Search

Loading

Content

0 មតិ

ឥទ្ធិបាទ​ ៤

ឥទ្ធិបាទ​ [ ធម៌​ជា​ជើង​នៃ​ឫទ្ធិ​ ឬ​ថា​ ជា​ទី​តាំង​នៃ​ឫទ្ធិ ]​ មាន​ ៤​ យ៉ាង​ គឺ៖

១. ឥធាវុសោ​  ភិក្ខុ​  ឆន្ទសមាធិបធានសង្ខារសមន្នាគតំ​  ឥទ្ធិបាទំ​  ភាវេតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ចម្រើន​ឥទ្ធិបាទ​ដែល​ប្រកប​ដោយ​ឆន្ទសមាធិ​ [ សមាធិ​មាន​ឆន្ទៈ​ជា​ហេតុ​ ឬ​ថា​ សមាធិ​អាស្រ័យ​នូវ​ឆន្ទៈ ]​ និង​បធានសង្ខារ

២. វីរិយសមាធិបធានសង្ខារសមន្នាគតំ​  ឥទ្ធិបាទំ​  ភាវេតិ​  ចម្រើន​ឥទ្ធិបាទ​ដែល​ប្រកប​ដោយ​វីរិយសមាធិ​ និង​បធានសង្ខារ

៣. ចិត្តសមាធិបធានសង្ខារសមន្នាគតំ​  ឥទ្ធិបាទំ​ ​ភាវេតិ​  ចម្រើន​ឥទ្ធិបាទ​ដែល​ប្រកប​ដោយ​ចិត្តសមាធិ​ និង​បធានសង្ខារ

៤. វីមំសាសមាធិបធានសង្ខារសមន្នាគតំ​  ឥទ្ធិបាទំ​  ភាវេតិ​  ចម្រើន​ឥទ្ធិបាទ​ដែល​ប្រកប​ដោយ​វីមំសាសមាធិ​ និង​បធានសង្ខារ

អធិប្បាយ

ក្នុង​ឥទ្ធិបាទ​ទាំង​ឡាយ​ គប្បី​ជ្រាប​អធិប្បាយ​ដូច​ត​ទៅ​នេះ៖

សមាធិ​ដែល​អាស្រ័យ​ឆន្ទៈ​ប្រព្រឹត្ត​ទៅ​ ឈ្មោះ​ថា​ ឆន្ទសមាធិ ។​ សង្ខារ​ទាំង​ឡាយ​ដែល​ជា​ប្រធាន​ ឈ្មោះ​ថា​ បធានសង្ខារ ។​ ពាក្យ​ថា​ សមន្នាគតំ​ សេចក្តី​ថា​ ចូល​ដល់​ហើយ​ដោយ​ធម៌​ទាំង​នេះ ។​ បាទ​នៃ​ឫទ្ធិ​ ឬ​ផ្លូវ​ដែល​ជា​គ្រឿង​ដល់​នូវ​សេចក្តី​សម្រេច​ ព្រោះ​ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ ឥទ្ធិបាទ​ ( ឥទ្ធិយា បាទំ, ឥទ្ធិភូតំ វា បាទន្តិ ឥទ្ធិបាទំ ) ។​ សូម្បី​ក្នុង​ឥទ្ធិបាទ​ក្រៅ​ពី​នេះ​ ក៏​មាន​ន័យ​នេះ​ដូច​គ្នា ។

នេះ​ជា​សេចក្តី​សង្ខេប​ក្នុង​ទី​នេះ,​ ចំណែក​សេចក្តី​ពិស្តារ​ មាន​សម្តែង​ក្នុង​ឥទ្ធិបាទវិភង្គ

អានបន្ត...
0 មតិ

សម្មប្បធាន​ ៤

សម្មប្បធាន​ មាន​ ៤​ យ៉ាង​ គឺ

១. ឥធាវុសោ​  ភិក្ខុ​  អនុប្បន្នានំ​  បាបកានំ​  អកុសលានំ​  ធម្មានំ​  អនុប្បាទាយ​  ឆន្ទំ​  ជនេតិ​  វាយមតិ​  វីរិយំ​  អារភតិ​  ចិត្តំ​  បគ្គណ្ហាតិ​  បទហតិ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ញ៉ាំង​ឆន្ទៈ​ [ សេចក្តី​ប្រាថ្នា​ ឬ​ថា​សេចក្តី​ពេញ​ចិត្ត​ក្នុង​កុសលធម៌ ]​ ឲ្យ​កើត​ឡើង​ សង្វាត​ ប្រារព្ធ​ ព្យាយាម​ ផ្គង​ចិត្ត​ តម្កល់​ចិត្ត​ មិន​ឲ្យ​កើត​ឡើង​បាន

២. ឧប្បន្នានំ​  បាបកានំ​  អកុសលានំ​  ធម្មានំ​  បហានាយ​  ឆន្ទំ  ជនេតិ​  វាយមតិ​  វីរិយំ​  អារភតិ​  ចិត្តំ​ ​បគ្គណ្ហាតិ​  បទហតិ​  ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត​ឡើង​ សង្វាត​ ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ ផ្គង​ចិត្ត​ តម្កល់​ចិត្ត​ ដើម្បី​លះ​បង់​នូវ​អកុសលធម៌​ទាំង​ឡាយ​ដ៏​លាមក​ ដែល​កើត​ឡើង​ហើយ

៣. អនុប្បន្នានំ​  កុសលានំ​ ​ ធម្មានំ​  ឧប្បាទាយ​  ឆន្ទំ​  ជនេតិ​  វាយមតិ​  វីរិយំ​  អារភតិ​  ចិត្តំ​  បគ្គណ្ហាតិ​  បទហតិ​  ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត​ឡើង​ សង្វាត​ ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ ផ្គង​ចិត្ត​ តម្កល់​ចិត្ត​ ដើម្បី​បណ្តុះ​បណ្ដាល​កុសលធម៌​ទាំង​ឡាយ​ដែល​មិន​ទាន់​កើត​ឲ្យ​កើត​ឡើង​

៤. ឧប្បន្នានំ​  កុសលានំ​  ធម្មានំ​  ឋិតិយា​  អសម្មោសាយ​  ភិយ្យោភាវាយ​  វេបុល្លាយ​  ភាវនាយ​  បារិបូរិយា​  ឆន្ទំ​  ជនេតិ​  វាយមតិ​  វីរិយំ​  អារភតិ​  ចិត្តំ​  បគ្គណ្ហាតិ​  បទហតិ​  ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត​ឡើង​ សង្វាត​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ ផ្គង​ចិត្ត​ តម្កល់​ចិត្ត​ ដើម្បី​ឲ្យ​កុសលធម៌​ទាំង​ឡាយ​ដែល​កើត​ហើយ​ ឲ្យ​ឋិត​នៅ​មិន​ឲ្យ​វិនាស​ទៅ​ ឲ្យ​រឹង​រឹត​តែ​ចម្រើន​ឡើង​ ធំ​ទូលាយ​ ចម្រើ​ពេញ​លេញ

អធិប្បាយ

ពាក្យ​ថា​ ឆន្ទំ​ ជនេតិ​ ( ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត )​ សេចក្តី​ថា​ ញ៉ាំង​កត្តុកម្យតាឆន្ទៈ​ឲ្យ​កើត​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យោ ឆន្ទោ ឆន្ទិកតា កត្តុកម្យតា កុសលោ ធម្មច្ឆន្ទោ​ សេចក្តី​ពេញ​ចិត្ត​ ភាព​ជា​អ្នក​មាន​សេចក្តី​ពេញ​ចិត្ត​ ភាព​ជា​អ្នក​មាន​សេចក្តី​ប្រាថ្នា​នឹង​ធ្វើ​”​ នុ៎ះ​ចាត់​ជា​កុសល​ គឺ​ភាព​ជា​អ្នក​មាន​សេចក្តី​ពេញ​ចិត្ត​ក្នុង​ធម៌ ។

ពាក្យ​ថា​ វាយមតិ​ សេចក្តី​ថា​ ធ្វើ​សេចក្តី​ព្យាយាម ។​ ពាក្យ​ថា​ វីរិយំ​ អារភតិ​ សេចក្តី​ថា​ ធ្វើ​សេចក្តី​ព្យាយាម​ឲ្យ​កើត​ឡើង ។​ ពាក្យ​ថា​ ចិត្តំ​ បគ្គណ្ហតិ​ សេចក្តី​ថា​ ផ្គង​ចិត្ត ។

នេះ​ជា​សេចក្តី​សង្ខេប​ក្នុង​ទី​នេះ,​ ចំណែក​សេចក្តី​ពិស្តារ​ មាន​សម្ដែង​ក្នុង​សម្មប្បធានវិភង្គ​

អានបន្ត...
0 មតិ

សតិបដ្ឋាន​ ៤

១. ឥធាវុសោ​  ភិក្ខុ​ ​កាយេ​ ​កាយានុបស្សី​  វិហរតិ​  អាតាបី​  សម្បជានោ​ ​សតិមា​  វិនេយ្យ​  លោកេ​  អភិជ្ឈាទោមនស្សំ​  ម្នាល​អាវុសោ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នក​ពិចារណា​រឿយៗ​ នូវ​កាយ​ក្នុង​កាយ​ ជា​បុគ្គល​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ មាន​សេចក្តី​ដឹង​ដោយ​ល្អ​ មាន​ស្មារតី​កម្ចាត់​បង់​នូវ​អភិជ្ឈា​ និង​ទោមនស្ស​ក្នុង​លោក​ [ សំដៅ​យក​កាយ​ ឬ​ឧបាទានក្ខន្ធ​ទាំង​ ៥ ]

២. វេទនាសុ​  វេទនា​ ពិចារណា​រឿយៗ​ នូវ​វេទនា​ក្នុង​វេទនា​ទាំង​ឡាយ

៣. ចិត្តេ​  ចិត្តា​  ពិចារណា​រឿយ​ៗ​ នូវ​ចិត្ត​ក្នុង​ចិត្ត

៤. ធម្មេសុ​  ធម្មានុបស្សី​  វិហរតិ​  អាតាបី​  សម្បជានោ​  សតិមា​  វិនេយ្យ​  លោកេ​  អភិជ្ឈាទោមនស្សំ​  ពិចារណា​រឿយៗ​ នូវ​ធម៌​ក្នុង​ធម៌​ទាំង​ឡាយ​ ជា​បុគ្គល​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ មាន​សេចក្តី​ដឹង​ដោយ​ល្អ​ មាន​ស្មារតី​កម្ចាត់​បង់​នូវ​អភិជ្ឈា​ និង​ទោមនស្ស​ក្នុង​លោក

[ សតិបដ្ឋាន​ ៤​ មាន​សម្តែង​ដោយ​ពិស្តារ​ក្នុង​សតិបដ្ឋានសូត្រ ]

អានបន្ត...
0 មតិ

សុភាសិតវាចា​ ៤

សុភាសិតវាចា គឺពាក្យដែលវៀរចាកវចីទុច្ចរិត ៤ គឺ និយាយកុហក និយាយទ្រគោះ និយាយ​​ចាក់ដោត និង​និយាយរោយរាយ ឬពាក្យនិយាយដែលប្រកបដោយអង្គ ៥ ដែល​វិញ្ញូជនទាំងឡាយមិនតិះដៀល ៖

១. កាលេន ច ភាសិតា ហោតិ  ពោលតាមកាល និយាយក្នុងវេលាដ៏សមគួរ

២. សច្ចា ច ភាសិតា ហោតិ     ពោលតែពាក្យពិត

៣. សណ្ហា ច ភាសិតា ហោតិ   ពោលតែពាក្យពីរោះ គួរជាទីស្រឡាញ់

៤. អត្ថសញ្ហិតា ច ភាសិតា ហោតិ ពោលតែពាក្យដែលមានប្រយោជន៍ ប្រកប​ដោយ​ខ្លឹម​សារ​

៥. មេត្តចិត្តេន ច ភាសិតា ហោតិ ពោលដោយមេត្តចិត្ត

សុភាសិតវាចាក្នុងអង្គទាំង ៥ នេះ ជាមង្គលទៅបាន ត្រូវប្រកបគ្រប់ទាំង ៥ នេះ ខ្វះ​អង្គ​ណា​នី​មួយមិនបាន បុថុជ្ជនថ្នាក់ទាប ត្រូវបដិបត្តិឲ្យល្អ ។

ក្រៅពីនេះ វាចាជាសុភាសិតនៅមានអង្គ ៤ ដទៃទៀត ដែលកាន់យកថាជាមង្គលដូចគ្នា ដែល​ព្រះសម្មាសម្ពុទ្ធ​ត្រាស់ទុកក្នុងសុភាសិតសូត្រ តតិយវគ្គ សុត្តនិបាត សម​គួរ​សម្រាប់​អ្នក​មានគុណធម៌ជាន់ខ្ពស់ ជាព្រះអសេក្ខបុគ្គល

វាចាជាសុភាសិត ៤ យ៉ាង

១. សុភាសិតំយេវ ភាសតិ នោ ទុព្ភាសិតំ ពោលតែពាក្យជាសុភាសិត មិន​ពោល​ពាក្យ​ជា​ទុព្ភាសិត

២. ធម្មំយេវ ភាសតិ នោ អធម្មំ ពោលតែពាក្យដែលជាធម៌ មិន​ពោល​ពាក្យ​ដែល​មិន​មែន​ជា​ធម៌

៣. បិយំយេវ ភាសតិ នោ អប្បិយំ ពាក្យតែពាក្យដែលជាទីស្រឡាញ់ មិន​ពោល​ពាក្យ​ដែល​មិនជាទីស្រឡាញ់

៤. សច្ចំយេវ ភាសតិ នោ អលិកំ ពោលតែពាក្យពិត មិនពោលពាក្យដែលមិនពិត

    សុភាសិតំ  ឧត្តមមាហុ  សន្តោ         ធម្មំ  ភណេ  នាធម្មន្តិ  ទុតិយំ

    បិយំ  ភណេ  នាប្បិយន្តិ  តតិយំ       សច្ចំ  ភណេ នាលិកន្តំ  ចតុត្ថំ  ។

ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ ( ទី ១ ) ពោលពាក្យជាធម៌ មិន​ពោល​ពាក្យ​មិន​ជាធម៌ នោះជាទី ២ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នោះ​ជា​ទី ៣ ពោលពាក្យពិត មិនពោលពាក្យ​កុហក នោះជាទី ៤ ។

អានបន្ត...
0 មតិ

សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ

អប្បមាទសូត្រ

[ សេចក្តី​មិន​ប្រមាទ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ ]

557617_110796529053703_100003700701287_55527_156120841_a

  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ពួក​សត្វ​ទាំង​អម្បាល​ម៉ាន ទោះ​បី​មិន​មាន​ជើង​ក្តី​ មាន​ជើង​ពីរ​ក្តី​ មាន​​ជើង​បួន​ក្តី​ មាន​ជើង​ច្រើន​ក្តី​ មាន​រូប​ក្តី​ មិន​មាន​រូប​ក្តី​ មាន​សញ្ញា​ក្តី​ មិន​មាន​សញ្ញា​ក្តី​ មាន​សញ្ញា​ក៏​មិន​មែន​ មិន​មាន​សញ្ញា​​ក៏មិន​មែន​ក្តី​ ព្រះ​តថាគត​ ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ប្រាកដ​ជា​ប្រសើរ​ ជាង​ពួក​សត្វ​ទាំង​អម្បាល​នោះ​ ( យ៉ាង​ណា​មិញ )​ ម្នាល​ភិក្ខុ​ទាំង​ឡាយ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។​

សេចក្តីប្រៀប​ធៀប​នឹង​ដាន​ជើង​ដំរី

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ស្នាម​ជើង​ទាំង​ឡាយ​ណា​មួយ​ របស់​ពួក​សត្វ​ ដែល​ដើរ​លើ​ផ្ទៃ​ផែន​ដី​ ស្នាម​ជើង​ទាំង​​អស់​នោះ​ រមែង​ដល់​នូវ​ការ​ប្រជុំ​ចុះ​ ក្នុង​ស្នាម​ជើង​នៃ​ដំរី​ ស្នាម​ជើង​នៃ​ដំរី​ ប្រាកដ​ជា​ប្រសើរ​ជាង​ស្នាម​ជើង​នៃ​សត្វ​ទាំង​នោះ​ ព្រោះ​ជា​ស្នាម​ជើង​ធំ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ ជា​កុសល​​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ ជា​កុសល​ទាំង​អស់​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​បង្កង់​របស់​កូដាគារ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ដូច​ជា​បង្កង់​ទាំង​ឡាយ​ ឯណា​នីមួយ​ របស់​កូដាគារ​ ( ផ្ទះ​ដែល​គេ​សង្គ្រោះ​ដោយ​កំពូល )​ បង្កង់​ទាំង​អស់​នោះ​ ឈម​ទៅ​រក​កំពូល​ ទេរ​ទៅ​រក​កំពូល​ ប្រជុំ​ទៅ​ត្រង់​កំពូល​ កំពូល​ប្រាកដ​ជា​ប្រសើរ​ជាង​បង្កង់​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កង​ធម៌​ជា​កុសល​ឯណា​នី​មួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ឫស​ក្លាំ​ពាក់

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ឫស​ឈើ​ទាំង​ឡាយ​ ឯណា​នីមួយ​ ក្លិន​ឫស​ក្លាំ​ពាក់​ ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​ឫស​ឈើ​ទាំង​នោះ​ យ៉ាង​ណា​មិញ​​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។​

សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ខ្លឹម​ចន្ទន៍​ក្រហម

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ខ្លឹម​ទាំង​ឡាយ​ឯណា​នី​មួយ​ ក្លិន​ខ្លឹម​ចន្ទន៍​ក្រហម​ប្រាកដ​ជា​ប្រសើរ​ជាង​ក្លិន​ខ្លឹម​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ក្លិន​ផ្កា​ម្លិះ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ក្លិន​ផ្កា​ឈើ​ទាំង​ឡាយ​ ឯណា​នី​មួយ​ ក្លិន​ផ្កា​ម្លិះ​ ប្រាកដ​ជា​ប្រសើរ​ ជាង​ក្លិន​ផ្កា​ឈើ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ស្តេច​ចក្រពត្តិ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ពួក​ស្តេច​តូចៗ​ ឯណា​នី​មួយ​ ពួក​ស្តេច​តូចៗ​ ទាំង​អស់​នោះ​ រមែង​ជា​ចំណុះ​របស់​ស្តេច​ចក្រពត្តិ​ ស្តេច​ចក្រពត្តិ​ ប្រាកដ​ជា​ប្រសើរ​ជាង​ពួក​ស្តេចតូចៗ​ ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ពន្លឺ​ព្រះ​ចន្ទ្រ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ពន្លឺ​ របស់​រូប​ផ្កាយ​ទាំង​ឡាយ​ឯណា​នីមួយ​ ពន្លឺ​ទាំង​អស់​នោះ​ មិន​បាន​ដល់​នូវ​ចំណិត​ ជា​គម្រប់​ ១៦ៗ​ ដង​ នៃ​ពន្លឺ​ព្រះ​ចន្ទ្រ​ ពន្លឺ​ព្រះ​ចន្ទ្រ​ប្រាកដ​ ជា​ប្រសើរ​ ជាង​ពន្លឺ​នៃ​រូប​ផ្កាយ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​ព្រះ​អាទិត្យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀបដូច​ជា​ព្រះ​អាទិត្យ​ កាល​បើ​ភ្លៀង​ស្វាង​ ប្រាស​ចាក​ពពក​ក្នុង​សរទសម័យ​ ខ្ពស់​ផុត​ពពក​ កម្ចាត់​បង់​នូវ​ងងឹត​ទាំង​អស់​ ដែល​នៅ​លើ​អាកាស​ ហើយ​ភ្លឺ​ស្វាង​រុងរឿង​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​។ល។​ ក៏​យ៉ាង​នោះ​ដែរ ។

សេចក្តី​ប្រៀប​ធៀប​នឹង​មហាសមុទ្រ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ប្រៀប​ដូច​ជា​ទន្លេ​ធំ​ទាំង​ឡាយ​ ឯណា​នី​មួយ​ គឺ​ទន្លេ​គង្គា​ យមុនា​ អចិរវតី​ សរភូ​ មហី​ ទន្លេ​ទាំង​អស់​នោះ​ ក៏​ឈម​ទៅ​រក​សមុទ្រ​ ឱន​ទៅ​រក​សមុទ្រ​ ទេរ​ទៅ​រក​សមុទ្រ​ ញោច​ទៅ​រក​សមុទ្រ​ មហាសមុទ្រ​ ប្រាកដ​ជា​ប្រសើរ​ជាង​ទន្លេ​ធំ​ទាំង​នោះ​ យ៉ាង​ណា​មិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កងធម៌​ ជា​កុសល​ឯណា​នីមួយ​ កង​ធម៌​ជា​កុសល​ទាំង​អស់​នោះ​ មាន​អប្បមាទ​ ជា​ឫស​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ អប្បមាទ​ ប្រាកដ​ជា​ប្រសើរ​ជាង​កង​ធម៌​ ជា​កុសល​ទាំង​នោះ​ ក៏​យ៉ាង​នោះ​ដែរ ។

( អប្បមាទសូត្រ បិដកលេខ ៥០​ ទំព័រ​ ៤៧-៥០ )

អដ្ឋកថា

ការាបកអប្បមាទ​ សេចក្តី​មិន​ប្រមាទ​ជា​ហេតុ​នាំ​ឲ្យ​ធ្វើ​កុសល​ គប្បី​យល់​ឃើញ​ថា​ ជា​កំពូល​នៃ​កុសលធម៌​ទាំង​ពួង​ ដូច​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ជា​កំពូល​នៃ​សត្វ​ទាំង​ពួង​ដូច្នោះ។

  សួរ​ថា៖​ ក៏​ការាបកអប្បមាទ​នោះ​ ជា​លោកិយ​ ចំណែក​កុសលធម៌​ទាំង​ឡាយ​ ជា​លោកុត្តរ​ក៏មាន​ ការាបកអប្បមាទ​នេះ​ ជា​កាមាវចរ​តែ​ម្យ៉ាង​ ចំណែក​កុសលធម៌​ទាំង​ឡាយ​ ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​ ៤​ មិន​មែន​ឬ​ ការាបកអប្បមាទ​នេះ​ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ​នោះ​ បាន​យ៉ាង​ដូច​ម្តេច?

