Search

Loading

Content

18 April 2012

ភ្លើង​ ៣​ ដទៃ​ទៀត

អបរេបិ​  តយោ​  អគ្គិ​  ភ្លើង​ ៣​ យ៉ាង​ដទៃ​ទៀត​ គឺ៖

១. អាហុនេយ្យគ្គិ​   ភ្លើង​គឺ​អាហុនេយ្យបុគ្គល

២. ទក្ខិណេយ្យគ្គិ​  ភ្លើង​គឺ​ទក្ខិណេយ្យបុគ្គល

៣.​ គហបតគ្គិ​          ភ្លើង​គឺ​គហបតី

( បិដកលេខ​ ១៩​ ទំព័រ​ ១៣៩ )

អធិប្បាយ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​បទ​ថា​ អាហុនេយ្យគ្គិ​ ជា​ដើម៖

គ្រឿង​សក្ការៈ​ លោក​ហៅ​ថា​អាហុនៈ។​ បុគ្គល​ដែល​គួរ​ដល់​អាហុនៈ​ ឈ្មោះ​ថា​ អាហុនេយ្យ។​ តាម​ពិត​ មាតាបិតា​ រមែង​គួរ​ដល់​អាហុនៈ​ ព្រោះ​លោក​មាន​ឧបការៈ​ជា​ច្រើន​ដល់​បុត្រ។​ បុត្រ​ទាំង​ឡាយ​កាល​បដិបត្តិ​ខុស​ក្នុង​មាតា​បិតា​ ក៏​រមែង​ទៅ​កើត​ក្នុង​អបាយ​មាន​នរក​ជា​ដើម,​ហេតុ​នោះ​ សូម្បី​មាតា​បិតា​មិន​បាន​តាម​ដុត​បុត្រ​ក៏​ដោយ​ ប៉ុន្តែ​ក៏​ជា​ដើម​ហេតុ​នៃ​ការ​ដែល​បុត្រ​នោះ​ត្រូវ​ដុត​ដែរ ។​ លោក​ហៅ​ថា​ អាហុនេយ្យគ្គិ​ ( ភ្លើង​គឺ​អាហុនេយ្យបុគ្គល )​ ដោយ​អត្ថ​ថា​ តាម​ដុត​កម្តៅ​ ដោយ​ប្រការ​ដូច្នេះ​ ។​

