Search

Loading

Content

19 May 2012

រឿង​ពហុភណ្ឌិកភិក្ខុ​ ភិក្ខុ​ដែល​មាន​បរិក្ខារ​ច្រើន

( កិរិយា​អាក្រាត​កាយជា​ដើម​​ មិន​អាច​ធ្វើ​ឱ្យ​បុគ្គល​ឆ្លង​ផុត​សេចក្តី​សង្ស័យ​បាន​ទេ )

  ព្រះ​សាស្តា​ កាល​ប្រថាប់​នៅ​ក្នុង​វត្ត​ជេតពន​ ទ្រង់​ប្រារព្ធ​ភិក្ខុ​អ្នក​មាន​បរិក្ខារ​ច្រើន​មួយ​រូប​ ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ថា​ ន​ នគ្គចរិយា​ ដូច្នេះ​ជា​ដើម ។

កុដុម្ពីក៍​ត្រៀម​គ្រឿង​ប្រើ​ប្រាស់​មុន​នឹង​បួស

  បាន​ឮ​ថា​ កុដុម្ពិក៍​ក្នុង​ក្រុង​សាវត្ថី​ម្នាក់​ កាល​ភរិយា​របស់​ខ្លួន​ធ្វើ​មរណកាល​ហើយ​ ក៏​បាន​ចូល​បួស​ កុដុម្ពិក៍​នោះ​កាល​បួស​ហើយ​ បាន​ឲ្យ​គេ​ធ្វើ​បរិវេណ​ រោង​ភ្លើង​ និង​បន្ទប់​ដាក់​សម្ភារៈ​ ធ្វើ​បន្ទប់​ដាក់​សម្ភារៈ​ឲ្យ​ពេញ​ដោយ​ទឹក​ដោះ​ថ្លា​ និង​អង្ករ​ជា​ដើម​ សម្រាប់​ខ្លួន​ហើយ​ទើប​បួស​ កាល​បួស​ហើយ​ ឱ្យ​គេ​ហៅ​អ្នក​បម្រើ​របស់​ខ្លួន​មក​ ចម្អិន​អាហារ​តាម​ចំណង់​ ហើយ​ទើប​បរិភោគ​ ថែម​ទាំង​ជា​អ្នក​បរិក្ខារ​ច្រើន​​ ក្នុង​វេលា​យប់​ មាន​សំពត់​ស្លៀក​ និង​សំពត់​ដណ្តប់​មួយ​សម្រាប់​ វេលា​ថ្ងៃ​ មាន​មួយ​សម្រាប់​ទៀត​ ស្នាក់​នៅ​ខាង​ចុង​បំផុត​នៃ​វិហារ ។​​

ត្រូវ​ពួក​ភិក្ខុ​តិះ​ដៀល​ ហើយ​នាំ​ទៅ​គាល់​ព្រះ​សាស្ដា

  ថ្ងៃ​មួយ​ កាល​ភិក្ខុ​នោះ​ យក​ចីវរ​ និង​កម្រាល​ជា​ដើម​ មក​ហាល​សំដិល​ ភិក្ខុ​ទាំង​ឡាយ​ដែល​ត្រាច់​ទៅ​កាន់​សេនាសនចារិក​បាន​ឃើញ​ហើយ​ សួរ​ថា​ “ម្នាល​អាវុសោ​ បរិក្ខារ​ទាំង​អស់​នេះ​ ជា​របស់​លោក​ឬ?”​ ភិក្ខុ​នោះ​ឆ្លើយ​ថា​ “ជា​របស់​ខ្ញុំ​ករុណា”​ ភិក្ខុ​ទាំង​ឡាយ​ទើប​ពោល​ថា​ “​ម្នាល​អាវុសោ​ ក្រែង​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ចីវរ​ ៣​ លោក​ចូល​មក​បួស​ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​យ៉ាង​នេះ​ ហេតុ​អ្វី​ទើប​ក្លាយ​ទៅ​ជា​អ្នក​មាន​បរិក្ខារ​ច្រើន?”​ រួច​ទើប​នាំ​ភិក្ខុ​នោះ​ទៅ​កាន់​សម្នាក់​ព្រះ​សាស្តា​ ក្រាប​បង្គំ​ទូល​ថា​ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ភិក្ខុ​នេះ​ជា​អ្នក​មាន​បរិក្ខារ​ច្រើន​លើស​ប្រមាណ” ។​ ព្រះ​សាស្តា​ត្រាស់​សួរ​ថា​ “ម្នាល​ភិក្ខុ​ បានឮ​ថា​ អ្នក​មាន​បរិក្ខារ​ច្រើន​ ពិត​មែន​ឬ?”​ ភិក្ខុ​នោះ​ក្រាប​ទូល​ថា​ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ពិត​មែន”​ ព្រះ​អង្គ​ត្រាស់​សួរ​ទៀត​ថា​ “ម្នាល​ភិក្ខុ​ តថាគត​សម្តែង​ធម៌​ដើម្បី​ប្រយោជន៍​ដល់​សេចក្តី​ប្រាថ្នា​តិច​ តើ​ហេតុ​អ្វី​ អ្នក​បែរ​ជា​អ្នក​មាន​ភណ្ឌៈ​ច្រើន​ទៅ​វិញ?”​ ។

