Search

Loading

Content

18 May 2012

ទេវធម្មជាតក

( បុគ្គល​ដែល​ប្រកប​ដោយ​ហិរិ​ និង​ឱត្តប្បៈ​ ឈ្មោះ​ថា​ ជា​អ្នក​មាន​ទេវធម៌​ក្នុង​លោក )

  ព្រះ​បរមសាស្តា​ កាល​ប្រថាប់​នៅ​ក្នុង​វត្ត​ជេតពន​ ទ្រង់​ប្រារព្ធ​ភិក្ខុ​អ្នក​មាន​ភណ្ឌៈ​ច្រើន​ ទើប​ត្រាស់​ព្រះ​ធម៌ទេសនា​នេះ​ មាន​ពាក្យ​ផ្តើម​ថា​ ហិរិឱត្តប្បសម្បន្នា​ ដូច្នេះ ។

រឿង​រ៉ាវ​ក្នុង​បច្ចុប្បន្ន

  បាន​ឮ​ថា​ កុដុម្ពិក៍​ក្នុង​ក្រុង​សាវត្ថី​ម្នាក់​ កាល​ភរិយា​របស់​ខ្លួន​ធ្វើ​មរណកាល​ហើយ​ ក៏​បាន​ចូល​បួស​ កុដុម្ពិក៍​នោះ​កាល​បួស​ហើយ​ បាន​ឲ្យ​គេ​ធ្វើ​បរិវេណ​ រោង​ភ្លើង​ និង​បន្ទប់​ដាក់​សម្ភារៈ​ ធ្វើ​បន្ទប់​ដាក់​សម្ភារៈ​ឲ្យ​ពេញ​ដោយ​ទឹក​ដោះ​ថ្លា​ និង​អង្ករ​ជា​ដើម​ សម្រាប់​ខ្លួន​ហើយ​ទើប​បួស​ កាល​បួស​ហើយ​ ឱ្យ​គេ​ហៅ​អ្នក​បម្រើ​របស់​ខ្លួន​មក​ ចម្អិន​អាហារ​តាម​ចំណង់​ ហើយ​ទើប​បរិភោគ​ ថែម​ទាំង​ជា​អ្នក​បរិក្ខារ​ច្រើន​ ក្នុង​វេលា​យប់​ មាន​សំពត់​ស្លៀក​ និង​សំពត់​ដណ្តប់​មួយ​សម្រាប់​ វេលា​ថ្ងៃ​ មាន​មួយ​សម្រាប់​ទៀត​ ស្នាក់​នៅ​ខាង​ចុង​បំផុត​នៃ​វិហារ ។​ ថ្ងៃ​មួយ​ កាល​ភិក្ខុ​នោះ​នាំ​ចីវរ​ និង​កម្រាល​ជា​ដើម​ យក​មក​ហាល​ក្នុង​បរិវេណ​ ភិក្ខុ​អ្នក​នៅ​ក្នុង​ជនបទ​ជា​ច្រើន​រូប​ ត្រាច់​ចារិក​តាម​សេនាសនៈ​រហូត​ទៅ​ដល់​បរិវេណ​ ឃើញ​ចីវរ​ជា​ដើម​ ទើប​សួរ​ថា​ ចីវរ​ជា​ដើម​ទាំង​នោះ​ ជា​របស់​អង្គ​ណា?​ ភិក្ខុ​នោះ​ពោល​ថា​ អ្នក​មាន​អាយុ​ របស់​ខ្ញុំ​ករុណា​ ។​ ភិក្ខុ​ទាំង​នោះ​ សួរ​ថា​ ចីវរ​ក្តី​ ស្បង់​នេះ​ក្តី​ កម្រាល​ក្តី​ ទាំង​អស់​នេះ​ជារបស់​លោក​មួយ​អង្គ​ឯង​ប៉ុណ្ណោះ​ឬ?​ ភិក្ខុ​នោះ​ឆ្លើយ​ថា​ ពិត​មែន​ហើយ​ លោក​ម្ចាស់​ វា​ជា​របស់​ខ្ញុំ​ករុណា​មួយ​អង្គ​ឯង​ប៉ុណ្ណោះ ។​ ភិក្ខុ​ទាំង​ឡាយ​ពោល​ថា​ លោក​ដ៏​មាន​អាយុ​ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ត្រៃចីវរ​មិន​មែន​ទេ​ឬ​ លោក​បួស​ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ​ទ្រង់​ប្រាថ្នា​តិច​យ៉ាង​នេះ​ លោក​បែរ​ជា​អ្នក​មាន​បរិវារ​ច្រើន​យ៉ាង​នេះ​ មក​ ពួក​យើង​នាំ​លោក​ទៅ​កាន់​សម្នាក់​របស់​ព្រះ​ទសពល​ ហើយ​បាន​នាំ​ភិក្ខុ​នោះ​ទៅ​កាន់​សម្នាក់​របស់​ព្រះ​សាស្តា​ ពេល​ទត​ឃើញ​ភិក្ខុ​នោះ​ប៉ុណ្ណោះ​ទើប​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អ្នក​ទាំង​ឡាយ​នាំ​ភិក្ខុ​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​នោះ​មក​ហើយ​ឬ?​ ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ភិក្ខុ​នេះ​មាន​ភណ្ឌៈ​ច្រើន​ មាន​បរិក្ខារ​ច្រើន​ ព្រះ​អង្គ​ ។​ ព្រះ​សាស្តា​ត្រាស់​សួរ​ថា​ ម្នាល​ភិក្ខុ​ បាន​ឮ​ថា​ អ្នក​មាន​ភណ្ឌៈ​ច្រើន​ពិត​មែន​ឬ?​ ភិក្ខុ​នោះ​ក្រាប​ទូល​ថា​​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ពិត​មែន ។​ ព្រះ​សាស្តា​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ តើ​ព្រោះ​ហេតុ​អ្វី​ អ្នក​ទើប​ជា​អ្នក​មាន​ភណ្ឌៈ​ច្រើន​ តថាគត​ពោល​សរសើរ​គុណ​នៃ​សេចក្តី​ប្រាថ្នា​តិច​ សេចក្តី​សន្ដោស​ សេចក្តី​ស្ងប់​ស្ងាត់​ និង​ការ​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ មិន​មែន​ឬ?​ ភិក្ខុ​នោះ​ បាន​ស្តាប់​ព្រះ​តម្រាស់​របស់​ព្រះ​សាស្តា​ហើយ​ក៏​ក្រោធ​ខឹង​ថា​ ឥឡុវ​នេះ​ អញ​នឹង​ត្រាច់​ទៅ​ដោយ​ទំនង​នេះ​ ទើប​ចោល​សំពត់​ដណ្តប់​ មាន​ចីវរ​តែ​មួយ​ផ្ទាំង​ ឈរ​នៅ​កណ្តាល​បរិស័ទ ។​ លំដាប់​នោះ​ ព្រះ​សាស្តា​កាល​ទ្រង់​ដាស់​តឿន​ភិក្ខុ​នោះ​ទើប​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ ក្នុង​កាល​មុន​ គឺ​ក្នុង​កាល​ដែល​អ្នក​កើត​ជា​អារក្ស​ទឹក​បាន​ស្វែង​រក​ហិរិ​ ឱត្តប្បៈ​ អ្នក​​កាល​ស្វែង​រក​ហិរិ​ ឱត្តប្បៈ​ អស់​ ១២​ ឆ្នាំ​ កាល​បើ​ដូច្នោះ​ ព្រោះ​ហេតុ​អ្វី​ ក្នុង​កាល​ឥឡូវ​នេះ​ អ្នក​បួស​ក្នុង​ព្រះពុទ្ធសាសនា​ដ៏​ជា​ទី​គោរព​ឲ្យ​ត្រឡាំង​ បែរ​ជា​ចោល​សំពត់​ដណ្តប់​ក្នុង​កណ្ដាល​បរិស័ទ​ លះ​បង់​ហិរិ​ ឱត្តប្បៈ​ឈរ​នៅ​សោត?​ ភិក្ខុ​នោះ​បាន​ស្តាប់​ព្រះ​តម្រាស់​របស់​ព្រះ​សាស្តា​ បាន​ញ៉ាំង​ហិរិ​ ឱត្តប្បៈ​ឲ្យ​ត្រឡប់​តាំង​ឡើង​ ។​ ទើប​ដណ្តប់​ចីវរ​នោះ​ហើយ​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ ភិក្ខុ​ទាំង​ឡាយ​ទូល​អារាធនា​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ឲ្យ​ទ្រង់​ធ្វើ​រឿង​នោះ​ឲ្យ​ជាក់​ច្បាស់ ។​ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​បាន​ធ្វើ​ហេតុ​ដែល​ចន្លោះ​នៃ​ភព​បិទ​បាំង​ទុក​ឲ្យ​ប្រាកដ​ ដូច​តទៅ​នេះ៖

