Search

Loading

Content

25 April 2012

បុញ្ញកិរិយាវត្ថុ​ ១០

កាមាវចរកុសលចិត្ត​សូម្បី​ទាំង​អស់​ បណ្ឌិត​គប្បី​សម្ដែង​ដោយ​បុញ្ញកិរិយាវត្ថុ​ ១០​ ប្រការ​ ។​ សួរ​ថា​ សម្ដែង​យ៉ាង​ដូច​ម្ដេច?​ ឆ្លើយ​ថា​ គប្បី​សម្ដែង​ឈ្មោះ​បុញ្ញកិរិយាវត្ថុ​ទាំង​ ១០​ នេះ​ គឺ៖

១. ទានមយ​      បុញ្ញកិរិយាវត្ថុ​សម្រេច​ដោយ​ទាន​

២. សីលមយ​     បុញ្ញកិរិយាវត្ថុ​សម្រេច​ដោយ​សីល

៣. ភាវនាមយ​    បុញ្ញកិរិយាវត្ថុ​សម្រេច​ដោយ​ភាវនា

៤. អបចិតិសហគត​ បុណ្យ​ដែល​សហគតៈ​ដោយ​ការ​ឱន​លំទោន

៥. វេយ្យាវច្ចសហគត​ បុណ្យ​ដែល​សហគតៈ​ដោយ​ការ​ខ្វល់​ខ្វាយ

៦. បត្តានុបទានមយ​   បុណ្យ​សម្រេច​ដោយ​ការ​ផ្សាយ​ចំណែក​បុណ្យ

៧. អព្ភានុមោទនមយ​ បុណ្យ​សម្រេច​ដោយ​ការ​អនុមោទនា

៨. ទេសនាមយ​          បុណ្យ​សម្រេច​ដោយ​ការ​សម្ដែង​ធម៌

៩. សវនមយ​              បុណ្យ​សម្រេច​ដោយ​ការ​ស្ដាប់​ធម៌

១០. ទិដ្ឋុជុកម្ម​             បុណ្យ​ដែល​សម្រេច​អំពី​ការ​យល់​ត្រូវ

បណ្ដា​បុញ្ញកិរិយាវត្ថុ​ទាំង​នោះ​ ទាន​នុ៎ះ​ឯង​ ឈ្មោះ​ថា​ ទានមយ​ ជា​ការ​ធ្វើ​បុណ្យ​ ( បុញ្ញកិរិយា )​ ការ​ធ្វើ​បុណ្យ​នោះ​ផង​ ជា​វត្ថុ​ ( គឺ​ទី​តាំង​ ) ​នៃ​អានិសង្ស​ទាំង​ឡាយ​នោះៗ​ ផង​ ព្រោះ​ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ បុញ្ញកិរិយាវត្ថុ​ ។​ ក្នុង​បុញ្ញកិរិយាវត្ថុ​ដទៃ​ទៀត​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។

បណ្ដា​បុញ្ញកិរិយាវត្ថុ​ទាំង​នោះ​ កាល​បុគ្គល​ឱ្យ​បច្ច័យ​ជាដើម​ ក្នុង​បណ្ដា​បច្ច័យ​ ៤​ មាន​ចីវរ​ជា​ដើម​ ឬ​ក្នុង​បណ្ដា​អារម្មណ៍​ ៦​ មាន​រូប​ជា​ដើម​ ឬ​ទានវត្ថុ​ ១០​ មាន​ការ​ឱ្យ​បាយ​ជា​ដើម​នោះ​ ចេតនា​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាល​ទាំង​ ៣​ គឺ​ ក្នុង​កាល​ខាង​ដើម​ ១​ ក្នុង​ការ​បរិច្ចាគ​ ១​ ក្នុង​ការ​តាម​រលឹក​ដោយ​ចិត្ត​សោមនស្ស​ក្នុង​កាល​ជា​ខាង​ក្រោយ​ ១​ ចាប់​ផ្ដើម​ពី​ការ​កើត​ឡើង​នៃ​បច្ច័យ​ជា​ដើម​នោះៗ​ ឈ្មោះ​ថា​ ជា​បុញ្ញកិរិយាវត្ថុ​សម្រេច​ដោយ​ការ​ឱ្យ​ ( ទានមយំ ) ។