  ភិក្ខុ​នោះ​ក្រោធ​ខឹង​ហើយ​ ដោយ​ត្រឹម​តែ​ហេតុ​ប៉ុណ្ណេះ​ គិត​ថា​ “ឥឡូវ​នេះ​ អញ​នឹង​ត្រាច់​ទៅ​ដោយ​ទំនង​នេះ”​ ដូច្នេះ​ហើយ​ ដោះ​សំពត់​ដណ្តប់​មាន​ចីវរ​តែ​មួយ​ផ្ទាំង​ បាន​ឈរ​នៅ​កណ្ដាល​​បរិស័ទ​ ។​

ព្រះ​សាស្ដា​ធ្វើ​ឱ្យ​លោក​មាន​ហិរិ​ និង​ឱត្តប្ប

  លំដាប់​នោះ​ ព្រះ​សាស្ដា​កាល​នឹង​ទ្រង់​ជំរុញ​ភិក្ខុ​រូប​នោះ​ ទើប​ត្រាស់​ថា​ “ម្នាល​ភិក្ខុ​ ក្នុង​កាល​មុន​ អ្នក​ឯង​ស្វែង​រក​ហិរិ​ និង​ឱត្តប្ប​ សូម្បី​ក្នុង​កាល​ជា​អារក្ស​ទឹក​ កាល​ស្វែង​រក​ហិរិឱត្តប្ប​អស់​ ១២​ ឆ្នាំ​ មិន​មែន​ឬ?​ ( ប៉ុន្តែ )​ ឥឡូវ​នេះ​ អ្នក​បួស​ក្នុង​ព្រះពុទ្ធសាសនា​ជា​ទី​គោរព​យ៉ាង​នេះ​ហើយ​ ដោះ​សំពត់​ដណ្ដប់​ លះ​បង់​ហិរិ​ និង​ឱត្តប្ប​ ឈរ​នៅ​កណ្ដាល​បរិស័ទ​ ៤​ តើ​ព្រោះ​មូលហេតុ​អ្វី?” ។

  ភិក្ខុ​នោះ​ស្ដាប់​ព្រះ​តម្រាស់​របស់​ព្រះ​សាស្ដា​ហើយ​ ត្រឡប់​ជា​មាន​ហិរិ​ និង​ឱត្តប្ប​តាំង​ឡើង​ ដណ្ដប់​ចីវរ​នោះ​ ថ្វាយ​បង្គំ​ព្រះ​សាស្ដា​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ ។

  ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​អារាធនា​ព្រះ​មាន​ព្រះ​ភាគ​ ដើម្បី​ឱ្យ​ទ្រង់​ប្រកាស​សេចក្ដី​នោះ ។​ ពេល​នេះ​ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​នាំ​អតីតនិទាន​មក​ត្រាស់​សម្ដែង៖

បុព្វកម្មរបស់​ភិក្ខុ​នោះ

  បាន​ឮ​ថា​ ក្នុង​អតីតកាល​ ព្រះ​ពោធិសត្វ​ចាប់​បដិសន្ធិ​ក្នុង​ព្រះ​គភ៌​របស់​ព្រះ​អគ្គមហេសី​របស់​ព្រះ​បាទ​ពារាណសី ។​ ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​នាម​របស់​ព្រះ​ពោធិសត្វ​នោះ​ ជន​ទាំង​ឡាយ​ថ្វាយ​ព្រះ​នាម​របស់​ព្រះ​អង្គ​ថា​ “មហិសសាសកុមារ” ។ ព្រះ​កនិដ្ឋភាតា​របស់​ព្រះ​អង្គ​ មាន​ព្រះ​នាម​ថា​ ចន្ទកុមារ ។​ កាល​ព្រះ​ជននី​របស់​ព្រះ​រាជកុមារ​ទាំង​ពីរ​អង្គ​នោះ​ អស់​ព្រះ​ជន្ម​ហើយ​ ព្រះ​រាជា​ក៏​ទ្រង់​តែង​តាំង​ស្ត្រី​ដទៃ​ទុក​ក្នុង​តំណែង​ជា​អគ្គមហេសី ។

