Search

Loading

Content

15 March 2012

ខយញ្ញាណ​ និង​អនុប្បាទញ្ញាណ

ខយេ​  ញាណំ         សេចក្តី​ដឹង​ក្នុង​អរិយមគ្គ​ជា​គ្រឿង​អស់​ទៅ​នៃ​កិលេស

អនុប្បាទេ​  ញាណំ  សេចក្តី​ដឹង​ក្នុង​អរិយផល​ ដែល​ធ្វើ​សត្វ​មិន​ឲ្យ​កើត​ឡើង​ដោយ​បដិសន្ធិ

អធិប្បាយ

ពាក្យ​ថា​ ខយេ​ ញាណំ​ បាន​ដល់​ ញាណ​ក្នុង​អរិយ​មគ្គ​ ដែល​ធ្វើ​ឲ្យ​កិលេស​អស់​ទៅ ។​ ពាក្យ​ថា​ អនុប្បាទេ​ ញាណំ​ បាន​ដល់​ ញាណ​ក្នុង​អរិយផល​ ដែល​ជា​ផល​ញ៉ាំង​មិន​ឲ្យ​កើត​ដោយ​បដិសន្ធិ​ ឬ​ដែល​កើត​ឡើង​ក្នុង​ទី​បំផុត​នៃ​ការ​មិន​កើត​ឡើង​នៃ​កិលេស​ដែល​មគ្គ​នោះៗ​ សម្លាប់​

បាន​ហើយ ។​ ដោយ​ហេតុ​នោះ​ លោក​ទើប​ពោល​ថា​  “ខយេ ញាណន្តិ មគ្គសមង្គិស្ស ញាណំ ។ អនុប្បាទេ ញាណន្តិ ផលសមង្គិស្ស ញាណំ​ ពាក្យ​ថា​ ខយេ​ ញាណំ​ គឺ​ ញាណ​របស់​អ្នក​ដែល​ព្រម​ព្រៀង​ដោយ​មគ្គ ។​ ពាក្យ​ថា​ អនុប្បាទេ​ ញាណំ​ គឺ​ ញាណ​របស់​អ្នក​ដែល​ព្រម​ព្រៀង​ដោយ​ផល” ។

( អដ្ឋកថាសង្គីតិសូត្រ )

បទ​ថា​ មគ្គសមង្គិស្ស​ ញាណំ​ ( សេចក្តី​ដឹង​នៃ​បុគ្គល​ ដែល​ព្រម​ព្រៀង​ដោយ​មគ្គ )​ បាន​ដល់​ មគ្គញាណ​ទាំង​ ៤ ។​ បទ​ថា​ ផលសមង្គិស្ស​ ញាណំ​ ( សេចក្តី​ដឹង​នៃ​បុគ្គល​ ដែល​ព្រម​ព្រៀង​ដោយ​ផល )​ បាន​ដល់​ ផលញាណ​ទាំង​ ៤ ។

បណ្តា​ញាណ​ទាំង​នោះ​ មគ្គញាណ​ទី​ ១​ ឈ្មោះ​ថា​ ខយេ​ ញាណំ​ (ញាណ​ក្នុង​ការ​អស់​ទៅ)​ ព្រោះ​អត្ថ​ថា​ កើត​ឡើង​ញ៉ាំង​កិលេស​ ៥​ យ៉ាង​ឲ្យ​អស់​ទៅ​ ឲ្យ​រលត់​ទៅ​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់ ។​ មគ្គញាណ​ទី​ ២​ ញ៉ាំង​កិលេស​ ៤​ យ៉ាង​ ឲ្យ​អស់​ទៅ ។​ មគ្គញាណ​ទី​ ៣​ ក៏​ញ៉ាំង​កិលេស​ ៤​ យ៉ាង​ឲ្យ​អស់​ទៅ​ដូច​គ្នា​ តែ​មគ្គញាណ​ទី​ ៤​ ឈ្មោះ​ថា​ ខយេ​ ញាណំ​ ( ខយញ្ញាណ )​ ព្រោះ​អត្ថ​ថា​ រមែង​កើត​ឡើង​ធ្វើ​កិលេស​ ៨​ យ៉ាង​ឲ្យ​អស់​ទៅ​ ឲ្យ​រលត់​ទៅ​ ឲ្យ​ស្ងប់​ ឲ្យ​រម្ងាប់ ។

តែ​ផលញាណ​របស់​មគ្គ​នោះៗ​ ឈ្មោះ​ថា​ អនុប្បាទេ​ ញាណំ​ ( អនុប្បាទញ្ញាណ )​ ព្រោះ​អត្ថ​ថា​ កើត​ឡើង​ក្នុង​ទី​បំផុត​នៃ​ការ​អស់​ទៅ​ ក្នុង​ទី​បំផុត​នៃ​ការ​រលត់​ទៅ​ ក្នុង​ទី​បំផុត​នៃ​ការ​ស្ងប់​ទៅ​ ក្នុង​ទី​បំផុត​នៃ​ការ​រម្ងាប់​ទៅ​ ក្នុង​ទី​បំផុត​នៃ​ការ​មិន​កើត​ឡើង​ ក្នុង​ទី​បំផុត​នៃ​ការ​មិន​ប្រព្រឹត្ត​ទៅ​នៃ​កិលេស​ប៉ុណ្ណោះ​ ដូច្នេះ​ឯង ។

( អដ្ឋកថា​ អដ្ឋសាលិនី )

0 មតិ:

Post a Comment

សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