  ឆ្លើយ​ថា៖​ ព្រោះ​អត្ថ​ថា​ ជា​ហេតុ​ឲ្យ​បាន ។​ ពិត​មែន​ កុសលធម៌​ទាំង​ឡាយ​នោះ​ បុគ្គល​រមែង​បាន​ដោយ​សេចក្តី​មិន​ប្រមាទ​ ព្រោះ​ហេតុ​នោះ​ សេចក្តី​មិន​ប្រមាទ​នោះ​ ទើប​ឈ្មោះ​ថា​ ជា​កំពូល​នៃ​កុសលធម៌​ទាំង​ឡាយ​នោះ​ ដោយ​ហេតុ​នោះ​ ទើប​ត្រាស់​ថា​ កុសលធម៌​ទាំង​អស់​នោះ​ មាន​សេចក្តី​មិន​ប្រមាទ​ជា​ឫស​គល់ ។

អធិប្បាយ​អំពី​សេចក្តី​ប្រៀប​ធៀប​នឹង​ផ្កា​ម្លិះ

បាន​ឮ​ថា​ ព្រះ​បាទ​ភាតិយមហារាជ​ទ្រង់​ព្រះ​សណ្តាប់​សូត្រ​នេះ​ហើយ​ ទ្រង់​ប្រាថ្នា​នឹង​ពិសោធមើល​ ទើប​ឲ្យ​គេ​យក​ផ្កា​ក្រអូប​មក​អប់​ដោយ​របស់​ក្រអូប​ ៤​ ប្រភេទ​ ក្នុង​បន្ទប់​នីមួយៗ​ ដាក់​ក្តាប់​ផ្កា​ម្លិះ​ទុក​កណ្តាល​បន្ទប់​ ធ្វើ​ផ្កា​ដទៃ​ទៀត​ដែល​នៅ​សល់​ជា​ក្តាប់​ដាក់​ជុំ​វិញ​ក្តាប់​ផ្កា​ម្លិះ​នោះ​ ទ្រង់​បិទ​ទ្វារ​ហើយ​ ស្តេច​យាង​ចេញ​ទៅ​ខាង​ក្រៅ​ កាល​ទ្រង់​សម្រាក​នៅ​ខាង​ក្រៅ​មួយ​ស្របក់​ហើយ​ បើក​ទ្វារ​ស្តេច​យាង​ចូល​ទៅ​ ក្លិន​ផ្កា​ម្លិះ​ប៉ះ​នឹង​ព្រះ​នាសិក​មុន​ផ្កា​ដទៃ​ទាំង​អស់ ។​ ទ្រង់​យាង​ចុះ​ពី​ក្រឡា​ព្រះ​បន្ទំ​ ឈរ​នៅ​លើ​ព្រះ​ទែន​ធំ​នោះ​ឯង​ បែរ​ព្រះ​ភក្ត្រ​ទៅ​រក​ព្រះ​មហាចេតិយ​ ទ្រង់​ថ្វាយ​បង្គំ​ព្រះ​មហាចេតិយ​ ដោយ​ទ្រង់​ព្រម​ទទួល​ថា​ ព្រះ​សម្មាសម្ពុទ្ធ​កាល​ត្រាស់​ថា​ ក្លិន​ផ្កា​ម្លិះ​ជា​កំពូល​នៃ​បុប្ផគន្ធជាតិ​ទាំង​នោះ​ ឈ្មោះ​ថា​ ត្រាស់​ដោយ​ប្រពៃ​ហើយ ។

អានបន្ត...
0 មតិ

ធម្មញ្ញូសូត្រ

( ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៧​ ប្រការ​ គួរ​ទទួល​ការ​បូជា )

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៧​ យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា​ ។ល។​ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វ​លោក ។​ ប្រកប​ដោយ​ធម៌​ ៧​ យ៉ាង​ តើ​អ្វី​ខ្លះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នក​ដឹង​នូវ​ធម៌​ ១​ ដឹង​នូវ​អត្ថ​ ( របស់​ធម៌ )​ ១​ ដឹង​ខ្លួន​ ១​ ដឹង​នូវ​ប្រមាណ​ក្នុង​ ( ភោជន )​ ១​ ដឹង​កាល​គួរ​ ១​ ដឹង​បរិស័ទ​ ១​ ដឹង​បុគ្គល​ដែល​គួរ​គប់​រក​ ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ភិក្ខុ​ជា​អ្នក​ដឹង​នូវ​ធម៌​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​នូវ​ធម៌​ គឺ​ សុត្តៈ​ គេយ្យៈ​ វេយ្យាករណៈ​ គាថា​ ឧទានៈ​ ឥតិវុត្តកៈ​ ជាតកៈ​ អព្ភូតធម្មៈ​ វេទល្លៈ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​គប្បី​ដឹង​នូវ​ធម៌​ គឺ​ សុត្តៈ​ …​ វេទល្លៈ​ទេ​ តថាគត​មិន​គប្បី​ហៅ​ថា​ ជា​អ្នក​ដឹង​នូវ​ធម៌​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ឯ​ភិក្ខុ​ដឹង​នូវ​ធម៌​ គឺ​ សុត្តៈ​ …​ វេទល្លៈ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​នូវ​ធម៌​ ភិក្ខុ​ជា​អ្នក​ដឹង​នូវ​ធម៌​ យ៉ាង​នេះ​ឯង ។

ចុះ​ភិក្ខុ​ជា​អ្នក​ដឹង​នូវ​អត្ថ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​នូវ​អត្ថ​នៃ​ភាសិត​នោះៗ​ ថា​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​នូវ​អត្ថ​ នៃ​ភាសិត​នោះៗ​ ថា​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ​ នេះ​ជា​អត្ថ​ របស់​ភាសិត​នេះ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​នូវ​អត្ថ​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ឯ​ភិក្ខុ​ ដឹង​នូវ​អត្ថ​របស់​ភាសិត​នុ៎ះ​ៗ​ ថា​ នេះ​ជា​អត្ថ​របស់​ភាសិត​នេះ​ នេះ​ជា​អត្ថ​របស់​ភាសិត​នេះ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​នូវ​អត្ថ​ អ្នក​ដឹង​នូវ​ធម៌​ ដឹង​នូវ​អត្ថ​ យ៉ាង​នេះ​ឯង ។​

ចុះ​ភិក្ខុ​អ្នក​ដឹង​ខ្លួន​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​ខ្លួន​ថា​ អាត្មា​អញ​ជា​អ្នក​ប្រកប​ដោយ​សទ្ធា​ មាន​សីលៈ​ សុតៈ​ ចាគៈ​ បញ្ញា​ បដិភាណៈ​ ត្រឹម​ប៉ុណ្ណេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​ខ្លួន​ថា​ អាត្មា​អញ​ជា​អ្នក​ប្រកប​ដោយ​សទ្ធា​ សីលៈ​ សុតៈ​ ចាគៈ​ បញ្ញា​ បដិភាណៈ​ ត្រឹម​ប៉ុណ្ណេះ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​ខ្លួន​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​ អ្នក​ដឹង​ខ្លួន​ថា​ អាត្មា​អញ​ជា​អ្នក​ប្រកប​ដោយ​សទ្ធា​ សីលៈ​ សុតៈ​ ចាគៈ​ បញ្ញា​ បដិភាណៈ​ ត្រឹម​ប៉ុណ្ណេះ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​ខ្លួន​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ យ៉ាង​នេះ​ឯង ។

ចុះ​ភិក្ខុ​អ្នក​ដឹង​ប្រមាណ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​ប្រមាណ​ក្នុង​ការ​ទទួល​នូវ​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​ប្រមាណ​ក្នុង​ការ​ទទួល​ចីវរ​បិណ្ឌបាត​សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​ប្រមាណ​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​ដឹង​ប្រមាណ​ ក្នុង​ការ​ទទួល​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលានប្បច្ចយភេសជ្ជបរិក្ខារ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​ប្រមាណ​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ ដឹង​ប្រមាណ​ យ៉ាង​​នេះ​ឯង ។​

ចុះ​ភិក្ខុ​អ្នក​ដឹង​នូវ​កាល​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​នូវ​កាល​ថា​ នេះ​ជា​កាល​គួរ​រៀន​បាលី​ នេះ​ជា​កាល​គួរ​សាក​សួរ​ នេះ​ជា​កាល​គួរ​ប្រកប​ នេះ​ជា​កាល​គួរ​ពួន​សម្ងំ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​នូវ​កាល​ថា​ នេះ​ជា​កាល​គួរ​រៀន​បាលី​ នេះ​ជា​កាល​គួរ​សាក​សួរ​ នេះ​ជា​កាល​គួរ​ប្រកប​ នេះ​ជា​កាល​គួរ​ពួន​សម្ងំ​ទេ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​កាល​ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​អ្នក​ដឹង​នូវ​កាល​ថា​ នេះ​ជា​កាល​គួរ​រៀន​បាលី​ នេះ​ជា​កាល​គួរ​សាក​សួរ​ នេះ​ជា​កាល​គួរ​ប្រកប​ នេះ​ជា​កាល​គួរ​ពួន​សម្ងំ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​​ អ្នក​ដឹង​នូវ​កាល​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ ដឹង​ប្រមាណ​ ដឹង​កាល​យ៉ាង​នេះ​ឯង ។​

ចុះ​ភិក្ខុ​អ្នក​ដឹង​បរិស័ទ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ដឹង​បរិស័ទ​ថា​ នេះ​ជា​ខត្តិយបរិស័ទ​ នេះ​ជា​ព្រាហ្មណបរិស័ទ​ នេះ​ជា​គហបតិបរិស័ទ​ នេះ​ជា​សមណបរិស័ទ​ អាត្មា​អញ​គួរ​ចូល​ទៅ​រក​យ៉ាង​នេះ​ គួរ​ឈរ​យ៉ាង​នេះ​ គួរ​ធ្វើ​យ៉ាង​នេះ​ គួរ​អង្គុយ​យ៉ាង​នេះ​ គួរ​និយាយ​យ៉ាង​នេះ​ គួរ​ស្ងៀម​យ៉ាង​នេះ​ ចំពោះ​បរិស័ទ​ទាំង​នុ៎ះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បើ​ភិក្ខុ​មិន​ដឹង​បរិស័ទ​ថា​ នេះ​ជា​ខត្តិយបរិស័ទ​ …​ គួរ​ស្ងៀម​យ៉ាង​នេះ​ តថាគត​មិន​ហៅ​ថា​ អ្នក​ដឹង​បរិស័ទ​ ក្នុង​បទ​នេះ​ឡើយ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចំណែក​ខាង​ភិក្ខុ​ដឹង​បរិស័ទ​ថា​ នេះ​ជា​ខត្តិយបរិស័ទ​ …​ គួរ​ស្ងៀម​យ៉ាង​នេះ​ ព្រោះ​ហេតុ​នោះ​ ទើប​តថាគត​ហៅ​ថា​ អ្នក​ដឹង​បរិស័ទ​ ភិក្ខុ​អ្នក​ដឹង​ធម៌​ ដឹង​អត្ថ​ ដឹង​ខ្លួន​ ដឹង​ប្រមាណ​ ដឹង​កាល​ ដឹង​បរិស័ទ​ យ៉ាង​នេះ​ឯង ។

ចុះ​ភិក្ខុ​ដឹង​បុគ្គល​ដែល​គួរ​គប់​រក​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ រមែង​ដឹង​​ច្បាស់​នូវ​បុគ្គល​ពីរ​ពួក​ ឯ​បុគ្គល​ពីរ​ពួក​ គឺ​ មួយ​ពួក​ ជា​អ្នក​ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ មួយ​ពួក​ មិន​ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ ។​ បុគ្គល​ណា​ មិន​ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ចង់​ចួប​ប្រទះ​ពួក​ព្រះ​អរិយៈ​ គឺ​ មួយ​ពួក​ ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ មួយ​ពួក​ មិន​ចង់​ស្តាប់​ព្រះ​សទ្ធម្ម ។​ បុគ្គល​ណា​ មិន​ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ​ ។​ បុគ្គល​ណា​ ចង់​ស្តាប់​ព្រះ​សទ្ធម្ម​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ចង់​ស្តាប់​នូវ​ព្រះ​សទ្ធម្ម​ គឺ​បុគ្គល​មួយ​ពួក​ មាន​ត្រចៀក​ ផ្ទៀង​ស្តាប់​នូវ​ធម៌​ បុគ្គល​មួយ​ពួក​ មាន​ត្រចៀក​ មិន​ផ្ទៀង​ស្តាប់​នូវ​ធម៌ ។​ បុគ្គល​ណា​ មាន​ត្រចៀក​ មិន​ផ្ទៀង​ស្តាប់​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ មាន​ត្រចៀក​ ផ្ទៀង​ស្តាប់​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាងនេះ ។​ បុគ្គល​ពីរ​ពួក​ មាន​ត្រចៀក​ ផ្ទៀង​ស្តាប់​នូវ​ធម៌​ គឺ​ មួយ​ពួក​ ស្តាប់​ហើយ​ចាំ​ទុក​នូវ​ធម៌​ មួយ​ពួក​ ស្តាប់​ហើយ​មិន​ចាំ​ទុក​នូវ​ធម៌ ។​ បុគ្គល​ណា​ ស្តាប់​ហើយ​ មិន​ចាំ​ទុក​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ស្តាប់​ហើយ​ចាំ​ទុក​នូវ​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។ បុគ្គល​ពីរ​ពួក​ ស្តាប់​ហើយ​ចាំ​ទុក​នូវ​ធម៌​គឺ​ មួយ​ពួក​ ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ មួយ​ពួក​ មិន​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ទេ ។​ បុគ្គល​ណា​ មិន​ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ពិចារណា​នូវ​អត្ថ​នៃ​ធម៌​ទាំង​ឡាយ​ ដែល​ខ្លួន​ចាំ​ទុក​ហើយ​ គឺ​មួយ​ពួក​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ មួយ​ពួក​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​មិន​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌ ។​ បុគ្គល​ណា​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​មិ​ន​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ បុគ្គល​នោះ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ពីរ​ពួក​ ដឹង​ច្បាស់​នូវ​អត្ថ​ ដឹង​ច្បាស់​នូវ​ធម៌​ ហើយ​ប្រតិបត្តិ​ធម៌​ ដ៏​សម​គួរ​ដល់​ធម៌​ គឺ​មួយ​ពួក​ប្រតិបត្តិ​ ដើម្បី​ប្រយោជន៍៍​ខ្លួន​ មិន​ប្រតិបត្តិ​ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ មួយ​ពួក​ ប្រតិបត្តិ​ដើម្បិ​ប្រយោជន៍​ខ្លួន​ផង​ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង ។​ បុគ្គល​ណា​ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ មិន​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ បុគ្គល​នោះ​ គេ​គប្បី​តិះ​ដៀល​ ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ បុគ្គល​ណា​ ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន​ផង​ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ផង​ បុគ្គល​នោះ​ គេ​គប្បី​សរសើរ​ដោយ​ហេតុ​នោះៗ​ យ៉ាង​នេះ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ដឹង​ច្បាស់​បុគ្គល​ពីរ​ពួក​ យ៉ាង​នេះ​ឯង ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ជា​អ្នក​ដឹង​នូវ​បុគ្គល​ដែល​គួរ​គប់​រក​ យ៉ាង​នេះ​ឯង ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៧​ យ៉ាង​នេះ​ ជា​អ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា​ ។ល។​ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ របស់​សត្វ​លោក ។

អដ្ឋកថា​ធម្មញ្ញូសូត្រ

ធម្មញ្ញូសូត្រ​ មាន​សេចក្តី​វិនិច្ឆ័យ​ដូច​តទៅ​នេះ៖

បទ​ថា​ កាលំ​ ជានាតិ​ សេចក្តី​ថា​ ស្គាល់​កាល​ដែល​គួរ​នឹង​មក​ដល់​ ។​ បទ​ថា​ អយំ​ កាលោ​ ឧទ្ទេសស្ស​ សេចក្តី​ថា​ នេះ​ជា​ពេល​រៀន​ព្រះ​ពុទ្ធវចនៈ ។​ បទ​ថា​ បរិបុច្ឆាយ​ សេចក្តី​ថា​ ជា​ពេល​​សាក​សួរ​អំពី​ប្រយោជន៍​ និង​មិន​មែន​ជា​ប្រយោជន៍​ ហេតុ​ និង​មិន​មែន​ហេតុ ។​ បទ​ថា​ យោគស្ស​ សេចក្តី​ថា​ ដើម្បី​ដាក់​កិច្ច​ក្នុង​ការ​ប្រកប​សេចក្តី​ព្យាយាម ។​ បទ​ថា​ បដិសល្លា-នស្ស សេចក្តី​ថា​ ដើម្បី​គេចពួន​ ដើម្បី​នៅ​តែ​ម្នាក់​ឯង ។​ បទ​ថា​ ធម្មានុធម្មបដិបន្នោ​ សេចក្តី​ថា​ ជា​អ្នក​បដិបត្តិ​បដិបទា​ដែល​ជា​ចំណែក​ខាង​ដើម​ ដែល​ជា​ធម៌​ដ៏​សម​គួរ​ ដល់​លោកុត្តរធម៌​ ៩ ។​

ពាក្យ​ថា​ ឯវំ​ ខោ​ ភិក្ខុ​ បុគ្គលបរោបរញ្ញូ​ ហោតិ​ សេចក្តី​ថា​ ភិក្ខុ​រមែង​ជា​អ្នក​អាច​ដឹង​ភាព​ចាស់​ក្លា​ និង​ទន់​ខ្ចី​ របស់​បុគ្គល​ទាំង​ឡាយ​ ដោយ​ប្រការ​ដូច្នេះ ៕

អានបន្ត...
0 មតិ

សុខវិហារិជាតក

( បុគ្គល​ដែល​មិន​ជាប់​ជំពាក់​ក្នុង​កាម​ រមែង​នៅ​ជា​សុខ )

  ព្រះ​សាស្ដា​កាល​ទ្រង់​អាស្រ័យ​ អនុបិយនគរ​ ប្រថាប់​នៅ​នា​អនុបិយអម្ពវ័ន​ ទ្រង់​ប្រារព្ធ​ព្រះ​ភទ្ទិយត្ថេរ​ ដែល​មាន​ប្រក្រតី​នៅ​ជា​សុខ​ ទើប​ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ មាន​ពាក្យ​ផ្ដើម​ថា​ យញ្ច​ អញ្ញេ​ ន​ រក្ខន្តិ​ ដូច្នេះ ។

រឿង​រ៉ាង​ក្នុង​បច្ចុប្បន្ន

  ព្រះ​ភទ្ទិយត្ថេរ​លោក​មាន​ប្រក្រតី​នៅ​ជា​សុខ​ មាន​ព្រះ​ឧបាលី​ជា​គម្រប់​ ៧​ បួស​ក្នុង​សមាគម​ក្សត្រ​ ៦​ អង្គ​ ក្នុង​ចំណោម​ព្រះ​ថេរៈ​ទាំង​នោះ​ ព្រះ​ភទ្ទិយត្ថេរ​ ព្រះកិម្ពិលត្ថេរ​ ព្រះភគុត្ថេរ​ ព្រះឧបាលិត្ថេរ​ សម្រេច​ព្រះ​អរហត្ត​ ព្រះអានន្ទត្ថេរ​ជា​ព្រះសោតាបន្ន​ ព្រះអនុរុទ្ធត្ថេរ​ជា​អ្នក​មាន​ទិព្វចក្ខុ​ ព្រះទេវទត្ត​បាន​ឈាន​ រឿង​របស់​ក្សត្រ​ទាំង​ ៦​ ព្រះ​អង្គ​នោះ​ នឹង​មាន​ជាក់​ច្បាស់​ក្នុង​ខណ្ឌហាល​ជាតក​ត្រឹម​អនុបិយនគរ ។​ ក៏​ព្រះ​ភទ្ទិយត្ថេរ​រក្សា​ឃុំ​គ្រង​ព្រះ​អង្គ​ក្នុង​គ្រា​ជា​ព្រះ​រាជា​ ក៏​ទ្រង់​នៅ​តែ​ឃើញ​ភ័យ​ដែល​នឹង​កើត​ឡើង​ដល់​ព្រះ​អង្គ​ដែល​គេ​រក្សា​ដោយ​ការ​រក្សា​ការ​ពារ​យ៉ាង​ច្រើន​ដូច​ទេវតា​ចាត់​ចែង​ការ​រក្សា​ និង​ភ័យ​ដែល​នឹង​កើត​ឡើង​ដល់​ព្រះ​អង្គ​ដែល​ទ្រង់​បម្រះ​ននៀល​ទៅ​មក​លើ​ក្រឡា​បន្ទំ​ធំ​ព្ធ​ដ៏​ប្រាសាទ​ជាន់​លើ​ ឥឡូវ​នេះ​ សម្រេច​ព្រះ​អរហត្ត​ហើយ​ សូម្បី​នឹង​នៅ​ក្នុង​ទី​ណា​មួយ​ មាន​ព្រៃ​ជា​ដើម​ ក៏​ពិចារណា​ឃើញ​ភាវៈ​នៃ​ខ្លួន​ព្រះ​អង្គ​ជា​អ្នក​ប្រាស​ចាក​ភ័យ​ ទើប​បន្លឺ​ឧទាន​ថា​ “សុខ​ហ្ន៎ សុខ​ហ្ន៎”​ ភិក្ខុ​ទាំង​ឡាយ​បាន​ស្តាប់​ឮ​ពាក្យ​នោះ​ ទើប​ក្រាប​ទូល​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ “ព្រះភទ្ទិយត្ថេរ​ព្យាករ​អរហត្តផល​”​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ “ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភទ្ទិយៈ​មាន​ប្រក្រតី​នៅ​ជា​សុខ​ក្នុង​កាល​ឥឡូវ​នេះ​ប៉ុណ្ណោះ​ក៏​ទេ​ សូម្បី​ក្នុង​កាល​មុន​ក៏​មាន​ប្រក្រតី​នៅ​ជា​សុខ​ដូច​គ្នា​”​ ភិក្ខុ​ទាំង​ឡាយ​ទើប​ទូល​អារាធនា​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ឱ្យ​ទ្រង់​សម្តែង​រឿង​នោះ ។​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទើប​បាន​ទ្រង់​ធ្វើ​ហេតុ​ដែល​ចន្លោះ​រវាង​នៃ​ភព​បិទ​បាំង​ទុក​ ឱ្យ​ប្រាកដ​ ដូច​តទៅ​នេះ៖

អតីតនិទាន

  ក្នុង​អតីតកាល​ កាល​ព្រះ​បាទ​ព្រហ្មទត្ត​គ្រង​រាជសម្បត្តិ​នៅ​ក្នុង​នគរ​ពារាណសី​ ព្រះពោធិសត្វ​ជា​ព្រាហ្មណមហាសាល​កើត​ក្នុង​ត្រកូល​ខ្ពស់​ ឃើញ​ទោស​ក្នុង​កាម​ទាំង​ឡាយ​ និង​អានិសង្ស​ក្នុង​ការ​ចេញ​បួស​ ទើប​លះ​បង់​កាម​ទាំង​ឡាយ​ចូល​ទៅ​កាន់​ព្រៃ​ហិមពាន្ដ​ បួស​ជា​តាបស​ ញ៉ាំង​សមាបត្តិ​ ៨​ ឱ្យ​កើត​ឡើង​ សូម្បី​បរិវារ​របស់​ព្រះពោធិសត្វ​នោះ​ បាន​ជា​បរិវារ​ធំ​ មាន​តាបស​ចំនួន​ ៥០០​ រូប ។​ ក្នុង​រដូវ​ភ្លៀង​ ព្រះ​ពោធិសត្វ​ចេញ​អំពី​ព្រៃ​ហិមពាន្ត​ ចោម​រោម​ដោយ​ពួក​តាបស​ ត្រាច់​ចារិក​ទៅ​តាម​ស្រុក​ និង​និគម​ជា​ដើម​ រហូត​ទៅ​ដល់​ក្រុង​ពារាណសី​ អាស្រ័យ​នឹង​ព្រះ​រាជា​សម្រេច​ការ​នៅ​ក្នុង​រាជឧទ្យាន​ លោក​នៅ​ក្នុង​រាជឧទ្យាន​នោះ​ អស់​ ៤​ ខែ​នៃ​រដូវ​ភ្លៀង​ ហើយ​ចម្រើន​ពរ​លា​ព្រះរាជា ។​ លំដាប់​នោះ​ ព្រះ​រាជាអង្វរ​ព្រះ​ពោធិសត្វ​ថា​ “បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ លោក​ចាស់​ហើយ​ លោក​នឹង​មាន​ប្រយោជន៍​អ្វី​ដោយ​ព្រៃ​ហិមពាន្ត​ លោក​ចូរ​បញ្ជូន​អន្តេវាសិក​ទាំង​ឡាយ​ទៅ​ព្រៃ​ហិមពាន្ត​ហើយ​ នៅ​ក្នុង​ទី​នេះ​ចុះ” ។​ ព្រះ​ពោធិសត្វ​បញ្ជូន​តាបស​ ៥០០​ រូប​ ជា​មួយ​នឹង​អន្តេវាសិក​ច្បង​ ហើយ​បញ្ជូន​តាបស​ទាំង​នោះ​ទៅ​ដោយ​ពាក្យ​ថា​ “អ្នក​ចូរ​ទៅ​នៅ​ក្នុង​ព្រៃ​ហិមពាន្ត​ជា​មួយ​នឹង​តាបស​ទាំង​នេះ​ ចំណែក​យើង​នឹង​នៅ​ក្នុង​ទី​នេះឯង​”​ ហើយ​ខ្លួន​ឯង​ក៏​សម្រេច​ការ​នៅ​ក្នុង​រាជឧទ្យាន​នោះ​នុ៎ះ​ឯង​ ក៏​ប្រធាន​អន្តេវាសិក​របស់​ព្រះពោធិសត្វ​នោះ​ ជា​រាជបព្វជិត​ លះ​បង់​រាជសម្បត្តិ​ដ៏​ធំ​ចេញ​មក​បួស​ ធ្វើ​កសិណកម្ម​ បាន​សម្រេច​សមាបត្តិ​ ៨ ។​ ប្រធាន​នៃ​អន្តេវាសិក​នោះ​នៅ​ក្នុង​ព្រៃ​ហិមពាន្ត​ជា​មួយ​នឹង​តាបស​ទាំង​ឡាយ​ មាន​បំណង​ចង់​សួរ​សុខ​ទុក្ខ​អាចារ្យ​ ទើប​ហៅ​តាបស​ទាំង​នោះ​មក​ហើយ​ពោល​ថា​ “អ្នក​ទាំង​ឡាយ​ ចូរ​កុំ​អផ្សុក​ ចូរ​នៅ​ក្នុង​ទី​ចុះ​ ខ្ញុំ​កូណា​នឹង​ទៅ​សួរ​សុខ​ទុក្ខ​អាចារ្យ​ហើយ​នឹង​ត្រឡប់​មក​វិញ”​ ហើយ​ទៅ​កាន់​សម្នាក់​របស់​អាចារ្យ​ ថ្វាយ​បង្គំ​ហើយ​ធ្វើ​បដិសណ្ឋារ​ ក្រាល​កន្ទេល​សិង​នៅ​ក្នុង​សម្នាក់​អាចារ្យ​នុ៎ះ​ឯង ។​ ក្នុង​សម័យ​នោះ​ ព្រះ​រាជា​ទ្រង់​ព្រះ​តម្រិះ​ថា​ “អញ​នឹង​ទៅ​ជួប​ព្រះ​តាបស”​ ទើប​ស្ដេច​យាង​ទៅ​កាន់​រាជឧទ្យាន​ ថ្វាយ​បង្គំ​ហហើយ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ តាបស​ជា​អន្តេវាសិក​សូម្បី​ឃើញ​ព្រះ​រាជា​ហើយ​ក៏​មិន​ក្រោក​ឡើង​ នៅ​តែ​សិង​ដដែល​ បន្លឺ​ឧទាន​ថា​ “សុខ​ហ្ន៎​ សុខ​ហ្ន៎”​ ។​ ព្រះ​រាជា​ទ្រង់​អាក់​អន់​ព្រះ​ទ័យ​ថា​ “តាបស​នេះ​ សូម្បី​ឃើញ​អញ​ហើយ​ក៏​មិន​ក្រោក​ឡើង​”​ ទើប​ត្រាស់​នឹង​ព្រះ​ពោធិសត្វ​ថា​ “​បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ តាបស​នេះ​គង់​នឹង​ឆាន់​តាម​សេចក្តី​ប្រាថ្នា​ ទើប​សម្រេច​ការ​ដេក​យ៉ាង​សប្បាយ​ ហើយ​បន្លឺ​នូវ​ឧទាន” ។​ ព្រះ​ពោធិសត្វ​តប​ថា​ “មហាបពិត្រ​ តាបស​នេះ​​ កាល​ពី​មុន​ជា​ព្រះ​រាជា​មួយ​អង្គ​ដូច​ព្រះ​អង្គ​ដែរ​ តាបស​នេះ​គិត​ថា​ កាល​ពី​មុន​ក្នុង​កាល​នៅ​ជា​គ្រហស្ថ​ អាត្មា​អញ​សោយ​សិរិរាជសម្បត្តិ​ សូម្បី​មនុស្ស​ជា​ច្រើន​ មាន​ដៃ​កាន់​អាវុធ​ចាំ​ការ​ពារ​ ក៏​មិន​បាន​សេចក្តី​សុខ​មាន​សភាព​យ៉ាង​នេះ​ ទើប​ប្រារព្ធ​សេចក្តី​សុខ​ក្នុង​ផ្នួស​ និង​សុខ​ក្នុង​ឈាន​របស់​ខ្លួន​ហើយ​បន្លឺ​ឧទាន​នេះ”​ កាល​ពោល​យ៉ាង​នេះ​ហើយ​ ដើម្បី​នឹង​សម្ដែង​ធម្មកថា​ដល់​ព្រះ​រាជា​ ទើប​ពោល​ថា​