  ព្រះ​នាង​នោះ​ប្រសូត​ព្រះ​រាជឱរស​ ( មួយ​អង្គ ) ។​ ជន​ទាំង​ឡាយ​ថ្វាយ​ព្រះ​នាម​របស់​ព្រះ​ឱរស​នោះ​ថា “សុរិយកុមារ”​ ព្រះ​រាជា​ទត​ឃើញ​សុរិយកុមារ​នោះ​ហើយ​ ក៏​ទ្រង់​សព្វ​ព្រះ​ទ័យ​ ត្រាស់​ ( ព្រះ​រាជទាន​ពរ )​ ថា​ “យើង​ឱ្យ​ពរ​ដល់​បុត្រ​របស់​នាង” ។​ ចំណែក​ព្រះ​ទេវី​នោះ​ក្រាប​ទូល​ថា​ “ខ្ញុំ​ព្រះ​អង្គ​នឹង​ទទួល​យក​ ក្នុង​វេលា​ដែល​ត្រូវ​ការ”​ ដូច្នេះ​ហើយ​ ក្នុង​កាល​ដែល​ព្រះ​រាជឱរស​ចម្រើន​វ័យ​ហើយ​ ទើប​ក្រាប​ទូល​ព្រះ​រាជា​ថា​ “បពិត្រ​ព្រះ​សម្មតិទេព​ ព្រះ​អង្គ​បាន​ព្រះ​រាជទាន​ពរ​ទុក​ហើយ​ ក្នុង​ពេល​ដែល​បុត្រ​របស់​ខ្ញុំ​ព្រះ​អង្គ​ប្រសូត​ សូម​ព្រះ​អង្គ​ប្រោស​ប្រទាន​រាជសម្បត្តិ​ដល់​បុត្រ​របស់​ទូល​បង្គំ​ជា​ខ្ញុំ” ។

ព្រះពោធិសត្វ​ចូល​ទៅ​ព្រៃ

  ព្រះ​រាជា​សូម្បី​ហាម​ឃាត់​ថា​ “បុត្រ​ទាំង​ពីរ​អង្គ​របស់​យើង​ កំពុង​រុង​រឿង​ដូច​គំនរ​ភ្លើង​ ត្រាច់​ទៅ​ យើង​មិន​អាច​ឱ្យ​រាជសម្បត្តិ​ដល់​សុរិយកុមារ​នោះ​បាន​” ( ប៉ុន្តែ )​ ទ្រង់​ឃើញ​ព្រះ​នាង​ទទូច​អង្វរ​រឿយៗ​ ទើប​ទ្រង់​ព្រះ​តម្រិះ​ថា​ “នាង​នេះ​នឹង​គប្បី​ធ្វើ​សេចក្តី​វិនាស​ដល់​បុត្រ​របស់​យើង”​ ដូច្នេះ​ហើយ​ ទើប​ទ្រង់​ឱ្យ​គេ​ហៅ​ព្រះ​រាជឱរស​ទាំង​ពីរ​អង្គ​មក​ ហើយ​ត្រាស់​ថា​ “បា​ទាំង​ពីរ​ បិតា​បាន​ឱ្យ​ពរ​ក្នុង​ពេល​ដែល​សុរិយកុមារ​ប្រសូត​ ឥឡូវ​នេះ​ មាតា​របស់​យើង​ ទូល​សុំ​រាជសម្បត្តិ​ បិតា​មិន​ចង់​ឱ្យ​គេ​ឡើយ​ មាតា​របស់​គេ​ នឹង​គប្បី​ធ្វើ​សូម្បី​សេចក្តី​វិនាស​ដល់​បា​ទាំង​ពីរ​ បា​ចូរ​ទៅ​នៅ​ក្នុង​ព្រៃ​ហើយ​​ ចាំ​ត្រឡប់​មក​ទទួល​រាជសម្បត្តិ​ពេល​អស់​ពី​បិតា​ទៅ”​ ដូច្នេះ​ហើយ​ ទើប​បញ្ជូន​ទៅ ។

