Search

Loading

Content

03 March 2012

ភាវៈ​នៃ​បុគ្គល​​សង្រួម​ក្នុង​ឥន្ទ្រិយ​ និង​​ដឹង​​ប្រមាណ​ក្នុង​ភោជន

ឥន្ទ្រិយេសុ  គុត្តទ្វារតា            ភាវៈ​ជា​អ្នក​គ្រប់​គ្រង​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ

ភោជនេ  មត្តញ្ញុតា                  ភាវៈ​ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន

អធិប្បាយ

ធម៌​ទាំង​ពីរ​នេះ​ គប្បី​ជ្រាប​ដោយ​ន័យ​ផ្ទុយ​គ្នា​នឹង​ពួក​ធម៌​ដែល​ពោល​មក​ហើយ

តែ​សេចក្តី​ប្លែក​គ្នា​ គប្បី​ជ្រាប​ដូច​តទៅ​នេះ​ ៖

អង្គ​ ១២​ របស់​ភិក្ខុ​អ្នក​ឆាន់​អាហារ

ក្នុង​ទី​នេះ​ គួរ​ប្រមូល​អង្គ​ទាំង​ឡាយ​ គឺ

១. នេវ​ ទវាយ  មិន​បរិភោគ​ដើម្បី​លេង

២. ន​ មទាយ  មិន​បរិភោគ​ដើម្បី​ស្រវឹង

៣. ន​ មណ្ឌនាយ​  មិន​បរិភោគ​ដើម្បី​ប្រដាប់

៤. ន​ វិភូសនាយ​ មិន​បរិភោគ​ដើម្បី​ស្អិត​ស្អាង

៥.៦. យាវទេវ​ ឥមស្ស​​ កាយស្ស​ ឋិតិយា​ យាបនាយ​  ដើម្បី​តាំង​នៅ​នៃ​កាយ​នេះ​ និង​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ

៧. វិហឹសុបរតិយា​ ព្រហ្មចរិយានុគ្គហាយ  ដើម្បី​កម្ចាត់​បង់​នូវ​សេចក្តី​លំបាក​ ដើម្បី​អនុគ្រោះ​នូវ​ព្រហ្មចរិយធម៌

៨.៩ ឥតិ​ បុរាណញ្ច​ វេទនំ​ បដិហង្ខាមិ​ នវញ្ច​ វេទនំ​ ន​​ ឧប្បាទេស្សាមិ  ដោយ​ឧបាយ​នេះ​ អញ​នឹង​កម្ចាត់​បង់​នូវ​វេទនា​ចាស់​ និង​មិន​ញ៉ាំង​វេទនា​ថ្មី​ឲ្យ​កើត​ឡើង​

