សតិ សេចក្តីរលឹក
សម្បជញ្ញំ ដឹងខ្លួន
អធិប្បាយ
សតិ ក៏គឺសតិ [ ការរលឹក ] នុ៎ះឯង ។ សម្បជញ្ញៈ គឺ ញាណ ( ការដឹង ) ។
សតិពិចារណាគតិទាំងឡាយ នៃធម៌ដែលជាប្រយោជន៍ និងមិនមែនជាប្រយោជន៍ ដឹងថាធម៌ទាំងឡាយមានកាយទុច្ចរិតជាដើមទាំងនេះ ថាមិនមានប្រយោជន៍ រមែងបន្ទោបង់ធម៌ដែលមិនជាប្រយោជន៍ ដឹងថាធម៌មានកាយសុចរិតជាដើមទាំងនេះជាប្រយោជន៍ រមែងផ្គងធម៌ដែលជាប្រយោជន៍ ដូចបរិនាយកកែវរបស់ស្តេចចក្រពត្តិ ដឹងវត្ថុដែលជាប្រយោជន៍ និងវត្ថុដែលមិនមែនជាប្រយោជន៍ វត្ថុដែលជាប្រយោជន៍របស់ស្តេចចក្រពត្តិ រមែងនាំវត្ថុដែលមិនជាប្រយោជន៍ចេញ រមែងបង្អោនចូលមកនូវវត្ថុដែលជាប្រយោជន៍ប៉ុណ្ណោះ ដូច្នោះដែរ ។
ដោយហេតុនោះ ព្រះនាគសេនត្ថេរទើបមានថេរដីកានឹងព្រះបាទមិលិន្ទថា បពិត្រមហារាជ បរិនាយកកែវរបស់ស្តេចចក្រពត្តិ រមែងដឹងវត្ថុដែលជាប្រយោជន៍ និងមិនជាប្រយោជន៍ដល់ស្តេចចក្រពត្តិ វត្ថុទាំងនេះ ជាប្រយោជន៍ដល់ព្រះរាជា វត្ថុទាំងនេះ មិនជាប្រយោជន៍ វត្ថុទាំងនេះជាឧបការៈ វត្ថុទាំងនេះ មិនមានឧបការៈ ដូច្នេះ បន្ទាប់ពីនោះមក ក៏នឹងកម្ចាត់វត្ថុដែលមិនជាប្រយោជន៍ រមែងផ្គងវត្ថុដែលជាប្រយោជន៍ យ៉ាងណា សូមថ្វាយព្រះមហារាជ សតិក៏យ៉ាងនោះដូចគ្នានោះឯង កាលកើតឡើង រមែងពិចារណាគតិទាំងឡាយ នៃធម៌ ដែលជាប្រយោជន៍និងមិនជាប្រយោជន៍ថា ធម៌ទាំងនេះជាប្រយោជន៍ ធម៌ទាំងនេះមិនជាប្រយោជន៍ ធម៌ទាំងនេះមានឧបការៈ ធម៌ទាំងនេះមិនមានឧបការៈ ដូច្នេះ បន្ទាប់ពីនោះមក រមែងកម្ចាត់ធម៌ដែលមិនជាប្រយោជន៍ រមែងផ្គងធម៌ដែលជាប្រយោជន៍ ថ្វាយព្រះពរមហារាជ សតិមានការផ្គង ជាលក្ខណៈយ៉ាងនេះឯង ។
ន័យម្យ៉ាងទៀត សតិមានការរលឹកជាលក្ខណៈ ( អបិលាបនលក្ខណា ) មានការមិនវង្វេងភ្លេច ជាកិច្ច ( អសម្មោសរសា ) មានការរក្សាអារម្មណ៍ ( ទុកមិនឲ្យចេញពីចិត្ត ) ជាគ្រឿងប្រាកដ ( អារក្ខបច្ចុបដ្ឋានា ) ឬមានការឆ្ពោះមុខទៅកាន់អារម្មណ៍ ជាបច្ចុប្បដ្ឋាន មានការចាំបានដ៏ខ្ជាប់ខ្ជួន ជាបទដ្ឋាន ( ថិរសញ្ញាបទដ្ឋានា ) ឬមានសតិបដ្ឋាន មានកាយានុបស្សនា-សតិបដ្ឋានជាដើម ជាបទដ្ឋាន គប្បីឃើញសតិដូចជាសសរខឿន ព្រោះតាំងនៅមាំ ក្នុងអារម្មណ៍ និងដូចទ្វារបាលចាំរក្សាទ្វារ ព្រោះរក្សាទ្វារទាំងឡាយ មានចក្ខុទ្វារជាដើម ។
ធម៌ដែលឈ្មោះថា សម្បជញ្ញៈ ព្រោះដឹងខ្លួន អធិប្បាយថា រមែងដឹងដោយប្រការផ្សេងៗ ជុំវិញ បណ្តាធម៌ទាំង ២ នោះ គប្បីជ្រាបសម្បជញ្ញៈទាំង ៤ ប្រភេទនេះ គឺ សាត្ថកសម្បជញ្ញៈ សប្បាយសម្បជញ្ញៈ គោចរសម្បជញ្ញៈ និងអសម្មោហសម្បជញ្ញៈ ។
[ ដែលឈ្មោះថា សម្បជញ្ញៈ ព្រោះរមែងដឹងអនិច្ចលក្ខណៈជាដើម ដោយប្រការផ្សេងៗ ដោយប្រពៃ ]