អតីតនិទាន

  ក្នុង​អតីតកាល​ មាន​ព្រះ​រាជា​មួយ​អង្គ​ទ្រង់​ព្រះ​នាម​ថា​ ព្រហ្មទត្ត​ ក្នុង​នគរ​ពារាណសី​ ក្នុង​ដែន​កាសី ។​ ក្នុង​កាល​នោះ​ ព្រះ​ពោធិសត្វ​ចាប់​បដិសន្ធិ​ក្នុង​ព្រះ​គភ៌​របស់​ព្រះ​អគ្គមហេសី​នៃ​ព្រះ​បាទ​ព្រហ្មទត្ត​នោះ​ ។​ កាល​គម្រប់​ទសមាស​ ព្រះ​នាង​ប្រសូត​ព្រះ​ឱរស ។​ ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​នាម​ព្រះ​ឱរស​នោះ​ ពពួក​ញាតិ​បាន​ថ្វាយ​ព្រះ​នាម​ថា​ មហិសសាស​កុមារ​ ក្នុង​កាល​ដែល​ព្រះ​កុមារ​ទ្រង់​រត់​លេង​បាន​ ព្រះ​ឱរស​អង្គ​ដទៃ​ក៏​ប្រសូត​មក​ដែរ​ ពពួក​ញាតិ​ថ្វាយ​ព្រះ​នាម​ព្រះ​ឱរស​នោះ​ថា​ ចន្ទកុមារ ។​ ក្នុង​កាល​ដែល​ចន្ទកុមារ​នោះ​ទ្រង់​រត់​លេង​បាន​ ព្រះ​មាតា​របស់​ព្រះ​ពោធិសត្វ​ក៏​សោយ​ទិវង្គត​ ព្រះ​រាជា​ទ្រង់​តែង​តាំង​ស្នំ​ដទៃ​ទុក​ក្នុង​តំណែង​ព្រះ​អគ្គមហេសី ។​ ព្រះអគ្គមហេសី​បាន​ជា​ទី​ស្រឡាញ់​ ជា​ទី​ប្រោស​ប្រាណ​របស់​ព្រះ​រាជា ។​ ព្រះ​អគ្គមហេសី​នោះ​ទ្រង់​អាស្រ័យ​ការ​នៅ​រួម​គ្នា​ ក៏​ប្រសូត​ព្រះ​ឱរស​មួយ​អង្គ​ ។​ ពពួក​ញាតិ​ទាំង​ឡាយ​ បាន​ដាក់​ព្រះ​នាម​ថ្វាយ​ព្រះ​ឱរស​នោះ​ថា​ សុរិយកុមារ ។​ ព្រះរាជា​ទ្រង់​ទត​ឃើញ​ព្រះ​ឱរស​ហើយ​មាន​ព្រះ​ហឫទ័យ​ត្រេក​អរ​ ត្រាស់​ថា​ នែនាង​ដ៏​ចម្រើន​ យើង​ឲ្យ​ពរ​ដល់​បុត្រ​របស់​នាង ។​ ព្រះ​ទេវី​ទ្រង់​រក្សា​ទុក​ នឹង​ទទួល​យក​ក្នុង​វេលា​ដែល​ត្រូវ​ការ​ពរ​នុ៎ះ ។​ កាល​ព្រះ​ឱរស​ចម្រើន​វ័យ​ហើយ​ ព្រះ​នាង​ក្រាប​ទូល​ព្រះ​រាជា​ថា​ បពិត្រ​ព្រះសម្មតិទេព​ ក្នុង​កាល​ដែល​ព្រះ​ឱរស​របស់​ខ្ញុំ​ព្រះ​អង្គ​ប្រសូត​ ព្រះ​អង្គ​ទ្រង់​ប្រទាន​ពរ​ទុក​មិន​មែន​ឬ​ សូម​ព្រះ​អង្គ​ទ្រង់​ប្រទាន​រាជសម្បត្តិ​ដល់​ព្រះ​ឱរស​របស់​ខ្ញុំ​ព្រះ​អង្គ ។​ ព្រះ​រាជា​ទ្រង់​ហាម​ថា​ ព្រះ​ឱរស​ពីរ​ព្រះ​អង្គ​របស់​យើង​ រុង​រឿង​ដូច​គំនរ​ភ្លើង​ យើង​មិន​អាច​ឲ្យ​រាជសម្បត្តិ​ដល់​ឱរស​របស់​នាង​បាន​ទេ​ ទ្រង់​ឃើញ​នាង​ទូល​អង្វរ​ជា​រឿយៗ​ ទ្រង់​ព្រះ​តម្រិះ​ថា​ នាង​នេះ​នឹង​គិត​ធ្វើ​កម្ម​ដ៏​លាមក​ដល់​ឱរស​របស់​យើង​ ទើប​ឲ្យ​គេ​ហៅ​​ព្រះ​ឱរស​ទាំង​ពីរ​មក​ហើយ​ត្រាស់​ថា​ បា​ទាំង​ពីរ​ ក្នុង​វេលា​ដែល​សុរិយកុមារ​ប្រសូត​ បិតា​បាន​ឲ្យ​ពរ​គេ​ ឥឡូវ​នេះ​ មាតា​របស់​សុរិយកុមារ​នោះ​ទូល​សុំ​រាជសម្បត្តិ​ បិតា​មិន​ប្រាថ្នា​នឹង​ឲ្យ​ដល់​សុរិយកុមារ​នោះ​ ធម្មតា​មាតុគ្រាម​ជា​មនុស្ស​លាមក​ នឹង​គិត​ធ្វើ​តែ​កម្ម​ដ៏​លាមក​ដល់​ពួក​បុត្រ​ បា​ទាំង​ពីរ​ត្រូវ​ចូល​ទៅ​ក្នុង​ព្រៃ​ ចាំ​ពេល​វេលា​កន្លង​ផុត​ទៅ​ ចូរ​គ្រង​រាជសម្បត្តិ​ក្នុង​នគរ​ដែល​ជា​របស់​មាន​នៅ​ក្នុង​ត្រកូល​ ហើយ​ទ្រង់​ព្រះ​កន្សែង​ ពិលាប​សោយ​សោក​ ថើប​សិរ្ស​បុត្រ​ហើយ​ទ្រង់​បញ្ជូន​ទៅ ។​ សុរិយកុមារ​ទ្រង់​លេង​នៅ​ត្រង់​ព្រះ​លាន​ហ្លួង​ ឃើញ​ព្រះ​ឱរស​ទាំង​នោះ​ថ្វាយ​បង្គំ​ព្រះ​បិតា​ហើយ​ចុះ​ចាក​ប្រាសាទ​ ទ្រង់​ឃើញ​ហេតុ​នោះ​ ទើប​គិត​ថា​ សូម្បី​អញ​ក៏​នឹង​ទៅ​ជា​មួយ​នឹង​ម្ចាស់​បង​ទាំង​ពីរ​ ទើប​ចេញ​ទៅ​ជា​មួយ​ព្រះ​ឱរស​ទាំង​ពីរ​នោះ​ឯង​ ព្រះ​ឱរស​ទាំង​នោះ​ស្តេច​យាង​ចូល​ទៅ​កាន់​ព្រៃ​ហិមពាន្ត ។​

