សាច់ដែលព្រះមានព្រះភាគ ទ្រង់ហាមឃាត់មិនឲ្យភិក្ខុសាមណេរឆាន់ លោកហៅថា អកប្បិយមំសៈ មានន័យថា សាច់ដែលមិនគួរ; អកប្បិយមំសៈនោះ មាន ១០ យ៉ាង គឺ
១. មនុស្សមំសំ សាច់មនុស្ស
២. ហត្ថិមំសំ សាច់ដំរី
៣. អស្សមំសំ សាច់សេះ
៤. សុនខមំសំ សាច់ឆ្កែ
៥. អហិមំសំ សាច់ពស់
៦. សីហមំសំ សាច់រាជសីហ៍
៧. ព្យគ្ឃមំសំ សាច់ខ្លាធំ
៨. ទីបិមំសំ សាច់ខ្លាដំបង
៩. អច្ឆមំសំ សាច់ខ្លាឃ្មុំ
១០. តរច្ឆមំសំ សាច់ខ្លារខិន
សាច់ទាំង ១០ យ៉ាងនោះ ភិក្ខុសាច់មនុស្ស ត្រូវអាបត្តិថុល្លច្ច័យ ចំណែកសាច់ ៩ យ៉ាងទៀត ត្រូវអាបត្តិទុក្កដ ។ក្នុងអដ្ឋកថា លោកពន្យល់ដូច្នេះ៖
ឥតិ ឥមេសំ មនុស្សាទីនំ ទសន្នំ មំសម្បិ អដ្ឋិបិ លោហិតម្បិ ចម្មម្បិ លោមម្បិ សព្វំ ន វដ្តតិ ។
សាច់ក្តី ឆ្អឹងក្តី ឈាមក្តី ស្បែកក្តី រោមក្តី របស់សត្វទាំង ១០ យ៉ាង មានមនុស្សជាដើមនេះមិនគួរទាំងអស់ ដោយប្រការដូច្នេះ ។
យង្កិញ្ចិ ញត្វា វា អញត្វា វា ខាទន្តស្ស អាបត្តិយេវ ។
កាលភិក្ខុដឹងក៏ដោយ មិនដឹងក៏ដោយ ឆាន់សាច់យ៉ាងណានីមួយ ( ក្នុងសាច់ទាំង ១០ ) រមែងត្រូវអាបត្តិដោយពិត ។
ម្យ៉ាងទៀត ភិក្ខុមិនទាន់បានពិចារណាជាមុន មិនត្រូវឆាន់សាច់ បើឆាន់ត្រូវអាបត្តិទុក្កដ មានពុទ្ធប្បញ្ញត្តថា៖
ន ច ភិក្ខវេ អប្បដិវេក្ខិត្វា មំសំ បរិភុញ្ជិតព្វំ យោ បរិភុញ្ជេយ្យ អាបត្តិ ទុក្កដស្ស
“ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបានពិចារណាជាមុនហើយ មិនត្រូវឆាន់សាច់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ”
ពាក្យថា មិនបានពិចារណាជាមុន ហើយឆាន់សាច់ ក្នុងអដ្ឋកថាលោកបានពន្យល់ដូច្នេះ
អប្បដិវេក្ខិត្វាតិ អប្បដិបុច្ឆិត្វា; សចេ បន អសុក មំសន្តិ ជានាតិ បដិបុច្ឆនកិច្ចំ នត្ថិ អជានន្តេន បន បុច្ឆិត្វាវ ខាទិតព្វំ ។
បទថា អប្បដិវេក្ខិត្វា ( មិនទាន់បានពិចារណា ) បានដល់ មិនទាន់សាកសួរ ប្រសិនបើភិក្ខុដឹងថា នេះជាសាច់អ្វី កិច្ចដែលនឹងត្រូវសាកសួរ រមែងមិនមាន តែកាលមិនដឹង ( មិនស្គាល់ ) ត្រូវសាកសួរជាមុនសិន សឹមឆាន់ ៕