Search

Loading

Content

16 January 2012

ភិក្ខុ​មិន​ត្រូវ​ឆាន់​សាច់​ដែល​គេ​ធ្វើ​ចំពោះ​ខ្លួន

នៅពេលដែលព្រះសម្មាសម្ពុទ្ធទ្រង់ទទួលនិមន្តរបស់សីហសេនាបតី ទៅ​ឆាន់​ភត្តាហារ​នៅ​ផ្ទះ​របស់គាត់ គាត់ឲ្យ​អ្នកបម្រើទៅទិញសាច់ស្លាប់ស្រាប់នៅផ្សារ ( បវត្តមំសៈ ) ។

ពួកនិគ្រន្ថ​ជាច្រើននាក់ ក៏ផ្គងនូវដើមដៃស្រែកកន្ទក់កន្ទេញសព្វច្រក សព្វ​ផ្លូវ​ត្រឡែងកែង ក្នុង​ក្រុង​វេសាលីថា ថ្ងៃនេះសីហសេនាបតី សម្លាប់សត្វ មាន​សរីរៈ​ធាត់ធំ ធ្វើ​ភត្ត​ដើម្បី​ព្រះ​សមណ​គោតម ចំណែកព្រះសមណគោតម ទុក​ជា​ដឹង​ ក៏​នៅ​តែ​ឆាន់​សាច់​ដែល​គេ​សម្លាប់​ចំពោះ​ខ្លួនដែរ ព្រះ​សមណគោតម​នេះ ឈ្មោះថា ត្រូវបដិច្ចកម្ម ។

***បដិច្ចកម្ម គឺជាឈ្មោះនៃអំពើរបស់ដែលគ្រាន់តែបរិភោគសាច់ ក៏បាននាមថា សម្លាប់​សត្វ​​ដែរ ឬ ជាឈ្មោះអំពើ​ដែលគេសម្លាប់ព្រោះអាស្រ័យខ្លួន ពុំនោះ​សោត ពាក្យថា បដិច្ចកម្ម​នេះជាឈ្មោះរបស់និមិត្តកម្ម។ លទ្ធិពួក​និគ្រន្ថ​ប្រកាន់​ថា បដិច្ចកម្ម​គឺ​ជា​អកុសល​ត្រូវ​បាន​ដល់​​អ្នកឲ្យពាក់កណ្តាល អ្នក​ទទួល​ពាក់កណ្តាល ។

សីហសេនាបតី បានជ្រាបរឿងនេះ ដោយមានគេប្រាប់ ។ ទើបគាត់ពោលថា ពួក​លោក​ទាំង​អស់​នោះ ប្រាថ្នារក​ទោសព្រះពុទ្ធ ប្រាថ្នារកទោសព្រះធម៌ ប្រាថ្នា​រកទោសព្រះសង្ឃ អស់​កាល​ជាយូរណាស់មកហើយ រហូតមកដល់​ឥឡូវ នៅតែមិនចេះអៀនខ្មាសសោះ ពួកលោក​ទាំង​នោះ​ពោល​បង្កាច់​ព្រះ​មាន​ព្រះភាគដោយពាក្យមិនពិត ពាក្យ​ទទេ ជា​ពាក្យ​កុហក​ភូត​ភរ​បោក​​ប្រាស​ ទាំង​ដែលពួកយើង​មិន​បាន​ក្លែង​ផ្តាច់​បង់​ជីវិត​សត្វ​ព្រោះ​ហេតុ​តែ​ជីវិត​របស់​​ខ្លួន​ឯង​ឡើយ ។ រួចហើយ គាត់​បាន​ញ៉ាំង​ព្រះ​ភិក្ខុសង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន ឲ្យ​ឆាន់​ឆ្អែត​ស្កប់​ស្កល់​ ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយ​ដៃខ្លួនឯង ។

កាលដែលព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សោយរួចហើយ ទ្រង់​ក៏​ពន្យល់​ឲ្យ​គាត់​ឃើញ​ច្បាស់​ ឲ្យកាន់យក ឲ្យ​អាចហ៊ាន ឲ្យរីករាយដោយធម្មីកថា ហើយ​​ព្រះ​អង្គ​ទ្រង់​ក្រោក​ចាក​អាសនៈ យាងចេញទៅ ។

អាស្រ័យហេតុនេះឯង ទើបព្រះអង្គទ្រង់ប្រជុំភិក្ខុសង្ឃ ហើយហាមប្រាម ( បញ្ញត្ត ) ឧទ្ទិស្សមំសៈ​ ( សាច់​ដែលគេធ្វើដើម្បីខ្លួន ) ថា៖

