Search

Loading

Content

19 January 2012

សាគរ​ ៤

04032012043

សាគរ មាន ៤ គឺ

១. សំសារសាគរ ( សាគរ គឺ សំសារ )

២. ជលសាគរ ( សាគរ គឺ ទឹកមហាសមុទ្រ )

៣. នយសាគរ ( សាគរ គឺ ន័យ )

៤. ញាណសាគរ ( សាគរ គឺ ញាណ )

បណ្តាសាគរទាំង ៤ នោះ ឈ្មោះថា សំសារសាគរ គឺ សំសារវដ្ត ដែល​លោក​ពោល​ទុក​យ៉ាងនេះថា

             ខន្ធានញ្ច  បាដិបដិ                ធាតុអាយតនានញ្ច

           អព្ភោច្ឆិន្នំ  វត្តមានា                សំសារោតិ  បវុច្ចតិ

“លំដាប់នៃខន្ធ ធាតុ និងអាយតនៈ ដែលកំពុងប្រព្រឹត្តទៅ មិនដាច់ខ្សែ លោក​ហៅថា សំសារ” ។

នេះឈ្មោះថា សំសារសាគរ ។ សំសារសាគរនេះ ព្រោះហេតុថាខាងដើម នៃ​ការ​កើត​ឡើង​របស់​សត្វទាំងនេះរមែងមិនប្រាកដ គឺមិនមានកំណត់ថា សត្វ​ទាំង​ឡាយ​កើត​ឡើង​មក​ហើយ​ ក្នុងទីបំផុតត្រឹមតែមួយរយឆ្នាំប៉ុណ្ណោះ ត្រឹម​តែមួយពាន់ឆ្នាំប៉ុណ្ណោះ ត្រឹម​តែ​មួយ​សែន​ឆ្នាំ​ប៉ុណ្ណោះ​ ត្រឹម​តែ​មួយ​រយ​កប្បប៉ុណ្ណោះ ត្រឹមតែមួយពាន់កប្ប​ប៉ុណ្ណោះ ត្រឹម​តែ​មួយ​សែន​កប្ប​ប៉ុណ្ណោះ ក្នុងកាលមុន អំពីជាតិនេះ មិនបានឡើយ ដូច្នេះ ឬថា សត្វទាំងឡាយ​កើត​ឡើង​ហើយ​ ក្នុងកាលនៃព្រះរាជាព្រះនាមឯណោះ ក្នុង​កាល​នៃ​ព្រះ​ពុទ្ធ​ទ្រង់​ព្រះ​នាមឯណោះ ក្នុង​កាលមុន​អំពីនោះ មិនមានឡើយ ដូច្នេះ ប៉ុន្តែ មាន​ដោយ​ន័យយ៉ាងនេះថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ខាងដើមនៃអវិជ្ជាមិន​ប្រាកដ​ក្នុង​កាលមុនអំពីនេះ អវិជ្ជាមិនមាន តែខាងក្រោយ ទើប​មាន ( អំ. ទសក. ) ដូច្នេះ ។ ការកំណត់មានក្នុងខាងដើម និងខាងចុង ដែលបុគ្គលដឹង មិន​បាន​នេះ ឈ្មោះថា សំសារសាគរ

មហាសមុទ្រ គប្បីជ្រាបថា ឈ្មោះថា ជលសាគរ មហាសមុទ្រនោះ ជម្រៅ ៨៤,០០០ យោជន៍ ដែលឈ្មោះថា ការប្រមាណ [ គណនា, រាប់, វាល់ ] ទឹក​ក្នុងមហាសមុទ្រនោះ ថាមានប៉ុណេ្ណះ គឺ មានទឹកមួយរយអាឡ្ហកៈ មួយពាន់​អាឡ្ហកៈ ឬ​មួយ​សែន​អាឡ្ហកៈ​មិន​បាន​ឡើយ​ តាមពិត អន្លង់​នៃ​មហាសមុទ្រ​នោះ​ រមែងប្រាកដថា នរណាៗ គប្បីរាប់មិនបាន គប្បី​ប្រមាណ​មិនបាន រមែង​ដល់ការរាប់ថាជាអន្លង់ទឹកធំដោយពិត នេះឈ្មោះថា ជលសាគរ

នយសាគរ តើដូចម្តេច ។ នយសាគរ បានដល់ព្រះពុទ្ធវចនៈគឺព្រះ​ត្រៃបិដក​ បីតិសោមនស្ស​ដែលមិនមានទី​បំផុត រមែង​កើត​ដល់​បុគ្គល​ទាំង​ឡាយ អ្នកដល់ព្រមដោយសទ្ធា មាន​សេចក្តី​ជ្រះ​ថ្លាច្រើន មាន​ញាណ​ដ៏​ក្រៃ​លែង​ដល់អ្នកពិចារណាតន្តិសូម្បីទាំងពីរ ។ តន្តិទាំងពីរ តើ​ដូច​ម្តេច ។ តន្តិ​ទាំងពីរ គឺ ព្រះវិន័យ និងព្រះអភិធម្ម បីតិ និងសោមនស្សដ៏​មិន​មាន​ទីបំផុត រមែង​កើតដល់ភិក្ខុវិនយធរទាំងឡាយ អ្នកពិចារណាតន្តិ នៃវិន័យថា ឈ្មោះ​ថា ការ​បញ្ញត្ត​សិក្ខាបទ​ដ៏​សមគួរដល់ទោស ធម្មតាថា សិក្ខាបទនេះ រមែង​មាន​ ព្រោះទោសនេះ ព្រោះ​ការ​ឈាន​កន្លង​​វត្ថុនេះ​ដូច្នេះ​និង​កើត​ដល់​អ្នក​ពិចារណាឧត្តរិមនុស្សធម្មបេយ្យាល ដល់​អ្នក​ពិចារណា​នីលបេយ្យាល អ្នក​ពិចារណា​សញ្ចរិត្តបេយ្យាលថាការបញ្ញត្តសិក្ខាបទ មិនមែន​វិស័យ​របស់​ជន​ដទៃ ជាវិស័យរបស់ព្រះពុទ្ធទាំងឡាយប៉ុណ្ណោះ។