ចេតនា​ដែល​ប្រព្រឹត្ត​ទៅ​របស់​បុគ្គល​អ្នក​សមាទាន​សីល​ ៥​ សីល​ ៨​ ឬ​សីល​ ១០​ ឬ​របស់​អ្នក​ដែល​ចូល​ទៅ​កាន់​វិហារ​ ដោយ​គិត​ថា​ អញ​នឹង​បួស​ក្ដី​ កំពុង​បួស​ក្ដី​ ញ៉ាំង​មនោរថ​ឱ្យ​ដល់​​ទី​បំផុត​ហើយ​ រំពឹង​ថា​ យើង​បួស​ហើយ​ ជា​ការ​ល្អ​ប្រសើរ​ហ្ន៎​ ដូច្នេះ​ក្ដី​ អ្នក​សង្រួម​ក្នុង​បាតិមោក្ខក្ដី​ អ្នក​ពិចារណា​បច្ច័យ​ទាំង​ឡាយ​ មាន​ចីវរ​ជា​ដើម​ក្ដី​ អ្នក​សង្រួម​ទ្វារ​មាន​ចក្ខុទ្វារ​ជា​ដើម​ ក្នុង​រូប​ជា​ដើម​ ដែល​មក​កាន់​គន្លង​ក្ដី​ អ្នក​ជម្រះ​អាជីវៈ​ឱ្យ​បរិសុទ្ធ​ក្ដី​ ឈ្មោះ​ថា​ បុញ្ញកិរិយាវត្ថុ​ សម្រេច​ដោយ​សីល​ ( សីលមយំ ) ។

ចេតនា​ដែល​ប្រព្រឹត្ត​ទៅ​របស់​បុគ្គល​ដែល​ពិចារណា​អំពី​ចក្ខុ​ ដោយ​ភាព​ជា​របស់​មិន​ទៀង​ ជា​ទុក្ខ​ ជា​អនត្តា​ ពិចារណា​សោត​ ។ល។​ ពិចារណា​មនៈ​ ។ល។​ ពិចារណា​រូប​ទាំង​ឡាយ​ ។ល។​ ពិចារណា​ធម៌​ទាំង​ឡាយ​ ពិចារណា​ចក្ខុវិញ្ញាណ​ ។ល។​ ពិចារណា​មនោវិញ្ញាណ​ ពិចារណា​ចក្ខុសម្ផស្ស​ ។ល។​ ពិចារណា​មនោសម្ផស្ស​ ពិចារណា​វេទនា​ដែល​កើត​អំពី​ចក្ខុសម្ផស្ស​ ។ល។​ ពិចារណា​វេទនា​ដែល​កើត​អំពី​មនោសម្ផស្ស​ ពិចារណា​រូបសញ្ញា​ ។ល។​ ពិចារណា​ជរាមរណៈ​ ដោយ​ភាព​ជា​របស់​មិន​ទៀង​ ជា​ទុក្ខ​ ជា​អនត្តា​ ដោយ​ឧបាយ​នៃ​វិបស្សនា​ ( វិបស្សនាមគ្គេន )​ ដែល​ព្រះ​សារីបុត្តត្ថេរ​ពោល​ទុក​ក្នុង​បដិសម្ភិទាមគ្គ​ ឬ​ថា​ចេតនា​សូម្បី​ទាំង​អស់​ដែល​មិន​ដល់​អប្បនា​ក្នុង​អារម្មណ៍​ ៣៨​ ឈ្មោះ​ថា​ បុញ្ញកិរិយាវត្ថុ​ សម្រេច​ដោយ​ភាវនា​ ( ភាវនាមយំ ) ។

