Search

Loading

Content

18 June 2012

បបតិតសូត្រ

ពោល​អំពី​បុគ្គល​ដែល​ឃ្លាត​ចាក​ធម៌​វិន័យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ ។​ ធម៌​ ៤​ យ៉ាង​ តើ​ដូច​​ម្ដេច​ខ្លះ?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​អរិយសីល​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​អរិយសមាធិ​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​អរិយបញ្ញា​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​អរិយវិមុត្តិ​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ។​ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​មិន​បាន​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​នេះ​ឯង​ តថាគត​ហៅ​ថា​ ឃ្លាត​ចាក​ធម្មវិន័យ​នេះ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​ ទើប​តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ ។​ ធម៌​ ៤​ យ៉ាង​ តើ​ដូច​ម្ដេច​ខ្លះ?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​អរិយសីល​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​អរិយសមាធិ​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​អរិយបញ្ញា​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​អរិយវិមុត្តិ​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ​ ១ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ប្រកប​ដោយ​ធម៌​ ៤​ យ៉ាង​នេះ​ឯង​ តថាគត​ហៅ​ថា​ មិន​ឃ្លាត​ចាក​ធម្មវិន័យ​នេះ ។

និគមគាថា

ចុតា​  បតន្តិ​  បតិតា​                       គិទ្ធា​  ច​  បុនរាគតា

កតកិច្ចំ​  រតំ​  រម្មំ​                           សុខេនាន្វាគតំ​  សុខំ  ។

បុគ្គល​ដែល​ឃ្លាត​ចាក​ ( ធម្មវិន័យ )​ រមែង​ធ្លាក់​ចុះ​ បុគ្គល​ដែល​ធ្លាក់​ចុះ​ ជា​អ្នក​ជាប់​ជំពាក់​ដោយ​រាគៈ​ រមែង​មក​ ( កាន់​ជាតិ​ ជរា​ ព្យាធិ​ មរណៈ )​ ម្ដង​ទៀត​ ( បើ )​ កិច្ច​ ( ដោយ​មគ្គ​ទាំង​ ៤​ )​ បុគ្គល​នោះ​បាន​ធ្វើ​ស្រេច​ហើយ​ បាន​ត្រេក​អរ​ហើយ​ ក្នុង​គុណជាត​ដែល​បុគ្គល​គប្បី​ត្រេក​អរ​ សេចក្ដី​សុខ​បាន​មក​ ដោយ​សេចក្ដី​សុខ​ (​ រមែង​មាន​ដល់​បុគ្គល​នោះ ) ។

( បិដក​លេខ​ ៤២​ ទំព័រ​ ៣-៥ )

អដ្ឋកថា​បបតិតសូត្រ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​បបតិតសូត្រ​ទី​ ២​ ដូច​តទៅ​នេះ៖

បទ​ថា​ បបតិតោ​ បាន​ដល់​ ជា​អ្នក​ឃ្លាត​ចាក ។​ បទ​ថា​ អប្បបតិតោ​ បាន​ដល់​ ជា​អ្នក​មិន​ឃ្លាត​ចាក​ គឺ​តាំង​នៅ​ហើយ​ ។​ បណ្ដា​បុគ្គល​ទាំង​នោះ​ លោកិយមហាជន​ ឈ្មោះ​ថា​ ធ្លាក់​ចុះ​ទាំង​អស់​ ។​ ព្រះ​អរិយបុគ្គល​មាន​ព្រះសោតាបន្ន​ជា​ដើម​ ឈ្មោះ​ថា​ ធ្លាក់​ចុះ​ក្នុង​ខណៈ​ដែល​កិលេស​កើត​ឡើង ។​ ព្រះ​ខីណាស្រព​ ឈ្មោះ​ថា​ តាំង​នៅ​ហើយ​តែ​ម្យ៉ាង ។​ បទ​ថា​ ចុតា​ បតន្តិ​ សេចក្ដី​ថា​ ជនទាំង​ឡាយ​ណា​ ឃ្លាត​ចាក​ ជន​ទាំង​ឡាយ​នោះ​ ឈ្មោះ​ថា​ ធ្លាក់​ចុះ ។​ បទ​ថា​ បតិតា​ សេចក្ដី​ថា​ ជន​ទាំង​ឡាយ​ណា​ ធ្លាក់​ចុះ​ ជន​ទាំង​ឡាយ​នោះ​ ឈ្មោះ​ថា​ ឃ្លាត​ចាក ។​ អធិប្បាយ​ថា​ ឈ្មោះ​ថា​ ធ្លាក់​ចុះ​ ព្រោះ​ឃ្លាត​ចាក​ ឈ្មោះ​ថា​ ឃ្លាត​ចាក​ ព្រោះ​ធ្លាក់​ចុះ ដូច្នេះ ។​ បទ​ថា​ គិទ្ធា​ បាន​ដល់​ បុគ្គល​ដែល​ជាប់​ជំពាក់​ព្រោះ​រាគៈ ។​ បទ​ថា​ បុនរាគតា​ សេចក្ដី​ថា​ រមែង​ឈ្មោះ​ថា​ ជា​អ្នក​មក​កាន់​ជាតិ​ ជរា​ ព្យាធិ​ មរណៈ​ម្ដង​ទៀត ។​ បទ​ថា​ កតកិច្ចំ​ សេចក្ដី​ថា​ ធ្វើ​កិច្ច​ដែល​គួរ​ធ្វើ​ដោយ​មគ្គ​ ៤ ។​ បទ​ថា​ រតំ​ រម្មំ​ សេចក្ដី​ថា​ ត្រេក​អរ​ហើយ​ក្នុង​គុណជាត​ដែល​គួរ​ត្រេក​អរ ។​ បទ​ថា​ សុខេនាន្វាគតំ​ សុខំ​ សេចក្ដី​ថា​ សុខ​មក​តាម​ គឺ​សេចក្ដី​សុខ​បាន​ដល់​ព្រម​ហើយ​ ដោយ​សេចក្ដី​សុខ​ គឺ​ថា​សេចក្ដី​សុខ​ជា​ទិព្វ​ សម្រេច​មក​ដោយ​សេចក្ដី​សុខ​ជា​របស់​មនុស្ស​ សេចក្ដី​សុខ​របស់​វិបស្សនា​ សម្រេច​មក​ដោយ​សេចក្ដី​សុខ​របស់​ឈាន​ សេចក្ដី​សុខ​របស់​មគ្គ​សម្រេច​មក​ដោយ​សេចក្ដី​សុខ​របស់​វិបស្សនា​ សេចក្ដី​សុខ​របស់​ផល​ សម្រេចមក​ដោយ​សេចក្ដី​សុខ​របស់​មគ្គ​ សេចក្ដី​សុខ​របស់​ព្រះ​និព្វាន​ សម្រេច​មក​ដោយ​សេចក្ដី​សុខ​របស់​ផល ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