ស្រះស្រង់

  ព្រះ​ពោធិសត្វ​គេច​ចេញ​ពី​ផ្លូវ​ ប្រថាប់​នៅ​ក្បែរ​គល់​ឈើ​ ហៅ​សុរិយកុមារ​ថា​ ប្អូន​សុរិយៈ ឯង​ចូរ​ទៅ​កាន់​ស្រះ​នោះ​ ងូត​ និង​ផឹក​ហើយ​ ចូរ​យក​ស្លឹក​ឈូក​ខ្ចប់​ទឹក​មក​ ដើម្បី​យើង​ទាំង​ពីរ​ ក៏​ស្រះ​នោះ​ជា​ស្រះ​ដែល​មាន​អារក្ស​ទឹក​ម្នាក់​ ទទួល​ពរ​អំពី​សំណាក់​ស្តេច​វេស្សវ័ណ​ ៗ​ ត្រាស់​នឹង​អារក្ស​ទឹក​នោះ​ថា​ ឯង​អាច​ស៊ី​មនុស្ស​ដែល​ចុះ​មក​កាន់​ស្រះ​នេះ​ វៀរ​លែង​តែ​មនុស្ស​ដែល​ចេះ​ទេវធម៌​ប៉ុណ្ណោះ​ ឯង​មិន​អាច​ស៊ី​មនុស្ស​ដែល​មិន​បាន​ចុះ​ តាំង​ពី​ពេល​នោះ​មក​ អារក្ស​ទឹក​នោះ​ទើប​សួរ​ទេវធម៌​នឹង​មនុស្ស​ដែល​ចុះ​ស្រះ​នោះ​ ហើយ​ស៊ី​មនុស្ស​ដែល​មិន​ចេះ​ទេវធម៌​ លំដាប់​នោះ​ឯង​ សុរិយកុមារ​ទៅ​កាន់​ស្រះ​នោះ​មិន​បាន​ពិចារណា​ ហើយ​ទើប​ចុះ​តែ​ម្តង​ លំដាប់​នោះ​ អារក្ស​ទឹក​នោះ​ចាប់​សុរិយកុមារ​នោះ​ហើយ​សួរ​ថា​ អ្នក​ឯង​ចេះ​ទេវធម៌​ដែរ​ឬ​ទេ?​ សុរិយកុមារ​នោះ​ពោល​ថា​ អើ​ ខ្ញុំ​ចេះ​ ព្រះ​ចន្ទ​ និង​ព្រះ​អាទិត្យ​ ឈ្មោះ​ថា​ ទេវធម៌​ លំដាប់​នោះ​ អារក្ស​ទឹកនោះ​ទើប​ពោល​នឹង​សុរិយកុមារ​នោះ​ថា​ អ្នក​ឯង​មិន​ចេះ​ទេវធម៌​ទេ​ ហើយ​ទាញ​ចូល​ទៅ​ក្នុង​លំនៅ​របស់​ខ្លួន​ ចំណែក​ព្រះ​ពោធិសត្វ​ឃើញ​សុរិយកុមារ​នោះ​ទៅ​យូរ​ពេក​ ទើប​បញ្ជូន​ចន្ទកុមារ​ទៅ​ម្នាក់​ទៀត​ សូម្បី​អារក្ស​ទឹក​ក៏​ចាប់​ចន្ទកុមារ​នោះ​ហើយ​សួរ​ថា​ អ្នក​ឯង​ចេះ​ទេវធម៌​ទេ?​ ចន្ទកុមារ​ពោល​ថា​ អើ​ ខ្ញុំ​ចេះ​ ទិស​ទាំង​ ៤​ ឈ្មោះ​ថា​ ទេវធម៌​ អារក្ស​ទឹក​ពោល​ថា​ អ្នក​ឯង​មិន​ចេះ​ទេវធម៌​ទេ​ ហើយ​ទាញ​ចន្ទកុមារ​នោះ​ទៅ​កាន់​លំនៅ​របស់​ខ្លួន​ទៀត ។​ កាល​ចន្ទកុមារ​ទៅ​យូរ​ពេក​ ព្រះពោធិសត្វ​គិត​ថា​ គ្រោះ​ថ្នាក់​ណា​នី​មួយ​នឹង​គប្បី​កើត​មាន​ឡើង​ ទើប​យាង​ទៅ​កាន់​ស្រះ​នោះ​ដោយ​ព្រះ​អង្គ​ឯង​ ឃើញ​ស្នាម​ជើង​របស់​ព្រះ​អនុជ​ទាំង​ពីរ​អង្គ​ ទើប​ព្រះ​តម្រិះ​ថា​ ស្រះ​នេះ​ប្រាកដ​ជា​មាន​អារក្ស​ទឹក​ហួង​ហែង​ ទើប​បានឈរ​​កាន់​ព្រះ​ខ័ន​ និង​ធ្នូ​ ។ អារក្ស​ទឹក​ឃើញ​ព្រះពោធិសត្វ​មិន​ចុះ​ទឹក​ ទើប​ប្លែង​ភេទ​ជា​បុរស​អ្នក​ធ្វើ​ការ​ក្នុង​ព្រៃ​ ពោល​នឹង​ព្រះពោធិសត្វ​ថា​ នែ​បុរស​ដ៏​ចម្រើន​ អ្នក​ហត់​នឿយ​ដោយ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ព្រោះ​ហេតុ​អ្វី​ ទើប​មិន​ចុះ​ក្នុង​ស្រះ​នេះ​ ងូត​ ផឹក​ ទំពា​ក្រអៅ​ឈូក​ ប្រដាប់​កាយ​ដោយ​ផ្កា​ឈូក​តាម​សប្បាយ​ ព្រះ​ពោធិសត្វ​ឃើញ​ដូច្នោះ​ដឹង​ថា​ នេះ​ជា​យក្ស​ ទើប​ពោល​ថា​ “អ្នក​ឯង​ចាប់​ប្អូន​ប្រុស​របស់​យើង​មក​ឬ?​”​ អារក្ស​ទឹក​ពោល​ថា​ “អើ​ ពិត​មែន​ យើង​ចាប់​មក”​ ព្រះ​ពោធិសត្វ​សួរ​ថា​ “ព្រោះ​ហេតុ​អ្វី?”​ អារក្ស​ទឹក​ពោល​ថា​ “យើង​អាច​ចាប់​មនុស្ស​ដែល​ចុះ​មក​កាន់​ស្រះ​នេះ”​ ព្រះពោធិសត្វ​សួរថា​ “អ្នក​អាច​ចាប់​ទាំង​អស់​តែ​ម្តង​ឬ?”​ អារក្ស​ទឹក​ពោល​ថា​ “អាច​ចាប់​បាន​ទាំង​អស់​ លើក​លែង​តែ​អ្នក​ដែល​ចេះ​ទេវធម៌” ។​ ព្រះ​ពោធិសត្វ​ត្រាស់​សួរ​ថា​ “អ្នក​មាន​សេចក្តី​ត្រូវ​ការ​ដោយ​ទេវធម៌​ឬ?​” អារក្សទឹក​ពោល​ថា​ “អើ​ មាន​សេចក្តី​ត្រូវ​ការ” ។​ ព្រះ​ពោធិសត្វ​ត្រាស់​ថា​ “កាល​បើ​យ៉ាង​នោះ​ យើង​នឹង​ប្រាប់​ទេវធម៌​ដល់​អ្នក” ។​ អារក្ស​ទឹក​ពោល​ថា​ “បើ​ដូច្នោះ​ អ្នក​ចូរ​ប្រាប់​ យើង​នឹង​ស្តាប់​ទេវធម៌”​ ។​ ព្រះពោធិសត្វ​ត្រាស់​ថា​ តែ​យើង​មាន​ខ្លួន​ស្មោក​គ្រោក”​ យក្ស​ទើប​ឱ្យ​ព្រះពោធិសត្វ​ងូត​ទឹក​ ឱ្យ​ផឹក​ទឹក​ ឱ្យ​ប្រដាប់​ផ្កា​ ឱ្យ​លាប​លន​ដោយ​គ្រឿង​ក្រអូប​ បាន​ក្រាល​បល្ល័ង្ក​កណ្ដាល​បារាំ​ដែល​ប្រដាប់​តាក់​តែង​ហើយ ។​ ព្រះពោធិសត្វ​ប្រថាប់​អង្គុយ​លើ​អាសនៈ​ ឱ្យ​យក្ស​អង្គុយ​ជិត​ព្រះ​បាទ​ហើយ​ត្រាស់​ថា​ បើ​ដូច្នោះ​ អ្នក​ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ព្រះ​ធម៌​ដោយ​គោរព​ ហើយ​ត្រាស់​ព្រះ​គាថា​នេះ​ថា៖

