Search

Loading

Content

16 August 2012

សង្ឃសោភណសូត្រ

បុគ្គល​ដែល​ប្រកប​ដោយ​ធម៌​ ៤​ ប្រការ​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ឆ្លៀវ​ឆ្លាស​ វាង​វៃ​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ឋានៈ​នៃ​បុគ្គល​ ៤​ ពួក​នេះ​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ។​ បុគ្គល​ ៤​ ពួក​ តើ​ដូច​ម្ដេច?​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​​នេះ​ ឆ្លៀវ​ឆ្លាស​ វាង​វៃ​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ១​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុនី​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧបាសក​ ។ល។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧបាសិកា​ ឆ្លៀវ​ឆ្លាស​ វាង​វៃ​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ១​ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ឆ្លៀវ​ឆ្លាស​ វាង​វៃ​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ប្រតិបត្តិ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌​ ទាំង​ ៤​ ពួក​នេះ​ឯង​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង ។

យោ​  ហោតិ​  ព្យត្តោ​  ច​  វិសារទោ​  ច

ពហុស្សុតោ​  ធម្មធរោ​  ច​  ហោតិ

ធម្មស្ស​  ហោតិ​  អនុធម្មចារី

ស​  តាទិសោ​  វុច្ចតិ​  សង្ឃសោភនោ ។

បុគ្គល​ណា​ ឆ្លៀវ​ឆ្លាស​ ក្លៀវ​ក្លា​ ជា​អ្នក​ចេះ​ដឹង​ច្រើន​ ទ្រទ្រង់​នូវ​ធម៌​ ជា​អ្នក​ប្រព្រឹត្ត​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ បុគ្គល​ប្រាកដ​ដូច្នោះ​នោះ​ ឈ្មោះ​ថា​ ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ។​

ភិក្ខុ​  ច​  សីលសម្បន្នោ​                  ភិក្ខុនី​  ច​  ពហុស្សុតា

ឧបាសកោ​  ច​  យោ​  សទ្ធោ​          យា​  ច​  សទ្ធា​  ឧបាសិកា

ឯតេ​  ខោ​  សង្ឃំ​  សោភេន្តិ​              ឯតេ​  ហិ​  សង្ឃសោភនោ ។

គឺ​ភិក្ខុ​បរិបូណ៌​ ដោយ​សីល​ ១​ ភិក្ខុនី​មាន​សេចក្ដី​ចេះ​ដឹង​ច្រើន​ ១​ ឧបាសក​មាន​សទ្ធា​ ១​ ឧបាសិកា​មាន​​សទ្ធា​ ១​ បុគ្គល​ទាំង​អម្បាល​នេះ​ឯង​ រមែង​ញ៉ាំង​សង្ឃ​ឱ្យ​រុង​រឿង​ ព្រោះ​ថា​ បុគ្គល​ទាំង​នេះ​ ជា​អ្នក​ធ្វើ​សង្ឃ​ឱ្យ​រុង​រឿង ។

( បិដក​លេខ​ ៤២​ ទំព័រ​ ១៧-១៩ )

អដ្ឋកថា​សង្ឃសោភណសូត្រ

បទ​ថា​ វិយត្តា​ បាន​ដល់​ បុគ្គល​ដែល​ប្រកប​ដោយ​បញ្ញាវិយត្ត​ ( មាន​បញ្ញា​ឆ្លៀវ​ឆ្លាស ) ។​ បទ​ថា​ វិនីតា​ សេចក្ដី​ថា​ អ្នក​ចូល​ដល់​វិន័យ​ដែល​លោក​ណែ​នាំ​ល្អ ។​ បទ​ថា​ វិសារទា​ សេចក្ដី​ថា​ អ្នក​ប្រកប​ដោយ​សេចក្ដី​ក្លៀវ​ក្លា​ គឺ​ញាណ​សហគត​ដោយ​សោមនស្ស ។​ បទ​ថា​ ធម្មធរា​ គឺ​ ទ្រទ្រង់​ធម៌​ដែល​បាន​ស្ដាប់​មក​ហើយ​ទុក​បាន ។​ បទ​ថា​ ភិក្ខុ​ ច​ សីលសម្បន្នោ​ សេចក្ដី​ថា​ ក្នុង​គាថា​ត្រាស់​គុណ​តែ​ម្យ៉ាង​ៗ​ ក្នុង​បុគ្គល​នីមួយៗ​ ក៏​ពិត​មែន​ តែ​ថា​ គុណធម៌​ទាំង​ពួង​ ក៏​រមែង​គួរ​ដល់​លោក​ទាំង​អស់​នោះ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