គប្បី​ជ្រាប​បុញ្ញកិរិយាវត្ថុ​ដែល​សហគតៈ​ដោយ​ឃើញ​អ្នក​ធំ​ហើយ​ ធ្វើ​ការ​ទទួល​បដិសណ្ឋារៈ​ មាន​ការ​ទទួល​បាត្រ​ ចីវរ​ ថ្វាយ​បង្គំ​ និង​ការ​ឱ្យ​ ឬ​ប្រគេន​ផ្លូវ​ជា​ដើម ។

គប្បី​ជ្រាប​បុញ្ញកិរិយាវត្ថុ​ដែល​សហគតៈ​ដោយ​ការ​ខ្វល់​ខ្វាយ​ ក្នុង​កាល​ខ្វល់​ខ្វាយ​តាម​ផ្លូវ​កាយ​ ដោយ​អំណាច​ការ​ធ្វើ​វត្ត​ និង​ធ្វើ​វត្តបដិបត្តិ​ដល់​ភិក្ខុ​ដែល​ចម្រើន​ជាង​ខ្លួន​ក្ដី​ ដោយ​ឃើញ​ភិក្ខុ​ដែល​ចូល​ទៅ​កាន់​ស្រុក​ដើម្បី​បិណ្ឌបាត​ ហើយ​ទទួល​បាត្រ​ និមន្ត​ឱ្យ​ចូល​ទៅ​ទទួល​ភិក្ខា​ក្នុង​ផ្ទះ​ក្ដី​ ដោយ​បាន​ឮ​ពាក្យ​ថា​ “អ្នក​ចូរ​ទៅ​ ចូរ​នាំ​បាត្រ​មក​ប្រគេន​ភិក្ខុ​ទាំង​ឡាយ​” ហើយ​ប្រញាប់​ទៅ​នាំ​បាត្រ​មក​ឱ្យ​ជា​ដើម​ក្ដី ។

កាល​បុគ្គល​ឱ្យ​ទាន​ ធ្វើ​ការ​បូជា​ដោយ​របស់​ក្រអូប​ជា​ដើម​ ហើយ​ឱ្យ​ចំណែក​បុណ្យ​ថា​ “សូម​ចំណែក​បុណ្យ​ ចូរ​មាន​ដល់​បុគ្គល​ឈ្មោះ​ឯណោះ​ ឬ​ថា​ សូម​ចំណែក​បុណ្យ​ចូរ​មាន​ដល់​សព្វ​សត្វ​ទាំង​ឡាយ​” ដូច្នេះ​ គប្បី​ជ្រាប​ថា​ ជា​បុញ្ញកិរិយាវត្ថុ​ដែល​កើត​អំពី​ការ​ឱ្យ​ចំណែក​បុណ្យ ។​

សួរ​ថា​ ក៏​កាល​បុគ្គល​ឱ្យ​ចំណែក​បុណ្យ​នេះ​ បុណ្យ​រមែង​មិន​អស់​ទៅ​ទេ​ឬ?