ន ភិក្ខវេ ជានំ ឧទ្ទិស្សកតំ មំសំ បរិភុញ្ជិតព្វំ យោ បរិភុញ្ជេយ្យ អាបត្តិ ទុក្កដស្ស ។

“ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដឹងថា សាច់គេធ្វើចំពោះខ្លួន កុំគប្បីឆាន់ ភិក្ខុ​ណា​ឆាន់ ត្រូវអាបត្តិទុក្កដ” ។

រួចទ្រង់ក៏អនុញ្ញាតសាច់ដែលគួរឆាន់ យ៉ាងនេះថា ៖

អនុជានាមិ ភិក្ខវេ តិកោដិបរិសុទ្ធំ មច្ឆមំសំ អទិដ្ឋំ អសុតំ អបរិសង្កិតំ ។

“ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្រី និង សាច់ ដែល​បរិសុទ្ធ​ដោយ​ទី​បំផុត ៣ យ៉ាង គឺមិនបានឃើញ, មិន​បានឮ, មិនបានរង្កៀស” ។

ក្នុងអដ្ឋកថា លោកពន្យល់ដូច្នេះ ( សូមដកស្រង់ដោយសង្ខេប ) ៖

បណ្តាសាច់ទាំង ៣ ( មិនបានឃើញជាដើម ) នោះ សាច់ដែលឈ្មោះថា មិន​បាន​ឃើញ គឺ មិន​បាន​ឃើញពួកអ្នក​ស្រុកសម្លាប់សត្វ យក​មក​ដើម្បី​ប្រយោជន៍​ដល់ពួកភិក្ខុ ។

ដែលឈ្មោះថា មិនបានឮ គឺ មិនបានឮមកថា “ពួក​អ្នក​ស្រុកសម្លាប់សត្វ យក​មក​ដើម្បី​ប្រយោជន៍​ដល់ពួកភិក្ខុ” ។

ចំណែក​ដែលមិនបានរង្កៀស អ្នកសិក្សាគួរដឹងច្បាស់ នូវ​សាច់​ដែល​រង្កៀស​ដោយ​ការឃើញ រង្កៀស​ដោយការបាន​ឮ និង​ដោយ​ផុត​ចាក​ហេតុ​ទាំង​ពីរ​នោះ ។

សេចក្តីនោះ តើដូចម្តេច ? សេចក្តីនោះគឺ ពួកភិក្ខុក្នុងធម្មវិន័យនេះ ឃើញ​ពួក​អ្នក​ស្រុក​កាន់​អន្ទាក់​ ឬសំណាញ់ជា​ដើម កំពុងដើរចេញពីស្រុក ឬ កំពុង​ដើរ​ទៅ​ក្នុងព្រៃ ហើយ​ថ្ងៃ​ស្អែក​ឡើង​ ពួកអ្នកស្រុកយកបិណ្ឌបាតមានត្រី និង​សាច់​ មកប្រគេនភិក្ខុទាំងនោះ ដែល​កំពុង​ចូល​ទៅ​ផ្ទះនោះដើម្បីបិណ្ឌបាត ។ ភិក្ខុទាំងនោះរង្កៀសដោយការបាន​ឃើញនោះថា “ពួក​អ្នក​ស្រុក​​ធ្វើ​សាច់​ដើម្បី​ប្រយោជន៍ដល់ពួកភិក្ខុទេដឹង” សាច់នេះ ឈ្មោះថា រង្កៀសដោយការ​ឃើញ​ នឹងទទួលសាច់បែបនោះ មិនគួរ។ សាច់ដែលមិនបានរង្កៀសដូច្នោះ នឹងទទួលគួរ។

បើពួកអ្នកស្រុកទាំងនោះ សួរថា “ហេតុអ្វី ក៏លោកមិនទទួល” ពួក​អ្នក​ស្រុក​បាន​ស្តាប់​សេចក្តី​ ( រង្កៀស ) នោះ​ហើយ និយាយថា “សាច់នេះ ពួក​ខ្ញុំ​ករុណា​មិន​បាន​ធ្វើ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុ​ទាំងឡាយ ពួកខ្ញុំករុណា ធ្វើដើម្បី​ប្រយោជន៍​ខ្លួនឯងខ្លះ ញាតិមិត្តជិតខាងជាដើមខ្លះ” ដូច្នេះ​ សាច់នោះ គួរ ។