   យញ្ច​  អញ្ញេ​  ន​  រក្ខន្តិ​                   យោ​  ច​  អញ្ញេ​  ន​  រក្ខតិ

   សវេ​  រាជ​  សុខំ​  សេតិ​                   កាមេសុ​  អនបេក្ខវា ។

  ពួក​ជន​ដទៃ​ មិន​រក្សា​ជន​ណា​ ម្យ៉ាង​ទៀត​ ជន​ណា​មិន​រក្សា​ពួក​ជន​ដទៃ​ បពិត្រ​ព្រះ​រាជា​ ជន​នោះ​ឯង​ មិន​មាន​សេចក្តី​អាឡោះ​អាល័យ​ក្នុង​កាម​ទាំង​ឡាយ​ទេ​ រមែង​ដេក​ជា​សុខ ។

( បិដក​លេខ​ ៥៨​ ទំព័រ​ ៤ )

  បណ្ដា​បទ​ទាំង​នោះ​ បទ​ថា​ យញ្ច​ អញ្ញេ​ ន​ រក្ខន្តិ​ សេចក្ដី​ថា​ បុគ្គល​ដទៃ​ជា​ច្រើន​ រមែង​មិន​រក្សា​បុគ្គល​ណា ។​ បទ​ថា​ យោ​ ច​ អញ្ញេ​ ន​ រក្ខតិ​ សេចក្ដី​ថា​ សូម្បី​បុគ្គល​ណា​ក៏​មិន​រក្សា​ជន​ដទៃ​ជា​ច្រើន​ ដោយ​គំនិត​ថា​ “អញ​តែ​ម្នាក់​គត់​គ្រង​រាជសម្បត្តិ”​ ។​ បទ​ថា​ ស​ វេ​ រាជសុខំ​ សេតិ​ សេចក្ដី​ថា​ មហាបពិត្រ​ បុគ្គល​នោះ​តែ​ម្នាក់​ឯង​ មិន​មាន​សម្លាញ់​ ស្ងប់​ស្ងាត់​ហើយ​ ជា​អ្នក​ព្រម​ព្រៀង​ដោយ​សេចក្ដី​សុខ​តាម​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ រមែង​ដេក​ជា​
សុខ​។​ ពាក្យ​ថា​ ដេក​ជា​សុខ​ នេះ​ ជា​ប្រធាន​នៃ​ទេសនា​ប៉ុណ្ណោះ​ រមែង​ដេក​ជា​សុខ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ក៏​ទេ​ ក៏​បុគ្គល​មាន​សភាព​បែប​នេះ​ទោះ​ដើរ​ ឈរ​ អង្គុយ​ ឬ​ដេក​ ក៏​ជា​សុខ​ គឺ​បាន​ទទួល​សេចក្ដី​សុខ​គ្រប់​ឥរិយាបថ​ទាំង​អស់ ។​ បទ​ថា​ កាមេសុ​ អនបេក្ខវា​ សេចក្ដី​ថា​ មហាបពិត្រ​ បុគ្គល​បែប​នេះ​ វៀរ​ចាក​ការ​អើ​ពើ​ក្នុង​វត្ថុកាម​ និង​កិលេសកាម​ គឺ​ប្រាស​ចាក​ឆន្ទរាគៈ​មិន​មាន​តណ្ហា​ រមែង​​នៅ​ជា​សុខ​គ្រប់​ឥរិយាបថ ។

  ព្រះ​រាជា​ទ្រង់​បាន​សណ្ដាប់​ព្រះ​ធម៌​ទេសនា​ហើយ​មាន​ព្រះ​ទ័យ​ត្រេក​អរ​ ថ្វាយ​បង្គំ​ហើយ​ ស្ដេច​យាង​ទៅ​កាន់​ព្រះ​រាជនិវេសន៍​វិញ​ ចំណែក​អន្តេវាសិក​ក៏​ថ្វាយ​បង្គំ​អាចារ្យ​ហើយ​ទៅ​កាន់​ព្រៃ​ហិមពាន្ត​ដូច​គ្នា​ ឯ​ព្រះ​ពោធិសត្វ​នៅ​ក្នុង​ទី​នោះ​នុ៎ះ​ឯង​ មាន​ឈាន​មិន​សាប​សូន្យ​ ធ្វើ​កាល​កិរិយា​ហើយ​ទៅ​កើត​ក្នុង​ព្រហ្មលោក ។

ប្រជុំជាតក

  ព្រះ​សាស្ដា​គ្រា​ទ្រង់​នាំ​ព្រះធម៌ទេសនា​នេះ​មក​សម្ដែង​ហើយ​ ត្រាស់​រឿង​ ២​ បន្ដ​អនុសន្ធិ​ហើយ​ ទ្រង់​ប្រជុំ​ជាតក​ថា​ អន្តេវាសិក​ក្នុង​កាល​ណោះ​ បាន​ជា​ព្រះភទ្ទិយត្ថេរ​ ចំណែក​គ្រូ​នៃ​គណៈ​ គឺ​តថាគត​នេះ​ឯង ។

អានបន្ត...
0 មតិ

គោធជាតក

( សមណៈ​ដែល​មាន​គ្រឿង​សាំ​ញ៉ាំ​ គឺ​កិលេស​ មាន​នៅ​ក្នុង​ខ្លួន​ មិន​ប្រសើរ​ឡើយ )

  ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពន​មហាវិហារ​ ទ្រង់​ប្រារព្ធ​ភិក្ខុ​ដែល​ជា​អ្នក​បោក​បញ្ឆោត​គេ​ ១​ អង្គ​ ។​ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ​រឿង​ក្នុង​អតីតកាល​មាន​ដូច​តទៅ៖

អតីតនិទាន

  ក្នុង​អតីតកាល​ គ្រា​ដែល​ព្រះ​បាទ​ព្រហ្មទត្ត​ សោយ​រាជសម្បត្តិ​នៅ​ក្នុង​នគរ​ពារាណសី​ ព្រះ​ពោធិសត្វ​ បដិសន្ធិ​ក្នុង​កំណើត​សត្វ​ទន្សង ។​ កាល​នោះ​ មាន​តាបស​ ១​ អង្គ​ បាន​អភិញ្ញា​ ៥​ មាន​តបៈ​ដ៏​ខ្លាំង​ក្លា​ អាស្រ័យ​នៅ​ឯ​បច្ចន្តគ្រាម​ ក្នុង​តំបន់​មួយ​ដែល​មាន​បណ្ណសាលា​ នៅ​នឹង​ជាយ​ព្រៃ ។​ ពួក​អ្នក​ស្រុក​ បាន​នាំ​គ្នា​ទំនុក​បម្រុង​ព្រះ​តាបស​ ដោយ​សេចក្តី​គោរព ។​ ព្រះ​ពោធិសត្វ​ បាន​រស់​នៅ​នឹង​រន្ធ​ដំបូក​មួយ​ ខាង​ចុង​ទី​ចង្ក្រម​របស់​ព្រះ​តាបស​នោះ​ឯង​ ហើយ​ តែង​តែ​ចេញ​ពី​រន្ធ​មក​រក​ព្រះ​តាបស​ ១​ ថ្ងៃ,​ ៣​ ដងរាល់ៗ​ ថ្ងៃ​ ស្តាប់​ពាក្យ​ដែល​ប្រកប​ដោយ​ហេតុ​ ប្រកប​ដោយ​ផល​ ថ្វាយ​បង្គំ​ព្រះ​តាបស​ហើយ​ ក៏​ត្រឡប់​ទៅ​កាន់​ទី​របស់​ខ្លួន​វិញ ។​ ក្រោយ​មក​ ព្រះ​តាបស​ក៏​បាន​ចម្រើន​ពរ​លា​ពួក​អ្នក​ស្រុក​ចេញ​ទៅ ។​ កាល​ដែល​ព្រះ​តាបស​សម្បូរ​ដោយ​សីល​ និង​វត្ត​នោះ​ចេញ​ទៅ​ហើយ​ បន្ទាប់​មក​ ក៏​មាន​តាបស​ ១​ អង្គ​ទៀត​ មក​​សំណាក់​នៅនឹង​អាស្រមបទ​នោះ​ដែរ ។​ ព្រះ​ពោធិសត្វ​កំណត់​ថា​ តាបស​ក្រោយ​ ក៏​ជា​អ្នក​មាន​សីល​ ទើប​បាន​ចូល​ទៅ​កាន់​សំណាក់​របស់​តាបស​បំពេញ​កិច្ចវត្ត​ដូច​មុន​ដែរ ។

640px-Boston-Rhino-Iguana

  ក្រោយ​មក​ថ្ងៃ​មួយ​ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ក្នុង​រដូវ​រាំង​ស្ងួត​ ហ្វូង​មេ​ភ្លៀង​បាន​នាំ​គ្នា​ចេញ​អំពី​ដំបូក​ទាំង​ឡាយ​ ពួក​សត្វ​ទន្សង​ក៏​បាន​នាំ​គ្នា​ចេញ​មក​ស៊ី​មេ​ភ្លៀង​ទាំង​នោះ ។​ ក្នុង​កាល​នោះ​ ពួក​អ្នក​ស្រុក​បាន​នាំ​គ្នា​ចេញ​ចាប់​ទន្សង​បាន​យ៉ាង​ច្រើន​ ហើយ​ចាត់​ចែង​ស្ល​ម្ជូរ​គ្រឿង​ដ៏​មាន​ឱជារស​ ប្រគេន​ដល់​តាបស ។​ តាបស​ឆាន់​សម្ល​ម្ជូរ​គ្រឿង​សាច់​ទន្សង​ឆ្ងាញ់​ ជាប់​ចិត្ត​នឹង​រស​នោះ​ ទើប​សួរ​ថា​ សម្ល​នេះ​ឆ្ងាញ់​ក្រៃ​លែង​ណាស់​ តើ​សាច់​នេះ​ជា​សាច់​សត្វ​អ្វី?​ កាល​ដែល​បាន​ឮ​គេ​ប្រាប់​ថា​ ជា​សាច់​សត្វ​ទន្សង​ហើយ​​ ក៏​គិត​ថា​ ទន្សង​ដ៏​ធំ​នោះ​ មក​កាន់​សំណាក់​របស់​យើង​ យើង​នឹង​សម្លាប់​វា​ស្ល​ម្ជូរ​គ្រឿង ។​ តាបស​កំហូច​ ឲ្យ​គេ​នាំ​យក​ឆ្នាំង​សម្រាប់​ស្ល​ និង​គ្រឿង​ផ្សំ​ផ្សេងៗ​ មាន​ទឹក​ដោះ​ថ្លា​ និង​អំបិល​ជា​ដើម​ ទុក​នៅ​មួយ​កន្លែង​ ហើយ​លាក់​ដំបង​ក្នុង​សំពត់​ដណ្តប់​ រង់​ចាំ​ការ​មក​នៃ​ព្រះ​ពោធិសត្វ ។​ តាបស​កំហូច​រង់​ចាំ​នៅ​នឹង​ទ្វារ​បណ្ណសាលា​ អង្គុយ​រៀប​ឥរិយាបថ​ដូច​ជា​មាន​សេចក្តី​ស្ងប់​ណាស់ ។

  ក្នុង​វេលា​ល្ងាច​ ព្រះ​ពោធិសត្វ​ គិត​ថា​ យើង​នឹង​ទៅ​រក​តាបស​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ​ ខណៈ​ដែល​កំពុង​តែ​ចូល​ទៅ​ជិត​នោះ​ឯង​ ក៏​បាន​ឃើញ​ចំណុច​ខុស​ប្លែក​នៃ​ឥន្ទ្រិយ​របស់​តាបស​ ទើប​គិត​ថា​ តាបស​នេះ​ មិន​បាន​អង្គុយ​ដោយ​ឥរិយាបថ​ ដែល​ធ្លាប់​អង្គុយ​ ដូច​ថ្ងៃ​មុនៗ​ ទេ​ សូម្បី​តែ​សម្លឹង​មើល​យើង​ក្នុង​ថ្ងៃ​នេះ​ទៀត​សោត​ ក៏​សម្លឹង​ជា​របៀប​លួច​លាក់ ។​ ព្រះ​ពោធិសត្វ​បាន​ទៅ​ពី​ក្រោម​ខ្យល់​នៃ​តាបស​ ហើយ​ក៏​បាន​ធុំ​ក្លិន​សាច់​ទន្សង​ ក៏​បាន​គិត​ថា​ ថ្ងៃ​នេះ​ តាបស​កំហូច​នេះ​ មុខ​តែ​បរិភោគ​សាច់​ទន្សង​ជាប់​ចិត្ត​ក្នុង​រស​ហើយ​ ឥឡូវ​នេះ​បំណង​ដើម្បី​នឹង​វាយ​សម្លាប់​យើង​ដែល​ចូល​ទៅ​រក​ដោយ​ដំបង​ ហើយ​យក​សាច់​របស់​យើង​ស្ល​ស៊ី​ជា​ប្រាកដ ។​ ព្រះ​ពោធិសត្វ​ គិត​ឃើញ​ដូច្នេះ​ ក៏​មិន​បាន​ចូល​ទៅ​ជិត​ ហើយ​បែរ​ត្រឡប់​ក្រោយ​រត់​ចេញ​មក​វិញ ។​ តាបស​កំហូច​ ដឹង​ថា​សត្វ​ទន្សង​មិន​ព្រម​មក​ ព្រោះ​ដឹង​ខ្លួន​ថា​ យើង​ប្រុង​សម្លាប់​ ទោះ​ជា​យ៉ាង​នេះ​ ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​អញ​ ហើយ​បាន​យក​ដំបង​ចេញ​គ្រវែង​តម្រង់​ទៅ​រក​ព្រះ​ពោធិសត្វ ។​ ដំបង​បាន​ចោល​ទៅ​ប៉ះ​ចុង​កន្ទុយ​បន្តិច​ប៉ុណ្ណោះ​ ព្រះ​ពោធិសត្វ​ចូល​ក្នុង​ដំបូក​ដោយ​រហ័ស​ ហើយ​ចេញ​ក្បាល​មក​តាមរន្ធ​មួយ​ទៀត​ ពោល​ថា​ “វ៉ឺយ!​ ជដិល​កំហូច​ កាល​ដែល​យើង​ចូល​ទៅ​រក​អ្នក​ឯង​ គឺ​ចូល​ទៅ​ដោយ​សម្គាល់​ថា​ ជា​អ្នក​មាន​សីល​ ប៉ុន្តែ​ឥឡូវ​នេះ​ ល្បិច​កំហូច​របស់​អ្នក​ យើង​បាន​ដឹង​ហើយ​ មហាចោរ​ដូច​ជា​អ្នក​ឯង​អ៊‍ីចឹង​បួស​ធ្វើ​អ្វី​ទៅ”។​ កាល​ដែល​តិះ​ដៀល​តាបស​ហើយ​ ទើប​ពោល​នូវ​គាថា​ ដោយ​សេចក្តី​ថា៖

កិន្តេ​  ជដាហិ​  ទុម្មេធ​                 កិន្តេ​  អជិនសាដិយា

អព្ភន្តរន្តេ​  គហនំ​                          ពាហិរំ​  បរិមជ្ជសិ ។

  “ម្នាល​តាបស​ ឥត​បញ្ញា​ ប្រយោជន៍​អ្វី​ដោយ​ជដា​របស់​អ្នក​ និង​ប្រយោជន៍​អ្វី​ដោយ​ស្បែក​ខ្មាឃ្មុំ​របស់​អ្នក​ ព្រោះ​គ្រឿង​សាំ​ញ៉ាំ​ គឺ​កិលេស​ មាន​នៅ​ខាង​ក្នុង​ខ្លួន​អ្នក​ អ្នក​ខំ​ដុស​ខាត់​តែ​ខាង​ក្រៅ​ទេ” ។

  បណ្តា​បទ​ទាំង​នេះ​ បទ​ថា​ កិន្តេ​ ជដាហិ​ ទុម្មេធ​ ដោយ​សេចក្តី​ថា​ នែ​វ៉ឺយ​ ជដិល​ដ៏​ល្ងង់​ខ្លៅ​ ប្រាសចាក​ការ​ចេះ​ដឹង​ ការ​បួង​សក់​នេះ​ ចំពោះ​បុគ្គល​ដែល​វៀរ​ចាក​នូវ​ការ​បៀត​បៀន​ ទើប​គួរ​ ចំណែក​អ្នក​ប្រាស​ចាក​នូវ​គុណ​នេះ​ នឹង​ទ្រទ្រង់​ទុក​នូវ​ជដា​ធ្វើ​អ្វី ។

  បទ​ថា​ កិន្តេ​ អជិនសាដិយា​ ដោយ​សេចក្តី​ថា​ ចាប់​ផ្តើម​តាំង​តែ​អំពី​អ្នក​ឯង​ដែល​មិន​មាន​នូវ​សំវរគុណ​មក​ អ្នក​ឯង​មិន​សម​នឹង​ដណ្តប់​ស្បែក​ខ្លា​ទេ​ ប្រយោជន៍​អ្វី​ដោយ​ស្បែក​ខ្លា​ដែល​អ្នក​ទ្រទ្រង់ ។

  បទ​ថា​ អព្ភន្តរន្តេ​ គហនំ​ ដោយ​សេចក្តី​ថា​ ខាង​ក្នុង​សន្តានចិត្ត​របស់​អ្នក​ ទ្រុបទ្រុល​ទៅ​ដោយ​កិលេស​គឺ​រាគៈ ទោសៈ​ មោហៈ ។

  បទ​ថា​ ពាហិរំ​ បរិមជ្ជសិ​ ដោយ​សេចក្តី​ថា​ អ្នក​ឯង​ហ្នឹង​ កាល​ដែល​ខាង​ក្នុង​មាន​ភាព​សាំ​ញ៉ាំ​ ទ្រុប​ទ្រុល​ក្រាស់​ចង្អៀត​ទៅ​ដោយ​កិលេស​ ដូច្នេះ​ បែរ​ជា​មក​រវល់​តែ​ដុស​ខាត់​ខាង​ក្រៅ​ ដោយ​ការ​ងូត​ទឹក​ជា​ដើម​ និង​ដោយ​ការ​ទ្រទ្រង់​នូវ​ភេទ​ជា​អ្នក​បួស ។​ កាល​បើ​រវល់​តែ​ដុស​ខាត់​ខាង​ក្រៅ​យ៉ាង​នេះ​ អ្នក​ឯង​ប្រៀប​ដូច​ជា​សំបក​ឃ្លោក​ស្មោក​គ្រោក​ខាង​ក្នុង​ ឬ​ដូច​ជា​ពាង​ដែល​ពេញ​ទៅ​ដោយ​ថ្នាំ​ពិស​ ឬ​ម្យ៉ាង​ទៀត​ ដូច​ជា​ដំបូក​ដែល​ពេញ​ទៅ​ដោយ​អាសិរពិស​ ពុំ​នោះ​សោត​ទេ​ ដូច​ជា​ឆ្នាំង​ដ៏​វិចិត្រ​ដែល​ពេញ​ទៅ​ដោយ​លាមក​ សឹង​រលើប​រលោង​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ​ អ្នក​ឯង​គឺ​ជា​ចោរ​ នឹង​នៅ​ក្នុង​ទី​នេះ​ធ្វើ​អ្វី​ ប្រញាប់​ចេញ​ឲ្យ​ឆាប់​ទៅ​ បើ​អ្នក​ឯង​មិន​ប្រញាប់​ទៅ​ទេ​ យើង​នឹង​ប្រាប់​អ្នក​ស្រុក​ ឲ្យ​ធ្វើ​ការ​បណ្តេញ​អ្នក​ឯង ។

  ព្រះ​ពោធិសត្វ​ គំរាម​តាបស​កំហូច​យ៉ាង​នេះ​ហើយ​ ក៏​ចូល​ទៅ​ក្នុង​ដំបូក​វិញ​ រី​ឯតាបស​កំហូច​ ក៏​គេច​អំពី​ទី​នោះ​ទៅ ។

ប្រជុំ​ជាតក

  ព្រះ​បរមសាស្តា​ ទ្រង់​នាំព្រះធម៌ទេសនា​នេះ​មក​ហើយ​ ទ្រង់​ប្រជុំ​ជាតក​ថា​ តាបស​កំហូច​ក្នុង​គ្រា​នោះ​ បាន​មក​ជា​ភិក្ខុ​អ្នក​បោក​បញ្ឆោត​គេ​ក្នុង​គ្រា​នេះ​ ឯ​ព្រះ​តាបស​មាន​សីល​នោះ​ បាន​មក​ជា​សារីបុត្ត​ ចំណែក​គោធបណ្ឌិត​ ( ទន្សង​ពោធិសត្វ )​ បាន​មក​ជា​តថាគត​ ដូច្នេះ​ឯង ៕

អានបន្ត...
0 មតិ

បាដិហារ​្យ សេចក្តី​អស្ចារ្យ​ ៣

តីណិ​  បាដិហារិយានិ​  បាដិហារ្យ​ ៣​ យ៉ាង​ គឺ៖

១. ឥទ្ធិប្បាដិហារិយំ​   ឥទ្ធិបាដិហារ្យ [ សេចក្តី​អស្ចារ្យ​ដោយ​ឫទ្ធិ ]

២. អាទេសនាបាដិហារិយំ​  អាទេសនាបាដិហារ្យ​ [ សេចក្តី​អស្ចារ្យ​ដោយ​ទាយ​ចិត្ត​សត្វ​ដទៃ ]

៣. អនុសាសនីបាដិហារិយំ​  អនុសាសនីបាដិហារ្យ​ [ សេចក្តី​អស្ចារ្យ​ដោយ​ការ​ប្រៀន​ប្រដៅ​ដោយ​សីល​ សមាធិ​ បញ្ញា ]

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៥ )

[ បាដិហារ្យ​ទាំង​ឡាយ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​សម្តែង​ដោយ​ពិស្តារ​ក្នុង​កេវដ្តសូត្រ ]

អានបន្ត...
0 មតិ

វិហារធម៌​ ធម៌​ជា​គ្រឿង​នៅ​ ៣

តយោ​ ​វិហារា​  វិហារធម៌​ ( ធម៌​ជា​គ្រឿង​នៅ )​ ៣​ យ៉ាង​ គឺ៖

១. ទិព្វោ​  វិហារោ​  ទិព្វវិហារ​

២. ព្រហ្មវិហារោ​    ព្រហ្មវិហារ

៣. អរិយោ​  វិហារោ​  អរិយវិហារ

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៥ )

អធិប្បាយ

គប្បី​ជ្រាប​វិនិច្ឆ័យ​ក្នុង​វិហារធម៌​ដូច​ត​ទៅ៖

សមាបត្តិ​ ៨​ ឈ្មោះ​ថា​ ទិព្វវិហារធម៌ ។​ អប្បមញ្ញា​ ៤​ [ មេត្តា​ ករុណា​ មុទិតា​ និង​ឧបេក្ខា​ ]ឈ្មោះ​ថា​ ព្រហ្មវិហារធម៌ ។​ ផលសមាបត្តិ​ ឈ្មោះ​ថា​ អរិយវិហារធម៌ ។

អានបន្ត...
0 មតិ

វិជ្ជា​ ៣

តិស្សោ​ ​វិជ្ជា​  វិជ្ជា​ ៣​ យ៉ាង​ គឺ៖

១. បុព្វេនិវាសានុស្សតិញ្ញាណំ​  វិជ្ជា​  ញាណ​ជា​គ្រឿង​រលឹក​ឃើញ​នូវ​ខន្ធបញ្ចកៈ​ដែល​ធ្លាប់​នៅ​អាស្រ័យ​ក្នុង​កាល​មុន​ ជា​វិជ្ជា​ ១

២. សត្តានំ​  ចុតូបបាតេ​  ញាណំ​  វិជ្ជា​  សេចក្តី​ដឹង​ក្នុង​ចុតិ​ និង​បដិសន្ធិ​របស់​ពួក​សត្វ​ ជា​វិជ្ជា​ ១

៣. អាសវានំ​  ខយេ​  ញាណំ​  វិជ្ជា​  សេចក្តី​ដឹង​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ ជា​វិជ្ជា​ ១

( បិដក​លេខ​ ១៩​ ទំព័រ​ ១៤៥ )

អធិប្បាយ

បទ​ថា​ វិជ្ជា​ សេចក្តី​ថា​ ឈ្មោះ​ថា​ វិជ្ជា​ ព្រោះ​អត្ថ​ថា​ ទម្លាយ​នូវ​ងងឹត​​ ( តមវិជ្ឈនដ្ឋេន វិជ្ជា )។​ ឈ្មោះ​ថា​ វិជ្ជា​ ព្រោះអត្ថ​ថា​ ធ្វើ​ឲ្យ​ជាក់​ច្បាស់​ក៏​បាន​ ( វិទិតករណដ្ឋេនាបិ វិជ្ជា ) ។

ក៏​បុព្វេនិវាសានុស្សតិញ្ញាណ​ដែល​កើត​ឡើង​ ឈ្មោះ​ថា​ វិជ្ជា​ ព្រោះ​អត្ថ​ថា​ ទម្លាយ​នូវ​ងងឹត​ ដែល​បិទ​បាំង​ខន្ធ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ក្នុង​កាល​មុន​ និង​ធ្វើ​ខន្ធ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ក្នុង​កាល​មុន​ ឲ្យ​ដឹង​ច្បាស់ ។

ចុតូបបាតញ្ញាណ​ ឈ្មោះ​ថា​ វិជ្ជា​ ព្រោះ​អត្ថ​ថា​ ទម្លាយ​នូវ​ងងឹត​ដែល​បិទ​បាំង​ចុតិ​ និង​ធ្វើ​ចុតិ​ បដិសន្ធិ​នោះ​ឲ្យ​ជាក់​ច្បាស់ ។

ញាណ​ សេចក្តី​ដឹង​ក្នុង​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំង​ឡាយ​ ឈ្មោះ​ថា​ វិជ្ជា​ ព្រោះ​អត្ថ​ថា​ ទម្លាយ​ងងឹត​ដែល​បិទ​បាំង​សច្ចៈ​ ៤​ និង​ធ្វើ​សច្ចធម៌​ទាំង​ ៤​ ឲ្យ​ជាក់​ច្បាស់ ។

