Search

Loading

Content

17 February 2012

ព្រះ​តថាគត​ទ្រង់​ត្រាស់​តែ​វាចា​ពិត​ និងប្រកប​ដោយ​ប្រយោជន៍

វាចា ៦ ប្រការ មានសម្តែងក្នុងអភយរាជកុមារសូត្រ បិដកលេខ ២៣ ទំព័រ ១៤៩ ដល់​ ១៦០ ព្រះអង្គត្រាស់​ព្យាករបញ្ហារបស់ព្រះអភយរាជកុមារ តែ​ក្នុង​ទី​នេះ ខ្ញុំ.សូម​លើក​​យកមកដោយសង្ខេប ៖
១. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ  វាចាដែលមិនពិត មិនទៀង មិន​ប្រកប​ដោយ​ប្រយោជន៍;​​ ថែមទាំងមិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​ជន​ទាំង​ឡាយ​​ដទៃ​ផង​ព្រះ​តថាគតមិនត្រាស់វាចានោះទេ
២. ភូតំ តច្ឆំ អនត្ថសញ្ហិតំ  វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; ថែម​​ទាំង​មិន​​ជាទីស្រឡាញ់ ​មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះ​​តថាគត​ក៏​មិន​ត្រាស់​​វាចានោះដែរ
៣. ភូតំ តច្ឆំ អត្ថសញ្ហិតំ  វាចាដែលពិត ទៀង ប្រកបដោយប្រយោជន៍; តែ​ថា​ វាចា​នោះ​មិនជាទីស្រឡាញ់ មិន​ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះ​​តថាគត​ស្គាល់​កាលគួរ នឹងត្រាស់វាចានោះ
៤. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ  វាចាដែលពិត មិនទៀង មិន​ប្រកប​ដោយ​ប្រយោជន៍; ទោះ​បីវាចានោះ ជាទី​ស្រឡាញ់ ជា​ទីគាប់​ចិត្ត​របស់ជន​ទាំង​ឡាយ​ដទៃ ព្រះតថាគត ក៏​មិនត្រាស់វាចានោះឡើយ
៥. ភូតំ តច្ឆំ អនត្ថសញ្ហិតំ  វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; វាចា​​នោះ​ទោះ​បីជាស្រឡាញ់ ជាទី​គាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះ​តថាគត ក៏​មិន​ត្រាស់​វាចា​នោះដែរ
៦. ភូតំ តច្ឆំ អត្ថសញ្ហិតំ  វាចាដែលពិត ទៀង ហើយ​ប្រកប​ដោយ​ប្រយោជន៍;​ វាចា​នោះ​ជាទីស្រឡាញ់ ជាទីគាប់​ចិត្តរបស់​ជន​ទាំង​ឡាយ​ដទៃ​ផង​ ព្រះ​តថាគត​ស្គាល់​កាល​គួរ នឹងពោលនូវវាចានោះ
អធិប្បាយ
ពាក្យថា អនត្ថ ( វាចាដែលមិនប្រកបដោយប្រយោជន៍ ) បានដល់ បិសុណាវាចា និង សម្ផប្បលាបៈ ។ ក្នុងពាក្យ​នេះ លោក​សង្គ្រោះ​យក​វចីទុច្ចរិតទាំង ៤ នោះឯង ។ ក្នុង​​វាចាទាំង ៦ យ៉ាងនេះ កាលពោលដល់បុគ្គលអ្នកមានសីល ដោយ​ពាក្យ​ថា “អ្នក​ជា​មនុស្ស​ទ្រុស្តសីល, ជាចោរ” ឬពោល​នឹង​មនុស្ស​មិនមែន​ជា​ចណ្ឌាល​ ដោយ​ពាក្យ​ថា​ “អ្នក​ជាចណ្ឌាល” ជាដើម នេះជាវាចាទី ១ ( មិន​ពិត មិន​ទៀង មិន​ប្រកប​ដោយ​ប្រយោជន៍​​ មិនជាទីស្រឡាញ់ ) ។
ពោល​នឹងបុគ្គលទ្រុស្តសីល ដោយពាក្យថា “អ្នកជាមនុស្សទ្រុស្តសីល” ឬ​ពោល​​នឹង​មនុស្ស​​ជាចណ្ឌាល ដោយពាក្យ​ថា “អ្នកជាចណ្ឌាល” ជាដើម នេះ​ជា​វាចាទី ២ ( ពិត ទៀង​​ មិនប្រកបដោយប្រយោជន៍ មិនជាទីស្រឡាញ់ ) ។
ពាក្យ​និយាយដោយចំហរ ដល់នូវកំណើតជាសត្វនរក របស់សត្វនរក ដូច​និយាយ​​ពាក្យ​​ថា “ភិក្ខុទេវទត្ត​ កើត​ក្នុងអបាយភូមិ កើតជាសត្វនរក” នេះ​ជា​វាចា​ទី ៣ ( ពិត ទៀង​​ ប្រកបដោយប្រយោជន៍ មិនជាទីពេញចិត្ត ) ។
ពាក្យពោលដោយឲ្យសត្វលោកវង្វេងការពិត យ៉ាងនេះថា “ការសម្លាប់សត្វ ដែល​​បុគ្គល​ធ្វើដោយយញ្ញវិធី រមែង​នាំមកនូវសុគតិ” នេះជាវាចាទី ៤ ( មិន​ពិត មិនទៀង មិន​​ប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។
ពាក្យពោលដែលបង្អោនទៅ ដើម្បីការបែកបាក់គ្នាជាដើម ដោយរឿងពិត នេះ​ជា​វាចា​ទី ៥ ( ពិត ទៀង មិន​ប្រកប​ដោយប្រយោជន៍ ជាទីស្រឡាញ់ ) ។
ពាក្យពោលដល់ទាន សីល ភាវនា ជាដើម ដែលធ្វើឲ្យប្រព្រឹត្តទៅក្នុងឋានៈ នៃ​ជា​វាចា​ដ៏​សមគួរ នេះជាវាចាទី ៦ ( ពិត ទៀង ប្រកបដោយប្រយោជន៍ ជា​ទីពេញចិត្ត ) ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