សេចក្តី​នេះ​គប្បី​ជ្រាប​ដោយ​រឿង​មិត្តវិន្ទុកៈ ( ជា​ឧទាហរណ៍ ) ៖

មាន​តំណាល​មក​ថា​ បុរស​ឈ្មោះ​មិត្តវិន្ទុកៈ​ ត្រូវ​មាតា​ពោល​ថា​ “កូន​អើយ​ ថ្ងៃ​នេះ​ ឯង​ចូរ​រក្សា​ឧបោសថ​ ស្តាប់​ធម៌​នៅ​វត្ត​អស់​មួយ​យប់​មួយ​ថ្ងៃ​ ម៉ែ​នឹង​ឲ្យ​រង្វាន់​ឯង​មួយ​ពាន់”​ ដោយ​សេចក្តី​លោភ​លន់​ចង់​បាន​ទ្រព្យ​ ទើប​ខំ​សមាទាន​ឧបោសថ​ ទៅ​វត្ត​​ ដោយ​គិត​ថា​ “​នៅ​ត្រង់​នេះ​ រួច​ខ្លួន​”​ ទើប​លប​ចូល​ទៅ​ដេក​នៅ​ក្រោម​ធម្មាសនៈ​ ដេក​ពេញ​មួយ​យប់​ ( ព្រឹក​ឡើង )​ ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។​ ចំណែក​ម្តាយ​ដាំ​បបរ​ទុក​ តាំង​អំពី​ព្រលឹម​ រួច​ហើយ​ក៏​លើក​យក​មក​ឲ្យ​កូន ។​ មិត្តវិន្ទុកៈ​ហុត​បបរ​ទាំង​ដែល​ដៃ​នៅ​ក្តាប់​ប្រាក់​មួយ​ពាន់​ទុក ។​ តមក​ គេ​មាន​គំនិត​យ៉ាង​នេះ​ថា​ អញ​នឹង​សន្សំ​ទ្រព្យ ។​ ក៏​គិត​ចង់​ទៅ​
( ជួញ​ដូរ )​ តាម​នាវា​ឆ្លង​កាត់​សមុទ្រ ។​ ពេល​នោះ​ម្តាយ​ បាន​ហាម​ឃាត់​គេ​ថា​ “កូន​អើយ​ ក្នុង​ត្រកូល​យើង​នេះ​ មាន​ទ្រព្យ​ដល់​ ៤០​ កោដិ​ហើយ​ អ្នក​កុំ​ទៅ​ឡើយ” ។​ គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ពាក្យ​អង្វរ​របស់​ម្តាយ​ឡើយ​ ចចេស​ចង់​ទៅ​ឲ្យ​ទាល់​តែ​បាន ។​ ម្តាយ​គេ​ទើប​ឈរ​ពាំង​ខាង​មុខ​ គេ​ខឹង​នឹង​ម្តាយ​ថា​ “មេ​នេះ​ មក​ឈរ​ពាំង​មុខ​យើង”​ ទើប​ទាត់​ម្តាយ​ឲ្យ​ដួល​ ហើយ​ដើរ​កន្លង​គាត់​ទៅ ។​ ម្តាយ​ក្រោក​ឡើង​និយាយ​ថា​ “កូន​អើយ​ ឯង​នឹង​សម្គាល់​ថា​ ធ្វើ​អំពើ​បែប​នេះ​ក្នុង​ជន​ដែល​ជា​ម៉ែ​ដូច​យើង​ ហើយ​ធ្វើ​ដំណើរ​ទៅ​ នឹង​មាន​សេចក្តី​សុខ​ក្នុង​ទី​ដែល​ប្រាថ្នា​នឹង​ទៅ​ឲ្យ​សោះ” ។​ កាល​មិត្តវិន្ទុកៈ​ឡើង​នាវា​ទៅ​ ដល់​ថ្ងៃ​ទី​ ៧​ នាវា​ក៏​កឿង​ ( ដោយ​មិន​ដឹង​ពី​មូលហេតុ ) ។​ ជន​ទាំង​ឡាយ​ ( ដែល​នៅ​ក្នុង​នាវា​ )​ នោះ​នាំ​គ្នា​និយាយ​ថា​ “ក្នុង​នាវា​នេះ​ ប្រាកដ​ជា​មាន​មនុស្ស​អាក្រក់​ ចូរ​នាំ​ចាប់​ស្លាកមើល”​ ។​ កាល​ចាប់​ស្លាក​ ក៏​ធ្លាក់​ទៅ​លើ​មិត្តវិន្ទុកៈ​នុ៎ះ​ឯង​ ដល់​ ៣​ ដង ។​ ជន​ទាំង​នោះ​ ក៏​យក​គេ​ដាក់​លើ​ក្បូន​ បណ្តែត​តាម​សមុទ្រ ។​ គេ​ទៅ​ដល់​កោះ​មួយ​កន្លែង​ សោយ​សម្បត្តិ​ជា​មួយ​នឹង​នាង​វេមានិកប្រេត​ កាល​ប្រេត​ទាំង​នោះ​ប្រាប់​ថា​ កុំ​ទៅ​អី​ គេ​នៅ​តែ​ចចេស​ទៅ​បន្ត​ទៀត​ ក៏​ត្រឡប់​ឃើញ​សម្បត្តិ​ ( ខាង​មុខ )​ គុណ​ជា​ពីរ​ ច្រើន​ឡើងៗ​ រហូត​ទាល់​តែ​បាន​ជួប​សត្វ​មួយ​ក្បាល​មាន​កង​ចក្រ​មុត​ ( កំពុង​ខៃ​ក្បាល ) ។​ គេ​ឃើញ​កង​ចក្រ​នោះ​ដូច​ជា​ផ្កា​ឈូក ។​ ទើប​ពោល​នឹង​សត្វ​នោះ​ថា​ “នែ​ឯង​ចូរ​ឲ្យ​ផ្កា​ឈូក​ដែល​ឯង​ពាក់​នេះ​ដល់​យើង​” ។​ សត្វ​នោះ​ពោល​ថា​ “នែ​អ្នក​កំលោះ​ នេះ​មិន​មែន​ផ្កា​ឈូក​ទេ​ នេះ​ជា​កង​ចក្រ​ដ៏​មុត” ។​ គេ​ត្រឡប់​ជា​និយាយ​ថា​ “ឯង​កុហក​ ផ្កា​ឈូក​សោះ​ ហេតុ​អី​ក៏​យើង​មិន​ធ្លាប់​ឃើញ”​ ដូច្នេះ​ហើយ​ ពោល​បន្ត​ទៀត​ថា​ “ឯង​លាប​ខ្លឹម​ចន្ទន៍​ក្រហម​ហើយ​ មិន​ចង់​ឲ្យ​ផ្កា​ឈូក​ជា​គ្រឿង​ប្រដាប់​ដល់​ខ្ញុំ​ទៀត​” ។​ សត្វ​នោះ​គិត​ថា​ “បុរស​នេះ​គង់​តែ​នឹង​ធ្វើ​កម្ម​ណា​នី​មួយ​ដូច​យើង​ ទើប​ចង់​សោយ​ផល​នៃ​កម្ម​នោះ”​​ បន្ទាប់​មក​ ទើប​ពោល​នឹង​មិត្តវិន្ទុកៈ​ថា​ “ណ្ហើយ​ចុះ​ ខ្ញុំ​ឲ្យ​ឯង”​ ហើយ​ផ្ទេរ​កង​ចក្រទៅ​លើ​ក្បាល​របស់​គេ ។​ ដោយ​ហេតុ​នោះ​ លោក​ទើប​ពោល​ថា​

