Search

Loading

Content

05 April 2012

អាសវៈ​ ៣

តយោ​  អាសវា​  អាសវៈ​ ៣​ យ៉ាង​ គឺ៖

១.​ កាមាសវោ​  កាមាសវៈ​1

២.​ ភវាសវោ​       ភវាសវៈ​2

៣.​ អវិជ្ជាសវោ​    អវិជ្ជាសវៈ​3

( បិដក​លេខ​ ១៩​ ទំព័រ​ ១៣៧ )

អធិប្បាយ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​ពាក្យ​ថា​ តយោ​ អាសវា​ នេះ​ត​ទៅ ៖

ឈ្មោះ​ថា​ អាសវៈ ដោយ​អត្ថ​ថា​ ជា​ឋានៈ​ ទី​អាស្រ័យ​នៅ​អស់​កាល​យូរ​ខ្លះ​ ដោយ​អត្ថ​ថា​ ហូរ​ជា​និច្ច​ខ្លះ​ [ ចិរបារិវាសិយដ្ឋេន វា អាសវនដ្ឋេន វា អាសវា ] ។​ ក្នុង​អត្ថ​ទាំង​ ២​ នោះ​ គប្បី​ជ្រាប​អាសវៈ​ដោយ​អត្ថ​ថា​ ជា​ឋានៈ​ ទី​អាស្រ័យ​នៅ​អស់​កាល​យូរ​ ជា​មុន​សិន​ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ខាង​ដើម​នៃ​អវិជ្ជា​ រមែង​មិន​ប្រាកដ​ថា​ មុន​នេះ​ អវិជ្ជា​មិន​មាន,​ ត​មក​ខាង​ក្រោយ​ ទើប​មាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ខាង​ដើម​នៃ​ភវតណ្ហា​ ភវទិដ្ឋិ​ រមែង​មិន​ប្រាកដ​ថា​ មុន​នេះ​ ភវទិដ្ឋិ​មិន​មាន,​ ត​មក​ខាង​ក្រោយ​ ទើប​មាន”​ ដូច្នេះ ។​ គប្បី​ជ្រាប​អាសវៈ​ ដោយ​អត្ថ​ថា​ ហូរ​ជា​និច្ច​ យ៉ាង​នេះ​ថា​ “អាសវៈ​រមែង​ហូរ​ទៅ​ ហូរ​ទូទៅ​ ហូរ​ជា​និច្ច​ ប្រព្រឹត្ត​ទៅ​ក្នុង​រូប​ តាម​ផ្លូវ​ភ្នែក​ ក្នុង​សំឡេង​ តាម​ផ្លូវ​ត្រចៀក​ ក្នុង​ក្លិន​ តាម​ផ្លូវ​ច្រមុះ​ ក្នុង​រស​ តាម​ផ្លូវ​អណ្តាត​ ក្នុង​ផោដ្ឋព្វ​ តាម​ផ្លូវ​កាយ ។​ រមែង​ហូរ​ទៅ​ ហូរ​ទូទៅ​ ហូរ​ជា​និច្ច​ ប្រព្រឹត្ត​ទៅ​ក្នុង​ធម្មារម្មណ៍​ តាម​ផ្លូវ​ចិត្ត”​ ដូច្នេះ ។​ តែ​ក្នុង​ព្រះ​បាលី​កន្លែង​ខ្លះ​ អាសវៈ​មាន​ ២​ យ៉ាង​គឺ​ ទិដ្ឋធម្មិកាសវៈ​ ( អាសវៈ​ក្នុង​បច្ចុប្បន្ន )​ និង​សម្បរាយិកាសវៈ​ ( អាសវៈ​ក្នុង​បរលោក ) ។​ កន្លែង​ខ្លះ​ មាន​ ៣​ យ៉ាង​ ដូច​ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាសវៈ​ មាន​ ៣​ គឺ​ កាមាសវៈ​ ភវាសវៈ​ និង​អវិជ្ជាសវៈ” ។​ ក្នុង​ព្រះ​អភិធម្ម​ អាសវៈ​ទាំង​ ៣​ នោះ​នុ៎ះ​ឯង​ រួម​នឹង​ទិដ្ឋាសវៈ​ ត្រូវ​ជា​ ៤ ។​ ក្នុង​និព្វេធិកបរិយាយសូត្រ​ មាន​ ៥​ យ៉ាង​ គឺ​ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាសវៈ​ដែល​នាំ​ឲ្យ​ធ្លាក់​នរក​ មាន,​ អាសវៈ​ដែល​នាំ​ឲ្យ​កើត​ក្នុង​កំណើត​តិរច្ឆាន​ មាន,​ អាសវៈ​ដែល​នាំ​ឲ្យ​កើត​ក្នុង​កំណើត​បេតវិស័យ​ មាន,​ អាសវៈ​ដែល​នាំ​ឲ្យ​កើត​ក្នុង​មនុស្សលោក​ មាន,​ អាសវៈ​ដែល​នាំ​ឲ្យ​កើត​ក្នុង​ទេវលោក​ មាន” ។​ ក្នុង​អាហុនេយ្យសូត្រ​ ឆក្កនិបាត​ មាន​ ៦​ យ៉ាង​នេះ​ គឺ​ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាសវៈ​ដែល​គប្បី​លះ​ដោយ​ការ​សង្រួម​ មាន,​ អាសវៈ​ដែល​គប្បី​លះ​ដោយ​ការ​សេព​គប់​ មាន,​ អាសវៈ​ដែល​គប្បី​លះ​ដោយ​ការ​វៀរ​ មាន,​ អាសវៈ​ដែល​គប្បី​លះ​ដោយ​សេចក្តី​អត់​ធន់​ មាន,​ អាសវៈ​ដែល​គប្បី​លះ​ដោយ​ការ​បន្ទោបង់​ មាន,​ អាសវៈ​ដែល​គប្បី​លះ​ដោយ​ការ​ចម្រើន​ភាវនា​ មាន” ។​ ក្នុង​សព្វាសវបរិយាយសូត្រ​ អាសវៈ​ទាំង ៦​ នេះ​ឯង​ រួម​ជា​មួយ​នឹង​អាសវៈ​ដែល​គប្បី​លះ​ដោយ​ទស្សនៈ​ ត្រូវ​ជា​ ៧ ។

