Search

Loading

Content

20 June 2012

បឋមខតសូត្រ

ពោល​ដោយ​ធម៌​ ៤​ ប្រការ​ របស់​ជន​ពាល​ និង​ បណ្ឌិត

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​ រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ បាន​នូវ​បាប​ដ៏​ច្រើន​ផង​ ។​ ធម៌​ ៤​ យ៉ាង​ តើ​ដូច​ម្ដេច​ខ្លះ?​ គឺ​បុគ្គល​នោះ​ មិន​បាន​ពិចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​ពោល​សរសើរ​ បុគ្គល​ដែល​គួរ​តិះ​ដៀល​ ១​ មិន​បាន​ពិចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​កើត​សេចក្ដី​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​មិន​គួរ​ជ្រះ​ថ្លា​ ១​ មិន​បាន​ពិចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​កើត​សេចក្ដី​មិន​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​គួរ​ជ្រះ​ថ្លា​ ១ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ប្រកប​ដោយ​ធម៌​ទាំង​ ៤​ យ៉ាង​នេះ​ឯង​ រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​ជីក​គាស់​ កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រកប​ដោយ​ទោស​ផង​ ប្រកប​ដោយ​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ រមែង​បាន​នូវ​បាប​ដ៏​ច្រើន​ផង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ជា​បណ្ឌិត​ ឈ្លាស​វៃ​ ជា​សប្បុរស​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​ រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​មិន​បាន​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង ។ ធម៌​ ៤​ តើ​ដូច​ម្ដេច​ខ្លះ?​ គឺ​បុគ្គល​នោះ​ ពិចារណា​ ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​ពោល​តិះ​ដៀល​បុគ្គល​ដែល​គួរ​តិះ​ដៀល​ ១​ ពិចារណា​ ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​ពោល​សរសើរ​បុគ្គល​ដែល​គួរ​សរសើរ​ ១​ ពិចារណា​ ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​កើត​សេចក្ដី​មិន​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​មិន​គួរ​ជ្រះ​ថ្លា​ ១​ ពិចារណា​ ស្ទាប​ស្ទង់​មើល​រួច​ហើយ​ ទើប​កើត​សេចក្ដី​ជ្រះ​ថ្លា​ ក្នុង​ហេតុ​ដែល​គួរ​ជ្រះ​ថ្លា ១ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ជា​បណ្ឌិត​ ឈ្លាស​វៃ​ ជា​សប្បុរស​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​នេះ​ឯង​ រមែង​រក្សា​ខ្លួន​ដេល​ខ្លួន​មិន​បាន​​ជីក​គាស់​ មិន​បាន​កម្ចាត់​គុណ​ចោល​ ជា​អ្នក​មិន​មាន​ទោស​ផង​ មិន​មាន​សេចក្ដី​តិះ​ដៀល​របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង​ តែង​បាន​នូវ​បុណ្យ​ដ៏​ច្រើន​ផង ។

