Search

Loading

Content

18 January 2012

ពុទ្ធវចនៈ​ ៣

ពុទ្ធវចនៈ បើចែកតាមកាល មាន ៣ គឺ

១. បឋមពុទ្ធវចនៈ

២. មជ្ឈិមពុទ្ធវចនៈ

៣. បច្ឆិមពុទ្ធវចនៈ

ក្នុងពុទ្ធវចនៈទាំងបីនោះ បឋមពុទ្ធវចនៈ គឺ៖

ព្រះដ៏មានព្រះភាគប្រថាប់អង្គុយត្រង់មហាពោធិបល័ង្ក ទ្រង់ចាក់ធ្លុះហើយ នូវ​អភិធម្ម​នោះ កាលបានត្រាស់ដឹងជា​ព្រះពុទ្ធហើយ ក៏​ប្រថាប់​ដោយ​បល្ល័ង្ក​មួយ​ អស់ ៧ ថ្ងៃ ទ្រង់​បន្លឺឧទានថា

យទា ហវេ បតុភវន្តិ ធម្មា

អាតាបិនោ ឈាយតោ ព្រាហ្មណស្ស

អថស្ស  កង្ខា  វបយន្តិ  សព្វា

យតោ  បជានាតិ  សហេតុធម្មំ ។

យទា ហវេ បតុភវន្តិ ធម្មា

អាតាបិនោ ឈាយតោ ព្រាហ្មណស្ស

អថស្ស  កង្ខា  វបយន្តិ  សព្វា

យតោ  ខយំ  បច្ចយានំ  អវេទិ ។

យទា ហវេ បតុភវន្តិ ធម្មា

អាតាបិនោ ឈាយតោ ព្រាហ្មណស្ស

វិធូបយំ  តិដ្ឋតិ  មារសេនំ

សូរោវ ឱភាសយមន្តលិក្ខំ ។

ធម៌ទាំងឡាយ រមែងប្រាកដ ដល់ព្រះខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម ញ៉ាំង​កិលេស​ឱ្យក្តៅ ជាអ្នកដុតបង់​នូវកិលេស ក្នុងកាលណា សេចក្តី​សង្ស័យ​ទាំង​ឡាយ​ទាំងពួង របស់ខីណាសវព្រាហ្មណ៍នោះ ក៏សឹងតែរម្ងាប់អស់​ទៅ ក្នុង​កាលនោះ ព្រោះ​ថា ខីណាសវព្រាហ្មណ៍នោះ ដឹងច្បាស់ នូវធម៌ ព្រម​ទាំង​ហេតុ ។

ធម៌ទាំងឡាយ ប្រាកដដល់ព្រះខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម ញ៉ាំង​កិលេស​ឱ្យក្តៅ អ្នកដុតបង់នូវកិលេស​ក្នុងកាលណា សេចក្តី​សង្ស័យ​ទាំង​ឡាយ​ទាំងពួង របស់​ខីណាសវព្រាហ្មណ៍នោះតែងរម្ងាប់អស់ទៅ​ក្នុងកាល​នោះ​ព្រោះថាខីណាសវព្រាហ្មណ៍​នោះ បានដឹងច្បាស់ នូវព្រះនិព្វាន ជាទី​អស់​ទៅនៃបច្ច័យ ។

ធម៌ទាំងឡាយ ប្រាកដដល់ព្រះខីណាសវព្រាហ្មណ៍ អ្នកមានព្យាយាម ញ៉ាំង​កិលេស​ឱ្យ​ក្តៅ អ្នកដុតបង់នូវកិលេស ក្នុងកាលណា ខីណាសវព្រាហ្មណ៍​នោះ​ រមែង​កម្ចាត់​បង់​នូវមារ ព្រមទាំងសេនានៃមារ ហើយឋិតនៅ ក្នុង​កាល​នោះ​ បីដូចព្រះអាទិត្យរះឡើង ធ្វើ​អាកាសឱ្យរុងរឿង ដោយរស្មី របស់ខ្លួន កម្ចាត់​បង់នូវងងឹត ឋិតនៅដូច្នោះឯង ។

នេះ​ ឈ្មោះថា បឋមពុទ្ធវចនៈ តែអាចារ្យអ្នកពោលបទនៃធម៌ រមែងពោលថា ឈ្មោះ​ថា​ បឋមពុទ្ធវចនៈ គឺ

អនេកជាតិសំសារំ                     សន្ធាវិស្សំ  អនិព្វិសំ

គហការំ  គវេសន្តោ                    ទុក្ខា  ជាតិ  បុនប្បុនំ

គហការក  ទិដ្ឋោសិ                  បុន  គេហំ  ន  កាហសិ

សព្វា  តេ  ផាសុកា  ភគ្គា           គហកូដំ  វិសង្ខតំ

វិសង្ខារគតំ  ចិត្តំ                            តណ្ហានំ  ខយមជ្ឈគា ។

កាលតថាគត មិនទាន់បានជួបប្រទះ ( ពោធិញ្ញាណ រវល់តែ ) ស្វះ​ស្វែង​រក​ជាង​ផ្ទះ គឺ​តណ្ហា អ្នកធ្វើនូវផ្ទះ គឺ អត្តភាព ក៏អន្ទោលទៅកាន់សំសារវដ្ត មាន​ជាតិ​ដ៏ច្រើន សេចក្តី​កើត ជាទុក្ខរឿយៗ ។ នែជាងផ្ទះ អ្នកឯងធ្វើផ្ទះ គឺ​អត្តភាព​ តថាគតឃើញហើយ អ្នក​នឹង​ធ្វើផ្ទះ ( របស់តថាគត ) ទៀត មិន​បាន​ឡើយ ឆ្អឹងជំនីរ គឺកិលេសរបស់​អ្នក​ទាំង​អស់​ តថាគតកាច់បំបាក់អស់ហើយ ដំបូល​ផ្ទះ គឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្ត​របស់តថាគត ដល់​នូវ​ព្រះ​និព្វាន ដែលមានសង្ខារប្រាសហើយ តថាគតបានដល់ធម៌ ជា​​គ្រឿង​ក្ស័យ​តណ្ហា​ទាំងឡាយហើយ ។

ព្រះតម្រាស់ដែលព្រះមានព្រះភាគ ទ្រង់ផ្ទំក្នុងចន្លោះដើមរាំងទាំងគូ ក្នុង​សម័យ​ជិត​នឹង​បរិនិព្វាន ត្រាស់ទុកថា

ហន្ទទានិ  ភិក្ខវេ  អាមន្តយាមិ  វោ  វយធម្មា  សង្ខារា  អប្បមាទេន  សម្បាទេថ

“ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយ ឱ្យ​បាន​ដឹង សង្ខារទាំងឡាយ មានសេចក្តី​សាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរ​ញ៉ាំង​កិច្ច​ទាំង​ពួងឱ្យសម្រេច ដោយសេចក្តមីនិប្រមាទចុះ”​ ដូចេ្នះ ឈ្មោះថា បច្ឆិមពុទ្ធវចនៈ

ព្រះសទ្ធម្មដែលប្រកាសអមតៈ ដែលទ្រង់ត្រាស់ទុក ៤៥ ព្រះវស្សា ក្នុង​រវាង​នៃ​ព្រះ​ពុទ្ធវចនៈ​ទាំងពីរ ដូចនាយ​មាលាការក្រងផ្កា និង​ដូច​ជាង​កែវ​ក្រង​កម្រង​កែវ ឈ្មោះថា មជ្ឈិមពុទ្ធវចនៈ

( សមន្តប្បាសាទិកា និងអដ្ឋសាលិនី និទានកថា )
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