   ហិរិឱត្តប្បសម្បន្នា​                      សុក្កធម្មសមាហិតា

   សន្តោ​  សប្បុរិសា​  លោកេ​       ទេវធម្មាតិ​  វុច្ចរេ ។

  ពួក​សប្បុរស​ជា​អ្នក​មាន​ចិត្ត​ស្ងប់​រម្ងាប់​ បរិបូណ៌​ដោយ​ហិរិ​ និង​ឱត្តប្បៈ​ តាំង​មាំ​ហើយ​ក្នុង​អាមិស​ លោក​ពោល​ថា​ មាន​ទេវធម៌​ ក្នុង​លោក ។

( បិដក​លេខ​ ៥៨​ ទំព័រ​ ៣ )

  បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ ហិរិឱត្តប្បសម្បន្នា​ ប្រែ​ថា​ អ្នក​ដែល​ប្រកប​ដោយ​ហិរិ​ និង​ឱត្តប្ប ។​ បណ្តា​ហិរិ​ និង​ឱត្តប្ប​ទាំង​ឡាយ​នោះ​ ដែល​ឈ្មោះ​ថា​ ហិរិ​ ព្រោះ​ខ្មាស​ចំពោះ​កាយទុច្ចរិត​ ជា​ដើម​ ពាក្យ​ថា​ ហិរិ​ នេះ​ ជា​ឈ្មោះ​នៃ​សេចក្តី​ខ្មាស ។​ ដែល​ឈ្មោះ​ថា​ ឱត្តប្ប​ ព្រោះ​ខ្លាច​ចំពោះ​កាយទុច្ចរិត​ជា​ដើម​នុ៎ះ​ឯង​ ពាក្យ​ថា​ ឱត្តប្ប​ នេះ​ ជា​ឈ្មោះ​នៃ​សេចក្ដី​ខ្លាច​បាប ។​ បណ្តា​ហិរិ​ និង​ឱត្តប្ប​នោះ​ ហិរិ​មាន​សមុដ្ឋាន​ដែល​តាំង​ឡើង​ខាង​ក្នុង​ ឱត្តប្ប​មាន​សមុដ្ឋាន​ដែល​តាំង​ឡើង​ខាង​ក្រៅ ។​ ហិរិ​ មាន​ខ្លួន​ជា​ធំ​ ( អត្តាធិបតេយ្យ )​ ឱត្តប្ប​មាន​លោក​ជា​ធំ​ ( លោកាធិបតេយ្យ )​ ហិរិ​តាំង​នៅ​ក្នង​សភាវៈ​ដែល​គួរ​ខ្មាស​ ឱត្តប្ប​តាំង​នៅ​ក្នុង​សភាវៈ​ដែល​គួរ​ខ្លាច​ ហិរិ​មាន​លក្ខណៈ​កោត​ក្រែង​ ឱត្តប្បមាន​លក្ខណៈ​ឃើញ​ទោស​ និង​ឃើញ​ភ័យ។

  បណ្តា​ហិរិ​ និង​ឱត្តប្ប​ទាំង​នោះ​ បុគ្គល​រមែង​ញ៉ាំង​ហិរិ​ដែល​មាន​សមុដ្ឋាន​ខាង​ក្នុង​ ឱ្យ​តាំង​ឡើង​ដោយ​ហេតុ​ ៤​ ប្រការ​ គឺ៖

១. ជាតឹ​ បច្ចវេក្ខិត្វា​         ព្រោះ​ពិចារណា​ដល់​ជាតិ​កំណើត

២. វយំ​ បច្ចវេក្ខិត្វា​          ពិចារណា​ដល់​វ័យ

៣. សូរភាវំ​ បច្ចវេក្ខិត្វា​     ពិចារណា​ដល់​ភាព​ជា​អ្នក​ក្លាហាន

៤. ពាហុសច្ចំ​ បច្ចវេក្ខិត្វា​  ពិចារណា​ដល់​ភាព​ជា​ពហូសូត

  ហេតុ​ទាំង​ ៤​ ប្រការ​នោះ​ តើ​ដូច​ម្តេច?​ បុគ្គល​ពិចារណា​ដល់​ជាតិ​កំណើត​យ៉ាង​នេះ​ថា​ “ដែល​ឈ្មោះ​ថា​ ការ​ធ្វើ​បាប​នេះ​ មិន​មែន​ជា​កម្ម​របស់​អ្នក​ដែល​បរិបូណ៌​ដោយ​ជាតិ​ ជា​កម្ម​របស់​អ្នក​មាន​ជាតិ​កំណើត​ថោក​ទាប​មាន​អ្នក​នេសាទ​ជា​ដើម​ បុគ្គល​ដែល​បរិបូណ៌​ដោយ​ជាតិ​ដូច​ជា​អាត្មា​អញ​មិន​សម​គួរ​នឹង​ធ្វើ​កម្ម​នេះ​”​ ហើយ​មិន​ធ្វើ​បាប​មាន​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ឱ្យ​តាំង​ឡើង​ មួយ​ទៀត​ បុគ្គល​ពិចារណា​ដល់​វ័យ​យ៉ាង​នេះ​ថា​ “ឈ្មោះ​ថា​ការ​ធ្វើ​បាប​នេះ​ជា​កម្ម​ដែល​ពួក​កំលោះៗ​ គប្បី​ធ្វើ​ កម្ម​នេះ​ដែល​មនុស្ស​តាំង​នៅ​ក្នុង​វ័យ​ដូច​យើង​មិន​គួរ​ធ្វើ​”​ ហើយ​មិន​ធ្វើ​បាប​ មាន​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ឱ្យ​តាំង​ឡើង​ ម្យ៉ាង​វិញ​ទៀត​ បុគ្គល​ពិចារណា​ដល់​ភាព​ជា​អ្នក​ក្លាហាន​យ៉ាង​នេះ​ថា​ “ឈ្មោះ​ថា​ការ​ធ្វើ​បាប​នេះ​ ជា​កម្ម​របស់​មនុស្ស​ដែល​មាន​ជាតិ​អន់​ថយ​ កម្ម​នេះ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ភាព​ជា​ក្លៀវ​ក្លា​ដូច​យើង​ មិន​គួរ​ធ្វើ​ឡើយ”​ ហើយ​មិន​ធ្វើ​បាប​មាន​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ឱ្យ​តាំង​ឡើង​ ម្យ៉ាង​វិញ​ទៀត​ បុគ្គល​ពិចារណា​ភាព​ជា​ពហូសូត​ យ៉ាង​នេះ​ថា​ “ឈ្មោះ​ថា​ការ​ធ្វើ​បាប​នេះ​ជា​កម្ម​របស់​ជន​អន្ធពាល​ ល្ងង់​ខ្លៅ​ កម្ម​នេះ​ដែល​ជន​ជា​ពហូសូត​ ជា​បណ្ឌិត​ដូច​ជា​យើង​ មិន​គួរ​ធ្វើ​ទេ”​ ហើយ​មិន​ធ្វើ​បាប​ មាន​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ឱ្យ​តាំង​ឡើង​ បុគ្គល​ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ដែល​មាន​សមុដ្ឋាន​ខាង​ក្នុង​ឱ្យ​តាំង​ឡើង​ដោយ​ហេតុ​ ៤​ ​ប្រការ​នេះ ។​ ក៏​កាល​ឱ្យ​តាំង​ឡើង​ហើយ​ ញ៉ាំង​ហិរិ​ឱ្យ​ចូល​ទៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ ហើយ​មិន​ធ្វើ​បាប​ ហិរិ​រមែង​ឈ្មោះ​ថា​ មាន​សមុដ្ឋាន​ខាង​ក្នុង​យ៉ាង​នេះ ។​