អានបន្ត...
0 មតិ

កថាវត្ថុ​ ៣

តីណិ​  កថាវត្ថូនិ​  កថាវត្ថុ​ ៣​ យ៉ាង​ គឺ៖

១. អតីតំ​  វា​  អទ្ធានំ​  អារព្ភ​  កថំ​  កថេយ្យ​  ឯវំ​  អហោសិ​  អតីតមទ្ធានន្តិ​  បុគ្គល​ប្រារព្ធ​អតីតកាល​ និយាយ​ពាក្យ​ថា​ រឿង​យ៉ាង​នេះ​ កើត​មាន​ក្នុង​អតីតកាល​ហើយ​

២. អនាគតំ​  វា​  អទ្ធានំ​  កថំ​  កថេយ្យ​  ឯវំ​  ភវិស្សតិ​  អនាគតមទ្ធានន្តិ​  បុគ្គល​ប្រារព្ធ​អនាគតកាល​និយាយ​ពាក្យ​ថា​ រឿង​យ៉ាង​នេះ​នឹង​មាន​ក្នុង​អនាគតកាល​

៣. ឯតរហិ​  វា​  បច្ចុប្បន្នំ​  អទ្ធានំ​  អារព្ភ​  កថំ​  កថេយ្យ​  ឯវំ​  ឯតរហិ​ ​បច្ចុប្បន្នន្តិ​  បុគ្គល​ប្រារព្ធ​បច្ចុប្បន្នកាល​ក្នុង​កាល​ឥឡូវ​នេះ​ និយាយ​ពាក្យ​ថា​ រឿង​យ៉ាង​នេះ​កើត​ឡើង​ក្នុង​កាល​ឥឡូវ​នេះ

( បិដក​លេខ​ ១៩​ ១៤៤ )

អធិប្បាយ

ហេតុ​នៃ​ពាក្យ​ពោល​ ឬ​សម្តី​ ឈ្មោះ​ថា​ កថាវត្ថុ ។​ ពីរ​បទ​ថា​ អតីតំ​ វា​ អទ្ធានំ​ ប្រែ​ថា​ គតិធម៌​ ដែល​កន្លង​ទៅ​ហើយ​ អធិប្បាយ​ថា​ ខន្ធ​ដែល​ជា​អតីត ។​ ម្យ៉ាង​ទៀត​ គប្បី​សម្តែង​សេចក្តី​ក្នុង​ពាក្យ​ថា​ អតីតំ​ វា​ អទ្ធានំ​ នេះ​ ដោយ​និរុត្តិបថសូត្រ​ ( សូត្រ​ដែល​ពោល​ដោយ​គោល​ភាសា )​ ដែល​មាន​អាគតស្ថាន​យ៉ាង​នេះ​ថា​

យំ ភិក្ខវេ រូបំ អតីតំ និរុទ្ធំ វិបរិណតំ អហោសីតិ តស្ស សង្ខា, អហោសីតិ តស្ស បញ្ញត្តិ អហោសីតិ តស្ស សមញ្ញា, ន តស្ស សង្ខា អត្ថីតិ, ន តស្ស សង្ខា ភវិស្សតិ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ រូប​ណា​ដែល​កន្លង​ទៅ​ហើយ​ រលត់​ទៅ​ហើយ​ ប្រែ​ប្រួល​ហើយ​ ការ​រាប់​រូប​នោះ​ថា​ បាន​មាន​ហើយ​ ការ​បញ្ញត្ត​រូប​នោះ​ថា​ បាន​មាន​ហើយ​ ការ​ឲ្យ​ឈ្មោះ​រូប​នោះ​ថា​ បាន​មាន​ហើយ​ រូប​នោះ​មិន​រាប់​ថា​ នឹង​មាន​ រូប​នោះ​មិន​រាប់​ថា​ កំពុង​មាន​ ។

អានបន្ត...
0 មតិ

រឿង​ពហុភណ្ឌិកភិក្ខុ​ ភិក្ខុ​ដែល​មាន​បរិក្ខារ​ច្រើន

( កិរិយា​អាក្រាត​កាយជា​ដើម​​ មិន​អាច​ធ្វើ​ឱ្យ​បុគ្គល​ឆ្លង​ផុត​សេចក្តី​សង្ស័យ​បាន​ទេ )

  ព្រះ​សាស្តា​ កាល​ប្រថាប់​នៅ​ក្នុង​វត្ត​ជេតពន​ ទ្រង់​ប្រារព្ធ​ភិក្ខុ​អ្នក​មាន​បរិក្ខារ​ច្រើន​មួយ​រូប​ ត្រាស់​ព្រះ​ធម៌​ទេសនា​នេះ​ថា​ ន​ នគ្គចរិយា​ ដូច្នេះ​ជា​ដើម ។

កុដុម្ពីក៍​ត្រៀម​គ្រឿង​ប្រើ​ប្រាស់​មុន​នឹង​បួស

  បាន​ឮ​ថា​ កុដុម្ពិក៍​ក្នុង​ក្រុង​សាវត្ថី​ម្នាក់​ កាល​ភរិយា​របស់​ខ្លួន​ធ្វើ​មរណកាល​ហើយ​ ក៏​បាន​ចូល​បួស​ កុដុម្ពិក៍​នោះ​កាល​បួស​ហើយ​ បាន​ឲ្យ​គេ​ធ្វើ​បរិវេណ​ រោង​ភ្លើង​ និង​បន្ទប់​ដាក់​សម្ភារៈ​ ធ្វើ​បន្ទប់​ដាក់​សម្ភារៈ​ឲ្យ​ពេញ​ដោយ​ទឹក​ដោះ​ថ្លា​ និង​អង្ករ​ជា​ដើម​ សម្រាប់​ខ្លួន​ហើយ​ទើប​បួស​ កាល​បួស​ហើយ​ ឱ្យ​គេ​ហៅ​អ្នក​បម្រើ​របស់​ខ្លួន​មក​ ចម្អិន​អាហារ​តាម​ចំណង់​ ហើយ​ទើប​បរិភោគ​ ថែម​ទាំង​ជា​អ្នក​បរិក្ខារ​ច្រើន​​ ក្នុង​វេលា​យប់​ មាន​សំពត់​ស្លៀក​ និង​សំពត់​ដណ្តប់​មួយ​សម្រាប់​ វេលា​ថ្ងៃ​ មាន​មួយ​សម្រាប់​ទៀត​ ស្នាក់​នៅ​ខាង​ចុង​បំផុត​នៃ​វិហារ ។​​

ត្រូវ​ពួក​ភិក្ខុ​តិះ​ដៀល​ ហើយ​នាំ​ទៅ​គាល់​ព្រះ​សាស្ដា

  ថ្ងៃ​មួយ​ កាល​ភិក្ខុ​នោះ​ យក​ចីវរ​ និង​កម្រាល​ជា​ដើម​ មក​ហាល​សំដិល​ ភិក្ខុ​ទាំង​ឡាយ​ដែល​ត្រាច់​ទៅ​កាន់​សេនាសនចារិក​បាន​ឃើញ​ហើយ​ សួរ​ថា​ “ម្នាល​អាវុសោ​ បរិក្ខារ​ទាំង​អស់​នេះ​ ជា​របស់​លោក​ឬ?”​ ភិក្ខុ​នោះ​ឆ្លើយ​ថា​ “ជា​របស់​ខ្ញុំ​ករុណា”​ ភិក្ខុ​ទាំង​ឡាយ​ទើប​ពោល​ថា​ “​ម្នាល​អាវុសោ​ ក្រែង​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ចីវរ​ ៣​ លោក​ចូល​មក​បួស​ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​យ៉ាង​នេះ​ ហេតុ​អ្វី​ទើប​ក្លាយ​ទៅ​ជា​អ្នក​មាន​បរិក្ខារ​ច្រើន?”​ រួច​ទើប​នាំ​ភិក្ខុ​នោះ​ទៅ​កាន់​សម្នាក់​ព្រះ​សាស្តា​ ក្រាប​បង្គំ​ទូល​ថា​ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ភិក្ខុ​នេះ​ជា​អ្នក​មាន​បរិក្ខារ​ច្រើន​លើស​ប្រមាណ” ។​ ព្រះ​សាស្តា​ត្រាស់​សួរ​ថា​ “ម្នាល​ភិក្ខុ​ បានឮ​ថា​ អ្នក​មាន​បរិក្ខារ​ច្រើន​ ពិត​មែន​ឬ?”​ ភិក្ខុ​នោះ​ក្រាប​ទូល​ថា​ “បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ពិត​មែន”​ ព្រះ​អង្គ​ត្រាស់​សួរ​ទៀត​ថា​ “ម្នាល​ភិក្ខុ​ តថាគត​សម្តែង​ធម៌​ដើម្បី​ប្រយោជន៍​ដល់​សេចក្តី​ប្រាថ្នា​តិច​ តើ​ហេតុ​អ្វី​ អ្នក​បែរ​ជា​អ្នក​មាន​ភណ្ឌៈ​ច្រើន​ទៅ​វិញ?”​ ។

  ភិក្ខុ​នោះ​ក្រោធ​ខឹង​ហើយ​ ដោយ​ត្រឹម​តែ​ហេតុ​ប៉ុណ្ណេះ​ គិត​ថា​ “ឥឡូវ​នេះ​ អញ​នឹង​ត្រាច់​ទៅ​ដោយ​ទំនង​នេះ”​ ដូច្នេះ​ហើយ​ ដោះ​សំពត់​ដណ្តប់​មាន​ចីវរ​តែ​មួយ​ផ្ទាំង​ បាន​ឈរ​នៅ​កណ្ដាល​​បរិស័ទ​ ។​

ព្រះ​សាស្ដា​ធ្វើ​ឱ្យ​លោក​មាន​ហិរិ​ និង​ឱត្តប្ប

  លំដាប់​នោះ​ ព្រះ​សាស្ដា​កាល​នឹង​ទ្រង់​ជំរុញ​ភិក្ខុ​រូប​នោះ​ ទើប​ត្រាស់​ថា​ “ម្នាល​ភិក្ខុ​ ក្នុង​កាល​មុន​ អ្នក​ឯង​ស្វែង​រក​ហិរិ​ និង​ឱត្តប្ប​ សូម្បី​ក្នុង​កាល​ជា​អារក្ស​ទឹក​ កាល​ស្វែង​រក​ហិរិឱត្តប្ប​អស់​ ១២​ ឆ្នាំ​ មិន​មែន​ឬ?​ ( ប៉ុន្តែ )​ ឥឡូវ​នេះ​ អ្នក​បួស​ក្នុង​ព្រះពុទ្ធសាសនា​ជា​ទី​គោរព​យ៉ាង​នេះ​ហើយ​ ដោះ​សំពត់​ដណ្ដប់​ លះ​បង់​ហិរិ​ និង​ឱត្តប្ប​ ឈរ​នៅ​កណ្ដាល​បរិស័ទ​ ៤​ តើ​ព្រោះ​មូលហេតុ​អ្វី?” ។

  ភិក្ខុ​នោះ​ស្ដាប់​ព្រះ​តម្រាស់​របស់​ព្រះ​សាស្ដា​ហើយ​ ត្រឡប់​ជា​មាន​ហិរិ​ និង​ឱត្តប្ប​តាំង​ឡើង​ ដណ្ដប់​ចីវរ​នោះ​ ថ្វាយ​បង្គំ​ព្រះ​សាស្ដា​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ ។

  ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​អារាធនា​ព្រះ​មាន​ព្រះ​ភាគ​ ដើម្បី​ឱ្យ​ទ្រង់​ប្រកាស​សេចក្ដី​នោះ ។​ ពេល​នេះ​ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​នាំ​អតីតនិទាន​មក​ត្រាស់​សម្ដែង៖

បុព្វកម្មរបស់​ភិក្ខុ​នោះ

  បាន​ឮ​ថា​ ក្នុង​អតីតកាល​ ព្រះ​ពោធិសត្វ​ចាប់​បដិសន្ធិ​ក្នុង​ព្រះ​គភ៌​របស់​ព្រះ​អគ្គមហេសី​របស់​ព្រះ​បាទ​ពារាណសី ។​ ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​នាម​របស់​ព្រះ​ពោធិសត្វ​នោះ​ ជន​ទាំង​ឡាយ​ថ្វាយ​ព្រះ​នាម​របស់​ព្រះ​អង្គ​ថា​ “មហិសសាសកុមារ” ។ ព្រះ​កនិដ្ឋភាតា​របស់​ព្រះ​អង្គ​ មាន​ព្រះ​នាម​ថា​ ចន្ទកុមារ ។​ កាល​ព្រះ​ជននី​របស់​ព្រះ​រាជកុមារ​ទាំង​ពីរ​អង្គ​នោះ​ អស់​ព្រះ​ជន្ម​ហើយ​ ព្រះ​រាជា​ក៏​ទ្រង់​តែង​តាំង​ស្ត្រី​ដទៃ​ទុក​ក្នុង​តំណែង​ជា​អគ្គមហេសី ។

  ព្រះ​នាង​នោះ​ប្រសូត​ព្រះ​រាជឱរស​ ( មួយ​អង្គ ) ។​ ជន​ទាំង​ឡាយ​ថ្វាយ​ព្រះ​នាម​របស់​ព្រះ​ឱរស​នោះ​ថា “សុរិយកុមារ”​ ព្រះ​រាជា​ទត​ឃើញ​សុរិយកុមារ​នោះ​ហើយ​ ក៏​ទ្រង់​សព្វ​ព្រះ​ទ័យ​ ត្រាស់​ ( ព្រះ​រាជទាន​ពរ )​ ថា​ “យើង​ឱ្យ​ពរ​ដល់​បុត្រ​របស់​នាង” ។​ ចំណែក​ព្រះ​ទេវី​នោះ​ក្រាប​ទូល​ថា​ “ខ្ញុំ​ព្រះ​អង្គ​នឹង​ទទួល​យក​ ក្នុង​វេលា​ដែល​ត្រូវ​ការ”​ ដូច្នេះ​ហើយ​ ក្នុង​កាល​ដែល​ព្រះ​រាជឱរស​ចម្រើន​វ័យ​ហើយ​ ទើប​ក្រាប​ទូល​ព្រះ​រាជា​ថា​ “បពិត្រ​ព្រះ​សម្មតិទេព​ ព្រះ​អង្គ​បាន​ព្រះ​រាជទាន​ពរ​ទុក​ហើយ​ ក្នុង​ពេល​ដែល​បុត្រ​របស់​ខ្ញុំ​ព្រះ​អង្គ​ប្រសូត​ សូម​ព្រះ​អង្គ​ប្រោស​ប្រទាន​រាជសម្បត្តិ​ដល់​បុត្រ​របស់​ទូល​បង្គំ​ជា​ខ្ញុំ” ។

ព្រះពោធិសត្វ​ចូល​ទៅ​ព្រៃ

  ព្រះ​រាជា​សូម្បី​ហាម​ឃាត់​ថា​ “បុត្រ​ទាំង​ពីរ​អង្គ​របស់​យើង​ កំពុង​រុង​រឿង​ដូច​គំនរ​ភ្លើង​ ត្រាច់​ទៅ​ យើង​មិន​អាច​ឱ្យ​រាជសម្បត្តិ​ដល់​សុរិយកុមារ​នោះ​បាន​” ( ប៉ុន្តែ )​ ទ្រង់​ឃើញ​ព្រះ​នាង​ទទូច​អង្វរ​រឿយៗ​ ទើប​ទ្រង់​ព្រះ​តម្រិះ​ថា​ “នាង​នេះ​នឹង​គប្បី​ធ្វើ​សេចក្តី​វិនាស​ដល់​បុត្រ​របស់​យើង”​ ដូច្នេះ​ហើយ​ ទើប​ទ្រង់​ឱ្យ​គេ​ហៅ​ព្រះ​រាជឱរស​ទាំង​ពីរ​អង្គ​មក​ ហើយ​ត្រាស់​ថា​ “បា​ទាំង​ពីរ​ បិតា​បាន​ឱ្យ​ពរ​ក្នុង​ពេល​ដែល​សុរិយកុមារ​ប្រសូត​ ឥឡូវ​នេះ​ មាតា​របស់​យើង​ ទូល​សុំ​រាជសម្បត្តិ​ បិតា​មិន​ចង់​ឱ្យ​គេ​ឡើយ​ មាតា​របស់​គេ​ នឹង​គប្បី​ធ្វើ​សូម្បី​សេចក្តី​វិនាស​ដល់​បា​ទាំង​ពីរ​ បា​ចូរ​ទៅ​នៅ​ក្នុង​ព្រៃ​ហើយ​​ ចាំ​ត្រឡប់​មក​ទទួល​រាជសម្បត្តិ​ពេល​អស់​ពី​បិតា​ទៅ”​ ដូច្នេះ​ហើយ​ ទើប​បញ្ជូន​ទៅ ។

  សុរិយកុមារ​លេង​នៅ​ត្រង់​ព្រះ​លាន​ហ្លួង​ ឃើញ​ព្រះរាជកុមារ​ទាំង​ពីរ​នោះ​ ថ្វាយ​បង្គំ​ព្រះ​រាជបិតា​ហើយ​ចុះ​អំពី​ប្រាសាទ​ ដឹង​ហេតុ​នោះ​ហើយ​ទើប​ចេញ​ទៅ​ជាមួយ​នឹង​ព្រះ​រាជកុមារ​ទាំង​នោះ​ដែរ ។

ព្រះ​រាជកុមារ​ទាំង​ពីរ​អង្គ​ត្រូវ​អារក្ស​ទឺក​ចាប់

  ក្នុង​កាល​ដែល​ព្រះ​រាជកុមារ​ទាំង​នោះ​ ចូល​ទៅ​កាន់​ហិមវន្តប្បទេស​ ព្រះ​ពោធិសត្វ​ស្ដេច​យាង​ចេញ​ពី​ផ្លូវ​ អង្គុយ​នៅ​ក្បែរ​គល់​ឈើ​មួយ​ហើយ​ត្រាស់​នឹង​សុរិយកុមារ​ថា​ “នែ​បា​ ចូរ​ឯង​ទៅ​កាន់​ស្រះ​នុ៎ះ​ ងូត​ទឹក​ និង​ផឹក​ទឹក​ហើយ​ ចូរ​យក​ស្លឹក​ឈូក​ដួស​ទឹក​នាំ​មក​ដើម្បី​យើង​ទាំង​ពីរ​ខ្លះ” ។​ ក៏​ស្រះ​នោះ​ ជា​ស្រះ​ដែល​អារក្ស​ទឹក​ម្នាក់​បាន​មក​អំពី​សម្នាក់​នៃ​ស្ដេច​វេស្សវ័ណ ។​ ស្ដេច​វេស្សវ័ណ​បញ្ជា​អារក្ស​ទឹក​នោះ​ថា​ “វៀរ​លែង​តែ​អ្នក​ដែល​ចេះ​ទេវធម៌​ប៉ុណ្ណោះ​ អ្នក​ដទៃ​ទាំង​អស់​ចុះ​កាន់​ស្រះ​នេះ​ ឯង​អាច​ចាប់​អ្នក​ទាំង​នោះ​ស៊ី​បាន” ។​ តាំង​ពី​ពេល​នោះ​មក​ អារក្ស​ទឹក​នោះ​សួរ​ទេវធម៌​នឹង​មនុស្ស​ដែល​ចុះ​កាន់​ស្រះ​នោះ​ហើយ​ស៊ី​មនុស្ស​ដែល​មិន​ចេះ​ទេវធម៌។

  ចំណែក​សុរិយកុមារ​ មិន​ទាន់​បាន​ពិចារណា​អំពី​ស្រះ​នោះ​ ទើប​ចុះ​ទៅ ។​ ត្រូវ​អារក្ស​ទឹក​នោះ​ សួរ​ថា​ “អ្នក​ឯង​ចេះ​ទេវធម៌​ដែរ​ឬ​ទេ?”​ ក៏​ឆ្លើយ​ថា​ “ព្រះចន្ទ​ និង​ព្រះអាទិត្យ​ ឈ្មោះ​ថា​ ទេវធម៌” ។​ លំដាប់​នោះ​ អារក្ស​ទឹក​ពោល​នឹង​សុរិយកុមារ​នោះ​ថា​ “អ្នក​មិន​ចេះ​ទេវធម៌​ទេ” ។​ ហើយ​ក៏​ទាញ​ចុះ​ក្នុង​ទឹក​នាំ​ទៅ​ក្នុង​ភព​របស់​ខ្លួន ។

  ចំណែក​ព្រះ​ពោធិសត្វ​ បាត់​សុរិយកុមារ​នោះ​យូរ​ពេក​ ទើប​បញ្ជូន​ចន្ទកុមារ​ទៅ​ទៀត​ សូម្បី​ចន្ទកុមារ​នោះ​ ត្រូវ​អារក្ស​ទឹក​នោះ​សួរ​ថា​​”អ្នក​ឯង​ចេះ​ទេវធម៌​ដែរ​ឬ​ទេ?”​ ក៏​ឆ្លើយ​ថា​ “ទិស​ទាំង​ ៤​ ឈ្មោះ​ថា​ ទេវធម៌” ។​ អារក្ស​ទឹក​ក៏​ទាញ​ចន្ទកុមារ​នោះ​ចូល​ទឹក​នាំ​ទៅ​កាន់​ភព​របស់​ខ្លួន​ដូច​គ្នា ។

ព្រះពោធិសត្វ​សម្តែង​ទេវធម៌​ដល់​អារក្ស​ទឹក

  ព្រះ​ពោធិសត្វ​សូម្បី​កាល​ចន្ទកុមារ​នោះ​បាត់​យូរ​ពេក​ ទើប​គិត​ថា​ “អន្តរាយ​នឹង​គប្បី​កើត​មាន”​ ដូច្នេះ​ហើយ​ ទើប​យាង​ទៅ​ដោយ​ខ្លួន​ឯង​ ឃើញ​ស្នាម​ ( ជើង )​ ចុះ​នៃ​រាជកុមារ​ទាំង​ពីរ​អង្គ​ហើយ​ ក៏​ដឹង​ថា​ “ស្រះ​នេះ​មាន​អារក្ស​ហួង​ហែង​រក្សា”​ ទើប​កាន់​ព្រះ​ខ័ន​ កាន់​ធ្នូ​បាន​ឈរ​នៅ​ហើយ ។​ អារក្ស​ទឹក​ឃើញ​ព្រះ​ពោធិសត្វ​នោះ​មិន​ចុះ​ ( កាន់​ស្រះ )​ ទើប​ប្លែង​ភេទ​ជា​បុរស​ធ្វើ​ការ​ក្នុង​ព្រៃ​ មក​ពោល​ប្រាស្រ័យ​ថា​ “នែ​បុរស​ដ៏​ចម្រើន​ អ្នក​ធ្វើ​ដំណើរ​មក​អស់​កម្លាំង​ ហេតុ​អ្វី​ ទើប​មិន​ចុះ​កាន់​ស្រះ​នេះ​ ងូត​ទឹក​ ផឹក​ទឹក​ ទំពា​ស៊ី​ក្រអៅ​ឈូក​ ប្រដាប់​ផ្កា​ឈូក​ហើយ​ ទើប​ទៅ?” ។

  ព្រះ​ពោធិសត្វ​ពេល​ឃើញ​បុរស​នោះ​ភ្លាម​ក៏​ដឹង​ថា​ “បុរស​នេះ​ជា​យក្ស”​ ទើប​ពោល​ថា​ “អ្នក​ចាប់​ប្អូន​ប្រុស​ទាំង​ពីរ​របស់​ខ្ញុំ​មែន​ទេ?”

  អារក្សទឹក៖​ អើ​ ខ្ញុំ​ចាប់​មែន ។

  ព្រះពោធិសត្វ​៖​ ចាប់​ធ្វើ​អ្វី?

  អារក្ស​ទឹក៖​ ខ្ញុំ​អាច​ស៊ី​មនុស្ស​ដែល​ចុះ​មក​កាន់​ស្រះ​នេះ ។

  ព្រះ​ពោធិសត្វ​៖​ អ្នក​អាច​ស៊ី​មនុស្ស​គ្រប់​គ្នា​បាន​ឬ?

  អារក្សទឺក៖​ វៀរ​លែង​តែ​អ្នក​ដែល​ចេះ​ទេវធម៌​ មនុស្ស​ក្រៅ​ពី​នេះ​ ខ្ញុំ​អាច​ស៊ី​ទាំង​អស់ ។

  ព្រះពោធិសត្វ​៖​ អ្នក​មាន​សេចក្តី​ត្រូវ​ការ​ដោយ​ទេវធម៌​ឬ?

  អារក្ស​ទឹក៖​ ខ្ញុំ​មាន​សេចក្តី​ត្រូវ​ការ ។

  ព្រះពោធិសត្វ៖​ ខ្ញុំ​នឹង​សម្ដែង​ឱ្យ​អ្នក​ស្ដាប់ ។

  អារក្ស​ទឹក៖​ បើ​ដូច្នោះ​ អ្នក​ចូរ​សម្ដែង​មក​ចុះ ។

  ព្រះពោធិសត្វ​៖​ ខ្ញុំ​មាន​ខ្លួន​ប្រាណ​ស្មោក​គ្រោក​ មិន​អាច​សម្ដែង​បាន​ទេ ។

  យក្ស​បាន​ឱ្យ​ព្រះ​ពោធិសត្វ​ងូត​ទឹក​ ឱ្យ​ផឹក​ទឹក​ដែល​គួរ​ផឹក​ តុប​តែង​ហើយ​ អារាធនា​ឱ្យ​ឡើង​កាន់​បល្ល័ង្ក​ ក្នុង​កណ្ដាល​មណ្ឌប​ដែល​តាក់​តែង​ទុក​ ខ្លួន​ឯង​ក្រាប​ទៀប​បាទមូល​របស់​ព្រះ​ពោធិសត្វ​នោះ ។

  លំដាប់​នោះ​ ព្រះ​ពោធិសត្វ​ពោល​នឹង​យក្ស​នោះ​ថា​ “អ្នក​ចូរ​តាំង​ចិត្ត​ស្ដាប់​ដោយ​គោរព”​ ដូច្នេះ​ហើយ​ ទើប​ត្រាស់​ព្រះ​គាថា​នេះ​ថា​

   ហិរិឱត្តប្បសម្បន្នា​                      សុក្កធម្មសមាហិតា

   សន្តោ​  សប្បុរិសា​  លោកេ​       ទេវធម្មាតិ​  វុច្ចរេ ។

  ពួក​សប្បុរស​ជា​អ្នក​មាន​ចិត្ត​ស្ងប់​រម្ងាប់​ បរិបូណ៌​ដោយ​ហិរិ​ និង​ឱត្តប្បៈ​ តាំង​មាំ​ហើយ​ក្នុង​អាមិស​ លោក​ពោល​ថា​ មាន​ទេវធម៌​ ក្នុង​លោក ។

  យក្ស​ស្តាប់​ធម៌ទេសនា​នេះ​ហើយ​ជ្រះ​ថ្លា​ ពោល​នឹង​ព្រះពោធិសត្វ​ថា​ “នែ​បណ្ឌិត​ ខ្ញុំ​មាន​សេចក្តី​ជ្រះ​ថ្លា​ចំពោះ​លោក​ហើយ​ នឹង​ឱ្យ​ប្អូន​ប្រុស​ម្នាក់​ លោក​នឹង​ជន​ណា​មក?” ។

  ព្រះពោធិសត្វ៖​ ចូរ​នាំ​ប្អូន​ប្រុស​ពៅ​មក ។

  អារក្ស​ទឹក៖​ នែ​បណ្ឌិត​ លោក​ចេះ​ទេវធម៌​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ តែ​លោក​មិន​ប្រព្រឹត្ត​ក្នុង​ទេវធម៌​ទាំង​នោះ ។

  ព្រះពោធិសត្វ​៖​ ព្រោះ​ហេតុ​អ្វី?

