អបរេបិ តយោ សមាធី សមាធិ ៣ យ៉ាងដទៃទៀត គឺ៖
១. សុញ្ញតោ សមាធិ សុញ្ញតសមាធិ
២. អនិមិត្តោ សមាធិ អនិមិត្តសមាធិ
៣. អប្បណិហិតោ សមាធិ អប្បណិហិតសមាធិ
( បិដកលេខ ១៩ ទំព័រ ១៤៤ )
អធិប្បាយ
កថាក្នុងសុញ្ញតៈជាដើម មាន ៣ យ៉ាង គឺ ដោយសេចក្តីសម្រេច ( អាគមនតោ ) ដោយគុណរបស់ខ្លួន ( សគុណតោ ) ដោយអារម្មណ៍ ( អារម្មណតោ ) ។
ភិក្ខុមួយរូប កាន់យកភាពជាអនត្តា ឃើញដោយភាពជាអនត្តា រមែងចេញទៅ ( គឺរួចផុត ) ដោយភាពជាអនត្តា ឈ្មោះថា ( សុញ្ញតៈ ) ដោយសេចក្តីសម្រេច ។ វិបស្សនារបស់លោកឈ្មោះថា ជាសុញ្ញតៈ ។ ព្រោះហេតុអ្វី? ព្រោះកិលេសជាតួធ្វើមិនឲ្យជាសុញ្ញតៈមិនមាន ។ មគ្គសមាធិ ឈ្មោះថា ជាសុញ្ញតៈ ព្រោះសម្រេចដោយវិបស្សនា ផលសមាធិ ឈ្មោះថា ជាសុញ្ញតៈ ព្រោះសម្រេចដោយមគ្គ ។ ភិក្ខុមួយរូបទៀត កាន់យកភាពជារបស់មិនទៀង ឃើញដោយភាពជារបស់មិនទៀង ហើយចេញទៅដោយភាពជារបស់មិនទៀង ។ វិបស្សនារបស់លោក ឈ្មោះថា ជាអនិមិត្ត ។ ព្រោះហេតុអ្វី? ព្រោះមិនមានកិលេសដែលធ្វើនិមិត្ត ។ មគ្គសមាធិ ឈ្មោះថា ជាអនិមិត្ត ព្រោះសម្រេចដោយវិបស្សនា ផល ឈ្មោះថា អនិមិត្ត ព្រោះសម្រេចដោយមគ្គ ។ ភិក្ខុមួយរូបផ្សេងទៀត កាន់យកដោយភាពជាទុក្ខ ឃើញដោយភាពជាទុក្ខ ហើយចេញទៅ ( រួចផុត ) ដោយភាពជាទុក្ខ ។ វិបស្សនារបស់លោក ឈ្មោះថា ជាអប្បណិហិត មិនមានទីតាំង ។ ព្រោះហេតុអ្វី? ព្រោះមិនមានកិលេសជាតួធ្វើបណិធិដែលជាទីប្រាថ្នា ។ មគ្គសមាធិ ឈ្មោះថា ជាអប្បណិហិត ព្រោះសម្រេចដោយវិបស្សនា ផលឈ្មោះថា ជាអប្បណិហិត ព្រោះសម្រេចដោយមគ្គ កថាពោលដោយសេចក្តីសម្រេចមិនប្រមាណដូចពណ៌នាមកនេះឯង ។ ក៏មគ្គសមាធិ ឈ្មោះថា សុញ្ញតៈ ព្រោះសូន្យចាករាគៈជាដើម ឈ្មោះថា អនិមិត្ត ព្រោះមិនមានរាគៈជានិមិត្តជាដើម ឈ្មោះថា អប្បណិហិត ព្រោះមិនមានរាគៈជាទីតាំងអាស្រ័យជាដើម កថាពោលដោយគុណរបស់ខ្លួនមានប្រមាណដូចពណ៌នាមកនេះឯង ។ ព្រះនិព្វាន ឈ្មោះថា សុញ្ញតៈ អនិមិត្ត និងអប្បណិហិត ព្រោះសូន្យចាករាគៈជាដើម និងព្រោះមិនមានរាគៈជាដើមជាគ្រឿងសម្គាល់ និងជាទីអាស្រ័យ ។ មគ្គសមាធិ ដែលមាននិព្វាននោះជាអារម្មណ៍ ទើបជាសុញ្ញតៈ អនិមិត្ត និងអប្បណិហិត ។ កថាពោលដោយអារម្មណ៍មានប្រមាណត្រឹមប៉ុណ្ណេះ ។
0 មតិ:
Post a Comment