តិស្សោ អកុសលធាតុយា ធាតុជាអកុសល ៣ យ៉ាង គឺ៖
១. កាមធាតុ ធាតុប្រកបដោយកាម [ សំដៅយកមិច្ឆាសង្កប្ប គឺតម្រិះខុស ]
២. ព្យាបាទធាតុ ធាតុប្រកបដោយព្យាបាទ
៣. វិហឹសាធាតុ ធាតុប្រកបដោយការបៀតបៀន
( បិដកលេខ ១៩ ទំព័រ ១៣៦ )
អធិប្បាយ
គប្បីជ្រាបវិនិច្ឆ័យក្នុងធម៌ទាំងឡាយ មានកាមធាតុជាដើម ( តទៅ ) ៖
សេចក្តីត្រិះរិះ វិតក្ក ការត្រិះរិះខុស ដែលប្រកបដោយកាម នេះហៅថា កាមធាតុ, អកុសលធម៌ទាំងពួង ឈ្មោះថា កាមធាតុ ដូចពោលមកនេះគឺ កាមធាតុ ។ សេចក្តីត្រិះរិះ វិតក្ក ការត្រិះរិះខុស ដែលប្រកបដោយព្យាបាទ នេះហៅថា ព្យាបាទធាតុ, ការចងគំនុំ ការថ្នាំងថ្នាក់នៃចិត្ត ការមិនពេញចិត្ត ក្នុងអាឃាតវត្ថុទាំង ១០ ណាមួយ ដូចពោលមកនេះ គឺ ព្យាបាទធាតុ ។ សេចក្តីត្រិះរិះ វិតក្ក ការត្រិះរិះខុស ដែលប្រកបដោយវិហឹសា នេះហៅថា វិហឹសាធាតុ, ជនពួកខ្លះក្នុងលោកនេះ រមែងបៀតបៀនសត្វទាំងឡាយដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយសស្ត្រាខ្លះ ដោយខ្សែខ្លះ ដោយវត្ថុ ឬដោយកិរិយាយ៉ាងណានីមួយខ្លះ ដូចពោលមកនេះ គឺ វិហឹសាធាតុ ។ ក្នុងកថាពោលអំពីកាមធាតុនោះ មានកថា ២ គឺ សព្វសង្គាហិកកថា និងអសម្ភិន្នកថា, ក្នុងកថាទាំង ២ នោះ កាន់យកកាមធាតុ រមែងជាការកាន់យកធាតុទាំង ២ ក្រៅនេះផង តែទ្រង់ចែកធាតុនោះសម្តែងថា នេះព្យាបាទធាតុ នេះវិហឹសាធាតុ ដូចពោលមកនេះ ឈ្មោះថា សព្វសង្គាហិកកថា ។ ព្រះដ៏មានព្រះភាគកាលនឹងត្រាស់កាមធាតុ ក៏ទ្រង់ដកព្យាបាទធាតុទុកក្នុងទីរបស់ព្យាបាទធាតុ ទ្រង់ដកវិហឹសាធាតុទុកក្នុងទីរបស់វិហឹសាធាតុ ហើយត្រាស់ចំណែកដែលនៅសេសសល់ថា នេះកាមធាតុ, ដូចដែលពោលមកនេះ ឈ្មោះថា អសម្ភិន្នកថា ។