  អារក្ស​ទឹក​៖​ ព្រោះ​លោក​ឱ្យ​ប្អូន​ប្រុស​ពៅ​មក​ វៀរ​រៀម​ច្បង​ចេញ​ រមែង​មិន​ឈ្មោះ​ថា​ ជេដ្ឋាបចាយិកកម្ម​ ( ការ​គោរព​ឱន​លំទោន​ចំពោះ​រៀម​ច្បង ) ។

  ព្រះ​ពោធិសត្វ​ត្រាស់​ថា​ “ម្នាល​យក្ស​ យើង​ចេះ​ទេវធម៌​ ទាំង​ប្រព្រឹត្ត​ក្នុង​ទេវធម៌​នោះ​ ព្រោះ​យើង​អាស្រ័យ​ប្អន​ប្រុស​ពៅ​នោះ​ ពួក​យើង​ទើប​ត្រូវ​ចូល​ព្រៃ​នេះ​ ព្រោះ​មាតា​របស់​ប្អូន​ប្រុស​យើង​នោះ​ ទូល​សុំ​រាជសម្បត្តិ​នឹង​ព្រះរាជបិតា​របស់​យើង​ទាំង​ពីរ​ ដើម្បី​ប្រយោជន៍​ប្អូន​ប្រុស​នោះ​ ព្រះ​បិតា​របស់​យើង​មិន​ប្រទាន​ពរ​នោះ​ ទ្រង់​អនុញ្ញាត​ការ​នៅ​ក្នុង​ព្រៃ​ ដើម្បី​ប្រយោជន៍​ដល់​ការ​រក្សា​យើង​ទាំង​ពីរ កុមារ​នោះ​មិន​ត្រឡប់​មក​ជាមួយ​នឹង​ពួក​យើង​ សូម្បី​កាល​យើង​នឹង​ពោល​ថា​ យក្ស​ក្នុង​ព្រៃ​ស៊ី​ប្អូន​ប្រុស​ពៅ​នោះ​ ដូច្នេះ​ តើ​មាន​នរណា​នឹង​ជឿ​ពាក្យ​យើង ព្រោះ​ហេតុ​នោះ​ យើង​ខ្លាច​ចំពោះ​ភ័យ​គឺ​ពាក្យ​និន្ទា​ ទើប​ឱ្យ​នាំ​ប្អូន​ប្រុស​ពៅ​នោះ​មក” ។

  យក្ស​ជ្រះ​ថ្លា​ចំពោះ​ព្រះពោធិសត្វ​ សរសើរ​ថា​ “សាធុ​ បណ្ឌិត​ លោក​ចេះ​ទាំង​ទេវធម៌​ ទាំង​ប្រព្រឹត្ត​ក្នុង​ទេវធម៌”​ ដូច្នេះ​ហើយ​ ទើប​បាន​នាំ​យក​ប្អូ​ន​ប្រុស​ទាំង​ពីរ​នាក់​មក​ឱ្យ ។

  លំដាប់​នោះ​ ព្រះពោធិសត្វ​ត្រាស់​ពណ៌នា​ទោស​ក្នុង​ភាព​ជា​យក្ស​ហើយ​ ឱ្យ​យក្ស​នោះ​តាំង​នៅ​ក្នុង​សីល​ ៥ ។​ ព្រះពោធិសត្វ​នោះ​ ជា​អ្នក​មាន​សេចក្ដី​រក្សា​ដែល​យក្ស​នោះ​ចាត់​ចែង​ដោយ​ល្អ​ហើយ​ នៅ​ក្នុង​ព្រៃ​នោះ ។​ កាល​ព្រះ​រាជបិតា​សុគត​ហើយ​ នាំ​យក្ស​ទៅ​កាន់​ក្រុង​ពារាណសី​ គ្រប់​គ្រង​រាជសម្បត្តិ​ហើយ​ ប្រទាន​​តំណែង​ឧបរាជ​ដល់​ចន្ទកុមារ​ ប្រទាន​តំណែង​សេនាបតី​ដល់​សុរិយកុមារ​ ឱ្យ​គេ​សាង​សង់​លំនៅ​ក្នុង​រមណីយដ្ឋាន​ដល់​យក្ស ។​ ហើយ​ទ្រង់​បាន​ធ្វើ​ដោយ​ប្រការ​ដែល​យក្ស​នោះ​នឹង​ដល់​នូវ​ភាព​ជា​អ្នក​ប្រសើរ​ដោយ​លាភ ។

ព្រះ​សាស្តា​ទ្រង់​ប្រជុំ​ជាតក

  ព្រះ​សាស្ដា​គ្រា​ទ្រង់​នាំ​ព្រះធម៌ទេសនា​នេះមក​ហើយ​ ទ្រង់​ប្រជុំ​ជាតក​ថា​ “អារក្ស​ទឹក​នោះ​ ក្នុង​កាល​ណោះ​ បាន​ជា​ភិក្ខុ​អ្នក​មាន​ភណ្ឌៈ​ច្រើន​ សុរិយកុមារ​ ជា​ព្រះអានន្ទ​ ចន្ទកុមារ​ ជា​ព្រះ​សារីបុត្ត​ មហិសសាសកុមារ​ បាន​មក​ជា​តថាគត​នេះ​ឯង” ។

  ព្រះ​សាស្ដា​គ្រា​ទ្រង់​សម្ដែង​ជាតក​យ៉ាង​នេះ​ហើយ​ ទើប​ត្រាស់​ថា​ “ម្នាល​ភិក្ខុ​ ក្នុង​កាល​មុន​ អ្នក​ស្វែង​ទេវធម៌​ ដល់​ព្រម​ដោយ​ហិរិ​ និង​ឱត្តប្ប​ត្រាច់​ទៅ​យ៉ាង​នោះ​ ឥឡូវ​នេះ​ អ្នក​កាល​ឈរ​ដោយ​ទំនង​នេះ​ ក្នុង​កណ្ដាល​បរិស័ទ​ ៤​ ពោល​នៅ​ចំពោះ​មុខ​តថាគត​ថា​ ខ្ញុំ​ករុណា​មាន​សេចក្តី​ប្រាថ្នា​តិច​ ដូច្នេះ​ ឈ្មោះ​ថា​ បាន​ធ្វើ​កម្ម​ដែល​មិន​សម​គួរ​ហើយ​ ព្រោះ​ថា​ បុគ្គល​នឹង​ឈ្មោះ​ថា​ ជា​សមណៈ​ ដោយ​ហេតុ​ត្រឹម​តែ​ថា​ហាម​សំពត់​សាដក​ជា​ដើម​បាន​ទេ”​ ដូច្នេះ​ហើយ​ កាល​នឹង​ទ្រង់​បន្ត​អនុសន្ធិ​សម្ដែង​ធម៌​ ទើប​ត្រាស់​ព្រះ​គាថា​នេះ​ថា៖

   ន​  នគ្គចរិយា​  ន​  ជដា​  ន​  បង្កា

   នានាសកា​  តណ្ឌិលសាយិកា​  វា

   រជោជល្លំ​  ឧក្កុដិកប្បធានំ

   សោធេន្តិ​  មច្ចំ​  អវិតិណ្ណកង្ខំ ។

  ការ​ប្រព្រឹត្ត​អាក្រាត​កាយ​ ទុក​សក់​ ដេក​លើ​ភក់​ មិន​បរិភោគ​បាយ​ ដេក​លើ​ផែន​ដី​ ប្រឡាក់​ខ្លួន​ដោយ​ធូលី​ ព្យាយាម​អង្គុយ​ច្រហោង​ មិន​ជម្រះ​សត្វ​ដែល​មិន​ទាន់​ឆ្លង​ ផុត​សេចក្ដី​សង្ស័យ​បាន​ទេ ។

អធិប្បាយ​ព្រះ​គាថា

  បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ នានាសកា​ កាត់​បទ​ថា​ ន​ អនាសកា​ មាន​សេចក្ដី​ថា​ ការ​ហាម​ភត្ត ។​ ការ​ដេក​លើ​ផែន​ដី​ ឈ្មោះ​ថា​ តណ្ឌិលសាយិកា​ ធូលី​ដែល​ប្រឡាក់​ជាប់​ក្នុង​សរីរៈ​ ដោយ​អាការ​បូក​លាប​ដោយ​ភក់​ ឈ្មោះ​ថា​ រជោជល្លំ,​ សេចក្ដី​ព្យាយាម​ដែល​ប្រារព្ធ​ហើយ​ ដោយ​ការ​អង្គុយ​ច្រហោង​ ឈ្មោះ​ថា​ ឧក្កុដិកប្បធានំ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​អធិប្បាយ​ពាក្យ​នេះ​ថា​ “សត្វ​ណា​យល់​ថា​ អញ​នឹង​ដល់​នូវ​សេចក្តី​បរិសុទ្ធ​ ពោល​គឺ​ការ​ចេញ​ចាក​លោក​ ដោយ​ការ​បដិបត្តិ​យ៉ាងនេះ​”​ ដូច្នេះ​ហើយ​ គប្បី​សមាទាន​ប្រព្រឹត្ត​វត្ត​យ៉ាង​ណា​នី​មួយ​ មាន​ការ​ប្រព្រឹត្ត​ជា​អ្នក​អាក្រាត​កាយ​ជា​ដើម​ទាំង​នេះ សត្វ​នោះ​ គប្បី​ឈ្មោះ​ថា​ ចម្រើន​សេចក្តី​យល់​ឃើញ​ខុស​ និង​គប្បី​ជា​អ្នក​មាន​ចំណែក​នៃ​សេចក្ដី​លំបាក​ដោយ​ចំណែក​មួយ ។​ ព្រោះ​ថា​ វត្ត​ទាំង​នោះ​ ដែល​សត្វ​សមាទាន​ល្អ​ហើយ​ រមែង​ញ៉ាំង​សត្វ​ដែល​ឈ្មោះ​ថា​ អ្នក​នៅ​មិន​ទាន់​ឆ្លង​ផុត​សេចក្តី​សង្ស័យ​ដែល​មានវត្ថុ​ ៨​ ដែល​ខ្លួន​មិន​ទាន់​ឆ្លង​ផុត​ឱ្យ​បរិសុទ្ធ​បាន​ទេ” ។

  ក្នុង​កាល​ចប់​ព្រះ​ធម៌​ទេសនា​ ជន​ជា​ច្រើន​សម្រេច​អរិយផល​ទាំង​ឡាយ​មាន​សោតាបត្តិផល​ជា​ដើម​ ដូច្នេះ​ឯង ។

អានបន្ត...
0 មតិ

ទេវធម្មជាតក

( បុគ្គល​ដែល​ប្រកប​ដោយ​ហិរិ​ និង​ឱត្តប្បៈ​ ឈ្មោះ​ថា​ ជា​អ្នក​មាន​ទេវធម៌​ក្នុង​លោក )

  ព្រះ​បរមសាស្តា​ កាល​ប្រថាប់​នៅ​ក្នុង​វត្ត​ជេតពន​ ទ្រង់​ប្រារព្ធ​ភិក្ខុ​អ្នក​មាន​ភណ្ឌៈ​ច្រើន​ ទើប​ត្រាស់​ព្រះ​ធម៌ទេសនា​នេះ​ មាន​ពាក្យ​ផ្តើម​ថា​ ហិរិឱត្តប្បសម្បន្នា​ ដូច្នេះ ។

រឿង​រ៉ាវ​ក្នុង​បច្ចុប្បន្ន

  បាន​ឮ​ថា​ កុដុម្ពិក៍​ក្នុង​ក្រុង​សាវត្ថី​ម្នាក់​ កាល​ភរិយា​របស់​ខ្លួន​ធ្វើ​មរណកាល​ហើយ​ ក៏​បាន​ចូល​បួស​ កុដុម្ពិក៍​នោះ​កាល​បួស​ហើយ​ បាន​ឲ្យ​គេ​ធ្វើ​បរិវេណ​ រោង​ភ្លើង​ និង​បន្ទប់​ដាក់​សម្ភារៈ​ ធ្វើ​បន្ទប់​ដាក់​សម្ភារៈ​ឲ្យ​ពេញ​ដោយ​ទឹក​ដោះ​ថ្លា​ និង​អង្ករ​ជា​ដើម​ សម្រាប់​ខ្លួន​ហើយ​ទើប​បួស​ កាល​បួស​ហើយ​ ឱ្យ​គេ​ហៅ​អ្នក​បម្រើ​របស់​ខ្លួន​មក​ ចម្អិន​អាហារ​តាម​ចំណង់​ ហើយ​ទើប​បរិភោគ​ ថែម​ទាំង​ជា​អ្នក​បរិក្ខារ​ច្រើន​ ក្នុង​វេលា​យប់​ មាន​សំពត់​ស្លៀក​ និង​សំពត់​ដណ្តប់​មួយ​សម្រាប់​ វេលា​ថ្ងៃ​ មាន​មួយ​សម្រាប់​ទៀត​ ស្នាក់​នៅ​ខាង​ចុង​បំផុត​នៃ​វិហារ ។​ ថ្ងៃ​មួយ​ កាល​ភិក្ខុ​នោះ​នាំ​ចីវរ​ និង​កម្រាល​ជា​ដើម​ យក​មក​ហាល​ក្នុង​បរិវេណ​ ភិក្ខុ​អ្នក​នៅ​ក្នុង​ជនបទ​ជា​ច្រើន​រូប​ ត្រាច់​ចារិក​តាម​សេនាសនៈ​រហូត​ទៅ​ដល់​បរិវេណ​ ឃើញ​ចីវរ​ជា​ដើម​ ទើប​សួរ​ថា​ ចីវរ​ជា​ដើម​ទាំង​នោះ​ ជា​របស់​អង្គ​ណា?​ ភិក្ខុ​នោះ​ពោល​ថា​ អ្នក​មាន​អាយុ​ របស់​ខ្ញុំ​ករុណា​ ។​ ភិក្ខុ​ទាំង​នោះ​ សួរ​ថា​ ចីវរ​ក្តី​ ស្បង់​នេះ​ក្តី​ កម្រាល​ក្តី​ ទាំង​អស់​នេះ​ជារបស់​លោក​មួយ​អង្គ​ឯង​ប៉ុណ្ណោះ​ឬ?​ ភិក្ខុ​នោះ​ឆ្លើយ​ថា​ ពិត​មែន​ហើយ​ លោក​ម្ចាស់​ វា​ជា​របស់​ខ្ញុំ​ករុណា​មួយ​អង្គ​ឯង​ប៉ុណ្ណោះ ។​ ភិក្ខុ​ទាំង​ឡាយ​ពោល​ថា​ លោក​ដ៏​មាន​អាយុ​ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​អនុញ្ញាត​ត្រៃចីវរ​មិន​មែន​ទេ​ឬ​ លោក​បួស​ក្នុង​សាសនា​របស់​ព្រះ​ពុទ្ធ​ទ្រង់​ប្រាថ្នា​តិច​យ៉ាង​នេះ​ លោក​បែរ​ជា​អ្នក​មាន​បរិវារ​ច្រើន​យ៉ាង​នេះ​ មក​ ពួក​យើង​នាំ​លោក​ទៅ​កាន់​សម្នាក់​របស់​ព្រះ​ទសពល​ ហើយ​បាន​នាំ​ភិក្ខុ​នោះ​ទៅ​កាន់​សម្នាក់​របស់​ព្រះ​សាស្តា​ ពេល​ទត​ឃើញ​ភិក្ខុ​នោះ​ប៉ុណ្ណោះ​ទើប​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អ្នក​ទាំង​ឡាយ​នាំ​ភិក្ខុ​អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​នោះ​មក​ហើយ​ឬ?​ ភិក្ខុ​ទាំង​ឡាយ​ក្រាប​ទូល​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ភិក្ខុ​នេះ​មាន​ភណ្ឌៈ​ច្រើន​ មាន​បរិក្ខារ​ច្រើន​ ព្រះ​អង្គ​ ។​ ព្រះ​សាស្តា​ត្រាស់​សួរ​ថា​ ម្នាល​ភិក្ខុ​ បាន​ឮ​ថា​ អ្នក​មាន​ភណ្ឌៈ​ច្រើន​ពិត​មែន​ឬ?​ ភិក្ខុ​នោះ​ក្រាប​ទូល​ថា​​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ពិត​មែន ។​ ព្រះ​សាស្តា​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ តើ​ព្រោះ​ហេតុ​អ្វី​ អ្នក​ទើប​ជា​អ្នក​មាន​ភណ្ឌៈ​ច្រើន​ តថាគត​ពោល​សរសើរ​គុណ​នៃ​សេចក្តី​ប្រាថ្នា​តិច​ សេចក្តី​សន្ដោស​ សេចក្តី​ស្ងប់​ស្ងាត់​ និង​ការ​ប្រារព្ធ​នូវ​សេចក្តី​ព្យាយាម​ មិន​មែន​ឬ?​ ភិក្ខុ​នោះ​ បាន​ស្តាប់​ព្រះ​តម្រាស់​របស់​ព្រះ​សាស្តា​ហើយ​ក៏​ក្រោធ​ខឹង​ថា​ ឥឡុវ​នេះ​ អញ​នឹង​ត្រាច់​ទៅ​ដោយ​ទំនង​នេះ​ ទើប​ចោល​សំពត់​ដណ្តប់​ មាន​ចីវរ​តែ​មួយ​ផ្ទាំង​ ឈរ​នៅ​កណ្តាល​បរិស័ទ ។​ លំដាប់​នោះ​ ព្រះ​សាស្តា​កាល​ទ្រង់​ដាស់​តឿន​ភិក្ខុ​នោះ​ទើប​ត្រាស់​ថា​ ម្នាល​ភិក្ខុ​ ក្នុង​កាល​មុន​ គឺ​ក្នុង​កាល​ដែល​អ្នក​កើត​ជា​អារក្ស​ទឹក​បាន​ស្វែង​រក​ហិរិ​ ឱត្តប្បៈ​ អ្នក​​កាល​ស្វែង​រក​ហិរិ​ ឱត្តប្បៈ​ អស់​ ១២​ ឆ្នាំ​ កាល​បើ​ដូច្នោះ​ ព្រោះ​ហេតុ​អ្វី​ ក្នុង​កាល​ឥឡូវ​នេះ​ អ្នក​បួស​ក្នុង​ព្រះពុទ្ធសាសនា​ដ៏​ជា​ទី​គោរព​ឲ្យ​ត្រឡាំង​ បែរ​ជា​ចោល​សំពត់​ដណ្តប់​ក្នុង​កណ្ដាល​បរិស័ទ​ លះ​បង់​ហិរិ​ ឱត្តប្បៈ​ឈរ​នៅ​សោត?​ ភិក្ខុ​នោះ​បាន​ស្តាប់​ព្រះ​តម្រាស់​របស់​ព្រះ​សាស្តា​ បាន​ញ៉ាំង​ហិរិ​ ឱត្តប្បៈ​ឲ្យ​ត្រឡប់​តាំង​ឡើង​ ។​ ទើប​ដណ្តប់​ចីវរ​នោះ​ហើយ​ថ្វាយ​បង្គំ​ព្រះ​សាស្តា​ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ ភិក្ខុ​ទាំង​ឡាយ​ទូល​អារាធនា​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ឲ្យ​ទ្រង់​ធ្វើ​រឿង​នោះ​ឲ្យ​ជាក់​ច្បាស់ ។​ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​បាន​ធ្វើ​ហេតុ​ដែល​ចន្លោះ​នៃ​ភព​បិទ​បាំង​ទុក​ឲ្យ​ប្រាកដ​ ដូច​តទៅ​នេះ៖

អតីតនិទាន

  ក្នុង​អតីតកាល​ មាន​ព្រះ​រាជា​មួយ​អង្គ​ទ្រង់​ព្រះ​នាម​ថា​ ព្រហ្មទត្ត​ ក្នុង​នគរ​ពារាណសី​ ក្នុង​ដែន​កាសី ។​ ក្នុង​កាល​នោះ​ ព្រះ​ពោធិសត្វ​ចាប់​បដិសន្ធិ​ក្នុង​ព្រះ​គភ៌​របស់​ព្រះ​អគ្គមហេសី​នៃ​ព្រះ​បាទ​ព្រហ្មទត្ត​នោះ​ ។​ កាល​គម្រប់​ទសមាស​ ព្រះ​នាង​ប្រសូត​ព្រះ​ឱរស ។​ ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​នាម​ព្រះ​ឱរស​នោះ​ ពពួក​ញាតិ​បាន​ថ្វាយ​ព្រះ​នាម​ថា​ មហិសសាស​កុមារ​ ក្នុង​កាល​ដែល​ព្រះ​កុមារ​ទ្រង់​រត់​លេង​បាន​ ព្រះ​ឱរស​អង្គ​ដទៃ​ក៏​ប្រសូត​មក​ដែរ​ ពពួក​ញាតិ​ថ្វាយ​ព្រះ​នាម​ព្រះ​ឱរស​នោះ​ថា​ ចន្ទកុមារ ។​ ក្នុង​កាល​ដែល​ចន្ទកុមារ​នោះ​ទ្រង់​រត់​លេង​បាន​ ព្រះ​មាតា​របស់​ព្រះ​ពោធិសត្វ​ក៏​សោយ​ទិវង្គត​ ព្រះ​រាជា​ទ្រង់​តែង​តាំង​ស្នំ​ដទៃ​ទុក​ក្នុង​តំណែង​ព្រះ​អគ្គមហេសី ។​ ព្រះអគ្គមហេសី​បាន​ជា​ទី​ស្រឡាញ់​ ជា​ទី​ប្រោស​ប្រាណ​របស់​ព្រះ​រាជា ។​ ព្រះ​អគ្គមហេសី​នោះ​ទ្រង់​អាស្រ័យ​ការ​នៅ​រួម​គ្នា​ ក៏​ប្រសូត​ព្រះ​ឱរស​មួយ​អង្គ​ ។​ ពពួក​ញាតិ​ទាំង​ឡាយ​ បាន​ដាក់​ព្រះ​នាម​ថ្វាយ​ព្រះ​ឱរស​នោះ​ថា​ សុរិយកុមារ ។​ ព្រះរាជា​ទ្រង់​ទត​ឃើញ​ព្រះ​ឱរស​ហើយ​មាន​ព្រះ​ហឫទ័យ​ត្រេក​អរ​ ត្រាស់​ថា​ នែនាង​ដ៏​ចម្រើន​ យើង​ឲ្យ​ពរ​ដល់​បុត្រ​របស់​នាង ។​ ព្រះ​ទេវី​ទ្រង់​រក្សា​ទុក​ នឹង​ទទួល​យក​ក្នុង​វេលា​ដែល​ត្រូវ​ការ​ពរ​នុ៎ះ ។​ កាល​ព្រះ​ឱរស​ចម្រើន​វ័យ​ហើយ​ ព្រះ​នាង​ក្រាប​ទូល​ព្រះ​រាជា​ថា​ បពិត្រ​ព្រះសម្មតិទេព​ ក្នុង​កាល​ដែល​ព្រះ​ឱរស​របស់​ខ្ញុំ​ព្រះ​អង្គ​ប្រសូត​ ព្រះ​អង្គ​ទ្រង់​ប្រទាន​ពរ​ទុក​មិន​មែន​ឬ​ សូម​ព្រះ​អង្គ​ទ្រង់​ប្រទាន​រាជសម្បត្តិ​ដល់​ព្រះ​ឱរស​របស់​ខ្ញុំ​ព្រះ​អង្គ ។​ ព្រះ​រាជា​ទ្រង់​ហាម​ថា​ ព្រះ​ឱរស​ពីរ​ព្រះ​អង្គ​របស់​យើង​ រុង​រឿង​ដូច​គំនរ​ភ្លើង​ យើង​មិន​អាច​ឲ្យ​រាជសម្បត្តិ​ដល់​ឱរស​របស់​នាង​បាន​ទេ​ ទ្រង់​ឃើញ​នាង​ទូល​អង្វរ​ជា​រឿយៗ​ ទ្រង់​ព្រះ​តម្រិះ​ថា​ នាង​នេះ​នឹង​គិត​ធ្វើ​កម្ម​ដ៏​លាមក​ដល់​ឱរស​របស់​យើង​ ទើប​ឲ្យ​គេ​ហៅ​​ព្រះ​ឱរស​ទាំង​ពីរ​មក​ហើយ​ត្រាស់​ថា​ បា​ទាំង​ពីរ​ ក្នុង​វេលា​ដែល​សុរិយកុមារ​ប្រសូត​ បិតា​បាន​ឲ្យ​ពរ​គេ​ ឥឡូវ​នេះ​ មាតា​របស់​សុរិយកុមារ​នោះ​ទូល​សុំ​រាជសម្បត្តិ​ បិតា​មិន​ប្រាថ្នា​នឹង​ឲ្យ​ដល់​សុរិយកុមារ​នោះ​ ធម្មតា​មាតុគ្រាម​ជា​មនុស្ស​លាមក​ នឹង​គិត​ធ្វើ​តែ​កម្ម​ដ៏​លាមក​ដល់​ពួក​បុត្រ​ បា​ទាំង​ពីរ​ត្រូវ​ចូល​ទៅ​ក្នុង​ព្រៃ​ ចាំ​ពេល​វេលា​កន្លង​ផុត​ទៅ​ ចូរ​គ្រង​រាជសម្បត្តិ​ក្នុង​នគរ​ដែល​ជា​របស់​មាន​នៅ​ក្នុង​ត្រកូល​ ហើយ​ទ្រង់​ព្រះ​កន្សែង​ ពិលាប​សោយ​សោក​ ថើប​សិរ្ស​បុត្រ​ហើយ​ទ្រង់​បញ្ជូន​ទៅ ។​ សុរិយកុមារ​ទ្រង់​លេង​នៅ​ត្រង់​ព្រះ​លាន​ហ្លួង​ ឃើញ​ព្រះ​ឱរស​ទាំង​នោះ​ថ្វាយ​បង្គំ​ព្រះ​បិតា​ហើយ​ចុះ​ចាក​ប្រាសាទ​ ទ្រង់​ឃើញ​ហេតុ​នោះ​ ទើប​គិត​ថា​ សូម្បី​អញ​ក៏​នឹង​ទៅ​ជា​មួយ​នឹង​ម្ចាស់​បង​ទាំង​ពីរ​ ទើប​ចេញ​ទៅ​ជា​មួយ​ព្រះ​ឱរស​ទាំង​ពីរ​នោះ​ឯង​ ព្រះ​ឱរស​ទាំង​នោះ​ស្តេច​យាង​ចូល​ទៅ​កាន់​ព្រៃ​ហិមពាន្ត ។​

