Search

Loading

Content

12 January 2012

គុណធម៌របស់មនុស្សល្អ

កាលព្រះពោធិសត្វសោយព្រះជាតិជាវិធុរបណ្ឌិត ក្នុងនគរឥន្ទបត្ត ថ្ងៃមួយ មាន​យក្សមួយ ឈ្មោះ​ថា បុណ្ណកៈ បានចាប់ព្រះអង្គ ដោយ​ប្រាថ្នា​នឹង​សម្លាប់​ហើយ​នាំ​ហឫទ័យ​ទៅ​ថ្វាយ​វរុណនាគរាជ ដើម្បីសុំរៀបការនឹងព្រះ​រាជធីតា​ឈ្មោះ ​ឥរន្ទតី ពេលនោះ វិធុរបណ្ឌិត​ប្រាថ្នា​នឹង​សម្តែងសាធុនរធម៌ គឺ​គុណធម៌​របស់មនុស្សល្អឲ្យយក្សស្តាប់ ទើប​បាន​ពោល​ជា​គាថា​ថា៖

   យាតានុយាយី  ច  ភវាហិ  មាណវ

   អល្លញ្ច    បាណឹ    បរិវជ្ជយស្សុ

   មា  ចស្សុ  មិត្តេសុ  កទាចិ  ទុព្ភី

   មា  ច  វសំ  អសតីនំ  និគច្ឆេ  ។

“ម្នាលមាណព អ្នកចូរដើរតាមផ្លូវដែលគេដើរហើយ អ្នកចូរវៀរ គឺកុំដុតបាតដៃទាំងទទឹក អ្នកកុំប្រទូស្តមិត្ត ក្នុង​កាលណាមួយ អ្នកកុំលុះអំណាច នៃស្រីដែលប្រកបដោយអសទ្ធម្ម” ។

( វិធុរជាតក បិដកលេខ ៦៣ ទំព័រ ៧៤ )

គុណធម៌របស់មនុស្សល្អ ដែលវិធុរបណ្ឌិតពោលក្នុងគាថានេះ មាន ៤ ប្រការ​គឺ

១. ចូរដើរតាមផ្លូវដែលគេដើរហើយ

២. កុំដុតបាតដៃទាំងទទឹក

៣. កុំប្រទូស្តមិត្រ

៤. កុំលុះអំណាចនៃស្ត្រី

ពន្យល់

គុណធម៌ដំបូង គឺ យាតានុយាយី ភវាហិ ( អ្នកចូរដើរតាម​ផ្លូវ​ដែល​គេ​ដើរ​ហើយ ) ផ្លូវ​ដែល​ជន​ដទៃដើរហើយ គឺ​ឧបការៈ​ដែល​ជន​ដទៃ​ធ្លាប់​ធ្វើ​ទុក​ដល់​ខ្លួន ។​

ពាក្យថា “ចូរដើរតាមផ្លូវដែលជនដទៃដើរហើយ” មានន័យថា ចូរតប​ស្នង​ឧបការៈ​របស់​បុគ្គល​ទាំងនោះ មួយទៀត អ្នក​ធ្វើ​គុណប្រយោជន៍​ដល់​ជន​ដទៃ​នោះ ចែកចេញជា ២ ពួក ពួក​ទី ១ ហៅថា យាយី ( អ្នកដើរមុន ) គឺ អ្នក​ធ្វើឧបការៈមុន ពួកទី ២ ហៅថា អនុយាយី ( អ្នកដើរតាមក្រោយ ) គឺ អ្នក​តបស្នងសងគុណ ដូច្នោះ គុណធម៌​របស់​មនុស្ស​ល្អ​ប្រការ​ដំបូង​ ទើប​សំដៅយកការតបស្នងសងគុណដល់អ្នក ដែល​ធ្លាប់​ធ្វើ​ឧបការៈ​មក​ដល់​ខ្លួន​យើង​នុ៎ះឯង ។

គុណធម៌​ប្រការទី ២ គឺ អល្លញ្ច បាណឹ បរិវជ្ជយស្សុ ( កុំដុត​បាត​ដៃ​ទាំង​ទទឹក ) ដៃ​ដែល​ទទឹក​ គឺដៃស្តាំ ព្រោះ​ដៃ​ស្តាំ​ជា​ដៃ​ដែល​យើង​យក​មក​ប្រើ​ចាប់​អាហារ ដោយ​លាង​ដៃ​មុន​ហើយ​ទើបចាប់ ការមិនដុតដៃដែលទទឹក ទើប​សំដៅ​ដល់ កុំដុតដៃស្តាំរបស់ខ្លួន សេចក្តី​នេះ​ប្រៀប​ធៀប​នឹង​ការ​មិន​ប្រទូស​រ៉ាយ​អ្នកមានឧបការគុណ តាមផ្លូវ​កាយ វាចា និងចិត្ត ។

គុណធម៌ប្រការទី ៣ គឺ មា ចស្សុ មិត្តេសុ កទាចិ ទុព្ភី ( កុំប្រទូស្តមិត្រ ក្នុង​កាល​ណា​មួយ ) គឺ មិនគប្បីទ្រុស្ត​មិត្រសម្លាញ់ដែលទុកចិត្តយើងឡើយ ។

គុណធម៌​ប្រការទី ៤ គឺ មា ច វសំ អសតីនំ និគច្ឆេ ( កុំ​លុះ​ក្នុង​អំណាច​របស់​ស្ត្រី ) គឺ កុំ​ធ្វើ​ខុស​តាមផ្លូវកាយ ឬ​វាចា ដោយ​អំណាច​នៃ​សេចក្តី​ស្រឡាញ់ ។

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