ឆ្លើយ​ថា​ រមែង​មិន​អស់​ទៅ​ទេ​ ឧទាហរណ៍​ដូច​បុគ្គល​អុជ​ប្រទីប​ឱ្យ​ភ្លឺ​តែ​មួយ​ដួង​ ហើយ​ក៏​ញ៉ាំង​ប្រទីប​មួយ​ពាន់​ដួង​ ឱ្យ​ភ្លឺ​ព្រោង​ព្រាត​បាន​ ព្រោះ​ប្រទីប​មួយ​ដួង​នោះ​ នរណាៗ​ មិន​អាច​និយាយ​បាន​ថា​ ប្រទីប​ដួង​ដំបូង​អស់​ទៅ​ហើយ​ ប៉ុន្តែ​ពន្លឺ​នៃ​ប្រទីប​ដួង​ក្រោយៗ​ ជា​មួយ​នឹង​ប្រទីប​ដួង​ដំបូង​រួម​គ្នា​ហើយ​ ក៏​ជា​ពន្លឺ​ភ្លឺ​ក្រៃ​លែង​ឡើង​ យ៉ាង​ណា​ កាល​បុគ្គល​ឱ្យ​នូវ​ចំណែក​បុណ្យ​​ ក៏​យ៉ាង​នោះ​ដូច​គ្នា​ដែរ​ ឈ្មោះ​ថា​ បុណ្យ​ទាំង​ឡាយ​នឹង​ថយ​ចុះ​ រមែង​មិន​មាន​ គប្បី​ជ្រាប​ថា​ រមែង​មាន​តែ​ចម្រើន​ឡើង​ប៉ុណ្ណោះ ។

គប្បី​ជ្រាប​បុញ្ញកិរិយាវត្ថុ​ ដែល​កើត​អំពី​ការ​អនុមោទនា​ ដោយ​អំណាច​នៃ​ការ​អនុមោទនា​ចំណែក​បុណ្យ​ ដែល​បុគ្គល​ដទៃ​ឱ្យ​ហើយ​ ឬ​ដោយ​បុញ្ញកិរិយាវត្ថុ​ដទៃៗ​ ដោយ​ការ​បន្លឺ​ថា​ សាធុ​ ( ល្អ )​ សុដ្ឋុ​ ( ប្រពៃ )​ ដូច្នេះ ។​

ភិក្ខុ​មួយ​រូប​ តាំង​នៅ​ក្នុង​សេចក្ដី​ប្រាថ្នា​ចង់​បាន​ ដោយ​គិត​ថា​ ជន​ទាំង​ឡាយ​នឹង​ស្គាល់​អញ​ថា​ ជា​ធម្មកថិក​ ដូច្នេះ​ ហើយ​ជា​អ្នក​ធ្ងន់​ក្នុង​លាភ​ សម្ដែង​ធម៌​ ការ​សម្ដែង​ធម៌​នោះ​មិន​មាន​ផល​ច្រើន​ទេ ។​ ចំណែក​ភិក្ខុ​មួយ​រូប​ មិន​ប្រាថ្នា​ផល​តប​ស្នង​ សម្ដែង​ធម៌​ដែល​ខ្លួន​ជំនាញ​ដល់​ជន​ទាំង​នោះ​ ដោយ​ឧបាយ​ដែល​នឹង​ឱ្យ​ដល់​វិមុត្តិ​ ការ​សម្ដែង​នេះ​ ឈ្មោះ​ថា​ បុញ្ញកិរិយាវត្ថុ​ សម្រេច​ដោយ​ការ​សម្ដែង​ ( ទេសនាមយ ) ។

ភិក្ខុ​មួយ​រូប​ កាល​ស្ដាប់​ធម៌​ រមែង​ស្ដាប់​ដោយ​គិត​ថា​ “ជន​ទាំង​ឡាយ​នឹង​ដឹង​ថា​ យើង​ជា​អ្នក​មាន​សទ្ធា​” ការ​ស្ដាប់​នោះ​ មិន​មាន​ផល​ច្រើន​ទេ ។​ ចំណែក​ភិក្ខុ​មួយ​រូប​ រមែង​ស្ដាប់​ធម៌​ ដោយ​ចិត្ត​ទោរ​ទន់​ ដោយ​ការ​ផ្សាយ​ទៅ​នូវ​ប្រយោជន៍​ថា​ ផល​ច្រើន​នឹង​មាន​ដល់​យើង​ ដោយ​អាការៈ​យ៉ាង​នេះ​ ការ​ស្ដាប់​ធម៌​នោះ​ ឈ្មោះ​ថា​ បុញ្ញកិរិយាវត្ថុ​ សម្រេច​ដោយ​ការ​ស្ដាប់​ ( សវនមយ ) ។