ស្រះស្រង់

  ព្រះ​ពោធិសត្វ​គេច​ចេញ​ពី​ផ្លូវ​ ប្រថាប់​នៅ​ក្បែរ​គល់​ឈើ​ ហៅ​សុរិយកុមារ​ថា​ ប្អូន​សុរិយៈ ឯង​ចូរ​ទៅ​កាន់​ស្រះ​នោះ​ ងូត​ និង​ផឹក​ហើយ​ ចូរ​យក​ស្លឹក​ឈូក​ខ្ចប់​ទឹក​មក​ ដើម្បី​យើង​ទាំង​ពីរ​ ក៏​ស្រះ​នោះ​ជា​ស្រះ​ដែល​មាន​អារក្ស​ទឹក​ម្នាក់​ ទទួល​ពរ​អំពី​សំណាក់​ស្តេច​វេស្សវ័ណ​ ៗ​ ត្រាស់​នឹង​អារក្ស​ទឹក​នោះ​ថា​ ឯង​អាច​ស៊ី​មនុស្ស​ដែល​ចុះ​មក​កាន់​ស្រះ​នេះ​ វៀរ​លែង​តែ​មនុស្ស​ដែល​ចេះ​ទេវធម៌​ប៉ុណ្ណោះ​ ឯង​មិន​អាច​ស៊ី​មនុស្ស​ដែល​មិន​បាន​ចុះ​ តាំង​ពី​ពេល​នោះ​មក​ អារក្ស​ទឹក​នោះ​ទើប​សួរ​ទេវធម៌​នឹង​មនុស្ស​ដែល​ចុះ​ស្រះ​នោះ​ ហើយ​ស៊ី​មនុស្ស​ដែល​មិន​ចេះ​ទេវធម៌​ លំដាប់​នោះ​ឯង​ សុរិយកុមារ​ទៅ​កាន់​ស្រះ​នោះ​មិន​បាន​ពិចារណា​ ហើយ​ទើប​ចុះ​តែ​ម្តង​ លំដាប់​នោះ​ អារក្ស​ទឹក​នោះ​ចាប់​សុរិយកុមារ​នោះ​ហើយ​សួរ​ថា​ អ្នក​ឯង​ចេះ​ទេវធម៌​ដែរ​ឬ​ទេ?​ សុរិយកុមារ​នោះ​ពោល​ថា​ អើ​ ខ្ញុំ​ចេះ​ ព្រះ​ចន្ទ​ និង​ព្រះ​អាទិត្យ​ ឈ្មោះ​ថា​ ទេវធម៌​ លំដាប់​នោះ​ អារក្ស​ទឹកនោះ​ទើប​ពោល​នឹង​សុរិយកុមារ​នោះ​ថា​ អ្នក​ឯង​មិន​ចេះ​ទេវធម៌​ទេ​ ហើយ​ទាញ​ចូល​ទៅ​ក្នុង​លំនៅ​របស់​ខ្លួន​ ចំណែក​ព្រះ​ពោធិសត្វ​ឃើញ​សុរិយកុមារ​នោះ​ទៅ​យូរ​ពេក​ ទើប​បញ្ជូន​ចន្ទកុមារ​ទៅ​ម្នាក់​ទៀត​ សូម្បី​អារក្ស​ទឹក​ក៏​ចាប់​ចន្ទកុមារ​នោះ​ហើយ​សួរ​ថា​ អ្នក​ឯង​ចេះ​ទេវធម៌​ទេ?​ ចន្ទកុមារ​ពោល​ថា​ អើ​ ខ្ញុំ​ចេះ​ ទិស​ទាំង​ ៤​ ឈ្មោះ​ថា​ ទេវធម៌​ អារក្ស​ទឹក​ពោល​ថា​ អ្នក​ឯង​មិន​ចេះ​ទេវធម៌​ទេ​ ហើយ​ទាញ​ចន្ទកុមារ​នោះ​ទៅ​កាន់​លំនៅ​របស់​ខ្លួន​ទៀត ។​ កាល​ចន្ទកុមារ​ទៅ​យូរ​ពេក​ ព្រះពោធិសត្វ​គិត​ថា​ គ្រោះ​ថ្នាក់​ណា​នី​មួយ​នឹង​គប្បី​កើត​មាន​ឡើង​ ទើប​យាង​ទៅ​កាន់​ស្រះ​នោះ​ដោយ​ព្រះ​អង្គ​ឯង​ ឃើញ​ស្នាម​ជើង​របស់​ព្រះ​អនុជ​ទាំង​ពីរ​អង្គ​ ទើប​ព្រះ​តម្រិះ​ថា​ ស្រះ​នេះ​ប្រាកដ​ជា​មាន​អារក្ស​ទឹក​ហួង​ហែង​ ទើប​បានឈរ​​កាន់​ព្រះ​ខ័ន​ និង​ធ្នូ​ ។ អារក្ស​ទឹក​ឃើញ​ព្រះពោធិសត្វ​មិន​ចុះ​ទឹក​ ទើប​ប្លែង​ភេទ​ជា​បុរស​អ្នក​ធ្វើ​ការ​ក្នុង​ព្រៃ​ ពោល​នឹង​ព្រះពោធិសត្វ​ថា​ នែ​បុរស​ដ៏​ចម្រើន​ អ្នក​ហត់​នឿយ​ដោយ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ព្រោះ​ហេតុ​អ្វី​ ទើប​មិន​ចុះ​ក្នុង​ស្រះ​នេះ​ ងូត​ ផឹក​ ទំពា​ក្រអៅ​ឈូក​ ប្រដាប់​កាយ​ដោយ​ផ្កា​ឈូក​តាម​សប្បាយ​ ព្រះ​ពោធិសត្វ​ឃើញ​ដូច្នោះ​ដឹង​ថា​ នេះ​ជា​យក្ស​ ទើប​ពោល​ថា​ “អ្នក​ឯង​ចាប់​ប្អូន​ប្រុស​របស់​យើង​មក​ឬ?​”​ អារក្ស​ទឹក​ពោល​ថា​ “អើ​ ពិត​មែន​ យើង​ចាប់​មក”​ ព្រះ​ពោធិសត្វ​សួរ​ថា​ “ព្រោះ​ហេតុ​អ្វី?”​ អារក្ស​ទឹក​ពោល​ថា​ “យើង​អាច​ចាប់​មនុស្ស​ដែល​ចុះ​មក​កាន់​ស្រះ​នេះ”​ ព្រះពោធិសត្វ​សួរថា​ “អ្នក​អាច​ចាប់​ទាំង​អស់​តែ​ម្តង​ឬ?”​ អារក្ស​ទឹក​ពោល​ថា​ “អាច​ចាប់​បាន​ទាំង​អស់​ លើក​លែង​តែ​អ្នក​ដែល​ចេះ​ទេវធម៌” ។​ ព្រះ​ពោធិសត្វ​ត្រាស់​សួរ​ថា​ “អ្នក​មាន​សេចក្តី​ត្រូវ​ការ​ដោយ​ទេវធម៌​ឬ?​” អារក្សទឹក​ពោល​ថា​ “អើ​ មាន​សេចក្តី​ត្រូវ​ការ” ។​ ព្រះ​ពោធិសត្វ​ត្រាស់​ថា​ “កាល​បើ​យ៉ាង​នោះ​ យើង​នឹង​ប្រាប់​ទេវធម៌​ដល់​អ្នក” ។​ អារក្ស​ទឹក​ពោល​ថា​ “បើ​ដូច្នោះ​ អ្នក​ចូរ​ប្រាប់​ យើង​នឹង​ស្តាប់​ទេវធម៌”​ ។​ ព្រះពោធិសត្វ​ត្រាស់​ថា​ តែ​យើង​មាន​ខ្លួន​ស្មោក​គ្រោក”​ យក្ស​ទើប​ឱ្យ​ព្រះពោធិសត្វ​ងូត​ទឹក​ ឱ្យ​ផឹក​ទឹក​ ឱ្យ​ប្រដាប់​ផ្កា​ ឱ្យ​លាប​លន​ដោយ​គ្រឿង​ក្រអូប​ បាន​ក្រាល​បល្ល័ង្ក​កណ្ដាល​បារាំ​ដែល​ប្រដាប់​តាក់​តែង​ហើយ ។​ ព្រះពោធិសត្វ​ប្រថាប់​អង្គុយ​លើ​អាសនៈ​ ឱ្យ​យក្ស​អង្គុយ​ជិត​ព្រះ​បាទ​ហើយ​ត្រាស់​ថា​ បើ​ដូច្នោះ​ អ្នក​ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ព្រះ​ធម៌​ដោយ​គោរព​ ហើយ​ត្រាស់​ព្រះ​គាថា​នេះ​ថា៖

   ហិរិឱត្តប្បសម្បន្នា​                      សុក្កធម្មសមាហិតា

   សន្តោ​  សប្បុរិសា​  លោកេ​       ទេវធម្មាតិ​  វុច្ចរេ ។

  ពួក​សប្បុរស​ជា​អ្នក​មាន​ចិត្ត​ស្ងប់​រម្ងាប់​ បរិបូណ៌​ដោយ​ហិរិ​ និង​ឱត្តប្បៈ​ តាំង​មាំ​ហើយ​ក្នុង​អាមិស​ លោក​ពោល​ថា​ មាន​ទេវធម៌​ ក្នុង​លោក ។

( បិដក​លេខ​ ៥៨​ ទំព័រ​ ៣ )

  បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ ហិរិឱត្តប្បសម្បន្នា​ ប្រែ​ថា​ អ្នក​ដែល​ប្រកប​ដោយ​ហិរិ​ និង​ឱត្តប្ប ។​ បណ្តា​ហិរិ​ និង​ឱត្តប្ប​ទាំង​ឡាយ​នោះ​ ដែល​ឈ្មោះ​ថា​ ហិរិ​ ព្រោះ​ខ្មាស​ចំពោះ​កាយទុច្ចរិត​ ជា​ដើម​ ពាក្យ​ថា​ ហិរិ​ នេះ​ ជា​ឈ្មោះ​នៃ​សេចក្តី​ខ្មាស ។​ ដែល​ឈ្មោះ​ថា​ ឱត្តប្ប​ ព្រោះ​ខ្លាច​ចំពោះ​កាយទុច្ចរិត​ជា​ដើម​នុ៎ះ​ឯង​ ពាក្យ​ថា​ ឱត្តប្ប​ នេះ​ ជា​ឈ្មោះ​នៃ​សេចក្ដី​ខ្លាច​បាប ។​ បណ្តា​ហិរិ​ និង​ឱត្តប្ប​នោះ​ ហិរិ​មាន​សមុដ្ឋាន​ដែល​តាំង​ឡើង​ខាង​ក្នុង​ ឱត្តប្ប​មាន​សមុដ្ឋាន​ដែល​តាំង​ឡើង​ខាង​ក្រៅ ។​ ហិរិ​ មាន​ខ្លួន​ជា​ធំ​ ( អត្តាធិបតេយ្យ )​ ឱត្តប្ប​មាន​លោក​ជា​ធំ​ ( លោកាធិបតេយ្យ )​ ហិរិ​តាំង​នៅ​ក្នង​សភាវៈ​ដែល​គួរ​ខ្មាស​ ឱត្តប្ប​តាំង​នៅ​ក្នុង​សភាវៈ​ដែល​គួរ​ខ្លាច​ ហិរិ​មាន​លក្ខណៈ​កោត​ក្រែង​ ឱត្តប្បមាន​លក្ខណៈ​ឃើញ​ទោស​ និង​ឃើញ​ភ័យ។

  បណ្តា​ហិរិ​ និង​ឱត្តប្ប​ទាំង​នោះ​ បុគ្គល​រមែង​ញ៉ាំង​ហិរិ​ដែល​មាន​សមុដ្ឋាន​ខាង​ក្នុង​ ឱ្យ​តាំង​ឡើង​ដោយ​ហេតុ​ ៤​ ប្រការ​ គឺ៖

១. ជាតឹ​ បច្ចវេក្ខិត្វា​         ព្រោះ​ពិចារណា​ដល់​ជាតិ​កំណើត

២. វយំ​ បច្ចវេក្ខិត្វា​          ពិចារណា​ដល់​វ័យ

៣. សូរភាវំ​ បច្ចវេក្ខិត្វា​     ពិចារណា​ដល់​ភាព​ជា​អ្នក​ក្លាហាន

៤. ពាហុសច្ចំ​ បច្ចវេក្ខិត្វា​  ពិចារណា​ដល់​ភាព​ជា​ពហូសូត

  ហេតុ​ទាំង​ ៤​ ប្រការ​នោះ​ តើ​ដូច​ម្តេច?​ បុគ្គល​ពិចារណា​ដល់​ជាតិ​កំណើត​យ៉ាង​នេះ​ថា​ “ដែល​ឈ្មោះ​ថា​ ការ​ធ្វើ​បាប​នេះ​ មិន​មែន​ជា​កម្ម​របស់​អ្នក​ដែល​បរិបូណ៌​ដោយ​ជាតិ​ ជា​កម្ម​របស់​អ្នក​មាន​ជាតិ​កំណើត​ថោក​ទាប​មាន​អ្នក​នេសាទ​ជា​ដើម​ បុគ្គល​ដែល​បរិបូណ៌​ដោយ​ជាតិ​ដូច​ជា​អាត្មា​អញ​មិន​សម​គួរ​នឹង​ធ្វើ​កម្ម​នេះ​”​ ហើយ​មិន​ធ្វើ​បាប​មាន​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ឱ្យ​តាំង​ឡើង​ មួយ​ទៀត​ បុគ្គល​ពិចារណា​ដល់​វ័យ​យ៉ាង​នេះ​ថា​ “ឈ្មោះ​ថា​ការ​ធ្វើ​បាប​នេះ​ជា​កម្ម​ដែល​ពួក​កំលោះៗ​ គប្បី​ធ្វើ​ កម្ម​នេះ​ដែល​មនុស្ស​តាំង​នៅ​ក្នុង​វ័យ​ដូច​យើង​មិន​គួរ​ធ្វើ​”​ ហើយ​មិន​ធ្វើ​បាប​ មាន​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ឱ្យ​តាំង​ឡើង​ ម្យ៉ាង​វិញ​ទៀត​ បុគ្គល​ពិចារណា​ដល់​ភាព​ជា​អ្នក​ក្លាហាន​យ៉ាង​នេះ​ថា​ “ឈ្មោះ​ថា​ការ​ធ្វើ​បាប​នេះ​ ជា​កម្ម​របស់​មនុស្ស​ដែល​មាន​ជាតិ​អន់​ថយ​ កម្ម​នេះ​បុគ្គល​ដែល​បរិបូណ៌​ដោយ​ភាព​ជា​ក្លៀវ​ក្លា​ដូច​យើង​ មិន​គួរ​ធ្វើ​ឡើយ”​ ហើយ​មិន​ធ្វើ​បាប​មាន​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ឱ្យ​តាំង​ឡើង​ ម្យ៉ាង​វិញ​ទៀត​ បុគ្គល​ពិចារណា​ភាព​ជា​ពហូសូត​ យ៉ាង​នេះ​ថា​ “ឈ្មោះ​ថា​ការ​ធ្វើ​បាប​នេះ​ជា​កម្ម​របស់​ជន​អន្ធពាល​ ល្ងង់​ខ្លៅ​ កម្ម​នេះ​ដែល​ជន​ជា​ពហូសូត​ ជា​បណ្ឌិត​ដូច​ជា​យើង​ មិន​គួរ​ធ្វើ​ទេ”​ ហើយ​មិន​ធ្វើ​បាប​ មាន​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ឱ្យ​តាំង​ឡើង​ បុគ្គល​ឈ្មោះ​ថា​ ញ៉ាំង​ហិរិ​ដែល​មាន​សមុដ្ឋាន​ខាង​ក្នុង​ឱ្យ​តាំង​ឡើង​ដោយ​ហេតុ​ ៤​ ​ប្រការ​នេះ ។​ ក៏​កាល​ឱ្យ​តាំង​ឡើង​ហើយ​ ញ៉ាំង​ហិរិ​ឱ្យ​ចូល​ទៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ ហើយ​មិន​ធ្វើ​បាប​ ហិរិ​រមែង​ឈ្មោះ​ថា​ មាន​សមុដ្ឋាន​ខាង​ក្នុង​យ៉ាង​នេះ ។​

  ឱត្តប្ប​ឈ្មោះ​ថា​ មាន​សមុដ្ឋាន​ខាង​ក្រៅ​ តើ​ដូច​ម្តេច?​ បុគ្គល​ពិចារណា​ថា​ “បើ​យើង​នឹង​ធ្វើ​បាប​សោត​ យើង​នឹង​ត្រូវ​គេ​តិះ​ដៀល​ក្នុង​កណ្ដាល​បរិស័ទ​ ៤​ ហើយ​និង​ថា​

   គរហិស្សន្តិ​ តំ​ វិញ្ញូ​                អសុចឹ​ នាគរិកោ​ យថា

   វិវជ្ជិតោ​ សីលវន្តេហិ​              កថំ​ ភិក្ខុ​ ករិស្សសិ ។

  វិញ្ញូជន​ទាំង​ឡាយ​នឹង​តិះ​ដៀល​អ្នក​ដូច​អ្នក​នគរ​ តិះ​ដៀល​របស់​មិន​ស្អាត​ ម្នាល​ភិក្ខុ​ លោក​អ្នក​ដែល​មាន​សីល​ទាំង​ឡាយ​វៀរ​ចាក​ហើយ​ តើ​អ្នក​នឹង​ធ្វើ​អ្វី ។

  រមែង​មិន​ធ្វើ​បាបកម្ម​ ព្រោះ​ឧត្តប្ប​ដែល​តាំង​ឡើង​ខាង​ក្រៅ​ ឱត្តប្ប​រមែង​ឈ្មោះ​ថា​ មាន​សមុដ្ឋាន​ខាង​ក្រៅ​យ៉ាង​នេះ ។

  ហិរិ​ ឈ្មោះ​ថា​ មាន​ខ្លួន​ជា​ធំ​ តើ​ដូច​ម្តេច?​ កុលបុត្រ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ធ្វើ​ខ្លួន​ឱ្យ​ជា​ធំ​ ឱ្យ​ជា​ប្រធាន​ មិន​ធ្វើ​បាប​ ដោយ​គិត​ថា​ បុគ្គល​ដែល​បួស​ដោយ​សទ្ធា​ ជា​ពហូសូត​ មាន​វាទៈ​ ( គឺ​ពាក្យ​ប្រៀន​ប្រដៅ​ )​ ក្នុង​ការ​កម្ចាត់​កិលេស​ដូច​អ្នក​ មិន​គួរ​ធ្វើ​បាបកម្ម​ ហិរិ​ រមែង​ឈ្មោះ​ថា​ មាន​ខ្លួន​ជា​ធំ​យ៉ាង​នេះ​ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ទើប​ត្រាស់​ថា៖

  សោ​ អត្តានំយេវ​ អធិបតឹ​ កត្វា​ អកុសលំ​ បជហតិ,​ កុសលំ​ ភាវេតិ។​ សាវជ្ជំ​ បជហតិ,​ អនវជ្ជំ​ ភាវេតិ ។​ សុទ្ធមត្តានំ​ បរិហតិ ។

  បុគ្គល​នោះ​ធ្វើ​ខ្លួន​ឯង​ឱ្យ​ជា​អធិបតី​ហើយ​ រមែង​លះ​បង់​អកុសល​ ចម្រើន​កុសល​ លះ​បង់​អំពើ​ដែល​ប្រកប​ដោយ​ទោស​ ចម្រើន​តែ​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។

  ឱត្តប្ប​ ឈ្មោះ​ថា​ មាន​លោក​ជា​ធំ​ តើ​ដូច​ម្តេច?​ កុលបុត្រ​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ធ្វើ​លោក​ឱ្យ​ជា​ធំ​ ឱ្យ​ជា​ប្រធាន​ ហើយ​មិន​ធ្វើ​បាបកម្ម​ សម​ដូច​ព្រះ​តម្រាស់​ថា៖

  មហា​ ខោ​ បនាយំ​ លោកសន្និវាសោ​ ។​ មហន្តស្មឹ​ ខោ​ បន​ លោកសន្និវាសេ​ សន្តិ​ សមណព្រាហ្មណា​ ឥទ្ធិមន្តោ​ ទិព្វចក្ខុកា​ បរចិត្តវិទុនោ,​ តេ​ ទូរតោបិ​ បស្សន្តិ,​ អាសន្នាបិ​ ន​ ទិស្សន្តិ,​ ចេតសាបិ​ ចិត្តំ​ ជានន្តិ,​ តេបិ​ មំ​ ឯវំ​ ជានិស្សន្តិ​ បស្សថ​ កោ​ ឥមំ​ កុលបុត្តំ,​ សទ្ធា​ អគារស្មា​ អនគារិយំ​ បព្វជិតោ​ សមានោ​ វោកិណ្ណោ​ វិហរតិ​ បាបកេហិ​ អកុសលេហិ​ ធម្មេហីតិ ។

  សន្តិ​ ទេវា​ ឥទ្ធិមន្តិយោ​ ទិព្វចក្ខុកា​ បរចិត្តវិទុនិយោ,​ តា​ ទូរតោបិ​ បស្សន្តិ,​ អាសន្នាបិ​ ន​ ទិស្សន្តិ,​ ចេតសាបិ​ ចិត្តំ​ ជានន្តិ,​ តាបិ​ មំ​ ឯវំ​ ជានិស្សន្តិ​ បស្សថ​ ភោ​ ឥមំ​ កុលបុត្តំ,​ សទ្ធា​ អគារស្មា​ អនគារិយំ​ បព្វជិតោ​ សមានោ​ វោកិណ្ណោ​ វិហរតិ​ បាបកេហិ​ អកុសលេហិ​ ធម្មេហីតិ ។

  លោកសន្និវាស​នេះ​សោត​ក៏​ធំ​ ទោះ​ក្នុង​លោកសន្និវាស​ធំ​មែន​ ក៏​គង់​មាន​សមណព្រាហ្មណ៍​ជា​អ្នក​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្ត​បុគ្គល​ដទៃ​ ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ រមែង​ឃើញ​អំពី​ចម្ងាយ​ ទោះ​នៅ​ជិត​ក៏​មិន​ប្រាកដ​ រមែង​ដឹង​ច្បាស់​នូវ​ចិត្ត​ដោយ​ចិត្ត​ ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ គង់​ដឹង​អាត្មា​អញ​យ៉ាង​នេះ​ថា​ ម្នាល​អ្នក​ដ៏​ចម្រើន​ សូម​អ្នក​មើល​កុលបុត្រ​នេះ​ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយ​សទ្ធា​ហើយ​ នៅ​តែ​ច្របូក​ច្របល់​ ដោយ​ធម៌​ជា​អកុសល​ដ៏​លាមក ។​

  ម្យ៉ាង​ទៀត​ គង់​មាន​ពួក​ទេវតា​ដែល​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ដឹង​ចិត្ត​បុគ្គល​ដទៃ​ ពួក​ទេវតា​ទាំង​នោះ​ តែង​ឃើញ​អំពី​ចម្ងាយ​ ទោះ​នៅ​ជិត​ក៏​មិន​ប្រាកដ​ រមែង​ដឹង​ចិត្ត​ដោយ​ចិត្ត​ ពួក​ទេវតា​ទាំង​នោះ​ គង់​ដឹង​អាត្មា​អញ​យ៉ាង​នេះ​ថា​ ម្នាល​អ្នក​ដ៏​ចម្រើន​ សូម​អ្នក​មើល​កុលបុត្រ​នេះ​ ចេញ​ចាក​ផ្ទះ​​មក​បួស​ដោយ​សទ្ធា​ហើយ​ នៅ​តែ​ច្របូក​ច្របល់​ដោយអកុសល​ដ៏​លាមក ។

  សោ​ លោកំយេវ​ អធិបតឹ​ ជេដ្ឋកំ​ ករិត្វា​ អកុសលំ​ បជហតិ,​ កុសលំ​ ភាវេតិ ។​ សាវជ្ជំ​ បជហតិ,​ អនវជ្ជំ​ ភាវេតិ ។ សុទ្ធមត្តានំ​ បរិហរតិ ។

  លុះ​បុគ្គល​នោះ​ប្រារព្ធ​លោក​ឱ្យ​ជា​អធិបតី​ហើយ​ តែង​លះ​បង់​អកុសល​ ចម្រើន​កុសល​ លះ​បង់​អំពើ​ដែល​ប្រកប​ដោយ​ទោស​ ចម្រើន​តែ​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។