១០. យាត្រា​ ច​ មេ​ ភវិស្សតិ​ ការ​តាំង​នៅ​នៃ​ជីវិត​ នឹង​មាន​ដល់​អាត្មា​អញ

១១.១២. អនវជ្ជតា​ ច​ ផាសុវិហារោ​ ច​ ការ​មិន​មាន​ទោស​ និង​ការ​នៅ​ជា​សុខ​សប្បាយ

នេះ​ជា​អានិសង្ស​នៃ​ការ​បរិភោគ​ភោជន ។

ព្រះ​មហាសិវត្ថេរ​ចែក​អង្គ​មាន​ ៨

ចំណែក​ព្រះ​មហាសិវត្ថេរ​ ពោល​អង្គ​ ៤​ ខាង​ដើម​​ ( នេវ ទវាយ​ ន​ មទាយ​ ន​ មណ្ឌនាយ​ ន​ វិភូសនាយ )​ ឈ្មោះ​ថា​ ជា​ខ​ហាម​ប្រាម​ជា​អង្គ​ ១​ គប្បី​ប្រមូល​អង្គ​ ៨​ ខាង​ចុង​មក​ ក្នុង​អង្គ​ ៨​ ខាង​ចុង​នោះ​ ពាក្យ​ថា​ ដើម្បី​ការ​តាំង​នៅ​នៃ​កាយ​នេះ​ ចាត់​ជា​អង្គ​ ១​ ពាក្យ​ថា​ ដើម្បី​ញ៉ាំង​ជីវិតិន្ទ្រិយ​ឲ្យ​ប្រព្រឹត្ត​ទៅ​ ចាត់​ជា​អង្គ​ ១​ ពាក្យ​ថា​ ដើម្បី​កម្ចាត់​បង់​នូវ​សេចក្តី​លំបាក​ ចាត់​ជា​អង្គ​ ១​ ពាក្យ​ថា​ ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ចាត់​ជា​អង្គ​ ១​ ពាក្យ​ថា​ ដោយ​ឧបាយ​នេះ​ អញ​នឹង​កម្ចាត់​បង់​នូវ​វេទនា​ចាស់​ ចាត់​ជា​អង្គ​ ១​ ពាក្យ​ថា​ ដោយ​ឧបាយ​នេះ​​ អញ​នឹង​កម្ចាត់​បង់​នូវ​វេទនា​ចាស់​ ចាត់​ជា​អង្គ​ ១​ ពាក្យ​ថា​ នឹង​មិន​ញ៉ាំង​វេទនា​ថ្មី​ឲ្យ​កើត​ឡើង​ ចាត់​ជា​អង្គ​ ១​ ពាក្យ​ថា​ ការ​តាំង​នៅ​នៃ​ជិវិតិន្ទ្រិយ​នឹង​មាន​ដល់​អញ​ ចាត់​ជា​អង្គ​ ១​ ពាក្យ​ថា​ ការ​មិន​មាន​ទោស​ ចាត់​ជា​អង្គ​ ១​ ក៏​ការ​នៅ​ជា​សុខ​សប្បាយ​ ជា​ផល​នៃ​ការ​បរិភោគ​ ដូច្នេះ ។

ភិក្ខុ​កាល​បរិភោគ​អាហារ​ ប្រកប​ដោយ​អង្គ​ ៨​ យ៉ាង​នេះ​ ឈ្មោះ​ថា​ ជា​អ្នក​ស្គាល់​ប្រមាណ​ក្នុង​ការ​បរិភោគ​អាហារ ។ ការ​បរិភោគ​ដោយ​ការ​ពិចារណា​ ប្រព្រឹត្ត​ទៅ​ដោយ​ការ​ស្គាល់​ប្រមាណ​ដ៏​គួរ​ ក្នុង​ការ​ស្វែង​រក​ ការ​ទទួល​ និង​ការ​បរិភោគ​នេះ​ ឈ្មោះ​ថា​ ភោជនេ​ មត្តញ្ញុតា​ ( ភាព​ជា​អ្នក​ស្គាល់​ប្រមាណ​ក្នុង​ភោជន ) ។

បទ​ថា​ នេវ​ ទវាយ​ បាន​ដល់​ មិន​បរិភោគ​ដើម្បី​លេង ។​ ក្នុង​ព្រះ​បាលី​នោះ​ អ្នក​រាំ​រែក​ និង​អ្នក​លោត​កម្ពស់​ជា​ដើម​ ឈ្មោះ​ថា​ រមែង​បរិភោគ​ដើម្បី​លេង ។​ ព្រោះ​កាល​គេ​បរិភោគ​ភោជន​ណា​ហើយ​ ការ​លេង​ ពោល​គឺ​រាំ​រែក​ កាព្យ​ឃ្លោង​ និង​ការ​លេង​ពាក្យ​ស្លោក​ រមែង​ជាក់​ច្បាស់​ក្រៃ​លែង​ ជន​ទាំង​នោះ​ ស្វែង​រក​អាហារ​ដោយ​ធម៌​មិន​ស្មើ​ហើយ​ រមែង​បរិភោគ​អាហារ​ទាំង​នោះ​ តែ​ភិក្ខុ​នេះ​មិន​បរិភោគ​យ៉ាង​នោះ​ឡើយ ។

