Search

Loading

Content

15 April 2012

អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ ៣

តីណិ​  តថាគតស្ស​  អរក្ខេយ្យានិ​  អំពើ​ដែល​ព្រះ​តថាគត​ មិន​ចាំ​បាច់​រក្សា​ ឬ​រវាំង​ មាន​ ៣​ យ៉ាង​ គឺ៖

១.​ បរិសុទ្ធកាយសមាចារោ​  អាវុសោ​  តថាគតោ​ ​ នត្ថិ​  តថាគតស្ស​  កាយទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​  មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​កាយសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​ គប្បី​រក្សា​នូវ​កាយទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​កាយទុច្ចរិត​របស់​អញ​នេះ​ កាយទុច្ចរិត​នោះ​មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ

២.​ បរិសុទ្ធវចីសមាចារោ​  អាវុសោ​  តថាគតោ​  នត្ថិ​  តថាគតស្ស​  វចីទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​ មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​ ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​វចីសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​វចីទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​វចីទុច្ចរិត​របស់​អញ​នេះ​ វចីទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ

៣.​ បរិសុទ្ធមនោសមាចារោ​  អាវុសោ​  តថាគតោ​  នត្ថិ​  តថាគតស្ស​  មនោទុច្ចរិតំ​  យំ​  តថាគតោ​  រក្ខេយ្យ​  មា​  មេ​  ឥទំ​  បរោ​  អញ្ញាសីតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ព្រះ​តថាគត​មាន​មនោសមាចារ​បរិសុទ្ធ​ ព្រះ​តថាគត​គប្បី​រក្សា​នូវ​មនោទុច្ចរិត​ណា​ថា​ អ្នក​ដទៃ​កុំ​បី​ដឹង​នូវ​មនោទុច្ចរិត​របស់​អញ​នេះ​ មនោទុច្ចរិត​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត​ឡើយ

( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៨-៩ )

អធិប្បាយ

ពាក្យ​ថា​ អរក្ខេយ្យានិ​ ប្រែ​ថា​ មិន​ចាំ​បាច់​រក្សា ។​ លោក​សម្តែង​ន័យ​ថា​ មិន​មាន​កិច្ច​ដែល​នឹង​ចាំ​បាច់​ត្រូវ​រក្សា​ទ្វារ​នី​មួយៗ​ ក្នុង​ចំណោម​ទ្វារ​ទាំង​ ៣,​ គ្រប់​ទ្វារ​ទាំង​អស់​រក្សា​ទុកល្អ​ហើយ​ដោយ​សតិ​តែ​ម្យ៉ាង ។​ ពាក្យ​ថា​ បដិច្ឆាទេមិ​ សេចក្តី​ថា​ កាយទុច្ចរិត​នេះ​កើត​ឡើង​ព្រោះ​ការ​មិន​រវាំង​របស់​តថាគត,​ តថាគត​នឹង​រក្សា​មិន​ឲ្យ​អ្នក​ដទៃ​ដឹង ។​ ពាក្យ​ថា​ នត្ថិ​ តថាគតស្ស​ សេចក្តី​ថា​ កាយទុច្ចរិត​ដែល​នឹង​ត្រូវ​រក្សា​យ៉ាង​នោះ​ មិន​មាន​ដល់​ព្រះ​តថាគត ។​ សូម្បី​ក្នុង​ចំណែក​ដ៏​សេស​ [ គឺ​វចីទុច្ចរិត​ជា​ដើម ]​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។​

  សួរថា​ ព្រះ​ខីណាស្រព​ មាន​កាយសមាចារ​ជា​ដើម​ មិន​បរិសុទ្ធ​ទេ​ឬ​?

