Search

Loading

Content

11 December 2012

វិញ្ញាណដ្ឋិតិ​ ធម្មជាតិ​ជា​ទី​តាំង​នៅ​របស់​វិញ្ញាណ​ ៤

វិញ្ញាណដ្ឋិតិ​ ធម្មជាតិ​ជា​ទី​តាំង​នៅ​របស់​វិញ្ញាណ​ មាន​ ៤​ យ៉ាង​ គឺ៖

១. រូបូបាយំ​  អាវុសោ​  វិញ្ញាណំ​  តិដ្ឋមានំ​  តិដ្ឋតិ​  រូបារម្មណំ​  រូបប្បតិដ្ឋំ​  នន្ទុបសេវនំ​  វុឌ្ឍឹ​  វិរុឡ្ហឹ​  វេបុល្លំ​  អាបជ្ជតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ វិញ្ញាណ​ដែល​ស្ថិត​នៅ​ក៏​ស្ថិត​នៅ​អាស្រ័យ​នឹង​រូប​ មាន​រូប​ជា​អារម្មណ៍​ តាំង​នៅ​ក្នុង​រូប​ ចូល​ទៅ​អាស្រ័យ​នូវ​សេចក្ដី​ត្រេក​អរ​ តែង​ដល់​នូវ​សេចក្ដី​ចម្រើន​លូត​លាស់​ ធំ​ទូលាយ

២. វេទូបាយំ​  វា​ អាវុសោ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ វិញ្ញាណ​អាស្រ័យ​វេទនា

៣. សញ្ញូបាយ  វា​  អាវុសោ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ វិញ្ញាណ​អាស្រ័យ​សញ្ញា

៤. សង្ខារូបាយំ​  វា​  អាវុសោ​  វិញ្ញាណំ​  តិដ្ឋមានំ​  តិដ្ឋតិ​  សង្ខារារម្មណំ​  សង្ខារប្បតិដ្ឋំ​  នន្ទុបសេវនំ​  វុឌ្ឍឹ​  វិរុឡ្ហឹ​  វេបុល្លំ​  អាបជ្ជតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ វិញ្ញាណ​ដែល​ស្ថិត​នៅ​ក៏​ស្ថិត​នៅ​អាស្រ័យ​នឹង​សង្ខារ​ មាន​សង្ខារ​ជា​អារម្មណ៍​ តាំង​នៅ​ក្នុង​សង្ខារ​ ចូល​ទៅ​អាស្រ័យ​នូវ​សេចក្ដី​ត្រេក​អរ​ តែង​ដល់​នូវ​សេចក្ដី​ចម្រើន​លូត​លាស់​ធំ​ទូលាយ

( បិដក​លេខ​ ១៩​ ទំព័រ​ ១៦២ )

អធិប្បាយ

   ពាក្យ​ថា វិញ្ញាណដ្ឋិតិយោ សេចក្ដី​ថា ដែល​ឈ្មោះ​ថា វិញ្ញាណដ្ឋិតិ ព្រោះ​អត្ថ​ថា ជា​ទី​តាំង​នៃ​វិញ្ញាណ ។ ពាក្យ​នេះ លោក​ពោល​ទុក​ដោយ​អំណាច​ភាព​ជា​ទី​តាំង​នៃ​អារម្មណ៍ ។ ពាក្យ​ថា រូបូបាយំ ( វិញ្ញាណ​ដែល​ស្ថិត​នៅ​អាស្រ័យ​នឹង​រូប ) សេចក្ដី​ថា មាន​សភាព​ចូល​ដល់​រូប ។ ពិត​ណាស់ អភិសង្ខារវិញ្ញាណ​ក្នុង​បញ្ចវោការភព​អាស្រ័យ​រូបក្ខន្ធ​ទើប​តាំង​នៅ​បាន ។ ពាក្យ​នេះ លោក​ពោល​សំដៅ​ដល់​វិញ្ញាណ​នោះ ។ ពាក្យ​ថា រូបារម្មណំ
( មាន​រូប​ជា​អារម្មណ៍ ) សេចក្ដី​ថា មាន​រូបក្ខន្ធ​ជា​អារម្មណ៍ ។ ពាក្យ​ថា រូបប្បតិដ្ឋំ ( តាំង​នៅ​ក្នុង​រូប ) សេចក្ដី​ថា ជា​របស់​តាំង​​នៅ​ចំពោះ​ក្នុង​រូប ។ ពាក្យ​ថា នន្ទុបសេវនំ ( ចូល​ទៅ​អាស្រ័យ​នូវ​សេចក្ដី​ត្រេក​អរ ) សេចក្ដី​ថា ជា​របស់​ដែល​សេចក្ដី​ពេញ​ចិត្ត​ចូល​ទៅ​អាស្រ័យ​ ព្រោះ​សម្បយុត្ត​ដោយ​ចិត្ត​ដែល​សហគត​ដោយ​លោភៈ ។ ក្រៅ​ពី​នេះ ជា​របស់​ដែល​ត្រូវ​ចំណែក​បំផុត​នៃ​ការ​ប្រព្រឹត្ត​ជា​ទម្លាប់​ចូល​ទៅ​អាស្រ័យ ។ ពាក្យ​ថា វុឌ្ឍឹ វិរុឡ្ហឹ វេបុល្លំ អាបជ្ជតិ ( តែង​ដល់​នូវ​សេចក្ដី​ចម្រើន លូត​លាស់ ធំ​ទូលាយ ) សេចក្ដី​ថា ដល់​នូវ​សេចក្ដី​ចម្រើន លូត​លាស់ ធំ​ទូលាយ ដែល​ប្រព្រឹត្ត​ទៅ​យ៉ាង​នេះ ៦០ ឆ្នាំ​ខ្លះ ៧០ ឆ្នាំ​ខ្លះ ។ សូម្បី​ក្នុង​វិញ្ញាណ​ដែល​អាស្រ័យ​វេទនា​ជា​ដើម ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។ ក៏​ក្នុង​ភព​របស់​សត្វ​មាន​ខន្ធ ៤ លោក​ពោល​អភិសង្ខារវិញ្ញាណ​ទុក​ដោយ​បទ​ទាំង ៣ នេះ ។ គប្បី​ជ្រាប​សេចក្ដី​ចម្រើន លូត​លាស់ ធំ​ទូលាយ ថា​ប្រព្រឹត្ត​ទៅ​ដរាប​ដល់​មួយ​ជួរ​អាយុ​របស់​វិញ្ញាណ​នោះ ។ លោក​មិន​ពោល​វិញ្ញាណ​ដែល​អាស្រ័យ​វិញ្ញាណ​ទុក​ ព្រោះ​សម្ដែង​ទុក​ក្នុង​​ ៤ ខ​ហើយ ។ បើ​ពោល​ទុក​ទៀត ក៏​អាច​ធ្វើ​ច្រឡំ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ថា “ក្នុង​ទី​នេះ កម្មវិញ្ញាណ តើ​ដូច​ម្ដេច? វិបាកវិញ្ញាណ តើ​ដូច​ម្ដេច?” ព្រោះ​ហេតុ​នោះ​ ទើប​លោក​មិន​ពោល​ទុក ៕

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