  សុរិយកុមារ​លេង​នៅ​ត្រង់​ព្រះ​លាន​ហ្លួង​ ឃើញ​ព្រះរាជកុមារ​ទាំង​ពីរ​នោះ​ ថ្វាយ​បង្គំ​ព្រះ​រាជបិតា​ហើយ​ចុះ​អំពី​ប្រាសាទ​ ដឹង​ហេតុ​នោះ​ហើយ​ទើប​ចេញ​ទៅ​ជាមួយ​នឹង​ព្រះ​រាជកុមារ​ទាំង​នោះ​ដែរ ។

ព្រះ​រាជកុមារ​ទាំង​ពីរ​អង្គ​ត្រូវ​អារក្ស​ទឺក​ចាប់

  ក្នុង​កាល​ដែល​ព្រះ​រាជកុមារ​ទាំង​នោះ​ ចូល​ទៅ​កាន់​ហិមវន្តប្បទេស​ ព្រះ​ពោធិសត្វ​ស្ដេច​យាង​ចេញ​ពី​ផ្លូវ​ អង្គុយ​នៅ​ក្បែរ​គល់​ឈើ​មួយ​ហើយ​ត្រាស់​នឹង​សុរិយកុមារ​ថា​ “នែ​បា​ ចូរ​ឯង​ទៅ​កាន់​ស្រះ​នុ៎ះ​ ងូត​ទឹក​ និង​ផឹក​ទឹក​ហើយ​ ចូរ​យក​ស្លឹក​ឈូក​ដួស​ទឹក​នាំ​មក​ដើម្បី​យើង​ទាំង​ពីរ​ខ្លះ” ។​ ក៏​ស្រះ​នោះ​ ជា​ស្រះ​ដែល​អារក្ស​ទឹក​ម្នាក់​បាន​មក​អំពី​សម្នាក់​នៃ​ស្ដេច​វេស្សវ័ណ ។​ ស្ដេច​វេស្សវ័ណ​បញ្ជា​អារក្ស​ទឹក​នោះ​ថា​ “វៀរ​លែង​តែ​អ្នក​ដែល​ចេះ​ទេវធម៌​ប៉ុណ្ណោះ​ អ្នក​ដទៃ​ទាំង​អស់​ចុះ​កាន់​ស្រះ​នេះ​ ឯង​អាច​ចាប់​អ្នក​ទាំង​នោះ​ស៊ី​បាន” ។​ តាំង​ពី​ពេល​នោះ​មក​ អារក្ស​ទឹក​នោះ​សួរ​ទេវធម៌​នឹង​មនុស្ស​ដែល​ចុះ​កាន់​ស្រះ​នោះ​ហើយ​ស៊ី​មនុស្ស​ដែល​មិន​ចេះ​ទេវធម៌។

  ចំណែក​សុរិយកុមារ​ មិន​ទាន់​បាន​ពិចារណា​អំពី​ស្រះ​នោះ​ ទើប​ចុះ​ទៅ ។​ ត្រូវ​អារក្ស​ទឹក​នោះ​ សួរ​ថា​ “អ្នក​ឯង​ចេះ​ទេវធម៌​ដែរ​ឬ​ទេ?”​ ក៏​ឆ្លើយ​ថា​ “ព្រះចន្ទ​ និង​ព្រះអាទិត្យ​ ឈ្មោះ​ថា​ ទេវធម៌” ។​ លំដាប់​នោះ​ អារក្ស​ទឹក​ពោល​នឹង​សុរិយកុមារ​នោះ​ថា​ “អ្នក​មិន​ចេះ​ទេវធម៌​ទេ” ។​ ហើយ​ក៏​ទាញ​ចុះ​ក្នុង​ទឹក​នាំ​ទៅ​ក្នុង​ភព​របស់​ខ្លួន ។

  ចំណែក​ព្រះ​ពោធិសត្វ​ បាត់​សុរិយកុមារ​នោះ​យូរ​ពេក​ ទើប​បញ្ជូន​ចន្ទកុមារ​ទៅ​ទៀត​ សូម្បី​ចន្ទកុមារ​នោះ​ ត្រូវ​អារក្ស​ទឹក​នោះ​សួរ​ថា​​”អ្នក​ឯង​ចេះ​ទេវធម៌​ដែរ​ឬ​ទេ?”​ ក៏​ឆ្លើយ​ថា​ “ទិស​ទាំង​ ៤​ ឈ្មោះ​ថា​ ទេវធម៌” ។​ អារក្ស​ទឹក​ក៏​ទាញ​ចន្ទកុមារ​នោះ​ចូល​ទឹក​នាំ​ទៅ​កាន់​ភព​របស់​ខ្លួន​ដូច​គ្នា ។