  ឆ្លើយ​ថា​ មិន​មែន​មិន​បរិសុទ្ធ​ទេ​ តែ​ថា​បរិសុទ្ធ​មិន​ស្មើ​នឹង​ព្រះ​តថាគត ។​ ព្រះ​ខីណាស្រព​ដែល​មាន​ការ​សិក្សា​មក​តិច​ រមែង​មិន​ត្រូវ​អាបត្តិ​ដែល​ជា​លោកវជ្ជៈ​ ក៏​ពិត​មែន,​ តែ​ព្រោះ​មិន​ឈ្លាស​ក្នុង​ពុទ្ធប្បញ្ញត្តិ​ ក៏​រមែង​ត្រូវ​អាបត្តិ​ក្នុង​កាយទ្វារ​ ដូច​ជា​ការ​ធ្វើ​វិហារ​ ធ្វើ​កុដិ​ ( ហួស​ប្រមាណ​ ខុស​នឹង​ពុទ្ធប្បញ្ញត្តិ )​ រមែង​នៅ​រួម​ ដេក​រួម​ ( នឹង​អនុបសម្បន្ន​ជា​ដើម ) ។​ រមែង​ត្រូវ​អាបត្តិ​ក្នុង​វចីទ្វារ​ ដូច​ជា​ការ​ធ្វើ​ជា​មេ​អណ្តើក​ ពោល​ធម៌​ដោយ​បទ​ សម្តែង​ធម៌​ឲ្យ​លើស​ពី​ ៥-៦​ មាត់​ ( ដល់​មាតុគ្រាម )​ ពោល​អួត​ឧត្តរិមនុស្សធម្ម​ដែល​មាន​ពិត​ ( ជា​ដើម ) ។​ រមែង​ត្រូវ​អាបត្តិ​ព្រោះ​ទទួល​មាស​ និង​ប្រាក់​ តាម​មនោទ្វារ​ដោយ​អំណាច​សេចក្តី​ត្រេក​អរ​ក្នុង​មាស​ និង​ប្រាក់​ដែល​គេ​រក្សា​ទុក​ដើម្បី​ខ្លួន ។​ សូម្បី​ព្រះ​ខីណាស្រព​ ប្រហែល​​ព្រះ​ធម្មសេនាបតី​សារីបុត្ត​ក៏​នៅ​កើត​មនោទុច្ចរិត​ឡើង​បាន​ ដោយ​អំណាច​ការ​ត្រិះ​រិះ​​ ក្នុង​មនោទ្វារ ។

