ខន្តិ សេចក្តីអត់ធ្មត់
សោរច្ចំ ការប្រព្រឹត្តល្អ ឬស្លូតមិនកោងកាច
អធិប្បាយ
ពាក្យថា ខន្តិ បានដល់ អធិវាសនខន្តិ ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តាធម៌ទាំងនោះ ខន្តិ តើដូចម្តេច? គឺ ភាពអត់ធ្មត់ ការអត់សង្កត់ ភាពមិនកាច មិនព្រហើន ភាពនៃចិត្តរីករាយ” ។
ពាក្យថា សោរច្ចំ បានដល់ ភាពស្ងៀមស្ងាត់ ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមំ សោរច្ចំ? យោ កាយិកោ អវីតិក្កមោ, វាចសិកោ អវីតិក្កមោ, កាយិកវាចសិកោ អវីតិក្កមោ ។ ឥទំ វុច្ចតិ សោរច្ចំ ។ សព្ពោបិ សីលសំវរោ សោរច្ចំ បណ្តាធម៌ទាំងនោះ សោរច្ចៈ តើដូចម្តេច? គឺ ការមិនប្រព្រឹត្តល្មើសតាមផ្លូវកាយ ការមិនប្រព្រឹត្តល្មើសតាមផ្លូវវាចា ការមិនប្រព្រឹត្តល្មើសតាមផ្លូវកាយនិងវាចា, នេះហៅថា សោរច្ចៈ, សូម្បីការសង្រួមក្នុងសីល ( សីលសំវរៈ ) ទាំងអស់ ក៏ចាត់ចូលក្នុងសោរច្ចៈ” ។
( សង្គីតិសុត្តវណ្ណនា )
បទថា កាយិកោ វីតិក្កមោ ( ការមិនប្រព្រឹត្តល្មើសដោយកាយ ) បានដល់កាយសុចរិត ៣។ បទថា វាចសិកោ អវីតិក្កមោ ( ការមិនប្រព្រឹត្តល្មើសដោយវាចា ) បានដល់ វចីសុចរិត ៤ ។ បទថា កាយិកវាចសិកោ ( ដោយកាយ និងវាចា ) នេះ ទ្រង់កំណត់យកអាជីវមដ្ឋកសីល
( សីលមានអាជីវៈជាគម្រប់ ៨ ) ដែលតាំងឡើងដោយកាយ និងវាចា ។
បទថា សព្វោបិ សីលសំវរោ ( សូម្បីការសង្រួមក្នុងសីលទាំងអស់ ) នេះ ព្រះមានព្រះភាគត្រាស់ទុក ដើម្បីសម្តែងការកាន់យកនូវសីល ដោយចិត្ត ព្រោះបុគ្គលមិនមែនប្រព្រឹត្តអនាចារដោយកាយ និងវាចាប៉ុណ្ណោះ សូម្បីដោយចិត្ត ក៏ត្រូវប្រព្រឹត្តដូចគ្នា ៕
( អដ្ឋសាលិនី អដ្ឋកថា )
0 មតិ:
Post a Comment