ព្រះពោធិសត្វ​សម្តែង​ទេវធម៌​ដល់​អារក្ស​ទឹក

  ព្រះ​ពោធិសត្វ​សូម្បី​កាល​ចន្ទកុមារ​នោះ​បាត់​យូរ​ពេក​ ទើប​គិត​ថា​ “អន្តរាយ​នឹង​គប្បី​កើត​មាន”​ ដូច្នេះ​ហើយ​ ទើប​យាង​ទៅ​ដោយ​ខ្លួន​ឯង​ ឃើញ​ស្នាម​ ( ជើង )​ ចុះ​នៃ​រាជកុមារ​ទាំង​ពីរ​អង្គ​ហើយ​ ក៏​ដឹង​ថា​ “ស្រះ​នេះ​មាន​អារក្ស​ហួង​ហែង​រក្សា”​ ទើប​កាន់​ព្រះ​ខ័ន​ កាន់​ធ្នូ​បាន​ឈរ​នៅ​ហើយ ។​ អារក្ស​ទឹក​ឃើញ​ព្រះ​ពោធិសត្វ​នោះ​មិន​ចុះ​ ( កាន់​ស្រះ )​ ទើប​ប្លែង​ភេទ​ជា​បុរស​ធ្វើ​ការ​ក្នុង​ព្រៃ​ មក​ពោល​ប្រាស្រ័យ​ថា​ “នែ​បុរស​ដ៏​ចម្រើន​ អ្នក​ធ្វើ​ដំណើរ​មក​អស់​កម្លាំង​ ហេតុ​អ្វី​ ទើប​មិន​ចុះ​កាន់​ស្រះ​នេះ​ ងូត​ទឹក​ ផឹក​ទឹក​ ទំពា​ស៊ី​ក្រអៅ​ឈូក​ ប្រដាប់​ផ្កា​ឈូក​ហើយ​ ទើប​ទៅ?” ។

  ព្រះ​ពោធិសត្វ​ពេល​ឃើញ​បុរស​នោះ​ភ្លាម​ក៏​ដឹង​ថា​ “បុរស​នេះ​ជា​យក្ស”​ ទើប​ពោល​ថា​ “អ្នក​ចាប់​ប្អូន​ប្រុស​ទាំង​ពីរ​របស់​ខ្ញុំ​មែន​ទេ?”

  អារក្សទឹក៖​ អើ​ ខ្ញុំ​ចាប់​មែន ។

  ព្រះពោធិសត្វ​៖​ ចាប់​ធ្វើ​អ្វី?

  អារក្ស​ទឹក៖​ ខ្ញុំ​អាច​ស៊ី​មនុស្ស​ដែល​ចុះ​មក​កាន់​ស្រះ​នេះ ។

  ព្រះ​ពោធិសត្វ​៖​ អ្នក​អាច​ស៊ី​មនុស្ស​គ្រប់​គ្នា​បាន​ឬ?

  អារក្សទឺក៖​ វៀរ​លែង​តែ​អ្នក​ដែល​ចេះ​ទេវធម៌​ មនុស្ស​ក្រៅ​ពី​នេះ​ ខ្ញុំ​អាច​ស៊ី​ទាំង​អស់ ។

  ព្រះពោធិសត្វ​៖​ អ្នក​មាន​សេចក្តី​ត្រូវ​ការ​ដោយ​ទេវធម៌​ឬ?

  អារក្ស​ទឹក៖​ ខ្ញុំ​មាន​សេចក្តី​ត្រូវ​ការ ។

  ព្រះពោធិសត្វ៖​ ខ្ញុំ​នឹង​សម្ដែង​ឱ្យ​អ្នក​ស្ដាប់ ។

  អារក្ស​ទឹក៖​ បើ​ដូច្នោះ​ អ្នក​ចូរ​សម្ដែង​មក​ចុះ ។

  ព្រះពោធិសត្វ​៖​ ខ្ញុំ​មាន​ខ្លួន​ប្រាណ​ស្មោក​គ្រោក​ មិន​អាច​សម្ដែង​បាន​ទេ ។

  យក្ស​បាន​ឱ្យ​ព្រះ​ពោធិសត្វ​ងូត​ទឹក​ ឱ្យ​ផឹក​ទឹក​ដែល​គួរ​ផឹក​ តុប​តែង​ហើយ​ អារាធនា​ឱ្យ​ឡើង​កាន់​បល្ល័ង្ក​ ក្នុង​កណ្ដាល​មណ្ឌប​ដែល​តាក់​តែង​ទុក​ ខ្លួន​ឯង​ក្រាប​ទៀប​បាទមូល​របស់​ព្រះ​ពោធិសត្វ​នោះ ។