  ឱត្តប្ប​ឈ្មោះ​ថា​ មាន​សមុដ្ឋាន​ខាង​ក្រៅ​ តើ​ដូច​ម្តេច?​ បុគ្គល​ពិចារណា​ថា​ “បើ​យើង​នឹង​ធ្វើ​បាប​សោត​ យើង​នឹង​ត្រូវ​គេ​តិះ​ដៀល​ក្នុង​កណ្ដាល​បរិស័ទ​ ៤​ ហើយ​និង​ថា​

   គរហិស្សន្តិ​ តំ​ វិញ្ញូ​                អសុចឹ​ នាគរិកោ​ យថា

   វិវជ្ជិតោ​ សីលវន្តេហិ​              កថំ​ ភិក្ខុ​ ករិស្សសិ ។

  វិញ្ញូជន​ទាំង​ឡាយ​នឹង​តិះ​ដៀល​អ្នក​ដូច​អ្នក​នគរ​ តិះ​ដៀល​របស់​មិន​ស្អាត​ ម្នាល​ភិក្ខុ​ លោក​អ្នក​ដែល​មាន​សីល​ទាំង​ឡាយ​វៀរ​ចាក​ហើយ​ តើ​អ្នក​នឹង​ធ្វើ​អ្វី ។

  រមែង​មិន​ធ្វើ​បាបកម្ម​ ព្រោះ​ឧត្តប្ប​ដែល​តាំង​ឡើង​ខាង​ក្រៅ​ ឱត្តប្ប​រមែង​ឈ្មោះ​ថា​ មាន​សមុដ្ឋាន​ខាង​ក្រៅ​យ៉ាង​នេះ ។

  ហិរិ​ ឈ្មោះ​ថា​ មាន​ខ្លួន​ជា​ធំ​ តើ​ដូច​ម្តេច?​ កុលបុត្រ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ធ្វើ​ខ្លួន​ឱ្យ​ជា​ធំ​ ឱ្យ​ជា​ប្រធាន​ មិន​ធ្វើ​បាប​ ដោយ​គិត​ថា​ បុគ្គល​ដែល​បួស​ដោយ​សទ្ធា​ ជា​ពហូសូត​ មាន​វាទៈ​ ( គឺ​ពាក្យ​ប្រៀន​ប្រដៅ​ )​ ក្នុង​ការ​កម្ចាត់​កិលេស​ដូច​អ្នក​ មិន​គួរ​ធ្វើ​បាបកម្ម​ ហិរិ​ រមែង​ឈ្មោះ​ថា​ មាន​ខ្លួន​ជា​ធំ​យ៉ាង​នេះ​ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា៖

  សោ​ អត្តានំយេវ​ អធិបតឹ​ កត្វា​ អកុសលំ​ បជហតិ,​ កុសលំ​ ភាវេតិ។​ សាវជ្ជំ​ បជហតិ,​ អនវជ្ជំ​ ភាវេតិ ។​ សុទ្ធមត្តានំ​ បរិហតិ ។

  បុគ្គល​នោះ​ធ្វើ​ខ្លួន​ឯង​ឱ្យ​ជា​អធិបតី​ហើយ​ រមែង​លះ​បង់​អកុសល​ ចម្រើន​កុសល​ លះ​បង់​អំពើ​ដែល​ប្រកប​ដោយ​ទោស​ ចម្រើន​តែ​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។

  ឱត្តប្ប​ ឈ្មោះ​ថា​ មាន​លោក​ជា​ធំ​ តើ​ដូច​ម្តេច?​ កុលបុត្រ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ធ្វើ​លោក​ឱ្យ​ជា​ធំ​ ឱ្យ​ជា​ប្រធាន​ ហើយ​មិន​ធ្វើ​បាបកម្ម​ សម​ដូច​ព្រះ​តម្រាស់​ថា៖

  មហា​ ខោ​ បនាយំ​ លោកសន្និវាសោ​ ។​ មហន្តស្មឹ​ ខោ​ បន​ លោកសន្និវាសេ​ សន្តិ​ សមណព្រាហ្មណា​ ឥទ្ធិមន្តោ​ ទិព្វចក្ខុកា​ បរចិត្តវិទុនោ,​ តេ​ ទូរតោបិ​ បស្សន្តិ,​ អាសន្នាបិ​ ន​ ទិស្សន្តិ,​ ចេតសាបិ​ ចិត្តំ​ ជានន្តិ,​ តេបិ​ មំ​ ឯវំ​ ជានិស្សន្តិ​ បស្សថ​ កោ​ ឥមំ​ កុលបុត្តំ,​ សទ្ធា​ អគារស្មា​ អនគារិយំ​ បព្វជិតោ​ សមានោ​ វោកិណ្ណោ​ វិហរតិ​ បាបកេហិ​ អកុសលេហិ​ ធម្មេហីតិ ។

  សន្តិ​ ទេវា​ ឥទ្ធិមន្តិយោ​ ទិព្វចក្ខុកា​ បរចិត្តវិទុនិយោ,​ តា​ ទូរតោបិ​ បស្សន្តិ,​ អាសន្នាបិ​ ន​ ទិស្សន្តិ,​ ចេតសាបិ​ ចិត្តំ​ ជានន្តិ,​ តាបិ​ មំ​ ឯវំ​ ជានិស្សន្តិ​ បស្សថ​ ភោ​ ឥមំ​ កុលបុត្តំ,​ សទ្ធា​ អគារស្មា​ អនគារិយំ​ បព្វជិតោ​ សមានោ​ វោកិណ្ណោ​ វិហរតិ​ បាបកេហិ​ អកុសលេហិ​ ធម្មេហីតិ ។

  លោកសន្និវាស​នេះ​សោត​ក៏​ធំ​ ទោះ​ក្នុង​លោកសន្និវាស​ធំ​មែន​ ក៏​គង់​មាន​សមណព្រាហ្មណ៍​ជា​អ្នក​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្ត​បុគ្គល​ដទៃ​ ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ រមែង​ឃើញ​អំពី​ចម្ងាយ​ ទោះ​នៅ​ជិត​ក៏​មិន​ប្រាកដ​ រមែង​ដឹង​ច្បាស់​នូវ​ចិត្ត​ដោយ​ចិត្ត​ ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ គង់​ដឹង​អាត្មា​អញ​យ៉ាង​នេះ​ថា​ ម្នាល​អ្នក​ដ៏​ចម្រើន​ សូម​អ្នក​មើល​កុលបុត្រ​នេះ​ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយ​សទ្ធា​ហើយ​ នៅ​តែ​ច្របូក​ច្របល់​ ដោយ​ធម៌​ជា​អកុសល​ដ៏​លាមក ។​

  ម្យ៉ាង​ទៀត​ គង់​មាន​ពួក​ទេវតា​ដែល​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ដឹង​ចិត្ត​បុគ្គល​ដទៃ​ ពួក​ទេវតា​ទាំង​នោះ​ តែង​ឃើញ​អំពី​ចម្ងាយ​ ទោះ​នៅ​ជិត​ក៏​មិន​ប្រាកដ​ រមែង​ដឹង​ចិត្ត​ដោយ​ចិត្ត​ ពួក​ទេវតា​ទាំង​នោះ​ គង់​ដឹង​អាត្មា​អញ​យ៉ាង​នេះ​ថា​ ម្នាល​អ្នក​ដ៏​ចម្រើន​ សូម​អ្នក​មើល​កុលបុត្រ​នេះ​ ចេញ​ចាក​ផ្ទះ​​មក​បួស​ដោយ​សទ្ធា​ហើយ​ នៅ​តែ​ច្របូក​ច្របល់​ដោយអកុសល​ដ៏​លាមក ។

  សោ​ លោកំយេវ​ អធិបតឹ​ ជេដ្ឋកំ​ ករិត្វា​ អកុសលំ​ បជហតិ,​ កុសលំ​ ភាវេតិ ។​ សាវជ្ជំ​ បជហតិ,​ អនវជ្ជំ​ ភាវេតិ ។ សុទ្ធមត្តានំ​ បរិហរតិ ។

