ថា​ លាភានុត្តរិយៈ ។​
ការ​សិក្សា​សិល្បៈ​ទាក់​ទង​នឹង​ដំរី​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​សិក្ខានុត្តរិយៈ​ ចំណែក​ការ​បំពេញ​ត្រៃ​សិក្ខា​ ឈ្មោះ​ថា​ សិក្ខានុត្តរិយៈ​
ការ​បម្រើ​ក្សត្រ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​បារិចរិយានុត្តរិយៈ​ ចំណែក​ការ​បម្រើ​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ បារិចរិយានុត្តរិយៈ ។​
ការ​រលឹក​ដល់​គុណ​ក្សត្រ​ជា​ដើម​ មិន​ឈ្មោះ​ថា​ ជា​អនុស្សតានុត្តរិយៈ​ ចំណែក​ការ​រលឹក​ដល់​គុណ​ព្រះរតនត្រ័យ​ ឈ្មោះ​ថា​ អនុស្សតានុត្តរិយៈ ។​
អនុត្តរិយៈ​ទាំង​ ៦​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ទាំង​លោកិយ​ ទាំង​លោកុត្តរ​ ដោយ​ប្រការ​ដូច​ពណ៌នា​មក​នេះ​ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