Search

Loading

Content

28 April 2012

ការ​សេព​សោយ​កាមគុណ​របស់​ទេវបុត្រ​ ទេវធីតា​ក្នុង​ទេវលោក​ទាំង​ ៦​ ជាន់​ ( ឆកាមាវចរ )

រឿង​នេះ​ មាន​វាទៈ​ ២​ ចំណែក​គឺ​ វាទៈ​មួយ​ជា​របស់​កេចិអាចារ្យ​ វាទៈ​មួយ​ទៀត​ជា​របស់​អដ្ឋកថាចារ្យ​ វាទៈ​របស់​កេចិអាចារ្យ​សម្តែង​ទុក​ថា​ ការ​សោយ​កាមគុណ​របស់​ពួក​ទេវតា​ជាន់​ចាតុមហារាជិកា​ និង​តាវត្តឹង្ស​ទាំង​ ២​ ជាន់​នេះ​ ប្រព្រឹត្ត​ទៅ​ក្នុង​ទំនង​ដូច​គ្នា​នឹង​ពួក​មនុស្ស ។

ការ​សោយ​កាមគុណ​របស់​ពួក​ទេវតា​ជាន់​យាមា​ សោយ​កាមគុណ​ដោយ​ការ​ថើប​ និង​ឱប​រឹត​រាងកាយ​នូវ​គ្នា​នឹង​គ្នា ។

ការ​សោយ​កាមគុណ​របស់​ពួក​ទេវតា​ជាន់​តុសិតា​ គ្រាន់​តែ​ប៉ះ​ដៃ​គ្នា​ក៏​សម្រេច​កិច្ច ។

ការ​សោយ​កាមគុណ​របស់​ពួក​ទេវតា​ជាន់​និម្មានរតី​ គ្រាន់​តែ​សម្លឹង​មើល​ និង​ញញឹម​ដាក់​គ្នា​ក៏​សម្រេច​កិច្ច ។

ការ​សោយ​កាមគុណ​របស់​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី​ គ្រាន់​តែ​ប្រើ​ខ្សែ​ភ្នែក​សម្លឹង​មើល​គ្នា​ក៏​សម្រេច​កិច្ច ។

ចំណែក​វាទៈ​របស់​ព្រះ​អដ្ឋកថាចារ្យ​សម្តែង​ថា​ ការ​សោយ​កាមគុណ​របស់​ពួក​ទេវតា​ទាំង​នោះ​ ប្រព្រឹត្ត​ទៅ​តាម​ទំនង​ដូច​គ្នា​នឹង​ពួក​មនុស្ស​ទាំង​ឡាយ​ មិន​មាន​អ្វី​ខុស​ប្លែក​គ្នា​ឡើយ​ ដូច​មាន​សាធក​សម្តែង​ទុក​ក្នុង​សង្គីតិសូត្រអដ្ឋកថា​ថា​ ឆន្នម្បិ​ កាមាវចរានំ​ កាមា​ បាកតិកា​ ឯវ​ “ការ​សោយ​កាមគុណ​របស់​កាមាវចរទេវតា​ទាំង​ ៦​ ជាន់​នោះ​ ក៏​ប្រព្រឹត្ត​ទៅ​តាម​ប្រក្រតី​ដូច​គ្នា​នឹង​ពួក​មនុស្ស​ទាំង​ឡាយ​នោះ​ឯង”​ ហើយ​លោក​បាន​ពោល​អាង​បន្ត​ថា​ តាម​វាទៈ​របស់​កេចិអាចារ្យ​នោះ​រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ក្នុង​លោក​នេះ​ ព្រោះ​ធម្មតា​ការ​សោយ​កាមគុណ​នោះ​ បើ​មិន​មាន​ការ​ប៉ះ​ពាល់​រាង​កាយ​នូវ​គ្នា​នឹង​គ្នា​ហើយ​ ការ​សោយ​កាមគុណ​នោះ​ មិន​សម្រេច​បាន​ឡើយ​ ដូច​មាន​សាធក​សម្តែង​ទុក​ក្នុង​សុត្តន្តបាថិកវគ្គអដ្ឋកថាថា

  ឯតំ​ បន​ នត្ថីតិ​ បក្ខិត្តំ,​ ន​ ហិ​ កាយេន​ អផុសន្តស្ស​ ផោដ្ឋព្វំ​ កាមកិច្ចំ​ សាធេតិ ។

“មហាអដ្ឋកថាចារ្យ​បាន​បដិសេធ​វាទៈ​របស់​កេចិអាចារ្យ​ទាំង​នោះ​ចោល​ ព្រោះ​តាម​ការ​ពិត​នោះ​ ការ​សោយ​កាមគុណ​ក្នុង​ផោដ្ឋព្វារម្មណ៍​នេះ​ នឹង​មិន​អាច​ធ្វើ​ឲ្យ​សម្រេច​ទៅ​បាន​ទេ​ ប្រសិន​បើ​បុគ្គល​មិន​បាន​ប៉ះ​ពាល់​រាង​កាយ​នូវ​គ្នា​នឹង​គ្នា” ។

