Search

Loading

Content

01 March 2012

សតិ​ និង​សម្បជញ្ញៈ

សតិ               សេចក្តី​រលឹក

សម្បជញ្ញំ      ដឹង​ខ្លួន

អធិប្បាយ

សតិ​ ក៏​គឺ​សតិ​ [ ការ​រលឹក ] នុ៎ះ​ឯង ។​ សម្បជញ្ញៈ​ គឺ​ ញាណ​ ( ការ​ដឹង ) ។

សតិ​ពិចារណា​គតិ​ទាំង​ឡាយ​ នៃ​ធម៌​ដែល​ជា​ប្រយោជន៍​ និង​មិន​មែន​ជា​ប្រយោជន៍​ ដឹង​ថា​ធម៌​ទាំង​ឡាយ​មាន​កាយទុច្ចរិត​ជា​ដើម​ទាំង​នេះ​ ថា​មិន​មាន​ប្រយោជន៍​ រមែង​បន្ទោបង់​ធម៌​ដែល​មិន​ជា​ប្រយោជន៍​ ដឹង​ថា​ធម៌​មាន​កាយសុចរិត​ជា​ដើម​ទាំង​នេះ​ជា​ប្រយោជន៍​ រមែង​ផ្គង​ធម៌​ដែល​ជា​ប្រយោជន៍​ ដូច​បរិនាយក​កែវ​របស់​ស្តេច​ចក្រពត្តិ​ ដឹង​វត្ថុ​ដែល​ជា​ប្រយោជន៍​ និង​វត្ថុ​ដែល​មិន​មែន​ជា​ប្រយោជន៍​ វត្ថុ​ដែល​ជា​ប្រយោជន៍​របស់​​ស្តេច​ចក្រពត្តិ​ រមែង​នាំ​វត្ថុ​ដែល​មិន​ជា​ប្រយោជន៍​ចេញ​ រមែង​បង្អោន​ចូល​មក​នូវ​វត្ថុ​ដែល​ជា​ប្រយោជន៍​ប៉ុណ្ណោះ​ ដូច្នោះ​ដែរ ។​

ដោយ​ហេតុ​នោះ​ ព្រះ​នាគសេនត្ថេរ​ទើប​មាន​ថេរដីកា​នឹង​ព្រះ​បាទ​មិលិន្ទ​ថា​ បពិត្រ​មហារាជ​ បរិនាយក​កែវ​របស់​ស្តេច​ចក្រពត្តិ​ រមែង​ដឹង​វត្ថុ​ដែល​ជា​ប្រយោជន៍​ និង​មិន​ជា​ប្រយោជន៍​ដល់​ស្តេច​ចក្រពត្តិ​ វត្ថុ​ទាំង​នេះ​ ជា​ប្រយោជន៍​ដល់​ព្រះ​រាជា​ វត្ថុ​ទាំង​នេះ​ មិន​ជា​ប្រយោជន៍​ វត្ថុ​ទាំង​នេះ​ជា​ឧបការៈ​ វត្ថុ​ទាំង​នេះ​ មិន​មាន​ឧបការៈ​ ដូច្នេះ​ បន្ទាប់​ពី​នោះ​មក​ ក៏​នឹង​កម្ចាត់​វត្ថុ​ដែល​មិន​ជា​ប្រយោជន៍​ រមែង​ផ្គង​វត្ថុ​ដែល​ជា​ប្រយោជន៍​ យ៉ាង​ណា​ សូម​ថ្វាយ​ព្រះ​មហារាជ​ សតិ​ក៏​យ៉ាង​នោះ​ដូច​គ្នា​នោះ​ឯង​ កាល​កើត​ឡើង​ រមែង​ពិចារណា​គតិ​ទាំង​ឡាយ​ នៃ​ធម៌​ ដែល​ជា​ប្រយោជន៍​និង​មិន​ជា​ប្រយោជន៍​ថា​ ធម៌​ទាំង​នេះ​ជា​ប្រយោជន៍​ ធម៌​ទាំង​នេះ​មិន​ជា​ប្រយោជន៍​ ធម៌​ទាំង​នេះ​មាន​ឧបការៈ​ ធម៌​ទាំង​នេះ​មិន​មាន​ឧបការៈ​ ដូច្នេះ​ បន្ទាប់​ពី​នោះមក​ រមែង​កម្ចាត់​ធម៌​ដែល​មិន​ជា​ប្រយោជន៍​ រមែង​ផ្គង​ធម៌​ដែល​ជា​ប្រយោជន៍​ ថ្វាយ​ព្រះ​ពរ​មហារាជ​ សតិ​មាន​ការ​ផ្គង​ ជា​លក្ខណៈ​យ៉ាង​នេះ​ឯង ។

ន័យ​ម្យ៉ាង​ទៀត​ សតិ​មាន​ការ​រលឹក​ជាលក្ខណៈ​ ( អបិលាបនលក្ខណា )​ មាន​ការ​មិន​វង្វេង​ភ្លេច​ ជាកិច្ច​ ( អសម្មោសរសា )​ មាន​ការ​រក្សា​អារម្មណ៍​ ( ទុក​មិន​ឲ្យ​ចេញ​ពី​ចិត្ត ) ជា​គ្រឿង​ប្រាកដ​ ( អារក្ខបច្ចុបដ្ឋានា )​ ឬ​មាន​ការ​ឆ្ពោះ​មុខ​ទៅ​កាន់​អារម្មណ៍​ ជា​បច្ចុប្បដ្ឋាន​ មាន​ការ​ចាំ​បាន​ដ៏​ខ្ជាប់​ខ្ជួន​ ជា​បទដ្ឋាន​ ( ថិរសញ្ញាបទដ្ឋានា )​ ឬ​មាន​សតិបដ្ឋាន​ មាន​កាយានុបស្សនា-សតិបដ្ឋាន​ជា​ដើម​ ជា​បទដ្ឋាន​ គប្បី​ឃើញ​សតិ​ដូច​ជា​សសរ​ខឿន​ ព្រោះ​តាំង​នៅ​មាំ​ ក្នុង​អារម្មណ៍​ និង​ដូច​ទ្វារបាល​ចាំ​រក្សា​ទ្វារ​ ព្រោះ​រក្សា​ទ្វារ​ទាំង​ឡាយ​ មាន​ចក្ខុទ្វារ​ជា​ដើម ។

ធម៌​ដែល​ឈ្មោះ​ថា​ សម្បជញ្ញៈ​ ព្រោះ​ដឹង​ខ្លួន​ អធិប្បាយ​ថា​ រមែង​ដឹង​ដោយ​ប្រការ​ផ្សេងៗ​ ជុំ​វិញ​ បណ្តា​ធម៌​ទាំង​ ២​ នោះ​ គប្បី​ជ្រាប​សម្បជញ្ញៈ​ទាំង​ ៤​ ប្រភេទ​នេះ​ គឺ​ សាត្ថកសម្បជញ្ញៈ​ សប្បាយសម្បជញ្ញៈ​ គោចរសម្បជញ្ញៈ​ និង​អសម្មោហសម្បជញ្ញៈ​ ។

[ ដែល​ឈ្មោះ​ថា​ សម្បជញ្ញៈ​ ព្រោះ​រមែង​ដឹង​អនិច្ចលក្ខណៈ​ជា​ដើម​​ ដោយ​ប្រការ​ផ្សេងៗ​ ដោយ​ប្រពៃ ]

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