  ឱត្តប្ប​ រមែង​ឈ្មោះ​ថា​ មាន​លោក​ជា​ធំ​យ៉ាង​នេះ ។

  ក៏​ក្នុង​ពាក្យ​ថា​ ហិរិ​តាំង​នៅ​ក្នុង​សភាវៈ​អៀន​ខ្មាស​ ឱត្តប្ប​តាំង​នៅ​ក្នុង​សភាវៈ​គួរ​ខ្លាច​ នេះ​ មាន​វិនិច្ឆ័យ​ដូច​តទៅ​នេះ៖

  អាការ​អៀន​ខ្មាស​ ឈ្មោះ​ថា​ សេចក្តី​អៀន​ខ្មាស​ ហិរិ​តាំង​នៅ​ក្នុង​សភាវៈ​នោះ​ សេចក្តី​ខ្លាច​ចំពោះ​អបាយ​ ឈ្មោះ​ថា​ ភ័យ​ ឱត្តប្ប​តាំង​នៅ​ក្នុង​សភាវៈ​នោះ ។​ ហិរិ​ និង​ឱត្តប្ប​ទាំង​ពីរ​នោះ​ រមែង​ប្រាកដ​ក្នុង​ការ​វៀរ​ចាក​បាប​ទាំង​អស់​ ពិត​មែន​ បុគ្គល​ពួក​ខ្លះ​ឈាន​ចុះ​កាន់​ធម៌​ គឺ​សេចក្តី​អៀន​ខ្មាស​ដែល​ជា​ខាង​ក្នុង​ មិន​ធ្វើ​បាបកម្ម​ ដូច​កុលបុត្រ​កាល​បន្ទោ​បង់​ឧច្ចារៈ​ បស្សាវៈ​ ជា​ដើម ឃើញ​មនុស្ស​ដែល​គួរ​ខ្មាស​ គប្បី​ជា​អ្នក​ដល់​អាការ​ខ្មាស​ ត្រូវ​ឧច្ចារៈ​ បស្សាវៈ​បៀត​បៀន​​ ក៏​បន្ទោ​បង់​ឧច្ចារៈ​ បស្សាវៈ​មិន​បាន​ ហេតុ​នោះ​ បុគ្គល​ពួក​ខ្លះ​ភ័យ​ខ្លាច​អបាយភូមិ​ទើប​មិន​ធ្វើ​បាបកម្ម​ ក្នុង​សេចក្តី​នោះ​ មាន​សេចក្តី​ឧបមា​ដូច​តទៅ​នេះ៖

  ដូច​ក្នុង​ដុំ​ដែក​ ២​ ដុំ​ មួយ​ដុំ​ត្រជាក់​ តែ​ប្រឡាក់​លាមក​ មួយ​ដុំ​ក្តៅ​ ភ្លើង​ឆេះ​សន្ធោ​សន្ធៅ ។​ ក្នុង​ដុំ​ដែក​ទាំង​ ២​ ដុំ​នោះ​ បណ្ឌិត​ខ្ពើម​មិន​ចាប់​ដុំ​ដែក​ត្រជាក់​ ព្រោះ​ដុំ​ដែក​ត្រជាក់​ប្រឡាក់​លាមក​ មិន​ចាប់​ដុំ​ដែក​ក្តៅ​ ព្រោះ​ខ្លាច​ភ្លើង​ឆេះ​ យ៉ាង​ណា ។​ ក្នុង​ពាក្យ​ថា​ ហិរិ​ និង​ឱត្តប្ប​នោះ​ក៏​យ៉ាង​នោះ​ដែរ​ គប្បី​ជ្រាប​ការ​ចុះ​កាន់​លជ្ជីធម៌​ ដែល​ជា​ខាង​ក្នុង​ហើយ​ មិន​ធ្វើ​បាបកម្ម​ ដូច​បណ្ឌិត​ខ្ពើម​ដុំ​ដែក​ត្រជាក់​ដែល​ប្រឡាក់​លាមក​ ទើប​មិន​ចាប់​ គប្បី​ជ្រាប​ការ​មិន​ធ្វើ​បាប​ព្រោះ​ភ័យ​ខ្លាច​ក្នុង​អបាយ​ ដូច​ការ​បណ្ឌិត​មិន​ចាប់​ដុំ​ដែក​ក្តៅ​ ព្រោះ​ខ្លាច​រលាក​ ដូច្នោះ ។

  សូម្បី​បទ​ទាំង​ពីរ​នេះ​ថា​ ហិរិ​ មាន​លក្ខណៈ​កោត​ក្រែង​ ឱត្តប្ប​ មាន​លក្ខណៈ​ខ្លាច​ទោស​ និង​ឃើញ​ភ័យ​ ដូច្នេះ​ រមែង​ប្រាកដ​ចំពោះ​ក្នុង​ការ​វៀរ​ចាក​បាប​ប៉ុណ្ណោះ ។​ ពិត​មែន​ បុគ្គល​ពួក​ខ្លះ​ញ៉ាំង​ហិរិ​ ដែល​មាន​លក្ខណៈ​កោត​ក្រែង​ឱ្យ​កើត​ឡើង​ ដោយ​ហេតុ​ ៤​ ប្រការ​ គឺ​

១. ជាតិមហត្តបច្ចវេក្ខណា​        ពិចារណា​ដល់​ភាព​ជា​ធំ​ដោយ​ជាតិ

២. សត្ថុមហត្តបច្ចវេក្ខណា​          ពិចារណា​ដល់​ភាព​ជា​ធំ​របស់​ព្រះ​សាស្តា

៣. ទាយជ្ជមហត្តបច្ចវេក្ខណា​      ពិចារណា​ដល់​ភាព​ជា​ធំ​ដោយ​ភាព​ជា​អ្នក​ស្នង​ទ្រព្យ​មរតក

៤. សព្រហ្មចារិមហត្តបច្ចវេក្ខណា​  ពិចារណា​ដល់​ភាព​ជា​ធំ​នៃ​សព្រហ្មចារី

ហើយ​មិន​ធ្វើ​បាប ។

  បុគ្គល​ខ្លះ​ញ៉ាំង​ឱត្តប្ប​ដែល​មាន​លក្ខណៈ​ខ្លាច​ទោស​ និង​ច្រើន​ឃើញ​ភ័យ​ ឱ្យ​តាំង​ឡើង​ ដោយ​ហេតុ​ ៤​ ប្រការ​ គឺ៖

១. អត្តានុវាទភយំ​      ភ័យ​ក្នុង​ការ​តិះ​ដៀល​ខ្លួន​ឯង

២. បរានុវាទភយំ​       ភ័យ​ក្នុង​ការ​តិះ​ដៀល​អ្នក​ដទៃ​

៣. ទណ្ឌភយំ​           ភ័យ​គឺ​អាជ្ញា​

៤. ទុគ្គតិភយំ​              ភ័យ​ក្នុង​ទុគ្គតិ

ហើយ​មិន​ធ្វើ​បាប​ ក្នុង​ពាក្យ​ថា​ ដោយ​ហិរិ​ និង​ឱត្តប្ប​នោះ​ គប្បី​ពោល​ការ​ពិចារណា​ភាព​ជា​ធំ​ដោយ​ជាតិ​ជា​ដើម​ និង​ភ័យ​ក្នុង​ការ​តិះ​ដៀល​ខ្លួន​ឯង​ជា​ដើម​ ឱ្យ​ពិស្តារ​ សេចក្តី​ពិស្តារ​នៃ​ការ​ពិចារណា​ភាព​ជា​ធំ​ដោយ​ជាតិ​ជា​ដើម​ទាំង​នោះ​ មាន​ពោល​ទុក​ក្នុង​អដ្ឋកថា​អង្គុត្តរនិកាយ

  បទ​ថា​ សុក្កធម្មសមាហិតា​ សេចក្តី​ថា​ កុសលធម៌​ដែល​គួរ​ធ្វើ​មាន​ហិរិ​ឱត្តប្ប​នេះ​ឯង​ជា​ខាង​ដើម​ ឈ្មោះ​ថា​ សុក្កធម៌​ ធម៌​ស​ កាល​ពោល​សព្វសង្គាហិកន័យ​ ន័យ​ដែល​រួម​យក​ទាំង​អស់​ សុក្កធម៌​នោះ​ ក៏​គឺ​ធម៌​ដែល​ជា​លោកិយ​ និង​លោកុត្តរ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​ ៤​ ដែល​ប្រកប​ហើយ​ ប្រកប​ព្រម​ហើយ​ ដោយ​ហិរិ​ និង​ឱត្តប្ប​ទាំង​ពីរ​នោះ ។​ បទ​ថា​ សន្តោ​ សប្បុរិសា​ លោកេ​ សេចក្តី​ថា​ ឈ្មោះ​ថា​ អ្នក​ស្ងប់​រម្ងាប់​ ព្រោះ​កាយកម្ម​ជា​ដើម​ស្ងប់​រម្ងាប់​ហើយ​ ឈ្មោះ​ថា​ ជា​សប្បុរស​ ព្រោះ​ជា​បុរស​លំអ​ដោយ​កតញ្ញូកតវេទី ។​ ក៏​ក្នុង​បទ​ថា​ លោកេ​ នេះ​ លោក​មាន​ច្រើន​ លោក​ គឺ​ សង្ខារលោក​ សត្វលោក​ ឱកាសលោក​ ខន្ធលោក​ អាយតនលោក​ និង​ធាតុលោក ។​ ក្នុង​បណ្តា​លោក​ទាំង​អស់​នោះ​ សង្ខារលោក​ លោក​ពោល​ទុក​ក្នុង​ប្រយោគ​នេះ​ថា​ “ឯកោ​ លោកោ​ សព្វេ​ សត្តា​ អាហារដ្ឋិតិកា​ ។បេ។ អដ្ឋារស​ លោកា​ អដ្ឋារស​ ធាតុយោ​ លោក​មួយ​ គឺ​ សត្វ​ទាំង​ឡាយ​តាំង​នៅ​បាន​ដោយ​សារ​អាហារ​ ។ល។ លោក​ ១៨​ គឺ​ធាតុ​ ១៨​” ។​ លោក​មាន​ខន្ធលោក​ជា​ដើម​ រួម​នៅ​ក្នុង​សង្ខារលោក​នុ៎ះ​ឯង​ ។​ ចំណែក​សត្វលោក​ លោក​ពោល​ទុក​ក្នុង​ប្រយោគ​ជា​ដើម​ថា​ “អយំ​ លោកោ​ បរលោកោ,​ ទេវលោកោ​ មនុស្សលោកោ​ លោក​នេះ​ លោក​ខាង​មុខ​ ទេវលោក​ មនុស្សលោក”​ ។

  ឱកាសលោក​លោក​ពោល​ទុក​ក្នុង​ប្រយោគ​នេះ​ថា​ ៖

   យាវតា​ ចន្ទិមសូរិយា​                      បរិហរន្តិ​ ទិសា​ ភន្តិ​ វិរោចនា

   តាវ​ សហស្សធា​ លោកោ​                 ឯត្ថ​ តេ​ វត្តតេ​ វសោ ។

  ពាន់​នៃ​លោកធាតុ​មាន​ប្រមាណ​ដូច​ព្រះ​ចន្ទ​ និង​ព្រះអាទិត្យ​វិល​ បញ្ចេញ​រស្មី​ទៅ​គ្រប់​ទិស​ អំណាច​របស់​ព្រះ​អង្គ​ផ្សាយ​ទៅ​ក្នុង​មួយ​ពាន់​លោកធាតុ​នោះ ។

  បណ្តា​លោក​ទាំង​អស់​នោះ​ ក្នុង​ទី​នេះ​ សំដៅ​យក​សត្វលោក​ ពិត​ណាស់​ ក្នុង​សត្វលោក​ប៉ុណ្ណោះ​ មាន​សប្បុរស​មាន​សភាព​យ៉ាង​នេះ​ សប្បុរស​ទាំង​នោះ​ លោក​ពោល​ថា​ មាន​ទេវធម៌ ។​ បទ​ថា​ ទេវ​ ក្នុង​បទ​ថា​ ទេវធម្មា​ នោះ​ ទេវ​ មាន​ ៣​ ប្រភេទ​ គឺ​ សម្មុតិទេវា​ សម្មតិទេព​ ១​ ឧប្បត្តិទេវា​ ឧប្បត្តិទេព​ ១​ វិសុទ្ធិទេវា​ វិសុទ្ធិទេព​ ១​ ។​ បណ្តា​ទេវ​ទាំង​នោះ​ ព្រះ​រាជា​ និង​រាជកុមារ​ជា​ដើម​ ឈ្មោះ​ថា​ សម្មតិទេព​ ព្រោះ​សត្វលោក​នាំ​គ្នា​សន្មត​ថា​​ ជា​ទេវតា​ ចាប់​ផ្តើម​ពី​កាល​ជា​ព្រះមហាសម្មតិរាជ ។​ ទេវតា​ដែល​ឧប្បត្តិក​ក្នុង​ទេវលោក​ ឈ្មោះ​ថា​ ឧប្បត្តិទេព ។​ ព្រះ​ខីណាស្រព​ ឈ្មោះ​ថា វិសុទ្ធិទេព ។

  សម​ដូច​ព្រះ​តម្រាស់​ថា៖

  សម្មុតិទេវា​ នាម​ រាជានោ​ ច​ ទេវិយោ​ ច​ រាជកុមារា​ ច ។​ ឧបបត្តិទេវា​ នាម​ ភុម្មទេវេ​ ឧបាយទាយ​ តទុត្តរិ​ ទេវា ។​ វិសុទ្ធិទេវា​ នាម​ ពុទ្ធបច្ចេកពុទ្ធខីណាសវា ។

  ព្រះរាជា​ ព្រះ​ទេវី​ ព្រះរាជកុមារ​ ឈ្មោះ​ថា​ សម្មតិទេព ។​ ទេវតាជាន់​ខ្ពស់​ ចាប់​ពី​ភុម្មទេវតា​ឡើង​ទៅ​ ឈ្មោះ​ថា​ ឧប្បត្តិទេព ។​ ព្រះ​ពុទ្ធ​ ព្រះ​បច្ចេកពុទ្ធ​ និង​ព្រះ​ខីណាស្រព​ ឈ្មោះ​ថា​ វិសុទ្ធិទេព ។

  ធម៌​របស់​ទេវ​ទាំង​នេះ​ ឈ្មោះ​ថា​ ទេវធម៌ ។​

​ បទ​ថា​ វុច្ចរេ​ ប្រែ​ថា​ រមែង​ពោល​ ពិត​ណាស់​ កុសលធម៌​ទាំង​ឡាយ​ មាន​ហិរិ​ ឱត្តប្ប​ជា​មូល​ ឈ្មោះ​ថា​ ជា​ធម៌​របស់​ទេព​ទាំង​ ៣​ ប្រភេទ​នេះ​ ព្រោះ​អត្ថ​ថា​ ជា​ហេតុ​នៃ​កុសលសម្បទា​ នៃ​ការ​កើត​ក្នុង​ទេវលោក​ និង​សេចក្តី​បរិសុទ្ធ​ ព្រោះ​ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ ទេវធម៌​ សូម្បី​បុគ្គល​ដែល​ប្រកប​ដោយ​ទេវធម៌​ទាំង​នោះ​ ក៏​ជា​អ្នក​មាន​ទេវធម៌​ ព្រោះ​ហេតុ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​កាល​នឹង​ទ្រង់​សម្តែង​ធម៌​ទាំង​នោះ​ ដោយ​ទេសនា​ដែល​ជា​បុគ្គលាធិដ្ឋាន​ ទើប​ត្រាស់​ថា​ “សន្តោ​ សប្បុរិសា​ លោកេ​ ទេវធម្មាតិ​ វុច្ចរេ​ សប្បុរស​អ្នក​មាន​ចិត្ត​ស្ងប់​រម្ងាប់​ លោក​ពោល​ថា​​ មាន​ទេវធម៌​ក្នុង​លោក” ។

  យក្ស​កាល​បាន​ស្តាប់​ធម្មទេសនា​នេះ​ មាន​សេចក្តី​ជ្រះ​ថ្លា​ ទើប​ពោល​នឹង​ព្រះពោធិសត្វ​ថា​ “នែ​បណ្ឌិត​​ យើង​ជ្រះ​ថ្លា​នឹង​លោក​ នឹង​ឱ្យ​ប្អូន​ប្រុស​ម្នាក់​ លោក​នឹង​ឱ្យ​នាំ​អ្នក​ណា​មក?​” ព្រះ​ពោធិសត្វ​ត្រាស់​ថា​ “អ្នក​ចូរ​នាំ​ប្អូន​ប្រុស​ពៅ​មក” ។​ យក្ស​ពោល​ថា​ “នែ​បណ្ឌិត​ លោក​ចេះ​តែ​ទេវធម៌​ប៉ុណ្ណោះ​ តែ​មិន​ប្រព្រឹត្ត​ក្នុង​ទេវធម៌​ទាំង​នោះ” ។​ ព្រះ​ពោធិសត្វ​សួរ​ថា​ “ព្រោះ​ហេតុ​អ្វី?”​ យក្ស​ពោល​ថា​ “ព្រោះ​ហេតុ​ដែល​លោក​វៀរ​បង​ប្រុស​ចេញ​ ឱ្យ​នាំ​ប្អូន​ប្រុស​មក​ ឈ្មោះ​ថា​ មិន​ធ្វើ​ជេដ្ឋាបចាយិកកម្ម​ ( ការ​គោរព​ដល់​រៀម​ច្បង​ )​”​ ។​ ព្រះពោធិសត្វ​ត្រាស់​ថា​ ម្នាល​យក្ស​ យើង​ចេះ​ទេវធម៌​ ហើយ​ប្រព្រឹត្តក្នុង​ទេវធម៌​ទាំង​នោះ​ ព្រោះ​ថា​ យើង​ទាំង​ឡាយ​ចូល​ស្រុក​ ព្រោះ​អាស្រ័យ​ប្អូន​ប្រុស​នេះ​ ដោយ​ថា​​ព្រះ​មាតា​របស់​ប្អូន​ប្រុស​នេះ​ ទូល​សុំ​រាជសម្បត្តិ​នឹង​ព្រះ​បិតា​របស់​ពួក​យើង​ ដើម្បី​ប្រយោជន៍​ដល់​ប្អូន​ប្រុស​នេះ​ តែ​បិតា​របស់​យើង​មិន​ឱ្យ​ពរ​នោះ​ ទ្រង់​ដើម្បី​ការ​ពារ​ពួក​យើង​ ទើប​ទ្រង់​អនុញ្ញាត​ឱ្យ​យើង​នៅ​ក្នុង​ព្រៃ​ ក្មេង​នោះ​មក​តាម​ពួក​យើង ទោះ​បី​យើង​ពោល​ថា​ យក្ស​ក្នុង​ព្រៃ​ស៊ី​កុមារ​នោះ​ហើយ​ តើ​មាន​នរណា​នឹង​ជឿ​យើង​ ព្រោះ​ហេតុ​នោះ​ យើង​ខ្លាច​ភ័យ​គឺ​ពាក្យ​ដំណៀល​ ទើប​ឱ្យ​នាំ​ប្អូន​ប្រុស​ពៅ​នោះ​នុ៎ះ​ឯង​មក​”​ យក្ស​មាន​ចិត្ត​ជ្រះ​ថ្លា​ថ្វាយ​សាធុការ​ដល់​ព្រះ​ពោធិសត្វ​ថា​ “សាធុ​ សាធុ​ បណ្ឌិត​ លោក​ចេះ​ទេវធម៌​ថែម​ទាំង​បដិបត្តិ​ក្នុង​ទេវធម៌​ទាំងនោះ​”​ ដូច្នេះ​ហើយ​ ទើប​បាន​នាំ​ប្អូន​ប្រុស​ទាំង​ពីរ​នាក់​មក​ថ្វាយ ។​ លំដាប់​នោះ​ ព្រះ​ពោធិសត្វ​ត្រាស់​នឹង​យក្ស​នោះ​ថា​ “សម្លាញ់​ អ្នក​កើត​ជា​យក្ស​មាន​សាច់​ និង​ឈាម​របស់​អ្នក​ដទៃ​ជា​អាហារ​ ព្រោះ​បាបកម្ម​ដែល​ខ្លួន​ធ្វើ​ទុក​ក្នុង​ជាតិ​មុន​ ឥឡូវ​នេះ​ អ្នក​នៅ​ធ្វើ​បាប​នោះ​ទៀត​ ព្រោះ​ថា​ បាបកម្ម​នឹង​មិន​ឱ្យ​អ្នក​រួច​ផុត​ចាក​នរក​ជា​ដើម​បាន​ទេ​ ព្រោះ​ហេតុ​នោះ​ ចាប់​ពី​ពេល​នេះ​ទៅ​ អ្នក​ចូរ​លះ​បង់​អំពើ​បាប​ចេញ​ ធ្វើ​តែ​កុសល”​ កាល​ទូន្មាន​យក្ស​នោះ​ហើយ​ យក្ស​ក៏​បាន​ធ្វើ​តាម​ ហើយ​បាន​ចាត់​ចែង​រក្សា​ការពារ​នៅ​ក្នុង​ទី​នោះ​នុ៎ះ​ឯង ។​ ថ្ងៃ​មួយ​ បាន​មើល​នក្ខត្តឫក្ស​ ដឹង​ថា​ ព្រះ​ជនក​សោយ​ទិវង្គត​ ទើប​នាំ​យក្ស​ទៅ​កាន់​ក្រុង​ពារាណសី​ គ្រប់​គ្រង​រាជសម្បត្តិ​ ប្រទាន​តំណែង​ឧបរាជ​ដល់​ចន្ទកុមារ​ ប្រទាន​តំណែង​សេនាបតី​ដល់​សុរិយកុមារ​ ឱ្យ​គេ​កសាង​លំនៅ​គួរ​ជា​ទី​រីករាយ​ឱ្យ​ដល់​យក្ស​ ទ្រង់​បាន​ធ្វើ​ដោយ​ប្រការ​ដែល​យក្ស​នោះ​បាន​ការ​បូជា​ដ៏​លើស​ ផ្កា​ដ៏​លើស​ គ្រឿង​ក្រអូប​ដ៏​លើស​ ផ្លែ​ឈើ​ដ៏​លើស​ និង​ភត្ត​ដ៏​លើស ។​ ព្រះ​ពោធិសត្វ​គ្រង​រាជសម្បត្តិ​ដោយ​ធម៌​ ទ្រង់​បាន​យាង​ទៅ​តាម​យថាកម្មហើយ ។

ប្រជុំ​ជាតក

ព្រះ​សាស្តា​គ្រា​ទ្រង់​នាំ​ព្រះ​ធម៌​ទេសនា​នេះ​មក​ហើយ​ ទ្រង់​ប្រកាស​សច្ចៈ​ទាំង​ឡាយ​ ក្នុង​វេលា​ចប់​សច្ចៈ​ ភិក្ខុ​នោះ​តាំង​នៅ​ក្នុង​សោតាបត្តិផល​ ។​ សូម្បី​ព្រះ​សម្មាសម្ពុទ្ធ​ ក៏​ត្រាស់​រឿង​ ២​ រឿង​ ភ្ជាប់​អនុសន្ធិ​ត​ទៅ​ ហើយ​ទ្រង់​ប្រជុំ​ជាតក​ថា​ អារក្ស​ក្នុង​កាល​ណោះ​ បាន​មក​ជា​ភិក្ខុ​អ្នក​មាន​ភណ្ឌៈ​ច្រើន​ក្នុង​កាល​ឥឡូវ​នេះ​ សុរិយកុមារ​បាន​មក​ជា​ព្រះ​អានន្ទ​ ចន្ទកុមារ​បាន​មក​ជា​ព្រះសារីបុត្រ​ ចំណែក​មហិសសាសកុមារ​ជា​ព្រះ​ជេដ្ឋា​ បាន​មក​ជា​តថាគត​នេះឯង ។

អានបន្ត...
0 មតិ

អធិបតេយ្យសូត្រ

( អាធិបតេយ្យ​ ៣ )

( សុត្តន្តបិដក​ អង្គុត្តរនិកាយ​ តិកនិបាត​ អធិបតេយ្យសូត្រ​ លេខ​ ៤១ ទំព័រ​ ១១៣-១១៩ )

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាធិបតេយ្យ​ ( ភាព​ជា​ធំ )​ នេះ​ មាន​ ៣​ យ៉ាង ។​ អាធិបតេយ្យ​ ៣​ យ៉ាង​ តើ​អ្វី​ខ្លះ ។​ គឺ​ អត្តាធិបតេយ្យ​ ១​ លោកាធិបតេយ្យ​ ១​ ធម្មាធិបតេយ្យ ១ ។

អត្តាធិបតេយ្យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អត្តាធិបតេយ្យ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​នៅ​ក្នុង​ព្រៃ​ក្តី​ នៅ​ជិត​គល់​ឈើ​ក្តី​ នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្តី​ រមែង​ពិចារណា​ឃើញ​ច្បាស់​យ៉ាង​នេះ​ថា​ អាត្មា​អញ​មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ចីវរ​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​សេនាសនៈ​ទេ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ភព​តូច​ភព​ធំ​ទេ​ [ សំដៅ​យក​របស់​ដែល​ថ្លៃ​ថ្លា​យ៉ាង​ល្មម​ និង​ថ្លៃ​ថ្លា​យ៉ាង​វិសេស ]​ ក៏​អាត្មា​អញ​ជា​បុគ្គល​ដែល​ជាតិ​ ជរា​ មរណៈ​ សោក​ ខ្សឹក​ខ្សួល​ ទុក្ខទោមនស្ស​ ចង្អៀត​ចង្អល់​ គ្រប​សង្កត់​ ត្រូវ​ទុក្ខ​គ្រប​សង្កត់​ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ម្តេច​ហ្ន៎​ គប្បី​ធ្វើ​ទី​បំផុត​គំនរ​ទុក្ខ​ទាំង​អស់​នេះ​ ឱ្យ​ប្រាកដ​បាន ។​ អាត្មា​អញ​សោត​ បាន​លះ​បង់​កាម​បែប​ណា​ហើយ​ ចេញ​ចាក​ផ្ទះ​មក​បួស​ គប្បី​ស្វែង​រក​នូវ​កាម​បែប​នោះ​ក្តី​ នូវ​អំពើ​អាក្រក់​ខ្លាំង​ជាង​កាម​ទាំង​នោះ​ក្តី​ ការ​នោះ​មិន​សម​គួរ​ដល់​អាត្មា​អញ​ទេ ។​ ភិក្ខុ​នោះ​ តែង​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​នឹង​ប្រារព្ធ​ព្យាយាម​មិន​ឱ្យ​ធូរ​ថយ​ នឹង​ប្រុង​ស្មារតី​ មិន​ឱ្យ​វង្វេង​ភ្លាត់​ឱ្យ​កាយ​ [ នាមកាយ​និង​ករជកាយ ] ស្ងប់​រម្ងាប់​ មិន​ឱ្យ​រសាប់​រសល់​ ឱ្យ​ចិត្ត​តម្កល់​មាំ​មាន​អារម្មណ៍​តែ​មួយ ។​ ភិក្ខុ​នេះ​ធ្វើ​ខ្លួន​ឯង​ឱ្យ​ជា​អធិបតី​ហើយ​ រមែង​លះ​បង់​អកុសល​ ចម្រើន​កុសល​ លះ​បង់​អំពើ​ដែល​ប្រកប​ដោយ​ទោស​ ចម្រើន​តែ​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ អត្តាធិបតេយ្យ ។