  លុះ​បុគ្គល​នោះ​ប្រារព្ធ​លោក​ឱ្យ​ជា​អធិបតី​ហើយ​ តែង​លះ​បង់​អកុសល​ ចម្រើន​កុសល​ លះ​បង់​អំពើ​ដែល​ប្រកប​ដោយ​ទោស​ ចម្រើន​តែ​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។

  ឱត្តប្ប​ រមែង​ឈ្មោះ​ថា​ មាន​លោក​ជា​ធំ​យ៉ាង​នេះ ។

  ក៏​ក្នុង​ពាក្យ​ថា​ ហិរិ​តាំង​នៅ​ក្នុង​សភាវៈ​អៀន​ខ្មាស​ ឱត្តប្ប​តាំង​នៅ​ក្នុង​សភាវៈ​គួរ​ខ្លាច​ នេះ​ មាន​វិនិច្ឆ័យ​ដូច​តទៅ​នេះ៖

  អាការ​អៀន​ខ្មាស​ ឈ្មោះ​ថា​ សេចក្តី​អៀន​ខ្មាស​ ហិរិ​តាំង​នៅ​ក្នុង​សភាវៈ​នោះ​ សេចក្តី​ខ្លាច​ចំពោះ​អបាយ​ ឈ្មោះ​ថា​ ភ័យ​ ឱត្តប្ប​តាំង​នៅ​ក្នុង​សភាវៈ​នោះ ។​ ហិរិ​ និង​ឱត្តប្ប​ទាំង​ពីរ​នោះ​ រមែង​ប្រាកដ​ក្នុង​ការ​វៀរ​ចាក​បាប​ទាំង​អស់​ ពិត​មែន​ បុគ្គល​ពួក​ខ្លះ​ឈាន​ចុះ​កាន់​ធម៌​ គឺ​សេចក្តី​អៀន​ខ្មាស​ដែល​ជា​ខាង​ក្នុង​ មិន​ធ្វើ​បាបកម្ម​ ដូច​កុលបុត្រ​កាល​បន្ទោ​បង់​ឧច្ចារៈ​ បស្សាវៈ​ ជា​ដើម ឃើញ​មនុស្ស​ដែល​គួរ​ខ្មាស​ គប្បី​ជា​អ្នក​ដល់​អាការ​ខ្មាស​ ត្រូវ​ឧច្ចារៈ​ បស្សាវៈ​បៀត​បៀន​​ ក៏​បន្ទោ​បង់​ឧច្ចារៈ​ បស្សាវៈ​មិន​បាន​ ហេតុ​នោះ​ បុគ្គល​ពួក​ខ្លះ​ភ័យ​ខ្លាច​អបាយភូមិ​ទើប​មិន​ធ្វើ​បាបកម្ម​ ក្នុង​សេចក្តី​នោះ​ មាន​សេចក្តី​ឧបមា​ដូច​តទៅ​នេះ៖

  ដូច​ក្នុង​ដុំ​ដែក​ ២​ ដុំ​ មួយ​ដុំ​ត្រជាក់​ តែ​ប្រឡាក់​លាមក​ មួយ​ដុំ​ក្តៅ​ ភ្លើង​ឆេះ​សន្ធោ​សន្ធៅ ។​ ក្នុង​ដុំ​ដែក​ទាំង​ ២​ ដុំ​នោះ​ បណ្ឌិត​ខ្ពើម​មិន​ចាប់​ដុំ​ដែក​ត្រជាក់​ ព្រោះ​ដុំ​ដែក​ត្រជាក់​ប្រឡាក់​លាមក​ មិន​ចាប់​ដុំ​ដែក​ក្តៅ​ ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ យ៉ាង​ណា ។​ ក្នុង​ពាក្យ​ថា​ ហិរិ​ និង​ឱត្តប្ប​នោះ​ក៏​យ៉ាង​នោះ​ដែរ​ គប្បី​ជ្រាប​ការ​ចុះ​កាន់​លជ្ជីធម៌​ ដែល​ជា​ខាង​ក្នុង​ហើយ​ មិន​ធ្វើ​បាបកម្ម​ ដូច​បណ្ឌិត​ខ្ពើម​ដុំ​ដែក​ត្រជាក់​ដែល​ប្រឡាក់​លាមក​ ទើប​មិន​ចាប់​ គប្បី​ជ្រាប​ការ​មិន​ធ្វើ​បាប​ព្រោះ​ភ័យ​ខ្លាច​ក្នុង​អបាយ​ ដូច​ការ​បណ្ឌិត​មិន​ចាប់​ដុំ​ដែក​ក្តៅ​ ព្រោះ​ខ្លាច​រលាក​ ដូច្នោះ ។

  សូម្បី​បទ​ទាំង​ពីរ​នេះ​ថា​ ហិរិ​ មាន​លក្ខណៈ​កោត​ក្រែង​ ឱត្តប្ប​ មាន​លក្ខណៈ​ខ្លាច​ទោស​ និង​ឃើញ​ភ័យ​ ដូច្នេះ​ រមែង​ប្រាកដ​ចំពោះ​ក្នុង​ការ​វៀរ​ចាក​បាប​ប៉ុណ្ណោះ ។​ ពិត​មែន​ បុគ្គល​ពួក​ខ្លះ​ញ៉ាំង​ហិរិ​ ដែល​មាន​លក្ខណៈ​កោត​ក្រែង​ឱ្យ​កើត​ឡើង​ ដោយ​ហេតុ​ ៤​ ប្រការ​ គឺ​

១. ជាតិមហត្តបច្ចវេក្ខណា​        ពិចារណា​ដល់​ភាព​ជា​ធំ​ដោយ​ជាតិ

២. សត្ថុមហត្តបច្ចវេក្ខណា​          ពិចារណា​ដល់​ភាព​ជា​ធំ​របស់​ព្រះ​សាស្តា

៣. ទាយជ្ជមហត្តបច្ចវេក្ខណា​      ពិចារណា​ដល់​ភាព​ជា​ធំ​ដោយ​ភាព​ជា​អ្នក​ស្នង​ទ្រព្យ​មរតក

៤. សព្រហ្មចារិមហត្តបច្ចវេក្ខណា​  ពិចារណា​ដល់​ភាព​ជា​ធំ​នៃ​សព្រហ្មចារី

ហើយ​មិន​ធ្វើ​បាប ។

  បុគ្គល​ខ្លះ​ញ៉ាំង​ឱត្តប្ប​ដែល​មាន​លក្ខណៈ​ខ្លាច​ទោស​ និង​ច្រើន​ឃើញ​ភ័យ​ ឱ្យ​តាំង​ឡើង​ ដោយ​ហេតុ​ ៤​ ប្រការ​ គឺ៖

១. អត្តានុវាទភយំ​      ភ័យ​ក្នុង​ការ​តិះ​ដៀល​ខ្លួន​ឯង

២. បរានុវាទភយំ​       ភ័យ​ក្នុង​ការ​តិះ​ដៀល​អ្នក​ដទៃ​

៣. ទណ្ឌភយំ​           ភ័យ​គឺ​អាជ្ញា​

៤. ទុគ្គតិភយំ​              ភ័យ​ក្នុង​ទុគ្គតិ

ហើយ​មិន​ធ្វើ​បាប​ ក្នុង​ពាក្យ​ថា​ ដោយ​ហិរិ​ និង​ឱត្តប្ប​នោះ​ គប្បី​ពោល​ការ​ពិចារណា​ភាព​ជា​ធំ​ដោយ​ជាតិ​ជា​ដើម​ និង​ភ័យ​ក្នុង​ការ​តិះ​ដៀល​ខ្លួន​ឯង​ជា​ដើម​ ឱ្យ​ពិស្តារ​ សេចក្តី​ពិស្តារ​នៃ​ការ​ពិចារណា​ភាព​ជា​ធំ​ដោយ​ជាតិ​ជា​ដើម​ទាំង​នោះ​ មាន​ពោល​ទុក​ក្នុង​អដ្ឋកថា​អង្គុត្តរនិកាយ