កាល​បុគ្គល​ធ្វើ​សេចក្ដី​យល់​ឃើញ​ត្រង់​ ឈ្មោះ​ថា​​ បុញ្ញកិរិយាវត្ថុ​ ដែល​កើត​អំពី​ការ​ធ្វើ​សេចក្ដី​យល់​ឃើញ​ឱ្យ​ត្រង់ ។​ តែ​អាចារ្យ​អ្នក​ពោល​ទីឃនិកាយ​ ( ទីឃភាណកៈ )​ ពោល​ថា​ ទិដ្ឋុជុកម្ម​ ជា​លក្ខណនិយម​ ( គឺ​គ្រឿង​សម្គាល់​នៃ​សេចក្ដី​បរិបូណ៌ )​ របស់​បុញ្ញកិរិយាវត្ថុ​ទាំង​អស់​ ព្រោះ​ថា​ កាល​បុគ្គល​នឹង​ធ្វើ​បុណ្យ​យ៉ាង​ណា​នី​មួយ​ រមែង​ជា​បុណ្យ​មាន​ផល​ច្រើន​ ព្រោះ​សេចក្ដី​យល់​ឃើញ​ត្រង់​នុ៎ះ​ឯង​ ដូច្នេះ ។

ក៏​បណ្ដា​បុញ្ញកិរិយាវត្ថុ​ទាំង​នោះ​ បុញ្ញកិរិយាវត្ថុ​ដែល​ជា​ទានមយ​ រមែង​កើត​ឡើង​ដល់​បុគ្គល​ដែល​កាល​គិត​ថា​ យើង​នឹង​ឱ្យ​ទាន​មុន​ កាល​បុគ្គល​កំពុង​ឱ្យ​ទាន​ បុញ្ញកិរិយាវត្ថុ​ ដែល​ជា​ទានមយ​ក៏​កើត​ឡើង​ កាល​បុគ្គល​ពិចារណា​ថា​ ទាន​ដែល​យើង​ឱ្យ​ហើយ​ ដូច្នេះ​ បុញ្ញកិរិយាវត្ថុ​ដែល​ជា​ទានមយ​ ក៏​កើត​ឡើង​ ធម្មតា​បុញ្ញកិរិយាវត្ថុ​ដែល​ជា​ទានមយ​ នឹង​កើត​មាន​បាន​ ក៏​ព្រោះ​ចេតនា​ទាំង​ ៣​ គឺ​ បុព្វចេតនា​ មុញ្ចនចេតនា​ អបរចេតនា​ ឱ្យ​ជា​មួយ​គ្នា ។​ សូម្បី​សីលមយ​ ក៏​រមែង​កើត​ដល់​បុគ្គល​កាល​គិត​ថា​ យើង​នឹង​បំពេញ​សីលមយ​ ក៏​រមែង​កើត​ឡើង​ ក្នុង​វេលា​ដែល​កំពុង​បំពេញ​សីល​ឱ្យ​បរិបូណ៌​ សីលមយ​ ក៏​កើត​ឡើង​ កាល​ពិចារណា​ថា​ យើង​បាន​បំពេញ​សីល​ហើយ​ សីលមយ​ក៏​រមែង​កើត​ឡើង​ ធម្មតា​បុញ្ញកិរិយាវត្ថុ​ដែល​ជា​សីលមយ​ នឹង​កើត​មាន​បាន​ ក៏​ព្រោះ​ចេតនា​ទាំង​អស់​នោះ​ ក៏​ជា​មួយ​គ្នា​ ។ល។​ សូម្បី​បុញ្ញកិរិយាវត្ថុ​ ដែល​ជា​ទិដ្ឋុជុកម្ម​ កាល​កើត​ក៏​រមែង​កើត​ដល់​បុគ្គល​ដែល​គិត​ថា​ យើង​នឹង​ធ្វើ​សេចក្ដី​យល់​ឃើញ​ឱ្យ​ត្រង់​ ដូច្នេះ​ កាល​បុគ្គល​កំពុង​ធ្វើ​សេចក្ដី​យល់​ឃើញ​ឱ្យ​ត្រង់​ ទិដ្ឋុជុកម្ម​ក៏​រមែង​កើត​ឡើង​ កាល​បុគ្គល​ពិចារណា​ថា​ សេចក្ដី​យល់​ឃើញ​ដែល​យើង​ធ្វើ​ឱ្យ​ត្រង់​ហើយ​ ដូច្នេះ​ ទិដ្ឋុជុកម្ម​ក៏​រមែង​កើត​ឡើង​ ធម្មតា​បុញ្ញកិរិយាវត្ថុ​ដែល​ជា​ទិដ្ឋុជុកម្ម​ នឹង​កើត​មាន​បាន​ ក៏​ព្រោះ​ចេតនា​ទាំង​អស់​នោះ​ ឱ្យ​ជា​មួយ​គ្នា​ ក៏​បុញ្ញកិរិយាវត្ថុ​ក្នុង​ព្រះ​សូត្រ​ មាន​ត្រឹម​តែ​ ៣​ ប៉ុណ្ណោះ ។