លោកាធិបតេយ្យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ លោកាធិបតេយ្យ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ នៅ​ក្នុង​ព្រៃ​ក្តី​ នៅ​ជិត​គល់​ឈើ​ក្តី​ នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្តី​ រមែង​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ចីវរ​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​សេនាសនៈ​ទេ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ភព​តូច​ភព​ធំ​ទេ​ ក៏​អាត្មា​អញ​ ជា​បុគ្គល​ដែល​ជាតិ​ ជរា​ មរណៈ​ សោក​ សេចក្តី​ខ្សឹក​ខ្សួល​ ទុក្ខ​ ទោមនស្ស​ សេចក្តី​ចង្អៀត​ចង្អល់​គ្រប​សង្កត់​ ត្រូវ​ទុក្ខ​គ្រប​សង្កត់​ មាន​សេចក្តី​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ដូច​ម្តេច​ហ្ន៎​ គប្បិ​ធ្វើ​ទី​បំផុត​គំនរ​ទុក្ខ​ទាំង​អស់​នេះ​ ឱ្យ​ប្រាកដ​បាន ។​ អាត្មា​អញ​ បួស​យ៉ាង​នេះ​ហើយ​ ត្រិះ​រិះ​កាមវិតក្ក​ក្តី​ ត្រិះ​រិះ​ព្យាបាទវិតក្ក​ក្តី​ ត្រិះ​រិះ​វិហឹសាវិតក្ក​ក្តី​ លោកសន្និវាស​នេះ​សោត​ក៏​ធំ​ ទោះ​ក្នុង​លោកសន្និវាស​ធំ​មែន​ ក៏​គង់​មាន​សមណព្រាហ្មណ៍​ជា​អ្នក​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្ត​បុគ្គល​ដទៃ​ ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ រមែង​ឃើញ​អំពី​ចម្ងាយ​ ទោះ​នៅ​ជិត​ក៏​មិន​ប្រាកដ​ រមែង​ដឹង​ច្បាស់​នូវ​ចិត្ត​ដោយ​ចិត្ត​ ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ គង់​ដឹង​អាត្មា​អញ​យ៉ាង​នេះ​ថា​ ម្នាល​អ្នក​ដ៏​ចម្រើន​ សូម​អ្នក​មើល​កុលបុត្រ​នេះ​ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយ​សទ្ធា​ហើយ​ នៅ​តែ​ច្របូក​ច្របល់​ ដោយ​ធម៌​ជា​អកុសល​ដ៏​លាមក ។​ ម្យ៉ាង​ទៀត​ គង់​មាន​ពួក​ទេវតា​ដែល​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្ត​បុគ្គល​ដទៃ​​ ពួក​ទេវតា​ទាំង​នោះ​ តែង​ឃើញ​អំពី​ចម្ងាយ​ ទោះ​នៅ​ជិត​ក៏​មិន​ប្រាកដ​ រមែង​ដឹង​ច្បាស់​នូវ​ចិត្ត​ដោយ​ចិត្ត​​ ពួក​ទេវតា​ទាំង​នោះ​ គង់​ដឹង​អាត្មា​អញ​យ៉ាង​នេះ​ថា​ ម្នាល​អ្នក​ដ៏​ចម្រើន​ សូម​អ្នក​មើល​កុលបុត្រ​នេះ​ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយ​សទ្ធា​ហើយ​ នៅ​តែ​ច្របូក​ច្របល់​ ដោយ​ធម៌​ជា​អកុសល​ដ៏​លាមក ។ ភិក្ខុ​នោះ​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​នឹង​ប្រារព្ធ​ព្យាយាម​ មិន​ឱ្យ​ធូរ​ថយ​ នឹង​ប្រុង​សតិ​ មិន​ឱ្យ​វង្វេង​ភ្លេច​ ឱ្យ​កាយ​ស្ងប់​រម្ងាប់​ មិន​ឱ្យ​ធូរ​ថយ​ ឱ្យ​ចិត្ត​តម្កល់​មាំ​ មាន​អារម្មណ៍​តែ​មួយ ។​ លុះ​ភិក្ខុ​នោះ​ប្រារព្ធ​លោក​ឱ្យ​ជា​អធិបតី​ហើយ​ តែង​លះ​បង់​អកុសល​ ចម្រើន​កុសល​ លះ​បង់​អំពើ​ដែល​ប្រកប​ដោយ​ទោស​ ចម្រើន​តែ​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ លោកាធិបតេយ្យ ។

ធម្មាធិបតេយ្យ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ធម្មាធិបតេយ្យ​ តើ​ដូច​ម្តេច ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ នៅ​ក្នុង​ព្រៃ​ក្តី​ នៅ​ជិត​គល់​ឈើ​ក្ដី​ នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ តែង​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ចីវរ​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ​ មិន​មែន​ព្រោះ​ហេតុ​តែ​សេនាសនៈ​ទេ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស​ ព្រោះ​ហេតុ​តែ​ភព​តូច​ភព​ធំ​ទេ​ ក៏​អាត្មា​អញ​ជា​បុគ្គល​ដែល​ជាតិ​ ជរា​ មរណៈ​ សោក​ ខ្សឹក​ខ្សួល​ ទុក្ខ​ ទោមនស្ស​ ចង្អៀត​ចង្អល់​ គ្រប​សង្កត់​ ត្រូវ​ទុក្ខ​គ្រប​សង្កត់​ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ម្ដេច​ហ្ន៎​ គប្បី​ធ្វើ​ទី​បំផុត​គំនរ​ទុក្ខ​ទាំង​អស់​នេះ​ឱ្យ​ប្រាកដ​បាន ។​ ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ល្អ​ហើយ​ ជា​ធម៌​ដែល​អរិយបុគ្គល​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង​ ឱ្យ​ផល​មិន​រង់​ចាំ​កាល​ គួរ​នឹង​ហៅ​បុគ្គល​ដទៃ​ឱ្យ​ចូល​មក​មើល​បាន​ គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ជា​ធម៌​ដែល​វិញ្ញូជន​គប្បី​ដឹង​ច្បាស់​ចំពោះ​ខ្លួន ។​ គង់​មាន​សព្រហ្មចារីបុគ្គល​ដឹង​ ឬ​ឃើញ​ដែរ ។​ អាត្មា​អញ​បួស​ក្នុង​ធម៌​វិន័យ​ ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​សម្តែង​ល្អ​ហើយ​យ៉ាង​នេះ​ត្រឡាំង​ ទៅ​ជា​អ្នក​ខ្ជិល​ប្រហែស​ធ្វេស​ ហេតុ​នោះ​មិន​សម​គួរ​ទេ ។​ ភិក្ខុ​នោះ​តែង​ពិចារណា​ដូច្នេះ​ថា​ អាត្មា​អញ​នឹង​ប្រារព្ធ​ព្យាយាម​ មិន​ឱ្យ​ធូរ​ថយ​ នឹង​ប្រុង​ស្មារតី​ មិន​ឱ្យ​វង្វេង​ភ្លេច​ ឱ្យ​កាយ​ស្ងប់​រម្ងាប់​ មិន​ឱ្យ​រសាប់​រសល់​ ឱ្យ​ចិត្ត​តម្កល់​មាំ​ មាន​អារម្មណ៍​តែ​មួយ ។​ ភិក្ខុ​នោះ​ ប្រារព្ធ​ធម៌​ហ្នឹង​ឯង​ឱ្យ​ជា​អធិបតី​ ហើយ​លះ​បង់​អកុសល​ ចម្រើន​តែ​កុសល​ លះ​បង់​អំពើ​ប្រកប​ដោយ​ទោស​ ចម្រើន​អំពើ​ដែល​មិន​មាន​ទោស​ រក្សា​ខ្លួន​ឱ្យ​ស្អាត ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា​ ធម្មាធិបតេយ្យ ។​

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាធិបតេយ្យ​ មាន​ ៣​ យ៉ាង​នេះឯង ។

   នត្ថិ​  លោកេ​  រហោ​  នាម

   បាបកម្មំ​  បកុព្វតោ

   អត្តា​  តេ​  បុរិស​  ជានាតិ

   សច្ចំ​  វា​  យទិ​  វា​  មុសា

   កល្យាណំ​  វត​  ភោ​  សក្ខិ​

   អត្តានំ​  អតិមញ្ញសិ​

   យោ​  សន្តំ​  អត្តនី​  បាបំ

   អថ​  នំ​  បរិគូហសិ

   បស្សន្តិ​  ទេវា​  ច​  តថាគតា​  ច

   លោកស្មឹ​  ពាលំ​  វិសមំ​  ចរន្តំ

   តស្មា​  ​ហិ​  អត្តាធិបកោ​  សតោ​  ចរេ

   លោកាធិបោ​  ច​  និបកោ​  ច​  ឈាយី

   ធម្មាធិបោ​  ច​  អនុធម្មចារី

   ន​  ហីយតិ​  សច្ចបរក្កមា​  មុនិ

   បសយ្ហ​  មារំ​  អភិភុយ្យ​  អន្តកំ

   យោ​  ច​  ផុសី​  ជាតិខយំ​  បធានវា

   សោ​  តាទិសោ​  លោកវិទូ​  សុមេធោ

   សព្វេសុ​  ធម្មេសុ​  អតម្មយោ​  មុនីតិ ។

  ធម្មតា​បុគ្គល​អ្នក​ធ្វើ​អំពើ​អាក្រក់​ ក្នុង​លោក​ មិន​ដែល​កំបាំង​ទេ​ ម្នាល​បុរស​ ខ្លួន​អ្នក​ឯង​ រមែង​ដឹង​ថា​ពិត​ឬ​មិន​ពិត​ ( ខ្លួន​ឯង )​ ម្នាល​អ្នក​ដ៏​ចម្រើន​ អ្នក​ឯង​ជា​សាក្សី​ចំពោះ​ខ្លួន​យ៉ាង​ល្អ​ អ្នក​ឯង​ផ្ទញ់​ផ្ទាល់​ខ្លួន​ឯង​ បើ​អ្នក​ឯង​បិទ​បាំង​អំពើ​អាក្រក់​ ដែល​មាន​ក្នុង​ខ្លួន​នោះ​ឯង​ហើយ​ ទេវតា​ទាំង​ឡាយ​ និង​ព្រះ​តថាគត​ទាំង​ឡាយ​ រមែង​ឃើញ​បុគ្គល​ពាល​ ដែល​ប្រព្រឹត្ត​ខុស​ក្នុង​លោក​ ហេតុ​នោះ​បុគ្គល​ត្រូវ​មាន​ខ្លួន​ជា​ធំ​ ប្រុង​ស្មារតី​ប្រព្រឹត្ត​ផង​ មាន​លោក​ជា​ធំ​ ទាំង​មាន​ប្រាជ្ញា​ចាស់​ មាន​ឈាន​ផង​ មាន​ធម៌​ជា​ធំ​ទាំង​ប្រព្រឹត្ត​តាម​ធម៌​ផង​ ជា​អ្នក​ប្រាជ្ញ​ មាន​ព្យាយាម​ទៀង​ទាត់​ រមែង​មិន​ថោក​ថយ​ បុគ្គល​ណា​ មាន​ព្យាយាម​ញាំ​ញី​គ្រប​សង្កត់​មារ​ជា​អ្នក​បំផ្លាញ​ រមែង​សម្រេច​នូវ​ព្រះ​និព្វាន​ជា​ទី​អស់​ទៅ​នៃ​ជាតិ​ បុគ្គល​បែប​នោះ​ ជា​អ្នក​ជ្រាប​ច្បាស់​នូវ​លោក​ មាន​ប្រាជ្ញា​ល្អ​ ជា​អ្នក​ប្រាជ្ញ​ មិន​មាន​ចំណង់​ ក្នុង​ធម៌​ទាំង​អស់ ។

អដ្ឋកថា​អធិបតេយ្យសូត្រ

អធិបតេយ្យ​កើត​អំពី​ហេតុ​ដ៏​សំខាន់​បំផុត​ ឈ្មោះ​ថា​ អធិបតេយ្យ​ ។​ ក្នុង​បទ​ថា​ អត្តាធិប-តេយ្យ​ ជា​ដើម ។​ គប្បី​ជ្រាប​វិនិច្ឆ័យ​ដូច​តទៅ​នេះ៖

គុណជាត​ដែល​កើត​ដោយ​ធ្វើ​ខ្លួន​ឱ្យ​ជា​ធំ​ ឈ្មោះ​ថា​ អត្តាធិបតេយ្យ​ ។​ គុណជាត​ដែល​កើត​ដោយ​ធ្វើ​សត្វ​លោក​ឱ្យ​ជា​ធំ​ ឈ្មោះ​ថា​ លោកាធិបតេយ្យ​ ។​ គុណជាត​ដែល​កើត​ដោយ​ធ្វើ​លោកុត្តរធម៌​ ៩​ ឱ្យ​ជា​ធំ​ ឈ្មោះ​ថា​ ធម្មាធិបតេយ្យ

បទ​ថា​ ឥតិភវោ​ ក្នុង​ពាក្យ​ថា​ ន​ ឥតិភវាភវហេតុ​ ( មិន​មែន​ [ ចេញចាក​ផ្ទះ​មក​បួស​ ]​ ព្រោះ​ហេតុ​តែ​ភព​តូច​ភព​ធំ​ទេ )​ សំដៅ​ដល់​ ខាង​ក្នុង​អនាគត​យ៉ាង​នេះ​ ( អាត្មា​អញ​ចេញ​មក​បួស​ ជា​បុគ្គល​មិន​មាន​ផ្ទះ )​ មិន​មែន​ព្រោះ​ហេតុ​នៃ​ភព​ក្នុង​អនាគត​នោះ​ទេ ។​ មិន​មែន​ព្រោះ​ហេតុ​នៃ​បច្ចុប្បន្នភព​នោះ​ទេ ។​ បទ​ថា​ ឱតិណ្ណោ​ ( គ្រប​សង្កត់​ )​ គឺ​ ជ្រៀត​ជ្រែក ។​ ក៏​ជាតិ​ជ្រៀត​ជ្រែក​នៅ​ខាង​ក្នុង​បុគ្គល​ណា​ បុគ្គល​នោះ​ ឈ្មោះ​ថា​ ត្រូវ​ជាតិ​គ្រប​សង្កត់​ ។​ សូម្បី​ក្នុង​ជរា​ជា​ដើម​ក៏​មាន​ន័យ​នេះ​ឯង ។​ បទ​ថា​ កេវលស្ស​ ទុក្ខក្ខន្ធស្ស​ បាន​ដល់​ កង​នៃ​វដ្តទុក្ខ​ទាំង​អស់។​ បទ​ថា​ អន្តកិរិយា​ បញ្ញាយេថ​ ( គប្បី​ធ្វើ​ទី​បំផុត​ [ គំនរ​ទុក្ខ​ទាំង​អស់​នេះ ]​ ឱ្យ​ប្រាកដ​បាន )​ សេចក្តី​ថា​ ការ​ធ្វើ​ទី​បំផុត​ គឺ​ ការ​ធ្វើ​ផ្លូវ​ ជុំវិញ​ឱ្យ​ដាច់​ គប្បី​ប្រាកដ ។​ ពាក្យ​ថា​ ឱហាយ​ ប្រែ​ថា​ លះ​បង់ ។​ បទ​ថា​ បាបិដ្ឋតរេ​ ប្រែថា​ ថោក​ថយ​ជាង ។

បទ​ថា​ អារទ្ធំ​ សេចក្តី​ថា​ ( សេចក្តី​ព្យាយាម )​ ដែល​ផ្គង​ទុក​ហើយ​ គឺ​ឱ្យ​បរិបូណ៌​ហើយ​ និង​ឈ្មោះ​ថា​ មិន​ធូរ​ថយ​ ព្រោះ​ប្រារព្ធ​ហើយ ។​ បទ​ថា​ ឧបដ្ឋិតា​ ( ប្រុង​ស្មារតី )​ សេចក្តី​ថា​ សតិ​ឈ្មោះ​ថា​ តាំង​មាំ​ និង​មិន​វង្វេង​ភ្លេច​ ព្រោះ​តាំង​មាំ​ដោយ​អំណាច​សតិបដ្ឋាន​ ៤ ។​ បទ​ថា​ បស្សទ្ធោ​ កាយោ​ ( ឱ្យ​កាយ​ស្ងប់​រម្ងាប់ )​ សេចក្តី​ថា​ នាមកាយ​ និង​ករជកាយ​ស្ងប់​ គឺ​ មាន​សេចក្តី​ក្រវល់​ក្រវាយ​រម្ងាប់​ហើយ​ និង​ព្រោះ​រម្ងាប់​ហើយ​ ទើប​ឈ្មោះ​ថា​ មិន​រសាប់​រសល់ ។​ បទ​ថា​ សមាហិតំ​ ចិត្តំ​ ( ឱ្យ​ចិត្ត​តម្កល់​មាំ )​ សេចក្តី​ថា​ ចិត្ត​ដែល​តាំង​មាំ​ដោយ​ប្រពៃ​ គឺ​ តាំង​ទុក​ដោយ​ល្អ​ក្នុង​អារម្មណ៍​ ( និង​ )​ ព្រោះ​តាំង​ទុក​ដោយ​ប្រពៃ​នុ៎ះ​ឯង​ ទើប​ឈ្មោះ​ថា​ មាន​អារម្មណ៍​តែ​មួយ ( ឯកគ្គំ ) ។

បទ​ថា​ អធិបតឹ​ ករិត្វា​ ( ធ្វើ​ឱ្យ​ជា​អធិបតី )​ បាន​ដល់​ ធ្វើ​ធម៌​ឱ្យ​ជា​ធំ ( សំខាន់ ) ។​ បទ​ថា​ សុទ្ធមត្តានំ​ បរិហរតិ​ ( រក្សា​ខ្លួន​ឱ្យ​បរិសុទ្ធ )​ បាន​ដល់​ បរិហារ​ សេចក្តី​ថា​ បដិបត្តិ​ គឺ​ ឃុំ​គ្រង​ខ្លួន​ឱ្យ​បរិសុទ្ធ​ គឺ​ ឱ្យ​បរិសុទ្ធ​ ប្រាស​ចាក​មន្ទិល ។​ ក៏​ភិក្ខុ​នេះ​ឈ្មោះ​ថា​ រក្សា​ខ្លួន​ឱ្យ​បរិសុទ្ធ​ដោយ​អម​ រហូត​ដល់​អរហត្តមគ្គ ។​ ចំណែក​ភិក្ខុ​ដែល​បាន​សម្រេច​អរហត្តផល​ហើយ​ ឈ្មោះ​ថា​ រក្សា​ខ្លួន​ឱ្យ​បរិសុទ្ធ​ដោយ​ត្រង់ ។​ បទ​ទាំង​ឡាយ​មាន​បទ​ថា​ ស្វាក្ខាតោ​ ជា​ដើម​ បាន​អធិប្បាយ​ទុក​ដោយ​ពិស្តារ​ក្នុង​វិសុទ្ធិមគ្គ

បទ​ថា​ ជានំ​ បស្សំ​ វិហរន្តិ​ ( គង់​មាន​សព្រហ្មចារីបុគ្គល​ដឹង​ ឬ​ឃើញ​ដែរ )​ សេចក្តី​ថា​ មិត្ត​សព្រហ្មចារី​ទាំង​ឡាយ​ដឹង​ ឬ​ឃើញ​នូវ​ធម៌​នោះ ។​ ក៏​ក្នុង​បទ​ថា​ ឥមានិ​ ខោ​ ភិក្ខវេ​ តីណិ​ អធិបតេយ្យានិ​ ( ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អធិបតេយ្យ​មាន​ ៣​ យ៉ាង​នេះ​ឯង ) នេះ​ មាន​សេចក្តី​ថា​ អធិបតេយ្យ​ទាំង​ ៣​ យ៉ាង​នោះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ដោយ​ឡែក​ពី​គ្នា​ ទាំង​លោកិយ​ ទាំង​លោកុត្តរ ។

បទ​ថា​ បកុព្វតោ​ សេចក្តី​ថា​ កាល​ធ្វើ ។​ បទ​ថា​ អត្តា​ តេ​ បុរិស​ ជានាតិ​ សច្ចំ​ វា​ យទិ​ វា​ មុសា​ សេចក្តី​ថា​ អ្នក​ធ្វើ​អំពើ​ណា​ទុក​ អំពើ​នោះ​នឹង​មាន​សភាព​ពិត​ ឬ​មាន​សភាព​មិន​ពិត​ក៏​ដោយ​ ខ្លួន​អ្នក​ឯង​រមែង​ដឹង​នូវ​អំពើ​នោះ​ អ្នក​សិក្សា​គប្បី​ជ្រាប​តាម​ហេតុ ។​ ឈ្មោះ​ថា​ ទី​ដែល​កំបាំង​សម្រាប់​អ្នក​ធ្វើ​បាបកម្ម​មិន​មាន​ក្នុង​លោក ។​ បទ​ថា​ កល្យាណំ​ ប្រែ​ថា​ ល្អ ។​ បទ​ថា​ អតិមញ្ញសិ​ គឺ​ លោក​ជា​សាក្សី​ ( គឺ​ដឹង​ខ្លួន​ឯង )​ ។​ បទ​ថា​ អថ​ នំ​ បរិគុយ្ហសិ​ សេចក្ដី​ថា​ លោក​កាល​ព្យាយាម​ដោយ​គំនិត​ថា​ អញ​នឹង​បិទ​បាំង​ទុក​ដោយ​សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​ដឹង ។​

បទ​ថា​ អត្តាធិបកោ​ បាន​ដល់​ មាន​ខ្លួន​ជា​អធិបតី​ គឺ​ មាន​ខ្លួន​ជា​ធំ ។​ បទ​ថា​ លោកាធិបោ​ បាន​ដល់​ មាន​លោក​ជា​ធំ ។​ បទ​ថា​ និបកោ​ ប្រែ​ថា​ មាន​បញ្ញា ។​ បទ​ថា​ ឈាយី​ ប្រែ​ថា​ កាល​សម្លឹង​ពិនិត្យ ។​ បទ​ថា​ ធម្មាធិបោ​ បាន​ដល់​ មាន​ធម៌​ជា​ធំ ។​ បទ​ថា​ សច្ចបរក្កមោ​ បាន​ដល់​ មាន​សេចក្តី​ព្យាយាម​ទៀង​ទាត់​ គឺ​ មាន​សេចក្តី​ព្យាយាម​ដោយ​ពិត​ប្រាកដ ។​ បទ​ថា​ បសយ្ហ​ មារំ​ ប្រែ​ថា​ គ្រប​សង្កត់​មារ ។​ បទ​ថា​ អភិយ្យ​ អន្តកំ​ នេះ​ជា​វេវចនៈ​របស់​បទ​ថា​ បសយ្ហ​ មារំ​ នោះ​នុ៎ះ​ឯង ។

បទ​ថា​ យោ​ ច​ ផុសី​ ជាតិក្ខយំ​ បធានវា​ សេចក្តី​ថា​ បុគ្គល​ណា​មាន​ប្រក្រតី​សម្លឹង​ពិនិត្យ​ មាន​សេចក្តី​ព្យាយាម​គ្រប​សង្កត់​មារ​ ហើយ​ពាល់​ត្រូវ​នូវ​អរហត្តផល​ជា​សភាវៈ​អស់​ទៅ​នៃ​ជាតិ ។​ បទ​ថា​ សោ​ តាទិសោ​ បាន​ដល់​ បុគ្គលបែប​នោះ​ គឺ​​ តាំង​នៅ​ដោយ​អាការ​យ៉ាង​នោះ ។​ បទ​ថា​ លោកវិទូ​ គឺ​ ធ្វើ​លោក​ ៣​ ឱ្យ​ជាក់​ច្បាស់​ គឺ​ ឱ្យ​ប្រាកដ​ហើយ ។​ បទ​ថា​ សុមេធោ​ ប្រែ​ថា​ អ្នក​មាន​បញ្ញា​ល្អ ។​ បទ​ថា​ សព្វេសុ​ ធម្មេសុ​ អតម្មយោ​ មុនិ​ សេចក្តី​ថា​ មុនី​ គឺ​ ព្រះ​ខីណាស្រព​ ឈ្មោះ​ថា​ អតម្មយ​ ព្រោះ​មិន​មាន​តម្មយ​ ពោល​គឺ​តណ្ហា​ក្នុង​ធម៌​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ​ ៣​ ទាំង​អស់​ ។​ មាន​ពាក្យ​អធិប្បាយ​ថា​ លោក​មិន​វិនាស​ មិន​សូន្យ​ទៅ​ ក្នុង​កាល​ណា​នី​មួយ​​ ក្នុង​ទី​ណា​នី​មួយ​ឡើយ ។

អានបន្ត...
សូម​ស្វាគមន៍​ការ​ចូល​មកកាន់​ទំព័រ​នេះ​ ។​
Contact me on Facebook Follow me on Twitter Subscribe to RSS Email me

Total Pageviews

អត្ថបទ​ចៃ​ដន្យ