សូម្បីសាច់ដែលគេលក់នៅផ្សារ សាច់​ដែល​គេ​ធ្វើ​ក្នុង​ពិធីបុណ្យ​ដើម្បី​ឧទ្ទិស​កុសល ដល់​ពួក​ញាតិ​ដែលចែកឋាន​ទៅហើយ ឬពិធីបុណ្យផ្សេងៗ ទៀត ក៏គប្បីបដិបត្តិយ៉ាងនេះដូចគ្នា ។

ភិក្ខុទាំងឡាយមិនបានឃើញទេ តែបានឮមកថា “បានឮថា ពួកអ្នកស្រុក មាន​ដៃកាន់អន្ទាក់ និង​សំណាញ់ជាដើម​ចេញអំពីស្រុក ឬចូល​ទៅ​កាន់​ព្រៃ” ( សេចក្តីដ៏សេស គប្បី​ជ្រាប​ដូច​ការ​រង្កៀស​ដោយការឃើញ ) នេះ​ឈ្មោះ​ថាការ​រង្កៀសដោយការបានឮ ។

មួយទៀត ភិក្ខុទាំងឡាយមិនបានឃើញ មិនបានឮទេ, តែកាល​ពួក​ភិក្ខុ​ទាំង​នោះ​ចូល​ទៅ​កាន់​ផ្ទះអ្នកស្រុក ដើម្បី​បិណ្ឌបាត ពួក​អ្នក​ស្រុក​ទទួល​បាត្រ​ទៅ​ហើយ ចាត់​ចែង​បិណ្ឌបាត​មាន​ត្រី សាច់ យកមកប្រគេន ។ ពួកលោក​រង្កៀស​ថា “សាច់នេះ គេ​ធ្វើ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុទាំងឡាយ ទេដឹង?” នេះ​ឈ្មោះ​ថា សាច់ដែលរង្កៀសផុត​ចាកហេតុទាំងពីរនោះ ។ ( វិធី​បដិបត្តិ​ គប្បី​ជ្រាប​ដូច​ការ​រង្កៀសដោយការឃើញ ) ។

ពិតណាស់ សាច់ណា ដែលគេធ្វើមិនដើម្បីភិក្ខុទាំងឡាយ, ភិក្ខុ​ក៏​មិន​មាន​សេចក្តី​សង្ស័យ​ក្នុង​សាច់​ណា សាច់នោះ​គួរទាំងអស់ ។

បើសាច់ដែលគេធ្វើឧទ្ទិសពួកភិក្ខុក្នុងវិហារមួយ ហើយ​ពួក​លោក​មិន​ដឹង​ថា​ ​គេ​ធ្វើ​ដើម្បី​ប្រយោជន៍​ខ្លួន, តែពួកភិក្ខុ​ដទៃដឹង, ពួក​ភិក្ខុ​ណា​ដឹង​មិន​គួរ​ដល់​ពួក​ភិក្ខុ​នោះទេ ។ ពួក​ភិក្ខុ​ដទៃ​មិនដឹង តែពួកលោកប៉ុណ្ណោះដឹង រមែងមិន​គួរ​ចំពោះ​លោកប៉ុណ្ណោះ, តែ​គួរ​សម្រាប់​ពួក​ភិក្ខុ​ដទៃ ។ សូម្បីពួកលោកដឹងថា “គេ​ធ្វើដើម្បីប្រយោជន៍ដល់ពួក​យើង” ពួក​ភិក្ខុ​ដទៃក៏​ដឹង​ថា​ “គេ​ធ្វើ​ដើម្បី​ប្រយោជន៍ដល់ពួកភិក្ខុនេះ” មិនគួរដល់ពួកលោកទាំងអស់អង្គ ។ ពួក​ភិក្ខុ​ទាំង​អស់មិនដឹង រមែងគួរដល់ពួកលោកទាំងអស់ ។ បណ្តាសហធម្មិកទាំង ៥ [ អ្នក​ដែល​ប្រព្រឹត្ត​ធម៌រួមគ្នា​ស្មើ​គ្នា មាន ៥ គឺ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ​ និងសាមណេរី ] សាច់​ដែល​គេធ្វើចំពោះ ដើម្បីប្រយោជន៍ដល់​សហធម្មិក​រូបណាមួយក៏ដោយ ក៏​រមែង​មិន​គួរ​ដល់​សហធម្មិកទាំងអស់ ។