បទ​ថា​ ន​ មទាយ​ ( មិន​មែន​ដើម្បី​ស្រវឹង )​ បាន​ដល់​ រមែង​មិន​បរិភោគ​ដើម្បី​ការ​ក​ពូន​សេចក្តី​ស្រវឹង​ដោយ​មានះ​ និង​ស្រវឹង​ដោយ​សម្គាល់​ថា​ ជា​បុរស ។​ ក្នុង​សេចក្តី​នោះ​ ព្រះ​រាជា​ និង​មហាមាត្យ​របស់​ព្រះ​រាជា​ ឈ្មោះ​ថា​ រមែង​បរិភោគ​ដើម្បី​ស្រវឹង​ ព្រោះ​ជន​ទាំង​នោះ​ រមែង​បរិភោគ​ភោជន​មាន​រស​ឆ្ងាញ់​ និង​ប្រណីត​ ដើម្បី​បន្ថែម​ការ​ស្រវឹង​ដោយ​មានះ​ និង​ស្រវឹង​ដោយ​សម្គាល់​ថា​ អញ​ជា​បុរស​ របស់​ខ្លួន​ តែ​ភិក្ខុ​នេះ​ រមែង​បរិភោគ​យ៉ាង​នេះ ។

បទ​ថា​ ន​ មណ្ឌនាយ​ ( មិន​មែន​ដើម្បី​ប្រដាប់ )​ សេចក្តី​ថា​ មិន​បរិភោគ​ដើម្បី​តាក់​តែង​សរីរៈ​ ក្នុង​សេចក្តី​នោះ​ ស្រី​ពេស្យា​ ស្រី​អ្នក​ស្រុក​ ស្រី​ក្នុង​បុរី​ជា​ដើម​ រមែង​ផឹក​ទឹក​ដោះ​ថ្លា​ និង​ទឹក​អំពៅ​ រមែង​បរិភោគ​អាហារ​តិច​តួច​ទាំង​ជា​អាហារ​ដ៏​ល្អិត​ ដោយ​គិត​ថា​ ការ​បរិភោគ​យ៉ាង​នេះ​ ការ​តាំង​នៅ​នៃ​អវយវៈ​របស់​ពួក​យើង​នឹង​តាំង​នៅ​ ដោយ​ល្អ​ ឆវីវណ្ណ​ក្នុង​សរីរៈ​នឹង​ផូរផង់​ ស្រស់​ថ្លា​ ដូច្នេះ​ តែ​ភិក្ខុ​នេះ​ រមែង​បរិភោគ​យ៉ាង​នោះ ។

បទ​ថា​ ន​ វិភូសនាយ​ ( មិន​មែន​ដើម្បី​ស្អិត​ស្អាង )​ បានដល់​ មិន​បរិភោគ​ដើម្បី​ប្រាថ្នា​ស្អិត​ស្អាង​ ដោយ​សាច់​ក្នុង​សរីរៈ​ ក្នុង​បុគ្គល​ទាំង​នោះ​ អ្នក​ចំបាប់​ អ្នក​ប្រដាល់​ និង​អ្នក​ប្រដាល់​ស្ម័គ្រ​ចិត្ត​ជា​ដើម​ រមែង​ញ៉ាំង​សរីរៈ​ឲ្យ​មាំ​មួន​ ដោយ​ភោជនាហារ​មាន​ត្រី​ និង​សាច់​ជា​ដើម​ដ៏​ល្អិត​ ដោយ​គិត​ថា​ ដោយ​ការ​បរិភោគ​យ៉ាង​នេះ​ សាច់​របស់​ពួក​យើង​នឹង​រឹង​មាំ​ ដើម្បី​ប្រយោជន៍​ដល់​ការ​ធន់​នឹង​ការ​វាយ​តប់​គ្នា​ ដូច្នេះ​ តែ​ភិក្ខុ​នេះ​ រមែង​មិនបរិភោគ​ដើម្បី​ប្រយោជន៍​ ធ្វើ​សាច់​ឲ្យ​មាំ​មួន​ក្នុង​សរីរៈ​យ៉ាង​នោះ ។

បទ​ថា​ ឥមស្ស​ កាយស្ស​ ឋិតិយា​  ( ដើម្បី​តាំង​នៅ​នៃ​កាយ​នេះ )​ បាន​ដល់​ រមែង​បរិភោគ​ដើម្បី​ឲ្យ​ករជកាយ​ដែល​ប្រកប​ដោយ​មហាភូតរូប​ទាំង​ ៤​ នេះ​តាំង​នៅ​ សេចក្តី​នេះ​ ជា​ប្រយោជន៍​ក្នុង​ការ​បរិភោគ​អាហារ​របស់​ភិក្ខុ​នេះ ។​

