យស្សេតេ ចតុរោ ធម្មា វានរិន្ទ យថា តវ
សច្ចំ ធម្មោ ធិតិ ចាគោ ទិដ្ឋំ សោ អតិវត្តតិ ។
( ក្រពើពោលថា ) បពិត្រវានរិន្ទ បុគ្គលណា មានធម៌ ៤ ប្រការដូចអ្នក គឺ សច្ចៈ សេចក្តីទៀងទាត់ ១ ធម្ម គឺប្រាជ្ញាជាគ្រឿងពិចារណា ១ ធិតិ គឺការព្យាយាមមិនដាច់ ១ ចាគៈ ការបរិច្ចាគ ១ បុគ្គលនោះ រមែងកន្លងបង់នូវសត្រូវបាន ។
( វានរិន្ទជាតក បិដកលេខ ៥៨ ទំព័រ ២៥ )
អធិប្បាយ
បណ្តាបទទាំងនោះ បទថា យស្ស បានដល់ បុគ្គលណាមួយ ។
បទថា ឯតេ ដោយសេចក្តីថា រមែងប្រាកដដោយប្រចក្សក្នុងធម៌ ដែលយើងនឹងពោលក្នុងពេលនេះ ។
បទថា ចតុរោ ធម្មា បានដល់ គុណធម៌ ៤ ប្រការ ។
បទថា សច្ចំ បានដល់ វចីសច្ចៈ គឺដែលអ្នកប្រាប់ថា នឹងមកកាន់សម្នាក់របស់យើង អ្នកក៏មិនបានពោលកុហក អ្នកមកពិតៗ នេះជាវចីសច្ចៈរបស់អ្នក ។
បទថា ធម្មោ បានដល់ វិចារណបញ្ញា ពោលគឺ ការចេះពិចារណាថា កាលបើធ្វើយ៉ាងនេះហើយ នឹងត្រូវបានផលយ៉ាងនេះ ចំណុចនេះ ជាវិចារណបញ្ញារបស់អ្នក ។
សេចក្តីព្យាយាមមិនដាក់ធុរៈ ប្រឹងប្រែងមិនដាច់ លោកហៅថា ធិតិ សូម្បីគុណធម៌នេះ ក៏មានដល់អ្នក ។
បទថា ចាគោ បានដល់ ការលះបង់ខ្លួន គឺការដែលអ្នកលះបង់ជីវិត មកដល់សម្នាក់យើង តែយើងមិនអាចចាប់អ្នកបាន នេះជាទោសរបស់យើងតែម្ខាង ។
បទថា ទិដ្ឋំ បានដល់ បច្ចាមិត្ត ។
បទថា សោ អតិវត្តតិ ដោយសេចក្តីថា ធម៌ ៤ ប្រការ ដូចពណ៌នាមកនេះ មានដល់បុគ្គលណា ដូចជាមានដល់អ្នក បុគ្គលនោះ រមែងឈានកន្លង គឺគ្របសង្កត់បាននូវបច្ចាមិត្តរបស់ខ្លួន ដូចជាអ្នកដែលបានកន្លងផុតយើងទៅ នៅក្នុងថ្ងៃនេះឯង ។
0 មតិ:
Post a Comment