Search

Loading

Content

13 March 2012

សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​ និង​មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម

អសន្តុដ្ឋិតា​  ច​  កុសលេសុ​  ធម្មេសុ​  សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំង​ឡាយ​

អប្បដិវានិតា​  ច​  បធានស្មឹ                 មិន​រួញ​រា​ក្នុង​សេចក្តី​ព្យាយាម

អធិប្បាយ

ពាក្យ​ថា​ អសន្តុដ្ឋិតា​ ច​ កុសលេសុ​ ធម្មេសុ​ បាន​ដល់​ សេចក្តី​ប្រាថ្នា​ក្រៃ​លែង​ឡើងៗ​ របស់​អ្នក​ដែល​នៅ​មិន​ពេញ​ចិត្ត​ដោយ​ការ​ចម្រើន​កុសលធម៌ ។​ តាម​ពិត​ បុគ្គល​ដែល​ព្រម​ព្រៀង​ដោយ​អសន្តុដ្ឋិតា​នោះ​ បំពេញ​សីល​ហើយ​រមែង​ញ៉ាំង​ឈាន​ឲ្យ​កើត​ឡើង​ បាន​ឈាន​ហើយ​ រមែង​ចម្រើន​វិបស្សនា​ ចម្រើន​វិបស្សនា​ហើយ​ នៅ​មិន​ទាន់​បាន​សម្រេច​ព្រះ​អរហត្ត​ រមែង​មិន​រា​ថយ​ពាក់​កណ្តាល​ទី ។

ពាក្យ​ថា​ អប្បដិវានិតា​ ច​ បធានស្មឹ​ សេចក្តី​ថា​ អាការ​ដែល​នៅ​មិន​ទាន់​សម្រេច​ព្រះ​អរហត្ត​ហើយ​ មិន​រា​ថយ​ ក្នុង​សេចក្តី​ព្យាយាម​ប្រារព្ធ​ឡើង​ដោយ​អំណាច​ជាគរិយានុយោគ​ ដែល​ធ្វើ​មួយ​ថ្ងៃ​មួយ​យប់​ឲ្យ​ជា​ ៦​ ចំណែក​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “កុសលានំ ធម្មានំ ភាវនាយ សក្កច្ចកិរិយតា សាតច្ចកិរិយតា អដ្ឋិតកិរិយតា អនោលីនវុត្តិតា អនិក្ខិត្ត-ឆន្ទតា អនិក្ខិត្តធុរតា អាសេវនា ភាវនា ពហុលីកម្មំ​  ការ​ធ្វើ​ដោយ​គោរព ការ​ធ្វើ​រឿយៗ​ ការ​ធ្វើ​មិន​ឈប់​ ការ​ប្រព្រឹត្ត​មិន​រួញ​រា​​ ការ​មិន​ដាក់​ចោល​នូវ​សេចក្តី​ប៉ុន​ប៉ង​ ការ​មិន​ដាក់​ចោល​នូវ​ធុរៈ​ ការ​សេព​គប់​ ការ​ចម្រើន​ ការ​ធ្វើ​ឲ្យ​ច្រើន​ ក្នុង​ការ​ចម្រើន​កុសលធម៌​ទាំង​ឡាយ” ។

( សង្គីតិសុត្តវណ្ណនា )

បទ​ថា​ ភិយ្យោ​ កម្យតា​ ( សេចក្តី​ប្រាថ្នា​ក្រៃ​លែង )​ បាន​ដល់​ សេចក្តី​ពេញ​ចិត្ត​យ៉ាង​ក្រៃ​លែង​ ពិត​មែន​ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ​ រមែង​ប្រគេន​បក្ខិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ប្រចាំ​ខែ )​ ខ្លះ​ សលាកភត្ត​ ( ភត្ត​ដែល​ប្រគេន​ដោយ​វិធី​ចាប់​ស្លាក )​ ខ្លះ​ ឧបោសថិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ក្នុង​ថ្ងៃ​ឧបោសថ )​ ខ្លះ​ បាដិបទិកភត្ត​ ( ភត្ត​ដែល​ប្រគេន​ក្នុង​ថ្ងៃ​បាដិបទ )​ ខ្លះ​ តាំង​ពី​ដើម​នុ៎ះ​ឯង​ បុគ្គល​នោះ​ជា​អ្នក​មិន​ឆ្អែត​ដោយ​ការ​ឲ្យ​ទាន​នោះៗ​ ទើប​ប្រគេន​ធុវភត្ត​ ( ប្រគេន​ភត្ត​ជា​ប្រចាំ=និច្ចភត្ត )​ សង្ឃភត្ត​ ( ប្រគេន​ភត្ត​ដល់​សង្ឃ )​ វស្សាវាសិកភត្ត​ ( ប្រគេន​ភត្ត​ដល់​ភិក្ខុ​អ្នក​នៅ​ចាំ​វស្សា )​ ទៀត​ រមែង​កសាង​អាវាស​ រមែង​ប្រគេន​បច្ច័យ​សូម្បី​ទាំង​ ៤ ។​ គេ​ក៏​នៅ​ជា​អ្នក​មិន​ឆ្អែត​ សូម្បី​ក្នុង​ការ​ឲ្យ​នោះៗ​ ទើប​ទទួល​សរណៈ​ទាំង​ឡាយ​ សមាទាន​បញ្ចសីល​ គេ​ក៏​នៅ​ជា​អ្នក​មិន​ឆ្អែត​សូម្បី​ក្នុង​ការ​ធ្វើ​កុសល​នោះៗ​ ទើប​បួស​ កាល​បួស​ហើយ​ ក៏​រៀន​ព្រះ​ពុទ្ធវចនៈ​ គឺ​ព្រះ​ត្រៃ​បិដក​ គឺ​និកាយ​មួយ​ និកាយ​ពីរ​ រមែង​ញ៉ាំង​សមាបត្តិ​ ៨​ ឲ្យ​កើត​ ចម្រើន​វិបស្សនា​ កាន់​យក​ព្រះ​អរហត្ត​ ចាប់​ផ្តើម​អំពី​ការ​សម្រេច​ព្រះ​អរហត្ត​ហើយ​ រមែង​ជា​អ្នក​ឈ្មោះ​ថា​ មហាសន្តុដ្ឋ ( ឆ្អែត​ចិត្ត​យ៉ាង​ធំ )​ សេចក្តី​ពេញ​ចិត្ត​ដ៏​ឆ្នើម​ រហូត​ដល់​ព្រះ​អរហត្ត​យ៉ាង​នេះ​ ឈ្មោះ​ថា​ ភិយ្យោកម្យតា​ ( សេចក្តី​ប្រាថ្នា​ក្រៃ​លែង​ឡើងៗ ) ។

