Search

Loading

Content

21 December 2012

អធិដ្ឋាន ធម្មជាត​ជា​ទី​តាំង​នៃ​បុរស​មាន​គុណ​ដ៏​ក្រៃ​លែង ៤

អធិដ្ឋាន ធម្មជាត​ជា​ទី​តាំង​នៃ​បុរស​មាន​គុណ​ដ៏​ក្រៃ​លែង ៤ យ៉ាង​ គឺ៖

១. បញ្ញាធិដ្ឋាន    អធិដ្ឋាន​គឺ​មគ្គ​ផល​បញ្ញា

២. សច្ចាធិដ្ឋាន   អធិដ្ឋាន​គឺ​វចីសច្ចៈ

៣. ចាគាធិដ្ឋាន    អធិដ្ឋាន​គឺ​ការ​លះ​បង់​នូវ​អាមិសៈ

៤. ឧបសមាធិដ្ឋាន អធិដ្ឋាន​គឺ​ការ​រម្ងាប់​នូវ​កិលេស

( បិដក​លេខ ១៩ ទំព័រ ១៦៥ )

អធិប្បាយ

    អធិ ស័ព្ទ ក្នុង​ពាក្យ​ថា អធិដ្ឋាន នេះ ត្រឹម​តែ​ជា​ឧបសគ្គ ។ តែ​បើ​ពោល​ដោយ​សេចក្ដី​ហើយ​ក៏​មាន​ន័យ​ថា ជា​ហេតុ​តាំង​នៅ ជា​ទី​តាំង​នៃ​គុណធម៌​ ឬ​ថា ជា​ឋានៈ​ គឺ​ការ​តាំង​ចិត្ត​មាំ​របស់​បុគ្គល​អ្នក​សាង​សន្សំ​គុណ​នោះៗ ។ ការ​តាំង​ចិត្ត​មាំ​គឺ​បញ្ញា ឈ្មោះ​ថា បញ្ញាធិដ្ឋាន​ ។ ក្នុង​ទី​នេះ ព្រះ​មូសិយាភយត្ថេរ​ពោល​ទុក​ថា បណ្ឌិត​គប្បី​ជ្រាប​ថា បញ្ញា​ក្នុង​មគ្គ​និង​ផល​ លោក​ពោល​ទុក​ដោយ​អធិដ្ឋាន​ខ​ទី ១ វចីសច្ចៈ ពោល​ដោយ​អធិដ្ឋាន​ខ​ទី ២ ការ​បរិច្ចាគ​អាមិស ពោល​ទុក​ដោយ​អធិដ្ឋាន​ខ​ទី ៣ ការ​រម្ងាប់​នូវ​កិលេស​ ពោល​ទុក​ដោយ​អធិដ្ឋាន​ខ​ទី ៤ ។

    ម្យ៉ាង​វិញ​ទៀត បញ្ញា​ក្នុង​ផល ចាប់​តាំង​ពី​កម្មស្សកតាបញ្ញា ឬ​វិបស្សនាបញ្ញា ពោល​ទុក​ដោយ​អធិដ្ឋាន​ខ​ទី ១ ព្រះ​និព្វាន​ដែល​ជា​បរមត្ថសច្ចៈ ចាប់​ផ្ដើម​ពី​វចីសច្ចៈ ពោល​ទុក​ដោយ​អធិដ្ឋាន​ខ​ទី ២ ការ​លះ​កិលេស​ដោយ​អរហត្តមគ្គ ចាប់​តាំង​ពី​ការ​បរិច្ចាគ​អាមិស​ ពោល​ទុក​ដោយ​អធិដ្ឋាន​ខ​ទី ៣ ការ​រម្ងាប់​នូវ​កិលេស​ដោយ​អរហត្តមគ្គ ចាប់​ផ្ដើម​ពី​ការ​គ្រប​សង្កត់​កិលេស​បាន​ដោយ​សមាបត្តិ ពោល​ទុក​ដោយ​អធិដ្ឋាន​ខ​ទី ៤ ម្យ៉ាង​ទៀត​ បញ្ញា​ក្នុង​អរហត្តផល​ ពោល​ទុក​ដោយ​បញ្ញាធិដ្ឋាន​ខ​ទី ១ បរមត្ថសច្ចៈ​ ពោល​ទុក​ដោយ​បញ្ញាធិដ្ឋាន​ខ​ដែល​នៅ​សល់ ។ ម្យ៉ាង​ទៀត បរមត្ថ​សច្ចៈ ពោល​ទុក​ដោយ​សច្ចាធិដ្ឋានខ​ទី ១ បញ្ញា​ក្នុង​អរហត្តផល ពោល​ទុក​ដោយបញ្ញាធិដ្ឋាន​ដ៏​សេស ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