បទ​ថា​ យាបនាយ​ ( ដើម្បី​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ )​ បាន​ដល់​ រមែង​បរិភោគ​ដើម្បី​ប្រយោជន៍​ដល់​ការ​ញ៉ាំង​ជីវិតិន្ទ្រិយ​ឲ្យ​ប្រព្រឹត្ត​ទៅ ។

បទ​ថា​ វិហឹសុបរតិយា​ ( ដើម្បី​កម្ចាត់​បង់​សេចក្តី​លំបាក )​ បាន​ដល់​ សេចក្តី​ស្រេក​ឃ្លាន​កើត​ឡើង​ ព្រោះ​ការ​មិន​បាន​បរិភោគ​ជា​បច្ច័យ​ ឈ្មោះ​ថា​ វិហឹសា​ រមែង​បរិភោគ​ដើម្បី​កម្ចាត់​បង់​វិហឹសា​នោះ​ គឺ​ដើម្បី​ឲ្យ​វិហឹសា​នោះ​ស្ងប់​រម្ងាប់ ។

បទ​ថា​ ព្រហ្មចរិយានុគ្គហាយ​ ( ដើម្បី​អនុគ្រោះ​នូវ​ព្រហ្មចរិយធម៌ )​ សេចក្តី​ថា​ ត្រៃ​សិក្ខា​ គឺ​សាសនា គឺ​ពាក្យ​ប្រៀន​ប្រដៅ​ទាំង​អស់​ ឈ្មោះ​ថា​ ព្រហ្មចរិយៈ​ រមែង​បរិភោគ​ដើម្បី​អនុគ្រោះ​ព្រហ្មចរិយៈ​នោះ​ ។

បទ​ថា​ បុរាណញ្ច​ វេទនំ​ បដិហង្ខាមិ​ ( អាត្មា​អញ​នឹង​កម្ចាត់​បង់​ នូវ​វេទនា​ចាស់​ផង )​ សេចក្តី​ថា​ វេទនា​ដែល​កើត​ឡើង​ ព្រោះ​ការ​​មិន​បាន​បរិភោគ​អាហារ​ជា​បច្ច័យ​ ឈ្មោះ​ថា​ វេទនា​ចាស់​ ភិក្ខុ​រមែង​បរិភោគ​អាហារ​ ដោយ​គិត​ថា​ អញ​នឹង​កម្ចាត់​បង់​នូវ​វេទនា​ចាស់​នោះ ។

បទ​ថា​ នវញ្ច​ វេទនំ​ ន​ ឧប្បាទេស្សាមិ​ ( នឹង​មិន​ឲ្យ​វេទនា​ថ្មី​កើត​ឡើង​បាន​ផង )​ សេចក្តី​ថា​ វេទនា​ដែល​កើត​ឡើង​ ព្រោះ​ការ​បរិភោគ​ច្រើន​ពេក​ជា​បច្ច័យ​ ឈ្មោះ​ថា​ វេទនា​ថ្មី​ ភិក្ខុ​រមែង​បរិភោគ​ ដោយ​គិត​ថា​ អញ​នឹង​មិន​ឲ្យ​វេទនា​ថ្មី​នោះ​កើត​ឡើង​ ដូច្នេះ​ ម្យ៉ាង​ទៀត​ វេទនា​ដែល​កើត​ឡើង​ ព្រោះ​ការ​បរិភោគ​ហើយ​ជា​បច្ច័យ​ ឈ្មោះ​ថា​ វេទនា​ថ្មី​ ភិក្ខុ​រមែង​បរិភោគ​ដើម្បី​មិន​ឲ្យ​កើត​វេទនា​នោះ​ ដែល​នៅ​មិន​ទាន់​កើត​ឡើង​នុ៎ះ​ឯង ។

បទ​ថា​ យាត្រា​ ច​ មេ​ ភវិស្សតិ​ ប្រែ​ថា​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ឥរិយាបថ​នឹង​មាន​ដល់​អញ ។