បទ​ថា​ អប្បដិវានិតា​ ច​ បធានស្មឹ​  ( សេចក្តី​មិន​បន្ធូរ​បន្ថយ​ក្នុង​ព្យាយាម )​ ដូច្នេះ​ ព្រោះ​ភិក្ខុ​ជិន​ណាយ​ក្នុង​ការ​ចម្រើន​កុសលធម៌​ដ៏​ក្រៃ​លែង​ទាំង​ឡាយ​ ក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ទាំង​ឡាយ​ ឈ្មោះ​ថា​ ញ៉ាំង​សេចក្តី​ព្យាយាម​ឲ្យ​ធូរ​ថយ​ ភិក្ខុ​កាល​មិន​នឿយ​ណាយ​ ឈ្មោះ​ថា​ មិន​បន្ធូរ​បន្ថយ​សេចក្តី​ព្យាយាម​ ព្រោះ​ហេតុ​នោះ​ ទ្រង់​ដើម្បី​សម្តែង​ន័យ​នោះ​ ទើប​ត្រាស់​ពាក្យ​មាន​ជា​អាទិ​ថា​ យា​ កុសលានំ​ ធម្មានំ​ ( នូវ​កុសលធម៌ )​ ដូច្នេះ ។

ក្នុង​ព្រះ​បាលី​ទាំង​នោះ​ បទ​ថា​ សក្កច្ចកិរិយតា​ ( ការ​ធ្វើ​ដោយ​គោរព )​ បាន​ដល់​ ភាព​ជា​អ្នក​ធ្វើ​ដោយ​គោរព​ក្នុង​ការ​ធ្វើ​កុសល​ទាំង​ឡាយ ។

បទ​ថា​ សាតច្ចកិរិយតា​ ( ការ​ធ្វើ​រឿយៗ )​ គឺ​ ធ្វើ​ជាប់​ត​គ្នា​នុ៎ះ​ឯង ។

បទ​ថា​ អដ្ឋិតកិរិយតា​ ( ការ​ធ្វើ​មិន​ឈប់ )​ គឺ​ ធ្វើ​មិន​ឲ្យ​ដាច់​ ធ្វើ​មិន​ឈប់​ឈរ ។

បទ​ថា​ អនោលីនវុត្តិតា​ (​ ការ​ប្រព្រឹត្ត​មិន​រួញ​រា )​ គឺ​ ការ​ចិញ្ចឹម​ជីវិត​មិន​រួញ​រា​ ឬ​ការ​ប្រព្រឹត្ត​មិន​រួញ​រា ។

បទ​ថា​ អនិក្ខិត្តឆន្ទតា​ ( ការ​មិន​ដាក់​ចោល​នូវ​សេចក្តី​ប៉ុន​ប៉ង )​ គឺ​ មិន​ដាក់​ចោល​នូវ​កុសលច្ឆន្ទៈ ។

បទ​ថា​ អនិក្ខិត្តធុរតា​ ( ការ​មិន​ដាក់​ចោល​នូវ​ធុរៈ )​ គឺ​ មិន​ដាក់​ចោល​នូវ​ធុរៈ​ សេចក្តី​ព្យាយាម​ក្នុង​ការ​បំពេញ​កុសល ។

( អដ្ឋសាលិនីអដ្ឋកថា )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