   ចតុព្ភិ  អដ្ឋជ្ឈគមា                       អដ្ឋាហិបិ  ច  សោឡស

   សោឡសាហិ  ច  ពាត្តឹស          អត្រិច្ឆំ  ចក្កមាសទោ

   ឥច្ឆាហតស្ស ​ បោសស្ស            ចក្កំ  ភមតិ  មត្ថកេ

“បាន​បួន​ហើយ​ ចង់​បាន​ប្រាំ​បី​ បាន​ប្រាំ​បី​ហើយ​ ចង់​បាន​ ១៦​ បាន​ ១៦​ ហើយ​ ចង់​បាន​ ៣២​ ទើប​ត្រូវ​មក​ទូល​កង​ចក្រ​ ជន​ដែល​ត្រូវ​សេចក្តី​លោភ​លន់​គ្រប​សង្កត់​ កង​ចក្រ​រមែង​ខៃ​ក្បាល​ជន​នោះ” ។

គហបតគ្គិ

អ្នក​ជា​ម្ចាស់​ផ្ទះ​ ( ជា​ធំក្នុង​ផ្ទះ )​ លោក​ហៅ​ថា​ គហបតី,​ គហបតី​នោះ​ ឈ្មោះ​ថា​ មាន​ឧបការៈ​ច្រើន​ ដល់​មាតុគ្រាម​ ដោយ​ការ​ប្រគល់​ឲ្យ​នូវ​ទី​ដេក,​ សម្លៀក​បំពាក់​ គ្រឿង​អលង្ការ​ជា​ដើម ។​ មាតុគ្រាម​ ប្រព្រឹត្ត​ក្បត់​ចិត្ត​គហបតី​ រមែង​ទៅ​កើត​ក្នុង​អបាយ​មាន​នរក​ជា​ដើម​ ហេតុ​នោះ​ គហបតី​នោះ​ លោក​ទើប​ហៅ​ថា​ គហបតគ្គិ​ ដោយ​អត្ថ​ថា​ តាម​ដុត​ដោយ​ន័យ​មុន​ដូច​គ្នា ។​