គប្បី​ជ្រាប​ការ​សង្គ្រោះ​បុញ្ញកិរិយាវត្ថុ​ក្រៅ​ពី​នេះ​ ចូល​ក្នុង​បុញ្ញកិរិយាវត្ថុ​ទាំង​ ៣​ នោះ​ ពិត​មែន​ ការ​ប្រព្រឹត្ត​ឱន​លំទោន​ និង​ការ​ខ្វល់​ខ្វាយ​ រមែង​សង្គ្រោះ​ជា​សីលមយ​ប៉ុណ្ណោះ​ ។​ ការ​ឱ្យ​ចំណែក​បុណ្យ​ និង​ការ​អនុមោទនា​ចំណែក​បុណ្យ​សង្គ្រោះ​ចូល​ក្នុង​ទានមយ​ ។​ ការ​សម្ដែង​ធម៌​ ការ​ស្ដាប់​ និង​ទិដ្ឋុជុកម្ម​ សង្គ្រោះ​ចូល​ក្នុង​ភាវនាមយ​ ចំណែក​ជន​ទាំង​ឡាយ​ណា​ពោល​ថា​ ទិដ្ឋុជុកម្ម​ជា​លក្ខណៈ​នៃ​សេចក្ដី​បរិបូណ៌​ជាង​បុញ្ញកិរិយាវត្ថុ​ទាំង​អស់​ ទិដ្ឋុជុកម្ម​របស់​ជន​ទាំង​ឡាយ​នោះ​ រមែង​ដល់​ការ​សង្គ្រោះ​ចូល​ក្នុង​បុញ្ញកិរិយាវត្ថុ​ទាំង​ ៣ ។​ បុញ្ញកិរិយាវត្ថុ​ទាំង​អស់​នេះ​ ដោយ​សង្ខេប​មាន​ ៣​ ដោយ​ពិស្ដារ​មាន​ ១០​ ដោយ​ប្រការ​ដូច្នេះ ។

