Search

Loading

Content

21 June 2012

ទុតិយខតសូត្រ

ពោល​អំពី​ពាល​ និង​ បណ្ឌិត

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ កាល​ប្រតិបត្តិ​ខុស​ក្នុង​បុគ្គល​ ៤​ ពួក​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ បាន​នូវ​បាប​ដ៏​ច្រើន​ផង ។​ បុគ្គល​ ៤​ ពួក​ តើ​ដូច​ម្ដេច​ខ្លះ?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​មិន​​ឈ្លាស​វៃ​ ជា​អសប្បុរស​ កាល​បើ​ប្រតិបត្តិ​ខុស​ក្នុង​មាតា​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​បាប​ដ៏​ច្រើន​ផង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​បុគ្គល​ពាល​ ប្រតិបត្តិ​ខុស​ក្នុង​បិតា​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ប្រតិបត្តិ​ខុស​ក្នុង​ព្រះ​តថាគត​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​មិន​​ឈ្លាស​វៃ​ ជា​អសប្បុរស​ កាល​បើ​ប្រតិបត្តិ​ខុស​ក្នុង​សាវក​របស់​ព្រះ​តថាគត​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​បាប​ដ៏​ច្រើន​ផង​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​មិន​​ឈ្លាស​វៃ​ ជា​អសប្បុរស​ កាល​បើ​ប្រតិបត្តិ​ខុស​ក្នុង​បុគ្គល​ ៤​ ពួក​នេះ​ឯង​​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​បាប​ដ៏​ច្រើន​ផង​ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ជា​បណ្ឌិត​ឈ្លាស​វៃ​ ជា​សប្បុរស​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​បុគ្គល​ ៤​ ពួក​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង ។​ បុគ្គល​ ៤​ ពួក តើ​ដូច​ម្ដេច​ខ្លះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ គឺ​បុគ្គល​ ជា​បណ្ឌិត​ឈ្លាស​វៃ​ ជា​សប្បុរស​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​មាតា​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​បិតា​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​ព្រះ​តថាគត​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ គឺ​បុគ្គល​ ជា​បណ្ឌិត​ឈ្លាស​វៃ​ ជា​សប្បុរស​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​សាវក​នៃ​ព្រះ​តថាគត​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ គឺ​បុគ្គល​ ជា​បណ្ឌិត​ឈ្លាស​វៃ​ ជា​សប្បុរស​ កាល​ប្រតិបត្តិ​ត្រូវ​ក្នុង​បុគ្គល​ ៤​ ពួក​នេះ​ឯង​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង​ ។

មាតរិ​  បិតរិ​  ចាបិ​                        យោ​  មិច្ឆាបដិបជ្ជតិ

តថាគតេ​  ច​  សម្ពុទ្ធេ​                   អថវា​  តស្ស​  សាវកេ

ពហុញ្ច​  សោ​  បសវតិ​                 អបុញ្ញំ​  តាទិសោ​  នរោ ។

ជន​ណា​ប្រតិបត្តិ​ខុស​ក្នុង​មាតា​ ១​ ក្នុង​បិតា​ ១​ ក្នុង​ព្រះ​តថាគត​ជា​សម្ពុទ្ធ​ ១​ ក្នុង​សាវក​របស់​ព្រះ​តថាគត​នោះ​ ១​ ជន​ដូច្នោះ​នោះ​ រមែង​បាន​នូវ​បាប​ដ៏​ច្រើន​ ។​

តាយ​  អធម្មចរិយាយ​                 មាតាបិតូសុ​  បណ្ឌិតា

ឥធេវ​  នំ​  គរហន្តិ​                          បេច្ចាបាយញ្ច​  គច្ឆតិ ។

ក្នុង​លោក​នេះ​ បណ្ឌិត​ទាំង​ឡាយ​ រមែង​តិះ​ដៀល​បុគ្គល​នោះ​ លុះ​បុគ្គល​នោះ​ទៅ​កាន់​លោក​ខាង​មុខ​ហើយ​ រមែង​ទៅ​កាន់​អបាយ​ទៀត​ ព្រោះ​ការ​ប្រព្រឹត្ត​មិន​ត្រូវ​តាម​ធម៌​នោះ​ ក្នុង​មាតា​ និង​ បិតា​ទាំង​ឡាយ ។

មាតរិ​  បិតរិ​  ចាបិ​                         យោ​  សម្មាបដិបជ្ជតិ

តថាគតេ​  ច​  សម្ពុទ្ធេ                    អថវា​  តស្ស​  សាវកេ

ពហុញ្ច​  សោ​  បសវតិ​                  អបុញ្ញំបិ​  តាទិសោ​  នរោ ។

ជន​ណា​ប្រតិបត្តិ​ត្រូវក្នុង​មាតា​ ១​ ក្នុង​បិតា​ ១​ ក្នុង​ព្រះ​តថាគត​ជា​សម្ពុទ្ធ​ ១​ ក្នុង​សាវក​របស់​ព្រះ​តថាគត​នោះ​ ១​ ជន​ដូច្នោះ​នោះ​ រមែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ ។

តាយ​  ធម្មចរិយាយ​                     មាតាបិតូសុ​  បណ្ឌិតា

ឥធេវ​  នំ​  បសំសន្តិ​                       បេច្ច​  សគ្គេ​  បមោទតិ ។

បណ្ឌិត​ទាំង​ឡាយ​ រមែង​សរសើរ​ជន​នោះ​ លុះ​ជន​នោះ​ទៅ​កាន់​លោក​ខាង​មុខ​ហើយ​ រមែង​រីក​រាយ​ក្នុង​ស្ថាន​សួគ៌​ ព្រោះ​ការ​ប្រព្រឹត្ត​ត្រូវ​តាម​ធម៌​នោះ​ ចំពោះ​មាតា​ និង​ បិតា​ទាំង​ឡាយ ។

( បិដក​លេខ​ ៤២​ ទំព័រ​ ៨-១១ )

អដ្ឋកថាទុតិយខតសូត្រ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​ទុតិយខតសូត្រ​ទី​ ៤​ ដូច​តទៅ​នេះ៖

ក្នុង​បទ​ថា​ មាតរិ​ បិតរិ​ ច​ ជា​ដើម​ នាយ​មិត្តវិន្ទុកៈ​ ឈ្មោះ​ថា​ បដិបត្តិ​ខុស​ក្នុង​មាតា ។​ ព្រះ​បាទ​អជាតសត្តុ​ ឈ្មោះ​ថា​ បដិបត្តិ​ខុស​ក្នុង​បិតា ។​ ភិក្ខុ​ទេវទត្ត​ ឈ្មោះ​ថា​ បដិបត្តិ​ខុស​ក្នុង​ព្រះ​តថាគត ។​ ភិក្ខុ​កោកាលិកៈ​ ឈ្មោះ​ថា​ បដិបត្តិ​ខុស​ក្នុង​សាវក​របស់​ព្រះ​តថាគត ។​ បទ​ថា​ ពហុញ្ច​ ប្រែ​ថា​ ច្រើន ។​ បទ​ថា​ បសវតិ​ ប្រែ​ថា​ រមែង​បាន ។​ បទ​ថា​ តាយ​ សេចក្ដី​ថា​ ដោយ​ការ​ប្រព្រឹត្ត​ធម៌​ ពោល​គឺ​ការ​បដិបត្តិ​ខុស​នោះ ។​ បទ​ថា​ បេច្ច​ គឺ​ទៅ​អំពី​លោក​នេះ ។​ បទ​ថា​ អបាយញ្ច​ គច្ឆតិ​ គឺ​នឹង​កើត​ក្នុង​អបាយ​មាន​នរក​ជា​ដើម​ណា​មួយ​ ។

ចំណែក​ក្នុង​សុក្កបក្ខ​ ( ធម៌​មាន​ចំណែក​ ស )​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