ក្នុង​សេចក្តី​នេះ​ មាន​រឿង​ ( ជា​ឧទាហរណ៍ ) ៖

ក្នុង​សម័យ​នៃ​ព្រះ​កស្សបសម្ពុទ្ធ​ ភរិយា​របស់​ឧបាសក​ជា​សោតាបន្នបុគ្គល​ បាន​ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី ។​ ឧបាសក​ឃើញ​ហេតុ​ការណ៍​នោះ​ដោយ​ប្រចក្ស​ ទើប​ពោល​ថា​ “ហេតុ​អ្វី​ នាង​ទើប​ធ្វើ​យ៉ាង​នេះ”​ ភរិយា​តប​ថា​ “បើ​នាង​ខ្ញុំ​ធ្វើ​អំពើ​បែប​នោះ​ ( ពិត​ដូច​លោក​និយាយ )​ សូម​ឲ្យ​ឆ្កែ​មួយ​ក្បាល​នេះ​ ខាំ​ស៊ី​ខ្ញុំ​ចុះ”​ ដូច្នេះ​ហើយ​ ពេល​ស្លាប់​ទៅ​កើត​ជា​វេមានិកប្រេត​នៅ​នា​ស្រះ​កណ្ណមុណ្ឌក ។​ ពេល​ថ្ងៃ​សោយ​ទិព្វសម្បត្តិ​ ពេល​យប់​សោយ​ទុក្ខ​ទោស ។​ គ្រា​នោះ​ ព្រះ​បាទ​ពារាណសី​ ទ្រង់​យាង​បរ​បាញ់​ម្រឹគ​ ចូល​ទៅ​ក្នុង​ព្រៃ​ ស្តេច​យាង​ទៅ​ដល់​ស្រះ​កណ្ណមុណ្ឌក​ តាម​លំដាប់​ បាន​សោយ​ទិព្វសម្បត្តិ​ជា​មួយ​នឹង​នាង ។​ ស្រី​ប្រេត​បញ្ឆោត​ព្រះ​រាជា​ ពេល​យប់​ឡើង​សោយ​សេចក្តី​ទុក្ខ ។ ព្រះ​រាជា​ទ្រង់​ជ្រាប​រឿង​នោះ​ហើយ​ ទ្រង់​សង្ស័យ​ថា​ “នាង​ទៅ​ណា​ហ្ន៎?”​ ទើប​ស្តេច​យាង​តាម​ទៅ​ខាង​ក្រោយ​ ទ្រង់​ឈប់​នៅ​ក្នុង​ទី​មិន​ឆ្ងាយ​ ទត​ឃើញ​ឆ្កែ​មួយ​ក្បាល​ចេញ​មក​ពី​ស្រះ​កណ្ណមុណ្ឌក​ ខាំ​ស៊ី​នាង​ ឮ​សូរ​ក្រុបៗ​ ទើប​ទ្រង់​កាប់​ដោយ​ព្រះ​សែង​ដាច់​ជា​ពីរ​កំណាត់ ។​ ឆ្កែ​នោះ​ក៏​កើត​ជា​ ២​ ក្បាល ។​ កាល​ត្រូវ​កាប់​ដាច់​ទៀត​ ក៏​ឡើង​ទៅ​ជា​ ៤​ ក្បាល ។​ កាល​ត្រូវ​កាប់​ដាច់​ទៀត​ ក៏​ឡើង​ជា​ ៨​​ ក្បាល ។ កាល​ត្រូវ​កាប់​ដាច់​ទៀត​ ក៏​ឡើង​ជា​ ១៦​ ។​ នាង​ក្រាប​ទូល​សួរ​ថា​ “បពិត្រ​ព្រះ​ស្វាមី​ ព្រះ​អង្គ​ទ្រង់​ធ្វើ​អី?"​ ទ្រង់​ត្រាស់​សួរ​ទៅ​វិញ​ថា​ "នេះ​ជា​ស្អី?" ។​ នាង​ក្រាប​ទូល​ថា​ "ក្រាប​ទូល​ព្រះ​អង្គ​ ទ្រង់​កុំ​ធ្វើ​យ៉ាង​នោះ​ទៀត​ សូម​ទ្រង់​ស្តោះ​ទឹក​មាត់​លើ​ដី​ហើយ​ហើយ​ឈ្លី​ដោយ​ព្រះ​បាទ" ទ្រង់​ធ្វើ​តាម​ពាក្យ​ប្រាប់​របស់​នាង ។​ ឆ្កែ​ទាំង​ឡាយ​ក៏​បាត់​មួយរំពេច ។​ ថ្ងៃ​នោះ​ ដល់​ពេល​ដែល​នាង​អស់​បាបកម្ម ។​ ព្រះ​រាជា​ទ្រង់​មិន​សប្បាយ​ព្រះ​ទ័យ​ ទើប​ទ្រង់​ចង់​យាង​ត្រឡប់​ទៅ​វិញ ។​ នាង​ឃាត់​ថា​ “បពិត្រ​ស្វាមី​ កម្ម​របស់​ខ្ញុំ​ម្ចាស់​អស់​ហើយ​ ទ្រង់​កុំ​យាង​ទៅ​ឡើយ” ។​ ព្រះ​រាជា​ទ្រង់​មិន​ស្តាប់​ នៅ​តែ​យាង​ត្រឡប់​ទៅ​វិញ​ទាល់​តែ​បាន ។