បណ្ដា​បុញ្ញកិរិយាវត្ថុ​ទាំង​នោះ​ កាល​បុគ្គល​គិត​ថា​ យើង​នឹង​ឱ្យ​ទាន​ ដូច្នេះ​ រមែង​គីត​ដោយ​កាមាវចរកុសលចិត្ត​ ៨​ ដួង​ ដួង​ណា​មួយ​ដោយ​ពិត ។ សូម្បី​កាល​ឱ្យ​ ក៏​រមែង​ឱ្យ​ដោយ​កាមាវចរកុសលចិត្ត​ ៨​ ដួង​ ដួង​ណា​មួយ​នុ៎ះ​ឯង​ សូម្បី​កាល​ពិចារណា​ថា​ ទាន​ដែល​យើង​ឱ្យ​ហើយ​ ដូច្នេះ​ ក៏​រមែង​ពិចារណា​ ដោយ​កាមាវចរកុសលចិត្ត​ ៨​ ដួង​ ដួង​ណា​មួយ​ដូច​គ្នា​ សូម្បី​កាល​គិត​ថា​ យើង​នឹង​បំពេញ​សីល​ឱ្យ​បរិបូណ៌​ ដូច្នេះ​ ក៏​រមែង​គិត​ដោយ​កាមាវចរកុសលចិត្ត​ ៨​ ដួង​ ដួង​ណា​នី​មួយ​នុ៎ះ​ឯង​ សូម្បី​កំពុង​បំពេញ​សីល​ ក៏​បំពេញ​ដោយ​កាមាវចរកុសលចិត្ត​ ៨​ ដួង​ ដួង​ណា​នី​មួយ​នុ៎ះ​ឯង​ សូម្បី​ពិចារណា​ថា​ សីល​យើង​បំពេញ​ហើយ​ ក៏​រមែង​ពិចារណា​ដោយ​កាមាវចរកុសលចិត្ត​ ៨ ដួង​ ដួង​ណា​នី​មួយ​ដូច​គ្នា​ សូម្បី​កាល​គិត​ថា​ យើង​នឹង​ចម្រើន​ភាវនា​ ដូច្នេះ​​ ក៏​រមែង​ពិចារណា​ ដោយ​កាមាវចរកុសលចិត្ត​ ៨​ ដួង​ ដួង​ណា​នី​មួយ​នុ៎ះ​ឯង​ សូម្បី​កាល​ចម្រើន​ភាវនា​ ក៏​រមែង​ចម្រើន​ភាវនា​ ក៏​រមែង​ចម្រើន​​ដោយ​កាមាវចរកុសលចិត្ត​ ៨​ ដួង​ ដួង​ណា​នី​មួយ​នុ៎ះ​ឯង​ សូម្បី​កាល​ពិចារណា​ថា​ ភាវនា​អាត្មា​អញ​ចម្រើន​ហើយ​ ដូច្នេះ​ ក៏​រមែង​ពិចារណា​ដោយ​កាមាវចរកុសល​ ៨​ ដួង​ ដួង​ណា​នី​មួយ​ដូច​គ្នា ។