  បទ​ថា​ សុក្កធម្មសមាហិតា​ សេចក្តី​ថា​ កុសលធម៌​ដែល​គួរ​ធ្វើ​មាន​ហិរិ​ឱត្តប្ប​នេះ​ឯង​ជា​ខាង​ដើម​ ឈ្មោះ​ថា​ សុក្កធម៌​ ធម៌​ស​ កាល​ពោល​សព្វសង្គាហិកន័យ​ ន័យ​ដែល​រួម​យក​ទាំង​អស់​ សុក្កធម៌​នោះ​ ក៏​គឺ​ធម៌​ដែល​ជា​លោកិយ​ និង​លោកុត្តរ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​ ៤​ ដែល​ប្រកប​ហើយ​ ប្រកប​ព្រម​ហើយ​ ដោយ​ហិរិ​ និង​ឱត្តប្ប​ទាំង​ពីរ​នោះ ។​ បទ​ថា​ សន្តោ​ សប្បុរិសា​ លោកេ​ សេចក្តី​ថា​ ឈ្មោះ​ថា​ អ្នក​ស្ងប់​រម្ងាប់​ ព្រោះ​កាយកម្ម​ជា​ដើម​ស្ងប់​រម្ងាប់​ហើយ​ ឈ្មោះ​ថា​ ជា​សប្បុរស​ ព្រោះ​ជា​បុរស​លំអ​ដោយ​កតញ្ញូកតវេទី ។​ ក៏​ក្នុង​បទ​ថា​ លោកេ​ នេះ​ លោក​មាន​ច្រើន​ លោក​ គឺ​ សង្ខារលោក​ សត្វលោក​ ឱកាសលោក​ ខន្ធលោក​ អាយតនលោក​ និង​ធាតុលោក ។​ ក្នុង​បណ្តា​លោក​ទាំង​អស់​នោះ​ សង្ខារលោក​ លោក​ពោល​ទុក​ក្នុង​ប្រយោគ​នេះ​ថា​ “ឯកោ​ លោកោ​ សព្វេ​ សត្តា​ អាហារដ្ឋិតិកា​ ។បេ។ អដ្ឋារស​ លោកា​ អដ្ឋារស​ ធាតុយោ​ លោក​មួយ​ គឺ​ សត្វ​ទាំង​ឡាយ​តាំង​នៅ​បាន​ដោយ​សារ​អាហារ​ ។ល។ លោក​ ១៨​ គឺ​ធាតុ​ ១៨​” ។​ លោក​មាន​ខន្ធលោក​ជា​ដើម​ រួម​នៅ​ក្នុង​សង្ខារលោក​នុ៎ះ​ឯង​ ។​ ចំណែក​សត្វលោក​ លោក​ពោល​ទុក​ក្នុង​ប្រយោគ​ជា​ដើម​ថា​ “អយំ​ លោកោ​ បរលោកោ,​ ទេវលោកោ​ មនុស្សលោកោ​ លោក​នេះ​ លោក​ខាង​មុខ​ ទេវលោក​ មនុស្សលោក”​ ។

  ឱកាសលោក​លោក​ពោល​ទុក​ក្នុង​ប្រយោគ​នេះ​ថា​ ៖

   យាវតា​ ចន្ទិមសូរិយា​                      បរិហរន្តិ​ ទិសា​ ភន្តិ​ វិរោចនា

   តាវ​ សហស្សធា​ លោកោ​                 ឯត្ថ​ តេ​ វត្តតេ​ វសោ ។

  ពាន់​នៃ​លោកធាតុ​មាន​ប្រមាណ​ដូច​ព្រះ​ចន្ទ​ និង​ព្រះអាទិត្យ​វិល​ បញ្ចេញ​រស្មី​ទៅ​គ្រប់​ទិស​ អំណាច​របស់​ព្រះ​អង្គ​ផ្សាយ​ទៅ​ក្នុង​មួយ​ពាន់​លោកធាតុ​នោះ ។

  បណ្តា​លោក​ទាំង​អស់​នោះ​ ក្នុង​ទី​នេះ​ សំដៅ​យក​សត្វលោក​ ពិត​ណាស់​ ក្នុង​សត្វលោក​ប៉ុណ្ណោះ​ មាន​សប្បុរស​មាន​សភាព​យ៉ាង​នេះ​ សប្បុរស​ទាំង​នោះ​ លោក​ពោល​ថា​ មាន​ទេវធម៌ ។​ បទ​ថា​ ទេវ​ ក្នុង​បទ​ថា​ ទេវធម្មា​ នោះ​ ទេវ​ មាន​ ៣​ ប្រភេទ​ គឺ​ សម្មុតិទេវា​ សម្មតិទេព​ ១​ ឧប្បត្តិទេវា​ ឧប្បត្តិទេព​ ១​ វិសុទ្ធិទេវា​ វិសុទ្ធិទេព​ ១​ ។​ បណ្តា​ទេវ​ទាំង​នោះ​ ព្រះ​រាជា​ និង​រាជកុមារ​ជា​ដើម​ ឈ្មោះ​ថា​ សម្មតិទេព​ ព្រោះ​សត្វលោក​នាំ​គ្នា​សន្មត​ថា​​ ជា​ទេវតា​ ចាប់​ផ្តើម​ពី​កាល​ជា​ព្រះមហាសម្មតិរាជ ។​ ទេវតា​ដែល​ឧប្បត្តិក​ក្នុង​ទេវលោក​ ឈ្មោះ​ថា​ ឧប្បត្តិទេព ។​ ព្រះ​ខីណាស្រព​ ឈ្មោះ​ថា វិសុទ្ធិទេព ។

  សម​ដូច​ព្រះ​តម្រាស់​ថា៖

  សម្មុតិទេវា​ នាម​ រាជានោ​ ច​ ទេវិយោ​ ច​ រាជកុមារា​ ច ។​ ឧបបត្តិទេវា​ នាម​ ភុម្មទេវេ​ ឧបាយទាយ​ តទុត្តរិ​ ទេវា ។​ វិសុទ្ធិទេវា​ នាម​ ពុទ្ធបច្ចេកពុទ្ធខីណាសវា ។

  ព្រះរាជា​ ព្រះ​ទេវី​ ព្រះរាជកុមារ​ ឈ្មោះ​ថា​ សម្មតិទេព ។​ ទេវតាជាន់​ខ្ពស់​ ចាប់​ពី​ភុម្មទេវតា​ឡើង​ទៅ​ ឈ្មោះ​ថា​ ឧប្បត្តិទេព ។​ ព្រះ​ពុទ្ធ​ ព្រះ​បច្ចេកពុទ្ធ​ និង​ព្រះ​ខីណាស្រព​ ឈ្មោះ​ថា​ វិសុទ្ធិទេព ។

  ធម៌​របស់​ទេវ​ទាំង​នេះ​ ឈ្មោះ​ថា​ ទេវធម៌ ។​

​ បទ​ថា​ វុច្ចរេ​ ប្រែ​ថា​ រមែង​ពោល​ ពិត​ណាស់​ កុសលធម៌​ទាំង​ឡាយ​ មាន​ហិរិ​ ឱត្តប្ប​ជា​មូល​ ឈ្មោះ​ថា​ ជា​ធម៌​របស់​ទេព​ទាំង​ ៣​ ប្រភេទ​នេះ​ ព្រោះ​អត្ថ​ថា​ ជា​ហេតុ​នៃ​កុសលសម្បទា​ នៃ​ការ​កើត​ក្នុង​ទេវលោក​ និង​សេចក្តី​បរិសុទ្ធ​ ព្រោះ​ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ ទេវធម៌​ សូម្បី​បុគ្គល​ដែល​ប្រកប​ដោយ​ទេវធម៌​ទាំង​នោះ​ ក៏​ជា​អ្នក​មាន​ទេវធម៌​ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​កាល​នឹង​ទ្រង់​សម្តែង​ធម៌​ទាំង​នោះ​ ដោយ​ទេសនា​ដែល​ជា​បុគ្គលាធិដ្ឋាន​ ទើប​ត្រាស់​ថា​ “សន្តោ​ សប្បុរិសា​ លោកេ​ ទេវធម្មាតិ​ វុច្ចរេ​ សប្បុរស​អ្នក​មាន​ចិត្ត​ស្ងប់​រម្ងាប់​ លោក​ពោល​ថា​​ មាន​ទេវធម៌​ក្នុង​លោក” ។