ទក្ខិណេយ្យគ្គិ

ចំណែក​ឯ​ក្នុង​ពាក្យ​ថា​ ទក្ខិណេយ្យគ្គិ​ នេះ​ ពាក្យ​ថា​ ទក្ខិណា​​ គឺ​បច្ច័យ​ ៤ ។​ ភិក្ខុសង្ឃ​ ឈ្មោះ​ថា​ ទក្ខិណេយ្យបុគ្គល ។​ ភិក្ខុសង្ឃ​ ឈ្មោះ​ថា​ មាន​ឧបការ​ច្រើន​ដល់​គ្រហស្ថ​ ដោយ​ការ​បបួល​ដឹក​នាំ​ ឲ្យ​ប្រព្រឹត្ត​ក្នុង​កល្យាណធម៌​ទាំង​ឡាយ​ជា​ដើម​ថា​ សរណៈ​ ៣​ សីល​ ៥​ សីល​ ១០​ ការ​ចិញ្ចឹម​មើល​ថែ​មាតា​បិតា​ ការ​ទំនុក​បម្រុង​សមណព្រាហ្មណ៍​ជា​អ្នក​មាន​ធម៌ ។​ គ្រហស្ថ​ដែល​បដិបត្តិ​ខុស​ក្នុង​ភិក្ខុសង្ឃ​ ជេរ​ប្រទេច​ផ្តាសា​ចំពោះ​ភិក្ខុសង្ឃ​ រមែង​ទៅ​កើត​ក្នុង​អបាយ​មាន​នរក​ជា​ដើម​ ហេតុ​នោះ​ សូម្បី​ភិក្ខុសង្ឃ​ លោក​ក៏​ហៅ​ថា​ ទក្ខិណេយ្យគ្គិ​ ដោយ​អត្ថ​ថា​ តាម​ដុត​ ដោយ​ន័យ​មុន​ដូច​គ្នា​ ។​ ហើយ​ដើម្បី​ឲ្យ​សេចក្តី​នេះ​ជាក់​ច្បាស់​ គួរ​នឹង​សម្តែង​រឿង​វេមានិកប្រេតដោយ​ពិស្តារ​ផង​ចុះ ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