សូម្បី​កាល​គិត​ថា​ យើង​នឹង​ធ្វើ​សេចក្ដី​ឱន​លំទោន​ចំពោះ​អ្នក​ធំ​ ក៏​រមែង​គិត​ដោយ​កាមាវចរកុសលចិត្ត​ ៨​ ដួង​ ដួង​ណា​នី​មួយ​នុ៎ះ​ឯង​ សូម្បី​កាល​នឹង​ធ្វើ​ ក៏​រមែង​ធ្វើ​ដោយ​កាមាវចរកុសលចិត្ត​ ៨​ ដួង​ទាំង​នោះ​ ដួង​ណា​នី​មួយ សូម្បី​កាល​ពិចារណា​ថា​ សេចក្ដី​ឱន​លំទោន​ អាត្មា​អញ​បាន​ធ្វើ​ហើយ​ ដូច្នេះ​ ក៏​រមែង​ពិចារណា​ដោយ​កាមាវចរកុសល​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​មួយ​ សូម្បី​កាល​គិត​ថា​ អាត្មា​អញ​នឹង​ធ្វើ​កម្ម​ គឺ​ការ​ខ្វល់​ខ្វាយ​តាម​ផ្លូវ​កាយ​ សូម្បី​កាល​នឹង​ធ្វើ​ សូម្បី​កាល​ពិចារណា​ថា​ អាត្មា​អញ​ធ្វើ​ការ​ខ្វល់​ខ្វាយ​ហើយ​ ក៏​រមែង​ពិចារណា​ដោយ​កាមាវចរកុសល​ ៨​ ដួង​នោះ​ ដួង​ណា​នី​មួយ​ សូម្បី​កាល​គិត​ថា​ អាត្មា​អញ​នឹង​ឱ្យ​ចំណែក​បុណ្យ​ ដូច្នេះ​ ក្នុង​កាល​កំពុង​ឱ្យ​ សូម្បី​កាល​ពិចារណា​ថា​ ចំណែក​បុណ្យ​ដែល​អាត្មា​អញ​ឱ្យ​ហើយ​ សូម្បី​គិត​ថា​ អាត្មា​អញ​នឹង​អនុមោទនា​ចំណែក​បុណ្យ​ ឬ​កុសល​ដទៃ​ទៀត​ ដូច្នេះ​ ក៏​គិត​ដោយ​កាមាវចរកុសលចិត្ត​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​នី​មួយ​ សូម្បី​កាល​នឹង​អនុមោទនា​ ក៏​រមែង​អនុមោទនា​ដោយ​កាមាវចរកុសល​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​នី​មួយ​ សូម្បី​កាល​ពិចារណា​ថា​ ពាក្យ​អនុមោទនា​ អាត្មា​អញ​អនុមោទនា​ហើយ​ ដូច្នេះ​ ក៏​រមែង​ពិចារណា​ដោយ​កាមាវចរកុសល​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​នី​មួយ​ សូម្បី​កាល​គិត​ថា​ អញ​នឹង​សម្ដែង​ធម៌​ ក៏​គិត​ដោយ​កាមាវចរកុសល​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​មួយ​ សូម្បី​កាល​ពិចារណា​ថា​ អញសម្ដែង​​ហើយ​ ដូច្នេះ​ ក៏​រមែង​ពិចារណា​ដោយ​កាមាវចរកុសល​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​នី​មួយ  សូម្បី​កាល​គិត​ថា​ អញ​នឹង​ស្ដាប់​ធម៌​ ដូច្នេះ​ ក៏​រមែង​គិត​ដោយ​កាមាវចរកុសល​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​នី​មួយ​ សូម្បី​កាល​ស្ដាប់​ ក៏​រមែង​ស្ដាប់​ដោយ​កាមាវចរកុសលចិត្ត​ទាំង​ ៨​ នោះ​ ដួង​ណា​នី​មួយ​ សូម្បី​កាល​ពិចារណា​ថា​ អញ​ស្ដាប់​ធម៌​ហើយ​ ដូច្នេះ​ ក៏​រមែង​ពិចារណា​ដោយ​កាមាវចរកុសល​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​នី​មួយ​ សូម្បី​កាល​គិត​ថា​ អញ​នឹង​ធ្វើ​ទិដ្ឋិ​ឱ្យ​ត្រង់​ ដូច្នេះ​ ក៏​រមែង​គិត​ដោយ​កាមាវចរកុសលចិត្ត​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​នី​មួយ​ ក៏​កាល​នឹង​ធ្វើ​សេចក្ដី​យល់​ឃើញ​ឱ្យ​ត្រង់​ ក៏​រមែង​ធ្វើ​ដោយ​ញាណសម្បយុត្ត​ ៤​ ដួង​ ដួង​ណា​មួយ​ កាល​ពិចារណា​ថា​ ទិដ្ឋិ​ដ៏​ត្រង់​ អញ​ធ្វើ​ហើយ​ ដូច្នេះ​ ក៏​រមែង​ពិចារណា​ដោយ​កាមាវចរកុសលចិត្ត​ទាំង​ ៨​ ដួង​នោះ​ ដួង​ណា​នីមួយ ។

( អដ្ឋសាលិនី​ ចិត្តុប្បាទកណ្ឌវណ្ណនា )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