ចំណែក​ក្នុង​សង្គីតិសូត្រ​នេះ​ អាសវៈ​មាន​ ៣​ ។​ បណ្តា​អាសវៈ​ ៣​ យ៉ាង​នោះ​ រាគៈ​ដែល​ប្រកប​ដោយ​កាមគុណ​ ៥​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យោ​ កាមេសុ​ កាមច្ឆន្ទោ​ កាមច្ឆន្ទ​ក្នុង​កាម​ទាំង​ឡាយ”​ ដូច្នេះ​ ឈ្មោះ​ថា​ កាមាសវៈ ។​ រាគៈ​ដែល​ប្រកប​ដោយ​សស្សតទិដ្ឋិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យោ​ ភវេសុ​ ភវច្ឆន្ទោ​ ភវច្ឆន្ទ​ក្នុង​ភព​ទាំង​ឡាយ”​ ដូច្នេះ​ ឬ​សេចក្តី​ប្រាថ្នា​ទាក់​ទង​នឹង​ភព​ ឈ្មោះ​ថា​ ភវាសវៈ​, អវិជ្ជា​ដែល​មក​ហើយ​ដោយ​ន័យ​ជា​ដើម​ថា​ “ទុក្ខេ​ អញ្ញាណំ​ សេចក្តី​មិន​ដឹង​ក្នុង​ទុក្ខ”​ ឈ្មោះ​ថា​ អវិជ្ជាសវៈ​ ដូច្នេះ​ឯង ។


1. សេចក្តី​ត្រេក​ត្រអាល​ក្នុង​កាម​ ហៅ​ថា​ កាមាសវៈ

2. សេចក្តី​ត្រេក​ត្រអាល​ក្នុង​ភព​ ហៅ​ថា​ ភវាសវៈ

3. សេចក្តី​មិន​ដឹង​ក្នុង​អរិយសច្ច​ទាំង​ ៤​ ជា​ដើម​ ហៅ​ថា​ អវិជ្ជាសវៈ

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