បីតិ និងសោមនស្ស ដែលមិនមានទីបំផុត រមែងកើត​ដល់​ភិក្ខុ​អ្នក​រៀន​ព្រះ​អភិធម្ម លោក​កាល​ពិចារណានូវតន្តិនៃ​ព្រះអភិធម្មថា ព្រះសាស្តា​របស់​យើងទាំងឡាយ កាល​ទ្រង់​ចែក​សូម្បីសេចក្តីផ្សេងគ្នានៃខន្ធ សូម្បី​សេចក្តី​ផ្សេង​គ្នា នៃអាយតនៈ សូម្បីសេចក្តីផ្សេងគ្នានៃធាតុ សេចក្តី​ផ្សេង​គ្នា​នៃ​ឥន្ទ្រិយ ពលៈ ពោជ្ឈង្គ កម្ម វិបាក ការកំណត់រូបនិង​អរូបធម៌ដ៏ល្អិតសុខុម ទ្រង់ធ្វើមួយខៗ ក្នុងរូបធម៌ និងអរូបធម៌ឱ្យជាចំណែកៗ សម្តែងទុក ដូច​ការ​រាប់ផ្កាយទាំង​ឡាយ​លើមេឃ ដូច្នោះ ។

ក៏ក្នុងការកើតឡើងនៃបីតិសោមនស្សនោះ គប្បីជ្រាបរឿងដូចតទៅនេះ ៖

ដូច​ដែលបានស្តាប់មក ព្រះថេរៈមាននាមថា មហានាគតិមិយតិស្សទត្ត កាល​ទៅ​កាន់​ត្រើយ​ខាង​នាយ ដោយមាន​គំនិតថា យើងនឹង​ថ្វាយ​បង្គំ​មហាពោធិ ទើបអង្គុយលើនាវា ក្រឡេក​មើល​មហាសមុទ្រនោះ ក្នុងគ្រានោះ ត្រើយ​ខាងនាយ មិនប្រាកដដល់លោកឡើយ ត្រើយ​ខាង​អាយ ក៏មិនប្រាកដ ដូចផ្ទាំងប្រាក់ ដែលគេលាតចេញ និងដូច​កម្រាលធ្វើដោយផ្កាម្លិះ ដូច្នោះ ។ លោកគិតថា កម្លាំងរលករបស់មហាសមុទ្រមានកម្លាំងឬហ្ន៎ ឬថា នយមុខ
( សេចក្តី​ដែលព្រះមានព្រះភាគ ទ្រង់ណែនាំទុក ) ក្នុងសមន្តប្បដ្ឋាន ២៤ ប្រភេទ មាន​កម្លាំង​ ដូច្នេះ ។ ខណៈ​នោះ បីតិដ៏មានកម្លាំង ក៏កើតឡើង​ដល់​លោក​ដែល​ពិចារណា​ធម៌​ដ៏​ល្អិត​សុខុម​ថា ការកំណត់ក្នុងមហាសមុទ្រ រមែង​ប្រាកដ ព្រោះថា មហាសមុទ្រនេះ ខាង​ក្រោម​កំណត់​ដោយផែនដី ខាង​លើ​កំណត់ដោយអាកាស ម្ខាង​កំណត់ដោយភ្នំចក្រវាល ម្ខាង​កំណត់​ដោយ​ច្រាំង​ តែការកំណត់សមន្តប្បដ្ឋាន រមែងមិនប្រាកដ ដូច្នេះ លោកគ្រប​សង្កត់​បីតិ ហើយចម្រើនវិបស្សនាលើទីអង្គុយ ញ៉ាំង​កិលេស​ទាំងពួង​ឱ្យអស់​ទៅ​ហើយ​ តាំង​នៅ​ក្នុង​ព្រះអរហត្ត ដែល​ជាធម៌ដ៏ប្រសើរ ហើយបន្លឺឧទានថា

“ព្រះ​យោគាវចរ រមែងឃើញធម៌ដ៏ជ្រាលជ្រៅ ដែលត្រាស់ដឹងបាន ដោយ​កម្រ មាន​ហេតុ​ជា​ដែន​កើត ដែល​ព្រះមហេសី ទ្រង់ត្រាស់ដឹងដោយព្រះ​អង្គ​ឯង សម្តែងទុកតាមលំដាប់ បរិបូណ៌​គ្រប់គ្រាន់ ក្នុងសមន្តប្បដ្ឋាន នេះ​ប៉ុណ្ណោះ​ ដូចជារូបរាងតែម្តង” ។
នេះ ឈ្មោះថា នយសាគរ

ញាណសាគរ តើដូចម្តេច ។
សព្វញ្ញុតញ្ញាណ ឈ្មោះថា ញាណសាគរ
ពិតណាស់ ញាណដទៃមិនអាចដើម្បីនឹងដឹងសាគរនោះថា នេះឈ្មោះថា សំសារសាគរ នេះ​ឈ្មោះថា ជលសាគរ នេះឈ្មោះថា នយសាគរ តែ​សព្វញ្ញុតញ្ញាណប៉ុណ្ណោះ អាច​ដើម្បី​ដឹង​បាន ព្រោះហេតុនោះ សព្វញ្ញុតញ្ញាណ​ ទើប​ឈ្មោះថា ញាណសាគរ

( អដ្ឋសាលិនី អដ្ឋកថាធម្មសង្គណី )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