សំណួរ ៖ បើបុគ្គលខ្លះសម្លាប់សត្វ ចំពោះភិក្ខុមួយរូប ដាក់បាត្រ​ឲ្យ​ពេញ​ហើយ​ ប្រគេន​ភិក្ខុ​រូប​នោះ ហើយលោក​ក៏ដឹងថា សាច់​គេ​ធ្វើ​ដើម្បី​ប្រយោជន៍​ខ្លួន ទទួល​ទុក​ហើយ​ប្រគេន​ដល់​លោក​អង្គផ្សេង តើអង្គដែលទទួលពីភិក្ខុ​នោះ ឆាន់ដោយជឿតាមភិក្ខុនោះ អង្គ​ណា​ ត្រូវ​អាបត្តិ ?

ចម្លើយ ៖ មិនត្រូវអាបត្តិដល់លោកទាំងពីរអង្គ ។

ព្រោះថា សាច់ដែលគេធ្វើចំពោះភិក្ខុណា មិនជាអាបត្តិដល់ភិក្ខុនោះ ព្រោះ​លោក​មិន​បាន​ឆាន់,​ និងមិនជាអាបត្តិ​ដល់ភិក្ខុដែលទទួលបន្ត ព្រោះ​លោក​មិនបានដឹង ។ តាមពិត ក្នុង​ការ​ទទួល​កប្បិយមំសៈ ( សាច់ដែលគួរ ) មិនជា​អាបត្តិ ។ តែភិក្ខុមិនដឹង ឆាន់​សាច់​ដែល​គេ​ធ្វើ​ចំពោះ​ខ្លួន ខាងក្រោយ​ទើប​បាន​ដឹង មិនមានកិច្ចដោយការសម្តែង​អាបត្តិ ។ ចំណែក​ភិក្ខុ​មិន​ដឹង​ ឆាន់​អកប្បិយមំសៈក្នុងកាលខាងក្រោយទើបដឹង គប្បីសម្តែងអាបត្តិចេញ ។ ពិត​មែន អាបត្តិ​រមែងមានដល់ភិក្ខុដែលដឹងហើយ ឆាន់សាច់​ដែល​គេ​ធ្វើ​ចំពោះ​ខ្លួន​ និង​អាបត្តិ​រមែង​មាន​ដូចគ្នា សូម្បី​ដល់​ភិក្ខុដែលមិនដឹង ឆាន់​អកប្បិយមំសៈ​ ។ ព្រោះហេតុនោះ ភិក្ខុ​អ្នក​ខ្លាច​ក្រែង​ចំពោះអាបត្តិ គប្បីសួរមុនហើយ ចាំទទួលប្រគេនសាច់ ។ នឹង​ទទួល​ដោយ​តាំង​ចិត្ត​ថា​ “ពេលឆាន់ ចាំយើង​សួរ​សិន សឹមឆាន់” គួរសួរមុនហើយ សឹមឆាន់ ។

សួរថា ៖ ព្រោះហេតុអ្វី ?

ឆ្លើយថា ៖ ព្រោះសាច់ពិបាកនឹងស្គាល់ណាស់ ។

តាមការពិត សាច់ខ្លាឃ្មុំ ស្រដៀងសាច់ជ្រូក សាច់ខ្លាដំបងជាដើម ក៏ស្រដៀង​នឹង​សាច់​ម្រឹគ​ជា​ដើម ព្រោះហេតុ​នោះ អាចារ្យទាំងឡាយទើបពោលថា “សួរ​ហើយ​សឹម​ទទួល​ប្រគេន​នោះ​ឯង​ ជាធម្មទំនៀម” ។


កត់សម្គាល់ពាក្យ

បវត្តមំស បានដល់ សាច់ដែលប្រព្រឹត្តទៅតាមប្រក្រតី គឺសាច់ដែលគេ​ដាក់​លក់​តាមផ្សារ
( សាច់​នេះ ភិក្ខុសាក​សួរមុនហើយ ឆាន់បាន )

ឧទ្ទិស្សមំស បានដល់ សាច់ដែលគេធ្វើចំពោះភិក្ខុ គឺគេសម្លាប់​សត្វ​យក​សាច់​ ធ្វើ​ចង្ហាន់​ប្រគេន​លោក ( សាច់​នេះ ភិក្ខុមិនត្រូវឆាន់ដាច់ខាត )

អកប្បិយមំស បានដល់ សាច់ដែលមិនគួរ; ដែលព្រះមាន​ព្រះភាគ​ទ្រង់​ហាម​ប្រាម ។

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