អបរាបិ តិស្សោ ធាតុយោ ធាតុ ៣ យ៉ាងដទៃទៀត គឺ៖
១. កាមធាតុ ធាតុប្រកបដោយកាម [ ធាតុក្នុងទីនេះ សំដៅយកភព ]
២. រូបធាតុ ធាតុប្រកបដោយរូប
៣. អរូបធាតុ ធាតុប្រកបដោយអរូប
( បិដកលេខ ១៩ ទំព័រ ១៣៦ )
អធិប្បាយ
ពាក្យថា អបរាបិ តិស្សោ ធាតុយោ សំដៅដល់ ធាតុ ៣ យ៉ាងដទៃទៀត ដោយអត្ថថា សូន្យ ( ចាកសត្វ និងសង្ខារ ) ។ បណ្តាធាតុទាំងនោះ កាមភពដែលលោកសម្តែងទុកយ៉ាងនេះថា “តត្ថ កតមា កាមធាតុ? ហេដ្ឋតោ អវីចិនិរយំ បរិយន្តំ ករិត្វា បណ្តាធាតុទាំងឡាយនោះ កាមធាតុ តើដូចម្តេច? គឺ កាមភព មានអវីចិនរកខាងក្រោមជាទីបំផុត” ដូច្នេះ ឈ្មោះថា កាមធាតុ ។
ចំណែករូបភព និងអរូបភព ដែលលោកសម្តែងទុកយ៉ាងនេះថា “ហេដ្ឋតោ ព្រហ្មលោកំ បរិយន្តំ ករិត្វា អាកាសានញ្ចាយតនុបគេ ទេវេ បរិយន្តំ ករិត្វា រូបភពមានព្រហ្មលោកថ្នាក់ក្រោមជាទីបំផុត ។ អរូបភពមានទេវតាដែលចូលដល់ជាន់អាកាសានញ្ចាយតនជាទីបំផុត” ដូច្នេះ ឈ្មោះថា រូបធាតុ និងអរូបធាតុ ទាំង ២ ។ ក្នុងទីមកនៃធាតុ គប្បីកំណត់ខេត្តដោយភព ។ ក្នុងទីមកនៃភព គប្បីកំណត់ខេត្តដោយធាតុ ។ ក្នុងទីនេះ លោកសម្តែងការកំណត់ខេត្តដោយភព ។