កាល​សាក្យ​បាតុមេយ្យកៈ​ សូម​ខមាទោស​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ប្រយោជន៍​ដល់​ព្រះ​សារីបុត្ត​ និង​ព្រះ​មោគ្គល្លាន​ ក្នុង​គ្រា​ដែល​ទ្រង់​បណ្តេញ​ព្រះ​ថេរៈ​ទាំង​ពីរ​រូប​នោះ​ព្រម​ទាំង​ភិក្ខុ​ប្រមាណ​ ៥០០​ រូប​ ក្នុង​រឿង​បាតុមៈ​ ព្រះ​ថេរៈ​ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ “ម្នាល​សារីបុត្ត​ តើ​អ្នក​គិត​ដូច​ម្តេច​ កាល​ភិក្ខុសង្ឃ​ត្រូវ​តថាគត​បណ្តេញ​ហើយ” ។​ ដូច្នេះ​ ក៏កើត​គំនិត​នេះ​ឡើង​មកថា​ “អញ​ត្រូវ​ព្រះ​សាស្តា​បណ្តេញ​ ព្រោះ​មិន​ឈ្លាស​ក្នុង​រឿង​បរិស័ទ,​ ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ​ អញ​នឹង​មិន​ប្រៀន​ប្រដៅ​ជន​ដទៃទៀត​ទេ”​ ទើប​បាន​ក្រាប​ទូល​ថា​ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ខ្ញុំ​ព្រះ​អង្គ​មាន​សេចក្តី​ត្រិះ​រិះ​យ៉ាង​នេះ​ថា​ “ភិក្ខុ​សង្ឃ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បណ្តេញ​ហើយ,​ ឥឡូវ​នេះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ខ្វល់​ខ្វាយ​តិច​ ប្រកប​ទិដ្ឋធម្មសុខវិហារ​,​ សូម្បី​ពួក​យើង​ទាំង​ពីរ​រូប​ក៏​នឹង​ខ្វល់​ខ្វាយ​តិច​ ប្រកប​ទិដ្ឋធម្មសុខវិហារដែរ” ។​ លំដាប់​នោះ​ ព្រះ​សាស្តា​ការ​នឹង​ទ្រង់​លើក​យក​កិច្ច​ដែល​គួរ​តិះ​ដៀល​ ព្រោះ​មនោទុច្ចរិត​នោះ​ របស់​ព្រះ​ថេរៈ ​ទើប​ត្រាស់​ថា​ “កុំ​ឡើយ​សារីបុត្រ​ ការ​គិត​យ៉ាង​នេះ​មិន​គួរ​កើត​ឡើង​ដល់​អ្នក​ទៀត​ឡើយ” ។​ សូម្បី​គ្រាន់​តែ​គំនិត​ថា​ “យើង​នឹង​មិន​បង្រៀន​ជន​ដទៃ​ យ៉ាង​នេះ”​ ក៏​ឈ្មោះ​ថា​ ជា​មនោទុច្ចរិត​ របស់​ព្រះ​ថេរៈ​ តែ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ រមែង​មិន​មាន​ព្រះ​តម្រិះ​នោះ​ ហើយ​ការ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ដល់​នូវ​សព្វញ្ញុតញ្ញាណ​ហើយ​ នឹង​មិន​គប្បី​មាន​ទុច្ចរិត​នោះ​ មិន​មែន​ជា​ហេតុ​គួរ​ឲ្យ​អស្ចារ្យ​ទេ​ សូម្បី​តែ​ស្ថិត​នៅ​ក្នុង​ភូមិ​នៃ​ព្រះ​ពោធិសត្វ​ ទ្រង់​ប្រកប​សេចក្តី​ព្យាយាម​អស់​ ៦​ ឆ្នាំ​ ព្រះ​អង្គ​ក៏​មិន​មាន​ទុច្ចរិត​ឡើយ ។​ សូម្បី​កាល​ពួក​ទេវតា​កើត​មាន​សេចក្តី​សង្ស័យ​យ៉ាង​នេះ​ថា​ “ស្បែក​ពោះ​ជាប់​នឹង​ឆ្អឹង​ខ្នង​ ( យ៉ាង​នេះ )​ ព្រះ​សមណគោតម​ ដល់​នូវ​ការ​រលត់​សូន្យ​ ( ហើយ​ទេ​ដឹង )”​ កាល​ត្រូវ​មារ​មាន​ចិត្ត​បាប​ ពោល​ថា​ “សិទ្ធត្ថ​ លោក​ត្រូវ​មក​លំបាក​លំបិន​ធ្វើ​អី​ លោក​អាច​សោយ​ភោគសម្បត្តិ​បាន​ផង​ ធ្វើ​បុណ្យ​បាន​ផង​”​ ដូច្នេះ​ សូម្បី​តែ​គំនិត​ថា​ “អញ​នឹង​ ( ត្រឡប់​ទៅ )​ សោយ​ភោគសម្បត្តិ”​ ក៏​មិន​បាន​កើត​ឡើង​ឡើយ ។​ ក្រោយ​មក​ មារ​ក៏​ជាប់​តាម​ព្រះ​មាន​ព្រះ​ភាគ​កាល​ដែល​នៅ​ជា​ព្រះ​ពោធិសត្វ​ អស់​រយៈ​ពេល​ ៦​ ឆ្នាំ​ ក្នុង​វេលា​ដែល​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​ហើយ​ មួយ​ឆ្នាំ​ទៀត​ ក៏​មិន​បាន​ឃើញ​ទោស​ណា​នី​មួយ​ឡើយ​ ទើប​ពោល​សេចក្តី​នេះ​ទុក​ ហើយ​ទើប​ចៀស​ចេញ​ ថា៖