  លំដាប់​នោះ​ ព្រះ​ពោធិសត្វ​ពោល​នឹង​យក្ស​នោះ​ថា​ “អ្នក​ចូរ​តាំង​ចិត្ត​ស្ដាប់​ដោយ​គោរព”​ ដូច្នេះ​ហើយ​ ទើប​ត្រាស់​ព្រះ​គាថា​នេះ​ថា​

   ហិរិឱត្តប្បសម្បន្នា​                      សុក្កធម្មសមាហិតា

   សន្តោ​  សប្បុរិសា​  លោកេ​       ទេវធម្មាតិ​  វុច្ចរេ ។

  ពួក​សប្បុរស​ជា​អ្នក​មាន​ចិត្ត​ស្ងប់​រម្ងាប់​ បរិបូណ៌​ដោយ​ហិរិ​ និង​ឱត្តប្បៈ​ តាំង​មាំ​ហើយ​ក្នុង​អាមិស​ លោក​ពោល​ថា​ មាន​ទេវធម៌​ ក្នុង​លោក ។

  យក្ស​ស្តាប់​ធម៌ទេសនា​នេះ​ហើយ​ជ្រះ​ថ្លា​ ពោល​នឹង​ព្រះពោធិសត្វ​ថា​ “នែ​បណ្ឌិត​ ខ្ញុំ​មាន​សេចក្តី​ជ្រះ​ថ្លា​ចំពោះ​លោក​ហើយ​ នឹង​ឱ្យ​ប្អូន​ប្រុស​ម្នាក់​ លោក​នឹង​ជន​ណា​មក?” ។

  ព្រះពោធិសត្វ៖​ ចូរ​នាំ​ប្អូន​ប្រុស​ពៅ​មក ។

  អារក្ស​ទឹក៖​ នែ​បណ្ឌិត​ លោក​ចេះ​ទេវធម៌​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ តែ​លោក​មិន​ប្រព្រឹត្ត​ក្នុង​ទេវធម៌​ទាំង​នោះ ។

  ព្រះពោធិសត្វ​៖​ ព្រោះ​ហេតុ​អ្វី?

  អារក្ស​ទឹក​៖​ ព្រោះ​លោក​ឱ្យ​ប្អូន​ប្រុស​ពៅ​មក​ វៀរ​រៀម​ច្បង​ចេញ​ រមែង​មិន​ឈ្មោះ​ថា​ ជេដ្ឋាបចាយិកកម្ម​ ( ការ​គោរព​ឱន​លំទោន​ចំពោះ​រៀម​ច្បង ) ។

  ព្រះ​ពោធិសត្វ​ត្រាស់​ថា​ “ម្នាល​យក្ស​ យើង​ចេះ​ទេវធម៌​ ទាំង​ប្រព្រឹត្ត​ក្នុង​ទេវធម៌​នោះ​ ព្រោះ​យើង​អាស្រ័យ​ប្អន​ប្រុស​ពៅ​នោះ​ ពួក​យើង​ទើប​ត្រូវ​ចូល​ព្រៃ​នេះ​ ព្រោះ​មាតា​របស់​ប្អូន​ប្រុស​យើង​នោះ​ ទូល​សុំ​រាជសម្បត្តិ​នឹង​ព្រះរាជបិតា​របស់​យើង​ទាំង​ពីរ​ ដើម្បី​ប្រយោជន៍​ប្អូន​ប្រុស​នោះ​ ព្រះ​បិតា​របស់​យើង​មិន​ប្រទាន​ពរ​នោះ​ ទ្រង់​អនុញ្ញាត​ការ​នៅ​ក្នុង​ព្រៃ​ ដើម្បី​ប្រយោជន៍​ដល់​ការ​រក្សា​យើង​ទាំង​ពីរ កុមារ​នោះ​មិន​ត្រឡប់​មក​ជាមួយ​នឹង​ពួក​យើង​ សូម្បី​កាល​យើង​នឹង​ពោល​ថា​ យក្ស​ក្នុង​ព្រៃ​ស៊ី​ប្អូន​ប្រុស​ពៅ​នោះ​ ដូច្នេះ​ តើ​មាន​នរណា​នឹង​ជឿ​ពាក្យ​យើង ព្រោះ​ហេតុ​នោះ​ យើង​ខ្លាច​ចំពោះ​ភ័យ​គឺ​ពាក្យ​និន្ទា​ ទើប​ឱ្យ​នាំ​ប្អូន​ប្រុស​ពៅ​នោះ​មក” ។