លោក​អាចារ្យ​អ្នក​រចនា​តេរសកណ្ឌវិនយដីកា​ ( សារត្ថទីបនីដីកា )​ ពោល​គាំ​ទ្រ​វាទៈ​របស់​អដ្ឋកថាចារ្យ​ ដែល​មាន​បាលី​សម្តែង​ថា

  មនុស្សា​ វិយ​ ហិ​ តេ​ ទ្វយំ​ ទ្វយំ​ សមាបត្តិវសេនេវ​ មេថុនំ​ បដិសេវន្តិ ។

“ពួក​កាមាវចរទេវតា​ទាំង​ ៦​ ជាន់​នោះ​ រមែង​សេព​មេថុនធម្ម​ដោយ​អំណាច​នៃ​ភាព​ជា​គូៗ​ ដូច​គ្នា​នឹង​មនុស្ស​ទាំង​ឡាយ​នោះ​ឯង” ។

ក្នុង​គម្ពីរ​កថាវត្ថុអដ្ឋកថាសម្តែង​ទុក​ថា

  តេសំ​ ទេវានំ​ សុក្កវិស្សដ្ឋិ​ នាម​ នត្ថិ ។

“ការ​បញ្ចេញ​នូវ​ទឹក​កាម​ រមែង​មិន​មាន​ដល់​ពួក​ទេវតា​ទាំង​ឡាយ” ។

ក្នុង​គម្ពីរ​តេរសកណ្ឌវិនយដីកា​ ( សារត្ថទីបនីដីកា )​ សម្តែង​ថា

  ខីណាសវានំ​ បន​ ព្រហ្មានញ្ច​ សម្ភវោ​ នត្ថីតិ​ ថេរេន​ វុត្តំ ។

“អាចារ្យ​ធម្មបាលត្ថេរ​ពោល​ថា​ សុក្កធាតុ​គឺ​ទឹក​កាម​នេះ​ រមែង​មិន​មាន​ឡើយ​ដល់​ព្រះ​ខីណាស្រព​ និង​ពួក​ព្រហ្ម​ទាំង​ឡាយ” ។

ការ​សេព​មេថុនធម្ម​របស់​មាន​ចំពោះ​តែ​ក្នុង​កាមភូមិ​ប៉ុណ្ណោះ​​ តែ​កាល​ពោល​ដោយ​បុគ្គល​ហើយ​មិន​ប្រព្រឹត្ត​ទៅ​ទាំង​អស់​ទេ​ គឺ​ព្រះ​អរហន្ត​ និង​ព្រះ​អនាគាមី​វៀរ​ហើយ​នូវ​ការ​សេព​ អសទ្ធម្ម​នេះ​ ពួក​សត្វ​នរក​ និង​ពួក​និជ្ឈាមតណ្ហិកប្រេត​ទាំង​ឡាយ​ ក៏​មិន​មាន​ការ​សេព​ ព្រោះ​ពួក​សត្វ​នរក​ និង​ពួក​និជ្ឈាមតណ្ហិកប្រេត​នេះ​បាន​ទទួល​ការ​សោយ​ទុក្ខវេទនា​ ដោយ​ត្រូវ​ភ្លើង​ដុត​រាង​កាយ​ជា​និច្ច​ ហេតុ​នោះ​ ទើប​មិន​មាន​ឱកាស​ដែល​នឹក​គិត​ដល់​រឿង​ទាំង​នេះ​បាន​ឡើយ​ ចំណែក​សត្វ​ពួក​ដទៃ​ក្រៅ​ពី​នេះ​ហើយ​ រមែង​សេព​គ្នា​បាន​ដោយ​ទូ​ទៅ​ មាន​ព្រះ​គាថា​សម្តែង​ការ​ឲ្យ​ឱវាទ​ក្នុង​រឿង​សេព​កាមគុណ​នេះ​ថា

បេតយ្យសុខសំយុត្តំ​                បិបាសឆាតបីឡិតំ

ទុតិយសាធកំ​  កាមំ​              ជេគុច្ឆេយ្យុំ​ ​ ន​  កឹ​  ពុធា ។

“បណ្ឌិត​ទាំង​ឡាយ​ នឹង​មិ​ន​ស្អប់​ខ្ពើម​ការ​សេព​កាមគុណ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​មាន​គូ​គ្រង​បាន​យ៉ាង​ដូច​ម្តេច​ ព្រោះ​ត្រូវ​សេចក្តី​ស្រេក​ឃ្លាន​ចំពោះ​វត្ថុ​នេះ​បៀត​បៀន​ជានិច្ច​ និង​សេចក្តី​សុខ​ដែល​បាន​ទទួល​អំពី​ការ​សេព​នេះ​ ក៏​ស្រដៀង​គ្នា​នឹង​សេចក្តី​សុខ​របស់​ពួក​ប្រេត​ដូច​គ្នា” ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