Search

Loading

Content

20 April 2012

រូបសង្គហ​ ការ​រាប់​នូវ​រូប​ដោយ​ចំណែក​ ៣

តិវិធេន​  រូបសង្គហោ​  ការ​រាប់​នូវ​រូប​ដោយ​ចំណែក​ ៣​ គឺ៖

១.​ សនិទស្សនអប្បដិឃរូបំ​  រូប​ប្រកប​ដោយ​ការ​ឃើញ​ផង​ ប្រកប​ដោយ​ការ​ប៉ះ​ពាល់​ផង

២. អនិទស្សនសប្បដិឃរូបំ​  រូប​មិន​ប្រកប​ដោយ​ការ​ឃើញ​ផង​ មិន​ប្រកប​ដោយ​ការ​ប៉ះ​ពាល់​ផង

៣.​ អនិទស្សនអប្បដិឃរូបំ​  រូប​មិន​ប្រកប​ដោយ​ការ​ឃើញ​ផង​ មិន​ប្រកប​ដោយ​ការ​ប៉ះ​ពាល់​ផង​

( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៩ )

អធិប្បាយ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​ពាក្យ​ថា​ តិវិធេន​ រូបសង្គហោ​ នេះ​ត​ទៅ៖

ពាក្យ​ថា​ តិវិធេន​ ប្រែ​ថា​ ៣​ ចំណែក​ ។​ ពាក្យ​ថា​ សង្គហោ​ សំដៅ​ដល់​ សង្គហៈ​ ៤​ យ៉ាង​ គឺ​ ជាតិសង្គហៈ​ ១​ សញ្ជាតិសង្គហៈ​ ១​ កិរិយសង្គហៈ​ ១​ គណន​សង្គហៈ ១ ។​ បណ្តា​សង្គហៈ​ទាំង​ ៤​ យ៉ាង​នោះ​ ការ​រួប​រួម​ជា​ដើម​ថា​ “ក្សត្រ​ទាំង​អស់​ចូរ​យាង​មក”​ ដូច្នេះ​ ឈ្មោះ​ថា​ ជាតិ-សង្គហៈ​ ( ​រួប​រួម​តាម​ជាតិ​កំណើត ) ។​ ការ​រួប​រួម​ជា​ដើម​ថា​ “អ្នក​ដែន​កោសល​ទាំង​អស់​ ចូរ​មក”​ ដូច្នេះ​ ឈ្មោះ​ថា​ សញ្ជាតិសង្គហៈ​ (​ រួប​រួមតាម​សញ្ជាតិ ) ។​ ការ​រួប​រួម​ជា​ដើម​ថា​ “ហ្ម​ដំរី​ទាំង​អស់​ ចូរ​មក”​ ដូច្នេះ​ ឈ្មោះ​ថា​ កិរិយសង្គហៈ​ ( រួប​រួម​តាម​អាការ​ដែល​ធ្វើ )​ ។​ ការ​រួប​រួម​នេះ​ថា​ “សួរ​ថា​ អាយតនៈ​ គឺ​ ចក្ខុ​រាប់​បញ្ចូល​ក្នុង​ខន្ធ​ណា​ ឆ្លើយ​ថា​ អាយតនៈ​ គឺ​ ចក្ខុ​ រាប់​បញ្ចូល​ក្នុង​រូបក្ខន្ធ​ សកវាទី​ពោល​ថា​ បើ​អាយតនៈ​ គឺ​ ចក្ខុ​រាប់​បញ្ចូល​ក្នុង​រូបក្ខន្ធ​ ដោយ​ហេតុ​នោះ​ ដែល​គួរ​នឹង​ពោល​ថា​ អាយតនៈ​ គឺ​ ចក្ខុ​ សង្គ្រោះ​ចូល​ក្នុង​រូបក្ខន្ធ​”​ ដូច្នេះ​ ឈ្មោះ​ថា​ គណនសង្គហៈ​ ( រួប​រួម​តាម​ការ​រាប់​បញ្ចូល​បាន ) ។​ គណនសង្គហៈ​នោះ​ លោក​ប្រាថ្នា​យក​ក្នុង​ទី​នេះ ។​ ព្រោះ​ហេតុ​នោះ​ ពាក្យ​ថា​ តិវិធេន​ រូបសង្គហោ​ ទើប​មាន​សេចក្តី​ថា​ ការ​រាប់​រូប​ជា​ ៣​ ចំណែក ។​

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​សនិទស្សនៈ​ជា​ដើម៖

រូប​ព្រម​ទាំង​និទស្សនពោល​គឺ​ចក្ខុវិញ្ញាណ​ដែល​ប្រព្រឹត្ត​ទៅ​ប្រារព្ធ​ខ្លួន​ ឈ្មោះ​ថា​ សនិទស្សន​ រូប​ព្រម​ទាំង​បដិឃៈ​ ព្រោះ​អាច​ប៉ះ​ខ្ទប់​នឹង​ចក្ខុ​ ឈ្មោះ​ថា​ សប្បដិឃ ។​ សប្បដិឃ​នោះ​ ដោយ​អត្ថ​ក៏​គឺ​រូបាយតនៈ​នុ៎ះ​ឯង ។​ និទស្សន​ ពោល​គឺ​ ចក្ខុវិញ្ញាណ​របស់​រូប​នោះ​មិន​មាន​ ហេតុនោះ​​ ទើប​ឈ្មោះ​ថា​ អនិទស្សន ។​ រូបព្រម​ទាំង​បដិឃៈ​ ព្រោះ​អាច​ប៉ះ​ខ្ទប់​នឹង​សោត​ ឈ្មោះ​ថា​ សប្បដិឃ​ ។​ សប្បដិឃ​នោះ​ ដោយ​អត្ថ​ ក៏​គឺ​ អាយតនៈ​ ៩​ មាន​អាយតនៈ​គឺ​ចក្ខុ​ជា​ដើម ។​ និទស្សន​មាន​ប្រការ​ដូច​ដែល​ពោល​មក​ហើយ​ របស់​រូប​នោះ​មិន​មាន​ ហេតុ​​នោះ​ ទើប​ឈ្មោះ​ថា​ អនិទស្សន ។​ បដិឃ​របស់​រូបនោះ​មិន​មាន​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ អប្បដិឃ​ ។​ អប្បដិឃ​នោះ​ ដោយ​អត្ថ​ ក៏​គឺ​ សុខុមរូប​ដ៏​សេស​ វៀរ​លែង​អាយតនៈ​ ១០ ។


១.  បាន​ដល់​រូបាយតនៈ​តែ​មួយ​យ៉ាង

២.  បាន​ដល់​អាយតនៈ​ទាំង​ ៩​ គឺ​ចក្ខ្វាយតនៈ​ ១​ សោតាយតនៈ​ ១​ ឃានាយតនៈ​ ១​ ជិវ្ហាយតនៈ​ ១​ កាយាយតនៈ​ ១​ សទ្ទាយតនៈ​ ១​ គន្ធាយតនៈ​ ១​ រសាយតនៈ​ ១​ ផោដ្ឋព្វាយតនៈ​ ១

៣. បាន​ដល់​ សុខុមរូប​ក្រៅ​អំពី​អាយតនៈ​ទាំង​ ១០

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