Search

Loading

Content

17 January 2012

បរិយត្តិ​ ៣​ ប្រភេទ

ពិតណាស់ បរិយត្តិមាន ៣ ប្រភេទ គឺ

១. អលគទ្ទូបមបរិយត្តិ ( បរិយត្តិប្រៀបដូចអាសិរពិសកាច )

២. និស្សរណត្ថបរិយត្តិ ( បរិយត្តិដើម្បីប្រយោជន៍ ដល់ការរួចស្រឡះ )

៣. ភណ្ឌាគារិកបរិយត្តិ ( បរិយត្តិប្រៀបដូចឃ្លាំង )

អលគទ្ទូបមបរិយត្តិ

បណ្តាបរិយត្តិទាំងនោះ បរិយត្តិដែលរៀនយកមិនល្អ គឺ​រៀន​ដើម្បី​ហេតុ​នៃ​ការ​​ដោះស្រាយវាទៈជាដើម ឈ្មោះថា អលគទ្ទូបមបរិយត្តិ ដែល​ព្រះ​មាន​ព្រះ​​ភាគទ្រង់សំដៅយក ត្រាស់ទុកថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ដូច​ជា​បុរស​អ្នក​ត្រូវ​ការដោយពស់វែក ស្វែងរកពស់វែក ក៏ត្រាច់ទៅស្វែងរកពស់វែក បុរស​នោះ​​បានឃើញពស់វែក ១ យ៉ាងធំ ហើយ ក៏ចាប់ពស់វែកនោះត្រង់ខ្លួន ឬ​កន្ទុយ​ពស់វែកនោះ ក៏ងាកមកចឹកបុរសនោះ ត្រង់ដៃ ឬដើមដៃ ឬ​អវយវៈ​តូច​​ធំ​ណាមួយ បុរសនោះ ក៏ដល់នូវសេចក្តីស្លាប់ ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ជិត​តែ​​នឹង​ស្លាប់ មានពស់វែកនោះជាហេតុ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាល​ភិក្ខុ​​ទាំង​ឡាយ ព្រោះថាពស់វែក បុរសនោះចាប់មិនស្រួល ម្នាល​ភិក្ខុ​ទាំង​ឡាយ​ មាន​មោឃបុរសពួកខ្លះ ក្នុងសាសនានេះ រៀនធម៌ គឺ សុត្តៈ ។បេ។ វេទល្លៈ លុះ​មោឃបុរសទាំងនោះ រៀនធម៌​នោះហើយ មិន​បាន​ពិចារណា​នូវ​សេចក្តី​នៃ​ធម៌​ទាំងនោះដោយប្រាជ្ញា ធម៌ទាំងឡាយនោះ ដែល​មោឃបុរស​ទាំង​នោះ មិន​បានពិចារណានូវសេចក្តីដោយប្រាជ្ញាហើយ ក៏មិនប្រាកដច្បាស់ក្នុងចិត្ត មោឃបុរសទាំងនោះ រៀនធម៌​ដោយ​មាន​បំណង​តែខាងលើកទោសគេផង ដោយ​មាន​បំណង​តែ​ខាង​ដោះ​ស្រាយ​នូវវាទៈ ដូច្នោះផង កុលបុត្រ​ទាំង​ឡាយ​ រៀនធម៌ ដើម្បីប្រយោជន៍ណា ពួកមោឃបុរសទាំងនោះ ក៏​មិន​បាន​នូវ​ប្រយោជន៍​នោះ របស់ធម៌នោះ​ឡើយ ធម៌ទាំងឡាយនោះ ដែល​មោឃបុរស​ទាំង​នោះរៀនមិនល្អហើយ ក៏ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខអស់កាលយូរអង្វែង ដំណើរនោះ ព្រោះហេតុអ្វី ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ព្រោះថា ធម៌ទាំងឡាយ ដែលមោឃបុរស រៀនមិនល្អហើយ យ៉ាង​នេះឯង ។

និស្សរណត្ថបរិយត្តិ

ចំណែកបរិយត្តិណា ដែលបុគ្គលរៀនល្អហើយ គឺ​ប្រាថ្នា​នូវ​ភាព​បរិបូណ៌​នៃ​គុណ មានសីលក្ខន្ធជាដើមរៀនហើយ មិនមែនរៀន ព្រោះ​ហេតុ​នៃ​ការ​ដោះ​​ស្រាយវាទៈជាដើម បរិយត្តិនេះឈ្មោះថា និស្សរណត្ថបរិយត្តិ ( មាន​សេចក្តី​​ប្រាថ្នានឹងរលាស់ខ្លួនចេញ ) ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សំដៅ​យក​ត្រាស់​​ទុក​ថា ធម៌ទាំងនោះ​ដែលកុលបុត្រពួក​នោះរៀនល្អហើយ រមែង​ប្រព្រឹត្ត​​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខអស់កាលយូរអង្វែង ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែធម៌ទាំងឡាយ ដែល​​កុលបុត្រ​ទាំង​នោះ បានរៀនដោយល្អ ។

ភណ្ឌាគារិកបរិយត្តិ

ចំណែកព្រះខីណាស្រពដែលមានខន្ធកំណត់ដឹងហើយ លះ​កិលេស​បាន​ហើយ មានមគ្គចម្រើនហើយ មានធម៌​មិនកម្រើកចាក់ធ្លុះហើយ ធ្វើ​និរោធ​ឱ្យ​​ជាក់ច្បាស់ហើយ រមែងរៀនបរិយត្តិណា ដើម្បីរក្សាប្រពៃណី ដើម្បី​រក្សា​វង្សតែម៉្យាង បរិយត្តិនេះឈ្មោះថា ភណ្ឌាគារិកបរិយត្តិ ( បរិយត្តិ​ប្រៀប​ដូច​ជា​ឃ្លាំង ) ដូច្នេះបណ្ឌិតគប្បីជ្រាបប្រភេទ​នៃបរិយត្តិ ៣  ក្នុងព្រះត្រៃបិដក ដូច​​ដែលពោលមកហើយ ។

( អដ្ឋសាលិនី​ អដ្ឋកថា )

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