  យក្ស​ជ្រះ​ថ្លា​ចំពោះ​ព្រះពោធិសត្វ​ សរសើរ​ថា​ “សាធុ​ បណ្ឌិត​ លោក​ចេះ​ទាំង​ទេវធម៌​ ទាំង​ប្រព្រឹត្ត​ក្នុង​ទេវធម៌”​ ដូច្នេះ​ហើយ​ ទើប​បាន​នាំ​យក​ប្អូ​ន​ប្រុស​ទាំង​ពីរ​នាក់​មក​ឱ្យ ។

  លំដាប់​នោះ​ ព្រះពោធិសត្វ​ត្រាស់​ពណ៌នា​ទោស​ក្នុង​ភាព​ជា​យក្ស​ហើយ​ ឱ្យ​យក្ស​នោះ​តាំង​នៅ​ក្នុង​សីល​ ៥ ។​ ព្រះពោធិសត្វ​នោះ​ ជា​អ្នក​មាន​សេចក្ដី​រក្សា​ដែល​យក្ស​នោះ​ចាត់​ចែង​ដោយ​ល្អ​ហើយ​ នៅ​ក្នុង​ព្រៃ​នោះ ។​ កាល​ព្រះ​រាជបិតា​សុគត​ហើយ​ នាំ​យក្ស​ទៅ​កាន់​ក្រុង​ពារាណសី​ គ្រប់​គ្រង​រាជសម្បត្តិ​ហើយ​ ប្រទាន​​តំណែង​ឧបរាជ​ដល់​ចន្ទកុមារ​ ប្រទាន​តំណែង​សេនាបតី​ដល់​សុរិយកុមារ​ ឱ្យ​គេ​សាង​សង់​លំនៅ​ក្នុង​រមណីយដ្ឋាន​ដល់​យក្ស ។​ ហើយ​ទ្រង់​បាន​ធ្វើ​ដោយ​ប្រការ​ដែល​យក្ស​នោះ​នឹង​ដល់​នូវ​ភាព​ជា​អ្នក​ប្រសើរ​ដោយ​លាភ ។

ព្រះ​សាស្តា​ទ្រង់​ប្រជុំ​ជាតក

  ព្រះ​សាស្ដា​គ្រា​ទ្រង់​នាំ​ព្រះធម៌ទេសនា​នេះមក​ហើយ​ ទ្រង់​ប្រជុំ​ជាតក​ថា​ “អារក្ស​ទឹក​នោះ​ ក្នុង​កាល​ណោះ​ បាន​ជា​ភិក្ខុ​អ្នក​មាន​ភណ្ឌៈ​ច្រើន​ សុរិយកុមារ​ ជា​ព្រះអានន្ទ​ ចន្ទកុមារ​ ជា​ព្រះ​សារីបុត្ត​ មហិសសាសកុមារ​ បាន​មក​ជា​តថាគត​នេះ​ឯង” ។

  ព្រះ​សាស្ដា​គ្រា​ទ្រង់​សម្ដែង​ជាតក​យ៉ាង​នេះ​ហើយ​ ទើប​ត្រាស់​ថា​ “ម្នាល​ភិក្ខុ​ ក្នុង​កាល​មុន​ អ្នក​ស្វែង​ទេវធម៌​ ដល់​ព្រម​ដោយ​ហិរិ​ និង​ឱត្តប្ប​ត្រាច់​ទៅ​យ៉ាង​នោះ​ ឥឡូវ​នេះ​ អ្នក​កាល​ឈរ​ដោយ​ទំនង​នេះ​ ក្នុង​កណ្ដាល​បរិស័ទ​ ៤​ ពោល​នៅ​ចំពោះ​មុខ​តថាគត​ថា​ ខ្ញុំ​ករុណា​មាន​សេចក្តី​ប្រាថ្នា​តិច​ ដូច្នេះ​ ឈ្មោះ​ថា​ បាន​ធ្វើ​កម្ម​ដែល​មិន​សម​គួរ​ហើយ​ ព្រោះ​ថា​ បុគ្គល​នឹង​ឈ្មោះ​ថា​ ជា​សមណៈ​ ដោយ​ហេតុ​ត្រឹម​តែ​ថា​ហាម​សំពត់​សាដក​ជា​ដើម​បាន​ទេ”​ ដូច្នេះ​ហើយ​ កាល​នឹង​ទ្រង់​បន្ត​អនុសន្ធិ​សម្ដែង​ធម៌​ ទើប​ត្រាស់​ព្រះ​គាថា​នេះ​ថា៖

   ន​  នគ្គចរិយា​  ន​  ជដា​  ន​  បង្កា

   នានាសកា​  តណ្ឌិលសាយិកា​  វា

   រជោជល្លំ​  ឧក្កុដិកប្បធានំ

   សោធេន្តិ​  មច្ចំ​  អវិតិណ្ណកង្ខំ ។

  ការ​ប្រព្រឹត្ត​អាក្រាត​កាយ​ ទុក​សក់​ ដេក​លើ​ភក់​ មិន​បរិភោគ​បាយ​ ដេក​លើ​ផែន​ដី​ ប្រឡាក់​ខ្លួន​ដោយ​ធូលី​ ព្យាយាម​អង្គុយ​ច្រហោង​ មិន​ជម្រះ​សត្វ​ដែល​មិន​ទាន់​ឆ្លង​ ផុត​សេចក្ដី​សង្ស័យ​បាន​ទេ ។

អធិប្បាយ​ព្រះ​គាថា

  បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ នានាសកា​ កាត់​បទ​ថា​ ន​ អនាសកា​ មាន​សេចក្ដី​ថា​ ការ​ហាម​ភត្ត ។​ ការ​ដេក​លើ​ផែន​ដី​ ឈ្មោះ​ថា​ តណ្ឌិលសាយិកា​ ធូលី​ដែល​ប្រឡាក់​ជាប់​ក្នុង​សរីរៈ​ ដោយ​អាការ​បូក​លាប​ដោយ​ភក់​ ឈ្មោះ​ថា​ រជោជល្លំ,​ សេចក្ដី​ព្យាយាម​ដែល​ប្រារព្ធ​ហើយ​ ដោយ​ការ​អង្គុយ​ច្រហោង​ ឈ្មោះ​ថា​ ឧក្កុដិកប្បធានំ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​អធិប្បាយ​ពាក្យ​នេះ​ថា​ “សត្វ​ណា​យល់​ថា​ អញ​នឹង​ដល់​នូវ​សេចក្តី​បរិសុទ្ធ​ ពោល​គឺ​ការ​ចេញ​ចាក​លោក​ ដោយ​ការ​បដិបត្តិ​យ៉ាងនេះ​”​ ដូច្នេះ​ហើយ​ គប្បី​សមាទាន​ប្រព្រឹត្ត​វត្ត​យ៉ាង​ណា​នី​មួយ​ មាន​ការ​ប្រព្រឹត្ត​ជា​អ្នក​អាក្រាត​កាយ​ជា​ដើម​ទាំង​នេះ សត្វ​នោះ​ គប្បី​ឈ្មោះ​ថា​ ចម្រើន​សេចក្តី​យល់​ឃើញ​ខុស​ និង​គប្បី​ជា​អ្នក​មាន​ចំណែក​នៃ​សេចក្ដី​លំបាក​ដោយ​ចំណែក​មួយ ។​ ព្រោះ​ថា​ វត្ត​ទាំង​នោះ​ ដែល​សត្វ​សមាទាន​ល្អ​ហើយ​ រមែង​ញ៉ាំង​សត្វ​ដែល​ឈ្មោះ​ថា​ អ្នក​នៅ​មិន​ទាន់​ឆ្លង​ផុត​សេចក្តី​សង្ស័យ​ដែល​មានវត្ថុ​ ៨​ ដែល​ខ្លួន​មិន​ទាន់​ឆ្លង​ផុត​ឱ្យ​បរិសុទ្ធ​បាន​ទេ” ។

  ក្នុង​កាល​ចប់​ព្រះ​ធម៌​ទេសនា​ ជន​ជា​ច្រើន​សម្រេច​អរិយផល​ទាំង​ឡាយ​មាន​សោតាបត្តិផល​ជា​ដើម​ ដូច្នេះ​ឯង ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