  យក្ស​កាល​បាន​ស្តាប់​ធម្មទេសនា​នេះ​ មាន​សេចក្តី​ជ្រះ​ថ្លា​ ទើប​ពោល​នឹង​ព្រះពោធិសត្វ​ថា​ “នែ​បណ្ឌិត​​ យើង​ជ្រះ​ថ្លា​នឹង​លោក​ នឹង​ឱ្យ​ប្អូន​ប្រុស​ម្នាក់​ លោក​នឹង​ឱ្យ​នាំ​អ្នក​ណា​មក?​” ព្រះ​ពោធិសត្វ​ត្រាស់​ថា​ “អ្នក​ចូរ​នាំ​ប្អូន​ប្រុស​ពៅ​មក” ។​ យក្ស​ពោល​ថា​ “នែ​បណ្ឌិត​ លោក​ចេះ​តែ​ទេវធម៌​ប៉ុណ្ណោះ​ តែ​មិន​ប្រព្រឹត្ត​ក្នុង​ទេវធម៌​ទាំង​នោះ” ។​ ព្រះ​ពោធិសត្វ​សួរ​ថា​ “ព្រោះ​ហេតុ​អ្វី?”​ យក្ស​ពោល​ថា​ “ព្រោះ​ហេតុ​ដែល​លោក​វៀរ​បង​ប្រុស​ចេញ​ ឱ្យ​នាំ​ប្អូន​ប្រុស​មក​ ឈ្មោះ​ថា​ មិន​ធ្វើ​ជេដ្ឋាបចាយិកកម្ម​ ( ការ​គោរព​ដល់​រៀម​ច្បង​ )​”​ ។​ ព្រះពោធិសត្វ​ត្រាស់​ថា​ ម្នាល​យក្ស​ យើង​ចេះ​ទេវធម៌​ ហើយ​ប្រព្រឹត្តក្នុង​ទេវធម៌​ទាំង​នោះ​ ព្រោះ​ថា​ យើង​ទាំង​ឡាយ​ចូល​ស្រុក​ ព្រោះ​អាស្រ័យ​ប្អូន​ប្រុស​នេះ​ ដោយ​ថា​​ព្រះ​មាតា​របស់​ប្អូន​ប្រុស​នេះ​ ទូល​សុំ​រាជសម្បត្តិ​នឹង​ព្រះ​បិតា​របស់​ពួក​យើង​ ដើម្បី​ប្រយោជន៍​ដល់​ប្អូន​ប្រុស​នេះ​ តែ​បិតា​របស់​យើង​មិន​ឱ្យ​ពរ​នោះ​ ទ្រង់​ដើម្បី​ការ​ពារ​ពួក​យើង​ ទើប​ទ្រង់​អនុញ្ញាត​ឱ្យ​យើង​នៅ​ក្នុង​ព្រៃ​ ក្មេង​នោះ​មក​តាម​ពួក​យើង ទោះ​បី​យើង​ពោល​ថា​ យក្ស​ក្នុង​ព្រៃ​ស៊ី​កុមារ​នោះ​ហើយ​ តើ​មាន​នរណា​នឹង​ជឿ​យើង​ ព្រោះ​ហេតុ​នោះ​ យើង​ខ្លាច​ភ័យ​គឺ​ពាក្យ​ដំណៀល​ ទើប​ឱ្យ​នាំ​ប្អូន​ប្រុស​ពៅ​នោះ​នុ៎ះ​ឯង​មក​”​ យក្ស​មាន​ចិត្ត​ជ្រះ​ថ្លា​ថ្វាយ​សាធុការ​ដល់​ព្រះ​ពោធិសត្វ​ថា​ “សាធុ​ សាធុ​ បណ្ឌិត​ លោក​ចេះ​ទេវធម៌​ថែម​ទាំង​បដិបត្តិ​ក្នុង​ទេវធម៌​ទាំងនោះ​”​ ដូច្នេះ​ហើយ​ ទើប​បាន​នាំ​ប្អូន​ប្រុស​ទាំង​ពីរ​នាក់​មក​ថ្វាយ ។​ លំដាប់​នោះ​ ព្រះ​ពោធិសត្វ​ត្រាស់​នឹង​យក្ស​នោះ​ថា​ “សម្លាញ់​ អ្នក​កើត​ជា​យក្ស​មាន​សាច់​ និង​ឈាម​របស់​អ្នក​ដទៃ​ជា​អាហារ​ ព្រោះ​បាបកម្ម​ដែល​ខ្លួន​ធ្វើ​ទុក​ក្នុង​ជាតិ​មុន​ ឥឡូវ​នេះ​ អ្នក​នៅ​ធ្វើ​បាប​នោះ​ទៀត​ ព្រោះ​ថា​ បាបកម្ម​នឹង​មិន​ឱ្យ​អ្នក​រួច​ផុត​ចាក​នរក​ជា​ដើម​បាន​ទេ​ ព្រោះ​ហេតុ​នោះ​ ចាប់​ពី​ពេល​នេះ​ទៅ​ អ្នក​ចូរ​លះ​បង់​អំពើ​បាប​ចេញ​ ធ្វើ​តែ​កុសល”​ កាល​ទូន្មាន​យក្ស​នោះ​ហើយ​ យក្ស​ក៏​បាន​ធ្វើ​តាម​ ហើយ​បាន​ចាត់​ចែង​រក្សា​ការពារ​នៅ​ក្នុង​ទី​នោះ​នុ៎ះ​ឯង ។​ ថ្ងៃ​មួយ​ បាន​មើល​នក្ខត្តឫក្ស​ ដឹង​ថា​ ព្រះ​ជនក​សោយ​ទិវង្គត​ ទើប​នាំ​យក្ស​ទៅ​កាន់​ក្រុង​ពារាណសី​ គ្រប់​គ្រង​រាជសម្បត្តិ​ ប្រទាន​តំណែង​ឧបរាជ​ដល់​ចន្ទកុមារ​ ប្រទាន​តំណែង​សេនាបតី​ដល់​សុរិយកុមារ​ ឱ្យ​គេ​កសាង​លំនៅ​គួរ​ជា​ទី​រីករាយ​ឱ្យ​ដល់​យក្ស​ ទ្រង់​បាន​ធ្វើ​ដោយ​ប្រការ​ដែល​យក្ស​នោះ​បាន​ការ​បូជា​ដ៏​លើស​ ផ្កា​ដ៏​លើស​ គ្រឿង​ក្រអូប​ដ៏​លើស​ ផ្លែ​ឈើ​ដ៏​លើស​ និង​ភត្ត​ដ៏​លើស ។​ ព្រះ​ពោធិសត្វ​គ្រង​រាជសម្បត្តិ​ដោយ​ធម៌​ ទ្រង់​បាន​យាង​ទៅ​តាម​យថាកម្មហើយ ។

ប្រជុំ​ជាតក

ព្រះ​សាស្តា​គ្រា​ទ្រង់​នាំ​ព្រះ​ធម៌​ទេសនា​នេះ​មក​ហើយ​ ទ្រង់​ប្រកាស​សច្ចៈ​ទាំង​ឡាយ​ ក្នុង​វេលា​ចប់​សច្ចៈ​ ភិក្ខុ​នោះ​តាំង​នៅ​ក្នុង​សោតាបត្តិផល​ ។​ សូម្បី​ព្រះ​សម្មាសម្ពុទ្ធ​ ក៏​ត្រាស់​រឿង​ ២​ រឿង​ ភ្ជាប់​អនុសន្ធិ​ត​ទៅ​ ហើយ​ទ្រង់​ប្រជុំ​ជាតក​ថា​ អារក្ស​ក្នុង​កាល​ណោះ​ បាន​មក​ជា​ភិក្ខុ​អ្នក​មាន​ភណ្ឌៈ​ច្រើន​ក្នុង​កាល​ឥឡូវ​នេះ​ សុរិយកុមារ​បាន​មក​ជា​ព្រះ​អានន្ទ​ ចន្ទកុមារ​បាន​មក​ជា​ព្រះសារីបុត្រ​ ចំណែក​មហិសសាសកុមារ​ជា​ព្រះ​ជេដ្ឋា​ បាន​មក​ជា​តថាគត​នេះឯង ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