យោ​  និន្ទិយំ​  បសំសតិ

តំ​  វា​  និន្ទតិ​  យោ​  បសំសិយោ

វិចិនាតិ​  មុខេន​  សោ​  កលឹ

កលិនា​  តេន​  សុខំ​  ន​  វិន្ទតិ ។

អប្បមត្តោ​  អយំ​  កលិឮ

យោ​  អក្ខេសុ​  ធនបរាជយោ​

សព្វស្សាបិ​  សហាបិ​  អត្តនា

អយមេវ​  មហត្តរោ​  កលិ

យោ​  សុគតេសុ​  មនំ​  បទោសយេ

សតំ​  សហស្សានំ​  និរព្វុទានំ

ឆត្តឹសតិ​  បញ្ច​  ច​  អព្វុទានំ

យមរិយំ​  គរហីយំ​  និរយំ​  ឧបេតិ

វាចំ​  មនញ្ច​  បណិធាយ​  បាបកំ ។

បុគ្គល​ណា​សរសើរ​បុគ្គល​ ដែល​គួរ​តិះ​ដៀល​ក្ដី​ តិះ​ដៀល​បុគ្គល​ ដែល​គួរ​សរសើរ​ក្ដី​ បុគ្គល​នោះ​ឈ្មោះ​ថា​ ជ្រើស​រើស​យក​កំហុស​ ដោយ​មាត់​ពាក្យ​ រមែង​មិន​បាន​សេចក្ដី​សុខ​ ព្រោះ​កំហុស​នោះ​ឡើយ ។​ ការ​ចាញ់​ដោយ​ទ្រព្យ​ណា​ ព្រម​ទាំង​ទ្រព្យ​របស់​ខ្លួន​ក្ដី​ ទាំង​ខ្លួន​ក្ដី​ ព្រោះ​ល្បែង​ភ្នាល់​ ការ​ចាញ់​ដោយ​ទ្រព្យ​នេះ​ ជា​កំហុស​ មាន​ប្រមាណ​តិច​ទេ​ បុគ្គល​ណា​ញ៉ាំង​ចិត្ត​ឱ្យ​ប្រទូស្ដ​ ក្នុង​ពួក​បុគ្គល​ដែល​ស្រុះ​ស្រួល​មូល​មិត្រ​គ្នា​ កំហុស​របស់​បុគ្គល​នោះ​ឯង​ ទើប​ធំ​ជាង​ បុគ្គល​ដែល​តម្កល់​វាចា​ និង​ ចិត្ត​ដ៏​លាមក​ តិះ​ដៀល​ព្រះ​អរិយៈ​រមែង​ទៅ​កើត​ក្នុង​នរក​អស់​ ១​ សែន​កប្ប​ និង​ ៣៦​ និរព្វុទៈ​ផង​ និង​ ៥​ អព្វុទៈ​ផង ។

( បិដក​លេខ​ ៤២​ ទំព័រ​ ៥-៧ )

អដ្ឋកថា​បឋមខតសូត្រ

បទ​ថា​ និន្ទិយំ​ បាន​ដល់​ អ្នក​ដែល​គួរ​តិះ​ដៀល ។​ បទ​ថា​ និន្ទតិ​ បាន​ដល់​ រមែង​តិះ​ដៀល ។​ បទ​ថា​ បសំសិយោ​ បាន​ដល់​ អ្នក​ដែល​គួរ​សរសើរ ។​ បទ​ថា​ វិចិនាតិ​ មុខេន​ សោ​ កលឹ​ សេចក្ដី​ថា​ បុគ្គល​នោះ​ប្រព្រឹត្ត​យ៉ាង​នេះ​ហើយ​ ឈ្មោះ​ថា​ ជ្រើស​រើស​យក​កំហុស​ដោយ​មាត់​នោះ ។​ បទ​ថា​ កលិនា​ តេន​ សុខំ​ ន​ វិន្ទតិ​ សេចក្ដី​ថា​ គេ​រមែង​មិន​បាន​សេចក្ដី​សុខ​ព្រោះ​កំហុស​នោះ ។​ បទ​ថា​ សព្វស្សាបិ​ សហាបិ​ អត្តនា​ សេចក្ដី​ថា​ ការ​ចាញ់​ល្បែង​ភ្នាល់​ អស់​ទាំង​ទ្រព្យ​របស់​ខ្លួន​ក្ដី​ ទាំង​ខ្លួន​ក្ដី​ ឈ្មោះ​ថា​ ជា​កំហុស​មាន​ប្រមាណ​តិច​ទេ ។​ បទ​ថា​ យោ​ សុគតេសុ​ សេចក្ដី​ថា​ ចំណែក​បុគ្គល​ណា​ញ៉ាំង​ចិត្ត​ឱ្យ​ប្រទូស្ដ​ក្នុង​បុគ្គល​ទាំង​ឡាយ​ ដែល​បដិបត្តិ​ដោយ​ប្រពៃ​ហើយ​ ចិត្ត​គិត​ប្រទូសរ៉ាយ​របស់​បុគ្គល​នោះ​ឯង​ ជា​កំហុស​មាន​ប្រមាណ​ធំ​ជាង ។​ ឥឡូវ​នេះ​ កាល​ទ្រង់​សម្ដែង​អំពី​គំនិត​ប្រទូស​រ៉ាយ​នោះ​មាន​ទោស​ច្រើន​ជាង​ ទើប​ត្រាស់​ព្រះ​តម្រាស់​ថា​ សតំ​ សហស្សានំ​ ជា​ដើម​ ។​ បណ្ដា​បទ​ទាំង​នោះ​ បទ​ថា​ សតំ​ សហស្សានំ​ បាន​ដល់​ ១​ សែន​ ដោយ​ការ​រាប់​តាម​និរព្វុទៈ ។​ បទ​ថា​ ឆត្តឹសតិ​ បាន​ដល់​ ៣៦​ និរព្វុទៈ​ ។​ បទ​ថា​ បញ្ច​ ច​ គឺ​ ៥​ អព្វុទៈ​ដោយ​ការ​រាប់​តាម​អព្វុទៈ​ ។​ បទ​ថា​ យមរិយំ​ គរហិ​ សេចក្ដី​ថា​ បុគ្គល​កាល​តិះ​ដៀល​ព្រះ​អរិយៈ​ទាំង​ឡាយ​ រមែង​កើត​ក្នុង​នរក​ណា​ ក្នុង​នរក​នោះ​ មាន​អាយុ​ប្រមាណ​ប៉ុណ្ណេះ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