   សត្តវស្សានិ  ភគវន្តំ                              អនុពន្ធឹ  បទាបទំ

   ឱតារំ ​ នាធិគច្ឆិស្សំ ​                              សម្ពុទ្ធស្ស សតីមតោ ។

  “យើង​ជាប់​តាម​ព្រះ​មាន​ព្រះ​ភាគ​គ្រប់​ជំហាន​ អស់​រយៈ​កាល​ ៧​ ឆ្នាំ​ ក៏​មិន​បាន​ឃើញ​ទោស​ណា​នី​មួយ​ របស់​ព្រះ​សម្មាសម្ពុទ្ធ​ ជា​អ្នក​មាន​សតិ​បរិបូណ៌​ឡើយ” ។

ពុទ្ធធម៌​ ១៨​ ប្រការ

ប្រការ​មួយ​ទៀត​ គប្បី​ជ្រាប​ការ​មិន​មាន​ទុច្ចរិត​របស់​ព្រះ​មាន​ព្រះ​ភាគ​ ដោយ​អំណាច​នៃ​ពុទ្ធធម៌​ ១៨​ ប្រការ​ ។

អដ្ឋារស ពុទ្ធធម្មា នាម នត្ថិ តថាគតស្ស កាយទុច្ចរិតំ, នត្ថិ វចីទុច្ចរិតំ, នត្ថិ មនោទុច្ចរិតំ, អតីតេ ពុទ្ធស្ស អប្បដិហតញាណំ, អនាគតេ, បច្ចុប្បន្នេ ពុទ្ធស្ស អប្បដិហតញាណំ, សព្វំ​ កាយកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, សព្វំ​ វចីកម្មំ, សព្វំ​ មនោកម្មំ ពុទ្ធស្ស ភគវតោ ញាណានុបរិវត្តិ, នត្ថិ ឆន្ទស្ស ហានិ, នត្ថិ វីរិយស្ស ហានិ, នត្ថិ សតិយា ហានិ, នត្ថិ ទវា, នត្ថិ រវា, នត្ថិ ចលិតំ នត្ថិ សហសា, នត្ថិ អព្យាវដោ មនោ, នត្ថិ អកុសលចិត្តន្តិ ។

ពុទ្ធធម៌​ ១៨​ ប្រការ​ទាំង​នោះ​ គឺ​ ព្រះ​តថាគត​មិន​មាន​កាយទុច្ចរិត​ ១​ មិន​មាន​វចីទុច្ចរិត​ ១​ មិន​មាន​មនោទុច្ចរិត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​អតីត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​អនាគត​ ១​ ពុទ្ធញាណ​មិន​មាន​អ្វី​មក​រារាំង​ក្នុង​បច្ចុប្បន្ន​ ១​ កាយកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ វចីកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ មនោកម្ម​ទាំង​ពួង​របស់​ព្រះ​មាន​ព្រះ​ភាគ​ ស្រប​តាម​ពុទ្ធញាណ​ ១​ មិន​សាប​សូន្យ​នូវ​ឆន្ទៈ​ ១​ មិន​សាប​សូន្យ​សេចក្តី​ព្យាយាម​ ១​ មិន​បាត់​បង់​សតិ​ស្មារតី​ ១​ មិន​លេង​សើច​ ១​ មិន​រត់​ ១​ មិន​ភ្លាំង​ភ្លាត់​ ១​ មិន​ប្រញាប់​ប្រញាល់​​ ១​ មិន​មាន​ព្រះ​ហ្ឫទ័យ​ដែល​មិន​ខ្វល់​ខ្វាយ​ ១​ មិន​មាន​អកុសលចិត្ត​ ១ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