បទ​ថា​ អនវជ្ជតា​ ច​ ( ការ​មិន​មាន​ទោស​ក្តី )​ នេះ​ បាន​ដល់​ ក្នុង​ការ​បរិភោគ​នេះ​ វត្ថុ​ដែល​មាន​ទោស​ក៏​មាន​ វត្ថុ​ដែល​មិន​មាន​ទោស​ក៏​មាន​ ក្នុង​ការ​បរិភោគ​ទាំង​ពីរ​យ៉ាង​នោះ​ ការ​ស្វែង​រក​ដោយ​មិន​ត្រូវ​តាម​ធម៌​ ការ​ទទួល​ដោយ​មិន​ត្រូវ​តាម​ធម៌​ ការ​បរិភោគ​ដោយ​មិន​ត្រូវ​តាម​ធម៌​ នេះ​ឈ្មោះ​ថា​ សាវជ្ជ​ ( មាន​ទោស ) ។​ ការ​ស្វែង​រក​ដោយ​ធម៌​ ការ​ទទួល​ ការ​ពិចារណា​ហើយ​បរិភោគ​ដោយ​ធម៌​ នេះ​ឈ្មោះ​ថា​ អនវជ្ជ​ ( មិន​មាន​ទោស ) ។

បុគ្គល​ខ្លះ​ រមែង​ធ្វើ​អាហារ​ដែល​មិន​មាន​ទោស​នុ៎ះ​ឯង​ ឲ្យ​មាន​ទោស​ គឺ​ធ្វើ​អាហារ​ដែល​ខ្លួន​បាន​មក​ ដោយ​ធម៌​ហើយ​ បរិភោគ​ហួស​ប្រមាណ​ គេ​​រមែង​មិន​អាច​ដើម្បី​ឲ្យ​អាហារ​នោះ​រលួយ​បាន​ស្រួល​ រមែង​លំបាក​ដោយ​ការ​ក្អួត​ចង្អោរ​ និង​បញ្ចុះ​លាមក​ជា​ដើម​ ពួក​ភិក្ខុ​មួយ​វត្ត​ត្រូវ​នាំ​គ្នា​ជួយ​ខ្វល់​ខ្វាយ​ក្នុង​ការ​បដិបត្តិ​រាង​កាយ​ និង​ស្វែង​រក​ថ្នាំ​ជា​ដើម​ ឲ្យ​ភិក្ខុ​នោះ​ កាល​ត្រូវ​សួរ​ថា​ មាន​រឿង​អ្វី​ ពួក​ភិក្ខុ​នឹង​និយាយ​ថា​ ភិក្ខុ​រូប​ឯណោះ​ហើម​ពោះ​ ដូច្នេះ​ជា​ដើម​ ភិក្ខុ​ទាំង​ឡាយ​ក៏​នឹង​នាំ​គ្នា​និន្ទា​តិះ​ដៀល​ថា​ លោក​អង្គ​នេះ​ មាន​ប្រក្រតី​យ៉ាង​នេះ​ ជា​និច្ច​ជា​កាល​យ៉ាង​ហ្នឹង​ឯង​ រមែង​មិន​ស្គាល់​ប្រមាណ​ផ្ទៃ​របស់​ខ្លួន​ ដូច្នេះ​ ភិក្ខុ​នេះ​ ឈ្មោះ​ថា​ រមែង​ធ្វើ​អាហារ​ដែល​មិន​មាន​ទោស​ឲ្យ​មាន​ទោស​ យ៉ាង​នេះ ។​ ភិក្ខុ​មិន​ធ្វើ​ដូច​យ៉ាង​នោះ​ រមែង​ឆាន់​អាហារ​ដោយ​ធ្វើ​ទុកក្នុង​ចិត្ត​ថា​ ការ​មិន​មាន​ទោស​ នឹង​មាន​ដល់​អញ​ ។

សូម្បី​ក្នុង​បទ​ថា​ ផាសុវិហារោ​ ច​ ( ការ​នៅ​ជា​សុខ​សប្បាយ​ក្តី )​ នេះ​ សេចក្តី​ថា​ ការ​នៅ​ជា​សុខ​សប្បាយ​ក៏​មាន​ ការ​នៅ​មិន​ជា​សុខសប្បាយ​ក៏​មាន ។

ព្រាហ្មណ៍​ល្មោភ​ស៊ី​ ៥​ នាក់

ក្នុង​ការ​បរិភោគ​នោះ​ ការ​បរិភោគ​របស់​ព្រាហ្មណ៍​ទាំង​ ៥​ នាក់​នេះ​ គឺ​ ព្រាហ្មណ៍​ឈ្មោះ​ អាហារហត្ថកៈ​ ១​ ព្រាហ្មណ៍​ឈ្មោះ​ អលំសាដកៈ​ ១​ ព្រាហ្មណ៍​ឈ្មោះ​ តត្ថវដ្តកៈ​ ១​ ព្រាហ្មណ៍​ឈ្មោះ​ កាកមាសកៈ​ ១​ ព្រាហ្មណ៍​ឈ្មោះ​ ភុត្តវមិតកៈ​ ១​ ឈ្មោះ​ថា​ ការ​នៅ​មិន​ជា​សុខសប្បាយ ។

បណ្តា​ព្រាហ្មណ៍​ទាំង​ ៥​​ នាក់​នោះ​ ព្រាហ្មណ៍​ឈ្មោះ​ អាហារហត្ថកៈ​ បរិភោគ​ច្រើន​ មិន​អាច​ក្រោក​ឡើង​បាន​តាម​ធម្មតា​របស់​ខ្លួន​ ទើប​និយាយ​ថា​ ជួយ​ទាញ​ដែ​យើង​ផង​ ដូច្នេះ ។​ ព្រាហ្មណ៍​ឈ្មោះ​អលំសាដកៈ​ បរិភោគ​អាហារ​ច្រើន​ សូម្បី​​នឹង​ក្រោក​ឡើង​បាន​​ តែ​មិន​អាច​ស្លៀក​សំពត់​បាន ។​ ព្រាហ្មណ៍​ឈ្មោះ តត្ថវដ្តកៈ​ បរិភោគ​ច្រើន​ មិន​អាច​ក្រោក​ឡើង​បាន​ រមែង​រមៀល​ទៅ​មក​ក្នុង​ទី​នោះ​នុ៎ះ​ឯង ។​ ព្រាហ្មណ៍​ឈ្មោះ​ កាកមាសក​ បរិភោគ​អាហារ​ច្រើន​ ទាល់​តែ​ហៀរ​ដល់​មាត់​ រហូត​ដល់​ពួក​ក្អែក​អាច​ចឹក​ស៊ី​បាន ។​ ព្រាហ្មណ៍​ឈ្មោះ​ ភុត្តវមិតកៈ​ បរិភោគ​ច្រើន​ មិន​អាច​ដើម្បី​បិទ​មាត់​បាន​ រមែង​ក្អួត​ក្នុង​ទី​នោះ​នុ៎ះ​ឯង ។

ភិក្ខុ​រមែង​មិន​ធ្វើ​យ៉ាង​នេះ​ទេ​ រមែង​ឆាន់​អាហារ​ ដោយ​គិត​ថា​ ការ​នៅ​ជា​សុខ​សប្បាយ​ នឹង​​មាន​ដល់​អញ​ ដូច្នេះ ។​ ការ​ដែលពោះ​ខ្វះពំនូត​បាយ​ ៤-៥​ មាត់​ ឈ្មោះ​ថា​ ការ​នៅ​ជា​សុខ​សប្បាយ​ ព្រោះ​កាល​ភិក្ខុ​បរិភោគ​អាហារ​ត្រឹម​ប៉ុណ្ណេះ​ ហើយ​ផឹក​ទឹក​ ឥរិយាបថ​ ៤​ រមែង​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល​ ព្រោះ​ហេតុ​នោះ​ ព្រះ​ធម្មសេនាបតី​ ទើប​ពោល​គាថា​ទុក​យ៉ាង​នេះ​ថា​

ចត្តារោ​ បញ្ច​ អាលោបេ​                    អភុត្វា​ ឧទកំ​ បិវេ

អយំ​ ផាសុវិហារាយ​                        បហិតត្តស្ស​ ភិក្ខុនោ

ភិក្ខុ​ឈប់​បរិភោគ​ ៤​ ឬ​ ៥ ពំនូត​ ( ក្នុង​កាល​ជិត​ឆ្អែត )​ ហើយ​គប្បី​ផឹក​ទឹក​ នេះ​ជា​ការ​ល្មម​ដល់​កិរិយា​នៅ​ជា​សុខ​ នៃ​ភិក្ខុ​អ្នក​មាន​ចិត្ត​ស្លុង​ទៅ​រក​ ( ព្រះ​និព្វាន ) ។

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